ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

បេសកជនរុស្ស៊ី៖ ការរៀបចំកិច្ចចរចាអ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប មានបញ្ហាស្មុកស្មាញ ដោយសារតែសម្ពាធ

2026/03/10 04:20:57 pm        62
លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា ការរៀបចំកិច្ចចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែននៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប គឺមានបញ្ហាដ៏ស្មុកស្មាញ ខណៈដែលមន្ត្រីសហភាពអឺរ៉ុបព្យាយាមដាក់សម្ពាធលើអ្នកចរចា។  អ្នកការទូតរុស្ស៊ីបានត្អូញត្អែរថា៖«អឺរ៉ុបក៏កំពុងក្លាយជាបញ្ហាយ៉ាងខ្លាំងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។ យើងបានឃើញកិច្ចប្រជុំចុងក្រោយបំផុតនៅទីក្រុងហ្សឺណែវ នៅពេលដែលអឺរ៉ុបអសមត្ថភាពក្នុងការដឹកនាំ និងជ្រៀតជ្រែកក្នុងការចរចា ឬមានឥទ្ធិពលលើដំណើរការនេះ បន្ទាប់មកបានដាក់មន្ត្រីជាន់ខ្ពស់របស់ខ្លួន នៅមុខទ្វារបន្ទប់ចរចា»។ លោកបានពន្យល់ថា៖«សម្ពាធបែបនេះ មិនរួមចំណែកដល់ការឈានដល់កិច្ចព្រមព្រៀងទាក់ទងនឹងតម្រូវការជាក់លាក់នូវទីកន្លែងមួយសម្រាប់កិច្ចចរចានោះទេ ក្នុងនោះមានទាំងសន្តិសុខ ភស្តុភារ និងគ្មានសម្ពាធ»។ ទាក់ទងនឹងការរៀបចំកិច្ចចរចា លោក Miroshnik បានបន្តថា កិច្ចចរចាទាំងនោះ គួរតែត្រូវបានធ្វើឡើងជាចម្បង នៅពីក្រោយទ្វារបិទជិត ដើម្បីការពារអ្នកចរចាពីសម្ពាធខាងក្រៅណាមួយ។ លោកបានសម្តែងការសោកស្តាយថា «មានមនុស្សច្រើនពេកដែលចង់មានឥទ្ធិពលលើការចរចាដល់កម្រិត ដែលពួកគេមិនអាចបន្តបាន»៕

សេវាកម្មសង្គ្រោះបន្ទាន់៖ មន្ទីរពេទ្យអ៊ីរ៉ង់ជិត ៣០កន្លែង ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ពីការទម្លាក់គ្រាប់បែក

2026/03/10 04:06:15 pm        74
អ្នកនាំពាក្យនៃនាយកដ្ឋានស្ថានភាពអាសន្នរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមក មន្ទីរពេទ្យជិត ៣០ កន្លែង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាង ៤០កន្លែង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅទូទាំងប្រទេសនេះ។  លោកបាននិយាយថា៖«ដោយសារការវាយប្រហារលើសាធារណរដ្ឋឥស្លាមនេះ មន្ទីរពេទ្យចំនួន ២៩កន្លែង មជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ៤១ កន្លែង និងមជ្ឈមណ្ឌលរថយន្តសង្គ្រោះបន្ទាន់ចំនួន ១៨ កន្លែង ត្រូវបានខូចខាត»។យោងតាមរបាយការណ៍ចុងក្រោយរបស់អឌ្ឍចន្ទក្រហមអ៊ីរ៉ង់ យ៉ាងហោចណាស់មានជនស៊ីវិលអ៊ីរ៉ង់ចំនួន ១.៣៣២នាក់ បានបាត់បង់ជីវិត ដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើសាធារណរដ្ឋនេះ៕

ស៊ីរីចោទក្រុមហេសបូឡានៅលីបង់ថា បានបាញ់គ្រាប់ផ្លោងចូលទៅក្នុងទឹកដីរបស់ខ្លួន

2026/03/10 04:03:56 pm        78
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា ស៊ីរីបាននិយាយថា ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់គ្រាប់កាំភ្លើងធំចូលទៅក្នុងទឹកដីរបស់ខ្លួនពីប្រទេសលីបង់ពេញមួយយប់ ស្របពេលមានជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងចលនាស៊ីអ៊ីតលីបង់។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មន្ត្រីកងទ័ពស៊ីរី បាននិយាយថា គ្រាប់កាំភ្លើងធំដែលបាញ់ចេញពីប្រទេសលីបង់ បានធ្លាក់នៅជិតទីក្រុង Serghaya ភាគខាងលិចនៃទីក្រុងដាម៉ាស។  កងទ័ព បានចោទប្រកាន់ក្រុមហេសបូឡាថា បានកំណត់គោលដៅទីតាំងឈរជើងរបស់ទាហានស៊ីរី ដោយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ខ្លួនបានសង្កេតឃើញក្រុមហេសបូឡាបន្ថែមកម្លាំងនៅតាមព្រំដែនស៊ីរី-លីបង់។កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ SANA ថា៖«កងទ័ពអារ៉ាប់ស៊ីរី នឹងមិនអត់ឱនចំពោះការឈ្លានពានណាមួយដែលកំណត់គោលដៅទៅលើប្រទេសស៊ីរីទេ»។លីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន នៅពេលដែលក្រុមហេសបូឡាបានវាយប្រហារអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei អំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ក្រុមហេសបូឡា និងកងកម្លាំងអ៊ីស្រាអែល បានប៉ះទង្គិចគ្នានៅភាគខាងកើតប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយអ៊ីស្រាអែលបានធ្វើការវាយប្រហារនៅទូទាំងប្រទេសលីបង់ រួមទាំងនៅរដ្ឋធានីបេរូតផងដែរ៕

មន្ត្រីជាន់ខ្ពស់ទួរគី៖ ប្រព័ន្ធការពារដែនអាកាសរបស់ណាតូស្ទាក់ចាប់មីស៊ីលបាលីស្ទីកដែលបាញ់ចេញពី អ៊ីរ៉ង់

2026/03/10 04:01:50 pm        85
ក្រសួងការពារជាតិទួរគី បានរាយការណ៍ពីការស្ទាក់ចាប់មីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ ដែលបានបាញ់ចេញពីអ៊ីរ៉ង់ ហើយចូលទៅក្នុងដែនអាកាសទួរគី។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មីស៊ីលបាលីស្ទីកមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ ហើយចូលទៅក្នុងដែនអាកាសទួរគី ត្រូវបានបំផ្លាញដោយប្រព័ន្ធប្រឆាំងមីស៊ីលនិង ការពារដែនអាកាសរបស់អង្គការណាតូ ដែលដាក់ពង្រាយនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។ កម្ទេចកម្ទីមួយចំនួនពីមីស៊ីលនោះ បានធ្លាក់ទៅលើដីទំនេរនៅក្នុងទីក្រុង Gaziantep ដោយពុំបានបង្កឲ្យមានអ្នកស្លាប់ ឬរងរបួសទេ»។ក្រសួងបានសង្កត់ធ្ងន់ថា ប្រទេសទួរគី «ផ្តល់សារៈសំខាន់យ៉ាងខ្លាំងទៅលើទំនាក់ទំនងអ្នកជិតខាងល្អ និងស្ថិរភាពក្នុងតំបន់»។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«ទោះជាយ៉ាងណាក៏ដោយ យើងសង្កត់ធ្ងន់ជាថ្មីថា វិធានការចាំបាច់ទាំងអស់ នឹងត្រូវធ្វើឡើងយ៉ាងម៉ឺងម៉ាត់ និងដោយគ្មានការស្ទាក់ស្ទើរប្រឆាំងនឹងការគំរាមកំហែងណាមួយដែលតម្រង់ទៅលើទឹកដី និងដែនអាកាសរបស់ប្រទេសយើងនោះ»៕

ប្រធានាធិបតីលីបង់អំពាវនាវឲ្យមានការចរចាដោយផ្ទាល់ ជាមួយអ៊ីស្រាអែល

2026/03/10 03:58:49 pm        74
ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានការចរចាដោយផ្ទាល់រវាងលីបង់ និងអ៊ីស្រាអែល ក្រោមការឧបត្ថម្ភពីអន្តរជាតិ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មីមួយ ដែលមានគោលបំណងបញ្ចប់ការកើនឡើងភាពតានតឹងដែលកំពុងបន្តនេះ។ក្នុងអំឡុងពេលនៃកិច្ចប្រជុំតាមអ៊ីនធឺណិតជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen លោក Aoun បានជំរុញឲ្យសហគមន៍អន្តរជាតិគាំទ្រគំនិតផ្តួចផ្តើមនេះ និងជួយអនុវត្តបទប្បញ្ញត្តិរបស់ខ្លួន។យោងតាមសំណើដែលបង្ហាញដោយលោក Aoun ប្រទេសលីបង់ និងអ៊ីស្រាអែល នឹងចាប់ផ្តើមការចរចាដោយផ្ទាល់ ក្រោមការឧបត្ថម្ភពីអន្តរជាតិ ដើម្បីអនុវត្តការរៀបចំសន្តិសុខមួយចំនួន ដែលមានគោលបំណងស្តារស្ថិរភាពឡើងវិញ។សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីលីបង់ បានរាយការណ៍ថា គំនិតផ្តួចផ្តើមនេះ អំពាវនាវឲ្យបង្កើតបទឈប់បាញ់ពេញលេញ និងបញ្ឈប់ការវាយប្រហារតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្ររបស់អ៊ីស្រាអែលទាំងអស់លើប្រទេសលីបង់។ បទឈប់បាញ់នោះ ក៏រួមបញ្ចូលទាំងការផ្តល់ការគាំទ្រផ្នែកភស្តុភារជាបន្ទាន់ដល់កងកម្លាំងប្រដាប់អាវុធលីបង់ផងដែរ។ក្រោមសំណើនេះ កងទ័ពលីបង់នឹងដាក់ពង្រាយភ្លាមៗទៅកាន់តំបន់ ដែលទើបតែមានភាពតានតឹងថ្មីៗនេះកើតឡើង គ្រប់គ្រងតំបន់ទាំងនោះ រឹបអូសអាវុធ និងរុះរើឃ្លាំងអាវុធ និងឃ្លាំងស្តុកសម្ភារៈមួយចំនួន ដែលជាកម្មសិទ្ធិរបស់ក្រុមហេសបូឡា ដោយផ្អែកលើព័ត៌មានដែលមាន៕

ក្រុមសិទ្ធិមនុស្ស៖ មនុស្សជាង ១.២០០នាក់ បានស្លាប់ក្នុងការវាយប្រហារដោយយានដ្រូននៅប្រទេសហៃទី

2026/03/10 03:56:40 pm        57
អង្គភាពឃ្លាំមើលសិទ្ធិមនុស្ស HRW បាននិយាយក្នុងរបាយការណ៍មួយនៅថ្ងៃអង្គារ (១០ មីនា) នេះថា ការវាយប្រហារដោយយានដ្រូនដឹកគ្រាប់បែក ពីសំណាក់កងកម្លាំងសន្តិសុខហៃទី ដែលកំណត់គោលដៅលើក្រុមជនអន្ធពាលប្រដាប់អាវុធ បានសម្លាប់មនុស្សជាង ១.២០០ នាក់ រួមទាំងជនស៊ីវិលពេញវ័យ ៤៣ នាក់ និងកុមារ ១៧ នាក់ ដោយបន្ថែមថា ប្រតិបត្តិការនោះកើនឡើងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ។ចាប់តាំងពីខែមីនាឆ្នាំមុន កងកម្លាំងសន្តិសុខហៃទី ដោយមានការគាំទ្រពីស្ថាប័ន Vectus Global បានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមឧក្រិដ្ឋជន ដោយប្រើប្រាស់យានដ្រូនមានស្លាបបួន ដែលបំពាក់ដោយគ្រឿងផ្ទុះជាញឹកញាប់ លើតំបន់ដែលមានប្រជាជនរស់នៅច្រើននៃរដ្ឋធានីព័រអូប្រាំង។ គួរឱ្យដឹងថា ស្ថាប័ន Vectus Global នេះគឺជាក្រុមហ៊ុនយោធាឯកជនមួយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ភារធារីសហរដ្ឋអាមេរិកប្រចាំហៃទី បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាកាលពីខែមុនថា ក្រសួងការបរទេសអាមេរិក បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Vectus ឱ្យនាំចេញសេវាកម្មរបស់ខ្លួនទៅហៃទី។ លោកស្រី Juanita Goebertus ប្រធានអង្គការ HRW ប្រចាំទ្វីបអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមសិទ្ធិមនុស្សមួយនេះ បានកត់ត្រាការប្រើប្រាស់កម្លាំងដោយខុសច្បាប់ជាច្រើនករណី ហើយលោកស្រីបានជំរុញឱ្យបណ្ដាដៃគូរបស់ហៃទី គួរតែឈប់សហការជាមួយកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ រហូតដល់ពួកគេអនុវត្តវិធានការការពារជនស៊ីវិល។ដោយផ្អែកលើការសម្ភាសន៍ជាមួយក្រុមវេជ្ជបណ្ឌិត សាច់ញាតិជនរងគ្រោះ មេដឹកនាំសហគមន៍ និងវីដេអូនៃការវាយប្រហារនានា អង្គការ HRW បានរកឃើញថា ការវាយប្រហារដោយយានដ្រូនបានសម្លាប់មនុស្សចំនួន ១.២៤៣ នាក់ ចន្លោះខែមីនា ឆ្នាំមុន ដល់ថ្ងៃទី២១ ខែមករា នៃឆ្នាំនេះ។ ប្រជាពលរដ្ឋហៃទីមួយចំនួនបានប្រាប់អង្គការ HRW ថា ពួកគេខ្លាចមិនហ៊ានចាកពីផ្ទះសម្បែងឡើយ ដោយសារតែយានដ្រូនវាយប្រហារ បន្តហោះហើរពាសពេញតំបន់រដ្ឋធានី៕

មេដឹកនាំក្នុងតំបន់អំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា

2026/03/10 03:30:34 pm        165
ក្រុមមេដឹកនាំនៅមជ្ឈិមបូព៌ាកាលពីថ្ងៃចន្ទ បានជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីទប់ស្កាត់ភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបន្តការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ ដែលជំរុញឲ្យមានការវាយប្រហារសងសឹក។មេដឹកនាំទាំងនោះ បានធ្វើការអត្ថាធិប្បាយតាមរយៈសន្និសីទតាមវីដេអូ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលបានធ្វើឡើងដោយសហភាពអឺរ៉ុបទាក់ទងនឹងការវិវត្តក្នុងតំបន់នាពេលបច្ចុប្បន្ន ដោយមានការចូលរួមពីមេដឹកនាំ និងមន្ត្រីមកពីប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ហ្ស៊កដានី លីបង់ ស៊ីរី ទួរគី អ៊ីរ៉ាក់ អាមេនី និងអាស៊ែរបៃហ្សង់។អំឡុងពេលសន្និសីទ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគ្រប់ភាគីទាំងអស់ដែលអនុវត្តការអត់ធ្មត់ ធ្វើការដើម្បីកាត់បន្ថយការកើនឡើងភាពតានតឹង ការផ្តល់អាទិភាពដល់ភាសានៃការសន្ទនា និងជំរុញឲ្យមានផ្លូវការទូត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតីនៃប្រទេសនេះ។លោក Sisi បានសង្កត់ធ្ងន់ថា ការដោះស្រាយវិបត្តិ និងជម្លោះតាមរយៈមធ្យោបាយសន្តិភាព គឺជាជម្រើសត្រឹមត្រូវសម្រាប់ការសម្រេចបាននូវស្ថិរភាព និងសន្តិសុខដែលប្រាថ្នាចង់បាន។ លោកក៏បានបញ្ជាក់ពីភាពចាំបាច់នៃការបញ្ឈប់ជាបន្ទាន់ចំពោះ «ការវាយប្រហារទាំងអស់» លើបណ្តាប្រទេសអារ៉ាប់។យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នទំនាក់ទំនងផ្នែករដ្ឋបាលនិងនយោបាយរវាងព្រះមហាក្សត្រនិងរដ្ឋហ្ស៊កដានី ព្រះមហាក្ស Abdullah ទី២ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពឹងផ្អែកលើការទូត និងការសន្ទនា ដើម្បីទប់ស្កាត់ភាពតានតឹងដែលកំពុងកើនឡើង នៅក្នុងតំបន់នេះ៕

និស្សិតសាកលវិទ្យាល័យគុយបា ធ្វើបាតុកម្មដ៏កម្រមួយ ស្របពេលកង្វះថាមពល និងដាច់អ៊ីនធឺណិត

2026/03/10 03:16:14 pm        156
និស្សិតសាកលវិទ្យាល័យគុយបាមួយក្រុមតូច បានរៀបចំបាតុកម្មដ៏កម្រមួយដែលមានរយៈពេលរាប់ម៉ោង នៅសាកលវិទ្យាល័យឡាហាវ៉ាន កាលពីថ្ងៃចន្ទ (៩ មីនា) ដោយសារការខឹងសម្បារចំពោះភាពរអាក់រអួលនៃម៉ោងសិក្សា ស្របពេលការបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងពីសំណាក់សហរដ្ឋអាមេរិក ដែលបានរួមចំណែកធ្វើឱ្យបណ្ដាញអគ្គិសនីរបស់ប្រទេសគុយបា ខិតជិតសភាពដួលរលំ ព្រមទាំងការដាច់អ៊ិនធឺណិតឥតឈប់ឈរ។ក្រុមនិស្សិតបានអង្គុយតវ៉ានៅក្រោមពន្លឺថ្ងៃដ៏ក្តៅគគុក ដែលបង្កឱ្យមានជម្លោះពាក្យសម្ដីន្តិចបន្តួចជាមួយសាស្ត្រាចារ្យ និងបុគ្គលិករដ្ឋបាលសាកលវិទ្យាល័យមួយចំនួន។ ហ្វូងនិស្សិតតវ៉ាទាំងនោះបាននិយាយថា អាជ្ញាធរបានបរាជ័យក្នុងការចាត់វិធានការឱ្យបានសមស្រប ដើម្បីទប់ស្កាត់ការរំខានធ្ងន់ធ្ងរដល់ការសិក្សា ក្នុងពេលដែលលសហរដ្ឋអាមេរិក បានបង្កើនការដាក់ទណ្ឌកម្ម និងសម្ពាធលើប្រទេសកោះក្នុងតំបន់ការ៉ាអ៊ីពមួយនេះ។កាលពីខែមករា អាមេរិក បានកាត់ផ្ដាច់ការដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡា មិនឱ្យទៅដល់គុយបានោះទេ ដែលបានធ្វើឱ្យបណ្ដាញអគ្គិសនីដែលកំពុងតែទ្រុឌទ្រោមស្រាប់ទៅហើយរបស់ប្រទេសកោះនេះ កាន់តែអាក្រក់ទៅៗ ដោយសារកង្វះខាតប្រេងឥន្ធនៈ និងបង្កឱ្យមានផលប៉ះពាល់ជាបន្តបន្ទាប់ដល់ការដឹកជញ្ជូន ការផ្គត់ផ្គង់ស្បៀងអាហារ និងបណ្ដាញទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិត។អាជ្ញាធរគុយបា បានប្រកាសវិធានការជាបន្តបន្ទាប់កាលពីខែមករា ដើម្បីជួយសម្រួលវិបត្តិថាមពល រួមទាំងការសិក្សាពីចម្ងាយដូចកាលពីសម័យជំងឺរាតត្បាតកូវីដ-១៩ជាដើម។ ប៉ុន្តែក្រុមនិស្សិតបានលើកឡើងថា វិធានការទាំងនោះមិនទាន់គ្រប់គ្រាន់ឡើយ ហើយបានសម្រេចចិត្តធ្វើបាតុកម្មដើម្បីសម្ដែងកង្វល់របស់ពួកគេ៕

អ៊ីស្រាអែលអះអាងថា ទាហាននិងមេបញ្ជាការអ៊ីរ៉ង់ប្រហែល ១.៩០០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារ

2026/03/10 03:11:37 pm        196
អ្នកនាំពាក្យយោធា Effie Defrin បាននិយាយកាលពីថ្ងៃចន្ទថា យោធាអ៊ីស្រាអែល បានសម្លាប់ទាហាន និងមេបញ្ជាការអ៊ីរ៉ង់ប្រហែល ១.៩០០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយបន្ថែមថា អ៊ីស្រាអែលមិនបានច្រានចោលការកំណត់គោលដៅលើមេដឹកនាំកំពូលដែលទើបប្រកាសថ្មីរបស់អ៊ីរ៉ង់នោះទេ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Defrin ក៏បានបញ្ជាក់ផងដែរថា មនុស្សទី២ ត្រូវបានសម្លាប់នៅព្រឹកថ្ងៃចន្ទ នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅអ៊ីស្រាអែល ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់អ៊ីរ៉ង់នៅក្នុងប្រទេសនេះ កើនឡើងដល់ ១២នាក់ បន្ថែមពីលើទាហានពីរនាក់ដែលត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡានៅប្រទេសលីបង់។យោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល មនុស្សសរុបចំនួន ២.២៣៨នាក់ នៅអ៊ីស្រាអែល ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យ ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រា      អែលលើអ៊ីរ៉ង់ ដោយ ៩១នាក់ក្នុងចំណោមពួកគេ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។លោក Defrin បាននិយាយថា កងទ័ពអាកាសបានបន្តការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃចន្ទ ជាមួយនឹងការវាយប្រហារនៅទីក្រុងតេអេរ៉ង់, Isfahan និងភាគខាងត្បូងអ៊ីរ៉ង់៕

IAEA៖ អ៊ុយរ៉ានីញ៉ូមភាគច្រើនរបស់អ៊ីរ៉ង់ ដែលជិតកម្រិតគ្រាប់បែកនុយក្លេអ៊ែរ ទំនងជាទុកនៅទីក្រុង Isfahan

2026/03/10 03:07:31 pm        134
អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានថ្លែងកាលពីថ្ងៃចន្ទ (៩ មីនា) ថា ចំនួនជិតពាក់កណ្តាលនៃសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ដែលមានកម្រិតភាពសុទ្ធដល់ទៅ ៦០% ពោលគឺជាកម្រិតកៀកនឹងការផលិតអាវុធនុយក្លេអ៊ែរ ត្រូវបានរក្សាទុកក្នុងបណ្តាញផ្លូវរូងក្រោមដីមួយនៅទីក្រុង Isfahan ហើយទំនងជាលាក់ទុកនៅទីនោះនៅឡើយ។លោក Grossi បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉ារីសថា៖ «អ្វីដែល IAEA ជឿជាក់នោះគឺថា គិតត្រឹមការត្រួតពិនិត្យចុងក្រោយរបស់ស្ថាប័ន IAEA បានឱ្យដឹងថា ទីក្រុង Isfahan មានអ៊ុយរ៉ានីញ៉ូមកម្រិតភាពសុទ្ធ ៦០% ចំនួនជាង ២០០ គីឡូក្រាម ឬអាចលើសនេះបន្តិចបន្តួច»។ លោកបន្តថា ស្តុកទាំងនោះ «ជាចម្បង» គឺស្ថិតនៅ Isfahan ហើយសារធាតុខ្លះដែលរក្សាទុកនៅកន្លែងផ្សេងទៀត អាចនឹងត្រូវបានបំផ្លាញចោលរួចទៅហើយ។បណ្តាញផ្លូវរូងក្រោមដីនេះ គឺជាគោលដៅតែមួយគត់ ដែលហាក់ដូចជាមិនបានរងការខូចខាតធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារកាលពីខែមិថុនាឆ្នាំមុន ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក្រុមអ្នកការទូតបានលើកឡើងជាយូរមកហើយថា រោងចក្រនៅទីក្រុង Isfahan ត្រូវបានប្រើសម្រាប់រក្សាទុកអ៊ុយរ៉ានីញ៉ូម ដែលមានកម្រិតភាពសុទ្ធ ៦០% ខណៈទីភ្នាក់ងារ IAEA ក៏បានបញ្ជាក់ពីបញ្ហានេះនៅក្នុងរបាយការណ៍របស់ខ្លួនជូនរដ្ឋជាសមាជិកកាលពីខែមុន ប៉ុន្តែមិនបានលម្អិតពីចំនួនពិតប្រាកដនោះទេ។យោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារ IAEA បានបង្ហាញថា នៅពេលដែលអ៊ីស្រាអែល បើកការវាយប្រហារលើកដំបូងក្នុងខែមិថុនា អ៊ីរ៉ង់មានអ៊ុយរ៉ានីញ៉ូមកម្រិតសុទ្ធ ៦០% ចំនួន ៤៤០,៩ គីឡូក្រាម។ ប្រសិនបើត្រូវបានចម្រាញ់បន្ថែមទៀត ចំនួននេះនឹងផ្តល់នូវសារធាតុផ្ទុះដែលត្រូវការ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរចំនួន ១០គ្រាប់ នេះបើយោងតាមរង្វាស់កំណត់របស់ IAEA៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM