តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​

ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក លោក Vance លុបចោលការ​ធ្វើ​ដំណើរ សម្រាប់កិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់

2026/06/19 04:44:49 pm        57
អ្នកនាំពាក្យសេតវិមាន បានឲ្យដឹង​ថា អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានដកខ្លួនចេញពីការ​ធ្វើដំណើរដែលបានគ្រោងទុក ដើម្បីជួបជាមួយក្រុមអ្នកចរចាអ៊ីរ៉ង់ នៅប្រទេសស្វីស នា​ថ្ងៃសុក្រ (ទី១៩​ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដែល​មាន​​គោល​បំណង​ចាប់ផ្តើមកិច្ចពិភាក្សាដ៏​ស្មុគស្មាញ ស្ដីពី​ការអនុវត្តកិច្ចព្រមព្រៀង ១៤ចំណុច រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាមរបស់ភាគី​ទាំង២​។ការ​លុបចោល​កិច្ច​ពិភាក្សា​នេះ​​ ត្រូវ​បាន​បញ្ជាក់ដោយ​ក្រសួង​ការបរទេស​ស្វីស​ ដែលបានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនៅរមណីយដ្ឋានកំពូលភ្នំ Burgenstock នឹងមិនកើតឡើងឡើយ​។មន្ត្រីអាមេរិកបានឲ្យ​ដឹង​នៅសប្តាហ៍នេះថា ពួកគេនឹងរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ សម្រាប់កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវរបស់​ស្វីស ប៉ុន្តែក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហាញ​ការ​សង្ស័យ​ ជុំវិញ​រឿងនោះ ដោយបញ្ជាក់​ថា វាមិនមាន​ភាព​ចាំបាច់ទេ បន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កាល​ពី​ថ្ងៃពុធ។អ៊ីរ៉ង់បានបញ្ជាក់​ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាបច្ចេកទេស បន្ទាប់ពីគូ​អរិ​ទាំង២ បានពង្រីកបទឈប់បាញ់ដ៏ទន់ខ្សោយយ៉ាងហោចណាស់ ៦០​ថ្ងៃជាមួយនឹងកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយ​ការណ៍​កាលពីថ្ងៃព្រហស្បតិ៍ មុនពេលមាន​ការប្រកាសរបស់លោក Vance ថា ក្រុម​អ្នកចរចាអ៊ីរ៉ង់ត្រូវឃើញសញ្ញា ដែល​បង្ហាញ​នូវ​ការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្នពីសហរដ្ឋអាមេរិកសិន មុនពេល​​ការចរចាសន្តិភាពជុំបន្ទាប់ អាចចាប់ផ្តើម ហើយថា មិនមានការបញ្ជាក់ថា គណៈប្រតិភូរបស់ខ្លួននឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវនោះឡើយ​។អ្នកនាំពាក្យសេតវិមាន បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ថា លោក Vance និងគណៈប្រតិភូអាមេរិក បានត្រៀមរួចរាល់ហើយ ដើម្បីចេញដំណើរ​ភ្លាមៗ នៅពេលដែលផែនការ សម្រាប់ការចរចា ត្រូវបានបញ្ចប់សព្វគ្រប់​។ យ៉ាង​ណាក្ដី សេចក្តីថ្លែងការណ៍បានបន្ថែម​ថា «ប៉ុន្តែការរៀប​ចំ​ជាក់​ស្ដែង​​នៃការចរចាទាំងនេះ មិនមែន​ជា​បញ្ហា​សាមញ្ញ ឬអាចទស្សន៍ទាយដឹងមុន​បានឡើយ​»៕

អាល្លឺម៉ង់បើកមជ្ឈមណ្ឌលសង្គ្រាមចម្រុះ ស្របពេលមានការធ្វើយោធូបនីយកម្មកាន់តែទូលំទូលាយនៅក្នុងប្រទេសនេះ

2026/06/19 04:42:54 pm        50
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt បានបើកមជ្ឈមណ្ឌលសង្គ្រាមចម្រុះថ្មីមួយ ស្របពេលមានការធ្វើយោធាភាវូបនីយកម្មកាន់តែទូលំទូលាយនៅក្នុងប្រទេសនេះ ដើម្បីឆ្លើយតបទៅនឹង «ការគំរាមកំហែងរបស់រុស្ស៊ី»។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយពីមុនបានបង្ហាញថា អាល្លឺម៉ង់ និងរដ្ឋជាសមាជិកណាតូផ្សេងទៀត កំពុងរៀបចំផែនការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងរុស្ស៊ី។សមាជិកនៃប្លុកយោធាតែងតែចោទប្រកាន់រុស្ស៊ីពីបទលួចចូលម៉ាស៊ីនមេរបស់រដ្ឋាភិបាល រំខានសញ្ញា GPS របស់យន្តហោះ និងបង្វែរយានដ្រូនអ៊ុយក្រែនចូលទៅក្នុងដែនអាកាសរបស់ពួកគេ ដោយមានភស្តុតាងតិចតួច ឬគ្មានភស្តុតាង។ ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់ទាំងនេះថា ជាការញុះញង់ឲ្យមានសង្គ្រាម ដែលត្រូវបានរចនាឡើង ដើម្បីបង្ហាញអំពី«ការធ្វើយោធូបនីយកម្មដ៏ខ្លាំងក្លា» របស់អឺរ៉ុប។ថ្លែងនៅក្នុងពិធីបើកមជ្ឈមណ្ឌលនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃអង្គារ លោក Dobrindt បានអះអាងថា៖ «អាល្លឺម៉ង់មិនកំពុងធ្វើសង្គ្រាមទេ ប៉ុន្តែយើងជាគោលដៅប្រចាំថ្ងៃនៃសង្គ្រាមកូនកាត់ទេ។រដ្ឋមន្ត្រីរូបនេះបាននិយាយថា៖«មហាអំណាចបរទេសកំពុងវាយប្រហារយើងជាមួយនឹងចារកម្ម ការបំផ្លិចបំផ្លាញ ការវាយប្រហារតាមអ៊ីនធឺណិត និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត» ដោយបន្ថែមថា តួអង្គដែលមានគំនិតអាក្រក់កំពុងស្វែងរក«សាបព្រោះភាពមិនប្រាកដប្រជាក្នុងចំណោមប្រជាជន ដើម្បីបំផ្លាញ ការសន្ទនាប្រជាធិបតេយ្យ ដើម្បីជំរុញឲ្យមានការបែកបាក់គ្នា»៕

រដ្ឋមន្ត្រីការបរទេស៖ រុស្ស៊ីចង់សម្រេចគោលបំណងនៃប្រតិបត្តិការយោធាពិសេសតាមរយៈការទូត

2026/06/19 04:40:52 pm        50
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា រុស្ស៊ីចង់សម្រេចគោលបំណងនៃប្រតិបត្តិការយោធាពិសេសតាមរយៈការទូត ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ចាំបាច់ត្រូវធានាសន្តិសុខរបស់ខ្លួន។ លោក ឡាវរ៉ូវ បានថ្លែងនៅក្នុងអត្ថបទ«អ៊ុយក្រែន អឺរ៉ុប និងសន្តិសុខសកល»របស់លោក ថា៖«រុស្ស៊ីចង់សម្រេចគោលដៅនៃប្រតិបត្តិការយោធាពិសេសតាមរយៈការទូត។ មធ្យោបាយការទូតទាមទារឲ្យមានការធានាសន្តិសុខប្រកបដោយភាពជឿជាក់តាមបណ្តោយព្រំដែនភាគខាងលិចរបស់រុស្ស៊ី និងធានាការគោរព និងសេចក្តីថ្លៃថ្នូរសម្រាប់ពលរដ្ឋ និងជនរួមជាតិរបស់យើង រួមទាំងសិទ្ធិនិយាយភាសាកំណើតរបស់ពួកគេជាភាសា រុស្ស៊ី និងអនុវត្តជំនឿគ្រិស្តអូស្សូដក់»។លោកបានកត់សម្គាល់ថា៖«ការពង្រីកយោធា នយោបាយ និងសេដ្ឋកិច្ចបន្ថែមទៀតដោយលោកខាងលិចគឺមិនអាចទទួលយកបានទេ៖ ការធ្វើបែបនេះផ្ទុយនឹងតម្រូវការចាំបាច់នៃពិភពលោកពហុប៉ូល»៕

គេហទំព័រAxios៖ ការអះអាងរបស់អ៊ីរ៉ង់ទាក់ទងលីបង់ធ្វើឲ្យលោក Vance ពន្យារពេលក្នុងការជួបជាមួយក្រុមចរចាក្រុងតេអេរ៉ង់

2026/06/19 04:38:16 pm        54
អ្នកយកព័ត៌មានម្នាក់របស់គេហទំព័រ Axios បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការអះអាងរបស់អ៊ីរ៉ង់ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសលីបង់ គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលអនុប្រធានាធិបតីអាមេរិក លោក JD Vance បានដកខ្លួនចេញពីដំណើរទស្សនកិច្ចដែលបានគ្រោងទុក ដើម្បីជួបជាមួយក្រុមអ្នកចរចាអ៊ីរ៉ង់ នៅប្រទេសស្វ៊ីសនៅថ្ងៃសុក្រនេះ ក្នុងការចាប់ផ្តើមការចរចាលើការអនុវត្តកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាមនេះ។ លោក Barak Ravid បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ខ្ញុំថា ហេតុផលមួយសម្រាប់ការពន្យារពេលដំណើរទស្សនកិច្ចនេះ អាចជាការចោទប្រកាន់របស់អ៊ីរ៉ង់ទាក់ទងនឹងស្ថានភាព នៅក្នុងប្រទេសលីបង់»។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសស្វ៊ីស កិច្ចចរចាដែលត្រូវបានគ្រោងទុកសម្រាប់ថ្ងៃសុក្រ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅឯរមណីយដ្ឋានកំពូលភ្នំ Burgenstock ក្នុងប្រទេសស្វ៊ីស នឹងមិនកើតឡើងទេ។ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃពុធ ដោយលោក ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានកំណត់រយៈពេល ៦០ ថ្ងៃសម្រាប់ការចរចាលើបញ្ហាទូលំទូលាយរវាងគូប្រជែងទាំងពីរ រួមទាំងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ៕

អាមេរិក និងអ៊ីស្រាអែល បានទាមទារឲ្យក្រុមហាម៉ាសរំសាយអាវុធក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUN

2026/06/19 04:35:14 pm        56
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានទាមទារឱ្យមានការរំសាយអាវុធរបស់ក្រុមហាម៉ាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដ៏តានតឹងមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ខណៈ សម្ព័ន្ធមិត្តអន្តរជាតិ បានចោទប្រកាន់អ៊ីស្រាអែលពីបទរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយ និងរារាំងជំនួយមនុស្សធម៌ដ៏សំខាន់។ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន លោក Riyad Mansour បានចោទប្រកាន់អ៊ីស្រាអែលពីបទសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង១.០០០នាក់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន និងបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដោយព្រមានថា កុមារម្នាក់ក្នុងចំណោមកុមារបួននាក់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះនៅតែប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។លោក Danny Danon បេសកជនអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល បានច្រានចោលការរិះគន់នេះ ដោយបញ្ជាក់ថាអ៊ីស្រាអែលនឹងមិនសហការជាមួយអង្គការដែលអនុញ្ញាតឱ្យក្រុមភេរវករលាក់ខ្លួននៅពីក្រោយស្លាកឡូហ្គោមនុស្សធម៌ និងបានចោទប្រកាន់ក្រុមហាម៉ាសថា បានកេងប្រវ័ញ្ចវិបត្តិជំនួយដើម្បីគេចពីសម្ពាធអន្តរជាតិ។អ្នកតំណាងសហរដ្ឋអាមេរិក លោកស្រី Tammy Bruce បានគាំទ្រជំហររបស់អ៊ីស្រាអែល ដោយចាត់ទុកក្រុមហាម៉ាសថាជា «ក្រុមភេរវករដែលកំពុងយកប្រជាជនតំបន់ហ្កាហ្សាធ្វើជាចំណាប់ខ្មាំង» និងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខដាក់សម្ពាធលើក្រុមនេះឱ្យអនុវត្តផែនការរំសាយអាវុធ។

សាខាក្រុមអាល់កៃដានៅអាហ្វ្រិកខាងលិច ទទួលខុសត្រូវចំពោះការវាយប្រហារអាកាសយានដ្ឋាន និងមូលដ្ឋានទ័ពអាកាសនៅនីហ្សេ

2026/06/19 04:27:10 pm        46
សាខាក្រុមអាល់កៃដានៅអាហ្វ្រិកខាងលិច កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារលើអាកាសយានដ្ឋាន និងមូលដ្ឋានកងទ័ពអាកាសនៅក្នុងរដ្ឋធានីប្រទេសនីហ្សេ ដែលរដ្ឋាភិបាលបាននិយាយថា បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខចំនួន១១នាក់ និងបានបង្ហាញពីភាពអសន្តិសុខនៅក្នុងតំបន់ Sahel។ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នៅ Niamey សាក្សីបាននិយាយថា ចាប់ផ្តើមនៅម៉ោងប្រហែល៦ព្រឹកម៉ោងក្នុងស្រុក និងមានរយៈពេលជាងពីរម៉ោង គឺជាការវាយប្រហារលើកទីពីរនៅបរិវេណអាកាសយានដ្ឋាននៅឆ្នាំនេះ បន្ទាប់ពីសាខារដ្ឋអ៊ីស្លាមនៅតំបន់នេះដែលត្រូវបានគេស្គាល់ថាជាខេត្តសាហេលរដ្ឋអ៊ីស្លាម (ISSP) បានកំណត់គោលដៅទីតាំងនោះ កាលពីខែមករា។រូបភាពដែលបានចាក់ផ្សាយនៅលើបណ្តាញទូរទស្សន៍រដ្ឋរបស់ប្រទេសនីហ្សេ ORTN បានបង្ហាញកងកម្លាំងសន្តិសុខយាមនៅជិតទីតាំងផ្ទុកទំនិញនៅអាកាសយានដ្ឋាន ហើយសាកសពអ្នកស្លាប់ត្រូវបានដាក់នៅលើផ្លូវ។ សម្ព័ន្ធក្រុមអាល់កៃដា Jama'at Nusrat al-Islam wal Muslimin (JNIM) បានអះអាងពីការវាយប្រហារចុងក្រោយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយតាមបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ខ្លួន គឺមូលនិធិ Az-Zallaqa។

ប្រទេសអារ៉ាប់រួម កំណត់អាយុអប្បបរមាប្រើប្រាស់បណ្តាញសង្គមត្រឹមអាយុ១៥ឆ្នាំឡើង

2026/06/19 04:23:52 pm        33
ប្រទេសអារ៉ាប់រួម បានក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលបានកំណត់អាយុអប្បបរមាសម្រាប់ការចូលប្រើប្រាស់បណ្តាញសង្គម។ ក្រោមច្បាប់ថ្មីដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ កុមារអាយុក្រោម១៥ ឆ្នាំត្រូវបានហាមឃាត់មិនឱ្យបង្កើត ឬប្រើប្រាស់គណនីបណ្តាញសង្គមផ្ទាល់ខ្លួនឡើយ។ ពួកគេក៏ត្រូវបានហាមឃាត់មិនឱ្យបង្ហោះ បញ្ចេញមតិ ចែករំលែក ឬចូលរួមក្រុមជាសាធារណៈ ផងដែរ។ទោះជាយ៉ាងណា ក្មេងជំទង់ដែលមានអាយុពី១៥ ដល់១៦ឆ្នាំ នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បណ្តាញសង្គម ប៉ុន្តែនឹងត្រូវតែជាគោលដៅនៃការការពារ រួមមានការគ្រប់គ្រងមាតិការផ្អែកលើអាយុ ការពិនិត្យរបស់ឪពុកម្តាយ និងការរឹតត្បិតលើការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ដែលមិនស្គាល់គ្នា។ វេទិកាបណ្តាញសង្គមក៏ត្រូវតែអនុវត្តវិធានការផ្ទៀងផ្ទាត់អាយុដ៏ហ្មត់ចត់ដោយប្រើប្រាស់អត្តសញ្ញាណឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ផងដែរ។ការប្រកាសអាយុដោយខ្លួនឯង នឹងមិនត្រូវបានទទួលយកជាទម្រង់ផ្ទៀងផ្ទាត់ដែលមានសុពលភាពនោះទេ។ រដ្ឋាភិបាលបាននិយាយថា ចំណាត់ការនេះមានគោលបំណងការពារកុមារពីមាតិការដែលមិនសមរម្យ ហានិភ័យតាមបណ្តាញអ៊ីនធឺណិត និងការប្រើប្រាស់ហួសហេតុ។ ឪពុកម្តាយ នៅប្រទេសអារ៉ាប់រួមបានស្វាគមន៍ចំពោះវិធានការថ្មីនេះ។

អ៊ីស្រាអែលអះអាងថា យោធារបស់ខ្លួនកំពុងវាយប្រហារគោលដៅរបស់ក្រុមហេសបូឡានៅភាគខាងត្បូង លីបង់

2026/06/19 04:21:38 pm        29
យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡានៅក្នុងតំបន់ខ្លះនៃភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែលរួមមានប្រទេសលីបង់ក៏ដោយ។យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងអំឡុងពេលយប់ កងទ័ពបានវាយប្រហារ និងបន្តវាយប្រហារលើភេរវករហេសបូឡា និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ជាច្រើន នៅភាគខាងត្បូងប្រទេសលីបង់»។យោធាបានបន្ថែមថា៖«ការវាយប្រហារទាំងនេះ កើតឡើងបន្ទាប់ពីការរំលោភម្តងហើយម្តងទៀតលើបទឈប់បាញ់ដោយអង្គការភេរវកម្មហេសបូឡា»។នៅថ្ងៃព្រឹកថ្ងៃសុក្រនេះ យុទ្ធជនរបស់ក្រុមហេសបូឡា បានបំផ្លាញរថក្រោះអ៊ីស្រាអែលចំនួនបីគ្រឿង ហើយការប៉ះទង្គិចគ្នា កំពុងបន្ត មួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង បានសម្លាប់មនុស្សចំនួន ១៦នាក់៕

ប្រធានាធិបតីអ៊ីរ៉ង់ ស្វាគមន៍តួនាទីរបស់ប្រទេសកាតា ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់

2026/06/19 03:46:59 pm        49
ប្រធានាធិបតីអ៊ីរ៉ង់ បានលើកសរសើរពីតួនាទីរបស់ប្រទេសកាតាក្នុងការជួយប្រទេសទាំងពីរ អាមេរិក-អ៊ីរ៉ង់ ឱ្យឈានដល់អនុស្សរណៈនៃការយោគយល់(MoU) ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប្រទេសកាតា ព្រះចៅ Sheikh Tamim bin Hamad Al Thani។លោក Masoud Pezeshkian បាននិយាយថា ប្រទេសកាតាបានបង្កើត «បរិយាកាសអំណោយផលសម្រាប់ការចរចា» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោកប្រធានាធិបតី និងបាននិយាយបន្ថែមថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយមានការគាំទ្រពីប្រទេសកាតា ប្រទេសប៉ាគីស្ថាន និងប្រទេសអ៊ីស្លាមដទៃទៀត។ព្រះចៅ Sheikh Tamim បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដោយបានបញ្ជាក់ពីសារៈសំខាន់ផ្នែកការទូត និងការសន្ទនាដើម្បីកាត់បន្ថយភាពតានតឹង និងជំរុញស្ថិរភាពក្នុងតំបន់។

លោកLavrov៖ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងNATO និងរុស្ស៊ី អាចកើនឡើងដល់ការវាយប្រហារនុយក្លេអ៊ែរ

2026/06/19 03:45:01 pm        58
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានព្រមានអំពីលទ្ធភាពនៃផលវិបាកដ៏មហន្តរាយ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងអង្គការណាតូ និងរុស្ស៊ី។លោក Lavrov បានលើកឡើងនៅក្នុងអត្ថបទ «អ៊ុយក្រែន អឺរ៉ុប និងសន្តិសុខសកល»ថា៖«ស្ថានភាពនេះ ទាក់ទងនឹងទិសដៅរបស់អឺរ៉ុបឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី និងការពង្រីកបន្ថែមទៀត បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក។ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអង្គការណាតូ និងរុស្ស៊ីអាចកើនឡើងដល់ការវាយប្រហារនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស ជាមួយនឹងផលវិបាកដ៏មហន្តរាយ»។អត្ថបទរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីដំបូងឡើយ ត្រូវបានគ្រោងនឹងបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មាន «Politico-Europe» ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល ប៉ុន្តែតាមរយៈការសម្រេចចិត្តនៅនាទីចុងក្រោយរបស់ក្រុមវិចារណកថារបស់ស្ថាប័ននេះ ការបោះពុម្ពផ្សាយ ត្រូវបានលុបចោលវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM
មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាម នៅស្រីលង្កា ឈានដល់កម្រិតរាតត្បាត ខណៈការ​ឆ្លងលើស ៥០.០០០ករណី
06/27/2026 02:06 PM