ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ប្រទេសបារាំង ប្រកាសពីការជំរុញថវិកាចំនួន ៣៦ ពាន់លានអឺរ៉ូ ដើម្បីធ្វើឲ្យប្រសើរឡើងវិញផ្នែកសព្វាវុធ

2026/04/09 10:13:12 am        107
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Catherine Vautrin កាលពីថ្ងៃពុធ ទី៨ ខែមេសា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ បាននិយាយថា ប្រទេសបារាំង មានផែនការបន្ថែមថវិកាចំនួន ៣៦ ពាន់លានអឺរ៉ូ (៣៩ ពាន់លានដុល្លារ) បន្ថែមទៀតទៅក្នុងការចំណាយលើវិស័យការពារជាតិរបស់ខ្លួនចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ក្រោមច្បាប់ផែនការយោធាដែលបានធ្វើបច្ចុប្បន្នភាព ដោយពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបង្កើនការស្តុកមីស៊ីល និងយានដ្រូន។ការបង្កើននេះ ត្រូវបានស្នើឡើង ទោះបីជាមានឱនភាពថវិកាធំបំផុតមួយរបស់តំបន់ចាយប្រាក់អឺរ៉ូក៏ដោយ ដែលបានបង្ហាញពីសម្ពាធសន្តិសុខកាន់តែខ្លាំងឡើងពីសង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា និងការកើនឡើងភាពមិនប្រាកដប្រជាជុំវិញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធយោធាណាតូ ក្រោមរបបប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។លោកស្រី Vautrin បាននិយាយថា «ជម្លោះបច្ចុប្បន្ននេះ ពង្រីកពីបាតសមុទ្រទៅលំហអាកាស ហើយយើងត្រូវតែមានសមត្ថភាពក្នុងការឆ្លើយតបនៅទូទាំងដែនទាំងអស់នោះ»។ច្បាប់ឆ្នាំ២០២៤-២០៣០ ដែលត្រូវបានកែប្រែ នឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅចុងទសវត្សរ៍នេះ ពីប្រហែល ២% នាពេលបច្ចុប្បន្ន ដោយថវិកាប្រចាំឆ្នាំនឹងឈានដល់៧៦,៣ ពាន់លានអឺរ៉ូ (៨៩,២៥ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០៣០។ លោកស្រី Vautrin ក៏បាននិយាយផងដែរថា នៅឆ្នាំ២០៣១ ប្រទេសបារាំងរំពឹងថានឹងទទួលបានការបញ្ជាទិញទាក់ទងនឹងវិស័យការពារជាតិចំនួន ២៦ ពាន់លានអឺរ៉ូ (៣០,៤១ ពាន់លានដុល្លារ)។

ប្រេងឡើងថ្លៃ ខណៈក្រុមវិនិយោគិននៅតែមានការប្រុងប្រយ័ត្នចំពោះបទឈប់បាញ់រអាមេរិក-អ៊ីរ៉ង់

2026/04/09 10:10:03 am        112
តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍៩មេសានេះ ដោយសារក្តីបារម្ភរបស់ក្រុមវិនិយោគិនថា ការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ាអាចនឹងមិនបន្តឡើងវិញទាំងស្រុងទេ ស្របពេលមានការប្រុងប្រយ័ត្នចំពោះបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈច្រកសមុទ្រ Hormuz ដ៏សំខាន់នៅតែមានការរឹតត្បិត។តម្លៃប្រេងឆៅ Brent បានកើនឡើង២,៦ ដុល្លារ ឬ ២,៧៤% ដល់៩៧,៣៥ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០០និង៤៨នាទី ម៉ោងសកល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកដែរនោះបានកើនឡើង៣,០២ដុល្លារ ឬ៣,២%ដល់៩៧,៤៣ ដុល្លារក្នុងមួយបារ៉ែល។តម្លៃគោលទាំងពីរបានធ្លាក់ចុះក្រោម១០០ដុល្លារក្នុងមួយបារ៉ែលក្នុងវគ្គជួញដូរកាលពីកន្លងទៅ ដោយ WTI បានកត់ត្រាការធ្លាក់ចុះធំបំផុតរបស់ខ្លួនចាប់តាំងពីខែមេសា ឆ្នាំ ២០២០  លើការរំពឹងទុកថាបទឈប់បាញ់ដែលបញ្ចប់ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ផ្លូវទឹកនេះភ្ជាប់ការផ្គត់ផ្គង់ពីប្រទេសផលិតប្រេងនៅឈូងសមុទ្រដូចជាអ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត កូវ៉ែត និងកាតាទៅកាន់ទីផ្សារពិភពលោក ហើយជាធម្មតាដឹកជញ្ជូនប្រហែល២០% នៃការផ្គត់ផ្គង់ប្រេង។យ៉ាងណាក៏ដោយ សំណួរអំពីលទ្ធភាពជោគជ័យនៃបទឈប់បាញ់នៅតែមាន ខណៈអ៊ីស្រាអែលបានបន្តវាយប្រហារប្រទេសលីបង់កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យអ៊ីរ៉ង់ព្រមានថា នឹងមិនសមហេតុផលទេក្នុងការបន្តការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍៕

អ៊ីស្រាអែលវាយប្រហារទូទាំងលីបង់សម្លាប់មនុស្សជាង២៥០នាក់ក្រោយបទឈប់បាញ់រវាងអ៊ីរ៉ង់-អាមេរិក

2026/04/09 10:07:46 am        106
ការវាយប្រហាររបស់អ៊ីស្រាអែលបានប៉ះចំតំបន់ពាណិជ្ជកម្ម និងលំនៅឋានជាច្រើនកន្លែងនៅកណ្តាលទីក្រុងបេរូត ប្រទេសលីបង់ ដែលគ្មានការព្រមានជាមុន ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងមនុស្សជាង១.០០០ នាក់ផ្សេងទៀតរបួស ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសនៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។   ក្រសួងការពារជាតិស៊ីវិលលីបង់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៥៤ នាក់ត្រូវបានសម្លាប់ និង ១.១៦៥ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃពុធ៨មេសាសប្ដាហ៍នេះ។រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Rakan Nassereddine បាននិយាយថា ប្រទេសលីបង់កំពុងប្រឈមនឹងការកើនឡើងដ៏គ្រោះថ្នាក់ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាង ១០០លើក នៅទូទាំងប្រទេស។លោក Nassereddine បានប្រាប់សារព័ត៌មាន Al Jazeera ថា រថយន្តសង្គ្រោះបន្ទាន់នៅតែដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយពួកលោកជំរុញឱ្យអង្គការអន្តរជាតិជួយដល់វិស័យសុខាភិបាលលីបង់។កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារដោយមានការសម្របសម្រួលដ៏ធំបំផុតរបស់ខ្លួននៅទូទាំងប្រទេសលីបង់ចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការយោធាថ្មីនៅក្នុងប្រទេសនេះកាលពីថ្ងៃទី ២ មីនា បន្ទាប់ពីការផ្ទុះសង្គ្រាមអាមេរិក- អ៊ីស្រាអែលលើអ៊ីរ៉ង់ ថ្ងៃ២៨កុម្ភៈ២០២៦ នៅពេលដែលក្រុមហេសបូឡាបើកការវាយប្រហារលើអ៊ីស្រាអែល ជាការបង្ហាញសាគ្គីភាពជាមួយអ៊ីរ៉ង់។ ការវាយប្រហារបានកំណត់គោលដៅតំបន់នានានៅទីក្រុងបេរូត ជ្រលងភ្នំ Bekaa និងភាគខាងត្បូងប្រទេសលីបង់។ចាប់តាំងពីពេលនោះមក ការទម្លាក់គ្រាប់បែក និងការឈ្លានពានថ្មើរជើងឥតឈប់ឈររបស់អ៊ីស្រាអែលលើលីបង់ បានបណ្ដាលឲ្យអ្នកស្លាប់កើនឡើងដល់ជាង១.៧០០នាក់ និងបានបង្ខំឲ្យមនុស្សជាង១,២សែននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង៕

មនុស្សជិត២០០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារ លើស្ថានកុងស៊ុលអ៊ីស្រាអែល

2026/04/09 09:09:40 am        174
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Akin Gurlek បាននិយាយកាលពីថ្ងៃពុធ ទី ៨ ខែមេសា ថា កងកម្លាំងសន្តិសុខរបស់ប្រទេសទួរគី បានចាប់ខ្លួនមនុស្សជិត ២០០ នាក់នៅក្នុងការបោសសម្អាតនៅទូទាំងប្រទេសមួយថ្ងៃបន្ទាប់ពីការបាញ់ប្រហារនៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ លោក Gurlek បានបង្ហោះសារនៅលើបណ្តាញ X ថា មន្ត្រីបានចាប់ខ្លួនជនសង្ស័យ១៩៨នាក់ក្នុងប្រតិបត្តិការពេលដំណាលៗគ្នានៅក្នុងខេត្តចំនួន៣៤ ប្រឆាំងនឹង «អង្គការភេរវកម្ម Daesh» ជាឈ្មោះមួយផ្សេងទៀតសម្រាប់ក្រុមរដ្ឋអ៊ីស្លាម។យោងតាមក្រសួងយុត្តិធម៌ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានសម្លាប់និងពីរនាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារជាមួយនគរបាលកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅខាងក្រៅស្ថានកុងស៊ុល ដោយមន្ត្រីពីរនាក់បានរងរបួសស្រាល។ មនុស្ស១២នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានឃុំខ្លួនមុនការជម្រះក្តី រួមទាំងខ្មាន់កាំភ្លើងរងរបួសពីរនាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គ្មានក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារកាលពីថ្ងៃអង្គារនៅឡើយទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយទួរគីបាននិយាយថា ខ្មាន់កាំភ្លើងដែលត្រូវបានសម្លាប់គឺជាបុរសអាយុ ៣២ ឆ្នាំ មានទំនាក់ទំនងជាមួយក្រុមអាយស៊ីស។ការបាញ់ប្រហារ បានកើតឡើងនៅក្នុងសង្កាត់ពាណិជ្ជកម្ម Levent មានទីតាំងនៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែ ពុំមានអ្នកការទូតអ៊ីស្រាអែលណាម្នាក់នៅក្នុងបេសកកម្មនោះទេនៅពេលមានការបាញ់ប្រហារ ព្រោះភាគច្រើនត្រូវបានជម្លៀសចេញចាប់តាំងពីការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាស ដែលបានបង្កឱ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សា។

លោក Trump ជួបពិភាក្សាអំពីការចាកចេញពីសម្ព័ន្ធយោធា NATO ជាមួយលោក Rutte ក្រោយរិះគន់ខ្លាំងៗលើសម្ព័ន្ធនេះ

2026/04/09 09:07:52 am        119
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជួបពិភាក្សាជាមួយប្រមុខសម្ព័ន្ធយោធា NATO លោក Mark Rutte កាលពីថ្ងៃពុធ ទី៨ ខែមេសា ដោយសេតវិមានបាននិយាយថា លោកពិភាក្សាអំពីលទ្ធភាពនៃការចាកចេញពីសម្ព័ន្ធមិត្តនេះ បន្ទាប់ពីសម្ព័ន្ធមិត្តមិនបានចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់។យោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal បានឲ្យដឹងថា ផ្ទុយទៅវិញ លោក Trump ក៏កំពុងសម្លឹងមើលការដាក់ទណ្ឌកម្មលើសមាជិក NATO មួយចំនួន ដែលលោកជឿថាពុំមានប្រយោជន៍ក្នុងអំឡុងពេលជម្លោះដោយការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសរបស់ពួកគេ។អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា «វាពិតជាគួរឱ្យសោកស្ដាយដែលសម្ព័ន្ធយោធា NATO បានងាកចេញពីប្រជាជនអាមេរិកក្នុងរយៈពេល៦សប្តាហ៍កន្លងងទៅនេះ ខណៈដែលប្រជាជនអាមេរិកបានផ្តល់ហិរញ្ញវត្ថុដល់វិស័យការពារជាតិរបស់ពួកគេ»។នៅពេលត្រូវបានសួរថាតើលោក Trump ពិភាក្សាអំពីការដកខ្លួនចេញពីសម្ព័ន្ធយោធា NATO ដែរឬទេ លោកស្រី Leavitt បាននិយាយថា «វាជាអ្វីមួយដែលលោកប្រធានាធិបតីបានពិភាក្សា ហើយខ្ញុំគិតថាវាជាប្រធានបទមួយដែលលោកប្រធានាធិបតីនឹងពិភាក្សាជាមួយអគ្គលេខាធិការ លោក Rutte»។ជំនួបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដ៏ផុយស្រួយ។ លោក Trump បានបង្ហាញពីកំហឹងចំពោះការច្រានចោលរបស់ដៃគូលោកខាងលិចក្នុងការគាំទ្រសង្គ្រាមរបស់លោកនៅអ៊ីរ៉ង់ ដោយបានធ្វើឲ្យរង្គោះរង្គើសម្ព័ន្ធមិត្តឆ្លងកាត់សមុទ្រអាត្លង់ទិកដែលមានអាយុកាល៧៧ ឆ្នាំ ជាអាយុកាលតិចជាងរូបលោកត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។

មេដឹកនាំអ៊ីស្រាអែលត្រៀមខ្លួនរួចរាល់វិលត្រឡប់ទៅសមរភូមិវិញនៅពេលណាក៏បាន ប្រឆាំងនឹងអ៊ីរ៉ង់

2026/04/09 08:52:46 am        144
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ៨ មេសា សប្ដាហ៍នេះថា អ៊ីស្រាអែលនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងអ៊ីរ៉ង់ប្រសិនបើចាំបាច់ ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។លោក Netanyahu បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា រូបលោកសូមបញ្ជាក់ឲ្យច្បាស់ថា ពួកលោកនៅតែមានគោលបំណងត្រូវបំពេញ ហើយពួកលោកនឹងសម្រេចបាននូវគោលបំណងទាំងនោះ ទាំងតាមរយៈការព្រមព្រៀង ឬតាមរយៈការប្រយុទ្ធគ្នាឡើងវិញ។    ពួកលោកត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់ទៅសមរភូមិវិញនៅពេលណាចាំបាច់។ ម្រាមដៃរបស់ពួកលោកនៅតែស្ថិតនៅលើកៃកាំភ្លើង។នេះមិនមែនជាចុងបញ្ចប់នៃយុទ្ធនាការនោះទេ ប៉ុន្តែជាជំហានមួយលើផ្លូវឆ្ពោះទៅរកការសម្រេចបាននូវគោលបំណងទាំងអស់របស់អ៊ីស្រាអែល។ លោក Netanyahu ក៏បានវាយបកផងដែរ ទៅលើមេដឹកនាំប្រឆាំងដែលបានស្តីបន្ទោសរូបលោកចំពោះការយល់ព្រមលើបទឈប់បាញ់មុនពេលអ៊ីស្រាអែលសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងសង្គ្រាម។លោក Netanyahu បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ដូចដែលអ្នកបានដឹងហើយថា កាលពីយប់មិញ បទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចូលជាធរមាន ដោយមានការសម្របសម្រួលយ៉ាងពេញលេញជាមួយអ៊ីស្រាអែល។ ឥស្សរជនប្រឆាំងសំខាន់របស់អ៊ីស្រាអែល លោក Yair Lapid បានហៅបទឈប់បាញ់នេះថាជា «គ្រោះមហន្តរាយការទូត» សម្រាប់អ៊ីស្រាអែល ដោយនិយាយថា លោក Netanyahu បានបរាជ័យក្នុងការសម្រេចគោលដៅរបស់ប្រទេសនេះ៕

អ៊ីរ៉ង់បានឱ្យដឹងថា ការចរចាសន្តិភាព នឹងមិនសមហេតុផលទេ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់

2026/04/09 08:33:24 am        134
អ៊ីស្រាអែលបានបាញ់ស្រោចលើប្រទេសលីបង់ក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនកាលពីថ្ងៃពុធ ៨ មេសា ដោយបានសម្លាប់មនុស្សជិត១០០នាក់ និងទទួលបានការគំរាមសងសឹកពីអ៊ីរ៉ង់ ដែលបានបង្ហាញថានឹងមិនសមហេតុផលទេ ក្នុងការបន្តការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ជាមួយសហរដ្ឋអាមេរិក។រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់លោក Rakan Nasreddine បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស៨៩នាក់ និង៧២២នាក់រងរបួស ហើយចំនួនអ្នកស្លាប់អាចបន្តកើនឡើងទៀតខណៈការវាយប្រហារនៅតែបន្ត។ការព្រមានពីអ្នកចរចាឈានមុខគេរបស់អ៊ីរ៉ង់ គឺប្រធានសភាលោក Mohammed Bager Qalibaf បានបង្ហាញឱ្យឃើញពីភាពមិនច្បាស់លាស់នៅតែមានក្នុងតំបន់នេះ បន្ទាប់ពីការប្រកាសបទឈប់បាញ់កាលពីថ្ងៃអង្គារ ៧មេសាសប្ដាហ៍នេះ ដោយប្រធានាធិបតី Donald Trump។ ភាគីទាំងពីរបានដាក់ចេញនូវរបៀបវារៈផ្ទុយគ្នាយ៉ាងខ្លាំងសម្រាប់ការចរចាសន្តិភាពដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ខាងមុខ ប៉ុន្តែគេមិនច្បាស់ថាតើបទឈប់បាញ់រយៈពេលពីរសប្តាហ៍នឹងអាចបន្តបានរហូតដល់ពេលនោះឬអត់នោះទេ។លោក Qalibaf បាននិយាយថា អ៊ីស្រាអែលបានរំលោភលើលក្ខខណ្ឌជាច្រើននៃបទឈប់បាញ់នោះរួចហើយ ដោយបង្កើនសង្គ្រាមស្របគ្នារបស់ខ្លួនប្រឆាំងនឹងកងជីវពលហេសបូឡា(Hezbollah) ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិកបានរំលោភលើកិច្ចព្រមព្រៀងដោយទទូចឱ្យអ៊ីរ៉ង់បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។  លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងស្ថានភាពបែបនេះ បទឈប់បាញ់ទ្វេភាគី ឬការចរចាគឺមិនសមហេតុផលទេ។អ៊ីស្រាអែល និងសហរដ្ឋអាមេរិក សុទ្ធតែបាននិយាយថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍នេះពុំបានគ្របដណ្តប់លើប្រទេសលីបង់ទេ ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការវាយប្រហារនឹងបន្ត៕

អគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេង Lavan របស់អ៊ីរ៉ង់ រយៈពេលប៉ុន្មានម៉ោងក្រោយមានបទឈប់បាញ់

2026/04/08 09:11:42 pm        26
សំណុំផ្សែងខ្មៅបានគ្របដណ្តប់ពីលើរោងចក្រចម្រាញ់ប្រេងនៅលើកោះ Lavan របស់អ៊ីរ៉ង់នាថ្ងៃពុធនេះ គឺជាអ្វីដែលក្រុមមន្រ្តីអ៊ីរ៉ង់និយាយថា វាគឺជាការវាយប្រហាររបស់សត្រូវ ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ទីតាំងមួយនេះ ដោយប្រើប្រាស់សឺទែនប្រេង ដើមឈើ ស្លាកសំគាល់ ប្លង់ផ្លូវ និងប៉មចម្រាញ់ប្រេង ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។ ពុំមានរូបភាពវីដេអូឃ្លីបចាស់ៗ ត្រូវបានរកឃើញបង្ហោះនោះទេ មុនថ្ងៃពុធនេះ ។ក្រុមហ៊ុនចែកចាយ និងចម្រាញ់ប្រេងជាតិអ៊ីរ៉ង់ និយាយថា រោងចក្រចម្រាញ់ប្រេងនេះ រងការវាយប្រហារនៅវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃពុធ ដោយពុំបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ ។ ក្រមហ៊ុននិយាយទៀតថា ក្រុមការងារសុវត្ថិភាព និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងធ្វើការដើម្បីទប់ស្កាត់អណ្តាតភ្លើង និងធានាសុវត្ថិភាពរោងចក្រចម្រាញ់ប្រេង ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដើម្បីផ្អាកសង្រ្គាមរយៈពេល ៦សប្តាហ៍របស់ពួកគេដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរីករាលដាលពេញតំបន់មជ្ឈិមបូព៌ា និងបណ្តាលឲ្យមានការអាក់ខានមិនធ្លាប់មានពីមុនមកនូវការផ្គត់ផ្គង់ថាមពលពិភពលោក ៕

អារ៉ាប់រួម គូវ៉ែត បារ៉ែន រាយការណ៍ការវាយប្រហារ បើទោះបីជាមានបទឈប់បាញ់អ៊ីរ៉ង់-អាមេរិក

2026/04/08 08:44:52 pm        29
បណ្តាប្រទេសជាច្រើននៅតំបន់ឈូងសមុទ្រ បានរាយការណ៍ពីការវាយប្រហារមីស៊ីល និងយានដ្រូន លើទឹកដីរបស់ពួកគេ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប្រកាសបទឈប់បាញ់រយៈពេល ២សប្តាហ៍ ។នៅថ្ងៃពុធនេះ អារ៉ាប់រួម បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានចូលរួមបាញ់ទម្លាក់មីស៊ីល និងយានដ្រូនបាញ់ចេញពីអ៊ីរ៉ង់ ។ក្រសួងការពារជាតិអារ៉ាប់រួមនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សំឡេងផ្ទុះ ត្រូវបានឮនៅតាមតំបន់ជាច្រើនទូទាំងប្រទេស បណ្តាលមកពីប្រព័ន្ធការពារដែនអាកាសបាញ់ស្កាត់មីស៊ីលបាលីស្ទិក មីស៊ីលតម្រង់គោលដៅ និងយានដ្រូន ។គូវ៉ែត បាននិយាយផងដែរថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្កាត់រលកនៃយានដ្រូនអ៊ីរ៉ង់ដែលបានបាញ់បង្ហោះចាប់ពីវេលាម៉ោង ៨ព្រឹក ម៉ោងក្នុងស្រុករហូតមក ។ដោយឡែក ក្រសួងមហាផ្ទៃបារ៉ែន និយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិកប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ៕

អនុប្រធានាធិបតីអាមេរិក លោក Vance បញ្ជាក់ថា ជម្លោះអ៊ុយក្រែន គឺ «ពិបាកដោះស្រាយបំផុត»

2026/04/08 08:33:44 pm        36
អនុប្រធានាធិបតីអាមេរិក លោក J.D. Vance នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានរិះគន់មេដឹកនាំអឺរ៉ុប ក្នុងការមិនបានធ្វើឲ្យគ្រប់គ្រាន់ ដើម្បីព្យាយាមបញ្ចប់ជម្លោះអ៊ុយក្រែន ដោយបន្ថែមថា វាគឺជា «បញ្ហាពិបាកដោះស្រាយបំផុត»។នៅថ្ងៃទី៨ ខែមេសានេះ ទីក្រុងគីវបានអំពាវនាវឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើរុស្ស៊ី ដើម្បីឲ្យបញ្ចប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដោយលើកឡើងថា កិច្ចព្រមព្រៀងឈប់បាញ់របស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសអ៊ីរ៉ង់ បានបង្ហាញពីភាពជោគជ័យនៃ «ការសម្រេចចិត្ត» របស់សហរដ្ឋអាមេរិក។ក្នុងអំឡុងពេលធ្វើទស្សនកិច្ច នៅប្រទេសហុងគ្រី លោក Vance បាននិយាយថា៖ «យើងមានការខកចិត្ត ចំពោះថ្នាក់ដឹកនាំនយោបាយជាច្រើន នៅអឺរ៉ុប ពីព្រោះពួកគេហាក់ដូចជាមិនចាប់អារម្មណ៍ជាពិសេស ក្នុងការដោះស្រាយជម្លោះជាក់លាក់នោះទេ»។លោកបានបញ្ជាក់ថា កិច្ចប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះនេះ បានឃើញ «វឌ្ឍនភាពគួរឲ្យកត់សម្គាល់» ប៉ុន្តែវាគឺជា «សង្គ្រាមដ៏លំបាកដោះស្រាយបំផុត»។លោក Vance បានឲ្យដឹងបន្តថា៖ «យើងទទួលបានឯកសារពីអ៊ុយក្រែន និងឯកសារពីរុស្ស៊ី។ តាមពិតយើងបានឲ្យភាគីទាំង២ បញ្ជាក់ពីជំហរជាក់ស្ដែងរបស់ពួកគេ ហើយបន្តិចម្ដងៗ ជំហររបស់ពួកគេកាន់តែមានភាពស្រដៀងគ្នាខ្លាំងឡើងៗ»។អនុប្រធានាធិបតីរូបនេះ បានបន្ថែមថា៖ «ហើយនោះហើយជាមូលហេតុដែលយើងសម្រេចបានវឌ្ឍនភាពខ្លះ។ យើងមិនទាន់សម្រេចបានវឌ្ឍនភាពចុងក្រោយនៅឡើយទេ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងអំពីរឿងនេះ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM