ស៊ីរីបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់របស់ ISIS ត្រូវបានសម្លាប់
អារ៉ាប៊ីសាអ៊ូឌីត៖ ក្រុមបំបែកខ្លួនយេម៉ែន គួរតែដកកងកម្លាំងចេញពីខេត្តដែលដណ្ដើមបាន
ចិនជំរុញទីភ្នាក់ងារទេសចរណ៍កាត់បន្ថយភ្ញៀវទេសចរទៅជប៉ុនចំនួន ៤0ភាគរយ
យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី អនុវត្តការហោះហើរ «តាមការគ្រោងទុក» លើសមុទ្រន័រវ៉ែស និង Barents

ព័ត៌មានអន្តរជាតិ

អ្នកគាំទ្រប្រធានាធិបតីទុយនីស៊ី ប្រមូលផ្តុំគ្នា ស្របពេលមានការបែកបាក់នយោបាយកាន់តែជ្រៅ

2025/12/17 07:33:05 pm        58
នាថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ អ្នកគាំទ្រប្រធានាធិបតីទុយនីស៊ី លោក Kais Saied បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី ដោយហៅក្រុមប្រឆាំងថា ជា «ជនក្បត់» ជាអ្វីដែលបានកើតឡើងបន្ទាប់ពីមានការតវ៉ាតាមដងផ្លូវនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយនេះបានគូសបញ្ជាក់ពីការបែកបាក់ផ្នែកនយោបាយកាន់តែធំទៅៗ។ការប្រមូលផ្តុំបដិបក្ខនឹងគ្នានេះ កើតឡើងស្របពេលមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដែលត្រូវបានសម្គាល់ ដោយអតិផរណាឡើងខ្ពស់ កង្វះទំនិញមូលដ្ឋានមួយចំនួន និងសេវាសាធារណៈមិនល្អ ដែលបានបង្កឲ្យមានកំហឹងជាសាធារណៈ។ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់លោក Saied ថា អនុវត្តនូវការបង្រ្កាបដែលមិនធ្លាប់មានពីមុនលើក្រុមប្រឆាំង ដោយនិយាយថា លោកកំពុងប្រើប្រព័ន្ធតុលាការ និងនគរបាល ដើម្បីទប់ស្កាត់ការរិះគន់ តែលោកប្រធានាធិបតី ច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថា លោកកំពុងធ្វើឲ្យប្រទេសស្អាតស្អំ ដោយគ្មានជនក្បត់ និងឥស្សរជនពុករលួយ។ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Tunis ដោយគ្រវីទង់ជាតិ និងស្រែកពាក្យស្លោកគាំទ្រលោក Saied ដែលពួកគេបានសរសើរ ចំពោះការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងឥស្សរជននយោបាយដែលចាក់ឫសយ៉ាងជ្រៅ។ពួកគេបានចោទប្រកាន់គូប្រជែងរបស់លោក Saied ថា កំពុងប្រឹងប្រែងធ្វើឲ្យប្រទេសមានអស្ថិរភាព ដោយពណ៌នាពីពួកគេថា ជា «ជនក្បត់»។ ពួកគេបានស្រែកថា «ប្រជាជនចង់បានលោក Saied ម្តងទៀត» ហើយ «យើងគាំទ្រភាពជាអ្នកដឹកនាំ និងអធិបតេយ្យភាព»៕

អភិបាលតំបន់៖ ការវាយប្រហាររបស់រុស្សីលើតំបន់ Zaporizhzhia របស់អ៊ុយក្រែន បណ្តាលឲ្យមានអ្នករបួស ២៦នាក់

2025/12/17 07:31:04 pm        62
អភិបាលតំបន់ បានឲ្យដឹងថា នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ ការវាយប្រហាររបស់រុស្ស៊ី ដោយគ្រាប់បែកមានប្រព័ន្ធនាំផ្លូវ លើតំបន់ Zaporizzhhia នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានបណ្ដាលឲ្យមនុស្ស ២៦នាក់រងរបួស ក្នុងនោះមានកុមារម្នាក់ផងដែរ។អភិបាលតំបន់ លោក Ivan Fedorov បានសរសេរនៅលើ Telegram ថា៖ «រុស្ស៊ីបានទម្លាក់គ្រាប់បែកពីលើអាកាសដែលមានប្រព័ន្ធនាំផ្លូវ ដោយបានបំផ្លាញអគារលំនៅឋាន និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងអគារសិក្សា»។លោកបានបន្ថែមថា ការវាយប្រហារចំនួន ៣ បានវាយប្រហាររដ្ឋធានីក្នុងតំបន់ និងតំបន់ជាយក្រុង។ ចំណែកសេវាសង្គ្រោះបន្ទាន់របស់រដ្ឋអ៊ុយក្រែន បានឲ្យដឹងថា ការងារសម្អាតកម្ទេចថ្ម នៅតែបន្តដំណើរការ។គួរបញ្ជាក់ថា ទីក្រុង Zaporizhzhia ដែលជាផ្នែកភាគខាងត្បូងមានចម្ងាយមិនដល់ ២៥គីឡូម៉ែត្រ ពីតំបន់សមរភូមិជួរមុខ ត្រូវបានទម្លាក់គ្រាប់បែកជាទៀងទាត់ដោយរុស្ស៊ី ចាប់តាំងពីមានការឈ្លានពានលើអ៊ុយក្រែនឆ្នាំ២០២២៕

អាមេរិកបន្តប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹក Guantanamo សម្រាប់ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់

2025/12/17 07:29:10 pm        60
កាសែត The New York Times បានរាយការណ៍ដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិកបានបន្តប្រើប្រាស់មជ្ឈមណ្ឌលឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ នៅមូលដ្ឋានកងទ័ពជើងទឹក Guantanamo Bay ក្នុងប្រទេសគុយបា ជាកន្លែងដែលជនអន្តោប្រវេសន៍ខុសច្បាប់គុយបាចំនួន ២២ នាក់ កំពុងស្នាក់នៅ។  យោងតាមពួកគេទាំងនោះ ក្នុងចំណោមជនអន្តោប្រវេសន៍ខុសច្បាប់ទាំង ២២នាក់ មានបុរស ៥នាក់ដែលត្រូវបានទទួលស្គាល់ថា ជា «ជនបរទេសខុសច្បាប់ដែលមានការគំរាមកំហែងខ្ពស់» ដែលជាធម្មតាត្រូវដាក់ក្នុងពន្ធនាគារ។មជ្ឈមណ្ឌលឃុំនេះ គឺទទេស្អាត ចាប់តាំងពីពាក់កណ្តាលខែតុលា នៅពេលដែលសហរដ្ឋអាមេរិកបាននិរទេសមនុស្ស ១៨ នាក់ ទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ និងក្វាតេម៉ាឡា។ ក្រោយមកនៅក្នុងខែនោះ បុគ្គលិកមូលដ្ឋាន ត្រូវបានជម្លៀសចេញ នៅពេលដែលព្យុះសង្ឃរា Melissa បានបោកបក់ខិតជិតមក   ដល់។និយាយជារួម ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ បានឃុំខ្លួនមនុស្សប្រហែល ៧៣០ នាក់ នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍ដែលបង្កើតឡើងនៅលើមូលដ្ឋាននេះ ដែលភាគច្រើនមកពីប្រទេសអាមេរិកឡាទីន រួមទាំងអែលសាល់វ៉ាឌ័រ ក្វាតេម៉ាឡា និងវ៉េណេស៊ុយអេឡា៕

កិច្ចប្រជុំរដ្ឋមន្ត្រីនៅទីក្រុងគែរ នឹងលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាហ្វ្រិកឲ្យឈានដល់កម្រិតថ្មីមួយ

2025/12/17 07:26:58 pm        68
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Vershinin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASSថា រុស្ស៊ី និងអាហ្វ្រិកកំពុងលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេឲ្យឈានដល់កម្រិតថ្មីមួយ ដែលនឹងត្រូវធ្វើឲ្យជាផ្លូវការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៅទីក្រុងគែរ។  លោក Vershinin បានលើកឡើងថា ៖«ការរៀបចំសន្និសីទរដ្ឋមន្ត្រីនៃវេទិកាភាពជាដៃគូរុស្ស៊ី-អាហ្វ្រិក នៅលើដីអាហ្វ្រិកជាលើកដំបូង គឺមានសារៈសំខាន់ជាពិសេស។ វាបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់   រដ្ឋនានា នៅទ្វីបនេះ ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការបង្កើតរបៀបវារៈរួមគ្នារវាងរុស្ស៊ី-អាហ្វ្រិក។ សព្វថ្ងៃនេះ ទំនាក់ទំនងមិត្តភាពប្រពៃណីរបស់យើងជាមួយអាហ្វ្រិក បានឈានដល់កម្រិតថ្មីមួយ ហើយកំពុងអភិវឌ្ឍតាមគន្លងកើនឡើង»។លោកបានពិពណ៌នាអំពីព្រឹត្តិការណ៍នៅទីក្រុងគែរថា ជា «ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរុស្ស៊ី-អាហ្វ្រិក» ក្នុងឆ្នាំ២០២៥។ «យើងរំពឹងថា វានឹងផ្តល់សន្ទុះបន្ថែមដល់កិច្ចសហប្រតិបត្តិការរុស្ស៊ី-អាហ្វ្រិកចម្រុះលើមូលដ្ឋានស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ យើងនឹងត្រូវពិនិត្យមើលការងាររួមគ្នា ដែលបានអនុវត្តក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពីសន្និសីទរដ្ឋមន្ត្រីនៅទីក្រុងសូជី និងគូសបញ្ជាក់ពីវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហការបន្ថែមទៀត»។យោងតាមប្រមុខការទូតរូបនេះបានឲ្យដឹងថា ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគនឹងកាន់កាប់តួនាទីសំខាន់មួយនៅក្នុងរបៀបវារៈ។ លោកបានថ្លែងថា៖«យើងរំពឹងថា ការពិភាក្សានឹងនាំឲ្យមានគំនិតផ្តួចផ្តើមថ្មីៗ ដែលមានគោលបំណងដោះស្រាយបញ្ហាសំខាន់ៗ ទោះបីជាមិនទាន់សម្រេចបានពេញលេញ នៅក្នុងវិស័យទាំងនេះក៏ដោយ៕

សេចក្ដីរាយការណ៍៖ អាមេរិករៀបចំទណ្ឌកម្មថ្មី លើរុស្ស៊ី បើលោក Putin បដិសេធកិច្ចព្រមព្រៀងសន្តិភាព

2025/12/17 07:24:58 pm        78
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះថា សហរដ្ឋអាមេរិកកំពុងរៀបចំដាក់ទណ្ឌកម្មបន្ថែមទៀត ចំពោះវិស័យថាមពលរបស់រុស្ស៊ី ដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ ប្រសិនបើលោកប្រធានាធិបតី Vladimir Putin បដិសេធកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។សេចក្ដីរាយការណ៍នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិចារណាជម្រើសនានា ដូចជាការកំណត់គោលដៅលើនាវា ជាអ្វីដែលហៅថា កងនាវាស្រមោលរបស់រុស្ស៊ី ដែលប្រើប្រាស់ ដើម្បីដឹកជញ្ជូនប្រេងរបស់ទីក្រុងមូស្គូ និងពាណិជ្ជករដែលជួយសម្របសម្រួលប្រតិបត្តិការ។ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចបញ្ជាក់ពីរបាយការណ៍នេះ បានភ្លាមៗឡើយ។ ហើយសេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។សេចក្ដីរាយការណ៍នោះ បានបន្តថា វិធានការថ្មី អាចនឹងត្រូវប្រកាសយ៉ាងឆាប់នៅសប្តាហ៍នេះ ហើយបានបន្ថែមថា រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានពិភាក្សាអំពីចំណាត់នេះ នៅពេលដែលលោកបានជួបជាមួយក្រុមឯកអគ្គរដ្ឋទូតអឺរ៉ុបមួយក្រុម កាលពីដើមសប្តាហ៍នេះ៕

លោកស្រី Takaichi បញ្ជាក់ថា ជប៉ុន «បើកចំហជានិច្ច» ក្នុងការសន្ទនាជាមួយចិន ក្នុងពេលមានជម្លោះ

2025/12/17 06:59:52 pm        44
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ បានលើកឡើងថា លោកស្រី «បើកចំហជានិច្ច» ក្នុងការសន្ទនាជាមួយប្រទេសចិន ទោះបីជាមានជម្លោះការទូត រវាងទីក្រុងតូក្យូ និងប៉េកាំង ជុំវិញការធ្វើការអត្ថាធិប្បាយរបស់លោកស្រី ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ក៏ដោយ។លោកស្រី Takaichi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ប្រទេសចិន គឺជាអ្នកជិតខាងដ៏សំខាន់ សម្រាប់ប្រទេសជប៉ុន ហើយយើងត្រូវតែបង្កើតនូវទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាព»។ លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ប្រទេសជប៉ុនតែងតែបើកចំហជានិច្ច សម្រាប់ការសន្ទនាជាមួយប្រទេសចិន។ យើងមិនបិទទ្វាររបស់យើងទេ»។គួរបញ្ជាក់ថា ចិន និងជប៉ុនកំពុងមានជម្លោះជាមួយគ្នា ជុំវិញការលើកឡើងរបស់លោកស្រី Takaichi កាលពីខែវិច្ឆិកា ដែលថា ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ ចិនបានអះអាងថា កោះដែលគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យ ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើកម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ប្រសិនបើចាំបាច់។ការអត្ថាធិប្បាយរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុននោះ បានបង្កឲ្យមានប្រតិកម្មការទូតយ៉ាងខ្លាំង ពីសំណាក់ទីក្រុងប៉េកាំង ដែលបានជំរុញឲ្យពលរដ្ឋរបស់ខ្លួនជៀសវាងកុំធ្វើដំណើរទៅជប៉ុន។ ទិន្នន័យផ្លូវការដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូនេះ បានបង្ហាញថា ការព្រមាននេះមានផលប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរទៅលេងកម្សាន្តនៅប្រទេសនេះ៕

នគរបាលអេស្ប៉ាញបណ្តេញជនអន្តោប្រវេសន៍រាប់រយនាក់ចេញពីសង្កាត់ដែលត្រូវបានចាត់ទុកថា គ្រោះថ្នាក់ដល់សុវត្ថិភាព

2025/12/17 06:53:46 pm        56
នគរបាលនៅភាគឦសាននៃប្រទេសអេស្ប៉ាញបានចាប់ផ្តើមអនុវត្តបទបញ្ជាបណ្តេញចេញ នៅថ្ងៃពុធនេះ ដើម្បីសម្អាតអគារសាលារៀនដែលគេបោះបង់ចោលមួយ ជាកន្លែងដែលជនអន្តោប្រវេសន៍រាប់រយនាក់ភាគច្រើនគ្មានឯកសារ កំពុងរស់នៅក្នុងសង្កាត់មួយ ភាគខាងជើងនៃទីក្រុងបាសេឡូណា។ដោយដឹងថាការបណ្តេញចេញនឹងមកដល់ អ្នកស្នាក់នៅភាគច្រើន បានចាកចេញ មុនពេលនគរបាល ក្នុងឈុតបង្ក្រាបកុបកម្មមកពីកងកម្លាំងនគរបាលតំបន់ Catalonia ចូលទៅក្នុងបរិវេណសាលា នៅព្រឹកព្រលឹម ក្រោមសេចក្តីសម្រេចរបស់តុលាការ។សង្កាត់នេះ មានទីតាំងនៅក្នុងទីក្រុងបាសេឡូណា។ ជនអន្តោប្រវេសន៍ជាច្រើនមកពីអនុតំបន់សាហារ៉ា ភាគច្រើនមកពីប្រទេសសេណេហ្គាល់ និងហ្គាំប៊ី បានផ្លាស់ទៅរស់នៅក្នុងអគារសាលារៀនទទេ ចាប់តាំងពីវាត្រូវបានទុកចោលនៅឆ្នាំ ២០២៣។ អភិបាលក្រុងបាសេឡូណា លោក Xavier García Albiol បានប្រកាសពីការបណ្តេញចេញ នៅក្នុងសារមួយនៅលើបណ្តាញសង្គម X។ លោកបានសរសេរថា៖«ដូចដែលខ្ញុំបានសន្យា ការបណ្តេញចេញពីសង្កាត់នូវអ្នកមករស់នៅខុសច្បាប់ចំនួន ៤០០នាក់ នៅក្នុងសាលា B9 ក្នុងទីក្រុងបាសេឡូណា ចាប់ផ្តើម»៕

ទីក្រុងដេលីកម្រិតយានយន្ត និងចំនួនមនុស្សធ្វើការនៅការិយាល័យ ដើម្បីទប់ស្កាត់ការបំពុល

2025/12/17 05:58:37 pm        65
អាជ្ញាធរក្នុងរដ្ឋធានីដេលីរបស់ប្រទេសឥណ្ឌា បានដាក់ចេញនូវវិធានការតឹងរ៉ឹង នៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះ ក្នុងគោលបំណងទប់ស្កាត់ការបំពុល ដោយរួមមានទាំងការហាមប្រាមយានយន្តដែលមិនគោរពតាមបទដ្ឋានចុងក្រោយបង្អស់ ស្ដីពីការត្រួតពិនិត្យការបំភាយឧស្ម័ន និងដាក់បញ្ញត្តកំណត់ចំនួនមនុស្សចូលទៅធ្វើការក្នុងការិយាល័យឯកជន និងរដ្ឋាភិបាល។សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅក្នុងតំបន់ទីក្រុងដេលី ដែលជាទីកន្លែងរបស់មនុស្ស ៣០លាននាក់ បានស្ថិតក្នុងប្រភេទ «ធ្ងន់ធ្ងរ» ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលជារឿយៗឡើងលើសកម្រិត ៤៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។ លើសពីនេះ អ័ព្ទស្ដើងៗ នៅតាមផ្នែកជាច្រើននៃទីក្រុងនេះ បានធ្វើឲ្យការមើលឃើញកាន់តែលែងច្បាស់ទៅៗ ដែលប៉ះពាល់ដល់ការហោះហើរ និងរថភ្លើង។ស្ថានភាពនេះបានជំរុញឲ្យគណៈកម្មាការ សម្រាប់ការគ្រប់គ្រងគុណភាពខ្យល់ ចាប់ផ្ដើមអនុវត្តដំណាក់កាលទី៤ ដែលជាកម្រិតខ្ពស់បំផុត នៃផែនការសកម្មភាពឆ្លើយតបតាមកម្រិត សម្រាប់ទីក្រុងដេលី និងតំបន់ជុំវិញ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។ចំណាត់ការទប់ស្កាត់នេះ បានហាមឃាត់មិនឲ្យរថយន្តដឹកទំនិញប្រើប្រេងម៉ាស៊ូតចាស់ៗចូលទីក្រុង ផ្អាកការសាងសង់ ក្នុងនោះរួមមានទាំងគម្រោងសាធារណៈផងដែរ និងដាក់ចេញឲ្យមានការបង្រៀន រវាងអនឡាន និងរៀនផ្ទាល់៕

ឥណ្ឌាកោះអញ្ជើញបេសកជនបង់ក្លាដែសជុំវិញកង្វល់សន្តិសុខ នៅទីក្រុងដាក្កា

2025/12/17 05:32:56 pm        65
ឥណ្ឌាបានកោះអញ្ជើញប្រមុខការទូតបង់ក្លាដែសប្រចាំទីក្រុងញូវដែលី ដើម្បីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងរបស់ខ្លួននៅថ្ងៃពុធនេះ អំពីអ្វីដែលខ្លួនបានពិពណ៌នាថា ជាស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេសបង់ក្លាដែស ជាពិសេសការគំរាមកំហែងដែលកំណត់គោលដៅលើបេសកកម្មឥណ្ឌា នៅទីក្រុងដាក្កា។ការសម្រេចនេះ បានកើតឡើងរយៈពេលពីរថ្ងៃបន្ទាប់ពីប្រទេសបង់ក្លាដែស បានកោះអញ្ជើញប្រមុខការ ឥណ្ឌា នៅទីក្រុងដាក្កា ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនហៅថា «សេចក្តីថ្លែងការណ៍បង្កហេតុ» ដែលធ្វើឡើងដោយអតីតនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ពីទឹកដីឥណ្ឌា ដោយព្រមានថា ការអត្ថាធិប្បាយបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតសភានាពេលខាងមុខរបស់ប្រទេសនេះ។ប្រទេសបង់ក្លាដែស កំពុងរៀបចំសម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី ១២ ខែកុម្ភៈ ក្រោមរដ្ឋបាលបណ្តោះអាសន្នដឹកនាំដោយអ្នកទទួលរង្វាន់ណូបែល លោក Muhammad Yunus។ រដ្ឋាភិបាលបណ្តោះអាសន្នបានឡើងកាន់តំណែង បន្ទាប់ពីលោកស្រី Sheikh Hasina បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា កាលពីខែសីហា ឆ្នាំមុន ចំពេលមានការតវ៉ាទ្រង់ទ្រាយធំ។ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ បានភាពតានតឹង ចាប់តាំងពីលោកស្រី Hasina បានភៀសខ្លួនទៅកាន់ទីក្រុងដែលី ហើយទីក្រុងដាក្កា បានស្នើសុំម្តងហើយម្តងទៀតសម្រាប់ការធ្វើបត្យាប័នលោកស្រី៕

IEA៖ តម្រូវការធ្យូងថ្មពិភពលោកឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៥ ប៉ុន្តែនឹងធ្លាក់ចុះឆ្នាំ២០៣០

2025/12/17 05:30:47 pm        50
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងនៅថ្ងៃពុធ (ទី១៧ ខែធ្នូ) នេះថា តម្រូវការធ្យូងថ្មសកល បានឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅឆ្នាំ២០៣០ ដោយសារថាមពលកកើតឡើងវិញ ថាមពលនុយក្លេអ៊ែរ និងឧស្ម័នធម្មជាតិដ៏មហាសាល ជួយទប់ស្កាត់កម្រិតនៅក្នុងការផលិតថាមពលយ៉ាងច្រើន។ការបញ្ឈប់ប្រើប្រាស់ធ្យូងថ្មរបស់ពិភពលោក ត្រូវបានចាត់ទុកថា មានសារៈសំខាន់ក្នុងការសម្រេចបាននូវគោលដៅអាកាសធាតុសកល ប៉ុន្តែឥន្ធនៈហ្វូស៊ីលនៅតែជាឥន្ធនៈដ៏ធំបំផុតតែមួយគត់ សម្រាប់ការផលិតអគ្គិសនី។ របាយការណ៍ធ្យូងថ្មឆ្នាំ២០២៥ របស់ IEA បានបង្ហាញថា តម្រូវការធ្យូងថ្ម ត្រូវបានព្យាករថា កើនឡើង ០,៥ភាគរយ នៅឆ្នាំ២០២៥ ដោយដល់កម្រិតខ្ពស់បំផុត ៨,៨៥ពាន់លានតោន។នាយកទីផ្សារថាមពល និងសន្តិសុខរបស់ IEA លោក Keisuke Sadamori បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ដោយសម្លឹងមើលទៅពេលអនាគត យើងសង្កេតឃើញថា តម្រូវការធ្យូងថ្មសកលឈានដល់ដំណាលកាលថេរ ហើយនឹងចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង និងបន្តិចម្តងៗរហូតដល់ចុងទសវត្សរ៍នេះ»។ការព្យាករគឺប្រែប្រួលតិចតួចពីការប៉ាន់ស្មានឆ្នាំ២០២៤ ទោះបីជាមានកត់សម្គាល់ថា និន្នាការគឺផ្សេងគ្នា នៅឆ្នាំ២០២៥ ក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យប់មិញសម្តេចធិបតី សន្ទនាតាមទូរស័ព្ទជាមួយប្រមុខការទូតអាមេរិក ពិភាក្សាគ្នាពីសភាពការណ៍ព្រំដែនកម្ពុជា និងថៃ
12/26/2025 06:12 AM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានការប្តេជា្ញចិត្តខ្ពស់ចំពោះសុខទុក្ខជនភៀសសឹក។
12/25/2025 09:12 PM
ស៊ីរីបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់របស់ ISIS ត្រូវបានសម្លាប់
12/25/2025 08:12 PM
អារ៉ាប៊ីសាអ៊ូឌីត៖ ក្រុមបំបែកខ្លួនយេម៉ែន គួរតែដកកងកម្លាំងចេញពីខេត្តដែលដណ្ដើមបាន
12/25/2025 08:12 PM
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
12/25/2025 08:12 PM
ចិនជំរុញទីភ្នាក់ងារទេសចរណ៍កាត់បន្ថយភ្ញៀវទេសចរទៅជប៉ុនចំនួន ៤0ភាគរយ
12/25/2025 08:12 PM
រដ្ឋមន្រ្តីសុខាភិបាល បានផ្តល់ការបូកសរុបការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៥ មានលក្ខណៈល្អ និងកំពុងបន្តឈរលើផ្លូវនៃវឌ្ឍនភាពដ៏វិជ្ជមានជាបន្តបន្ទាប់
12/25/2025 07:12 PM
យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី អនុវត្តការហោះហើរ «តាមការគ្រោងទុក» លើសមុទ្រន័រវ៉ែស និង Barents
12/25/2025 07:12 PM
ប៉ូឡូញស្ទាក់យន្តហោះឈ្លបយកការណ៍រុស្ស៊ី នៅលើសមុទ្របាល់ទិក
12/25/2025 07:12 PM
នាយករដ្ឋមន្ត្រីជប៉ុន ធានាជាថ្មីដល់ទីផ្សារ ជាមួយនឹងការគ្រប់គ្រងសារពើពន្ធ ក្នុងថវិកាឆ្នាំក្រោយ
12/25/2025 07:12 PM