ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បញ្ជាក់ពីការចូលរួមរបស់ក្រុងតេអេរ៉ង់ក្នុងកិច្ចចរចាអ៊ីស្លាម៉ាបាដ ក្រោយមានបទឈប់បាញ់ជាមួយអាមេរិក

2026/04/08 07:00:20 pm        38
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងចូលរួមក្នុងការចរចានាពេលខាងមុខជាមួយសហរដ្ឋអាមេរិក នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលមានរយៈពេល ៤៥នាទី លោក Pezeshkian បានថ្លែងអំណរគុណដល់លោក Sharif និងកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាន ក្នុងការនាំមកនូវបទឈប់បាញ់បណ្តោះអាសន្ន រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលចេញផ្សាយពីការិយាល័យនាយករដ្ឋមន្ត្រី។សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា៖ «លោកបានបញ្ជាក់ថា អ៊ីរ៉ង់នឹងចូលរួមក្នុងការចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ»។លោក Sharif បានសម្តែងការកោតសរសើរ ចំពោះការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការយល់ព្រមលើបទឈប់បាញ់ និងទទួលយកការផ្តល់ជូនរបស់ប៉ាគីស្ថាន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា នៅចុងសប្តាហ៍នេះ។ លោកក៏បានសម្តែងការគោរពចំពោះមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ផងដែរ។ទម្រង់នៃកិច្ចចរចាមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រភពរដ្ឋាភិបាល នៅទីក្រុងអ៊ីស្លាម៉ាបាដ បានប្រាប់សារព័ត៌មាន Anadolu ថា អ្នកការទូតជាន់ខ្ពស់របស់ប៉ាគីស្ថាន លោក Ishaq Dar នឹងតំណាងឲ្យភាគីប៉ាគីស្ថាន។ លោក Sharif បានប្រកាសពីបទឈប់បាញ់រយៈពេល ២សប្តាហ៍ និងបានអញ្ជើញគណៈប្រតិភូមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃសុក្រ «ដើម្បីចរចាបន្ថែមទៀត សម្រាប់កិច្ចព្រមព្រៀងចុងក្រោយ ដែលនឹងដោះស្រាយជម្លោះទាំងអស់»៕

ប្រធានាធិបតីអ៊ីរ៉ង់ និងនាយករដ្ឋមន្ត្រីជប៉ុន ពិភាក្សាតាមទូរស័ព្ទ អំពីការវិវត្តបទឈប់បាញ់

2026/04/08 06:59:57 pm        50
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានពិភាក្សាអំពីការវិវត្ត បន្ទាប់ពីមានបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi។បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo News លោកស្រី Takaichi ក៏បាន «យល់ព្រមផងដែរដល់ការបន្តរក្សាទំនាក់ទំនងជាមួយ» ប្រធានាធិបតីអ៊ីរ៉ង់។ មុនពេលការសន្ទនាតាមទូរស័ព្ទ ប្រទេសជប៉ុនបានស្វាគមន៍បទឈប់បាញ់ ដោយហៅវាថាជា «ជំហានវិជ្ជមាន»។ទីក្រុងតូក្យូបានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់ ក្នុងអំឡុងពេលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានបញ្ឈប់នៅព្រឹកថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានឲ្យដឹងថា ភាគីទាំង២ បានយល់ព្រមផ្អាកការប្រយុទ្ធគ្នា រួមជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ដោយដកស្រង់ប្រភពនានា របាយការណ៍នេះបានឲ្យដឹងថា លោក Pezeshkian និងលោកស្រី Takaichi «ត្រូវបានគេជឿថា បានពិភាក្សា អំពីកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា»។ជាមួយគ្នានេះ លោក Takaichi ក៏បានអំពាវនាវឲ្យទីក្រុងតេអេរ៉ង់ «ធានាយ៉ាងឆាប់រហ័សដល់ការឆ្លងកាត់ដោយសុវត្ថិភាព នៅច្រកសមុទ្រ Hormuz»។ ប្រទេសជប៉ុនពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រភពថាមពលពីតំបន់មជ្ឈិមបូព៌ា ជាកន្លែងដែលខ្លួនទទួលបានប្រេង និងឧស្ម័នប្រហែល ៩០ភាគរយ៕

ទីភ្នាក់ងារ៖ ការខូចខាតដែលបង្កឡើងដល់អ៊ីរ៉ង់ នឹងត្រូវបានផ្តល់សំណងពីមូលនិធិវិនិយោគ ដែលកំពុងត្រូវបានបង្កើតឡើង

2026/04/08 06:59:32 pm        66
ការខូចខាតដែលបង្កឡើងដល់អ៊ីរ៉ង់ក្នុងអំឡុងពេលជម្លោះនៅឈូងសមុទ្រពែក្ស នឹងត្រូវបានផ្តល់សំណងពីមូលនិធិវិនិយោគពិសេសមួយ ដែលត្រូវបានបង្កើតឡើងដោយមានការចូលរួមពីបណ្តាស្ថាប័នហិរញ្ញវត្ថុ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់។យោងតាមប្រភពព័ត៌មានរបស់ទីភ្នាក់ងារដែលដឹងពីអត្ថបទពេញលេញនៃលក្ខខណ្ឌបទឈប់បាញ់ត្រូវបានបង្ហាញដោយទីក្រុងតេអេរ៉ង់ «សំណងសម្រាប់ការខាតបង់របស់អ៊ីរ៉ង់ នឹងត្រូវបានធ្វើឡើង តាមរយៈការបង្កើតមូលនិធិវិនិយោគ និងហិរញ្ញវត្ថុ"។ ពុំទាន់មានព័ត៌មានអំពីរចនាសម្ព័ន្ធ ឬទម្រង់គ្រប់គ្រងរបស់ខ្លួន នៅឡើយទេ។ទីភ្នាក់ងារនេះ បានកត់សម្គាល់ថា ផ្នែកមួយនៃពន្ធដែលអ៊ីរ៉ង់មានបំណងយកពន្ធលើនាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស នឹងត្រូវចំណាយលើកម្មវិធី ដើម្បីស្តារឡើងវិញនូវគ្រឿងបរិក្ខារដែលត្រូវបានបំផ្លាញ អំឡុងពេលជម្លោះ ដោយបន្ថែមថា លក្ខខណ្ឌបទឈប់បាញ់របស់ទីក្រុងតេអេរ៉ង់ចែងថា អ៊ីរ៉ង់ រួមជាមួយអូម៉ង់ នឹងត្រូវបានផ្តល់សិទ្ធិក្នុងការយកពន្ធលើនាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស៕

នាយករដ្ឋមន្ត្រី៖ សហរដ្ឋអាមេរិកបញ្ជាក់ប្រាប់អ៊ីស្រាអែលថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះគោលដៅរួម

2026/04/08 06:44:12 pm        60
ដោយត្រូវបានដកស្រង់ដោយសារព័ត៌មាន The Times of Israel សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានធានាដល់អ៊ីស្រាអែលថា ខ្លួននឹងនៅតែប្តេជ្ញាចិត្តចំពោះគោលដៅរួមរបស់ប្រទេសទាំងពីរ អំឡុងពេលចរចាជាមួយអ៊ីរ៉ង់នាពេលខាងមុខ។  សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងទៀតថា៖«សហរដ្ឋអាមេរិកបានប្រាប់អ៊ីស្រាអែលថា ខ្លួនប្តេជ្ញាចិត្តក្នុងការសម្រេចគោលដៅទាំងនេះ ដែលចែករំលែកដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្ត ក្នុងតំបន់របស់អ៊ីស្រាអែល នៅក្នុងការចរចានាពេលខាងមុខ»។ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា បទឈប់បាញ់ទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងមានសុពលភាពរយៈពេលពីរសប្តាហ៍។ លោក Trump បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺ «អាស្រ័យលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់យល់ព្រមចំពោះការបើកច្រកសមុទ្រហ័រមូសទាំងស្រុង ភ្លាមៗ និងមានសុវត្ថិភាព។  នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានអញ្ជើញគណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ១០ ខែមេសា សម្រាប់ការចរចាបន្ថែមទៀត។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បេសកជនពិសេស លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គឺអ្នកជំនួញ លោក Jared Kushner ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាពដែលបានគ្រោងទុកជាមួយអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN៕

រដ្ឋអារ៉ាប់អំពាវនាវឲ្យមានសន្តិភាពយូរអង្វែង បន្ទាប់ពីបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ខណៈដែល អារ៉ាប់រួមអះអាងពី«ជ័យជម្នះ»

2026/04/08 06:41:53 pm        49
រដ្ឋាភិបាលអារ៉ាប់នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការការទូតប្រកបដោយចីរភាពបន្ទាប់ពីការប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយមានប្រតិកម្មឆ្លុះបញ្ចាំងទាំងសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន និងការអះអាងពីជំហរយុទ្ធសាស្ត្រ។លោក Anwar Gargash ទីប្រឹក្សាប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម បាននិយាយថា ដោយបានព្យាយាមជៀសវាងសង្គ្រាមដ៏ខ្លាំងក្លានេះ ទើបអារ៉ាប់រួមបានចេញផុតពីវាដោយជោគជ័យ។  លោក Gargash បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ «អារ៉ាប់រួមទទួលបានជ័យជម្នះពីសង្គ្រាមដែលយើងខិតខំជៀសវាងដោយស្មោះ» ដោយបន្ថែមថា ប្រទេសនេះឥឡូវនេះ មានបំពាក់ឧបករណ៍កាន់តែប្រសើរឡើង ដើម្បីរុករកទេសភាពតំបន់ដ៏ស្មុកស្មាញ និងកំណត់លទ្ធផលនាពេលអនាគត។អារ៉ាប៊ីសាអ៊ូឌីតបានស្វាគមន៍ការប្រកាសបទឈប់បាញ់ ដោយសរសើរអ្វីដែលខ្លួនពិពណ៌នាថា ជា «កិច្ចខិតខំប្រឹងប្រែងប្រកបដោយផ្លែផ្កា» ដើម្បីឈានដល់កិច្ចព្រមព្រៀង។ ព្រះរាជាណាចក្រនេះ បានទទួលស្គាល់សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ហើយបានគូសបញ្ជាក់ពីតួនាទីរបស់ប៉ាគីស្ថាន ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀង រួមទាំងកិច្ចខិតខំប្រឹងប្រែងដែលភ្ជាប់ទៅនឹងមេបញ្ជាការកងទ័ពលោក ឧត្តមសេនីយ៍ Asim Munir៕

ឥណ្ឌាកំពុងពិចារណាប្រលែងពស់និងក្រពើ នៅតាមព្រំដែនបង់ក្លាដែស

2026/04/08 06:39:40 pm        76
កងកម្លាំងសន្តិសុខព្រំដែន បាននិយាយនៅថ្ងៃពុធនេះថា ឥណ្ឌាកំពុងពិចារណាប្រលែងពស់ និងក្រពើតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយបង់ក្លាដែស ខណៈដែលទីក្រុងញូវដែលី កំពុងព្យាយាមទប់ស្កាត់ការឆ្លងកាត់ដោយគ្មានការអនុញ្ញាត។បង់ក្លាដែសស្ទើរតែត្រូវបានហ៊ុមព័ទ្ធដោយប្រទេសឥណ្ឌាទាំងស្រុង ហើយព្រំដែនលាតសន្ធឹងជាង ៤.០០០ គីឡូម៉ែត្រ (២.៤៨៥ ម៉ាយ) ដែលផ្នែកធំៗនៃព្រំដែនទាំងនោះគ្មានរបងព័ទ្ធជុំវិញតំបន់ដីសណ្ត ដែលទន្លេនៅតំបន់ហិម៉ាឡៃហូរឆ្ពោះទៅសមុទ្រ។មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងសន្តិសុខព្រំដែន លោក Manoj Barnwal បានប្រាប់សារព័ត៌មាន AFP ថា «ការប្រើប្រាស់សត្វល្មូន» ត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំខែកុម្ភៈជាមួយក្រសួងមហាផ្ទៃ។លោក Barnwal អគ្គអធិការរងនៃកងកម្លាំងយោធាប៉ារ៉ា ដែលមានមូលដ្ឋាននៅទីក្រុង Kolkata ជិតព្រំដែនជាមួយបង់ក្លាដែស បាននិយាយថា៖«យើងត្រូវបានស្នើសុំឲ្យស្វែងយល់ពីលទ្ធភាពនៃការដាក់ពង្រាយសត្វល្មូនដូចជាពស់ ឬក្រពើ នៅក្នុងចន្លោះទន្លេដែលងាយរងគ្រោះ»៕

EU អបអរបទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់ និងជំរុញកិច្ចប្រឹងប្រែង ដើម្បីបង្កើតកិច្ចព្រមព្រៀងយូរអង្វែង

2026/04/08 06:35:09 pm        40
មេដឹកនាំអឺរ៉ុប នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានបង្ហាញការអបអរ ចំពោះបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលបានព្រមព្រៀងគ្នា ដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។អមដោយការបន្ថែមថា ជំហាននេះមានសារៈសំខាន់ណាស់ ក្នុងការបន្តការចរចា សម្រាប់ដំណោះស្រាយយូរអង្វែង ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំស្វាគមន៍ ចំពោះបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាកាលពីយប់មិញ (ថ្ងៃអង្គារ)។ វានាំមកនូវការបន្ធូរបន្ថយភាពតានតឹងដែលចាំបាច់»។ចំណែកប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសរេរនៅលើបណ្ដាញសង្គម X ថា លោកបានជំរុញ «គ្រប់ភាគីទាំងអស់ឲ្យគោរពលក្ខខណ្ឌរបស់ខ្លួន ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់»។ ហើយលោកស្រី Kaja Kallas អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ គឺជា «ការថយមួយជំហានពីមាត់ជ្រោះនៃជម្លោះ ដែលកើតមានឡើងជាច្រើនសប្តាហ៍»។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីយប់ថ្ងៃទី៧ ខែមេសាថា លោកបានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយអ៊ីរ៉ង់ ពោលគឺរយៈពេលមិនដល់ ២ម៉ោងផង មុនថ្ងៃផុតកំណត់ដែលលោកបានដាក់ ដើម្បីឲ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ឬមិនដូច្នោះទេ ត្រូវប្រឈមនឹងការវាយប្រហារធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន៕

អាល្លឺម៉ង់អំពាវនាវឲ្យអ៊ីស្រាអែលកំណត់យុទ្ធនាការ នៅលីបង់ ត្រឹមតែ «ការការពារខ្លួន»

2026/04/08 06:32:26 pm        71
ប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យអ៊ីស្រាអែលកំណត់យុទ្ធនាការរបស់ខ្លួន នៅក្នុងប្រទេសលីបង់ឲ្យត្រឹមតែ «ការពារខ្លួន» ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានទទូចថា បទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់មិនរាប់បញ្ចូលលីបង់នោះទេ។អ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេសលីបង់ នាថ្ងៃពុធនេះ។ ការវាយប្រហារទាំងនេះបានកើតឡើងទោះបីជាក្រុមប្រដាប់អាវុធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ មិនបានប្រកាសពីការមានប្រតិបត្តិការណាមួយ ចាប់តាំងពីម៉ោង ១ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២២:០០ ម៉ោងកសល នាថ្ងៃអង្គារ) ក៏ដោយ។ ក្រុមនេះបានទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា។ជាមួយគ្នានេះ អ៊ីស្រាអែលបានបន្តបញ្ជាជម្លៀសចេញ សម្រាប់តំបន់មួយដែលមានចម្ងាយជាង ៤០គីឡូម៉ែត្រ នៅខាងក្នុងប្រទេសលីបង់ ដោយប្រាប់ថា «ការប្រយុទ្ធ នៅលីបង់ កំពុងបន្តមាន»។ បើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ NNA គ្រប់គ្រងដោយរដ្ឋរបស់លីបង់ បានឲ្យដឹងថា បញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការព្រមានមួយផ្សេងទៀតឲ្យជម្លៀស នៅក្នុងតំបន់ Tyre ភាគខាងត្បូង ដែលអ៊ីស្រាអែល បានវាយប្រហារនៅពេលបន្ទាប់មក។ NNA បានរាយការណ៍ពីការវាយប្រហារជាច្រើននៅទូទាំងភាគខាងត្បូង។អ្នកនាំពាក្យក្រសួង បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានទាក់ទងជាមួយសមភាគីអ៊ីស្រាអែលរបស់លោក ហើយបាន «លើកឡើងថា អ៊ីស្រាអែលគួរតែធ្វើប្រតិបត្តិការស្របតាមសិទ្ធិការពារខ្លួនរបស់ខ្លួន» នៅក្នុងប្រទេសលីបង់។នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលបានដើរតួជាអ្នកសម្របសម្រួល ក្នុងជម្លោះនេះ បាននិយាយថា បទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានអនុវត្តនៅ «គ្រប់ទីកន្លែង រួមទាំងប្រទេសលីបង់ផងដែរ»៕

ផែនការ១០ចំណុចរបស់អ៊ីរ៉ង់ បញ្ជាក់ថា អាមេរិកត្រូវទទួលយកការបង្កើនអ៊ុយរ៉ានីញ៉ូម និងលុបគ្រប់ទណ្ឌកម្ម

2026/04/08 05:40:12 pm        58
ទីក្រុងតេអេរ៉ង់ នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ផែនការ ១០ចំណុចរបស់ខ្លួន ដើម្បធានាការបញ្ចប់សង្គ្រាម ជាមួយសហរដ្ឋអាមេរិក នឹងតម្រូវឲ្យទីក្រុងវ៉ាស៊ីនតោនទទួលយកកម្មវិធីបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន និងការលុបចោលទណ្ឌកម្មទាំងអស់។ទោះបីជាតម្រូវការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម មិនត្រូវបានរាប់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ភាសាអង់គ្លេសរបស់ទីក្រុងតេអេរ៉ង់ដែលចែករំលែកដោយអង្គការសហប្រជាជាតិ (UN) ក៏ដោយ ក៏វាគឺជាផ្នែកមួយនៃការចេញផ្សាយជាភាសាហ្វាស៊ីដែលចរាចរណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។សាធារណរដ្ឋឥស្លាម បានអះអាងពីជ័យជម្នះ ហើយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយរួមជាមួយបញ្ជីនៃសំណើ ១០ចំណុច ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ផែនការនេះ នឹងតម្រូវឲ្យមាន «ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ការទទួលយកដំណើរការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ការលុបចោលទណ្ឌកម្មទាំងអស់ដែលដាក់លើខ្លួន និងស្ថាប័នផ្សេងទៀត»។ការទាមទារសំខាន់ៗផ្សេងទៀត នៅក្នុងផែនការមេ ដែលផ្តល់ជូនតាមរយៈអ្នកសម្របសម្រួលនៅក្នុងប្រទេសប៉ាគីស្ថាន រួមមានការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា ការបញ្ចប់ការវាយប្រហារលើអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ការបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក និងការចេញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលធ្វើឲ្យកិច្ចព្រមព្រៀងណាមួយមានសុពលភាព។ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ប្រទេសនេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «គួរកត់សម្គាល់ថា ការអនុម័តសេចក្តីសម្រេចបែបនេះ នឹងធ្វើឲ្យកិច្ចព្រមព្រៀងទាំងអស់នេះជាប់ចំណងផ្លូវច្បាប់ ក្រោមច្បាប់អន្តរជាតិ ហើយនឹងជាជ័យជម្នះការទូតដ៏ធំ សម្រាប់ប្រជាជាតិអ៊ីរ៉ង់»៕

អ៊ីស្រាអែលបន្តវាយប្រហារលើភាគខាងត្បូងលីបង់ ខណៈដែលបទឈប់បាញ់អ៊ីរ៉ង់មិនរាប់បញ្ចូលប្រទេសលីបង់ទេ

2026/04/08 05:36:28 pm        50
អ៊ីស្រាអែលបានបន្តវាយប្រហាររបស់ខ្លួនលើភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃពុធនេះ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទទូចថាបទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់ មិនរាប់បញ្ចូលប្រទេសលីបង់ទេ។កងទ័ពអ៊ីស្រាអែលក៏បានចេញការព្រមានជម្លៀសសម្រាប់អគារមួយ នៅជិតទីក្រុង Tyre ភាគខាងត្បូងផងដែរ។ក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់ ដែលបានទាញប្រទេសនេះ ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដោយវាយប្រហារអ៊ីស្រាអែល នៅថ្ងៃទី ០២ ខែមីនា មិនបានអះអាងពីប្រតិបត្តិការណាមួយ ចាប់តាំងពីម៉ោង ១ ព្រឹកមក។ប្រភពលីបង់ចំនួនបី ដែលជិតស្និទ្ធនឹងក្រុមនេះ បានប្រាប់សារព័ត៌មា នរ៉យទ័រថា ក្រុមហេសបូឡាបានបញ្ឈប់ការបាញ់ប្រហារលើភាគខាងជើងប្រទេសអ៊ីស្រាអែល និងលើកងទ័ពអ៊ីស្រា  អែលនៅលីបង់នៅព្រឹកព្រលឹមថ្ងៃពុធ ដែលជាផ្នែកមួយនៃបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានប្រកាសនាពេលមុននេះ។  ប្រភពលីបង់ទាំងបី បាននិយាយថា ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍មួយដែលគូសបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួនលើបទឈប់បាញ់ និងលើការអះអាងរបស់លោក ណេតាន់យ៉ាហ៊ូ ថាប្រទេសលីបង់មិនត្រូវបានរាប់បញ្ចូលទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM