លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់
អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
លីបង់ ប្រកាសបទឈប់បាញ់ដោយផ្នែករវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារនៅតែបន្ត

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍សកល ដំឡើងថ្លៃសំបុត្រយន្តហោះ ខណៈសង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យការចំណាយកើនឡើងខ្ពស់

2026/03/11 12:25:09 pm        122
ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់ប្រទេសអូស្ត្រាលី ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអឺរ៉ុបខាងជើង និងក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានប្រកាសដំឡើងថ្លៃសំបុត្រយន្តហោះ ដោយស្តីបន្ទោសលើការកើនឡើងភ្លាមៗនៃតម្លៃប្រេងឥន្ធនៈបណ្តាលមកពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ធ្វើឲ្យវិស័យអាកាសចរណ៍សកលរង្គោះរង្គើ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិប្រទេសនូវែលសេឡង់ បាននិយាយកាលពីថ្ងៃអង្គារថា តម្លៃប្រេងយន្តហោះ មានតម្លៃប្រហែល ៨៥ ដុល្លារ ទៅ ៩០ ដុល្លារក្នុងមួយបារ៉ែលមុនពេលវាយប្រហារលើអ៊ីរ៉ង់ បានកើនឡើងដល់ចន្លោះពី ១៥០ ដុល្លារ ទៅ ២០០ ដុល្លារក្នុងមួយបារ៉ែល ខណៈក្រុមហ៊ុនបានផ្អាកទស្សនវិស័យហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៦ ដោយសារតែភាពមិនប្រាកដប្រជាជុំវិញជម្លោះ។ សង្គ្រាម ដែលបានរំខានដល់ការដឹកជញ្ជូនតាមរយៈផ្លូវនាំចេញប្រេងសំខាន់បំផុតរបស់ពិភពលោក បានធ្វើឲ្យតម្លៃប្រេងកើនឡើង ធ្វើឲ្យការធ្វើដំណើរនៅទូទាំងពិភពលោកថយចុះ ជំរុញឲ្យតម្លៃសំបុត្រយន្តហោះសម្រាប់ផ្លូវមួយចំនួនឡើងខ្ពស់កប់ពពកនិងបង្កឱ្យមានការព្រួយបារម្ភពីការធ្លាក់ចុះខ្លាំងនៃការធ្វើដំណើរ។ កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសអឺរ៉ុបខាងជើង បានកែប្រែគោលនយោបាយការពារហានិភ័យប្រេងឥន្ធនៈរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពទីផ្សារមិនប្រាកដប្រជា និងបាននិយាយថា ខ្លួនពុំមានការការពារហានិភ័យនៃការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់រយៈពេល១២ខែបន្ទាប់ទេ។ ក្រុមហ៊ុនអាកាសចរណ៍អាស៊ី និងអឺរ៉ុបជាច្រើន រួមមាន ក្រុមហ៊ុន Lufthansa និង Ryanair មានការការពារហានិភ័យប្រេងឥន្ធនៈ ដោយធានាបាននូវផ្នែកមួយនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ពួកគេក្នុងតម្លៃថេរ។

ស្ថាប័នថាមពលពិភពលោក ពិភាក្សាអំពីការបញ្ចេញប្រេងបម្រុងជាយុទ្ធសាស្ត្រ

2026/03/11 12:18:19 pm        111
ប្រធានស្ថាប័នបាននិយាយថា រដ្ឋជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ទី១០ ខែមីនា ពិភាក្សាពីវិបត្តិដើម្បីវាយតម្លៃសន្តិសុខនៃការផ្គត់ផ្គង់ និងការបញ្ចេញស្តុកបន្ទាន់ដែលអាចធ្វើទៅបាន ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងធ្វើឱ្យទីផ្សាររង្គោះរង្គើ។ នៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉ារីសរបស់រដ្ឋមន្ត្រីថាមពលប្រទេស G7 ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចកើតចេញពីជម្លោះ នាយកប្រតិបត្តិ ទីភ្នាក់ងារ IEA លោក Fatih Birol បាននិយាយថា លោកកំពុង «ទាក់ទងជាប់ជាប្រចាំ»ជាមួយរដ្ឋមន្ត្រីថាមពលមកពីប្រទេសផលិតថាមពលធំៗ និងអ្នកប្រើប្រាស់ទាក់ទងនឹងស្ថានភាពនេះ។ លោកបាននិយាយមុនកិច្ចប្រជុំថា «នៅក្នុងទីផ្សារប្រេង ស្ថានភាពបានធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ បន្ថែមលើបញ្ហាប្រឈមនានានៃការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ការផលិតប្រេងយ៉ាងច្រើនត្រូវបានកាត់បន្ថយ។ នេះកំពុងបង្កើតហានិភ័យសំខាន់ៗ និងកំពុងកើនឡើងសម្រាប់ទីផ្សារ។ លោក Birol បាននិយាយថា កិច្ចប្រជុំ G7 បានដោះស្រាយ «ជម្រើសទាំងអស់ដែលមាន រួមទាំងការធ្វើឲ្យស្តុកប្រេងបន្ទាន់របស់ទីភ្នាក់ងារ IEA អាចដំណើរការបាននៅលើទីផ្សារ»។ លោក Gilberto Pichetto Fratin រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថាមពលរបស់ប្រទេសអ៊ីតាលី បាននិយាយថា ទាក់ទងនឹងការបិទច្រកសមុទ្រ Hormuz «ប្រទេសនានាបានប្តេជ្ញាបង្ហាញសាមគ្គីភាពដោយប្រើប្រាស់ប្រេងបម្រុងដែលបានស្តុកទុក ដើម្បីទូទាត់សងចំពោះកង្វះក្នុងការប្រើប្រាស់បាននៅក្នុងកម្រិតសកល»។ តម្លៃប្រេងឆៅបានប្រែប្រួលខ្លាំងដោយសារការរំខានដល់ការផ្គត់ផ្គង់ ដោយបានហក់ឡើង៣០ភាគរយកាលពីថ្ងៃចន្ទដល់ជិត១២០ដុល្លារអាមេរិកក្នុងមួយបារ៉ែល មុនពេលធ្លាក់ចុះមកវិញនៅថ្ងៃបន្ទាប់។ ទោះជាយ៉ាងណា ហានិភ័យនៅតែមាន ដោយអ៊ីរ៉ង់បានសន្យាកាលពីថ្ងៃអង្គារថា នឹងគ្មានប្រេងសូម្បីតែមួយលីត្រត្រូវបាននាំចេញពីឈូងសមុទ្រ ខណៈសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្តវាយប្រហារលើប្រទេសនេះ។

ការវាយប្រហារខ្លាំងបំផុតមិនទាន់មានលើអ៊ីរ៉ង់ទេ ទោះបីជាទីផ្សាររំពឹងថាសង្គ្រាមនឹងបញ្ចប់ឆាប់ៗនេះក៏ដោយ

2026/03/11 12:15:33 pm        91
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ជាមួយនឹងអ្វីដែលមន្ទីរបញ្ចកោណ និងប្រជាជនអ៊ីរ៉ង់ ចាត់ទុកថាជាការវាយប្រហារតាមអាកាសខ្លាំងក្លាបំផុតនៃសង្គ្រាម ទោះបីជាទីផ្សារពិភពលោករំពឹងថា ប្រធានាធិបតី លោក Donald Trump នឹងស្វែងរកការបញ្ចប់ជម្លោះក្នុងពេលឆាប់ៗនេះក៏ដោយ។ដោយកើនឡើងហានិភ័យសម្រាប់សេដ្ឋកិច្ចពិភពលោក កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ពួកគេនឹងរារាំងការដឹកជញ្ជូនប្រេងពីឈូងសមុទ្រ លុះត្រាតែការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ឈប់។ កងឆ្មាំបដិវត្តន៍ក៏បាននិយាយផងដែរថា ខ្លួនបានបាញ់មីស៊ីលកាលពីល្ងាចថ្ងៃអង្គារលើមូលដ្ឋាន Al Udeid ធ្វើប្រតិបត្តិការដោយសហរដ្ឋអាមេរិកនៅប្រទេសកាតា និងមូលដ្ឋាន Al Harir នៅក្នុងតំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់។ ការបាញ់មីស៊ីលទាំងនោះ ត្រូវបានបន្តដោយការវាយប្រហារដោយយានដ្រូនដែលកំណត់គោលដៅលើការប្រមូលផ្តុំកងទ័ពអាមេរិកនៅមូលដ្ឋានទ័ពអាកាស Al Dhafra ក្នុងប្រទេសអារ៉ាប់រួម និងមូលដ្ឋានកងទ័ពជើងទឹក Juffair ក្នុងប្រទេសបារ៉ែន។នៅព្រឹកថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ការវាយប្រហារជុំមួយទៀតត្រូវបានបាញ់ទៅលើទីតាំងយោធាអាមេរិកនៅប្រទេសបារ៉ែន។ មីស៊ីលអ៊ីរ៉ង់ជាបន្តបនញទាប់ ក៏ត្រូវបានបាញ់ចូលទៅភាគកណ្តាលប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃពុធនេះដែរ។ សំឡេងផ្ទុះពីប្រព័ន្ធការពារដែនអាកាសដែលស្ទាក់ចាប់គ្រប់រ៉ូក្កែតត្រូវបានលាន់ឮនៅមុនពេលថ្ងៃរះ ខណៈស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើង ហើយពលរដ្ឋអ៊ីស្រាអែលបានប្រញាប់ប្រញាល់ទៅកាន់ទីតាំង និងទីជម្រកសុវត្ថិភាព។

កងទ័ពជើងទឹកអាមេរិក ប្រាប់ឧស្សាហកម្មដឹកជញ្ជូនថា ការអមការពារនៅច្រកសមុទ្រ Hormuz មិនអាចធ្វើបានទេពេលនេះ

2026/03/11 12:11:48 pm        136
យោងតាមប្រភពដែលដឹងពីបញ្ហាបាននិយាយថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកបានច្រានចោលសំណើស្ទើរតែរាល់ថ្ងៃពីឧស្សាហកម្មដឹកជញ្ជូនសម្រាប់ការអមការពារដោយយោធាឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ ដោយនិយាយថាហានិភ័យនៃការវាយប្រហារមានខ្ពស់ខ្លាំងសម្រាប់ពេលនេះ។ការវាយតម្លៃរបស់កងទ័ពជើងទឹក បង្ហាញពីការរំខាននៅបន្តដល់ការនាំចេញប្រេងនៅមជ្ឈិមបូព៌ា និងបង្ហាញពីភាពខុសគ្នាពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី លោក ដូ Donald Trump ដែលថាសហរដ្ឋអាមេរិកត្រៀមផ្តល់ការអមការពាររបស់កងទ័ពជើងទឹកនៅពេលណាក៏ដោយដែលត្រូវការដើម្បីចាប់ផ្តើមឡើងវិញការដឹកជញ្ជូនជាប្រចាំតាមផ្លូវទឹកដ៏សំខាន់មួយនេះ។ការដឹកជញ្ជូនតាមច្រកសមុទ្រតូចចង្អៀតនេះស្ទើរតែឈប់ដំណើរការចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ជាងមួយសប្តាហ៍កន្លងទៅនេះ ដោយរារាំងការនាំចេញប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក និងធ្វើឱ្យតម្លៃប្រេងសកលកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០២២មក។យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់កាលពីសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់ម្នាក់នៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ច្រកសមុទ្រនេះត្រូវបានបិទ ហើយអ៊ីរ៉ង់នឹងបាញ់ទៅលើនាវាណាមួយដែលព្យាយាមឆ្លងកាត់ ខណៈនាវាជាច្រើនត្រូវបានវាយប្រហាររួចហើយ។

មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដែលនៅតែស្ងៀមស្ងាត់ ត្រូវបានលើកតម្កើងដោយកងឆ្មាំបដិវត្តន៍

2026/03/11 12:09:45 pm        118
ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បាននិយាយថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបង្ខំឱ្យជ្រើសរើសលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មី ដោយមើលឃើញថាលោកជាអ្នកតំណាងឪពុកលោក ជាអ្នកដែលគាំទ្រគោលនយោបាយដ៏តឹងរ៉ឹងរបស់ពួកគេ។ប្រភពព័ត៌មានបាននិយាយថា ដោយមានអំណាចស្រាប់រួចទៅហើយ ឆ្មាំបដិវត្តន៍មិនទាន់ទទួលបានឥទ្ធិពលខ្លាំងជាងនេះនៅឡើយទេសចាប់តាំងពីសង្គ្រាមចាប់ផ្តើម ហើយបានជម្នះយ៉ាងឆាប់រហ័សលើការព្រួយបារម្ភរបស់ឥស្សរជននយោបាយ និងបព្វជិតជាន់ខ្ពស់ ដែលការប្រឆាំងរបស់ពួកគេចំពោះជម្រើសនេះបានពន្យារពេលការប្រកាសជាច្រើនម៉ោង។ បន្ថែមលើការព្រួយបារម្ភរបស់អ្នកដែលប្រឆាំងការតែងតាំងលោក Khamenei ជាមេដឹកនាំកំពូល លោកនៅតែមិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយកាលពីល្ងាចថ្ងៃអង្គារ ទី១០ ខែមីនា រយៈពេលជិត ៤៨ម៉ោងបន្ទាប់ពីការជ្រើសរើសលោកក្នុងអំឡុងពេលសង្គ្រាមដែលបានសម្លាប់ពលរដ្ឋអ៊ីរ៉ង់ជាងមួយពាន់នាក់។ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បីរូបបាននិយាយថា ការជ្រើសរើសលោក Khamenei ដែលរៀបចំដោយឆ្មាំការពារ អាចបង្កើនជំហរឈ្លានពានបន្ថែមទៀតពីបរទេស និងការដាក់គំនាបផ្ទៃក្នុងតឹងរ៉ឹងជាងមុន។ ពីរនាក់ក្នុងចំណោមពួកគេព្រួយបារម្ភថាការគ្រប់គ្រងរបស់កងឆ្មាំលើប្រព័ន្ធនេះ នឹងផ្លាស់ប្តូរសាធារណរដ្ឋអ៊ីស្លាមបន្ថែមទៀតទៅជារដ្ឋយោធាដែលមានតែស្រទាប់ស្តើងនៃភាពស្របច្បាប់ខាងសាសនា ។ ទោះបីជាលោក Mojtaba Khamenei ជាប្រតិបត្តិករមានឥទ្ធិពលរយៈពេលជាច្រើនទសវត្សរ៍ដែលបានគ្រប់គ្រងការិយាល័យរបស់ឪពុកលោកក៏ដោយ ក៏នៅតែជាឥស្សរជនមិនល្បីល្បាញសម្រាប់ពលរដ្ឋអ៊ីរ៉ង់ជាច្រើន។

តម្លៃប្រេងបន្តរង្គោះរង្គើ ក្រោយមានរបាយការណ៍ថា IEA ចង់បញ្ចេញប្រេងបម្រុងទ្រង់ទ្រាយធំដើម្បីទប់វិបត្តិ

2026/03/11 12:05:20 pm        130
តម្លៃប្រេងនៅតែឡើងចុះមិនទៀងទាត់ជាថ្មីម្ដងទៀតនៅថ្ងៃពុធ (១១ មីនា) នេះ បន្ទាប់ពីសារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានស្នើឱ្យមានការបញ្ចេញប្រេងបម្រុងក្នុងកម្រិតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីទប់ទល់វិបត្តិសកល និងប៉ះប៉ូវដល់ភាពរអាក់រអួលនៃការផ្គត់ផ្គង់ ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ប្រេងឆៅ Brent បានកើនឡើង ១១សេន ឬ ០,១៣% ក្នុងតម្លៃ ៨៧,៩១ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោងសកល ០១:២៩ នាទីយប់ចូលថ្ងៃពុធនេះ។ ចំណែកឯតម្លៃប្រេងឆៅរបស់អាមេរិក (WTI) បានកើនឡើង ៧ សេន ឬ ០,០៨% ក្នុងតម្លៃ ៨៣,៥២ ដុល្លារក្នុងមួយបារ៉ែល។ ដំបូងឡើយ សន្ទស្សន៍ទាំងពីរបានធ្លាក់ចុះ ភ្លាមៗបន្ទាប់ពីរបាយការណ៍របស់ WSJ ហើយក្រោយមក ក៏បានកើនឡើងបន្តិចវិញ។លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG ក្នុងទីក្រុងស៊ីដនី បានលើកឡើងក្នុងកំណត់សម្គាល់មួយថា៖ «អ្នកវិភាគបន្តរំពឹងថា តម្លៃប្រេងឆៅនឹងនៅតែមានការប្រែប្រួលខ្លាំងដោយសារតែព័ត៌មានសំខាន់ៗ ខណៈដែលការជួញដូរស្ថិតក្នុងចន្លោះដ៏ធំទូលាយនៅខ្ទង់ ៧៥ ដុល្លារ ទៅ ១០៥ ដុល្លារ នៅក្នុងវគ្គជួញដូរនាពេលខាងមុខ»។កាសែត WSJ បានរាយការណ៍ថា សំណើបញ្ចេញប្រេងរបស់ IEA ថ្មីនេះ នឹងលើសពីចំនួន ១៨២ លានបារ៉ែល ដែលបណ្ដាប្រទេសជាសមាជិក IEA ធ្លាប់បញ្ចេញទៅក្នុងទីផ្សារចំនួនពីរលើកកាលឆ្នាំ២០២២ ពោលគឺនៅពេលជម្លោះទ្រង់ទ្រាយធំរវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្ដើមដំបូង៕

មនុស្សមួយចំនួនស្លាប់នៅអ៊ុយក្រែន ពីការប្រហាររបស់រុស្ស៊ី ខណៈភាគីទាំងពីរអះអាងពីជ័យជម្នះក្នុងសមរភូមិ

2026/03/11 11:53:54 am        147
ក្រុមមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានអះអាងពីជ័យជម្នះនៅសមរភូមិក្នុងរយៈពេលជាង៤ឆ្នាំ មកនេះ ខណៈការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែននៅតែបន្ត ។លោក Denis Pushilin ប្រធានតំបន់ Donetsk នៃទឹកដីអ៊ុយក្រែន ដែលលើកបន្តុបដោយរុស្ស៊ី បាននិយាយកាលពីថ្ងៃទី១០មីនា សប្ដាហ៍នេះ ថា អ៊ុយក្រែនគ្រប់គ្រងចន្លោះ១៥ទៅ១៧% នៃតំបន់ Donetsk។ ចំណែករុស្ស៊ីអះអាងពីកាន់កាប់ទាំងមូលនៃតំបន់ Donetsk ជាផ្នែកមួយរបស់រុស្ស៊ី ហើយថាតំបន់នេះត្រូវបានការពារដោយឆ័ត្រនុយក្លេអ៊ែររបស់រុស្ស៊ី។ អ៊ុយក្រែន និយាយថាខ្លួននឹងមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ី លើផ្នែកនៃតំបន់ Donetsk និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែនឡើយ មិនថាតំបន់ទាំងនោះ រុស្ស៊ីគ្រប់គ្រងបានទាំងស្រុងឬដោយផ្នែកក៏ដោយ។ ក្រុមអាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃអង្គារ១០មីនាសប្ដាហ៍នេះថា មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើទីក្រុង Sloviansk របស់អ៊ុយក្រែន។អភិបាលក្រុង Sloviansk លោក Vadym Filashkin បានបញ្ជាក់ពីចំនួនអ្នកស្លាប់កាលពីថ្ងៃអង្គារ ហើយថា មនុស្ស១៦នាក់ផ្សេងទៀតបានរងរបួស រួមទាំងក្មេងស្រីអាយុ១១ឆ្នាំម្នាក់។ លោកថាកងកម្លាំងរុស្ស៊ី បានទម្លាក់គ្រាប់បែកនាំផ្លូវលើទីក្រុងនេះ។យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ភ្លាមៗពីរុស្ស៊ីទេ ចំពោះការវាយប្រហារនេះ។សេវាសង្គ្រោះបន្ទាន់បាននិយាយថា ការវាយប្រហារដោយយានដ្រូនទាំងយប់លើទីក្រុងចំនួន៣ផ្សេងទៀតរបស់អ៊ុយក្រែន បានបណ្ដាលឲ្យមនុស្ស១៧នាក់រងរបួសរួមទាំងកុមារ២នាក់។ កងកម្លាំងអាកាសរបស់អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន១២២គ្រឿង ក្នុងចំណោមដ្រូនសរុប១៣៧ គ្រឿង ដែលរុស្ស៊ីបានបាញ់អំឡុងពេលយប់នោះ ៕

អាមេរិក ស្នើកិច្ចចរចាសន្តិភាពត្រីភាគីជុំថ្មីនៅសប្ដាហ៍ក្រោយ ខណៈអ៊ុយក្រែន ថាទួរគីត្រៀមធ្វើជាម្ចាស់ផ្ទះ

2026/03/11 11:50:25 am        119
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងកាលពីថ្ងៃអង្គារ (១០ មីនា) ថា ទីក្រុងវ៉ាស៊ីនតោន បានស្នើឡើងនូវផែនការសម្រាប់កិច្ចពិភាក្សាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ជុំថ្មីមួយទៀតនៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីកិច្ចចរចាដែលដើមឡើយគ្រោងធ្វើឡើងកាលពីសប្តាហ៍មុននៅអេមីរ៉ាតអារ៉ាប់រួម ត្រូវបានពន្យារពេលដោយអាមេរិក ហើយអាចនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសស្វីស ឬក៏ទួរគី។បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីទួរគីកាលពីថ្ងៃអង្គារ លោក Zelenskyy បាននិយាយថា ទួរគីបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាសន្តិភាពត្រីភាគីជុំបន្ទាប់នេះ រវាងទីក្រុងគី មូស្គូ និងវ៉ាស៊ីនតោន ដោយមិនបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ឡើយ។ ប្រធានាធិបតីរូបនេះបានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាការស្នើឡើងដោយភាគីអាមេរិក ប៉ុន្តែក៏ត្រូវរង់ចាំមើលបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ាសិនដែរ»។ របៀបវារៈសំខាន់ៗសម្រាប់កិច្ចពិភាក្សានេះ រួមមានការបន្តផ្លាស់ប្តូរឈ្លើយសឹក និងការរៀបចំសេចក្ដីព្រាងសម្រាប់លទ្ធភាពនៃជំនួបត្រីភាគីរវាងមេដឹកនាំប្រទេសទាំងបី។ លោក Zelenskyy បានបន្ថែមថា ទីក្រុងគីវនៅតែបន្តទទូចឱ្យមានការចូលរួមពីអឺរ៉ុប នៅក្នុងកិច្ចពិភាក្សាសន្តិភាពនេះ។ ទន្ទឹមនឹងនេះ ប្រេសិតពិសេសអាមេរិក គឺលោក Steve Witkoff បាននិយាយកាលថ្ងៃអង្គារថា៖ «ដើមឡើយគួរតែមានកិច្ចប្រជុំត្រីភាគីនៅសប្តាហ៍នេះ យ៉ាងណាក៏ដោយ កិច្ចប្រជុំថ្មីនឹងត្រូវប្តូរទៅសប្តាហ៍ក្រោយវិញ»។វិមានក្រឹមឡាំង និយាយថា មិនទាន់មានកាលបរិច្ឆេទ ឬទីតាំងណាមួយត្រូវបានព្រមព្រៀងគ្នាសម្រាប់ជុំបន្ទាប់នៅឡើយទេ។ ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់មានចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចប្រឹងប្រែងដើម្បីឈានទៅរកដំណោះស្រាយក្នុងជម្លោះជាច្រើនឆ្នាំនៅអ៊ុយក្រែន៕

អាមេរិកថា រុស្ស៊ីច្រានចោលការចោទប្រកាន់ការចែករំលែកព័ត៌មានចារកម្មជាមួយអ៊ីរ៉ង់អំឡុងលោកPutin-Trump ជួបគ្នាតាមទូរស័ព្ទ

2026/03/11 11:09:16 am        157
យោងតាមលោក Steve Witkoff បេសកជនពិសេសអាមេរិក រុស្ស៊ីបានបដិសេធការចោទប្រកាន់ថា ខ្លួនបានចែករំលែកព័ត៌មានចារកម្មសម្ងាត់ជាមួយអ៊ីរ៉ង់អំពីមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា។ថ្លែងទៅកាន់ទូរទស្សន៍ CNBC កាលីថ្ងៃទី១០ មីនាសប្ដាហ៍នេះ លោក Witkoff បាននិយាយថា លោកមិនអាចបញ្ជាក់បានទេថាតើទីក្រុងមូស្គូបានផ្តល់ព័ត៌មានចារកម្មសម្ងាត់ដល់ទីក្រុងតេអេរ៉ង់ឬអត់ ប៉ុន្តែបាននិយាយថា មន្ត្រីរុស្ស៊ីបានបដិសេធការចោទប្រកាន់ទាំងនោះ។លោក Witkoff បាននិយាយនៅពេលសួរអំពីរបាយការណ៍នៃការចែករំលែកព័ត៌មានចារកម្មសម្ងាត់របស់រុស្ស៊ីថា រូបលោកមិនមែនជាមន្ត្រីចារកម្មសម្ងាត់ទេ ដូច្នេះលោកមិនអាចប្រាប់អ្នកបានទេ។លោកបាននិយាយថា មន្ត្រីរុស្ស៊ីបានបដិសេធការអះអាងទាំងនេះក្នុងអំឡុងពេលនៃការជួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ៩ មីនាសប្ដាហ៍នេះ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ លោក Witkoff និយាយថា រូបលោកអាចប្រាប់អ្នកទាំងអស់គ្នា ត្រឹម ថា នៅក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតី   រុស្ស៊ី បាននិយាយថា ពួកគេមិនបានចែករំលែកទេ។ នោះហើយជាអ្វីដែលពួកគេបាននិយាយ។ ពួកលោកអាចត្រឹមតែស្លាប់ពាក្យសម្ដីរបស់ពួកគេតែប៉ុណ្ណោះ ។ ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ ដែលលោក Trump បានពិពណ៌នាថា "ល្អណាស់" លោក Putin ត្រូវបានគេរាយការណ៍ថា បានបង្ហាញសំណើក្នុងគោលបំណងដោះស្រាយជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់ឲ្យបានឆាប់រហ័ស។លោក Witkoff បាននិយាយថា លោក និងលោក Jared Kushner ក៏បាននិយាយជាមួយលោក Yuri Ushakov ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំងផងដែរ ដែលបានបញ្ជាក់ជាថ្មីអំពីចំណុចដូចគ្នានេះ៕

អ៊ុយក្រែន បញ្ជូនក្រុមអ្នកជំនាញយានដ្រូនទៅប្រទេសចំនួនបីនៅមជ្ឈិមបូព៌ា ដើម្បីជួយទប់ទល់ដ្រូនអ៊ីរ៉ង់

2026/03/11 10:58:08 am        131
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងកាលពីថ្ងៃអង្គារ (១០ មីនា) ថា អ៊ុយក្រែន បានបញ្ជូនក្រុមការពារដែនអាកាសទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ដើម្បីជួយប្រទេសនៅតំបន់មជ្ឈិមបូព៌ាទាំងនេះក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់។បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ បានប្រើប្រាស់មីស៊ីលការពារដែនអាកាសដ៏មានតម្លៃថ្លៃក្នុងបរិមាណយ៉ាងច្រើន ដើម្បីទប់ទល់នឹងដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ ហើយបានស្វះស្វែងរកជំនួយពីអ៊ុយក្រែន ដែលមានបទពិសោធជោគជាំលើការបាញ់ទម្លាក់យានដ្រូនបែបនេះ។ ទីក្រុងគីវ បាញ់ទម្លាក់ដ្រូនរុស្ស៊ីជារៀងរាល់យប់ ដោយប្រើសព្វាវុធជាច្រើនប្រភេទ រួមទាំងដ្រូនតូចៗដែលមានតម្លៃថោក ឬឧបករណ៍បង្អាក់រលកសញ្ញាជាដើម។លោក Zelenskyy បានប្រាប់អ្នកយកព័ត៌មានថា៖ «ពាក់ព័ន្ធនឹងស្ថានភាពនៅមជ្ឈិមបូព៌ា លោកបានបញ្ជូនក្រុមការងារអ៊ុយក្រែនទៅទីនោះ រួមមានក្រុមជំនាញយានដ្រូនចំនួនបីក្រុម»។ លោកមិនលម្អិតអំពីក្រុមទាំងនោះទេ ប៉ុន្តែបាននិយាយថា ពួកគេគួរតែទៅដល់ទីតាំងគោលដៅទាំងអស់នៅក្នុងសប្តាហ៍នេះ។ ទីប្រឹក្សាផ្នែកទំនាក់ទំនងរបស់លោកក៏បាននិយាយផងដែរថា ក្រុមអ្នកជំនាញអ៊ុយក្រែនត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានីរួចហើយ ប៉ុន្តែក៏មិនបានលម្អិតច្រើនដែរ។ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈមក អ៊ុយក្រែនបានព្យាយាមទាញយកអត្ថប្រយោជន៍ពីបទពិសោធដ៏លើសលប់របស់ខ្លួនក្នុងការទប់ទល់នឹងដ្រូនវាយប្រហារប្រភេទ Shahed របស់រុស្ស៊ី ដែលរចនាដោយអ៊ីរ៉ង់។ ទីក្រុងគីវបាននិយាយថា រុស្ស៊ី ដែលបច្ចុប្បន្នផលិតដ្រូនទាំងនោះដោយខ្លួនឯង បានបាញ់ដ្រូនប្រភេទ Shahed ជាង ៥៧.០០០ គ្រឿង ដាក់លើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
06/02/2026 10:06 AM
លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់
06/02/2026 09:06 AM
អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
06/02/2026 09:06 AM
ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
06/02/2026 09:06 AM
លីបង់ ប្រកាសបទឈប់បាញ់ដោយផ្នែករវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារនៅតែបន្ត
06/02/2026 09:06 AM
មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួសបន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីទូទាំងអ៊ុយក្រែន
06/02/2026 09:06 AM
លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការយ៉ាងលឿន ទោះមានការគំរាមកំហែងពង្រីកសង្គ្រាមក៏ដោយ
06/02/2026 08:06 AM
ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
06/02/2026 08:06 AM
ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM