ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមឃើដនៅអ៊ីរ៉ាក់ និយាយថា ខ្លួនត្រៀមរួចជាស្រេច ដើម្បីទប់ទល់នឹងអ៊ីរ៉ង់

2026/03/10 03:03:54 pm        135
ក្រុមឧទ្ទាមឃើដឆ្វេងនិយម បាននិយាយចេញពីកន្លែងលាក់ខ្លួន នៅលើភ្នំអ៊ីរ៉ាក់ជិតប្រទេសអ៊ីរ៉ង់ថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែសង្ឃឹមថា នឹងមានការបះបោរ មុនពេលពួកគេធ្វើអន្តរាគមន៍ ដោយមានឬគ្មានការគាំទ្រពីសហរដ្ឋអាមេរិក។បន្ទាប់ពីនិយាយថា លោកនឹង «គាំទ្រពេញទំហឹង»ចំពោះការវាយលុករបស់ក្រុមឃើដលើអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាបានផ្លាស់ប្តូរជំហរទៅវិញ កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា លោកមិនចង់បានការវាយប្រហារបែបនេះទេ។មេបញ្ជាការជាន់ខ្ពស់ លោក Roken Nerada នៃគណបក្សជីវិតសេរីនៃជនជាតិឃើដ (PJAK) បាននិយាយថា៖«ប្រសិនបើមានការវាយប្រហារលើប្រជាជនឃើដ យើងត្រៀមខ្លួនគ្រប់មធ្យោបាយ ដើម្បីទប់ទល់ ដូចដែលយើងធ្លាប់ធ្វើនាពេលកន្លងមកនោះ»។លោក Nerada អាយុ ៣៩ឆ្នាំ ដែលបានចូលរួមជាមួយក្រុមឧទ្ទាមនេះកាលពី ១៧ ឆ្នាំមុន បាននិយាយថា៖«ខ្ញុំគិតថា យើងអាចសម្រេចបាននូវសិទ្ធិរបស់យើង ដោយមិនចាំបាច់មានជំនួយពីសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀតទេ»។ ដូចក្រុមឧទ្ទាមឃើដអ៊ីរ៉ង់ដទៃទៀតដែរ PJAK មានមូលដ្ឋាននៅលើភ្នំនៃតំបន់ឃើដឌីស្តង់ស្វយ័តភាគខាងជើងរបស់ប្រទេសអ៊ីរ៉ាក់ ប៉ុន្តែបានបន្តលាក់ខ្លួននៅក្នុងតំបន់ដែលភាគច្រើនជាជនជាតិឃើដ នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ៕

លោក Zelenskyy៖ អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពជុំថ្មី «នៅពេលណាក៏បាន»

2026/03/10 02:58:30 pm        98
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទ (៩ មីនា) ថា អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាសន្តិភាពជុំថ្មី ដែលគាំទ្រដោយសហរដ្ឋអាមេរិក «នៅពេលណាក៏បាន» ប៉ុន្តែការយកចិត្តទុកដាក់របស់ដៃគូអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ កំពុងផ្តោតលើជម្លោះនៅអ៊ីរ៉ង់ ដោយបន្ថែមថា សហរដ្ឋអាមេរិក បានស្នើពន្យារពេលកិច្ចប្រជុំនាពេលខាងមុខ។ក្នុងសារបង្ហោះលើបណ្ដាញសង្គម X លោក Zelenskyy បាននិយាយថា ទីក្រុងមូស្គូ កំពុងព្យាយាមរៀបចំជម្លោះនេះដើម្បីផលប្រយោជន៍របស់ខ្លួន ហើយមានបំណងបង្វែរការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសជិតខាង និងមូលដ្ឋានទ័ពអាមេរិក ឱ្យទៅជា «សមរភូមិទីពីរនៃសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន»។ លោកសង្កត់ធ្ងន់ថា «ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំនៅពេលណាក៏បាន ក្នុងគ្រប់ទម្រង់ទាំងអស់ ទាក់ទងនឹងការបញ្ចប់សង្គ្រាម»។កិច្ចចរចាជាច្រើនជុំ ដែលមានគោលបំណងបញ្ចប់ជម្លោះរយៈពេលជាង ៤ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន ពុំទាន់មានវឌ្ឍនភាពលើបញ្ហាសំខាន់ៗនៅឡើយទេ រួមទាំងការទាមទាររបស់រុស្ស៊ី ឱ្យទីក្រុងគីវ បោះបង់ចោលទឹកដីដែលកងទ័ពទីក្រុងមូស្គូ មិនអាចដណ្តើមយកបាន។កិច្ចចរចាត្រីភាគីជុំចុងក្រោយបំផុតរវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ។ កិច្ចប្រជុំមួយផ្សេងទៀតដែលបានគ្រោងទុកសម្រាប់ចុងខែកុម្ភៈ ហើយក្រោយមកបានលើកទៅដើមខែមីនានេះ ត្រូវបានពន្យារពេលភ្លាមៗ មុនពេលទីក្រុងវ៉ាស៊ីនតោន បើកការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់៕

យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារ «អាកាសយានដ្ឋានយោធា» ចំនួន ៦កន្លែង នៅអ៊ីរ៉ង់

2026/03/10 02:54:14 pm        106
យោធាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួនបានធ្វើ «ការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងអាកាសយានដ្ឋានយោធាចំនួន ៦កន្លែង» នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងឧត្តមភាពផ្លូវអាកាសរបស់ខ្លួន លើសាធារណរដ្ឋឥស្លាមនេះ។យោធាបាននិយាយថា៖«យន្តហោះជាច្រើនគ្រឿង ត្រូវបានបំផ្លាញ ក្នុងនោះមានយន្តហោះរបស់កងកម្លាំង Quds Force ដែលជាកម្មសិទ្ធិរបស់កងឆ្មាំបដិវត្តន៍ឥស្លាម និងឧទ្ធម្ភាគចក្រប្រយុទ្ធមួយចំនួនរបស់អ៊ីរ៉ង់»។«លើសពីនេះ ផ្លូវយន្តហោះរត់ និងប្រព័ន្ធការពារ និងចាប់សញ្ញា ដែលមានបំណងប្រតិបត្តិការប្រឆាំងនឹងយន្តហោះរបស់កងទ័ពអាកាសអ៊ីស្រាអែល ដែលកំពុងប្រតិបត្តិការនៅក្នុងដែនអាកាសអ៊ីរ៉ង់ ត្រូវបានវាយប្រហារ»។ការវាយប្រហារទាំងនេះ ហាក់ដូចជារួមបញ្ចូលការវាយប្រហារដែលបានប្រកាសកាលពីថ្ងៃសៅរ៍លើអាកាសយានដ្ឋានអន្តរជាតិ Mehrabad នៃទីក្រុងតេអេរ៉ង់ ដែលយោធាអ៊ីស្រាអែលបាននិយាយថា បានបំផ្លាញយន្តហោះចំនួន ១៦គ្រឿង ដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍។អ៊ីស្រាអែល និងសហរដ្ឋអាមេរិក និយាយថា ពួកគេបានគ្រប់គ្រងភាគច្រើននៃដែនអាកាសអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការវាយប្រហាររបស់ពួកគេ នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលបង្កឲ្យមានសង្គ្រាមនៅមជ្ឈិមបូព៌ា៕

អ៊ីរ៉ង់ បើកការវាយប្រហារថ្មីទៅលើប្រទេសអារ៉ាប់ឈូងសមុទ្រ ខណៈខ្លួនបន្តដាក់សម្ពាធលើតំបន់

2026/03/10 02:33:18 pm        88
នៅថ្ងៃអង្គារ (១០ មីនា) នេះ អ៊ីរ៉ង់ បានបើកការវាយប្រហារថ្មីលើបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ ខណៈខ្លួនព្យាយាមរក្សាសម្ពាធលើតំបន់មជ្ឈិមបូព៌ា ក្នុងសង្គ្រាមមួយដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើងយ៉ាងគំហុក និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ។ ជាមួយគ្នានេះ កងជីវពលគាំទ្រអ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាសនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ស៊ីរ៉ែនព្រមានពីការវាយប្រហារដោយមីស៊ីល បានបន្លឺឡើងទាំងព្រឹកព្រលឹមថ្ងៃអង្គារនេះ នៅបណ្ដាប្រទេសអារ៉ាប់ឈូងសមុទ្រ ដូចជានៅអាមីរ៉ាតអារ៉ាប់រួម និងនៅបារ៉ែន ខណៈអារ៉ាប៊ីសាអ៊ូឌីត និយាយថា ខ្លួនបានបំផ្លាញយានដ្រូនចំនួនពីរគ្រឿងនៅលើតំបន់ភាគខាងកើតដែលសម្បូរប្រេងរបស់ខ្លួន ហើយឆ្មាំជាតិកូវ៉ែត ក៏បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន ៦គ្រឿងផងដែរ។បន្ថែមពីលើការបាញ់មីស៊ីល និងយានដ្រូនដាក់លើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ អ៊ីរ៉ង់ក៏បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលរួមផ្សំជាមួយនឹងការគ្រប់គ្រងរបស់ខ្លួននៅលើច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃប្រេងកើនឡើងយ៉ាងខ្លាំង។ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលពីមុនបាននិយាយថា សង្គ្រាមនេះអាចមានរយៈពេលប្រហែលមួយខែ ឬយូរជាងនេះ បាននិយាយជាថ្មីថា ជម្លោះនេះនឹងជាដំណើររយៈពេលខ្លីប៉ុណ្ណោះ។ ក្នុងការឆ្លើយតបដ៏ជាក់ស្តែងមួយចំពោះសុន្ទរកថារបស់លោក Trump អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា «អ៊ីរ៉ង់គឺជាអ្នកកំណត់ថា ពេលណាសង្គ្រាមនឹងបញ្ចប់»៕

លោក Putin ថា រុស្ស៊ី អាចផ្គត់ផ្គង់ ប្រេង និងឧស្ម័នដល់អឺរ៉ុប បាន ខណៈតម្លៃថាមពលកើនឡើង

2026/03/10 01:00:39 pm        134
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ប្រេង និងឧស្ម័នដល់អឺរ៉ុបដោយមានលក្ខខណ្ឌ ខណៈសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz )ត្រូវផ្អាក។ប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយក្នុងការអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទ៩មីនា ដើមសប្ដាហ៍នេះថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអតិថិជនអឺរ៉ុប ដែលភាគច្រើនបានឈប់ទិញពីប្រទេសរបស់លោក ក្នុងគោលបំណងបញ្ឈប់ការផ្តល់មូលនិធិដល់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រសិនបើពួកគេចង់ត្រលប់ទៅរកកិច្ចសហប្រតិបត្តិការរយៈពេលវែងវិញ។ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសនៅអឺរ៉ុបបានចំណាយពេលបួនឆ្នាំកន្លងមកនេះ កាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ីយ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន និងទណ្ឌកម្មជាបន្តបន្ទាប់របស់សហភាពអឺរ៉ុប និងក្រុមប្រទេសមានឧស្សាហកម្មឈានមុខទាំង៧ របស់ពិភពលោក ឬ ក្រុមប្រទេសG7។ សហភាពអឺរ៉ុបបានហាមប្រាមការនាំចូលប្រេងឆៅរបស់រុស្ស៊ីតាមសមុទ្រក្នុងឆ្នាំ ២០២២  ខណៈការនាំចេញតាមបំពង់បង្ហូរប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី ត្រូវបានផ្អាកចាប់តាំងពីខែមករា ដោយសារតែការខូចខាតដល់បំពង់បង្ហូរប្រេង Druzhba តាមរយៈអ៊ុយក្រែន។លោកបានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល និងប្រធានក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធំៗរបស់រុស្ស៊ីថា ប្រសិនបើក្រុមហ៊ុនអឺរ៉ុប និងអតិថិជនទិញអឺរ៉ុបសម្រេចចិត្តផ្លាស់ប្តូរទិសដៅរបស់ខ្លួនភ្លាមៗ និងផ្តល់ឱ្យពួកលោកនូវកិច្ចសហប្រតិបត្តិការរយៈពេលវែង និងប្រកបដោយចីរភាព ដោយគ្មានសម្ពាធនយោបាយ នោះរុស្ស៊ី មិនដែលបដិសេធឡើយ។ ពួកលោកក៏ត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការធ្វើការជាមួយបណ្តាប្រទេសនៅអឺរ៉ុប៕

ប៉ាគីស្ថាន នឹងបិទសាលារៀន និងចាត់វិធានការផ្សេងៗកាត់បន្ថយថាមពល ខណៈតម្លៃប្រេងកើនឡើង

2026/03/10 12:54:27 pm        128
នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថា សាលារៀននឹងបិទរយៈពេលពីរសប្តាហ៍ ហើយបានប្រកាសកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់រដ្ឋាភិបាលនិងការចំណាយច្រើន កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ដោយនិយាយថា តម្លៃប្រេងកើនឡើង បង្កដោយសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលកំពុងគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ច។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ លោក Sharif បាននិយាយថា រដ្ឋាភិបាលនឹងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនៅទូទាំងក្រសួងរដ្ឋាភិបាល ផ្លាស់ប្តូរសេវាសាធារណៈជាច្រើនតាមអនឡាញ និងរឹតត្បិតតឹងរ៉ឹងលើការចំណាយ ដើម្បីទប់ទល់ចំពោះការរង្គោះរង្គើនៃតម្លៃនាំចូលថាមពលខ្ពស់។ ក្រោមវិធានការថ្មី សាលារៀនទាំងអស់នឹងត្រូវបិទរយៈពេលពីរសប្តាហ៍ចាប់ពីសប្តាហ៍ក្រោយ ខណៈសាកលវិទ្យាល័យនឹងប្តូរទៅថ្នាក់រៀនតាមអនឡាញភ្លាមៗ ដើម្បីកាត់បន្ថយការធ្វើដំណើរ។ លោក Sharif បាននិយាយ ក្រសួងរដ្ឋាភិបាលនឹងប្រឈមការកាត់បន្ថយប្រាក់ឧបត្ថម្ភប្រេងឥន្ធនៈ៥០% រយៈពេលពីរខែ ហើយរថយន្តផ្លូវការ ៦០% មិនរាប់បញ្ចូលរថយន្តក្រុងក្រុង និងរថយន្តសង្គ្រោះបន្ទាន់ នឹងមិនដំណើរសកម្មទៀតទេ ។លោកក៏បានប្រកាសផងដែរថា មានតែបុគ្គលិក ៥០% ប៉ុណ្ណោះដែលនឹងធ្វើការនៅក្នុងការិយាល័យ លើកលែងតែសេវាចាំបាច់ ហើយការិយាល័យរដ្ឋាភិបាលនឹងដំណើរការការងារបួនថ្ងៃក្នុងមួយសប្តាហ៍។ ការចំណាយរបស់ក្រសួងនឹងត្រូវកាត់បន្ថយ២០% ដោយមានបម្រាមទិញរថយន្ត ម៉ាស៊ីនត្រជាក់ និងគ្រឿងសង្ហារិម ហើយការធ្វើដំណើរទៅក្រៅប្រទេសភាគច្រើនដោយរដ្ឋមន្ត្រី និងមន្ត្រីនឹងត្រូវបានរឹតត្បិត។

អាមេរិក៖ ជំនួយរបស់អង្គការសហប្រជាជាតិទៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវការការវាយតម្លៃ

2026/03/10 12:50:16 pm        79
ទោះបីជាអ្វីដែលខ្លួនចាត់ទុកថាជា «មហន្តរាយ» មនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏ដោយ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ទី៩ ខែមីនា ថា ជំនួយអន្តរជាតិទៅកាន់ប្រទេសនេះ គួរតែត្រូវបានវាយតម្លៃ ដោយសារតែ «ភាពប្រកាន់តឹង» របស់ក្រុមតាលីបង់ និងការដកចេញសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនស្ត្រី។ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសអាហ្វហ្គានីស្ថាន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បាននិយាយថា ថវិកាសម្រាប់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលអាណត្តិនឹងត្រូវបន្តនៅសប្តាហ៍ក្រោយនេះ គឺជាថវិកាច្រើនបំផុតនៃបេសកកម្មពិសេសរបស់អង្គការសហប្រជាជាតិណាមួយនៅក្នុងពិភពលោក។លោក Waltz បាននិយាយថា «ដោយសារតែភាពប្រកាន់តឹងរបស់ក្រុមតាលីបង់ យើងត្រូវតែវាយតម្លៃដោយប្រុងប្រយ័ត្នអំពីប្រយោជន៍នៃជំនួយអន្តរជាតិ និងការចូលរួមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន» ទោះបីជាលោកបានបញ្ជាក់ពី «មហន្តរាយមនុស្សធម៌» កំពុងបន្តនៅទីនោះក៏ដោយ។ លោកបាននិយាយបន្ថែមថា «ក្រុមប្រឹក្សានេះ ត្រូវតែពិចារណាដោយប្រុងប្រយ័ត្ននូវថវិកាដែលយើងផ្តល់រួមគ្នាសម្រាប់ថវិកាបេសកកម្ម នៅពេលដែលបុគ្គលិកជាតិជាស្ត្រីរបស់បេសកកម្ម មិនអាចចូលទៅក្នុងការិយាល័យដើម្បីធ្វើការបាន»។ ប្រទេសអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់ក្រុមតាលីបង់កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌បន្ទាន់បំផុតមួយរបស់ពិភពលោក។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនអាហ្វហ្គានីស្ថានជាង ១៧ លាននាក់ ឬមួយភាគបីនៃចំនួនប្រជាជនសរុប កំពុងប្រឈមកង្វះស្បៀងអាហារធ្ងន់ធ្ងរ រួមទាំង ៤,៧ លាននាក់កំពុងប្រឈមនឹងកម្រិតនៃភាពអត់ឃ្លានក្នុងគ្រាអាសន្ន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ការចរចាជាមួយអាមេរិក អាចនឹងពុំមាននៅក្នុងរបៀបវារៈទេ

2026/03/10 12:46:42 pm        122
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា អ៊ីរ៉ង់មិនទំនងជាបន្តការចរចាជាមួយសហរដ្ឋអាមេរិកទៀតទេ បន្ទាប់ពីមានអរិភាពកាលពីពេលថ្មីៗនេះ ដោយលើកឡើងពីអ្វីដែលលោកបានពិពណ៌នាថាជា «បទពិសោធន៍ដ៏ជូរចត់» ជាមួយនឹងការចរចានាពេលកន្លងទៅ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន PBS NewsHour ពីទីក្រុងតេអេរ៉ង់ លោក Araqchi បាននិយាយថា ទោះបីជាមានវឌ្ឍនភាពក្នុងអំឡុងពេលចរចាជុំមុនៗក៏ដោយ សកម្មភាពរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យខូចដំណើរការផ្នែកការទូត ដែលធ្វើឱ្យការសន្ទនាបន្ថែមទៀតជាមួយទីក្រុងវ៉ាស៊ីនតោនមិនទំនងជាវិលត្រឡប់ទៅរករបៀបវារៈរបស់អ៊ីរ៉ង់វិញទេ។លោក Araqchi បាននិយាយថា «ខ្ញុំមិនគិតថា កិច្ចពិភាក្សាជាមួយអាមេរិក ឬការចរចាជាមួយអាមេរិកម្តងទៀត នឹងស្ថិតនៅលើរបៀបវារៈនោះទេ»។លោក Araqchi ក៏បានដាក់កំហុសលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះការកើនឡើងអស្ថិរភាពនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយនិយាយថាការវាយប្រហារលើអ៊ីរ៉ង់ បានរំខានដល់ការផលិតប្រេង និងការដឹកជញ្ជូននៅក្នុងតំបន់។ លោកបានពណ៌នាអំពីជម្លោះនេះថាជា «សង្គ្រាមដែលដាក់មកលើយើង» ដោយទទូចថាសកម្មភាពរបស់អ៊ីរ៉ង់គឺជាសកម្មភាពការពារខ្លួន ហើយទីក្រុងតេអេរ៉ង់ មិនទទួលខុសត្រូវចំពោះផលវិបាកទូលំទូលាយដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ និងសហគមន៍អន្តរជាតិនោះទេ។

អាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនទប់ទល់នឹងវិបត្តិប្រេង ស្របពេលភាពតានតឹងនៅមជ្ឈិមបូព៌ា

2026/03/10 12:43:16 pm        100
ប្រទេសនានានៅអាស៊ី-ប៉ាស៊ីហ្វិក កំពុងតែចាត់វិធានការបន្ទាន់ដើម្បីទប់ទល់នឹងវិបត្តិប្រេង រាប់ចាប់ពីការទប់ស្កាត់ការដំឡើងថ្លៃប្រេងឥន្ធនៈក្នុងស្រុក រហូតដល់ការផ្អាកការនាំចេញផលិតផលប្រេងកាត ដើម្បីធានាសន្តិសុខថាមពល ខណៈតម្លៃប្រេងកើនឡើងខ្ពស់ ស្របពេលមានជម្លោះនៅមជ្ឈិមបូព៌ា។អស់ជាច្រើនថ្ងៃមកហើយ តម្លៃប្រេងឆៅឡើងចុះមិនទៀតទាត់នៅក្នុងកម្រិតដ៏ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២២មក បន្ទាប់ពីប្រទេសផលិតប្រេងនៅឈូងសមុទ្រពែក្ស — រួមទាំងកូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ាក់ — បានប្រកាសថា ពួកគេកំពុងកាត់បន្ថយទិន្នផល ខណៈដែលវិបត្តិកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងតំបន់ និងការបិទផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ប្រធានាធិបតីកូរ៉េខាងត្បូង បានជំរុញឱ្យអាជ្ញាធរដាក់ចេញនូវការកំណត់តម្លៃប្រេងឥន្ធនៈក្នុងស្រុក ដោយបានអំពាវនាវឱ្យមានការពង្រីកកម្មវិធីស្ថិរភាពទីផ្សារចំនួន ១០០ពាន់ពាន់លានវ៉ុន (ប្រមាណ ៦៦,៩ ពាន់លានដុល្លារអាមេរិក) ហើយប្ដេជ្ញាថានឹងស្វែងរកប្រភពថាមពលផ្សេងទៀត។ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើវិធានការនានា ដើម្បីទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេង។ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើកាត់បន្ថយពន្ធលើផលិតផលសាំង និងប្រេងជាច្រើនដល់អត្រាសូន្យភាគរយ ខណៈហ្វីលីពីន បានស្នើឱ្យសភាផ្តល់អំណាចបន្ទាន់ដើម្បីកាត់បន្ថយពន្ធលើផលិតផលប្រេងកាត។ ក្រៅពីនេះ បណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិកជាច្រើនទៀត ក៏បានចាត់វិធានការផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ហានិភ័យដ៏អាក្រក់ចំពោះសេដ្ឋកិច្ច ដោយសារតែវិបត្តិថាមពលផងដែរ។ ក្រុមអ្នកវិភាគបានព្យាករថា ជម្លោះដ៏អូសបន្លាយនៅមជ្ឈិមបូព៌ា នឹងដាក់សម្ពាធលើចក្ខុវិស័យសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិក៕

ប្រមុខអង្គការWHO បង្កើនការព្រួយបារម្ភក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងប្រេងរបស់អ៊ីរ៉ង់

2026/03/10 12:37:59 pm        151
ប្រមុខអង្គការសុខភាពពិភពលោក បានព្រមានថា ការវាយប្រហារកាលពីពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើរោងចក្រប្រេងនៅអ៊ីរ៉ង់ អាចមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពសាធារណៈ ដោយកុមារ និងមនុស្សចាស់របស់អ៊ីរ៉ង់ ស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត។លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការខូចខាតដល់រោងចក្រប្រេងរបស់អ៊ីរ៉ង់ «មានហានិភ័យនៃការពុលអាហារ ទឹក និងខ្យល់»។ លោក Tedros បានព្រមាននៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា គ្រោះថ្នាក់ទាំងនោះ «អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសលើកុមារ មនុស្សចាស់ និងមនុស្សដែលមានជំងឺប្រចាំកាយស្រាប់»។ ភ្លៀងធ្លាក់លាយឡំប្រេងត្រូវបានរាយការណ៍ថាបានកើតមាននៅក្នុងតំបន់មួយចំនួនរបស់ប្រទេស។ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា រោងចក្រប្រេងនៅក្នុងរដ្ឋធានីតេអេរ៉ង់ និងខេត្តAlborz ដែលនៅក្បែរនោះត្រូវបានកំណត់គោលដៅកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងប្រទេសអ៊ីរ៉ង់។ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទីតាំងស្តុកប្រេងឥន្ធនៈមួយចំនួននៅទីក្រុងតេអេរ៉ង់ ដែលត្រូវបានប្រើប្រាស់ដើម្បីដំណើរការហេដ្ឋារចនាសម្ព័ន្ធយោធា។ លោកស្រី Agnes Callamard ប្រធានអង្គការលើកលែងទោសអន្តរជាតិ បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល គួរតែចាត់វិធានការប្រុងប្រយ័ត្នជាមុនទាំងអស់ដែលអាចធ្វើទៅបានដើម្បីបញ្ចៀស ឬកាត់បន្ថយហានិភ័យដល់ជនស៊ីវិល នៅពេលកំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM