ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

លោក Netanyahu និយាយពីសង្រ្គាមអ៊ីរ៉ង់ថា ពួកយើងកំពុងកាច់ធ្មុងរបស់ពួកគេ

2026/03/10 05:20:46 pm        55
 នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា លោកមានបំណងជំរុញឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់លុបបំបាត់ចោលរបបផ្តាច់ការ ។ នៅក្នុងរូបភាពវីដេអូឃ្លីបចែករំលែកដោយការិយាល័យព័ត៌មានរដ្ឋាភិបាលអ៊ីស្រាអែលនាថ្ងៃអង្គារនេះ ឃើញលោក Netanyahu ត្រូវបានរៀបរាប់និយាយប្រាប់ដោយក្រុមន្រ្តីសុខាភិបាលនៅមន្ទីរគ្រប់គ្រងសុខភាពជាតិអ៊ីស្រាអែល ។ លោក Netanyahu និយាយថា ច្បាស់ណាស់ថា តាមរយៈវិធានការដែលពួកយើងបានធ្វើមកទល់នឹងពេលនេះ គឺពួកយើងកំពុងកាច់ធ្មុងរបស់ពួកគេ ហើយវិធានការច្រើនទៀត នឹងកើតមានឡើងជាបន្តបន្ទាប់ ។ នៅព្រឹកថ្ងៃអង្គារនេះ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ពួកគេមិនអនុញ្ញាតឲ្យប្រេងសូម្បី ១លីត្រ ដឹកជញ្ជូនចេញពីតំបន់មជ្ឈិមបូព៌ានោះឡើយ បើសិនជាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាងែល នៅតែបន្ត បង្កឲ្យមានការព្រមានពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំងច្រើនជាងមុន បើសិនជាពួកគេបិទការនាំចេញប្រេងពីតំបន់ផលិតថាមពលសំខាន់ៗ ។ អ៊ីស្រាអែលនិយាយថា សង្រ្គាមរបស់ខ្លួនមានគោលបំណងផ្តួលរំលំប្រព័ន្ធគ្រប់គ្រងបុព្វជិតរបស់អ៊ីរ៉ង់ ខណៈក្រុមមន្រ្តីសហរដ្ឋអាមេរិកនិយាយថា គោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន គឺបំផ្លាញសមត្ថភាពមីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែលោក Trumpនិយាយថា សង្រ្គាមអាចបញ្ចប់បានតែជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ដែលចេះស្តាប់បង្គាប់តែប៉ុណ្ណោះ ៕

អារ៉ាប៊ីសាអ៊ូឌីត និងហ្ស៊កដានី ថ្កោលទោសការវាយប្រហារដោយដ្រូនប្រឆាំងនឹងស្ថានកុងស៊ុលអេមីរ៉ាតអារ៉ាប់រួម នៅអ៊ីរ៉ាក់

2026/03/10 05:16:53 pm        51
អារ៉ាប៊ីសាអ៊ូឌីត និងហ្ស៊កដានី បានថ្កោលទោសចំពោះការវាយប្រហារដោយយានដ្រូនដែលកំណត់គោលដៅលើស្ថានកុងស៊ុលរបស់អេមីរ៉ាតអារ៉ាប់រួមប្រចាំទីក្រុង Irbil ប្រទេសអ៊ីរ៉ាក់។អារ៉ាប់រួមក៏បានចេញសេចក្តីថ្លែងការណ៍មុននេះ ដោយបានថ្កោលទោសការវាយប្រហារនេះ។សេវាប្រឆាំងភេរវកម្មនៅតំបន់ឃើដឌីស្តង់អ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ចំនួន បីគ្រឿង នៅក្នុងទីក្រុង Irbil ដោយបំណែកយានដ្រូនមួយគ្រឿង បានធ្លាក់នៅជិតស្ថានកុងស៊ុលរបស់អេមីរ៉ាតអារ៉ាប់រួម។សេវានេះ បានបញ្ជាក់ថា ពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយតាមរយៈក្រសួងការបរទេសរបស់ខ្លួន អារ៉ាប៊ីសាអ៊ូឌីត បានថ្កោលទោសដាច់អហង្ការ ចំពោះការកំណត់គោលដៅស្ថានកុងស៊ុលរបស់អារ៉ាប់រួមប្រចាំទីក្រុង Irbil ប្រទេសអ៊ីរ៉ាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសហ្ស៊កដានី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «ការគោរពច្បាប់អន្តរជាតិ និងការប្រកាន់ខ្ជាប់នូវអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ និងអនុសញ្ញាទីក្រុងវីយែនឆ្នាំ ១៩៦១ ស្តីពីទំនាក់ទំនងការទូត»៕

អ៊ីរ៉ង់៖ ប្រទេសជាច្រើនបានទាក់ទងទីក្រុងតេអេរ៉ង់ ដើម្បីឲ្យមានបទឈប់បាញ់

2026/03/10 05:14:18 pm        81
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បាននិយាយថា ប្រទេសជាច្រើន រួមមានទាំងចិន រុស្ស៊ី និងបារាំងផងដែរ បានទាក់ទងទីក្រុងតេអេរ៉ង់ ពាក់ព័ន្ធនឹងលទ្ធភាពដែលអាចមានបទឈប់បាញ់។យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានឲ្យដឹងថា លោក Gharibabadi បាននិយាយថា៖ «លក្ខខណ្ឌដំបូងរបស់យើងសម្រាប់បទឈប់បាញ់ គឺថា ការឈ្លានពានមិនត្រូវកើតឡើងម្តងទៀតទេ»។គួរបញ្ជាក់ថា ការកើនឡើងនូវភាពតានតឹងក្នុងតំបន់ បានឡើងកម្ដៅកាន់តែខ្លាំងទៅ ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នា ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយបើយោងតាមអាជ្ញាធរអ៊ីរ៉ង់ បានឲ្យដឹងថា មនុស្សជាង ១.២០០នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់។អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រ ដែលជាទីតាំងនៃគ្រឿងយុទ្ធោបករណ៍របស់អាមេរិក៕

មេដឹកនាំបារាំង៖ របបអ៊ីរ៉ង់ មិនអាចផ្លាស់ប្តូរ «តាមរយៈការទម្លាក់គ្រាប់បែកតែម៉្យាង» នោះទេ

2026/03/10 04:52:05 pm        71
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បានលើកឡើងថា ការផ្លាស់ប្តូរ «ស៊ីជម្រៅ» ចំពោះថ្នាក់ដឹកនាំអ៊ីរ៉ង់ មិនអាចកើតឡើង «តាមរយៈការទម្លាក់គ្រាប់បែករបស់អាមេរិក-អ៊ីស្រាអែលតែម៉្យាង» នោះទេ ខណៈដែលបន្ថែមថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា អាចបន្តរយៈពេល «ជាច្រើនសប្តាហ៍»។នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle របស់បារាំង ដែលកំពុងឈរជើងនៅសមុទ្រមេឌីទែរ៉ាណេ លោក Macron បាននិយាយថា៖ «ខ្ញុំមិនគិតថា អ្នកអាចសម្រេចបាននូវការផ្លាស់ប្តូររបបស៊ីជម្រៅ ឬការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធនយោបាយតាមរយៈការទម្លាក់គ្រាប់បែកតែម៉្យាងនោះទេ»។លោក Macron បានបន្តថា សង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ «ក្នុងដំណាក់កាលដ៏ខ្លាំងក្លានេះ» អាចមានរយៈពេល «ជាច្រើនថ្ងៃ ឬប្រហែលជាច្រើនសប្តាហ៍»។ លោកបានបន្ថែមថា ខណៈដែលសង្គ្រាមមជ្ឈិមបូព៌ា បានចូលដល់សប្តាហ៍ទី២ ហើយ ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងរៀបចំបេសកកម្ម «ការពារ» ដើម្បីបើកច្រកសមុទ្រ Hormuz ដ៏សំខាន់ជាយុទ្ធសាស្ត្រឡើងវិញ។ឧទ្ធម្ភាគចក្ររបស់មេដឹកនាំបារាំងបានចុះចតនៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle ដែលត្រូវបានបញ្ជូនទៅសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្កជាសង្គ្រាម ដែលបានបង្កើតឲ្យមានភាពវឹកវរ នៅតំបន់មជ្ឈិមបូព៌ា និងគំរាមកំហែងរីករាលដាលដល់តំបន់ផ្សេងទៀត៕

ប្រធានាធិបតី៖ កូរ៉េខាងត្បូងមិនអាចរារាំងកងកម្លាំងអាមេរិកបានទេ ពាក់ព័ន្ធការផ្ទេរអាវុធទៅមជ្ឈិមបូព៌ា

2026/03/10 04:49:34 pm        63
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងមិនអាចបញ្ឈប់កងកម្លាំងអាមេរិក នៅកូរ៉េខាងត្បូង មិនឲ្យយកអាវុធមួយចំនួនទៅដាក់ពង្រាយឡើងវិញបានទេ បន្ទាប់ពីមានរបាយការណ៍ថា ប្រព័ន្ធការពារមីស៊ីល Patriot ខ្លះៗរបស់សហរដ្ឋអាមេរិក កំពុងត្រូវបានបញ្ជូនទៅតំបន់មជ្ឈិមបូព៌ា។លោក Lee បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «វាហាក់ដូចជាមានភាពចម្រូងចម្រាសថ្មីៗនេះ អំពីកងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូងដែលដឹកជញ្ជូនអាវុធមួយចំនួន ដូចជាកាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ចេញពីប្រទេស» ដោយលោកបានកត់សម្គាល់ថា បើទោះបីជាទីក្រុងសេអ៊ូល បានបង្ហាញការជំទាស់ក៏ដោយ ក៏ខ្លួនមិនមានសិទ្ធិទាមទារបែបនោះឡើយ។ជាមួយគ្នានេះ លោក Lee ក៏បានបញ្ជាក់ផងដែរថា ការដកអាវុធអាមេរិកមួយចំនួនចេញពីប្រទេស «មិនប៉ះពាល់ដល់យុទ្ធសាស្ត្រការពារ ទល់នឹងកូរ៉េខាងជើងឡើយ» ដោយបានកត់សម្គាល់ថា ការចំណាយលើការការពារជាតិ និងសមត្ថភាពធម្មតារបស់កូរ៉េខាងត្បូងលើសពីកម្រិតស្មើគ្នា នៅកូរ៉េខាងជើង។គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បាននិយាយកាលពីថ្ងៃទី៦ ខែមីនាថា យោធាអាមេរិក និងកូរ៉េខាងត្បូង កំពុងពិភាក្សាអំពីលទ្ធភាពនៃការផ្ទេរប្រព័ន្ធការពារមីស៊ីល Patriot មួយចំនួនរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង ដើម្បីយកទៅប្រើប្រាស់ក្នុងជម្លោះ នៅតំបន់មជ្ឈិមបូព៌ា៕

ក្រសួងការបរទេសទួរគីកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល

2026/03/10 04:46:57 pm        36
ទូរទស្សន៍ NTV បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសទួរគី ត្រូវបានកោះអញ្ជើញទៅក្រសួងការបរទេសទួរគី ទាក់ទងនឹងការវាយប្រហារដោយមីស៊ីលមួយផ្សេងទៀតលើទឹកដីរបស់ខ្លួនពីអ៊ីរ៉ង់។  ប្រភពទាំងនោះ បាននិយាយថា៖«ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងអង់ការ៉ា ត្រូវបានកោះអញ្ជើញទៅក្រសួងការបរទេស ដើម្បីពន្យល់អំពីឧប្បត្តិហេតុដែលមីស៊ីលបាលីស្ទីកមួយគ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅប្រទេសទួរគីពីទឹកដីអ៊ីរ៉ង់»។នាពេលព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិទួរបានរាយការណ៍ពីការស្ទាក់ចាប់មីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយចូលទៅក្នុងដែនអាកាសទួរគី។ មីស៊ីលនោះ ត្រូវបានបំផ្លាញដោយប្រព័ន្ធប្រឆាំងមីស៊ីលនិងការពារដែនអាកាសរបស់អង្គការណាតូ ដែលដាក់ពង្រាយនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។ កម្ទេចកម្ទីមួយចំនួនពីគ្រាប់រំសេវបានធ្លាក់ទៅលើដីទំនេរនៅក្នុងទីក្រុង Gaziantep ដោយពុំបានបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសនោះទេ៕

ចិន ឲ្យដឹងថា កំណើនពាណិជ្ជកម្មមានកម្រិតលើសការព្យាករ នៅក្នុងខែមករា-កុម្ភៈ

2026/03/10 04:42:35 pm        64
នៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ ទិន្នន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មរបស់ប្រទេសចិនបានកើនឡើង ១ភាគ៥ ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំនេះ ដែលជាកម្រិតលើសពីការព្យាករយ៉ាងខ្ពស់ ទោះបីជាមានការធ្លាក់ចុះនូវការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកក៏ដោយ។តួលេខផ្លូវការ សម្រាប់រយៈពេល ២ខែដំបូងនៃឆ្នាំនេះ ដែលជាធម្មតាត្រូវបានបញ្ចូលគ្នា ដើម្បីរាប់បញ្ចូលការប្រែប្រួលចេញពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនដែលកើតឡើងក្នុងពេលវេលាខុសៗគ្នា បានបង្ហាញការចាប់ផ្តើមដ៏រឹងមាំ នៅឆ្នាំ២០២៦ មុនពេលសង្គ្រាមផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា។អគ្គរដ្ឋបាលគយ បានឲ្យដឹងថា ការនាំចេញក្នុងរយៈពេលនេះ បានកើនឡើង ២១,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដោយលើសពីការព្យាករ ៧,២ភាគរយ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg ចំពោះសេដ្ឋវិទូ។ ជាមួយគ្នានេះ ការនាំចូលបានកើនឡើង ១៩,៨ភាគរយ ដែលខ្ពស់ជាងការប៉ាន់ប្រមាណ ៧ភាគរយ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg។ការកើនឡើងនូវការនាំចូល បានកើតឡើងបន្ទាប់ពីមានទិន្នន័យផ្លូវការ កាលពីថ្ងៃចន្ទ ដែលបង្ហាញថា តម្លៃទំនិញប្រើប្រាស់ហក់ឡើងក្នុងល្បឿនដ៏លឿនបំផុតជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ។ តែការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១១ភាគរយ ខណៈដែលជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោននៅតែបន្តមាន ហើយប្រធានាធិបតី Donald Trump បានជំរុញយុទ្ធនាការដំឡើងពន្ធរបស់លោក។តួលេខបានបង្ហាញថា ការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក មានចំនួនសរុប ៦៧,២៤ពាន់លានដុល្លារ ពីខែមករា ដល់ខែកុម្ភៈ ធៀបនឹង ៧៥,៥៦ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការនាំចេញទៅកាន់សហភាពអឺរ៉ុប បានកើនឡើង ២៧,៨ភាគរយ ខណៈដែលការនាំចេញទៅកាន់អាស៊ាន បានកើនឡើង ២៩,២ភាគរយ៕

លោក Trump ជំរុញឲ្យបក្សសាធារណរដ្ឋរឹតបន្តឹងការបោះឆ្នោត មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ

2026/03/10 04:35:35 pm        56
ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានថ្លែងទៅកាន់សមាជិកសភាគណបក្សសាធារណរដ្ឋដោយផ្ទាល់ កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បានជំរុញឲ្យអ្នកទាំងនោះអនុវត្តច្បាប់រឹតបន្តឹងការបោះឆ្នោតថ្មីយ៉ាងទូលំទូលាយ ជាមធ្យោបាយ ដើម្បី «ធានា» ជ័យជម្នះ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ នាខែវិច្ឆិកា ដោយបានបញ្ជាក់ថា លោកនឹងបដិសេធមិនចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ថ្មីឲ្យក្លាយជាច្បាប់ជាធរមាន រហូតដល់ពួកគេអនុវត្តកិច្ចការនោះ។ច្បាប់ស្តីពីការការពារសិទ្ធិបោះឆ្នោតជនជាតិអាមេរិក (SAVE) នឹងដាក់ការរឹតបន្តឹងការបោះឆ្នោតថ្មី ក្នុងនោះរួមទាំងការតម្រូវឲ្យផ្ដល់ភស្តុតាងសញ្ជាតិ សម្រាប់អ្នកដែលចុះឈ្មោះបោះឆ្នោត។ វាបានលេចឡើងជាលើកដំបូង កាលពី ២ឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការអះអាងមិនពិតរបស់លោក Trump ដែលថា ប្រជាជនក្នុងប្រទេសនេះ បានបោះឆ្នោតដោយខុសច្បាប់នៅក្នុងការបោះឆ្នោតអាមេរិក។អំឡុងពេលមានជួបជុំ នៅឯក្លឹបវាយកូនហ្គោល Doral របស់លោក ក្នុងទីក្រុង Miami ដើម្បីពិភាក្សាអំពីរបៀបវារៈនីតិបញ្ញត្តិរបស់លោកប្រធានាធិបតី មេដឹកនាំអាមេរិករូបនេះបានប្រាប់សមាជិកសភាគណបក្សសាធារណរដ្ឋថា៖ «វា (ការឹតបន្តឹង) នឹងធានាដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ បើអ្នកមិនយល់ទេនោះ នេះគឺជាបញ្ហាធំណាស់ តាមការយល់ឃើញរបស់ខ្ញុំ» ។គណបក្សសាធារណរដ្ឋរបស់លោក កំពុងឆ្ពោះទៅរកការធ្វើយុទ្ធនាការដែលប្រឈមនឹងផលប៉ះពាល់ផ្នែកនយោបាយ ហើយអ្នកវិភាគ លើកឡើងថា ក្រុមនេះអាចនឹងជួបការលំបាក ក្នុងការរក្សាសំឡេងភាគច្រើនស្ដួចស្ដើងរបស់ខ្លួន នៅក្នុងសភា ខណៈដែលគណបក្សប្រជាធិបតេយ្យទាញយកផលពីការមិនពេញចិត្តរបស់អ្នកបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច។ច្បាប់រឹតបន្តឹងនេះនឹងតម្រូវឲ្យជនជាតិអាមេរិកបញ្ជាក់ពីសញ្ជាតិរបស់ពួកគេ នៅពេលចុះឈ្មោះបោះឆ្នោត និងបង្ហាញអត្តសញ្ញាណប័ណ្ណដែលមានរូបថតមុនពេលបោះឆ្នោត។ វាក៏នឹងរឹតបន្តឹងការប្រើប្រាស់សន្លឹកឆ្នោតតាមប្រៃសណីយ៍ផងដែរ។ វាគឺករណីខុសច្បាប់រួចទៅហើយ សម្រាប់អ្នកដែលមិនមែនជាពលរដ្ឋទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធ។ ក្រុមឯករាជ្យ ទាំងនៅខាងឆ្វេងនិយម និងខាងស្តាំនិយម ក៏ដូចជាមន្ត្រីបោះឆ្នោតរដ្ឋ បានរកឃើញថា ការបោះឆ្នោតបែបនេះកម្រកើតមានណាស់៕

លោក Trump ប្រឈមនឹងហានិភ័យនយោបាយកាន់តែខ្លាំង ខណៈសង្គ្រាមអ៊ីរ៉ង់កាន់តែក្ដៅ

2026/03/10 04:32:23 pm        30
សមាជិកសភាសាធារណរដ្ឋ កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បានរៀបចំកិច្ចប្រជុំយុទ្ធសាស្ត្រប្រចាំឆ្នាំជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Florida ដោយមានបញ្ហាបន្ទាន់មួយធំជាង នៅក្នុងរបៀបវារៈ ដែលនោះគឺ វិធីការពារសង្គ្រាមអ៊ីរ៉ង់កុំឲ្យក្លាយជាការប៉ះពាល់ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។កិច្ចប្រជុំប្រចាំឆ្នាំដែលបានគ្រោងទុកយូរហើយ និងដែលបានរៀបចំនៅក្លឹបវាយកូនហ្គោលរបស់លោក Trump នៅទីក្រុង Miami ចាប់ផ្តើមឡើងក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីលោកបានបញ្ជាឲ្យមានការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលជំរុញឲ្យមានការវាយប្រហារសងសឹកវិញ នៅទូទាំងមជ្ឈិមបូព៌ា និងបង្កឲ្យមានផលប៉ះពាល់ នៅជុំវិញពិភពលោក។ខណៈពេលដែលតម្លៃប្រេងឆៅហក់ឡើងដល់កម្រិតខ្ពស់បំផុតជាលើកដំបូង ក្នុងរយៈពេលច្រើនឆ្នាំ ដោយតម្លៃប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកក៏ឡើងដូចគ្នាដែរ គណបក្សសាធារណរដ្ឋប្រឈមនឹងផលប៉ះពាល់ផ្នែកនយោបាយដែលអាចកើតមាន ពោលគឺត្រឹមតែ ៨ខែប៉ុណ្ណោះ មុនការបោះឆ្នោតខែវិច្ឆិកា។ ការបាត់បង់ការគ្រប់គ្រងដ៏ស្ដួចស្ដើងនៅសភា ក៏អាចប៉ះពាល់រយៈពេល ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក Trump ផងដែរ។ជម្លោះអ៊ីរ៉ង់បែបបើកចំហថ្មីនេះ បានធ្វើឲ្យមានការខ្វែងគំនិតគ្នារួចហើយនៅក្នុងចំណោមអ្នកគាំទ្រលោកប្រធានាធិបតី បន្ទាប់ពីមហាសេដ្ឋីជំនួញវ័យ ៧៩ឆ្នាំរូបនេះ បានធ្វើយុទ្ធនាការបញ្ចប់សង្គ្រាមនៅក្រៅប្រទេស។លោកសាស្ត្រាចារ្យ Todd Belt ដែលជាអ្នកជំនាញផ្នែកគ្រប់គ្រងនយោបាយ នៅសាកលវិទ្យាល័យ George Washington បានប្រាប់សារព័ត៌មាន AFP ថា៖ «ជាធម្មតា គោលនយោបាយការបរទេសមិនដើរតួនាទីសំខាន់ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិទេ ប្រសិនបើមិនមានទំនាក់ទំនងផ្ទាល់ទៅនឹងរបៀបដែលវាធ្វើឲ្យជីវិតមនុស្សកាន់តែពិបាកទៅៗនោះទេ»។លោកសាស្ត្រាចារ្យរូបនេះ បានព្រមានថា ផលប៉ះពាល់សេដ្ឋកិច្ច ដោយសារតម្លៃប្រេងដែលកំពុងហក់ឡើង អាចអូសបន្លាយរហូតដល់ថ្ងៃបោះឆ្នោត និងបន្ថែមផលវិបាកដែលគណបក្សរបស់ប្រធានាធិបតី ត្រូវប្រឈមអំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ៕

លោក Trump ពិចារណាសម្រាលទណ្ឌកម្មលើរុស្ស៊ី និងវិធានការផ្សេងទៀត ដើម្បីទម្លាក់តម្លៃប្រេង

2026/03/10 04:25:45 pm        66
យោងតាមប្រភពជាច្រើន បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាពីការបន្ធូរបន្ថយទណ្ឌកម្មប្រេង លើប្រទេសរុស្ស៊ី ព្រមទាំងប្រទេសផ្សេងទៀត និងការបញ្ចេញស្តុកប្រេងឆៅបន្ទាន់ ជាផ្នែកមួយនៃជម្រើសជាច្រើនដែលមានគោលបំណងទប់ស្កាត់ការហក់ឡើងនូវតម្លៃប្រេងសកល ក្នុងអំឡុងពេលមានជម្លោះ ជាមួយអ៊ីរ៉ង់។ការពិភាក្សាយ៉ាងម៉ត់ចត់ទាំងនេះ ឆ្លុះបញ្ចាំងពីក្ដីបារម្ភរបស់សេតវិមាន ដែលថា តម្លៃប្រេងឡើងខ្ពស់បន្ទាប់ពីមានការវាយប្រហារជាងមួយសប្តាហ៍របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ នឹងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់អាមេរិក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា ជាពេលដែលសមាជិកគណបក្សសាធារណរដ្ឋរបស់លោក Trump សង្ឃឹមថា នឹងរក្សាបាននូវការគ្រប់គ្រង នៅសភា។នៅរដ្ឋ Florida កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) លោក Trump បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលរបស់លោក កំពុងដកទណ្ឌកម្មលើប្រទេសមួយចំនួន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យទីផ្សារប្រេងមានស្ថិរភាព ប៉ុន្តែបានបដិសេធមិនផ្តល់សេចក្ដីលម្អិត។ មេដឹកនាំអាមេរិករូបនេះ បាននិយាយថា៖ «យើងមានទណ្ឌកម្មលើប្រទេសមួយចំនួន។ យើងនឹងដកទណ្ឌកម្មទាំងនោះ រហូតដល់ច្រកសមុទ្រត្រូវបានបើកចំហឡើងវិញ»។ការសម្រេចសម្រាលទណ្ឌកម្មលើរុស្ស៊ី អាចជួយជំរុញដល់ការផ្គត់ផ្គង់ប្រេងពិភពលោក នៅពេលដែលមានការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូន នៅតំបន់មជ្ឈិមបូព៌ា ដោយសារជម្លោះនៅអ៊ីរ៉ង់ដែលកាន់តែរាលដាល។ ប៉ុន្តែវាក៏អាចធ្វើឲ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់ប្រាក់ចំណូលរបស់រុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាមរបស់ប្រទេសនេះ នៅអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM