ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

អ្នកសម្របសម្រួលពិសេសរបស់UNសម្រាប់ប្រទេសលីបង់ ប្តេជ្ញាចិត្តចំពោះបទឈប់បាញ់រវាងលីបង់និង អ៊ីស្រាអែល

2026/03/10 07:06:59 pm        52
អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសលីបង់ លោកស្រី Jeanine-Hennis Plasschaert បានចេញដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងដំណើរទស្សនកិច្ចមួយកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីរវាងប្រទេសជិតខាងទាំងពីរ។ការិយាល័យអ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា៖«លោកស្រីត្រូវបានគ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលសម្រាប់ការពិភាក្សា ស្របពេលមានអរិភាពកាន់តែខ្លាំងឡើង។ តម្រូវការបន្ទាន់សម្រាប់ការប្តេជ្ញាចិត្តឡើងវិញចំពោះការអនុវត្តពេញលេញនៃសេចក្តីសម្រេចលេខ ១៧០១ (២០០៦) របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងមានសារៈសំខាន់ចំពោះការចូលរួមរបស់លោកស្រី»។  កិច្ចព្រមព្រៀងបទឈប់បាញ់ទ្វេភាគីរវាងអ៊ីស្រាអែល និងលីបង់ ត្រូវសម្រេចបាន នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បន្ទាប់ពីជម្លោះរយៈពេល ៦៦ ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានរំខានដោយការបាញ់ផ្លោងរបស់ក្រុមហេសបូឡា នៅភាគខាងជើងអ៊ីស្រាអែលពេញមួយយប់ឈានចូលទៅក្នុងថ្ងៃទី ០២ ខែមីនា៕

លោក Starmer និយាយថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ធ្វើការជាមួយគ្នា «ជារៀងរាល់ថ្ងៃ»

2026/03/10 07:04:51 pm        83
នៅពេលសួរថាតើ «ទំនាក់ទំនងពិសេស» រវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពរអាក់រអួលឬអត់ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយគ្នា «ជារៀងរាល់ថ្ងៃ»។  លោក Starmer បានលើកឡើងថា៖«វាពិតជាសំខាន់ណាស់ក្នុងការសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងធ្វើការជាមួយគ្នាជារៀងរាល់ថ្ងៃ ដូចដែលពួកគេតែងតែធ្វើ»។ប៉ុន្តែលោកបានបន្ថែមថា៖ «ការសម្រេចចិត្តអំពីអ្វីដែលជាផលប្រយោជន៍ល្អបំផុតរបស់ចក្រភពអង់គ្លេស គឺជាការសម្រេចចិត្តសម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស»៕

ក្រុមមន្រ្តីកាណាដាជួយសង្រ្គោះមនុស្ស ២៣នាក់ ដែលរសាត់អណ្តែតទៅឆ្ងាយនៅលើផ្ទាំងទឹកកក

2026/03/10 07:02:55 pm        61
មនុស្ស ២៣នាក់ ត្រូវបានជួយសង្រ្គោះដោយក្រុមនាវិកនៅលើឧទ្ធម្ភាគចក្រក្នុងខេត្ត Ontario ប្រទេសកាណាដា ក្រោយផ្ទាំងទឹកកកដែលពួកគេឈរលើ ដើម្បីនេសាទត្រី ត្រូវបានដាច់ចេញពីគ្នា និងធ្វើឲ្យពួកគេរសាត់អណ្តែតចូលទៅក្នុងបឹង Huron ។នគរបាលខេត្ត Ontario និយាយនៅលើបណ្តាញព័ត៌មានសង្គមថា ប្រតិបត្តិការជួយសង្រ្គោះ បានចាប់ផ្តើមក្រោយខ្យល់ និងចរន្តទឹកធ្វើឲ្យផ្ទាំងទឹកករសាត់ចេញពីមាត់បឹង ស្ថិតនៅចម្ងាយប្រហែល ២គ.ម ។ប្រតិបត្តិការជួយសង្រ្គោះនេះ មានការចូលរួមពីឧទ្ធម្ភាគចក្រ ២គ្រឿង ដែលបានធ្វើដំណើរច្រើនជើង ដើម្បីដឹកមនុស្សចេញពីផ្ទាំងទឹកកក ខណៈពេលដែលវាបន្តបាក់ជាបំណែកបន្ថែមទៀត នៅចម្ងាយប្រហែល ២០០គ.មភាគពាយ័ព្យទីក្រុង Toronto ។សមាជិកម្នាក់របស់ក្រុមមនុស្សទាំងនេះ និយាយថា លោកយល់ឃើញថា ផ្ទាំងទឹកកដែលលោកកំពុងនេសាទត្រី បានដាច់ពីមាត់បឹង ពេលដែលលោកមើលប្រព័ន្ធ GPSរបស់លោកឃើញថាលោកកំពុងរំកិលចេញទៅឆ្ងាយ ។ដោយឡែក សមាជិកក្រុមជួយសង្រ្គោះ បានរៀបរាប់ពីពេលវេលាតក់ស្លុត ពេលដែលមនុស្សជាច្រើននាក់ បានលិចក្នុងទឹកដោយអន្លើរ ខណៈដែលពួកគេព្យាយាមតោងផ្ទាំងទឹកកកក្រាស់ៗ ៕

លោក Netanyahu ព្រមានថា ភារកិច្ចមិនទាន់ចប់នៅឡើយទេ នៅក្នុងប្រទេសអ៊ីរ៉ង់

2026/03/10 07:00:19 pm        62
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានព្រមានថា ការវាយលុកផ្នែកយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ «មិនទាន់ចប់នៅឡើយទេ» ដោយនិយាយថា ប្រតិបត្តិការនេះកំពុងធ្វើឲ្យថ្នាក់ដឹកនាំសាសនាអ៊ីរ៉ង់ចុះខ្សោយ។បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ នៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលទីបញ្ជាការសុខភាពជាតិ កាលពីយប់ថ្ងៃចន្ទ លោក Netanyahu បានបញ្ជាក់ថា៖ «ក្តីប្រាថ្នារបស់យើង គឺនាំប្រជាជនអ៊ីរ៉ង់ឲ្យរួចផុតពីការគ្រប់គ្រងបំបិទសិទ្ធិគ្រប់យ៉ាង ហើយនៅទីបំផុត វាគឺអាស្រ័យលើពួកគេ។ ប៉ុន្តែមិនមានអ្វីត្រូវសង្ស័យនោះទេថា ជាមួយនឹងប្រតិបត្តិការដែលបានធ្វើឡើងរហូតមកដល់ពេលនេះ យើងកំពុងធ្វើឲ្យពួកគេចុះខ្សោយ ហើយយើងមិនទាន់ចប់ភារកិច្ចសព្វគ្រប់នៅឡើយទេ»។គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះ គឺលោក Ali Khamenei និងបង្កឲ្យមានសង្គ្រាមដែលបានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា។ការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានកើតឡើង ២ថ្ងៃមុនពេលដែលទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ត្រូវបានគ្រោងធ្វើកិច្ចចរចា បន្ទាប់ពីមានការចរចា ៣ជុំ នៅមុននោះ។ អ្នកសម្របសម្រួលអូម៉ង់ នៅក្នុងការពិភាក្សាទាំងនោះ បានឲ្យដឹងថា មាន «វឌ្ឍនភាពគួរឲ្យកត់សម្គាល់» នៅក្នុងកិច្ចចរចាទាំងនេះ។អ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលកំណត់គោលដៅលើអ៊ីស្រាអែល និងធនធានរបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់៕

មនុស្ស ១៤នាក់ស្លាប់ ក្រោយទូកអន្តោប្រវេសន៍បុកនាវាឆ្មាំល្បាតឆ្នេរទួរគីនៅជិតខេត្ត Antalya

2026/03/10 06:58:23 pm        46
ឆ្មាំល្បាតឆ្នេរនិយាយថា មនុស្សយ៉ាងហោច ១៤នាក់ ត្រូវបានសម្លាប់ នៅពេលទូកដឹកជនអន្តោប្រវេសន ឬជនភៀសខ្លួនមួយគ្រឿង បានបុកនាវាឆ្មាំល្បាតឆ្នេរទួរគីនៅជិតខេត្តភាគនិរតី Antalya ។ឆ្មាំល្បាតឆ្នេរនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទូកល្បឿនលឿនមួយគ្រឿង ត្រូវបានរកឃើញកាលពីព្រឹកថ្ងៃចន្ទ នៅជិតតំបន់ឆ្នេរស្រុក Finike ស្ថិតក្នុងខេត្ត Antalya ហើយក្រោយមកវាក៏បានបុកនាវាឆ្មាំល្បាតឆ្នេរតែម្តងទៅ ។ពួកគេបន្តថា ជនអន្តោប្រវេសន៍ ៦នាក់ និងជនជាតិទួរគីម្នាក់ ត្រូវបានជួយសង្រ្គោះ ប៉ុន្តែមនុស្ស ១៤នាក់ ត្រូវបានប្រទះឃើញស្លាប់ ហើយមនុស្ស ១៥នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន ក្រោយពួកគេបន្តបើកទូករត់ រហូតដល់ច្រាំង ។ដោយឡែក ទីភ្នាក់ងារព័ត៌មានរដ្ឋទួរគី Anadoluរាយការណ៍ថា ទូកមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន មិនអើពើរនឹងការអំពាវនាវហៅឲ្យឈប់ និងប៉ុនប៉ងបើករត់ក្នុងល្បឿនលឿន ដើម្បីគេចវេសពីនាវាឆ្មាំល្បាតឆ្នេរ ។ពួកគេរាយការណ៍ទៀតថា ប្រតិបត្តិការរុករក និងជួយសង្រ្គោះ កំពុងបន្តទាំងនៅលើគោក ក្នុងទឹក និងលើដែនអាកាស ដើម្បីកំណត់ទីតាំងអ្នកអាចបាត់ខ្លួន ហើយក្រុមអាជ្ញាធរ បានបើកការស៊ើបអង្កេតផ្នែកតុលាការ និងរដ្ឋបាល ចំពោះឧបទ្ទេវហេតុមួយនេះ ៕

ការវាយប្រហារតាមច្រកអាកាសសម្លាប់យុទ្ធជន ៤នាក់ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ នៅអ៊ីរ៉ាក់

2026/03/10 06:57:28 pm        12
នៅព្រឹកថ្ងៃអង្គារនេះ ក្រុម Kataib Imam Ali គាំទ្រដោយអ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយក្រុម PMF និយាយថា សមាជិក ៤រូបរបស់ពួកគេ ត្រូវបានសម្លាប់ និងសមាជិក ១២នាក់ផ្សេងទៀត បានរងរបួស នៅតំបន់ភាគខាងជើងអ៊ីរ៉ាក់ ដោយពួកគេដាក់ការស្តីបន្ទោសលើការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក ៕រដ្ឋាភិបាលអ៊ីរ៉ាក់និយាយថា នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ និយាយប្រាប់រដ្ឋមន្រ្តីការបរទេសសហដ្ឋអាមេរិកលោក Marco Rubio ថា ប្រទេសរបស់លោកមិនគួរប្រើប្រាស់ជាកន្លែងបាញ់ប្រហារនៅក្នុងសង្រ្គាមមជ្ឈិមបូព៌ានោះទេ ។ ការលើកឡើងបែបនេះ បានកើតមានឡើង ស្របពេលដែលការវាយប្រហារជាច្រើន ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសអ៊ីរ៉ាក់នាថ្ងៃអង្គារនេះ រួមទាំងការវាយប្រហារគោលដៅកងកម្លាំង PMF ។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយនៅថ្ងៃអង្គារនេះថា ពួកគេបានវាយប្រហារត្រូវមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅតំបន់ឃឺដអ៊ីរ៉ាក់ ។  ពួកគេបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ទីស្នាក់ការកណ្តាលរបស់កងទ័ពឈ្លានពានអាមេរិក ស្ថិតក្នុងមូលដ្ឋានអាកាស Al-Harir របស់ក្រុមឃឺដ ក្លាយជាគោលដៅវាយប្រហាររបស់មីស៊ីល ៥គ្រាប់ ៕

អ្នកជំនាញ៖ លោកខាងលិចកំពុងពិចារណាទិញប្រេងរបស់រុស្ស៊ី ស្របពេលមានជម្លោះនៅអ៊ីរ៉ង់

2026/03/10 06:56:28 pm        61
លោក Janiv Shah អនុប្រធានទីផ្សារប្រេងនៅក្រុមហ៊ុនប្រឹក្សាយោបល់ Rystad Energy បាននិយាយថាជម្លោះនៅមជ្ឈិមបូព៌ា ជំរុញឲ្យប្រទេសលោកខាងលិចពិចារណាពីលទ្ធភាពនៃការទិញប្រេងរបស់រុស្ស៊ី។  លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់សារព័ត៌មាន TASS ថា៖«ទីផ្សារកំពុងតស៊ូជាមួយនឹងការផ្គត់ផ្គង់ជាក់ស្តែង ដែលត្រូវបានបិទដោយការវាយប្រហារដោយយានដ្រូន ខណៈដែលក្រុមហ៊ុនផលិតនៅមជ្ឈិមបូព៌ា កំពុងឈានដល់ចំណុចសំខាន់មួយ ដែលពួកគេត្រូវតែបិទផលិតកម្ម ដោយសារតែគ្មានកន្លែងណានៅសល់ ដើម្បីដាក់ប្រេង»។អ្នកជំនាញរូបនេះ បានបន្ថែមថា៖«ការផ្គត់ផ្គង់របស់រុស្ស៊ី នៅតែជាលើកត្តាដែលមិនអាចទាយទុកជាមុនបាន នៅពេលដែលតម្លៃកើនឡើង ការលើកទឹកចិត្តក្នុងការបង្វែរទិសដៅប្រេងឆៅនោះតាមរយៈបណ្តាញជំនួសដូចជាប្រទេសឥណ្ឌា អាចធ្វើឲ្យលោកខាងលិចត្រូវតែតែយកចិត្តទុកដាក់ ដូចដែលបានបង្ហាញដោយការលើកលែងរយៈពេល ៣០ថ្ងៃរបស់សហរដ្ឋអាមេរិកថ្មីៗនេះ»។នាពេលមុននេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញអាជ្ញាប័ណ្ណដែលអនុញ្ញាតឲ្យឥណ្ឌាទិញប្រេងរបស់រុស្ស៊ីដែលបានផ្ទុករួចហើយនៅលើនាវាដឹកប្រេងនៅលើសមុទ្រក្នុងរយៈពេល ៣០ថ្ងៃ។ អាជ្ញាប័ណ្ណនេះ ក៏គ្របដណ្តប់លើប្រតិបត្តិការដែលពាក់ព័ន្ធនឹងផលិតផលប្រេងកាត និងការផ្គត់ផ្គង់ប្រេងឆៅដែលត្រូវបានផ្ទុកទៅលើនាវាណាមួយ រហូតដល់ថ្ងៃទី ០៥ ខែមីនា។ យោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិក ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ដើម្បីបន្ធូរបន្ថយសម្ពាធលើទីផ្សារប្រេងសកល ស្របពេលមានប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់៕

ក្រសួងសុខាភិបាល៖ អ្នកស្លាប់នៅលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងជិតដល់ ៥០០នាក់

2026/03/10 06:53:57 pm        44
ក្រសួងសុខាភិបាលលីបង់ កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ នៅប្រទេសលីបង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ជិត ៥០០នាក់ហើយ ខណៈមានអ្នករបួសយ៉ាងតិច ១.៣១៣នាក់ គិតចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងកាលពីសប្តាហ៍មុន។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា អ្នកស្លាប់ និងរបួស ត្រូវបានកត់ត្រា ចាប់ពីព្រឹកព្រលឹមថ្ងៃចន្ទ ទី២ ខែមីនា រហូតដល់រសៀលថ្ងៃចន្ទ ទី៩ ខែមីនា។ ក្រសួងបានបញ្ជាក់ថា៖ «ចំនួនអ្នកស្លាប់ដោយសារការឈ្លានពានរបស់អ៊ីស្រាអែល ចាប់ពីព្រឹកព្រលឹមថ្ងៃចន្ទ ទី២ ខែមីនា រហូតដល់រសៀលថ្ងៃចន្ទ ទី៩ ខែមីនា បានកើនឡើងដល់យ៉ាងហោចណាស់ ៤៨៦នាក់ ខណៈអ្នករងរបួស គឺ ១.៣១៣ នាក់»។នៅមុននេះ ក្រសួងបានរាយការណ៍ពីការស្លាប់ចំនួន ៣៩៤នាក់ ដោយតួលេខចុងក្រោយបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃអ្នកស្លាប់ និងរបួស ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលមានសភាពកាន់តែខ្លាំងឡើងៗ។គួរបញ្ជាក់ថា ជម្លោះដ៏តានតឹង រវាងអ៊ីស្រាអែល និងហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធ នៅប្រទេសលីបង់ បានកើនឡើងខ្លាំងយ៉ាងឆាប់រហ័ស នៅថ្ងៃទី២ ខែមីនា បន្ទាប់ពីក្រុមហេសបូឡាបានចាប់ផ្តើមបាញ់រ៉ូកែតទៅកាន់អ៊ីស្រាអែល។ ក្រុមនេះបានផ្ដល់ហេតុផលថា ការវាយប្រហារទាំងនេះ គឺជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលកើតឡើងដំណាលគ្នានឹងថ្ងៃដំបូងនៃការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

ភោជនីយដ្ឋានឥណ្ឌាប្រឈមនឹងការបិទធុរកិច្ចរបស់ខ្លួន ក្រោយជួបកង្វះខាតហ្គាសប្រើប្រាស់

2026/03/10 06:51:45 pm        79
ភោជនីយដ្ឋាន Vidyarthi Bhavan ដែលជាភោជនីយដ្ឋានជាប់ឈ្មោះជាប្រវត្តិសាស្រ្តនៅទីក្រុង Bengaluru សម្រាប់មុខម្ហូបអាហារពេសលព្រឹកដ៏ល្បីល្បាញ Masala Dosas ចាប់តាំងពីឆ្នាំ ១៩៤៣រហូតមកនោះ ប្រឈមនឹងការបិទធុរកិច្ចរបស់ខ្លួន ក្រោយជួបកង្វះខាតឧស្ម័នធម្មជាតិរាវ(LPG)ធ្ងន់ធ្ងរ ស្របពេលវិស័យចំណីអាហារ និងភេសជ្ជៈនៅតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានរំខានដោយសារវិបត្តិសង្រ្គាមនៅអ៊ីរ៉ង់ ។លោក Arun Adiga គឺជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន Vidyarthi Bhavan និយាយថា ពួកយើងបានទទួចសុំឲ្យមានជំនួយ និងដំណោះស្រាយ ដើម្បីកុំឲ្យពួកយើងបិទប្រតិបត្តិការរបស់ពួកយើង ។លោកថា ការផ្គត់ផ្គង់ធុងហ្គាស គឺជាសរសៃរឈាម ឬជាឆ្អឹងខ្នងដ៏សំខាន់របស់ពួកយើង នៅក្នុងឧស្សាហកម្មចំណីអាហារ និងភេរសជ្ជៈ ពីព្រោះថា ពួកយើងពឹងផ្អែកលើធុងហ្គាស សម្រាប់ការចម្អិនចំណីអាហាររបស់ពួកយើង ។កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋាភិបាលឥណ្ឌា បានណែនាំឲ្យមានវិធានការបន្ទាន់ ដើម្បីផ្លាស់ប្តូរទិសដៅផ្គត់ផ្គង់ហ្គាស ពីវិស័យមិនមានអាទិភាព ទៅដល់អ្នកប្រើប្រាស់ចាំបាច់ ក្រោយការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវឆ្លងកាត់ច្រកសមុទ្រ Hormuz ។ឥណ្ឌាដែលបំពេញតម្រូវការពាក់កណ្តាលឧស្ម័នប្រចាំថ្ងៃរបស់ខ្លួនចំនួន ១៩៥លានម៉ែត្រគូបពីការនាំចូលនោះ ពីមុនធ្លាប់ទទួលបានឧស្ម័ន ៦០លានម៉ែត្រគូប ពីតំបន់មជ្ឈិមបូព៌ា ។ ការផ្គត់ផ្គង់ត្រូវបានអាក់ខាន បន្ទាប់ពីការបិទច្រកសមុទ្រ និងការប្រកាសការផ្អាកផលិតឧស្ម័នធម្មជាតិរាវរបស់កាតា ។សេច្តីជូនដំណឹងរដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់ថា ក្រោមគោលការណ៍ថ្មី ហ្គាសនឹងត្រូវចែកចាយដល់វិស័យអាទិភាពផ្អែកលើការប្រើប្រាស់មធ្យមរបស់ពួកគេក្នុងរយៈពេល ៦ខែកន្លងមកនេះ និងអាស្រ័យលើភាពអាចរកបានរបស់ហ្គាស ៕

លោកTrump គំរាមប្រទេសគុយបាម្តងទៀតថាប្រទេសកោះនេះអាចប្រឈម«ការចូលកាន់កាប់ដោយភាពស្រុះស្រួល»

2026/03/10 05:22:59 pm        52
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញសញ្ញាថារដ្ឋបាលរបស់លោកនៅតែបន្តការផ្តួលរំលំរដ្ឋាភិបាលនៅក្នុងប្រទេសគុយបា ទោះបីជាសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានចូលដល់សប្តាហ៍ទីពីរក៏ដោយ។ លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅតែផ្តោតលើប្រទេសគុយបា ជាកន្លែងដែលផែនការរបស់សេតវិមាន អាចរួមបញ្ចូល ឬមិនរួមបញ្ចូល «ការចូលកាន់កាប់ដោយភាពស្រុះស្រួល»នៅកោះនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។លោកប្រធានាធិបតី បានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋ Florida ថា លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កំពុង «ដោះស្រាយ» ជាមួយប្រទេសគុយបា។ «លោកកំពុងដោះស្រាយ ជាមួយប្រទេសនេះ ហើយវាអាចជាការចូលកាន់កាប់ដោយភាពស្រុះស្រួល និងមិនអាចស្រុះស្រួលគ្នា។ លោក Trump បាននិយាយថា វាមិនសំខាន់ទេ ព្រោះពួកគេពិតជាត្រូវដួលរលំ ពួកគេគ្មានថាមពល និងគ្មានថវិកាទេ» ដូច្នេះពួកគេនឹងព្រមព្រៀង ។ ប្រទេសគុយបា បាននិងកំពុងទប់ទល់ជាមួយនឹងវិបត្តិថាមពលចាប់តាំងពីខែមករាមក នៅពេលដែលកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងបានបញ្ឈប់ការនាំចេញប្រេងឥន្ធនៈពីទីក្រុង Caracas ទៅកាន់ទីក្រុងឡាហាវ៉ាន ដោយកាត់ផ្តាច់ប្រទេសគុយបា ពីសម្ព័ន្ធមិត្តមួយនេះក្នុងចំណោមសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន និងជាប្រភពប្រេងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសគុយបា។ មន្ត្រីសេតវិមានបានលើកឡើងថា ប្រទេសគុយបា កំពុងប្រឈមនឹងការដួលរលំសេដ្ឋកិច្ច ហើយរដ្ឋាភិបាលរបស់ប្រទេសនេះបានត្រៀមខ្លួនដើម្បីចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
06/02/2026 08:06 AM
ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM