ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

អេក្វាទ័រកោះហៅឲ្យមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូឡុំប៊ី នៅក្នុងជម្លោះការទូតចុងក្រោយ

2026/04/09 08:06:31 pm        46
 រដ្ឋមន្រ្តីការបរទេសអេក្វាឌ័រ បានហៅឲ្យមកវិញឯកអគ្គដ្ឋទូតអេក្វាឌ័រប្រចាំនៅប្រទេសកូឡុំប៊ី សម្រាប់ការពិគ្រោះយោបល់ ក្រោយសេចក្តីអត្ថាធិប្បាយកាលពីដើមសប្តាហ៍នេះពីប្រធានាធិបតីកូឡុំប៊ី ។ ការហៅឲ្យវិលត្រឡប់មកវិញនេះ គឺជាការសងសឹកគ្នាទៅវិញទៅមកចុងក្រោយនៃជម្លោះការទូតកំពុងកើតឡើងរវាងប្រទេសជិតខាងទាំង ២ ។ ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បាននិយាយកាលពីថ្ងៃចន្ទថា អតីតអនុប្រធានាធិបតីអេក្វាឌ័រលោក Jorge Glas ដែលកំពុងជាប់ពន្ធនាគារ ក្នុងករណីអំពើពុករលួយនោះ គឺជាអ្នកទោសនយោបាយ ហើយនិងបានស្នើសុំប្រធានាធិបតីអេក្វាឌ័រលោក Daniel Noboa ឲ្យដោះលែងរូបគាត់ រួចប្រគល់ជូនកូឡុំប៊ី ដោយរូបលោកលើកឡើងពីសញ្ញាតិកូឡុំប៊ីរបស់លោក Glas ។ ជាការឆ្លើយតបនឹងការលើកឡើងរបស់លោក Petro លោក Noboa បានសរសេរនៅលើបណ្តាញព័ត៌មានសង្គមថា ការចាត់ទុកលោកថា ជាអ្នកទោសនយោបាយ ប្រៀបបាននឹងការវាយប្រហារមួយលើអធិបតេយ្យភាព និងបំពានគោលការណ៍មិនអន្តរាគមន៍ ។ លោកថា មាននូវមន្រ្តីពុករលួយម្នាក់នៅក្នុងពន្ធនាគារ ដែលត្រូវឆ្លើយចំពោះអេក្វាឌ័រ ។ លោក Glas ដែលធ្លាប់បម្រើការជាអនុប្រធានាធិបតីក្រោមរដ្ឋបាលរបស់លោក Rafael Correa ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧នោះ ត្រូវបានគេកាត់ទោសសម្រាប់ការចូលរួមខុសច្បាប់ នៅក្នុងករណីពុករលួយ Odebrecht ទទួលសំណូកពាក់ព័ន្ធនឹងយុទ្ធនាការហិរញ្ញវត្ថុ ចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៦ បន្ទាប់ពីគ្រោះរញ្ជួយដីឆ្នាំ ២០១៦នៅប្រទេសអេក្វាទ័រ ៕

ចក្រភពអង់គ្លេសបានដាក់ពង្រាយយោធា ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យចូលដែនទឹករបស់ខ្លួន

2026/04/09 08:06:07 pm        44
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះថា ចក្រភពអង់គ្លេសបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យវាយប្រហារខ្សែកាប និងបំពង់បង្ហូរប្រេងរបស់ខ្លួន នៅពេលដែលនាវាទាំងនេះ បានចំណាយពេលប្រហែល ១ខែ នៅក្នុងដែនទឹកអង់គ្លេស កាលពីដើមឆ្នាំនេះ។លោក Healey បាននិយាយថា កងកម្លាំងអង់គ្លេស និងសម្ព័ន្ធមិត្ត រួមទាំងប្រទេសន័រវ៉ែសផងដែរ បានតាមដាន និងរារាំងសកម្មភាពមិនល្អរបស់នាវារុស្ស៊ី ហើយបានបញ្ជាក់ថា លោកកំពុងបង្ហាញប្រតិបត្តិការនេះជាសាធារណៈ ដូច្នេះប្រធានាធិបតី Vladimir Putin នឹងដឹងថា នាវាទាំងនោះត្រូវបានរកឃើញ។លោកបានបន្ថែមថា នាវាមុជទឹកទាំងនេះ ឥឡូវនេះបានចាកចេញពីដែនទឹកអង់គ្លេស ហើយបានឆ្ពោះទៅភាគខាងជើង ហើយមិនមានសញ្ញាពីការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកនោះទេ។លោក Healey បាននិយាយថា៖ «ទៅកាន់លោកប្រធានាធិបតី Putin ខ្ញុំសូមប្រាប់ថា យើងឃើញអ្នក។ យើងឃើញសកម្មភាពរបស់អ្នកលើខ្សែកាប និងបំពង់បង្ហូរប្រេងរបស់យើង ហើយអ្នកគួរតែដឹងថា ការប៉ុនប៉ងណាមួយ ដើម្បីបំផ្លាញពួកវា នឹងមិនត្រូវបានអត់ឱនឲ្យនោះទេ ហើយនឹងមានផលវិបាកធ្ងន់ធ្ងរ»។លោក Healey បានប្រាប់បន្ថែមថា ប្រតិបត្តិការរបស់រុស្ស៊ីនេះ មានពាក់ព័ន្ធនឹងនាវាមុជទឹកវាយប្រហារប្រភេទ Akula របស់រុស្ស៊ី និងនាវាមុជទឹកឯកទេស ២គ្រឿងមកពីនាយកដ្ឋានដ៏សំខាន់ សម្រាប់ការស្រាវជ្រាវសមុទ្រទឹកជ្រៅ (GUGI) របស់ទីក្រុងមូស្គូ៕

ជនជាតិភាគតិចប្រេស៊ីល ប្រឆាំងនឹងគម្រោងផ្លូវរថភ្លើងនៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន

2026/04/09 07:17:31 pm        54
 សមាជិកជនជាតិភាគតិចបានជួបជុំគ្នានៅទីក្រុង Brasilia ស្របពេលដែលតុលាការកំពូលសហព័ន្ធប្រេស៊ីល បើកសវនាការឡើងវិញ លើភាពស្របច្បាប់នៃច្បាប់ដែលនឹងកាត់តំបន់ឧទ្យានជាតិ Jamanxim របស់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ស្ថិតក្នុងរដ្ឋ Para ដើម្បីត្រួសត្រាយផ្លូវសម្រាប់គម្រោងផ្លូវរថភ្លើង Ferrograo ។ សមាជិកចលនាជនជាតិភាគតិចត្រូវបានគេមើលឃើញនៅបរិវេន Acampamento Terra Livre ដែលជាកន្លែងជួបជុំជនជាតិភាគតិចធំបំផុតរបស់ប្រេស៊ីល ហើយក្រោយមក ពួកគេបានជួបជុំគ្នានៅមុខតុលាការកំពូល ជាទីដែលពួកគេតាមដានសវនាការ និងកាន់បដាប្រឆាំងគម្រោងផ្លូវរថភ្លើងមួយនេះ ។ នៅក្នុងចំណោមក្រុមបាតុករដែលមានវត្តមាននៅថ្ងៃនេះ គេឃើញមាននូវវត្តមានរបស់មេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំជនជាតិភាគតិចគេស្គាល់បំផុតរបស់ពិភពលោកគឺលោក Raoni Metuktire ដែលបានអំពាវនាវឲ្យមានការសន្ទនាជាមួយក្រុមអាជ្ញាធរ ក៏ដូចជាការគាំទ្រ ដើម្បីការពារដែនដីរបស់ជនជាតិភាគតិច ។ សូមបញ្ជាក់ថា គម្រោងផ្លូវរថភ្លើង Ferrograo ដែលមានប្រវែងប្រហែល ១ពាន់គ.ម ត្រូវបានគេរៀបចំឡើង ដើម្បីដឹកគ្រាប់ធុញ្ញាជាតិរវាងទីក្រុង Sinop ស្ថិតក្នុងរដ្ឋ Mato Grosso និងទីក្រុង Miritituba ស្ថិតក្នុងរដ្ឋ Para ៕

ក្រសួងការបរទេស៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាអំពីអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ

2026/04/09 07:15:47 pm        53
លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់ សារព័ត៌មាន Izvestiaថា រុស្ស៊ីមិនមានបំណងពន្យារពេលការបន្តកិច្ចចរចាអំពីអ៊ុយក្រែនទេ ទោះបីជាស្ថានភាពក៏អាស្រ័យលើអ្នកណាដែលសហរដ្ឋអាមេរិកតែងតាំងឲ្យដឹកនាំការចរចារបស់ខ្លួនជាមួយអ៊ីរ៉ង់ក៏ដោយ។  លោក Miroshnik បាននិយាយថា៖«ការយល់ព្រមពីភាគីទាំងបីដែលមាន រុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន គឺចាំបាច់សម្រាប់ការចរចា ដើម្បីឆ្ពោះទៅមុខ។ ឥឡូវនេះ ភាគច្រើនអាស្រ័យលើការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនលើអ្នកណាដែលនឹងតំណាងឲ្យខ្លួននៅក្នុងការចរចាជាមួយអ៊ីរ៉ង់»។ «ប្រសិនបើទាំងនេះ គឺជាអ្នកចរចាដូចគ្នា នោះបញ្ហានេះ អាចត្រូវបានពន្យារពេលជាបណ្តោះអាសន្ន ដែលទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គជាមូលដ្ឋានក្នុងការបន្ត ឬជំរុញផ្លូវចរចាសម្រាប់ការដោះស្រាយនៅអ៊ុយក្រែននោះទេ។ ក្នុងករណីណាក៏ដោយ ខ្ញុំជឿថា នឹងមិនមានឧបសគ្គ ឬការពន្យារពេល ក្នុងការបន្តដំណើរការចរចាពីភាគីរុស្ស៊ីទេ»៕

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទលើកដំបូង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម

2026/04/09 07:13:51 pm        55
ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមX នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសនៃព្រះរាជណាចក្រនេះ ព្រះអង្គម្ចាស់ Faisal bin Farhan បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់របស់លោក Abbas Araghchi។  សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«អំឡុងពេលសន្ទនាតាមទូរស័ព្ទនោះ ពួកគេបានពិនិត្យឡើងវិញនូវការវិវត្តចុងក្រោយបំផុត និងបានពិភាក្សាអំពីវិធានការកាត់បន្ថយភាពតានតឹង ដើម្បីស្តារសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឡើងវិញ។នេះគឺជាទំនាក់ទំនងផ្លូវការលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ដែលបានឃើញអ៊ីរ៉ង់បើកការវាយប្រហារប្រឆាំងនឹងប្រទេសឈូងសមុទ្រ រួមទាំងព្រះរាជាណាចក្រនេះផងដែរ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ហើយកើតឡើង ចំពេលមានការឈប់បាញ់ដ៏ផុយស្រួយ ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ៕

នាវាតិចតួចប៉ុណ្ណោះ ឆ្លងកាត់ច្រកសមុទ្រ Hormuz បើទោះបីជាមានបទឈប់បាញ់សង្រ្គាមអ៊ីរ៉ង់

2026/04/09 07:11:58 pm        45
 ទិន្នន័យតាមដាននាវាពីគេហទំព័រ MarineTraffic បង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការធ្វើនាវាចរណ៍របស់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រកាសបទឈប់បាញ់នៅក្នុងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។ លោក Trumpបានធ្វើសេចក្តីប្រកាសពីបទឈប់បាញ កាលពីវេលាម៉ោង ២២ និង ៣២នាទី ម៉ោងសកល ថ្ងៃអង្គារនៅលើបណ្តាញព័ត៌មានសង្គម Truth Social របស់លោក ពោលគឺមានរយៈពេល ២ម៉ោងប៉ុណ្ណោះ មុនឱសានវាទរបស់លោកឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រឡើងវិញ បើពុំដូច្នោះទេ ពួកគេនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមរបស់ពួកគេលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។ អ៊ីរ៉ង់បានឆ្លើយតបវិញជាមួយការវាយប្រហារលើគោលដៅអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតំបន់ឈូងសមុទ្រ ហើយនិងរឹតត្បិតការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ប្រហែល ១ភាគ ៥នៃប្រេង និងឧស្ម័នសកល ក៏ដូចជាទំនិញផ្សេងទៀត ឆ្លងកាត់ច្រកសមុទ្រមួយនេះ ៕

ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ ជួបជុំគ្នា ដើម្បីរំលឹកដល់អតីតមេដឹកនាំកំពូល លោក Khamenei

2026/04/09 07:09:33 pm        38
នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ បាននាំគ្នាមកជួបជុំ ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់សពអតីតមេដឹកនាំកំពូល លោក Ali Khamenei ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេលជិត ៤ទសវត្សរ៍ រហូតដល់ថ្ងៃដែលលោកត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល នៅដើមដំបូងនៃសង្គ្រាមមជ្ឈិមបូព៌ា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦។កូនប្រុសរបស់លោក គឺលោក Mojtaba Khamenei បានឡើងស្នងតំណែងរូបលោក ប៉ុន្តែមេដឹកនាំកំពូលថ្មីរូបនេះមិនត្រូវបានគេឃើញជាសាធារណៈឡើយ ចាប់តាំងពីមុនផ្ទុះសង្គ្រាម ហើយវាហាក់ដូចជាមិនអាចនោះឡើយ ដែលលោកនឹងមានវត្តមាននៅក្នុងពិធីដែលប្រារព្ធឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ នាថ្ងៃទី៩ ខែមេសានេះ។រូបភាពដែលបានចាក់ផ្សាយនៅលើទូរទស្សន៍រដ្ឋ បានបង្ហាញឲ្យឃើញមនុស្សរាប់ពាន់នាក់ចូលរួម ក្នុងការជួបជុំគ្នា ដោយមនុស្សជាច្រើនកាន់រូបថតរបស់អតីតមេដឹកនាំបដិវត្តន៍រូបនេះ ក្នុងនោះរួមទាំងនៅទីក្រុង Urmia នៅភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ ទីក្រុង Gorgan ភាគឦសាន និងរដ្ឋធានីតេអេរ៉ង់។ការគោរពវិញ្ញាណក្ខន្ធជាតិនេះ បានចាប់ផ្តើមនៅម៉ោង ៩:៤០នាទីព្រឹក ម៉ោងក្នុងស្រុក ជាពេលវេលាដែលលោក Ali Khamenei ត្រូវបានសម្លាប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅឯនិវេសនដ្ឋានរបស់លោក ក្នុងទីក្រុងតេអេរ៉ង់ រួមជាមួយឥស្សរជនជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបទៀត៕

អ្នកវិភាគ៖ កូរ៉េខាងជើងគួររៀនសូត្រពីសង្រ្គាមអ៊ីរ៉ង់

2026/04/09 07:07:29 pm        56
 អ្នកវិភាគមួយរូបនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង ត្រូវរៀនសូត្រពីជម្លោះដូចជានៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា ក្នុងការផលិតប្រព័ន្ធអាវុធទំនើបៗរបស់ខ្លួន ។ លោក Shin Jong-woo គឺជាអគ្គរដ្ឋលេខាធិការនៅវេទិកាសន្តិសុខ និងការពារជាតិកូរ៉េ និយាយថា កូរ៉េខាងជើងកំពុងផលិតអាវុធជាច្រើនប្រភេទ ដើម្បីបញ្ជូនសារទៅកាន់ពិភពខាងក្រៅ ។ ពួកយើងមានប្រព័ន្ធអាវុធបែបហ្នឹងផងដែរ សូមកុំវាយប្រហារពួកយើងដោយធ្វេសប្រហែសដូចវាយប្រហារអ៊ីរ៉ង់ ។ លោកបន្តថា វាសំខាន់ខ្លាំងណាស់ ក្នុងការផលិតអាវុធទ្រង់ទ្រាយធំ ហើយនិងប្រើប្រាស់សង្រ្គាមកូនកាត់ ដើម្បីបង្អាក់ដល់បណ្តាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ។ សារព័ត៌មាន KCNរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានសាកល្បងក្បាលគ្រាប់ចង្កោមបំពាក់នៅលើមីស៊ីលបាលីស្ទិក ហើយនិងអាវុធអេឡិចត្រូម៉ាញ៉េទិច គឺជាសញ្ញាមួយត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញសតម្ថភាពរបស់ខ្លួន ក្នុងការចូលរួមប្រយុទ្ធក្នុងសង្រ្គាមទំនើប ។ទីភ្នាក់ងារ KCNA រាយការណ៍ទៀតថា បណ្ឌិតសភាវិទ្យាសាស្រ្តការពារជាតិ និងរដ្ឋបាលមីស៊ីលកូរ៉េខាងជើង បានសាកល្បងផងដែរគ្រាប់បែកសរសៃកាបូន និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តយន្តហោះរយៈចម្ងាយជិតចល័ត ៕

ប្រភព៖ អាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចា «ដោយផ្ទាល់» នៅក្រុងអ៊ីស្លាម៉ាបាដ ស្តីពីបទឈប់បាញ់អចិន្ត្រៃយ៍

2026/04/09 07:05:47 pm        55
គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចា «ដោយផ្ទាល់» នៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលមានគោលបំណងឈានដល់បទឈប់បាញ់ «ជាអចិន្ត្រៃយ៍»។ នេះបើយោងតាមប្រភពរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដែលបានប្រាប់សារព័ត៌មាន Anadolu នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ។ប្រភពទាំងនោះ បានប្រាប់ឲ្យដឹងថា ការចរចា ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ អាចអូសបន្លាយលើសពី ១ថ្ងៃ។ ប៉ាគីស្ថានកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា នៅក្នុងរដ្ឋធានីរបស់ខ្លួន បន្ទាប់ពីបានជួយធានាបាននូវបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍ រវាងភាគីទាំង២។ ប្រភពទាំងនោះបានបន្ថែមថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅទីតាំងយោធាមួយ ដែលមានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ដោយមានកងទ័ពប៉ាគីស្ថានជាអ្នកទទួលបន្ទុក។យ៉ាងណាក្ដី យោងតាមប្រភពព័ត៌មានទាំងនោះ មិនមានពេលវេលាកំណត់ សម្រាប់ការចរចានោះទេ ជាដំណើរការដែលនឹងរួមបញ្ចូលទាំងទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោល រវាងគណៈប្រតិភូនៃភាគីទាំង២។ប្រភពព័ត៌មានមួយ បានឲ្យដឹងថា «ភាគីទាំង២ ក៏នឹងអង្គុយទល់មុខគ្នា ហើយធ្វើកិច្ចចរចាដាច់ដោយឡែកជាមួយភាគីប៉ាគីស្ថានផងដែរ» ដោយបន្ថែមថា ការពិភាក្សាអាចបន្តរយៈពេល «ជាច្រើនថ្ងៃ» ដោយសារតែ «លក្ខណៈស្មុគស្មាញនៃបញ្ហានេះ»។ ចំណែកប្រភពមួយទៀតបានប្រាប់ថា កិច្ចពិភាក្សាដោយផ្ទាល់អាចមានរយៈពេល «មិនលើសពី ២ទៅ ៣ថ្ងៃនោះទេ ដោយសារតែកង្វល់សន្តិសុខ»៕

ចក្រភពអង់គ្លេសជំរុញឲ្យមានការពង្រីកបទឈប់បាញ់ទៅកាន់ប្រទេសលីបង់

2026/04/09 07:03:42 pm        77
រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចក្រភពអង់គ្លេស ចង់ឃើញប្រទេសលីបង់ ត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់នៅមជ្ឈិមបូព៌ា ខណៈដែលលោកនាយករដ្ឋមន្ត្រី Keir Starmer បានមកដល់អេមីរ៉ាតអារ៉ាប់រួម (UAE)។លោកស្រី Yvette Cooper បានប្រាប់សារព័ត៌មាន Sky News ថា៖«យើងពិតជាចង់ឃើញបទឈប់បាញ់ត្រូវបានពង្រីកដល់ប្រទេសលីបង់។ ខ្ញុំពិតជាព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហារកាន់តែខ្លាំងឡើងដែលយើងបានឃើញពីអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់កាលពីថ្ងៃពុធ»។លោកស្រីបាននិយាយថា៖«យើងបានឃើញផលវិបាកមនុស្សធម៌ ការផ្លាស់ទីលំនៅយ៉ាងច្រើនរបស់ប្រជាជន នៅក្នុងប្រទេសលីបង់។ ដូច្នេះយើងពិតជាចង់ឃើញបទឈប់បាញ់ ត្រូវបានពង្រីកដល់ប្រទេសនេះ»។ការអត្ថាធិប្បាយរបស់លោកស្រី Cooper បានធ្វើឡើង នៅពេលដែលលោក Starmer បានមកដល់អារ៉ាប់រួម ក្នុងដំណើរទស្សនកិច្ចលើកទី២របស់លោក ទៅកាន់ឈូងសមុទ្រ ដើម្បីជួបជាមួយមេដឹកនាំតំបន់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញបទឈប់បាញ់នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។លោក Starmer កាលពីថ្ងៃពុធ បានជួបជាមួយមេដឹកនាំពិតប្រាកដរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman នៅទីក្រុង Jeddah៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM