UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា

ព័ត៌មានអន្តរជាតិ

ស្ត្រីនៅគុយបា តវ៉ាប្រឆាំងការរឹតត្បិតរបស់អាមេរិក ដោយនិយាយថា «កុមារគ្រប់រូបកើតមកនៅគុយបា គឺជាជ័យជម្នះ»

2026/04/08 11:33:29 am        104
ស្ត្រីនៅប្រទេសគុយបារាប់រយនាក់ បានចេញតវ៉ាកាលពីថ្ងៃអង្គារ ទី៧ ខែមេសា ប្រឆាំងនឹងការរឹតត្បិតរបស់សហរដ្ឋអាមេរិកដែលបានរារាំងកោះមួយនេះ ខណៈប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់ចេញនូវការបិទផ្លូវប្រេង ក្នុងបំណងធ្វើឱ្យរដ្ឋាភិបាលដឹកនាំដោយកុម្មុយនិស្តរបស់ប្រទេសគុយបា ដួលរលំ។ព្រឹត្តិការណ៍ ដែលត្រូវបានរៀបចំដោយសហព័ន្ធស្ត្រីគុយបា (FMC) បានទាក់ទាញបុគ្គលិក និងនិស្សិតក្នុងវិស័យសាធារណៈជាច្រើន។ ការជួបជុំគ្នានេះក៏បានប្រារព្ធខួបគម្រប់៩៦ឆ្នាំរបស់ស្ថាបនិក និងជាអតីតស្ត្រីទីមួយរបស់សហព័ន្ធស្ត្រីគុយបា(FMC) លោកស្រី Vilma Espin ជាភរិយារបស់អតីតប្រធានាធិបតី លោក Raul Castro ។លោក ត្រាំ កាលពីពេលថ្មីៗនេះបាននិយាយថា លោករំពឹងថានឹង «យកមកគ្រប់គ្រងប្រទេសគុយបាក្នុងទម្រង់ណាមួយ» និងបាននិយាយថា «ខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់បាន» ជាមួយប្រទេសជិតខាង។ទោះបីជាមានការគំរាមកំហែងបែបនេះក៏ដោយ លោក ត្រាំ ពុំមានវិធានការដើម្បីបញ្ឈប់នាវាដឹកប្រេងរុស្ស៊ីមួយគ្រឿង ដែលកាលពីសប្តាហ៍មុនបានដឹកជញ្ជូនប្រេងឆៅចំនួន ៧០០.០០០ បារ៉ែល ជាតម្រូវការខ្លាំងទៅកាន់ប្រទេសគុយបា នោះទេ។

អ៊ីស្រាអែលគាំទ្របទឈប់បាញ់រយៈពេលពីរសប្តាហ៍របស់លោក Trump លើអ៊ីរ៉ង់ តែមិនរាប់បញ្ជូលប្រទេសលីបង់ទេ

2026/04/08 11:26:43 am        97
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅថ្ងៃពុធ៨មេសា សប្ដាហ៍នេះ ថា អ៊ីស្រាអែលគាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការផ្អាកវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ប៉ុន្តែបាននិយាយថាបទឈប់ បាញ់នោះមិនរាប់បញ្ចូលប្រទេសលីបង់ទេ ។ការិយាល័យនេះបាននិយាយថា អ៊ីស្រាអែលគាំទ្រសកម្មភាពរបស់សហរដ្ឋអាមេរិក ដោយតម្រូវឲ្យទីក្រុងតេអេរ៉ង់ ត្រូវតែបើកច្រកសមុទ្រភ្លាមៗ និងបញ្ឈប់ការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសនានានៅក្នុងតំបន់។ការអត្ថាធិប្បាយនេះ បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្អាកការវាយប្រហាររយៈពេលពីរសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងសង្គ្រាម និងបើកឱកាសសម្រាប់ការចរចា។អ៊ីស្រាអែលក៏បាននិយាយផងដែរថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាអ៊ីរ៉ង់លែងបង្កការគំរាមកំហែងនុយក្លេអ៊ែរ មីស៊ីល ឬភេរវកម្ម ដល់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសជិតខាងអារ៉ាប់របស់អ៊ីរ៉ង់ទៀតហើយ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានប្រាប់អ៊ីស្រាអែលថា ខ្លួនប្តេជ្ញាសម្រេចគោលដៅរួមរបស់ពួកគេនៅក្នុងការចរចានាពេលខាងមុខ។អ៊ីរ៉ង់បាននិយាយនៅថ្ងៃពុធនេះថា ការចរចាជាមួយសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ ខែមេសា សប្ដាហ៍នេះ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេស ប៉ាគីស្ថាន៕

ប្រជាជនអ៊ីរ៉ង់ប្ដេជ្ញាដើរតាមលោក Mojtabaបន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសជាមួយអាមេរិក និងអ៊ីស្រាអែល

2026/04/08 11:07:27 am        90
មហាជនអ៊ីរ៉ង់បានសម្រុកចូលទៅក្នុងទីលានចតុរង្គ Enghelab ក្នុងទីក្រុងតេអេរ៉ង់នៅព្រឹកថ្ងៃពុធ ៨ មេសានេះ ដោយគ្រវីទង់ជាតិ និងប្ដេជ្ញាស្មោះត្រង់ដោយគ្មានលក្ខខណ្ឌចំពោះមេដឹកនាំកំពូល លោក Mojtaba Khamenei ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលបានទាញប្រទេសនានាចេញពីមាត់ជ្រោះនៃការកើនឡើងភាពតានតឹងដ៏មហន្តរាយ។ ស្ត្រីម្នាក់ដែលបានចូលរួមបាតុកម្មបាននិយាយថា អ្វីទាំងអស់ដែលមេដឹកនាំរបស់ពួកគេនិយាយគឺត្រឹមត្រូវ។ ប្រសិនបើលោកយល់ថាវាសមរម្យ ពួកអ្នកស្រីនឹងមានបទឈប់បាញ់។ បើមិនដូច្នោះទេ ពួកអ្នកស្រីត្រៀមខ្លួនរួចជាស្រេចដើម្បីស្នាក់នៅតាមដងផ្លូវ និងងើបតតាំងជារៀងរហូត។ ការបង្ហាញសាមគ្គីភាពនេះ បានកើតឡើងនៅពេលប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់កាលពីថ្ងៃអង្គារ៧ មេសា សប្ដាហ៍នេះ ប៉ុន្មានម៉ោងបន្ទាប់ពីរូបលោកបានគំរាមថា "អរិយធម៌ទាំងមូលនឹងស្លាប់នៅយប់នេះ" និងប្រហែល ៩០ នាទីមុនថ្ងៃផុតកំណត់ដែលលោកបានកំណត់សម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីឈានដល់កិច្ចព្រមព្រៀង។ លោក Trump បានយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ដោយមានលក្ខខណ្ឌថាអ៊ីរ៉ង់ ត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញ។បន្ទាប់ពីការប្រកាសរបស់លោក Trump ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានបង្ហោះសេចក្តីថ្លែងការណ៍ដ៏វែងមួយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ដោយប្រកាសពីជ័យជម្នះ និងដាក់ចេញព័ត៌មានលម្អិតនៃផែនការ ១០ ចំណុចសម្រាប់បញ្ចប់សង្គ្រាម៕

កូរ៉េខាងជើងបាញ់អាវុធសង្ស័យថាជាមីស៊ីល ខណៈទីក្រុងព្យុងយ៉ាងបដិសេធក្តីសង្ឃឹមការទូតរបស់ទីក្រុងសេអ៊ូល

2026/04/08 11:04:20 am        67
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់អាវុធមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ឆ្ពោះទៅសមុទ្រក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃពុធ ៨មេសាសប្ដាហ៍នេះ បន្ទាប់ពីការបាញ់ដាច់ដោយឡែកមួយដែលត្រូវបានរកឃើញមួយថ្ងៃមុន ខណៈទីក្រុងព្យុងយ៉ាងបានបំបាត់ក្តីសង្ឃឹមរបស់ទីក្រុងសេអ៊ូលក្នុងការបន្ធូរបន្ថយភាពតានតឹង។ យោធាកូរ៉េខាងត្បូងបាននិយាយដោយឡែកពីគ្នាថា ខ្លួនបានរកឃើញការបាញ់អាវុធដែលសង្ស័យថាជាមីស៊ីលបាលីស្ទីកពីតំបន់ទីក្រុងព្យុងយ៉ាងក្នុងប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារ។យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដោយដកស្រង់សម្តីមន្ត្រីយោធាថា មីស៊ីលដែលបានបាញ់កាលពីថ្ងៃអង្គារ បានហោះទៅទិសខាងកើតមុនពេលបង្ហាញសញ្ញានៃភាពមិនប្រក្រតីនៅដំណាក់កាលដំបូងនៃការហោះហើរ និងបាត់ស្រមោល។សារព័ត៌មាន Yonhap បានរាយការណ៍ថា នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងគិតថា វត្ថុនោះជាមីស៊ីលផ្លោង ដែលអាចចាត់ទុកថាជាការបរាជ័យបន្ទាប់ពីការបាញ់។ កូរ៉េខាងត្បូងជាធម្មតាប្រកាសពីការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងភ្លាមៗ ដោយសារការសាកល្បងបែបនេះរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈខ្លួនបង្កើនការប្រុងប្រយ័ត្នជាងមុននៅពេលវត្ថុនោះត្រូវគេជឿថាជាអាវុធ ឬមីស៊ីលតម្រង់គោលដៅ។ក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ៧ មេសា សប្ដាហ៍នេះ បានឲ្យដឹងថា ការឆ្លើយតបដ៏កម្ររបស់កូរ៉េខាងជើង ចំពោះការបង្ហាញការសោកស្តាយរបស់ប្រធានាធិបតីលោក Lee Jae Myung ពាក់ព័ន្ធនឹងការលុកលុយដោយយានដ្រូន គឺជា «វឌ្ឍនភាពដ៏មានអត្ថន័យ» ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា៕

ប្រទេសប៉ាគីស្ថាន បិទហាង និងផ្សារ មុនម៉ោងកកំណត់ ដើម្បីសន្សំសំចៃថាមពល

2026/04/08 10:41:31 am        99
ហាង និងផ្សារនានា បានបិទនៅម៉ោង ៨:០០ យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ ទី ៧ ខែមេសា នៅទីក្រុងឡាហ័រ ខណៈរដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសមួយថ្ងៃមុននោះថា ហាង ផ្សារ និងផ្សារទំនើបនៅទូទាំងប្រទេសនឹងត្រូវបិទមុនម៉ោង ចាប់ពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ ជាផ្នែកមួយនៃផែនការសន្សំសំចៃថាមពលនៅទូទាំងប្រទេស។យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ការសម្រេចនេះ ត្រូវបានធ្វើឡើងដើម្បីបិទផ្សារ និងផ្សារទំនើបនៅក្នុងទីក្រុងជាច្រើន នៅម៉ោង ៨ យប់។វិធានការនេះ មានគោលបំណងកាត់បន្ថយការប្រើប្រាស់អគ្គិសនីក្នុងអំឡុងម៉ោងមមាញឹកដោយសារតែវិបត្តិថាមពលកំពុងនៅបន្ត និងការកើនឡើងតម្លៃប្រេងឥន្ធនៈ។ ហាងលក់ទំនិញចាំបាច់ប្រចាំថ្ងៃ និងផ្សារទំនើបគ្រប់ប្រភេទក៏ត្រូវបិទនៅម៉ោង ៨ យប់ដូចគ្នា។ហាងនំប៉័ង ភោជនីយដ្ឋាន និងហាងលក់អាហារនិងភេសជ្ជៈផ្សេងទៀតនឹងត្រូវបិទនៅម៉ោង១០យប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។សាលអាពាហ៍ពិពាហ៍ រោងតង់ធំ និងទីតាំងពាណិជ្ជកម្មផ្សេងទៀតដែលរៀបចំពិធីអាពាហ៍ពិពាហ៍នឹងនៅតែបើករហូតដល់ម៉ោង១០យប់។ ទន្ទឹមនឹងនេះ នឹងមានបម្រាមមិនឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ក្រោយម៉ោង១០យប់នៅទីតាំង និងផ្ទះឯកជន។ ម៉ោងធ្វើការរបស់ហាងលក់ឱសថ នឹងត្រូវបានលើកលែងពីការរឹតត្បិតទាំងនេះ។ប្រាក់ឧបត្ថម្ភប្រេងឥន្ធនៈរបស់ក្រសួងរដ្ឋាភិបាលត្រូវបានកាត់បន្ថយ ៥០% សម្រាប់រយៈពេលពីរខែខាងមុខ ខណៈសប្តាហ៍ធ្វើការត្រូវបានកាត់បន្ថយមកត្រឹមបួនថ្ងៃសម្រាប់ការិយាល័យរដ្ឋាភិបាល។

ទស្សនកិច្ចរបស់ប្រមុខ NATO ទៅទីក្រុងវ៉ាស៊ីនតោន មានបំណងរក្សាអឺរ៉ុបឲ្យនៅលើផែនទីរបស់លោក Trump

2026/04/08 10:39:05 am        80
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte នឹងធ្វើទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ ទី៨ ខែមេសានេះ សម្រាប់អ្វីដែលអ្នកនាំពាក្យរបស់សម្ព័ន្ធយោធានេះហៅថា «ដំណើរទស្សនកិច្ចតាមការគ្រោងទុកជាយូរមកហើយ» ដែលធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ខ្លាំងៗលើសម្ព័ន្ធមិត្តអឺរ៉ុបជុំវិញការខ្វែងគំនិតគ្នាសង្គ្រាមនៅអ៊ីរ៉ង់។ លោក Trump បាននិយាយថា លោកកំពុងពិចារណាដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធយោធាលោកខាងលិច ដោយសារតែការបដិសេធរបស់សមាជិកអឺរ៉ុបក្នុងការបញ្ជូននាវាដើម្បីបើកច្រកសមុទ្រ Hormuz។ លោកស្រី Constanze Stelzenmüller នាយកមជ្ឈមណ្ឌលសហរដ្ឋអាមេរិកនិងអឺរ៉ុប នៅវិទ្យាស្ថាន Brookings ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Rutte ដើម្បីជួបលោក Trump ទំនងជាមានបំណង «រក្សាការសន្ទនាឱ្យនៅបើកចំហដើម្បីធានាថា អឺរ៉ុបមិនធ្លាក់ចេញទាំងស្រុងពីផែនទី» របស់រដ្ឋបាលលោក Trump នោះទេ។ ដំណើរទស្សនកិច្ចនេះ ក៏មានគោលបំណងធានាថាសហរដ្ឋអាមេរិក បំពេញតាមការសន្យារបស់ខ្លួនក្នុងការបន្តលក់អាវុធទៅឱ្យអឺរ៉ុបដើម្បីប្រគល់បន្តទៅឱ្យអ៊ុយក្រែន។ លោកស្រី Stelzenmüller និយាយថា វា «មិនទំនងនោះទេ» ដែលលោក Trump នឹងដកខ្លួនចេញពីសម្ព័ន្ធយោធាណាតូជាផ្លូវការ។ លោកស្រី ក៏បាននិយាយផងដែរថា សម្ព័ន្ធយោធាណាតូ ពុំមានកាតព្វកិច្ចទៅជួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅអ៊ីរ៉ង់ទេ ជាពិសេសនៅពេលដែលសំណើផ្លូវការមិនទាន់ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាត្លង់ទិកខាងជើង។ ទោះជាយ៉ាងណា លោកស្រីបាននិយាយថា សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនបានអនុញ្ញាតឱ្យប្រើប្រាស់ទាំងមូលដ្ឋានយោធារបស់ពួកគេនិងផ្តល់សិទ្ធិហោះហើរឆ្លងកាត់ដល់សហរដ្ឋអាមេរិក ដែលផ្ទុយពីអ្នកទាំងឡាយដែលនិយាយថា អឺរ៉ុបកំពុងច្រានចោលមិនជួយធ្វើប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងសុន្ទរកថាទៅកាន់សម្ព័ន្ធមិត្តដែលបានជួបជុំគ្នាសម្រាប់ពិធីទទួលទានអាហារក្នុងពីធីបុណ្យ Easter នៅសេតវិមាន លោក Trump បានរិះគន់ប្រទេសបារាំង និងចក្រភពអង់គ្លេស ក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត ថាជា «ខ្លាក្រដាស»។

ប្រជាជនអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នា និងគ្រវីទង់ជាតិ បន្ទាប់ពីការប្រកាសបទឈប់បាញ់

2026/04/08 10:20:52 am        84
ប្រជាជនអ៊ីរ៉ង់មួយចំនួន បានដាក់ការសង្ស័យជុំវិញបំណងនៃបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី ៧ ខែមេសា ថា លោកបានព្រមព្រៀងផ្អាកការប្រយុទ្ធជាមួយអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍។ការប្រកាសរបស់លោក ត្រាំ បានធ្វើឡើងតិចជាងពីរម៉ោងមុនកាលបរិច្ឆេទផុតកំណត់របស់លោកនៅថ្ងៃពុធ ទី៨ ខែមេសានេះសម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនដូច្នេះទេត្រូវប្រឈមនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន។ពលរដ្ឋទីក្រុងតេអេរ៉ង់ បាននិយាយនៅព្រឹកព្រលឹមថ្ងៃពុធនេះថា ចំណាត់ការនេះមានបំណងសម្រាប់សហរដ្ឋអាមេរិកដើម្បីប្រមូលផ្តុំក្រុមឡើងវិញ និង «ពន្យាពេលវេលាសម្រាប់អ៊ីស្រាអែល»។ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាជ័យជម្នះលើសហរដ្ឋអាមេរិក ដោយអះអាងថា លោក ត្រាំ បានទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់ការបញ្ចប់អរិភាព។ក្នុងការឆ្លើយតប អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា «ការពិតគឺថា លោកប្រធានាធិបតី ត្រាំ និងយោធាដ៏មានឥទ្ធិពលរបស់យើង បានធ្វើឱ្យអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយការចរចានឹងបន្ត»។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន៖ បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ គ្របដណ្តប់ «គ្រប់ទីកន្លែង» រួមទាំងប្រទេសលីបង់

2026/04/08 10:18:35 am        96
នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយនៅថ្ងៃពុធ ទី៨ ខែមេសា ថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ បានព្រមព្រៀងលើបទឈប់បាញ់នៅ «គ្រប់ទីកន្លែង» រួមទាំងនៅប្រទេសលីបង់ផងដែរ បន្ទាប់ពីការសម្របសម្រួលដោយរដ្ឋាភិបាលរបស់លោក ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលជាច្រើនសប្តាហ៍មកនេះ។ លោក Sharif បានបង្ហោះសារនៅលើបណ្តាញ X ថា «ខ្ញុំមានសេចក្តីរីករាយដើម្បីប្រកាសថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន បានព្រមព្រៀងលើបទឈប់បាញ់បន្ទាន់នៅគ្រប់ទីកន្លែង រួមទាំងនៅប្រទេសលីបង់ និងនៅកន្លែងផ្សេងទៀតដែលបានចូលជាធរមានភ្លាមៗ»។ លោកបាននិយាយបន្ថែមថា រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន នឹងស្វាគមន៍គណៈប្រតិភូមកពីប្រទេសទាំងពីរនៅថ្ងៃសុក្រខាងមុខនេះ ដើម្បីបើកកិច្ចចរចាក្នុងបំណងឈានដល់ «កិច្ចព្រមព្រៀងប្រាកដប្រជាចុងក្រោយ»។ យើងសង្ឃឹមយ៉ាងមុតមាំថា «កិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ» នឹងទទួលបានជោគជ័យក្នុងការសម្រេចបានសន្តិភាពប្រកបដោយចីរភាព ហើយនឹងមានព័ត៌មានល្អៗបន្ថែមទៀតក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»។ ទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ពួកគេបានព្រមព្រៀងលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ត្រឹមតែមួយម៉ោងមុនកាលបរិច្ឆេទកំណត់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការ «កម្ទេច»អ៊ីរ៉ង់ ត្រូវផុតកំណត់។ សង្គ្រាមបានចាប់ផ្តើមនៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ បង្កឱ្យមានការវាយប្រហារសងសឹកពីទីក្រុងតេអេរ៉ង់ទៅលើប្រទេសឈូងសមុទ្រ និងអ៊ីស្រាអែល។ ប្រទេសលីបង់ ក៏ត្រូវបានទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះនេះផងដែរ បន្ទាប់ពីក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារលើអ៊ីស្រាអែល។

អនុប្រធានាធិបតីអាមេរិក រិះគន់ការជ្រៀតជ្រែករបស់អឺរ៉ុប ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់ទៅហុងគ្រី

2026/04/08 10:15:17 am        93
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance បានជួបលោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី នៅទីក្រុង Budapest ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់មួយ មុនការបោះឆ្នោតសភាដ៏សំខាន់។ គណបក្សរបស់នាយករដ្ឋមន្ត្រីហុងគ្រីកំពុងដើរពីក្រោយគូប្រជែងគាំទ្រដោយសហភាពអឺរ៉ុប ក្នុងការស្ទង់មតិ ហើយលោកបានចោទប្រកាន់ទីក្រុងព្រុចសែលថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនេះ។ លោក Vance បានទៅដល់ទីក្រុង Budapest កាលពីថ្ងៃអង្គារ ជាទីដែលរូបលោកត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto។ នៅក្នុងវីដេអូខ្លីមួយដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Szijjarto បានសាទរដំណើរទស្សនកិច្ចនេះថាជាសញ្ញានៃយុគមាសសម្រាប់ទំនាក់ទំនងហុងគ្រី-អាមេរិក។ លោក Vance គឺជាមន្ត្រីអាមេរិកកម្រិតខ្ពស់បំផុតដែលបានទៅទស្សនកិច្ចនៅរដ្ឋធានីហុងគ្រីចាប់តាំងពីប្រធានាធិបតីអាមេរិក លោក George W. Bush បានទៅទីនោះក្នុងឆ្នាំ២០០៦។ បន្ទាប់មក លោក Vance និងលោក Orban បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដែលក្នុងនោះលោក Vance បានហៅនាយករដ្ឋមន្ត្រីហុងគ្រីថាជា រដ្ឋបុរសពិតប្រាកដមួយរូបគត់ក្នុងចំណោមរដ្ឋបុរសពិតប្រាកដជាច្រើននៅអឺរ៉ុប។ តាមរយៈដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Budapest លោក Vance បាននិយាយថា លោកមានគោលបំណង ផ្ញើសញ្ញាមួយទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសមន្ត្រីនៅទីក្រុងព្រុចសែល ដែលបានធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីរារាំងប្រជាជនហុងគ្រី។ ដំណើរទស្សនកិច្ចនេះ បានកើតឡើងនៅពេលវេលាដ៏សំខាន់មួយសម្រាប់លោក Orban និងសម្រាប់សហភាពអឺរ៉ុប។ ប្រជាជនហុងគ្រីនឹងទៅបោះឆ្នោតនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ក្នុងការបោះឆ្នោតសកល។ ការស្ទង់មតិមុនការបោះឆ្នោតបង្ហាញថា គណបក្ស Fidesz របស់លោក Orban នៅពីក្រោយគណបក្ស Tisza របស់លោក Peter Magyar ដែលគាំទ្រដោយសហភាពអឺរ៉ុប ហើយយុទ្ធនាការរហូតមកដល់បច្ចុប្បន្នត្រូវបានក្រកួតប្រជែងគ្នាយ៉ាងជូរចត់៕

ការស៊ើបអង្កេតបឋម UN ស្តីបន្ទោសអ៊ីស្រាអែល និងទំនងជាក្រុមហេសបូឡាដែរ ចំពោះការស្លាប់របស់កងកម្លាំងរក្សាសន្តិភាព

2026/04/08 10:11:36 am        80
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ៧មេសាសប្ដាហ៍នេះថា ការរកឃើញបឋមក្នុងការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើការស្លាប់របស់កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ី បីនាក់ក្នុងប្រទេសលីបង់កាលពីខែមុនបង្ហាញថា ម្នាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងរថក្រោះអ៊ីស្រាអែល និងពីរនាក់ទៀតត្រូវបានសម្លាប់ដោយគ្រឿងផ្ទុះដែលទំនងជាដាក់ដោយក្រុមហេសបូឡា។អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រាប់សន្និសីទសារព័ត៌មានថា ទាំងនេះគឺជាការរកឃើញបឋម ផ្អែកលើភស្តុតាងរូបវន្តដំបូង ដោយបន្ថែមថា ដំណើរការស៊ើបអង្កេតពេញលេញកំពុងបន្ត ដែលរួមមានការចូលរួមជាមួយភាគីពាក់ព័ន្ធ។ លោក Dujarric បានហៅឧបទ្ទវហេតុទាំងនេះថា "មិនអាចទទួលយកបាន" ហើយបាននិយាយថា ពួកគេអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។ លោកថា អង្គការសហប្រជាជាតិបានស្នើសុំឱ្យអាជ្ញាធរជាតិស៊ើបអង្កេត និងកាត់ទោសជនល្មើស។កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នានៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី២៩ និង៣០ ខែមីនា បន្ទាប់ពីចុងសប្តាហ៍ដ៏បង្ហូរឈាម ដែលក្រុមអ្នកសារព័ត៌មាន និងគ្រូពេទ្យលីបង់ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ អ្នកនាំពាក្យរបស់កងកម្លាំងរក្សាសន្តិភាព ដែលជាកងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ ហៅកាត់ថា UNIFIL បាននិយាយថា យោធាអ៊ីស្រាអែលបានរារាំងក្បួនរថយន្តដឹកជញ្ជូន UNIFIL និងបានឃុំខ្លួនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនម្នាក់មួយរយៈពេលខ្លី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM
មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង
05/31/2026 12:05 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM