ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន៖ បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ គ្របដណ្តប់ «គ្រប់ទីកន្លែង» រួមទាំងប្រទេសលីបង់

2026/04/08 10:18:35 am        96
នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយនៅថ្ងៃពុធ ទី៨ ខែមេសា ថា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ បានព្រមព្រៀងលើបទឈប់បាញ់នៅ «គ្រប់ទីកន្លែង» រួមទាំងនៅប្រទេសលីបង់ផងដែរ បន្ទាប់ពីការសម្របសម្រួលដោយរដ្ឋាភិបាលរបស់លោក ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលជាច្រើនសប្តាហ៍មកនេះ។ លោក Sharif បានបង្ហោះសារនៅលើបណ្តាញ X ថា «ខ្ញុំមានសេចក្តីរីករាយដើម្បីប្រកាសថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន បានព្រមព្រៀងលើបទឈប់បាញ់បន្ទាន់នៅគ្រប់ទីកន្លែង រួមទាំងនៅប្រទេសលីបង់ និងនៅកន្លែងផ្សេងទៀតដែលបានចូលជាធរមានភ្លាមៗ»។ លោកបាននិយាយបន្ថែមថា រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន នឹងស្វាគមន៍គណៈប្រតិភូមកពីប្រទេសទាំងពីរនៅថ្ងៃសុក្រខាងមុខនេះ ដើម្បីបើកកិច្ចចរចាក្នុងបំណងឈានដល់ «កិច្ចព្រមព្រៀងប្រាកដប្រជាចុងក្រោយ»។ យើងសង្ឃឹមយ៉ាងមុតមាំថា «កិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ» នឹងទទួលបានជោគជ័យក្នុងការសម្រេចបានសន្តិភាពប្រកបដោយចីរភាព ហើយនឹងមានព័ត៌មានល្អៗបន្ថែមទៀតក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»។ ទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ពួកគេបានព្រមព្រៀងលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ត្រឹមតែមួយម៉ោងមុនកាលបរិច្ឆេទកំណត់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការ «កម្ទេច»អ៊ីរ៉ង់ ត្រូវផុតកំណត់។ សង្គ្រាមបានចាប់ផ្តើមនៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ បង្កឱ្យមានការវាយប្រហារសងសឹកពីទីក្រុងតេអេរ៉ង់ទៅលើប្រទេសឈូងសមុទ្រ និងអ៊ីស្រាអែល។ ប្រទេសលីបង់ ក៏ត្រូវបានទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះនេះផងដែរ បន្ទាប់ពីក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារលើអ៊ីស្រាអែល។

អនុប្រធានាធិបតីអាមេរិក រិះគន់ការជ្រៀតជ្រែករបស់អឺរ៉ុប ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់ទៅហុងគ្រី

2026/04/08 10:15:17 am        93
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance បានជួបលោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី នៅទីក្រុង Budapest ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់មួយ មុនការបោះឆ្នោតសភាដ៏សំខាន់។ គណបក្សរបស់នាយករដ្ឋមន្ត្រីហុងគ្រីកំពុងដើរពីក្រោយគូប្រជែងគាំទ្រដោយសហភាពអឺរ៉ុប ក្នុងការស្ទង់មតិ ហើយលោកបានចោទប្រកាន់ទីក្រុងព្រុចសែលថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនេះ។ លោក Vance បានទៅដល់ទីក្រុង Budapest កាលពីថ្ងៃអង្គារ ជាទីដែលរូបលោកត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto។ នៅក្នុងវីដេអូខ្លីមួយដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Szijjarto បានសាទរដំណើរទស្សនកិច្ចនេះថាជាសញ្ញានៃយុគមាសសម្រាប់ទំនាក់ទំនងហុងគ្រី-អាមេរិក។ លោក Vance គឺជាមន្ត្រីអាមេរិកកម្រិតខ្ពស់បំផុតដែលបានទៅទស្សនកិច្ចនៅរដ្ឋធានីហុងគ្រីចាប់តាំងពីប្រធានាធិបតីអាមេរិក លោក George W. Bush បានទៅទីនោះក្នុងឆ្នាំ២០០៦។ បន្ទាប់មក លោក Vance និងលោក Orban បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដែលក្នុងនោះលោក Vance បានហៅនាយករដ្ឋមន្ត្រីហុងគ្រីថាជា រដ្ឋបុរសពិតប្រាកដមួយរូបគត់ក្នុងចំណោមរដ្ឋបុរសពិតប្រាកដជាច្រើននៅអឺរ៉ុប។ តាមរយៈដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Budapest លោក Vance បាននិយាយថា លោកមានគោលបំណង ផ្ញើសញ្ញាមួយទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសមន្ត្រីនៅទីក្រុងព្រុចសែល ដែលបានធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីរារាំងប្រជាជនហុងគ្រី។ ដំណើរទស្សនកិច្ចនេះ បានកើតឡើងនៅពេលវេលាដ៏សំខាន់មួយសម្រាប់លោក Orban និងសម្រាប់សហភាពអឺរ៉ុប។ ប្រជាជនហុងគ្រីនឹងទៅបោះឆ្នោតនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ក្នុងការបោះឆ្នោតសកល។ ការស្ទង់មតិមុនការបោះឆ្នោតបង្ហាញថា គណបក្ស Fidesz របស់លោក Orban នៅពីក្រោយគណបក្ស Tisza របស់លោក Peter Magyar ដែលគាំទ្រដោយសហភាពអឺរ៉ុប ហើយយុទ្ធនាការរហូតមកដល់បច្ចុប្បន្នត្រូវបានក្រកួតប្រជែងគ្នាយ៉ាងជូរចត់៕

ការស៊ើបអង្កេតបឋម UN ស្តីបន្ទោសអ៊ីស្រាអែល និងទំនងជាក្រុមហេសបូឡាដែរ ចំពោះការស្លាប់របស់កងកម្លាំងរក្សាសន្តិភាព

2026/04/08 10:11:36 am        80
អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ៧មេសាសប្ដាហ៍នេះថា ការរកឃើញបឋមក្នុងការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើការស្លាប់របស់កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ី បីនាក់ក្នុងប្រទេសលីបង់កាលពីខែមុនបង្ហាញថា ម្នាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងរថក្រោះអ៊ីស្រាអែល និងពីរនាក់ទៀតត្រូវបានសម្លាប់ដោយគ្រឿងផ្ទុះដែលទំនងជាដាក់ដោយក្រុមហេសបូឡា។អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រាប់សន្និសីទសារព័ត៌មានថា ទាំងនេះគឺជាការរកឃើញបឋម ផ្អែកលើភស្តុតាងរូបវន្តដំបូង ដោយបន្ថែមថា ដំណើរការស៊ើបអង្កេតពេញលេញកំពុងបន្ត ដែលរួមមានការចូលរួមជាមួយភាគីពាក់ព័ន្ធ។ លោក Dujarric បានហៅឧបទ្ទវហេតុទាំងនេះថា "មិនអាចទទួលយកបាន" ហើយបាននិយាយថា ពួកគេអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។ លោកថា អង្គការសហប្រជាជាតិបានស្នើសុំឱ្យអាជ្ញាធរជាតិស៊ើបអង្កេត និងកាត់ទោសជនល្មើស។កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នានៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី២៩ និង៣០ ខែមីនា បន្ទាប់ពីចុងសប្តាហ៍ដ៏បង្ហូរឈាម ដែលក្រុមអ្នកសារព័ត៌មាន និងគ្រូពេទ្យលីបង់ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ អ្នកនាំពាក្យរបស់កងកម្លាំងរក្សាសន្តិភាព ដែលជាកងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ ហៅកាត់ថា UNIFIL បាននិយាយថា យោធាអ៊ីស្រាអែលបានរារាំងក្បួនរថយន្តដឹកជញ្ជូន UNIFIL និងបានឃុំខ្លួនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនម្នាក់មួយរយៈពេលខ្លី៕

អ៊ីស្រាអែល៖ ខ្លួននឹងគ្រប់គ្រងស្ពាន និងតំបន់នៅភាគខាងត្បូងទន្លេ Litani របស់ប្រទេសលីបង់

2026/04/08 09:41:59 am        110
អ៊ីស្រាអែល បាននិយាយថាខ្លួននឹងដណ្តើមយកផ្នែកមួយនៅភាគខាងត្បូងប្រទេសលីបង់ដើម្បីបង្កើត «តំបន់ទ្រនាប់» ប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡា បង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនលីបង់ អំពីការចូលកាន់កាប់របស់យោធាអ៊ីស្រាអែល ដែលអាចបង្កអស្ថិរភាពកាន់តែធ្ងន់ធ្ងរ និងបណ្តាលឱ្យមានការភៀសខ្លួនបន្ថែមទៀត។អ៊ីស្រាអែលកាលពីថ្ងៃទី៤ ខែមីនា បានបញ្ជាឱ្យប្រជាជនទាំងអស់នៅភាគខាងត្បូងទន្លេ Litani របស់ប្រទេសលីបង់ចាកចេញពីតំបន់នោះ រយៈពេលពីរថ្ងៃបន្ទាប់ពីក្រុមហេសបូឡា បានចូលរួមក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ដោយបានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល។ ទន្លេនេះ ហូរទៅទិសខាងកើតពីសមុទ្រមេឌីទែរ៉ាណេប្រហែល៣០គីឡូម៉ែត្រភាគខាងជើងព្រំដែនជាមួយអ៊ីស្រាអែល។ ប្រហែល ៨% នៃទឹកដីលីបង់ លាតសន្ធឹងនៅភាគខាងត្បូងនៃទន្លេ។ អ៊ីស្រាអែល បានចាត់ទុកតំបន់នេះជាទីតាំងលាក់ខ្លួនសម្រាប់កងជីវពលស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែភាគខាងត្បូងជាតំបន់ចម្រុះក្នុងប្រវត្តិសាស្ត្រដែលមានភូមិគ្រិស្តសាសនា និងនិកាយស៊ុននី។ដោយកត់សម្គាល់ពីការកើនឡើងនៃផែនការរបស់អ៊ីស្រាអែល រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Katz បាននិយាយថា អ៊ីស្រាអែលបានបំផ្លាញស្ពានចំនួនប្រាំកន្លែងនៅលើទន្លេនេះ ហើយយោធានឹង «គ្រប់គ្រងស្ពានដែលនៅសល់ និងតំបន់សន្តិសុខ នៅតំបន់ទន្លេ Litani»។ លោកបាននិយាយថា កងទ័ពនឹងនៅទីនោះ ដរាបណានៅតែមាន «សកម្មភាពភេរវកម្ម និងការបាញ់មីស៊ីល»។ក្រុមហេសបូឡាបាននិយាយកាលពីថ្ងៃទី ២៤ ខែមីនាថា ខ្លួននឹងប្រយុទ្ធដើម្បីទប់ស្កាត់កងទ័ពអ៊ីស្រាអែលមិនឲ្យចូលកាន់កាប់នៅភាគខាងត្បូង ដោយចាត់ទុកចំណាត់ការបែបនេះថាជា «ការគំរាមកំហែងដល់ការតាំងនៅ» របស់ប្រទេសលីបង់។

រុស្ស៊ី និងចិន រារាំងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីច្រកសមុទ្រ Hormuz

2026/04/08 09:29:22 am        121
រុស្ស៊ី និងចិន បានប្រើសិទ្ធិវ៉េតូសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងគោលបំណងការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz។ ឯកសារព្រាង ដែលការបោះឆ្នោតមួយត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ត្រូវបានស្នើឡើងដោយប្រទេសបារ៉ែន។ សមាជិកចំនួន១១រូបក្នុងចំណោម១៥រូបនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រ និងពីររូបអនុប្បវាទ។ ទោះជាយ៉ាងណា ប្រទេសរុស្ស៊ី និងចិន បាននិយាយថា វិធានការនេះមានភាពលំអៀងប្រឆាំងនឹងអ៊ីរ៉ង់។ក្រោមសេចក្តីសម្រេច រដ្ឋដែលរងផលប៉ះពាល់នឹងត្រូវបានស្នើសុំឱ្យ «សម្របសម្រួលកិច្ចខិតខំប្រឹងប្រែង មានលក្ខណៈការពារ ស្របតាមកាលៈទេសៈ ដើម្បីចូលរួមចំណែកធានាសុវត្ថិភាព និងសន្តិសុខនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz »។ការដឹកជញ្ជូនតាមផ្លូវទឹកតូចដ៏ចង្អៀតដែលការដឹកជញ្ជូនប្រេងនិងឧស្ម័នសកលមួយភាគប្រាំបានឆ្លងកាត់កាលពីពេលមុន បានជាប់គាំងបន្ទាប់ពីទីក្រុងតេអេរ៉ង់បានគំរាមវាយប្រហារនាវាក្នុងការឆ្លើយតបទៅនឹងសង្គ្រាមដែលបានចាប់ផ្តើមប្រឆាំងអ៊ីរ៉ង់ ធ្វើឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល នៅថ្ងៃទី ២៨ ខែកុម្ភៈ។ការបិទផ្លូវនេះ បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក និងនាំឱ្យប្រទេសមួយចំនួន ជាពិសេសនៅអាស៊ី ដាក់ចេញការរឹតត្បិតលើការប្រើប្រាស់ និងការផ្គត់ផ្គង់ស្បៀង។

តម្លៃប្រេងធ្លាក់ចុះ និងភាគហ៊ុនសកលកើនឡើង ខណៈអាមេរិក-អ៊ីរ៉ង់ព្រមព្រៀងឈប់បាញ់២សប្ដាហ៍

2026/04/08 08:49:30 am        141
តម្លៃប្រេងបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជិតប្រាំមួយឆ្នាំ ហើយភាគហ៊ុនបានកើនឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដោយផ្តល់ឱ្យទីផ្សារនូវភាពធូរស្រាលពីភាពចលាចលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។ប្រេងឆៅ West Texas Intermediate បានធ្លាក់ចុះដល់ទៅ១៩% បន្ទាប់ពីលោកTrump បានយល់ព្រមផ្អាកការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ក្នុងចំណាត់ការមួយដែលនឹងជួយបន្តលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ អ៊ីរ៉ង់បាននិយាយថា ការឆ្លងកាត់ដោយសុវត្ថិភាពតាមផ្លូវទឹកនឹងអាចធ្វើទៅបានក្នុងអំឡុងពេលនោះ។ ចំណែកប្រេងឆៅ Brent របស់អាមេរិកដែរនោះ បានធ្លាក់ចុះដល់ទៅ១៦%។សន្ទស្សន៍ភាគហ៊ុនរបស់ MSCI នៅអាស៊ី បានកើនឡើង២,៦% ហើយសន្ទស្សន៍ភាគហ៊ុន Wall Street របស់អាមេរិក បានកើនឡើងជាង២% ខណៈពាណិជ្ជករជឿជាក់ថា តម្លៃប្រេងទាបនឹងជួយទប់ស្កាត់អតិផរណា និងស្តារកំណើនសេដ្ឋកិច្ចឡើងវិញ។តម្លៃភាគហ៊ុនអឺរ៉ុបបានកើនឡើង៥%។ សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ចុះ០,៦% ខណៈប័ណ្ណបំណុលបានកើនឡើង ស្របពេលពាណិជ្ជករបានបន្ថែមការជឿជាក់លើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារសហព័ន្ធ។នៅជ្រុងផ្សេងទៀតនៃទីផ្សារ មាសបានកើនឡើងរហូតដល់ ៣,១% លើសពី៤.៨៥០ ដុល្លារក្នុងមួយអោន ខណៈមាសដុំ ដែលជាទ្រព្យសកម្ម ជាធម្មតាទទួលបានអត្ថប្រយោជន៍នៅក្នុងសេណារីយ៉ូអត្រាការប្រាក់ទាប។តម្លៃភាគហ៊ុន S&P 500 បានកើនឡើង ២,១% គិតត្រឹមម៉ោង៩:៤១នាទីព្រឹក ម៉ោងនៅទីក្រុងតូក្យូ ហើយតម្លៃភាគហ៊ុន Hang Seng មិនមានការផ្លាស់ប្តូរទេ ខណៈភាគហ៊ុន Nikkei 225 (OSE) បានកើនឡើង ៤,២% ទន្ទឹមនឹងភាគហ៊ុន Topix របស់ជប៉ុនបានកើនឡើង ២,៩% ភាគហ៊ុន S&P/ASX 200 របស់អូស្ត្រាលីបានកើនឡើង២,៦ % ៕

[UPDATE] អ៊ីរ៉ង់ និងអាមេរិក យល់ព្រមបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ហើយការចរចានឹងចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះ

2026/04/08 08:12:16 am        125
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសផ្អាកការវាយប្រហារយោធារបស់សហរដ្ឋអាមេរិករយៈពេលពីរសប្តាហ៍លើអ៊ីរ៉ង់ ដោយដកថយពីថ្ងៃផុតកំណត់ម៉ោង ៨ យប់ ថ្ងៃអង្គារ៧មេសាសប្ដាហ៍នេះម៉ោងនៅអាមេរិក ជាពេលវេលាក្រោមកាលកំណត់របស់លោកផ្ទាល់ ដែលលោកបានគំរាមបំផ្លាញរោងចក្រថាមពល និងស្ពានអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេនោះ។មុនឱសានវាទមកដល់អ៊ីរ៉ង់បានទទួលយកបទឈប់បាញ់ ដោយភាគីទាំងពីរនឹងចាប់ផ្តើមការចរចានៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Trump បានប្រកាសបទឈប់បាញ់ទ្វេភាគីលើបណ្ដាញសង្គម Truth Social របស់លោក ដោយនិយាយថាការផ្អាកនេះបានកើតឡើងបន្ទាប់ពីការសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកShehbaz Sharif និងមេបញ្ជាការកងទ័ពលោក Field Marshal Asim Munir លើលក្ខខណ្ឌថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រភ្លាមៗ។លោកTrumpបានសរសេរថាលោកយល់ព្រមផ្អាកការទម្លាក់ គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍។នេះនឹងក្លាយជាបទឈប់បាញ់ទ្វេភាគី។ ហេតុផលសម្រាប់ការធ្វើបែបនេះ ព្រោះពួកលោកបានសម្រេច និងលើសពីគោលបំណងយោធាទាំងអស់រួចទៅហើយ ហើយដើរទៅកាន់តែឆ្ងាយជាមួយនឹងកិច្ចព្រមព្រៀងច្បាស់លាស់មួយទាក់ទងនឹងសន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ និងសន្តិភាពនៅមជ្ឈិមបូព៌ា។ពួកលោកបានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ហើយជឿជាក់ថាវាជាមូលដ្ឋានដែលអាចអនុវត្តបានសម្រាប់ចរចា។ ចំណុចផ្សេងៗស្ទើរតែទាំងអស់នៃការឈ្លោះប្រកែកគ្នាកន្លងមកត្រូវបានព្រមព្រៀងគ្នារវាងអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែរយៈពេលពីរសប្តាហ៍នឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ និងសម្រេចបាន។ខណៈអ៊ីរ៉ង់បានទទួលយកបទឈប់បាញ់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ការចរចារវាងប្រទេសទាំងពីរនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្ដាហ៍នេះ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន៕

ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត

2026/04/07 08:57:51 pm        28
ប្រភពព័ត៌មានប៉ាគីស្ថានចំនួន ២ ដែលបានដឹងពីការពិភាក្សា បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះថា កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្ត ខណៈដែលការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ មានកាន់តែខ្លាំងឡើង ហើយថ្ងៃផុតកំណត់របស់ប្រធានាធិបតី លោក Donald Trump ក្នុងការធ្វើឲ្យមានស្ថានភាពដូច «ឋាននរក» បានជិតមកដល់ហើយ។ប្រភពមួយដែលជាមន្ត្រីសន្តិសុខជាន់ខ្ពស់ បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ លើអារ៉ាប៊ីសាអ៊ូឌីត បានគំរាមកំហែងធ្វើឲ្យការចរចាររអាក់រអួល។ ប្រភពនេះបានបញ្ជាក់ថា ប្រសិនបើជម្លោះកើនឡើង ប៉ាគីស្ថាន នឹងឈរជាមួយអារ៉ាប៊ីសាអ៊ូឌីត ក្រោមកតិកាសញ្ញាការពារជាតិ។ ចំណែកប្រភពទី២ បានឲ្យដឹងថា អ៊ីរ៉ង់កំពុង «ស្ថិតនៅក្នុងស្ថានភាពមានហានិភ័យ» ហើយថា រយៈពេលប៉ុន្មានម៉ោងបន្ទាប់ គឺមានសារៈសំខាន់ណាស់ សម្រាប់អនាគតនៃការសន្ទនា។ប៉ាគីស្ថាន គឺជាចំណុចកណ្តាលនៃការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ សម្រាប់សំណើដែលចែករំលែកដោយភាគីទាំង២ ប៉ុន្តែមិនមានសញ្ញានៃការសម្របសម្រួលណាមួយឡើយ។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា សារនៅតែត្រូវបានផ្លាស់ប្តូរ តាមរយៈអ្នកសម្របសម្រួល៕

អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ

2026/04/07 08:54:44 pm        89
អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅថ្ងៃអង្គារ (ទី៧ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកោះ Kharg របស់អ៊ីរ៉ង់ មិនមែនជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់អាមេរិកនោះទេ ខណៈដែលមន្ត្រីអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន Reuters ដោយឡែកថា ការវាយប្រហារបន្ថែមលើគោលដៅយោធា មិនបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប្រេងនោះទេ។មន្ត្រីរូបនេះ ដែលបាននិយាយទៅកាន់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះ បានពិពណ៌នាអំពីការវាយប្រហារយ៉ាងហោចណាស់មួយចំនួនថា ជាការវាយប្រហារកំណត់គោលដៅទីតាំងដែលត្រូវបានវាយប្រហារពីមុន ហើយបានបន្ថែមថា ការវាយប្រហារនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអង្គារនេះ។លោក Vance ដែលថ្លែងដោយឡែកពីនៅទីក្រុង Budapest ប្រទេសហុងគ្រី បាននិយាយថា ការវាយប្រហារទាំងនេះ មិនមែនជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកទេ ដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump មានទំនុកចិត្តថា ខ្លួនអាចទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ត្រឹមម៉ោង 8យប់ (ត្រូវនឹងម៉ោង ០០:០១នាទី ម៉ោងសកល នាថ្ងៃពុធ) ក្នុងការចរចា ដើម្បីបញ្ចប់ជម្លោះ។លោក Donald កំពុងទាមទារឲ្យអ៊ីរ៉ង់បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់។គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក នៅលើកោះ Kharg ដែលបណ្តាលឲ្យមានការផ្ទុះជាច្រើន។ មិនទាន់មានព័ត៌មានលម្អិត អំពីអ្នកស្លាប់ និងរបួស ឬការខូចខាតនៅឡើយទេ៕

ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី

2026/04/07 08:54:09 pm        88
រយៈពេលប៉ុន្មានថ្ងៃក្រោយអ៊ីរ៉ង់បិទការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់កាលពីចុងខែកុម្ភៈ ហាងលក់ម៉ូតូអគ្គិសនី ២កន្លែង មើលឃើញការហក់ឡើងខ្ពស់ចំនួនអតិថជន ។លោក Haseeb Bhatti គឺជាម្ចាស់ហាងលក់ម៉ូតូអគ្គិសនីមួយកន្លែងនៅទីក្រុង Rawalpindi និយាយថា ការលក់ក្នុងខែមីនា បានកើនឡើងចំនួន ៧០ភាគរយ ។ ចំណែកឯលោក Ali Gohar Khan ដែលគ្រប់គ្រងហាងលក់ម៉ូតូអគ្គិសនីដែរនោះ និយាយថា ការហក់ឡើងខ្ពស់ចំនួនលក់កាលពីពេលថ្មីៗនេះ គឺជាការកើនឡើងលឿនបំផុតពុំធ្លាប់មានកាលពីមុន ។វិបត្តិមជ្ឈិមបូព៌ា បានធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ បង្កផលប៉ះពាល់ដល់ពលរដ្ឋប៉ាគីស្ថានដែលជួបអតិផរណារួចទៅហើយៗនិងវិបត្តិសេដ្ឋកិច្ចក្រោយការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។ស្របពេលដែលពួកគេនាំចូលប្រេងស្ទើទាំងស្រុងឆ្លងកាត់ច្រកសមុទ្រ Hormuz កង្វះខាតនេះ ធ្វើឲ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ បើទោះបីជាមានការធានាចំពោះការផ្គត់ផ្គង់របស់រដ្ឋាភិបាលក៏ដោយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM