ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់និយាយថា តំបន់នេះ នឹង «លែងបម្រើជាខែល» សម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ

2026/05/26 05:37:59 pm        67
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែលផ្សាយដោយទូរទស្សន៍រដ្ឋ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសក្នុងតំបន់ នឹងលែងធ្វើជាខែលសម្រាប់មូលដ្ឋានយោធាអាមេរិកទៀតហើយ។ លោក Mojtaba Khamenei ដែលមិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែមីនា បានថ្លែងនៅក្នុងសារមួយដែលប្រារព្ធពិធីបុណ្យ Eid Al-Adha ថា៖ «អ្វីដែលប្រាកដក្នុងរឿងនេះ គឺថា ពេលវេលា នឹងមិនវិលថយក្រោយទេ ហើយប្រជាជាតិ និងទឹកដីនៃតំបន់នេះ នឹងលែងបម្រើជាខែលសម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ»។លោកបាននិយាយថា ដោយសារតែលែងមានទីជម្រកសុវត្ថិភាពនៅក្នុងតំបន់សម្រាប់ការឈ្លានពាន និងការបង្កើតមូលដ្ឋានទ័ពទៀតហើយ សហរដ្ឋអាមេរិក កំពុងតែរើទៅឆ្ងាយកាន់តែឆ្ងាយពីទីតាំងចាស់របស់ខ្លួនជារៀងរាល់ថ្ងៃ»។ការអត្ថាធិប្បាយនេះ បានកើតឡើង នៅពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបន្តការផ្លាស់ប្តូរទស្សនៈដែលមានគោលបំណងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ និងរីករាលដាលពាសពេញតំបន់នេះ៕

អ៊ីស្រាអែល ចល័តកងទ័ពបម្រុង ដើម្បីបង្កើនការវាយប្រហារនៅប្រទេសលីបង់

2026/05/26 05:35:36 pm        41
អាជ្ញាធរផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមចល័តកងទ័ពក្នុងគោលបំណងបង្កើនការវាយប្រហារតាមដីគោករបស់ខ្លួននៅប្រទេសលីបង់។អាជ្ញាធរបាននិយាយថា កងទ័ពបានស្នើសុំឱ្យទាហានដែលបានចេញពីមូលដ្ឋានក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះរាយការណ៍សម្រាប់កាតព្វកិច្ចបម្រុងជាបន្ទាន់។នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា លោកបានអនុញ្ញាតឱ្យមានការវាយប្រហារកាន់តែខ្លាំងដោយផ្តោតលើក្រុមហេសបូឡានៅទូទាំងប្រទេសលីបង់។ ក្រុមហេសបូឡាកំពុងវាយប្រហារកងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ និងទីប្រជុំជននានាភាគខាងជើងប្រទេសអ៊ីស្រាអែល និងបានប្តេជ្ញាថានឹងបន្តប្រយុទ្ធរហូតដល់អ៊ីស្រាអែលបញ្ឈប់ការវាយប្រហារតាមអាកាសជាប្រចាំរបស់ខ្លួន និងដកកងទ័ពចេញពីប្រទេសលីបង់។

លោក PUTIN ផ្តល់ការបន្ធូរបន្ថយបំណុលសម្រាប់យុទ្ធជនដែលទើបជ្រើសរើសថ្មីសម្រាប់ប្រយទ្ធនៅអ៊ុយក្រែន

2026/05/26 05:31:38 pm        39
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទ ដោយបន្ធូរបន្ថយបំណុលរបស់ទាហានដែលទើបជ្រើសរើសថ្មីរហូតដល់ ១០ លានរូប្លិ៍ ( ១៣៩.000 ដុល្លារ) ខណៈដែលទីក្រុងមូស្គូបន្តដាក់ចេញនូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដើម្បីទាក់ទាញបុរសបន្ថែមទៀតឲ្យចូលរួមការប្រយុទ្ធនៅអ៊ុយក្រែន។ប្រទេសរុស្ស៊ីបានផ្តល់ប្រាក់ខែដ៏ច្រើនសន្ធឹកសន្ធាប់អស់រយៈពេលជាង ៤ឆ្នាំ មកហើយ ដល់បុរសដែលចុះឈ្មោះចូលរួមក្នុងការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ក្រឹត្យនេះ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង ធ្វើឲ្យជនជាតិរុស្ស៊ីដែលបានចុះហត្ថលេខាលើកិច្ចសន្យាកងទ័ព បន្ទាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំនេះ និងប្តីឬប្រពន្ធរបស់ពួកគេ មានសិទ្ធិទទួលបានការលើកលែងបំណុល។កិច្ចសន្យាកងទ័ពគួរតែត្រូវបានចុះហត្ថលេខាយ៉ាងហោចណាស់មួយឆ្នាំ ហើយសម្រាប់ «ការបំពេញភារកិច្ចនៃប្រតិបត្តិការយោធាពិសេស» ជាលក្ខខណ្ឌរបស់វិមានក្រឹមឡាំងសម្រាប់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ក្រឹត្យនេះ គឺជាវិធានការគាំទ្រសេដ្ឋកិច្ចចុងក្រោយបំផុតសម្រាប់កងទ័ពរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន៕

មន្ត្រី៖ ការបំផ្ទុះគ្រាប់បែកលើ​រថភ្លើង នៅ​ប៉ាគីស្ថាន សម្លាប់មនុស្សជាង ៣០នាក់

2026/05/26 05:29:26 pm        38
មន្ត្រី បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) ថា មនុស្សជាង ៣០នាក់ បានបាត់បង់ជីវិទ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត លើរថភ្លើង នៅភាគនិរតីនៃ​ប្រទេសប៉ាគីស្ថាន នៅ​ថ្ងៃទី២៤ ខែឧសភា ជាការវាយប្រហារចុងក្រោយបង្អស់ដែលត្រូវបានអះអាងដោយក្រុម​សកម្មប្រយុទ្ធបំបែកខ្លួន ក្នុង​ខេត្ត​ Balochistan។មន្ត្រីខេត្ត ២រូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យ​បង្ហាញព័ត៌មាននេះ បាននិយាយនៅថ្ងៃទី២៥ ខែឧសភាថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៣០នាក់​។មាន​ការរាយការណ៍​ដំបូង​ថា យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់នៅថ្ងៃទី២៤ ខែឧសភានោះ​ បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបើករថយន្តផ្ទុកដោយគ្រឿងផ្ទុះបុកចូលរថភ្លើង។ គ្រាប់បែកក្នុង​រថយន្តនោះ បានវាយប្រហាររថភ្លើងដឹកអ្នកដំណើរដែលដឹកបុគ្គលិកសន្តិសុខប៉ាគីស្ថាន និងក្រុមគ្រួសាររបស់ពួកគេ នៅក្នុងទីក្រុង​ Quetta របស់​ខេត្តនេះ​។រដ្ឋាភិបាល និងយោធាប៉ាគីស្ថានមិនទាន់បានចេញផ្សាយចំនួនអ្នកស្លាប់ជាផ្លូវការដោយសារ​ការវាយប្រហារនេះ​នៅឡើយ​ទេ ដែលជាការវាយប្រហារចុងក្រោយបំផុត នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ លើរថភ្លើង កងកម្លាំងសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធផ្សេង​ទៀត​។កងទ័ពរំដោះ Baloch Liberation Army (BLA) បានអះអាងទទួល​ខុសត្រូវ​ សម្រាប់​ការវាយប្រហារនេះ ហើយបានពិពណ៌នាវាថា ជាការបំផ្ទុះគ្រាប់បែកអត្តឃាត៕

ប្រភព៖ ឥណ្ឌារៀបចំរបាយការណ៍បណ្ដោះអាសន្ន ខណៈខួបនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Air India ជិតមកដល់

2026/05/26 05:16:53 pm        40
មនុស្សម្នាក់ដែលដឹងអំពីបញ្ហានេះ បាននិយាយថា មន្ត្រីឥណ្ឌាដែលកំពុងស៊ើបអង្កេតការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Air India ដ៏សាហាវកាលពីឆ្នាំមុន កំពុងរៀបចំរបាយការណ៍បណ្ដោះអាសន្នមួយ ជាជាងរបាយការណ៍ចុងក្រោយមុនខួបនៃគ្រោះថ្នាក់យន្តហោះ Boeing 787 ដែលបានបណ្តាលឲ្យមនុស្ស ២៦០នាក់ស្លាប់។ ប្រភពនោះ បាននិយាយថា របាយការណ៍បណ្ដោះអាសន្នពីការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះរបស់ឥណ្ឌា (AAIB) នឹងមានលក្ខណៈទូលំទូលាយជាងរបាយការណ៍បឋមដែលបានចេញផ្សាយកាលពីខែកក្កដា ឆ្នាំមុន ហើយនឹងពិនិត្យមើលមូលហេតុចម្បងដែលអាចកើតមាន និងកត្តារួមចំណែកផ្សេង ទៀត។របាយការណ៍បឋមចំនួន ១៥ទំព័រស្តីពីគ្រោះមហន្តរាយដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើនរបស់ឧស្សាហកម្មអាកាសចរណ៍ ក្នុងរយៈពេលមួយទសវត្សរ៍ បានបង្ហាញថា កុងតាក់ប្រេងឥន្ធនៈរបស់យន្តហោះនេះ បានប្តូរស្ទើរតែក្នុងពេលដំណាលគ្នា និងបានធ្វើឲ្យម៉ាស៊ីនអស់ប្រេងឥន្ធនៈភ្លាមៗ បន្ទាប់ពីការហោះហើរពីទីក្រុង Ahmedabad ទៅកាន់ទីក្រុងឡុងដ៍ បានចេញដំណើរ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥។យោងតាមការវាយតម្លៃដំបូងរបស់មន្ត្រីអាមេរិកដែលបានរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ កាលពីឆ្នាំមុន ការថតសំឡេងក្នុងកាប៊ីនយន្តហោះនៃការសន្ទនារវាងអ្នកបើកយន្តហោះទាំងពីរ បានគាំទ្រទស្សនៈដែលថា កាពីតែនបានកាត់បន្ថយលំហូរប្រេងឥន្ធនៈទៅកាន់ម៉ាស៊ីនយន្តហោះ ។ AAIB បាននិយាយនៅពេលនោះថា វា «ឆាប់ពេកក្នុងការឈានដល់ការសន្និដ្ឋានច្បាស់លាស់ណាមួយនោះ»៕

បាតុភូតអែលនីញ៉ូ​ ធ្វើ​ឲ្យ​​ថៃប្រឈម​គ្រោះរាំងស្ងួតជា​ប្រវត្តិសាស្ត្រ និងរលកកម្ដៅ​លើសពី ៤៥អង្សាសេ

2026/05/26 05:05:40 pm        29
ទីភ្នាក់ងាររដ្ឋាភិបាល បានដាក់ប្រទេសថៃឲ្យ​ស្ថិតនៅក្រោមការប្រុងប្រយ័ត្នបរិស្ថានខ្ពស់បំផុត​ ដោយព្រមានថា បាតុភូត «Super El Nino» (មហាអែលនីញ៉ូ) ដ៏ខ្លាំងក្លាមួយ នឹងបង្កឲ្យ​មានរលកកម្ដៅ​ក្ដៅ​ខ្លាំង​បំផុត​លើសពី ៤៥អង្សាសេ រួមជាមួយនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។អាជ្ញាធរឧតុនិយម និងគ្រប់គ្រងទឹក បានចេញសេចក្តីប្រកាស កាលពី​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) ដោយបញ្ជាក់ថា ប្រទេសនេះកំពុងចូលទៅក្នុងរយៈពេល​រាំង​ស្ងួតដែលមិនធ្លាប់មានពីមុន​។ ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងរំខានដល់វិស័យកសិកម្ម ធ្វើឲ្យ​បណ្តាញថាមពលជាតិលំបាក​ និងបង្កឲ្យ​មានគ្រោះថ្នាក់សុខភាពសាធារណៈធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។វិបត្តិនេះត្រូវបានជំរុញដោយបាតុភូត Super El Nino (មហា​អែលនីញ៉ូ) ការកើនឡើងមិនធម្មតា និងយ៉ាងខ្លាំងនៃសីតុណ្ហភាពផ្ទៃសមុទ្រ នៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិកភាគ​កណ្តាល និងភាគ​ខាងកើត ដែលនាំ​ឲ្យ​គំរូអាកាសធាតុសកលប្រែប្រួល​។នេះ​ធ្វើ​ឲ្យ​មាន​ការ​ពន្យល់បកស្រាយ​ថា ប្រទេសថៃទំនងជានឹងជួបប្រទះនឹងការមាន​ភ្លៀងធ្លាក់តិច និងស្ថានភាពរាំង​ស្ងួត ក្នុងរយៈពេលយូរ។ ជាមួយ​គ្នា​នេះ​ សីតុណ្ហភាព ត្រូវបានគេព្យាករថា នឹងកើនឡើងយ៉ាងខ្លាំង ដោយភាពមិនប្រក្រតីខ្ពស់​បំផុត​ឡើង​ដល់ចន្លោះជាប់លាប់ពី ៤២អង្សាសេ និង ៤៥អង្សាសេ នៅទូទាំងវាលទំនាបកណ្តាល និងភាគខាងជើង។ជាង​នេះទៀត ស្ថានភាព​ដីបែក​ក្រហែង​ខ្លាំងបានបង្កើនហានិភ័យនាំ​ឲ្យ​មាន​ចំហេះ​ព្រៃដោយឯកឯង ដែលធ្វើឲ្យ​វិបត្តិតាមរដូវកាលដែលមានស្រាប់របស់ប្រទេសនេះ​កាន់តែធ្ងន់ធ្ងរឡើង ដោយ​បង្កើន​គ្រោះថ្នាក់នៃការបំពុលខ្យល់ដែល​មាន​កម្រិត​ភាគល្អិតនិចល PM2.5 ខ្ពស់​៕

មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម៖ សន្តិសុខនៅឈូងសមុទ្រពែក្សគឺជាបន្ទាត់ក្រហមសម្រាប់អ៊ីរ៉ង់

2026/05/26 05:03:21 pm        53
មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) បាននិយាយកាលពីថ្ងៃចន្ទថា សន្តិសុខនៅឈូងសមុទ្រពែក្សគឺជាបន្ទាត់ក្រហមសម្រាប់ប្រទេសអ៊ីរ៉ង់។ សត្រូវរបស់អ៊ីរ៉ង់ត្រូវតែយល់ថា សន្តិសុខនៅឈូងសមុទ្រពែក្សគឺជាបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ ហើយតំបន់នេះពុំមែនជាទីលានសម្រាប់ការសាកល្បងដោយអ្នកឈ្លានពានណាមួយឡើយ នេះបើតាមលោក Mohammad Hadi Sefidchian មេបញ្ជាការនៃទីបញ្ជាការកណ្តាលកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) នៅមូលដ្ឋាន Medina ជាមូលដ្ឋាននៅជិតបំផុតទៅនឹងច្រកសមុទ្រ Hormuz។ លោក Sefichian និយាយថា អ៊ីរ៉ង់នៅតែឃ្លាំមើលយ៉ាងទូលំទូលាយលើសកម្មភាពរបស់សត្រូវ និងមានសមត្ថភាពឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរារាំងនៅគ្រប់កម្រិត។ លោកបានសង្កត់ធ្ងន់ថា សន្តិសុខ និងកម្លាំងរបស់អ៊ីរ៉ង់ គឺមិនអាចចរចាបាន និងមិនអាចបំបែកបានទេ។កាលពីថ្ងៃអាទិត្យ លោក Mohsen Rezaee ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបើកការវាយប្រហារដោយយោធាជុំថ្មី នោះអ៊ីរ៉ង់នឹងបោះបង់ចោលឥរិយាបថអត់ធ្មត់និងពន្យាពេលដែលធ្លាប់មានកាលពីពេលមុនរបស់ខ្លួន។ លោកនិយាយថា ការសងសឹករបស់អ៊ីរ៉ង់ នឹងមិនត្រូវបានកំណត់នៅត្រឹមច្រកសមុទ្រHormuz និងឈូងសមុទ្រទេ ប៉ុន្តែនឹងពង្រីកបន្ថែមដល់សមុទ្រក្រហម ច្រកសមុទ្រ Bab al-Mandeb និងសូម្បីតែនៅមហាសមុទ្រឥណ្ឌា។ លោក Rezaee និយាយថា ប្រវត្តិសាស្ត្របានបង្ហាញថា ការគ្រប់គ្រងនៅច្រកសមុទ្រ Hormuz គឺជាសិទ្ធិស្របច្បាប់ និងសំខាន់សម្រាប់អ៊ីរ៉ង់ក្នុងការការពារសន្តិសុខជាតិរបស់ខ្លួន។ ការគ្រប់គ្រងផ្លូវទឹករបស់អ៊ីរ៉ង់ពុំមានបំណងរារាំងពាណិជ្ជកម្មសេរីទេ ប៉ុន្តែដើម្បីទប់ស្កាត់អសន្តិសុខ និងការឈ្លានពានខាងយោធា។

ប្រេស៊ីល ជំរុញឱ្យគោរពច្បាប់អន្តរជាតិនិងការចរចា ក្នុងពេលមានការគំរាមកំហែងរបស់អាមេរិកលើគុយបា

2026/05/26 05:00:04 pm        32
រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira កាលពីថ្ងៃចន្ទ បានបង្ហាញការបដិសេធរបស់ប្រទេសលោក ចំពោះការគំរាមកំហែងរបស់សហរដ្ឋអាមេរិកប្រឆាំងប្រទេសគុយបា និងបានអំពាវនាវឱ្យដោះស្រាយភាពខ្វែងគំនិតគ្នាតាមរយៈផ្នែកការទូត និងការគោរពច្បាប់អន្តរជាតិ។ទាក់ទងនឹងការធ្វើអន្តរាគមន៍ដោយយោធារបស់សហរដ្ឋអាមេរិកដែលអាចកើតមាននៅក្នុងប្រទេសគុយបា លោក Vieira បាននិយាយថា លោកសង្ឃឹមថា វានឹងមិនកើតឡើងនោះទេ ហើយជម្រើសដ៏ល្អជាងនេះគឺ «ការចរចា និងការសន្ទនា»។ លោកបាននិយាយថា ប្រទេសលោកច្រានចោលការគំរាមកំហែងពីបរទេសគ្រប់រូបភាពប្រឆាំងនឹងប្រទេសកោះតំបន់សមុទ្រការ៉ាអ៊ីពមួយនេះ ដោយចង់ឱ្យភាពខ្វែងគំនិតគ្នាត្រូវបានដោះស្រាយតាមរយៈផ្នែកការទូត។រដ្ឋមន្ត្រីរូបនេះបាននិយាយថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានជំរុញឱ្យគោរពដែនអធិបតេយ្យភាពប្រទេសគុយបា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក Vieira និយាយថា លោកប្រធានាធិបតី បាននិយាយសំដៅទៅលើប្រទេសគុយបា ថា វាជាសង្គមមួយដែលសមនឹងទទួលបានការគោរព យើងចង់បានតុល្យភាពនៅក្នុងតំបន់ ហើយភាពខ្វែងគំនិតគ្នាទាំងអស់ត្រូវតែបានដោះស្រាយតាមរយៈការចរចា និងផ្នែកការទូត។

រដ្ឋមន្ត្រីការបរទេស Quad ជួបពិភាក្សា នៅទីក្រុងញូវដេលី ស្តីពីកិច្ចសហប្រតិបត្តិការឥណ្ឌូ-ប៉ាស៊ីហ្វិក

2026/05/26 04:57:39 pm        32
រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ផងដែរថា ជាក្រុមប្រទេសប្លុក​ Quad កំពុងជួបប្រជុំគ្នានៅទីក្រុងញូវដេលីរបស់​ប្រទេស​ឥណ្ឌា នាថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦)​នេះ ដើម្បី​ពិភាក្សា អំពីរបៀបពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកង្វល់រួម ពាក់​ព័ន្ធ​នឹងការមាន​​ឥទ្ធិពលកាន់តែខ្លាំងឡើងៗរបស់ចិន នៅក្នុងតំបន់នេះ​។កិច្ចប្រជុំនេះ នាំឲ្យ​មាន​ការ​អង្គុយ​ជុំ​គ្នានៃ​​រដ្ឋមន្ត្រីការបរទេសរបស់​​ប្រទេសចំនួន ៤ គឺ​លោក Subrahmanyam Jaishankar របស់​ឥណ្ឌា លោក Marco Rubio របស់​សហរដ្ឋ​អាមេរិក លោក Toshimitsu Motegi របស់​ជប៉ុន និងលោកស្រី Penny Wong របស់​អូស្ត្រាលី។ ក្រសួងការបរទេសឥណ្ឌាបានឲ្យ​ដឹង​ថា រដ្ឋមន្ត្រីទាំងនោះ​ នឹងពិភាក្សាអំពីការវិវត្តថ្មីៗ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងវិធី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសរបស់ពួកគេ។អ្នក​ការ​ទូត​ជាន់ខ្ពស់​ទាំង​នោះ​ក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សា អំពីសង្គ្រាមអ៊ីរ៉ង់ និងបញ្ឈប់ការដឹកជញ្ជូនថាមពលឆ្លងកាត់ច្រកសមុទ្រ Hormuz។ ប្រទេសទាំង ៤ នេះ បង្កើតបានជាក្រុម Quad ដែលជាភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ស្ដីពី​សន្តិសុខដែនសមុទ្រ ខ្សែច្រវាក់​ផ្គត់ផ្គង់ និងយុទ្ធសាស្ត្រតំបន់ ខណៈដែលប្រទេសចិនពង្រីកឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ក្រុម Quad បានចោទប្រកាន់ចិនម្តងហើយម្តងទៀតថា បានសម្ញែង​សាច់ដុំយោធារបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង និងជំរុញការទាមទារទឹកដីដែនសមុទ្ររបស់ខ្លួនយ៉ាងខ្លាំងក្លា។ ទីក្រុងប៉េកាំងអះអាងថា យោធារបស់ខ្លួន គឺគ្រាន់តែការពារខ្លួន ដើម្បីការពារនូវ​អ្វីដែលខ្លួនបញ្ជាក់​ថា ជាសិទ្ធិអធិបតេយ្យរបស់ចិន ហើយចាត់ទុក​ក្រុម​ Quad ថា ជាការប៉ុនប៉ងទប់ស្កាត់កំណើនសេដ្ឋកិច្ច និងឥទ្ធិពលរបស់ខ្លួន៕

លោកTrump បញ្ជាក់ពីជម្រើសផ្សេងៗគ្នា សម្រាប់ការបំផ្លាញអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់

2026/05/26 04:55:16 pm        37
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ នឹងត្រូវបំផ្លាញចោលបន្ទាប់ពីត្រូវបានប្រគល់ទៅឱ្យសហរដ្ឋអាមេរិកនៅនឹងកន្លែង ឬនៅទីតាំងដែលអាចទទួលយកបានផ្សេងទៀត។លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា «អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច នឹងត្រូវប្រគល់ទៅឱ្យសហរដ្ឋអាមេរិកភ្លាមៗដើម្បីនាំយកទៅប្រទេស ហើយបំផ្លាញចោល ឬប្រសើរជាងនេះទៅទៀត គឺត្រូវរួមគ្នានិងសម្របសម្រួលជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បំផ្លាញចោលនៅនឹងកន្លែង ឬនៅទីតាំងដែលអាចទទួលយកបានផ្សេងទៀត ដោយគណៈកម្មការថាមពលអាតូមិក ឬភាគីមានឋានៈស្មើររបស់ខ្លួន ជាសាក្សីចំពោះដំណើរការនិងព្រឹត្តិការណ៍នេះ»។លោក Trump មិនបានបញ្ជាក់ថាតើអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចមានចំនួនប៉ុន្មាននោះទេ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ កាលពីពេលមុនបានតាមដានសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្រោមការរៀបចំត្រួតពិនិត្យផ្សេងៗ។កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ មិនបានព្រមព្រៀងផ្ទេរអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចទៅក្រៅប្រទេសទេ ដោយច្រានចោលរបាយការណ៍ដោយបណ្តាញព័ត៌មាន Al Hadath មានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលអះអាងថា «អ៊ីរ៉ង់ត្រៀមរួចជាស្រេចដើម្បីរុះរើអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចចេញពីទឹកដីរបស់ខ្លួន»។ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា របាយការណ៍អំពីព័ត៌មានលម្អិតនៃអនុស្សរណៈនៃការយោគយល់(MoU) រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន មិនពិតនោះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM