លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់
អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
លីបង់ ប្រកាសបទឈប់បាញ់ដោយផ្នែករវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារនៅតែបន្ត

ព័ត៌មានអន្តរជាតិ

សភាថ្មីរបស់ប្រទេសថៃ នឹងបើកសម័យប្រជុំដំបូងរបស់ខ្លួននៅចុងសប្តាហ៍នេះ

2026/03/11 10:56:33 am        93
សេចក្តីប្រកាសនៅក្នុងកាសែតរាជវង្សរបស់ថៃ នៅថ្ងៃពុធ (១១ មីនា) នេះបានឱ្យដឹងថា សភាថ្មីរបស់ប្រទេសថៃ នឹងរៀបចំពិធីបើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ពោលគឺនៅចុសប្ដាហ៍នេះ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែមុន។គណបក្ស ភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ Anutin Charnvirakul ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលនោះ ដែលទទួលបានអាសនៈចំនួន ១៩១ ក្នុងចំណោមអាសនៈសរុប ៥០០អាសនៈ នៅក្នុងសភា បន្ទាប់មកគឺគណបក្សប្រជាជនថៃ ទទួលបាន ១២០អាសនៈ និងគណបក្សភឿថៃ ទទួលបាន ៧៤អាសនៈ។កាលពីដើមសប្តាហ៍នេះ លោក Siripong Angkasakulkiat អនុប្រធានគណបក្សភូមិចៃថៃ ធ្លាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា សភាដែលទើបនឹងកោះប្រជុំថ្មីនេះ ត្រូវបានរំពឹងថានឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានសភា។លោក Siripong បន្ថែមថា សភានឹងបោះឆ្នោតជ្រើសរើសបេក្ខជនមួយរូប សម្រាប់តំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែមីនា។ លោកបញ្ជាក់ទៀតថា រដ្ឋាភិបាលថ្មីត្រូវបានរំពឹងថានឹងចាប់ផ្តើមការងារនៅក្នុងខែមេសា ខាងមុខនេះ។ គណបក្សភូមិចៃថៃ បាននិយាយថា ខ្លួននឹងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សភឿថៃ ដែលជាប់លេខរៀងទី៣ក្នុងការបោះឆ្នោត និងគណបក្សតូចៗមួយចំនួនទៀត ដែលអាចបង្កើតបានជាក្រុមចម្រុះមួយមានអាសនៈសរុបចំនួន ២៩០ នៅក្នុងសភាថៃ៕ 

សមាជិកសភាអាមេរិកបារម្ភថា លោក Trump អាចនឹងដាក់ «កម្លាំងទ័ពជើងគោក» ចូលទៅអ៊ីរ៉ង់

2026/03/11 10:53:13 am        88
ក្រុមព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារ (១០ មីនា) បានសម្តែងក្ដីកង្វល់យ៉ាងខ្លាំងចំពោះសង្រ្គាមអ៊ីរ៉ង់ ដោយនិយាយថា ពួកគេព្រួយបារម្ភថា លោកប្រធានាធិបតី Donald Trump អាចនឹងដាក់ពង្រាយកងកម្លាំងជើងគោកអាមេរិក ទៅកាន់អ៊ីរ៉ង់ ហើយបានកត់សម្គាល់ពីហានិភ័យដ៏ខ្ពស់ ដោយសារតែការគាំទ្ររបស់រុស្ស៊ី ចំពោះយោធាទីក្រុងតេអេរ៉ង់។សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោកស្រី Jeanne Shaheen មកពីរដ្ឋ New Hampshire បានប្រាប់ទូរទស្សន៍ CNN ថា៖ «ក្រុមមន្រ្តីដឹងថា រុស្ស៊ីកំពុងជួយផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ីរ៉ង់រួចទៅហើយ ហើយមានការចងសម្ព័ន្ធភាពរវាងរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលធ្វើឱ្យសហរដ្ឋអាមេរិក និងសន្តិសុខជាតិរបស់អាមេរិក ស្ថិតក្នុងហានិភ័យកាន់តែខ្លាំង»។ថ្លែងបន្ទាប់ពីកិច្ចប្រជុំសម្ងាត់មួយរវាងមន្ត្រីរដ្ឋបាល និងគណៈកម្មាធិការសេវាកម្មយោធានៃព្រឹទ្ធសភា លោកស្រី Shaheen បានអំពាវនាវឱ្យរដ្ឋបាលបញ្ជូនមន្ត្រីមកផ្តល់សក្ខីកម្មជាសាធារណៈនៅក្នុងសភា។ ប្រភពចំនួនពីរដែលដឹងអំពីរបាយការណ៍ចារកម្មសម្ងាត់របស់អាមេរិក បាននិយាយថា រុស្ស៊ីកំពុងផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ីរ៉ង់ អំពីគោលដៅលើមូលដ្ឋានទ័ព និងនាវាចម្បាំងរបស់អាមេរិក។លោកស្រី Shaheen និងសមាជិកព្រឹទ្ធសភាផ្សេងទៀត បាននិយាយថា កិច្ចប្រជុំសម្ងាត់ដើម្បីសង្ខេបព័ត៌មានជាបន្តបន្ទាប់ជូនដល់សមាជិកសភា ពីក្រុមជំនួយការរបស់លោក Trump បានបន្សល់ទុកនូវសំណួរជាច្រើនជាងចម្លើយ ជាពិសេសអំពីការបង់ខាត និងរយៈពេលដែលរំពឹងទុកនៃសង្រ្គាម និងថាតើកងកម្លាំងអាមេរិក នឹងត្រូវបានបញ្ជូនចូលទៅក្នុងទីក្រុងតេអេរ៉ង់ដែរឬទេ។លោក Trump មិនបានច្រានចោលលទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោកអាមេរិកចូលទៅអ៊ីរ៉ង់នោះឡើយ។ សមាជិកបក្សសាធារណរដ្ឋរបស់លោក ដែលមានសំឡេងភាគច្រើនស្ដួចស្ដើងក្នុងសភាទាំងពីរ បានគាំទ្រស្ទើរតែទាំងស្រុងលើយុទ្ធសាស្ត្ររបស់លោកចំពោះអ៊ីរ៉ង់ ដោយមានតែមួយចំនួនតូចប៉ុណ្ណោះដែលសម្តែងការសង្ស័យអំពីសង្រ្គាមនេះ៕

ប្រភព៖ ក្រុមហ៊ុនប៊ូអ៊ីង ចុះកិច្ចសន្យាតម្លៃជិត ៣០០លានដុល្លារ លក់គ្រាប់បែកឆ្លាតវៃ ៥ពាន់គ្រាប់ ឱ្យអ៊ីស្រាអែល

2026/03/11 10:50:58 am        112
ប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ (១០ មីនា) ថា ក្រុមហ៊ុនប៊ូអ៊ីង បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយដែលមានតម្លៃ ២៨៩លានដុល្លារអាមេរិក ជាមួយអ៊ីស្រាអែល ដើម្បីផ្គត់ផ្គង់គ្រាប់បែកឆ្លាតវៃបាញ់ចេញពីអាកាសថ្មីចំនួន ៥.០០០ គ្រាប់។ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍មុននេះ ដោយដកស្រង់សម្តីប្រភពដែលដឹងបញ្ហានេះថា កិច្ចសន្យាថ្មីនេះគឺមិនពាក់ព័ន្ធទៅនឹងការវាយប្រហារតាមអាកាសដែលកំពុងបន្តរវាងអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់នោះទេ ហើយការដឹកជញ្ជូន ក៏មិនត្រូវបានគ្រោងទុកឱ្យចាប់ផ្ដើមក្នុងរយៈពេល ៣៦ ខែខាងមុខនេះដែរ។គ្រាប់បែកដែលមានអង្កត់ផ្ចិតតូចប្រភេទនេះរបស់ក្រុមហ៊ុនប៊ូអ៊ីង គឺជាប្រភេទគ្រាប់រំសេវមានប្រព័ន្ធទូរបញ្ជា ដែលយន្តហោះចម្បាំងអ៊ីស្រាអែល អាចបាញ់ទៅកាន់គោលដៅដែលមានចម្ងាយជាង ៦៤គីឡូម៉ែត្រ។ កាលពីឆ្នាំមុន ប៊ូអ៊ីង ទទួលបានកិច្ចសន្យាតម្លៃ ៨,៦ ពាន់លានដុល្លារ ពីមន្ទីរបញ្ចកោណ ដើម្បីផលិត និងផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទ F-15 ឱ្យទៅអ៊ីស្រាអែល ដែលជាផ្នែកមួយនៃការលក់សម្ភារៈយោធាឱ្យបរទេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានរំលងការអនុម័តរបស់សភាអាមេរិក ដោយប្រើប្រាស់អំណាចអាសន្ន ដើម្បីពន្លឿនការលក់គ្រាប់បែកជាង ២០.០០០គ្រាប់ ទៅឱ្យអ៊ីស្រាអែល ដែលមានតម្លៃប្រហែល ៦៥០លានដុល្លារ។ មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលនឹងទិញគ្រាប់រំសេវសំខាន់ៗបន្ថែមទៀតដែលមានតម្លៃ ២៩៨លានដុល្លារ តាមរយៈការលក់ពាណិជ្ជកម្មដោយផ្ទាល់៕

មេដឹកនាំកំពូលកូរ៉េខាងជើង ដឹកនាំការសាកល្បងមីស៊ីលពីនាវាពិឃាត អំឡុងសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន

2026/03/11 10:46:27 am        105
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍នៅថ្ងៃពុធ១១មីនានេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-unបានដឹកនាំការសាកល្បងបាញ់មីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រមួយទៀតពីនាវាពិឃាត Choe Hyon ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្តសមយុទ្ធយោធានិទាឃរដូវប្រចាំឆ្នាំរបស់ខ្លួន។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) មេដឹកនាំកូរ៉េខាងជើងបានត្រួតពិនិត្យការសាកល្បងនេះតាមរយៈវីដេអូកាលពីថ្ងៃអង្គារ១០មីនាសប្ដាហ៍នេះ ដោយសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការរក្សា និងពង្រីក "ប្រព័ន្ធទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរដ៏មានឥទ្ធិពល និងអាចទុកចិត្តបាន" ។ រូបភាពដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពី កូនស្រីរបស់លោក Kim គឺ Ju-ae កំពុងត្រួតពិនិត្យការសាកល្បងនេះ។   កូរ៉េខាងជើងបានសាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រមួយស្រដៀងគ្នានេះពីនាវាពិឃាតកាលពីសប្តាហ៍មុន មុនពេលដាក់ឱ្យដំណើរការ។ ការលើកឡើងរបស់ទីក្រុងព្យុងយ៉ាងអំពីអាវុធយុទ្ធសាស្ត្រ បង្ហាញថា មីស៊ីលទាំងនោះអាចមានសមត្ថភាពនុយក្លេអ៊ែរ។  ការសាកល្បងបាញ់ចុងក្រោយនេះបានកើតឡើងខណៈទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមសមយុទ្ធ Freedom Shield កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រយៈពេល១១ ថ្ងៃ។ កូរ៉េខាងជើងបានថ្កោលទោសជាយូរមកហើយចំពោះសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តនោះថាជាការហាត់សមសម្រាប់ការឈ្លានពាន ទោះបីជាពួកគេនិយាយថា សមយុទ្ធទាំងនេះមានលក្ខណៈការពារខ្លួនក៏ដោយ។ KCNA បាននិយាយថា មីស៊ីលតម្រង់គោលដៅទាំងនោះ បានហោះតាមបណ្តោយគន្លងហោះហើររំលងសមុទ្រលឿងរយៈពេលជាង១០ វិនាទី ហើយបានវាយប្រហារគោលដៅដែលបានកំណត់។គួររម្លឹកថា កាលពីខែមេសា ឆ្នាំមុន កូរ៉េខាងជើងបានបង្ហាញនាវា Choe Hyon ដែលជានាវាពិឃាតពហុបំណងទម្ងន់ ៥.០០០ តោន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្កើនអំណាចកងទ័ពជើងទឹក។ ខ្លួនអះអាងថា នាវាពិឃាតនេះត្រូវបានបំពាក់ដោយមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រលឿនជាងសំឡេង មីស៊ីលផ្លោងយុទ្ធសាស្ត្រ និងមធ្យោបាយវាយប្រហារផ្សេងទៀត៕

កូរ៉េខាងជើងគាំទ្រការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ស្របពេលសង្គ្រាមដ៏ក្តៅគគុកនៅមជ្ឈិមបូព៌ា

2026/03/11 09:49:38 am        103
កូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធទី១១មីនានេះថា ខ្លួនគោរពការបោះឆ្នោតរបស់ប្រជាជនអ៊ីរ៉ង់សម្រាប់មេដឹកនាំកំពូលថ្មីរបស់ពួកគេ គឺលោក Mojtaba Khamenei ដែលត្រូវបានតែងតាំងនៅដើមសប្តាហ៍នេះ ដើម្បីស្នងតំណែងពីឪពុករបស់លោក ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៨កុម្ភៈ២០២៦។អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានអត្ថាធិប្បាយបែបនេះ បន្ទាប់ពីលោក Mojtaba ដែលជាកូនប្រុសរបស់អតីតមេដឹកនាំលោក Ayatollah Ali Khamenei ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់ប្រទេសនេះ ដោយសភាក្រុមអ្នកជំនាញកាលពីថ្ងៃអាទិត្យ។អ្នកនាំពាក្យរូបនេះត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ថា ទាក់ទងនឹងការប្រកាសជាផ្លូវការថ្មីៗនេះថា សភាក្រុមអ្នកជំនាញរបស់អ៊ីរ៉ង់បានជ្រើសរើសមេដឹកនាំថ្មីនៃបដិវត្តន៍អ៊ីស្លាម កូរ៉េខាងជើងគោរពសិទ្ធិ និងជម្រើសរបស់ប្រជាជនអ៊ីរ៉ង់ក្នុងការជ្រើសរើសមេដឹកនាំកំពូលរបស់ពួកគេ។ មន្ត្រីកូរ៉េខាងជើងក៏បានរិះគន់យ៉ាងខ្លាំងផងដែរចំពោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ថាជាការវាយប្រហារយោធា "ខុសច្បាប់"។អ្នកនាំពាក្យរូបនេះបាននិយាយថា កូរ៉េខាងជើង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលកំពុងបំផ្លាញមូលដ្ឋានគ្រឹះសន្តិភាព និងសន្តិសុខក្នុងតំបន់ និងបង្កើនអស្ថិរភាពនៅទូទាំងពិភពលោក ដោយការវាយប្រហារយោធាខុសច្បាប់លើអ៊ីរ៉ង់៕

អ៊ីរ៉ង់ កំណត់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈមហាអំណាចពិភពលោកជំរុញផ្លូវការទូត

2026/03/11 09:46:36 am        126
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា លក្ខខណ្ឌដំបូងរបស់ទីក្រុងតេអេរ៉ង់សម្រាប់បទឈប់បាញ់គឺ "មិនត្រូវមានការឈ្លានពានបន្ថែមទៀតឡើយ" ខណៈបណ្ដាមេដឹកនាំពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះតាមរយៈផ្លូវការទូត។យោងតាមសារព័ត៌មាន Aljazeera លោក Gharibabadi បានបន្ថែមថា ប្រទេសជាច្រើន រួមទាំងប្រទេសចិន រុស្ស៊ី និងបារាំង បានទាក់ទងអ៊ីរ៉ង់ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការបញ្ឈប់អរិភាព។ សកម្មភាពនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើវិធានការដែលមានគោលបំណងដោះស្រាយជម្លោះនយោបាយ និងការទូតយ៉ាងឆាប់រហ័សជុំវិញសង្គ្រាមអាមេរិក -អ៊ីរ៉ង់។ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអង្គារ ១០មីនាសប្ដាហ៍នេះ ថា ពួកគេនឹងមិនអនុញ្ញាតឱ្យប្រេងណាមួយត្រូវបានដឹកជញ្ជូនចេញពីមជ្ឈិមបូព៌ាឡើយ ប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែបន្ត ដែលជំរុញឱ្យប្រធានាធិបតីលោក Donald Trump បង្កើនវោហារសាស្ត្រថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ «ខ្លាំងជាងនេះ ២០ ដង» ប្រសិនបើអ៊ីរ៉ង់ព្យាយាមបញ្ឈប់លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈបានបង្ហាញសញ្ញាផងដែរថា ជម្លោះជាមួយអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។  លោក Trump បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សហរដ្ឋអាមេរិកបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់យោធាអ៊ីរ៉ង់។ លោកក៏បានព្យាករណ៍ផងដែរថា ជម្លោះនឹងបញ្ចប់មុនរយៈពេលបួនសប្តាហ៍ដំបូងដែលលោកបានកំណត់ ទោះបីជាលោកពុំបានកំណត់ថាជ័យជម្នះនឹងទៅជាយ៉ាងណាក៏ដោយ៕

ប្រភព៖ ទាហានអាមេរិកប្រមាណ ១៥០នាក់ បានរងរបួសរហូតមកដល់ពេលនេះ ក្នុងសង្គ្រាមអ៊ីរ៉ង់

2026/03/11 09:00:33 am        126
ប្រភពមួយចំនួនដែលដឹងបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ (១០ មីនា) ទាហានអាមេរិករហូតដល់ ១៥០នាក់ បានរងរបួស គិតត្រឹមរយៈពេល ១០ថ្ងៃនៃសង្គ្រាមជាមួយអ៊ីរ៉ង់។ នៅមុនពេលដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយតួលេខនេះ មន្ទីរបញ្ចកោណទើបតែបានបង្ហាញព័ត៌មានថា មានបុគ្គលិកអាមេរិកតែ ៨នាក់ ប៉ុណ្ណោះដែលរងរបួសធ្ងន់ធ្ងរ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចេញផ្សាយរបាយការណ៍របស់ខ្លួន មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា តួលេខអ្នករងរបួសនេះមានចំនួនប្រហែល ១៤០នាក់ ហើយបាននិយាយថា ភាគច្រើននៃអ្នកទាំងនោះគឺរងរបួសស្រាល។ ចំណែកការស្លាប់របស់អាមេរិកក្នុងជម្លោះនេះ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃចន្ទ (៩ មីនា) ថា មានអ្នកស្លាប់សរុបចំនួន ៧នាក់។លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា៖ «ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការ Epic Fury មក សមាជិកកងទ័ពអាមេរិកប្រមាណ ១៤០នាក់ បានរងរបួសក្នុងគិតត្រឹមរយៈពេល ១០ ថ្ងៃនៃការវាយប្រហារជាបន្តបន្ទាប់»។ លោកបន្តថា សមាជិកយោធាដែលរងរបួសចំនួន ១០៨នាក់ បានត្រឡប់ទៅបំពេញកាតព្វកិច្ចវិញហើយ ហើយសមាជិកយោធាដែលរងរបួសធ្ងន់ធ្ងរទាំង ៨នាក់ កំពុងទទួលការព្យាបាល។ គួរឱ្យដឹងថា ក្នុងសង្រ្គាមដ៏ខ្លាំងក្លាអស់ជាច្រើនថ្ងៃមកនេះ អ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានយោធាអាមេរិក ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ក៏បានវាយប្រហារបេសកកម្មការទូតនៅក្នុងបណ្ដារដ្ឋឈូងសមុទ្រអារ៉ាប់ ក៏ដូចជាសណ្ឋាគារ និងអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធប្រេងផងដែរ៕

អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សរាប់សិបនាក់ រួមទាំងជនបរទេសដែលជាប់ពាក់ព័ន្ធនឹងអាមេរិក និងអ៊ីស្រាអែល

2026/03/11 08:50:38 am        111
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ក្រសួងចារកម្មរបស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារ (១០ មីនា) ថា អ៊ីរ៉ង់ បានចាប់ខ្លួនមនុស្សរាប់សិបនាក់ រួមទាំងជនបរទេសម្នាក់ ដោយប្រកាន់ថាធ្វើចារកម្មឱ្យ «សត្រូវ» របស់អ៊ីរ៉ង់ ខណៈសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តយ៉ាងក្ដៅគគុក។អាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះគឺលោក Ayatollah Ali Khamenei និងមេបញ្ជាការជាច្រើនរូបទៀត។ អំឡុងពេលនៃជម្លោះដែលកំពុងបន្ត អ៊ីរ៉ង់បើកការវាយប្រហារសងសឹកប្រឆាំងនឹងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក និងមានមូលដ្ឋានទ័ពអាមេរិក។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងចារកម្មអ៊ីរ៉ង់ បាននិយាយដោយមិនបញ្ជាក់ពីសញ្ជាតិរបស់ជនដែលត្រូវចាប់ខ្លួននោះថា ជនបរទេសរូបនោះ «កំពុងធ្វើចារកម្មជំនួសនាមឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងធ្វើជាភ្នាក់ងារតំណាងឱ្យប្រជាជាតិនៅតំបន់ឈូងសមុទ្រចំនួនពីរប្រទេស»។គួរឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ បានចាប់ខ្លួនជនជាតិដែលមានសញ្ជាតិពីរ និងជនបរទេសរាប់សិបនាក់ ដែលភាគច្រើនត្រូវបានចោទប្រកាន់ផ្នែកចារកម្ម និងសន្តិសុខ។ ក្រុមសិទ្ធិមនុស្សបានចោទសាធារណរដ្ឋអ៊ិស្លាមមួយនេះថា បានព្យាយាមទាមទារសម្បទានពីប្រទេសផ្សេងទៀត តាមរយៈការចាប់ខ្លួនលើការចោទប្រកាន់ផ្នែកសន្តិសុខបែបនេះ ដែលអាចជាការប្រឌិតឡើង។ ទីក្រុងតេអេរ៉ង់ បានបដិសេធរឿងនេះ។ក្រសួងអ៊ីរ៉ង់ បាននិយាយថា «ចារបុរស ជនក្បត់ផ្ទៃក្នុង និងភ្នាក់ងារប្រតិបត្តិការរបស់អ៊ីស្រាអែល និងអាមេរិកចំនួន ៣០នាក់» ត្រូវបានចាប់ខ្លួនក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។ ដោយឡែក មន្រ្តីជាន់ខ្ពស់នគរបាលអ៊ីរ៉ង់ បានប្រាប់ទូរទស្សន៍រដ្ឋថា មនុស្សប្រហែល ៨១នាក់ ត្រូវបានឃាត់ខ្លួនរហូតមកដល់ពេលនេះ ដោយសារ «ចែករំលែកព័ត៌មានផ្ទៃក្នុងរបស់អ៊ីរ៉ង់ ជាមួយប្រព័ន្ធផ្សព្វផ្សាយអរិភាព និងសត្រូវ» ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមនោះទេ៕

ទីភ្នាក់ងារUN៖ មនុស្សជិត ៥០០នាក់ស្លាប់ និងជិត៧សែននាក់ភៀសខ្លួន ខណៈអ៊ីស្រាអែលទម្លាក់គ្រាប់បែកទូទាំងលីបង់

2026/03/11 08:46:48 am        144
កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទម្លាក់គ្រាប់បែកទូទាំងប្រទេសលីបង់ ខណៈដាក់គោលដៅលើក្រុមហេសបូឡា (Hezbollah) គាំទ្រដោយអ៊ីរ៉ង់ អំឡុងសង្គ្រាមអាមេរិក -អ៊ីស្រាអែល លើអ៊ីរ៉ង់ បានឈានចូលដល់សប្ដាហ៍ទី២។  ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរបាននិយាយកាលពីថ្ងៃ១០មីនាថា វិបត្តិមនុស្សធម៌នៅលីបង់កាន់តែធ្ងន់ធ្ងរ អំឡុងសង្គ្រាមមជ្ឈិមបូព៌ាកាន់តែរីកធំ ដោយមានកុមារ ៨៤ នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៦៦៧.០០០ នាក់ត្រូវបានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈជីវិតប្រជាពលរដ្ឋធ្លាក់ក្នុងទុក្ខវេទនានៅទូទាំងប្រទេស។ប្រទេសលីបង់ត្រូវបានទាញទម្លាក់ចូលក្នុងសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ នៅពេលក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា បានបាញ់គ្រាប់រ៉ូកែត និងយានដ្រូនចូលអ៊ីស្រាអែល ដែលបានឆ្លើយតបដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅទូទាំងប្រទេស និងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។យោងតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សសរុបចំនួន ៤៨៦ នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមរហូតមកដល់ពេលនេះ និង ១.៣១៣ នាក់រងរបួស ក្នុងនោះ ២៥៩ នាក់ជាកុមារ ។លោក Abdinasir Abubakar តំណាងអង្គការសុខភាពពិភពលោកប្រចាំលីបង់បានលើកឡើងថា ខណៈជម្លោះនេះនៅតែបន្ត ពួកលោកបានមើលឃើញ កុមារជិត ១០០ នាក់បានបាត់បង់ជីវិត។ចំណែកទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបាននិយាយនៅសប្ដាហ៍នេះថា ចំនួននៃការភៀសខ្លួនចេញទីផ្ទះសម្បែងទៅកាន់ទីមានសុវត្ថិភាពបច្ចុប្បន្ននៅក្នុងប្រទេសលីបង់គឺលើសពីកម្រិតដែលបានមើលឃើញក្នុងអំឡុងសង្គ្រាមឆ្នាំ ២០២៣-២០២៤ រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល៕

តម្លៃអាហារហ្កាហ្សាហក់ឡើងខ្ពស់ ខណៈការបិទច្រកព្រំដែនធ្វើឲ្យជួបកង្វះខាតធ្ងន់ធ្ងរ ស្របពេលសង្រ្គាមអ៊ីរ៉ង់

2026/03/10 08:34:30 pm        22
ជាថ្មីម្តងទៀតហើយដែលប្រជាពលរដ្ឋរស់នៅតំបន់ហ្កាហ្សា បានប្រញាប់ប្រញាល់ទៅផ្សារ ដើម្បីទិញអ្វីដែលពួកគេអាចទិញបាន ស្របពេលដែលសង្រ្គាមក្នុងតំបន់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ធ្វើឲ្យកើតមានរលកនៃទុក្ខវេទនានៅដែនដីបិទច្រកមួយនេះ ដែលពឹងផ្អែកលើជំនួយដ៏ផុយស្រួយ និងខ្សែជីវិតដ៏ជូរចត់ ។អ្នកស្រុក និងឈ្មួញនិយាយថា តម្លៃទំនិញបានហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលសម្ភារៈប្រើប្រាស់សំខាន់ ក្រខ្សត់ ឬលែងមានតែម្តងនៅក្នុងទីផ្សារ ។រាយការណ៍ពីទីក្រុងហ្កាហ្សា អ្នកស្រី Hani Mahmoud គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera និយាយថា ការកើនឡើងភាពតានតឹងនៅក្នុងតំបន់ កើតមានភ្លាមៗតែម្តង ធ្វើឲ្យខ្វះខាតគ្រឿងផ្គត់ផ្គង់ ហើយនិងការរឹតបន្តឹងការឆ្លងកាត់ព្រំដែន ។នៅតាមទីផ្សារក្នុងស្រុក អ្នកដើរផ្សារព្យាយាមទិញទំនិញ មុនពេលស្តុកអស់ ដោយពួកគេមានការព្រួយបារម្ភថា អ្វីដែលអាចទិញនៅថ្ងៃនេះបានប្រហែលជាថ្ងៃស្អែកលែងមានទៀតហើយ ។ការព្រួយបារម្ភនេះដែរ ឆ្លុះបញ្ចាំងពីការពឹងផ្អែករបស់តំបន់ហ្កាហ្សាលើច្រកឆ្លងកាត់ព្រំដែនជាមួយអ៊ីស្រាអែល និងអេហ្ស៊ីប ។ ស្ទើតែទាំងអស់ទំនិញ ប្រេងឥន្ធនៈ ឱសថ និងទំនិញមូលដ្ឋានផ្សេងទៀត ចូលក្នុងដែនដីបិទច្រកមួយនេះ តាមរថយន្ត ហើយនៅពេលដែលច្រកព្រំដែន បានបិទ ឬប្រតិបត្តិការក្នុងសមត្ថភាពធ្លាក់ចុះ ផលប៉ះពាល់នឹងកើតមានភ្លាមៗនៅតាមទីផ្សារ មន្ទីរពេទ្យ និងប្រព័ន្ធទឹក ក្នុងតំបន់ហ្កាហ្សា ។អ៊ីស្រាអែលបានបិទច្រកឆ្លងកាត់ព្រំដែនហ្កាហ្សាកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ស្របពេលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់ ដោយបញ្ឈប់ការចេញ-ចូលជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ហើយការបំលាស់ទីអ្នកជំងឺដែលត្រូវការការជម្លៀសផ្នែកវេជ្ជសាស្រ្ត ។ក្រោយមក អាជ្ញាធរអ៊ីស្រាអែលបានបើកច្រកឆ្លងកាត់ Karem Abu Salem សម្រាប់ការចូលជំនួយបន្តិចបន្តួច ប៉ុន្តែការចូលរបស់ជំនួយនៅតែមានការរឹតត្បិតខ្លាំងដដែល ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
06/02/2026 10:06 AM
លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់
06/02/2026 09:06 AM
អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
06/02/2026 09:06 AM
ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
06/02/2026 09:06 AM
លីបង់ ប្រកាសបទឈប់បាញ់ដោយផ្នែករវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារនៅតែបន្ត
06/02/2026 09:06 AM
មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួសបន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីទូទាំងអ៊ុយក្រែន
06/02/2026 09:06 AM
លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការយ៉ាងលឿន ទោះមានការគំរាមកំហែងពង្រីកសង្គ្រាមក៏ដោយ
06/02/2026 08:06 AM
ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
06/02/2026 08:06 AM
ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM