ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោកនិយាយថា សេដ្ឋកិច្ចនីហ្សេរីយ៉ានឹងកើនឡើង ក្នុងឆ្នាំ ២០២៦នេះ

2026/04/08 07:51:09 pm        33
 លោក Fiseha Haile គឺជាសេដ្ឋវិទូឈានមុខគ្នាម្នាក់នៅធនាគារពិភពលោក បានបង្ហាញការរកឃើញរបស់លោក អំឡុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Abuja ដែលបង្ហាញថា សេដ្ឋកិច្ចនីហ្សេរីយ៉ា ទំនងជាកើនឡើង នៅឆមាសដំបូងក្នុងឆ្នាំ ២០២៦ បើទោះបីជាមានសង្រ្គាមអ៊ីរ៉ង់ក៏ដោយ ។ នីហ្សេរីយ៉ា បានមើលឃើញការឡើងថ្លៃប្រេងចំនួន ៣៥ភាគរយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ។ សកម្មភាពធុរកិច្ចបន្តកើនឡើង បើទោះបីជាសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់យ៉ាងណាក្តី ។ ខណៈពេលនោះដែរ រដ្ឋមន្រ្តីហិរញ្ញវត្ថុនីហ្សេរីយ៉ាលោក Wale Edun បានទទួលស្គាល់បញ្ហាប្រឈម ២យ៉ាងនៃការទូទាត់ប្រាក់ចំណូលប្រេងខ្ពស់ជាងមុន និងថ្លៃទំនិញ ។ លោកប្រធានាធិបតី Bola Tinubu ដែលបច្ចុប្បន្នកំពុងកាន់អំណាចឆ្នាំទី ៣របស់លោក បានដាក់ចេញកំណែទម្រង់សេដ្ឋកិច្ចដ៏មហិច្ឆតាបំផុតរបស់ប្រទេសនីហ្សេរីយ៉ា ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកនេះ តាមរយៈការបញ្ចប់ឧបត្ថម្ភធនប្រេងឥន្ធនៈ និងថាមពលថ្លៃៗ បញ្ចុះតម្លៃរូបិយប័ណ្ណ ហើយនិងការផ្លាស់ប្តូរប្រព័ន្ធពន្ធ ដើម្បីធ្វើឲ្យស្ថិរភាពដល់សេដ្ឋកិច្ច ដែលរងគ្រោះដោយសារអតិផរណាខ្ពស់ ៕

នីហ្សេរីយ៉ារៀបចំពិធីបុណ្យសពទ្រង់ទ្រាយធំ សម្រាប់ជនរងគ្រោះដោយសារការវាយប្រហារនៅរដ្ឋPlateau

2026/04/08 07:50:22 pm        15
 ពិធីបុណ្យសពទ្រង់ទ្រាយធំ ត្រូវបានរៀបចំឡើងកាលពីថ្ងៃអង្គារ សម្រាប់ជនរងគ្រោះដោយសារការវាយប្រហារកាលពីថ្ងៃអាទិត្យ ក្នុងរដ្ឋ Plateau ប្រទេសនីហ្សេរីយ៉ា ។ ក្រុមខ្មាន់កាំភ្លើង បានវាយប្រហារសហគមន៍សកលវិទ្យាល័យមួយកន្លែងស្ថិតក្នុងរដ្ឋភាគកណ្តាល Plateau របស់នីហ្សេរីយ៉ា កាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ២៩នាក់ និងមនុស្ស ៣០នាក់ផ្សេងទៀត បានរងរបួស ។ អ្នកស្រុកនិយាយថា ក្រុមខ្មាន់កាំភ្លើង បានធ្វើដំណើរមកដល់សហគមន៍ Gari Ya Waye ស្ថិតក្នុងស្រុក Angwan Rukuba រួចហើយបាញ់ប្រហារដោយឥតញញើតដៃលើហ្វូងមនុស្ស ។ អ្នកស្រី Julie Sanda គឺជាអគ្គនាយកទីភ្នាក់ងារបង្កើតសន្តិភាព និយាយនៅក្នុងពិធីបុណ្យសពនោះថា ពួកយើងបានមកចូលរួមពិធីបុណ្យសពនេះ ជាផ្នែកមួយនៃការកាន់ទុក្ខ និងនាំភាពជិតស្និតមកដល់ពួកគេ ។  ប្រតិបត្តិការរបស់កងកម្លាំងចម្រុះ បានចាប់ខ្លួនក្មេងប្រុស ៣នាក់ ពីសហគមន៍ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតចំពោះការសម្លាប់នេះ ។  ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រុកខឹងសម្បារនាំគ្នាបិទច្រកចូលព្រះវិហារ ECWA Gospel ស្ថិតក្នុងស្រុក Angwan Rukuba ជាទីដែលពួកគេរៀបចំក្តារមឈូស ខណៈស្រ្តីកាន់ស្លឹកឈើដើរតាមផ្លូវ ដើម្បីបិទផ្លូវ និងទាមទារឲ្យដោះលែងយុវជនទាំង ៣រូបនោះ មុនពេលដំណើរការបញ្ចុះសាកសពជនរងគ្រោះ អាចបន្តទៅមុខបាន ៕

ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់អះអាងថា ខ្លួននឹងដោះលែងអ្នកសារព័ត៌មានចាប់ពង្រាត់របស់អាមេរិក

2026/04/08 07:49:56 pm        17
 ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ Kataib Hezbollah ដែលស្ថិតក្រោមចំណុះអ៊ីរ៉ង់និយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងដោះលែងអ្នកសារព័ត៌មានត្រូវបានចាប់ពង្រាត់សហរដ្ឋអាមេរិក គឺអ្នកស្រី Shelly Kittleson ។ ពួកគេបន្តថា អ្នកសារព័ត៌មានរូបនេះ នឹងចាកចេញពីប្រទេសអ៊ីរ៉ាក់ភ្លាមៗ ។ អ្នកស្រី Kittleson ត្រូវបានចាប់ពង្រាត់កាលពីខែមីនា នៅក្នុងទីក្រុងបាកដាដ ហើយគេហទំព័រ AL-Monitor រាយការណ៍ថា អ្នកស្រី Kittleson គឺជាអ្នកសារព័ត៌មានឯករាជ្យមួយរូបរបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋានទីក្រុងរ៉ូម ហើយនិងបានផ្សព្វផ្សាយព័ត៌មានសង្រ្គាមជាច្រើននៅក្នុងតំបន់ ។ មន្រ្តីរដ្ឋាភិបាលអ៊ីរ៉ាក់មួយរូបដែលដឹងពីស្ថានភាពនេះច្បាស់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដោះលែងរបស់អ្នកស្រី បានកើតមានឡើង បន្ទាប់ពីកិច្ចខិតខំយ៉ាងខ្លាំងក្លាយរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងមេដឹកនាំស៊ីអ៊ីតដ៏មានឥទ្ធិពលជាច្រើន ដែលបានដាក់សម្ពាធលើក្រុមជីវពលឲ្យដោះលែងរូបនាង ។ គួររំឭកថា កាលពីខែមីនា ឆ្នាំ ២០២៣ និស្សិតបញ្ចប់ការសិក្សាកូនកាត់អ៊ីស្រាអែល-រុស្ស៊ីម្នាក់គឺអ្នកស្រី Elizabeth Tsurkov ត្រូវបានចាប់ពង្រាត់ផងដែរដោយក្រុមជីវពល Kataib Hezbollah អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ ។ អ្នកស្រីត្រូវបានដោះលែងវិញនៅឆ្នាំ ២០២៥ ៕

ស្រ្តីនៅទីក្រុងឡាហាវ៉ាន់ ប្រទេសគុយបា នាំគ្នាតវ៉ាប្រឆំាងនឹងការហាមឃាត់ទំនិញរបស់អាមេរិក

2026/04/08 07:48:57 pm        29
 កាលពីថ្ងៃអង្គារម្សិលមិញ ស្រ្តីគុយបារាប់រយនាក់ បាននាំគ្នាតវ៉ាប្រឆាំងនឹងការហាមឃាត់ទំនិញរបស់សហរដ្ឋអាមេរិកដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសកោះមួយនេះ ខណៈលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បិទប្រេងតាមព្រឹត្តន័យ ដើម្បីធ្វើឲ្យរដ្ឋាភិបាលកុម្មុយនិស្តគុយបា លុតជង្គង់របស់ខ្លួន ។ បាតុកម្មដែលត្រូវបានអំពាវនាវឲ្យធ្វើឡើងដោយសហព័ន្ធស្រ្តីគុយបា(FMC) នាំឲ្យមានការចូលរួមពីក្រុមកម្មករវិស័យសាធារណៈ និងក្រុមនិស្សិត ។ ការជួបជុំគ្នានេះដែរ គឺជាការប្រារព្ធខួបកំណើតលើកទី ៩៦របស់ស្ថាបនិកបង្កើតសហព័ន្ធ FMC និងជាអតីតស្រ្តីទី ១គឺលោកស្រី Vilma Espin ដែលជាប្រពន្ធចុងរបស់អតីតប្រធានាធិបតីគុយបាលោក Raul Castro ។ លោក Trump បានគំរាមកាលពីពេលកន្លងទៅថា លោករំពឹងថា នឹងដណ្តើមយកគុយបា ហើយលោកអាចធ្វើអ្វីមួយដែលលោកចង់ធ្វើជាមួយប្រទេសជិតខាងមួយនេះ ។ ទោះបីជាមានការគំរាមកំហែងបែបនេះយ៉ាងណាក្តី លោក Trump ពុំបានចាត់វិធានការបញ្ឈប់នាវាដឹកប្រេងរុស្ស៊ីកាលពីសប្តាហ៍មុននោះឡើយ ដែលបានដឹកប្រេងឆៅដ៏ចាំបាច់ខ្លាំងចំនួន ៧០ម៉ឺនបារ៉ែល ទៅកាន់គុយបា ៕

រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង

2026/04/08 07:48:32 pm        56
 ក្រសួងការបរទេសចិននិយាយនៅថ្ងៃពុធនេះ លោករដ្ឋមន្រ្តីការបរទេស Wang Yi នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនៅថ្ងៃទី ៩-១០ ខែមេសានេះ ដែលជាការបង្ហាញកិច្ចខិតខំមួយដោយប្រទេសជិតខាងអាស៊ីខាងកើតទាំង ២ ដើម្បីធ្វើឲ្យល្អប្រសើរឡើងវិញទំនាក់ទំនងដែលធ្លាប់ធ្លាក់ចុះ ក្រោយការរីករាលដាលឆ្លងសកលជំងឺ COVID-19 និងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ។ ដំណើរទស្សនកិច្ចជាសាធារណៈលើកចុងក្រោយរបស់លោក Wang ទៅកាន់កូរ៉េខាងជើង ក្នុងនាមជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើឡើងនៅចុងឆ្នាំ ២០១៩ បន្ទាប់ពីការជួបគ្នាទៅវិញទៅមករបស់មេដឹកនាំកំពូលប្រទេសទាំង ២នៅដើមឆ្នាំនោះ ។ ទីក្រុងប៉េកាំងបានព្យាយាមអូសទាញទីក្រុងព្យុងយ៉ាងមកវិញ ក្រោយការរីករដាលឆ្លងសកលជំងឺ COVID-19 បានបង្កកការផ្លាស់ប្តូរទំនាក់ទំនង ហើយនិងស្របពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ងាកទៅពង្រឹងទំនាក់ទំនងជាមួយទីក្រុងមូស្គូ ជាមួយនឹងការបញ្ជូនទាហាន និងអាវុធ ដើម្បីការគាំទ្រសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ។ សេវាកម្មរថភ្លើងដឹកអ្នកដំណើររវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមឡើងវិញកាលពីខែមីនា ក្រោយត្រូវបានផ្អាកអស់រយៈពេល ៦ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមការរីករាលដាលឆ្លងសកលជំងឺ COVID-19 កាលពីឆ្នាំ ២០២០ ៕

យុវជនក្រិក៖ សារព័ត៌មានសង្គមគឺជាមធ្យោបាយរបស់ពួកយើងក្នុងការទំនាក់ទំនងគ្នា

2026/04/08 07:48:05 pm        18
 នៅក្នុងគ្រួសារ Bitis មាននូវទស្សនៈផ្ទុយគ្នាចំពោះផែនការរបស់រដ្ឋាភិបាលក្រិកក្នុងការហាមឃាត់បណ្តាញព័ត៌មានសង្គមសម្រាប់ក្មេងៗអាយុក្រោម ១៥ឆ្នាំ ។ យុវជន Giannis Bitis វ័យ ១៥ឆ្នាំដែលប្រើប្រាស់ Tik Tok និង Instagram និយាយថា ព័ត៌មានសង្គម គឺជាទំនាក់ទំនងដ៏ចាំបាច់សម្រាប់យុវជន-យុវតី គឺជាបណ្តាញមួយដែលពួកគេមិនអាចអត់វាបាននោះទេ ។ យុវជន Giannis បានលេងបណ្តាញសង្គមទាំង ២នេះ តាំងពីរូបគេមានអាយុ ៩ឆ្នាំមកម្ល៉េះ ហើយរូបគេនិយាយថា សម្រាប់ក្មេងៗ វាបានក្លាយជាផ្នែកមួយនៃជីវិតរបស់ពួកគេ វិធីដែលពួកគេជជែកគ្នា និងទាក់ទងមិត្តភ័ក្តិ ហេតុដូច្នេះហើយ បំរាមមួយនេះ នឹងធ្វើឲ្យប៉ះពាល់ពួកគេយ៉ាងខ្លាំង ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Kelly Nika ដែលជាម្តាយមួយរូប បានស្វាគមន៍បំរាមមួយនេះ ដោយអ្នកស្រីនិយាយថា វានឹងជួយដល់ឪពុកម្តាយដែលពិបាកហាមឃាត់កូនៗរបស់ពួកគេឲ្យចាកចេញពីពិភពព័ត៌មានសង្គម ស្របពេលដែលពួកគេមិនអាចតាមដានកូនៗរបស់ពួកគេបានគ្រប់ពេល ៕

សម្តេចប៉ាបលីអូកោតសរសើរបទឈប់បាញ់សង្រ្គាមអ៊ីរ៉ង់ ក្រោយរិះគន់ការគំរាមកំហែងរបស់លោក Trump

2026/04/08 07:47:38 pm        30
 នៅថ្ងៃពុធនេះ សម្តេចប៉ាប លីអូបានកើតសរសើរបទឈប់បាញ់រយៈពេល ២សប្តាហ៍នៅក្នុងសង្រ្គាមអ៊ីរ៉ង់ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយព្រះអង្គចាត់ទុកការគំរាមកំហែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump លើប្រជាពលរដ្ឋអ៊ីរ៉ង់ថាជារឿងមិនអាចទទួលយកបាននោះទេ ។ សម្តេចប៉ាបដែលបានរិះគន់ឥតសំចៃមាត់លើសង្រ្គាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានបន្ទូលថា ព្រះអង្គស្វាគមន៍ការប្រកាសបទឈប់បាញ់ និងជំរុញឲ្យបន្តចរចា ដើម្បីបញ្ចប់ទាំងស្រុងជម្លោះនៅក្នុងតំបន់ ។ ព្រះអង្គបានមានបន្ទូលប្រចាំសប្តាហ៍ទៅកាន់ទស្សនិកជនរបស់ទ្រង់ថា ដោយសារភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះសម្រាប់តំបន់មជ្ឈិមបូព៌ា និងសម្រាប់ពិភពលោកទាំងមូល ព្រះអង្គស្វាគមន៍ដោយពេញព្រះរាជហទ័យចំពោះសេចក្តីប្រកាសបទឈប់បាញបន្ទាន់រយៈពេល ២សប្តាហ៍ ។ ទ្រង់មានបន្ទូលទៀតថា មានតែវិលត្រឡប់មករកកិច្ចចរចាទេ ទើបអាចបញ្ចប់សង្រ្គាមដោយជោគជ័យបាន ។ បន្ទាប់ពីលោក Trumpគំរាមអ៊ីរ៉ង់កាលពីថ្ងៃអង្គារថា អរិយធម៌ទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាពួកគេមិនឈានដល់ការទាមទាររបស់សហរដ្ឋអាមេរិកឲ្យមានបទឈប់បាញ់ទេនោះ សម្តេចប៉ាប លីអូ មានបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មានថា ការគំរាមកំហែងនេះ ពិតជាមិនអាចទទួលយកបាននោះទេ ៕

ថៃបញ្ជាក់ពីការស្លាប់នាវិក ៣នាក់ ដោយសារការវាយប្រហារ លើនាវា នៅច្រកសមុទ្រ Hormuz

2026/04/08 07:36:15 pm        82
នៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow បាននិយាយថា នាវិក ៣នាក់ នៅលើនាវាមានទង់ជាតិថៃ ដែលត្រូវបានវាយប្រហារ នៅច្រកសមុទ្រ Hormuz កាលពីខែមុន បានបាត់បង់ជីវិត។នាវា Mayuree Naree ដែលមានទង់ជាតិថៃ ត្រូវបានវាយប្រហារកាលពីថ្ងៃទី១១ ខែមីនា ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវទឹករបស់ឈូងសមុទ្រនេះ បន្ទាប់ពីចាកចេញពីកំពង់ផែមួយ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឲ្យដឹងនៅពេលនោះថា ពួកគេបានវាយប្រហារនាវា Mayuree Naree ក៏ដូចជានាវាដែលមានទង់ជាតិលីបេរីយ៉ា នៅក្នុងច្រកសមុទ្រនេះ ដោយសារតែនាវាទាំងនោះ មិនបានអើពើនឹង «ការព្រមាន»។សមាជិកនាវិក ២០០នាក់ បានលោតចុះពីលើនាវា ក្នុងអំឡុងពេលមានការវាយប្រហារនោះ ហើយក្រោយមកត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹករបស់ប្រទេសអូម៉ង់។ ក្រសួងការបរទេសថៃបានឲ្យដឹងថា សាកសពមនុស្សត្រូវបានរកឃើញនៅលើនាវា ក្នុងអំឡុងពេលមានប្រតិបត្តិការស្វែងរកលើកទី២។គួរបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ នៅចុងខែកុម្ភៈ បានជំរុញឲ្យទីក្រុងតេអេរ៉ង់ឆ្លើយតបដោយបិទច្រកសមុទ្រនេះ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រេងសកល និងបើកការវាយប្រហារលើនាវា។ ភាគីទាំង២ បានឈានដល់បទឈប់បាញ់បណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍ កាលពីថ្ងៃអង្គារ៕

លោក Zelenskyy បញ្ជាក់ថា អ៊ុយក្រែនត្រៀម សម្រាប់បទឈប់បាញ់ជាមួយរុស្ស៊ី ក្រោយស្វាគមន៍ភាពធូរស្រាល នៅអ៊ីរ៉ង់

2026/04/08 07:27:16 pm        58
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា លោកស្វាគមន៍ ចំពោះការឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបន្ថែមថា ទីក្រុងគីវបានត្រៀមរួចជាស្រេច ដើម្បី «ឆ្លើយតបវិញ» ប្រសិនបើទីក្រុងមូស្គូបញ្ឈប់ការវាយប្រហារ។តាមរយៈការបង្ហោះមួយ នៅលើវេទិកាបណ្ដាញសង្គម X លោក Zelenskyy បានលើកឡើងថា៖ «អ៊ុយក្រែនតែងតែអំពាវនាវឲ្យមានបទឈប់បាញ់ នៅក្នុងសង្គ្រាមដែលធ្វើឡើងដោយប្រទេសរុស្ស៊ី នៅទីនេះ ក្នុងទ្វីបអឺរ៉ុប ប្រឆាំងនឹងរដ្ឋ និងប្រជាជនរបស់យើង ហើយយើងគាំទ្របទឈប់បាញ់ ទាំងនៅតំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ ដែលបើកផ្លូវឲ្យមានកិច្ចប្រឹងប្រែងផ្នែកការទូត»។លោកបានបន្ថែមថា៖ «សម្រាប់មនុស្សគ្រប់គ្នា វាគឺច្បាស់ណាស់ថា បទឈប់បាញ់អាចបង្កើតលក្ខខណ្ឌជាមុនយ៉ាងត្រឹមត្រូវ ដើម្បីមានកិច្ចព្រមព្រៀង»។នៅមុននេះ អ៊ុយក្រែន មិនរារែកក្នុងការសរសើរសហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី និងបានផ្គត់ផ្គង់យានដ្រូនរាប់ពាន់គ្រឿង ដែលត្រូវបានប្រើ ដើម្បីវាយប្រហារអ៊ុយក្រែន។ទីក្រុងគីវបានអំពាវនាវម្តងហើយម្តងទៀតឲ្យទីក្រុងមូស្គូ យល់ព្រមចំពោះបទឈប់បាញ់ពេញលេញ នៅក្នុងសង្គ្រាមរយៈពេល ៤ឆ្នាំរបស់ខ្លួន ដើម្បីឲ្យភាគីទាំង២ អាចចរចាកិច្ចព្រមព្រៀងសន្តិភាព។ រុស្ស៊ីប្រាប់ថា ខ្លួនចង់បានលក្ខខណ្ឌគ្រប់ជ្រុងជ្រោយ សម្រាប់សន្តិភាពដែលត្រូវបានព្រមព្រៀងគ្នា មុនពេលខ្លួនឈប់ប្រយុទ្ធ៕

អ៊ីរ៉ង់បញ្ជាក់ពីការចូលរួមរបស់ក្រុងតេអេរ៉ង់ក្នុងកិច្ចចរចាអ៊ីស្លាម៉ាបាដ ក្រោយមានបទឈប់បាញ់ជាមួយអាមេរិក

2026/04/08 07:00:20 pm        38
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងចូលរួមក្នុងការចរចានាពេលខាងមុខជាមួយសហរដ្ឋអាមេរិក នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលមានរយៈពេល ៤៥នាទី លោក Pezeshkian បានថ្លែងអំណរគុណដល់លោក Sharif និងកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាន ក្នុងការនាំមកនូវបទឈប់បាញ់បណ្តោះអាសន្ន រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលចេញផ្សាយពីការិយាល័យនាយករដ្ឋមន្ត្រី។សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា៖ «លោកបានបញ្ជាក់ថា អ៊ីរ៉ង់នឹងចូលរួមក្នុងការចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ»។លោក Sharif បានសម្តែងការកោតសរសើរ ចំពោះការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការយល់ព្រមលើបទឈប់បាញ់ និងទទួលយកការផ្តល់ជូនរបស់ប៉ាគីស្ថាន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា នៅចុងសប្តាហ៍នេះ។ លោកក៏បានសម្តែងការគោរពចំពោះមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ផងដែរ។ទម្រង់នៃកិច្ចចរចាមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រភពរដ្ឋាភិបាល នៅទីក្រុងអ៊ីស្លាម៉ាបាដ បានប្រាប់សារព័ត៌មាន Anadolu ថា អ្នកការទូតជាន់ខ្ពស់របស់ប៉ាគីស្ថាន លោក Ishaq Dar នឹងតំណាងឲ្យភាគីប៉ាគីស្ថាន។ លោក Sharif បានប្រកាសពីបទឈប់បាញ់រយៈពេល ២សប្តាហ៍ និងបានអញ្ជើញគណៈប្រតិភូមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃសុក្រ «ដើម្បីចរចាបន្ថែមទៀត សម្រាប់កិច្ចព្រមព្រៀងចុងក្រោយ ដែលនឹងដោះស្រាយជម្លោះទាំងអស់»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM