ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បានដាក់អង្គការ ស៊ូដង់ Muslim Brotherhood ក្នុងបញ្ជីខ្មៅជាក្រុម «ភេរវករ»

2026/03/10 12:33:17 pm        121
សហរដ្ឋអាមេរិក បានកំណត់អង្គការ ស៊ូដង់ Muslim Brotherhood ជាក្រុម «ភេរវករ» ខណៈរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump ពង្រីកការបង្ក្រាបរបស់ខ្លួនលើអង្គការនេះ។ ក្រសួងការបរទេសបានចោទប្រកាន់អង្គការស៊ូដង់ Muslim Brotherhood កាលពីថ្ងៃចន្ទថា ទទួលបានការគាំទ្រពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមនៅអ៊ីរ៉ង់ (IRGC)។ទីក្រុងវ៉ាស៊ីនតោន បានដាក់ស្លាកក្រុមនេះថាជា «ភេរវករសកលដែលត្រូវបានចាត់តាំងជាពិសេស» (SDGT) និងបាននិយាយថាខ្លួននឹងកំណត់អង្គការនេះថាជា «អង្គការភេរវកម្មបរទេស» (FTO) ចាប់ពីសប្តាហ៍ក្រោយនេះ។ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «អង្គការស៊ូដង់ Muslim Brotherhood ប្រើអំពើហិង្សាដោយគ្មានការទប់ស្កាត់ប្រឆាំងនឹងជនស៊ីវិល ដើម្បីធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះនៅក្នុងប្រទេសស៊ូដង់ និងជំរុញមនោគមវិជ្ជាអ៊ីស្លាមដ៏ហិង្សារបស់ខ្លួន»។ការដាក់ក្នុងបញ្ជីខ្មៅ ក្រុមភេរវករសកលដែលត្រូវបានចាត់តាំងជាពិសេស(SDGT) អនុញ្ញាតឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច ខណៈស្លាក«អង្គការភេរវកម្មបរទេស» (FTO) ធ្វើឱ្យខុសច្បាប់ចំពោះការផ្តល់ការគាំទ្រសម្ភារៈដល់ក្រុមនេះ។ ក្រសួងការបរទេស បានចោទប្រកាន់អ្នកប្រយុទ្ធស៊ូដង់ Muslim Brotherhood នៅប្រទេសស៊ូដង់ជាកន្លែងដែលយោធាស៊ូដង់កំពុងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ពីការ «សម្លាប់ជនស៊ីវិលយ៉ាងច្រើន»។ កងកម្លាំងគាំទ្ររហ័ស ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សទ្រង់ទ្រាយធំៗ និងអ្នកគាំទ្ររបស់ខ្លួន តែងតែអះអាងថាពួកគេកំពុងប្រយុទ្ធប្រឆាំងកងកម្លាំង Muslim Brotherhood ។ កាលពីថ្ងៃចន្ទ ប្រទេសអារ៉ាប់រួម បានស្វាគមន៍ចំពោះចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ក្រុមនេះចូលក្នុងបញ្ជីខ្មៅនៅក្នុងប្រទេសស៊ូដង់។

បារាំង និងសម្ព័ន្ធមិត្ត កំពុងត្រៀមបេសកកម្ម «ការពារ» ដើម្បីបើកឡើងវិញច្រកសមុទ្រ Hormuz

2026/03/10 12:28:06 pm        153
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ ទី៩ ខែមីនា បានព្រមានថា ការវាយប្រហារលើប្រទេសស៊ីប គឺជាការវាយប្រហារលើទ្វីបអឺរ៉ុបទាំងមូល និងបាននិយាយថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងរៀបចំបេសកកម្ម «ការពារ» ដើម្បីបើកឡើងវិញច្រកសមុទ្រ Hormuz ខណៈ សង្គ្រាមនៅមជ្ឈិមបូព៌ាបានចូលដល់សប្តាហ៍ទីពីរ។ថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីប ដើម្បីពិភាក្សាអំពីសន្តិសុខប្រចាំតំបន់ លោក Macron បាននិយាយថា បេសកកម្មនេះនឹងមានបំណងអមការពារនាវាដឹកទូរទំនិញ(កុងតឺន័រ) និងនាវាដឹកប្រេង ដើម្បីបើកឡើងវិញច្រកសមុទ្រ Hormuz «បន្ទាប់ពីបញ្ចប់ដំណាក់កាលដ៏ក្តៅគគុកនៃជម្លោះ»។ លោក Macron បាននិយាយនៅទីក្រុង Paphos នៅឆ្នេរសមុទ្រភាគនិរតីប្រទេសស៊ីបថា «នេះគឺចាំបាច់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែក៏សម្រាប់លំហូរឧស្ម័ន និងប្រេងផងដែរ ដែលត្រូវតែអាចចេញពីតំបន់នេះម្តងទៀត»។ថ្លែងរួមជាមួយប្រធានាធិបតីប្រទេសស៊ីប លោក Nikos Christodoulides និងនាយករដ្ឋមន្ត្រីប្រទេសក្រិក លោក Kyriakos Mitsotakis លោក Macron បាននិយាយថា «បេសកកម្មការពារនិងគាំទ្រ» នឹងត្រូវបានធ្វើឡើងដោយរដ្ឋអឺរ៉ុប និងមិនមែនអឺរ៉ុប។ សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ដើម្បី«បង្កើន»ប្រតិបត្តិការរបស់ខ្លួនការពារការធ្វើចរាចរណ៍តាមផ្លូវសមុទ្រនៅមជ្ឈិមបូព៌ា។ សហភាពអឺរ៉ុប បានពិភាក្សាអំពីការពង្រឹងបេសកកម្មកងទ័ពជើងទឹករបស់ខ្លួននៅសមុទ្រក្រហម បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដែលបានបង្កឱ្យមានសង្គ្រាមក្នុងតំបន់កាន់តែរាលដាល។ ចរាចរណ៍តាមផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz ជាផ្លូវទឹកសំខាន់មួយនៅឈូងសមុទ្រដែលប្រេងឆៅមួយភាគប្រាំរបស់ពិភពលោកឆ្លងកាត់ ស្ទើរតែឈប់ដំណើរការចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ។

អ៊ីរ៉ង់ ប្ដេជ្ញាបិទផ្លូវប្រេង រហូតទាល់តែការវាយប្រហារបញ្ចប់ ខណៈលោក Trump គំរាមវាយកាន់តែខ្លាំងជាងមុន

2026/03/10 12:13:35 pm        105
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃអង្គារ (១០ មីនា) នេះបានប្ដេជ្ញាថា ពួកគេនឹងមិនអនុញ្ញាតឱ្យដឹកជញ្ជូន «ប្រេងសម្បីតែមួយលីត្រ» ចេញពីមជ្ឈិមបូព៌ាបាននោះទេ ប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែបន្ត ស្របពេលការព្រមានធ្ងន់ៗពីលោកប្រធានាធិបតី Donald Trump ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំងក្លាជាងមុន ប្រសិនបើអ៊ីរ៉ង់ រារាំងការនាំចេញពីតំបន់ផលិតថាមពលដ៏សំខាន់មួយនេះ។ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីទីផ្សារហិរញ្ញវត្ថុសកលបានរង្គោះរង្គើ ដោយសារតែក្តីបារម្ភថា ស្ថាប័នសន្តិសុខរបស់អ៊ីរ៉ង់ កំពុងគាំទ្រមេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei ហើយមិនទាន់ត្រៀមខ្លួនដកថយក្នុងពេលឆាប់ៗនេះទេ។ លោក Trump បានព្រមានថា ការវាយប្រហាររបស់អាមេរិក អាចកើនឡើងយ៉ាងខ្លាំង ប្រសិនបើអ៊ីរ៉ង់ ព្យាយាមបិទចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងការផ្គត់ផ្គង់ប្រេង ១ភាគ៥ របស់ពិភពលោក។យ៉ាងណាមិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យលំហូរប្រេងណាមួយចាកចេញពីតំបន់មជ្ឈិមបូព៌ាបានឡើយ ប្រសិនបើការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្ត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ អ្នកនាំពាក្យម្នាក់របស់កងឆ្មាំបដិវត្តន៍បាននិយាយថា «អ៊ីរ៉ង់គឺជាអ្នកដែលនឹងកំណត់ចុងបញ្ចប់នៃសង្គ្រាម»។សង្គ្រាមដ៏ក្ដៅគគុកនៅមជ្ឈិមបូព៌ា បានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់រួចទៅហើយ ដោយធ្វើឱ្យនាវាដឹកប្រេងនានាមិនអាចធ្វើដំណើរឆ្លងកាត់បានទេ អស់រយៈពេលជាងមួយសប្តាហ៍ទៅហើយ និងបង្ខំឱ្យអ្នកផលិត បញ្ឈប់ការបូមយកប្រេងថ្មីៗ ដោយសារកន្លែងស្តុកប្រេង ពេញប្រៀបទៅហើយ និងមិនអាចនាំចេញបាន៕

លោក Trump បានពិភាក្សាតាមទូរសព្ទជាមួយលោក Putin ស្ដីពីជម្លោះនៅអ៊ុយក្រែន និងអ៊ីរ៉ង់

2026/03/10 12:07:26 pm        104
លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទ (៩ មីនា) បានប្រាប់អ្នកយកព័ត៌មានថា លោកបាន «សន្ទនាតាមទូរសព្ទប្រកបដោយភាពល្អប្រសើរ» ជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អំពីបញ្ហាអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា។លោក Trump បាននិយាយថា៖ «នៅតែមានការមិនពេញគ្នាយ៉ាងខ្លាំងរវាងលោកប្រធានាធិបតី Putin និងលោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy។ មេដឹកនាំទាំងពីរហាក់ដូចជាមិនអាចចុះសម្រុងនឹងគ្នាបានទេ ប៉ុន្តែលោកនៅតែគិតថា ជំនួបតាមទូរសព្ទនេះគឺជាកិច្ចសន្ទនាដ៏វិជ្ជមានលើប្រធានបទនេះ»។លោក Trump បានបន្ថែមថា៖ លោក Putin «ចង់ជួយ» ចំពោះបញ្ហាជម្លោះអ៊ីរ៉ង់ ប៉ុន្តែលោកបានប្រាប់ទៅវិញថា ជួយបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនវិញទៅកាន់តែល្អ ហើយបែបនោះនឹងមានប្រយោជន៍ជាង។ គួរឱ្យដឹងថា ថ្មីៗនេះ លោក Trump បានបង្ហាញការខកចិត្តជាច្រើនលើកច្រើនសាចំពោះជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានចាប់ផ្តើមអស់រយៈពេលជាង ៤ ឆ្នាំមកហើយ។ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ លោក Yuri Ushakov ជំនួយការគោលនយោបាយការបរទេសវិមានក្រឹមឡាំង បាននិយាយថា នៅក្នុងការសន្ទនាតាមទូរសព្ទកាលពីថ្ងៃចន្ទនោះ លោកប្រធានាធិបតីរុស្ស៊ី Putin បានលើកឡើងនូវសំណើមួយចំនួនសម្រាប់ការដោះស្រាយជម្លោះអ៊ីរ៉ង់ ឱ្យបានឆាប់រហ័ស៕

អូស្ត្រាលី នឹងបញ្ជូនមីស៊ីលទៅអារ៉ាប់រួម និងដាក់ពង្រាយយន្តហោះស៊ើបការណ៍យោធានៅមជ្ឈិមបូព៌ា

2026/03/10 12:04:03 pm        102
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថ្លែងនៅថ្ងៃអង្គារ (១០ មីនា) នេះថា ប្រទេសអូស្ត្រាលី នឹងដាក់ពង្រាយយន្តហោះឈ្លបយកការណ៍យោធាទៅកាន់តំបន់មជ្ឈិមបូព៌ា និងបញ្ជូនមីស៊ីលទៅកាន់អេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែនឹងមិនដាក់កងទ័ពដោយផ្ទាល់នៅក្នុងជម្លោះអ៊ីរ៉ង់ នោះទេ។លោក Albanese បាននិយាយថា ការគាំទ្រផ្នែកយោធារបស់អូស្ត្រាលី នឹងជួយដល់បណ្ដាប្រទេសឈូងសមុទ្រការពារខ្លួនប្រឆាំងនឹងការវាយប្រហារដែលមិនបានញុះញង់ពីអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា អូស្ត្រាលីមិនមែនជា «តួឯក» នៅក្នុងបញ្ហានេះទេ។ លោក Albanese បានប្រាប់អ្នកយកព័ត៌មានថា «ការចូលរួមរបស់អូស្រា្តលី គឺគ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ ហើយគឺដើម្បីការពារជនជាតិអូស្ត្រាលីដែលស្ថិតនៅក្នុងតំបន់ ក៏ដូចជាការពារមិត្តអារ៉ាប់រួម របស់អូស្រ្តាលី ផងដែរ»។លោក Albanese បានបញ្ជាក់ថា អូស្ត្រាលីនឹងដាក់ពង្រាយយន្តហោះព្រមានជាមុន និងប្រព័ន្ធគ្រប់គ្រងតាមអាកាស E-7A Wedgetail មួយគ្រឿងរបស់ខ្លួន ដែលផលិតដោយក្រុមហ៊ុនប៊ូអ៊ីង រយៈពេល ៤សប្តាហ៍ដំបូង ដើម្បីការពារដែនអាកាសពីលើបណ្ដាប្រទេសឈូងសមុទ្រ។ លោកបន្ថែមថា មីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយមធ្យមដ៏ទំនើប ក៏នឹងត្រូវផ្តល់ជូនឱ្យអារ៉ាប់រួមផងដែរ។គួរឱ្យដឹងថា ជនជាតិអូស្ត្រាលីប្រហែល ១១៥.០០០ នាក់ បានស្ថិតនៅមជ្ឈិមបូព៌ា នៅពេលជម្លោះចាប់ផ្តើមកាលពីជាង ១០ថ្ងៃមុន ហើយឥឡូវនេះ ជនជាតិអូស្ត្រាលីចំនួន ២.៦០០នាក់ បានវិលត្រឡប់ទៅប្រទេសកំណើតវិញតាមជើងហោះហើរពាណិជ្ជកម្ម ខណៈទីក្រុងឈូងសមុទ្រជាច្រើន បានរងការវាយប្រហារពីអ៊ីរ៉ង់៕

ប្រភព៖ ផែនការហ្កាហ្សារបស់លោក Trump ត្រូវជាប់គាំង ខណៈសង្គ្រាមអ៊ីរ៉ង់ បង្អាក់កិច្ចចរចារំសាយអាវុធ

2026/03/10 11:59:04 am        124
ប្រភពចំនួនបីដែលដឹងផ្ទាល់ពីការចរចានេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា កិច្ចចរចាដើម្បីជំរុញផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា បានផ្អាកតាំងតែពីសប្តាហ៍មុនមក បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរួមគ្នាវាយប្រហារលើអ៊ីរ៉ង់ ដែលបង្កឱ្យមានសង្រ្គាមកាន់តែរីកធំនៅមជ្ឈិមបូព៌ា។ការផ្អាកនេះបានគំរាមកំហែងឱ្យមានភាពជាប់គាំងនៃការអនុវត្តគំនិតផ្តួចផ្តើមសន្តិភាពមជ្ឈិមបូព៌ាដ៏សំខាន់របស់លោក Trump ដែលលោកចាត់ទុកថា ជាគោលដៅគោលនយោបាយការបរទេសដ៏ចម្បងមួយ។ ភាពរអាក់រអួលនេះកើតឡើងមិនដល់មួយខែផង បន្ទាប់ពីលោកទទួលបានការសន្យាផ្តល់ថវិការាប់ពាន់លានដុល្លារសម្រាប់តំបន់ហ្កាហ្សា ពីបណ្ដារដ្ឋអារ៉ាប់ឈូងសមុទ្រ ដែលកំពុងប្រឈមនឹងការវាយប្រហារពីអ៊ីរ៉ង់។ផ្នែកដ៏សំខាន់មួយនៃផែនការហ្កាហ្សារបស់លោក Trump ផ្អែកទៅលើថា តើក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងរំសាយអាវុធដើម្បីជាថ្នូរនឹងការលើកលែងទោសដែរឬទេ ដែលជាជំហានមួយក្នុងបំណងបើកផ្លូវសម្រាប់ការកសាងឡើងវិញ និងការដកទ័ពអ៊ីស្រាអែលបន្ថែមទៀត។ ប្រភពបាននិយាយថា អ្នកសម្របសម្រួលរបស់សេតវិមាន បាននិងកំពុងទាក់ទងតាមរយៈបណ្តាញសម្ងាត់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស លើបញ្ហានៃការរំសាយអាវុធនេះ។ប្រភពទាំងបីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា កិច្ចចរចាលើបញ្ហានេះ និងបញ្ហាផ្សេងទៀត ត្រូវបានផ្អាក នៅពេលសង្រ្គាមអ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។ ប៉ុន្តែមន្ត្រីសេតវិមានមួយរូបបានបដិសេធថា ពុំមានការផ្អាកណាមួយក្នុងការចរចានោះទេ ដោយនិយាយថា៖ «ការពិភាក្សាលើការរំសាយអាវុធកំពុងបន្ត និងមានសញ្ញាវិជ្ជមាន ហើយអ្នកសម្របសម្រួលទាំងអស់យល់ស្របថា នេះគឺជាជំហានដ៏សំខាន់មួយដើម្បីអនុញ្ញាតឱ្យមានការកសាងឡើងវិញសម្រាប់ប្រជាជនហ្កាហ្សា»៕

ព្រឹទ្ធសមាជិកអាមេរិក ខាងបក្សប្រជាធិបតេយ្យ ទាមទារឱ្យបើកសវនាការជាសាធារណៈអំពីសង្គ្រាមអ៊ីរ៉ង់

2026/03/10 11:52:06 am        134
សមាជិកមកពីគណបក្សប្រជាធិបតេយ្យចំនួន ៦ រូប នៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (៩ មីនា) បាននិយាយថា ពួកគេកំពុងចាប់ផ្ដើមយុទ្ធនាការដ៏ធំមួយ ដើម្បីទាមទារឱ្យមានសវនាការជាសាធារណៈស្ដីពីសង្គ្រាមអ៊ីរ៉ង់ ដោយតម្រូវឱ្យក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកប្រធានាធិបតី Donald Trump ចូលផ្ដល់សក្ខីកម្មក្នុងសភានៅក្រោមសម្បថ និងព្រមានចាត់វិធានការរំខានដល់កិច្ចការងារប្រចាំថ្ងៃរបស់ព្រឹទ្ធសភា ប្រសិនបើគណបក្សសាធារណរដ្ឋ រារាំងមិនឱ្យមានសវនាការបែបនេះ។សមាជិកព្រឹទ្ធសភាទាំងនោះបានបញ្ជាក់ថា គោលដៅរបស់ពួកគេគឺដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ឱ្យបានឆាប់ និងការពារកងទ័ពអាមេរិក ដែលបានមើលឃើញការស្លាប់មួយចំនួនរួចទៅហើយ។ លោក Chris Murphy ព្រឹទ្ធសមាជិកមកពីរដ្ឋ Connecticut បាននិយាយថា សវនាការបែបនេះគួរតែធ្វើឡើងនៅសប្តាហ៍ក្រោយ ដោយមានការចូលរួមផ្ដល់សក្ខីកម្មពីលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Marco Rubio ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិស្ដីទីផងដែរ។កន្លងមក ក្រុមមន្ត្រីរដ្ឋបាលបានរៀបចំកិច្ចប្រជុំបិទទ្វារ និងការរាយការណ៍ព័ត៌មានសម្ងាត់ជូនដល់សភាទាំងពីរ។ ប៉ុន្តែសមាជិកបក្សប្រជាធិបតេយ្យអះអាងថា សាធារណជនអាមេរិក ចាំបាច់ត្រូវតែដឹងឮពីក្រុមមន្រ្តីដោយផ្ទាល់ អំពីរយៈពេលដែលអាចអូសបន្លាយនៃសង្គ្រាម គោលដៅជាក់លាក់របស់លោក Trump ក៏ដូចជាបញ្ហាពាក់ព័ន្ធផ្សេងៗទៀត ដែលតម្រូវឱ្យមានសវនាការជាសាធារណៈ។ខណៈសង្រ្គាមនៅតែបន្ត លទ្ធផលនៃការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងពីសាធារណជនអាមេរិក ចំពោះសង្គ្រាមនេះ។ ការស្ទង់មតិបានរកឃើញថា ប្រជាជនអាមេរិកចំនួន ៦០% រំពឹងថា សកម្មភាពយោធារបស់អាមេរិក នឹងបន្ត «ក្នុងរយៈពេលដ៏យូរ» ដែលបណ្តាលឱ្យតម្លៃសាំងឡើងខ្ពស់ ហើយមានអ្នកឆ្លើយតបនឹងការស្ទង់មតិតែ ២៩% ប៉ុណ្ណោះ ដែលគាំទ្រការវាយប្រហារនេះ៕

បំណាក់គំនរចាក់សំរាមនៅឥណ្ឌូនេស៊ី សម្លាប់មនុស្ស ៧នាក់ ខណៈប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់

2026/03/10 11:37:33 am        124
មន្ត្រីឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃអង្គារ (១០ មីនា) នេះថា អាជ្ញាធរឥណ្ឌូនេស៊ី បានបិទបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះក្នុងហេតុការណ៍បាក់រលំគំនរចាក់សំរាម ដែលបានសម្លាប់មនុស្ស ៧ នាក់ ខណៈអ្នកដែលនៅកន្លែងកើតហេតុ ត្រូវបានរកឃើញទាំងអស់ហើយ។គំនរសំរាមដ៏ធំដូចភ្នំ បានបាក់រលំកាលពីថ្ងៃអាទិត្យកន្លងទៅ នៅកន្លែងចាក់សំរាមឈ្មោះថា Bantargebang ដែលជាទីចាក់សំរាមធំជាងគេនៅឥណ្ឌូនេស៊ី បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបញ្ចប់ប្រតិបត្តិការស្វែងរកនៅកន្លែងកើតហេតុនៅជាយក្រុងហ្សារកាតា បន្ទាប់ពីរកឃើញជនរងគ្រោះចុងក្រោយ ក្នុងចំណោមជនរងគ្រោះទាំង ៧នាក់ ដែលត្រូវបានកប់នៅក្នុងគំនរសំរាម។ មនុស្ស ៦នាក់ បានរួចផុតពីគ្រោះថ្នាក់នេះ។កាលពីថ្ងៃចន្ទ ទីភ្នាក់ងារនេះបាននិយាយថា មនុស្ស ៤នាក់បានស្លាប់ ៤នាក់បានរួចជីវិត និង ៥នាក់ទៀតនៅតែបាត់ខ្លួន។ បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះជាង ២០០ នាក់បានប្រើប្រាស់យានជីកកាយ និងដ្រូនចាប់សញ្ញាជីវិត ដើម្បីស្វែងរកជនរងគ្រោះ។គួរឱ្យដឹងថា ទីលានចាក់សំរាម Bantargebang លាតសន្ធឹងលើផ្ទៃដីប្រហែល ១១០ ហិកតា ហើយកាកសំណល់ទម្ងន់ពី ៦.៥០០ ទៅ ៧.០០០ តោន ត្រូវបានយកទៅចោលនៅទីនោះជារៀងរាល់ថ្ងៃ៕

ណាតូពង្រាយទ័ពជិត២ម៉ឺននាក់ក្នុងសមយុទ្ធអាកទិក«Cold Response»ស្របពេលការគំរាមពីលោកTrumpលើកោះGreenland

2026/03/10 11:24:30 am        106
កងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានចាប់ផ្តើមសមយុទ្ធសង្គ្រាម ដែលមានឈ្មោះថា «ឆ្លើយតបដោយត្រជាក់» «Cold Response» នៅលើកោះ Greenland ស្របពេលមានការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trumpក្នុងការដណ្តើមយកកោះអាកទិកមួយនេះ។សមយុទ្ធ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ៩ មីនា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៩ មីនា ត្រូវបានបង្កើតឡើងដើម្បីជំរុញសមត្ថភាពការពាររបស់កោះនេះ។កងទ័ពជិត ២៥.០០០នាក់ មកពី១៤ប្រទេស កំពុងចូលរួមក្នុងសមយុទ្ធនេះ រួមទាំងកងទ័ពចំនួន ៤.០០០នាក់ មកពីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន The Independent សមយុទ្ធទាំងនេះភាគច្រើនត្រូវបានធ្វើឡើងនៅប្រទេសន័រវេស និងហ្វាំងឡង់ ជាប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ សមយុទ្ធនៅឆ្នាំនេះផ្តោតលើតួនាទីរបស់ជនស៊ីវិលក្នុងការគាំទ្រប្រតិបត្តិការយោធា។ថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានគំរាមដណ្តើមយកកោះ Greenland ដែលជាទឹកដីពាក់កណ្តាលស្វយ័តនៅក្នុងព្រះរាជាណាចក្រដាណឺម៉ាក។ លោក Trump បានលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខនៅពីក្រោយការទាមទាររបស់លោក ដោយបន្ថែមថា ប្រទេសដាណឺម៉ាកមិនអាចធានាសន្តិសុខរបស់កោះនេះបានគ្រប់គ្រាន់ទេ។ លោកបានបញ្ជាក់ជាថ្មីថា គ្មានអ្វីក្រៅពីការគ្រប់គ្រងទាំងស្រុង ដែលអាចទទួលយកបានសម្រាប់រូបលោកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទាំងរដ្ឋាភិបាល Greenland និងដាណឺម៉ាក បានបដិសេធយ៉ាងដាច់អហង្ការចំពោះការទាមទាររបស់លោក Trump។ថ្មីៗនេះដែរ យោធាសហរដ្ឋអាមេរិកក៏បានដកកងអនុសេនាធំយន្តហោះចម្បាំង F-35 មួយកងចេញពីសមយុទ្ធ Cold Response ដោយមិនចែករំលែកហេតុផលជាក់លាក់នៅពីក្រោយសកម្មភាពនេះទេ៕

ប្រទេសហុងគ្រី ជំរុញឱ្យសហភាពអឺរ៉ុបផ្អាកទណ្ឌកម្មលើរុស្ស៊ី ខណៈតម្លៃប្រេងកើនឡើង

2026/03/10 11:20:26 am        139
នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban បានជំរុញឱ្យសហភាពអឺរ៉ុប ផ្អាកទណ្ឌកម្មលើប្រេង និងឧស្ម័នរបស់រុស្ស៊ី កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ដើម្បីទប់ទល់នឹងតម្លៃប្រេងកើនឡើងខ្ពស់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ កាលពីថ្ងៃចន្ទ តម្លៃប្រេងបានកើនឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ជាលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ខណៈអ៊ីរ៉ង់បានធ្វើការវាយប្រហារសងសឹកប្រឆាំងបណ្តាប្រទេសឈូងសមុទ្រដែលផលិតប្រេងឆៅ។លោក Orban ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់វិមានក្រឹមឡាំងនៅក្នុងសហភាពអឺរ៉ុប បានរិះគន់ដដែលៗចំពោះទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយប្រើប្រាស់អំណាចសិទ្ធវ៉េតូ និងកាត់បន្ថយជំនួយរបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន។ មេដឹកនាំជាតិនិយមហុងគ្រីរូបនេះ បាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយនៅលើបណ្តាញហ្វេសប៊ុកថា «យើងត្រូវតែពិនិត្យឡើងវិញ និងផ្អាកទណ្ឌកម្មទាំងអស់ដែលបានដាក់លើវោស័យថាមពលរុស្ស៊ីនៅទូទាំងអឺរ៉ុប។ ខ្ញុំបានផ្តួចផ្តើមគំនិតនេះ នៅថ្ងៃនេះនៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen»។លោកបានអះអាងថា ជម្លោះកាន់តែខ្លាំងឡើងរបស់ប្រទេសហុងគ្រីជាមួយប្រទេសជិតខាងអ៊ុយក្រែន ជុំវិញការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីដែលជាប់គាំងក៏បានប្រែក្លាយទៅជា «ការគំរាមកំហែងធ្ងន់ធ្ងរ» ចំពោះសហភាពអឺរ៉ុបផងដែរ។ ប្រទេសហុងគ្រី រួមជាមួយប្រទេសជិតខាងស្លូវ៉ាគី បានចោទប្រកាន់អ៊ុយក្រែនពី ចេតនាពន្យារពេលការបើកឡើងវិញពង់បង្ហូរប្រេង Druzhba បូមប្រេងរបស់រុស្ស៊ីទៅកាន់រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួនពីរ ដែលបំពង់បង្ហូរនេះត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី កាលពីខែមករា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM