ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ទួរគីដាក់ពង្រាយយន្តហោះចម្បាំង F-16 ៦គ្រឿង និងប្រព័ន្ធការពារដែនអាកាសទៅកាន់តំបន់ភាគខាងជើងប្រទេសស៊ីប

2026/03/09 06:32:30 pm        119
នៅថ្ងៃចន្ទនេះ ទួរគី បានដាក់ពង្រាយយន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿង និងប្រព័ន្ធការពារដែនអាកាសទៅកាន់តំបន់ភាគខាងជើងប្រទេសកោះស៊ីប ដើម្បីជំរុញសន្តិសុខរបស់សហគមន៍ទួរគីនៅទីនោះ ស្របពេលសង្រ្គាមនៅអ៊ីរ៉ង់ ហើយទីក្រុងអង់ការ៉ា នឹងចាត់វិធានការបន្ថែមទៀត បើសិនជាចាំបាច់ ។ នេះបើយោងតាមការអះអាងឲ្យដឹងរបស់ក្រសួងការពារជាតិទួរគី ។ប្រទេសមហាអំណាចអឺរ៉ុប បានបង្កើនការដាក់ពង្រាយយោធារបស់ពួកគេទៅកាន់ប្រទេសមួយនេះ ក្រោយយានដ្រូនអ៊ីរ៉ង់ដែលក្រុមមន្រ្តីសន្តិសុខជឿថាត្រូវបានបាញ់ដោយក្រុមហេសបូឡា គឺជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅលីបង់ វាយប្រហារមូលដ្ឋានទ័ពអាកាសអង់គ្លេសនៅប្រទេសស៊ីបកាលពីសប្តាហ៍មុន ។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងបរិបទនៃការវិវត្តន៍ចុងក្រោយនៅក្នុងតំបន់របស់ពួកយើង យន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿង និងប្រព័ន្ធការពារដែនអាកាស ត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ីប ហើយវាគឺជាផ្នែកមួយនេះការធ្វើផែនការតាមដំណាក់កាល ដើម្បីពង្រឹងសន្តិសុខរដ្ឋបំបែកខ្លួនរបស់ពួកយើង ។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារលើអ៊ីរ៉ង់ទូទាំងប្រទេស ខណៈជម្លោះបានរាលដាលចូលដល់សប្ដាហ៍ទី២ ។ ជនស៊ីវិល១.៣៣២ នាក់ រួមទាំងកុមារប្រមាណ ៣០០ នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ ៕

កងទ័ពអ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារលើរោងចក្រផលិតម៉ាស៊ីនរ៉ូកែតនៅអ៊ីរ៉ង់

2026/03/09 06:30:16 pm        89
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហាររោងចក្រផលិតម៉ាស៊ីនរ៉ូកែត និងទីតាំងបាញ់មីស៊ីលបាលីស្ទីកជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់ IDF។របាយការណ៍នេះ បានបញ្ជាក់ថា៖«កងទ័ពអាកាសអ៊ីស្រាអែល ដែលធ្វើសកម្មភាពតាមព័ត៌មានចារកម្មរបស់ IDF បានធ្វើការវាយប្រហារបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសអ៊ីរ៉ង់ ដែលជាកម្មសិទ្ធិរបស់របបអ៊ីរ៉ង់។ ជាផ្នែកមួយនៃកិច្ចប្រតិបត្តិការរបស់ខ្លួន IDFបានវាយប្រហាររោងចក្រផលិតម៉ាស៊ីនរ៉ូកែត និងទីតាំងបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយជាច្រើន ដែលត្រូវបានរៀបចំសម្រាប់ការបាញ់ទៅកាន់រដ្ឋអ៊ីស្រាអែល»។  កងទ័ពអ៊ីស្រាអែល ក៏បន្តវាយប្រហារលើគោលដៅហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ៕

រដ្ឋមន្ត្រីក្រសួងថាមពល៖ អាមេរិកមិនកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ទេ

2026/03/09 06:28:04 pm        87
រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយថា សហរដ្ឋអាមេរិកមិនកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ទេ។ ហើយក៏មិនមានផែនការធ្វើដូច្នេះដែរ។  លោកបានប្រាប់សារព័ត៌មាន CNN ថា៖«ពុំមានផែនការកំណត់គោលដៅលើឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ឧស្សាហកម្មឧស្ម័នធម្មជាតិរបស់ពួកគេ ឬអ្វីមួយអំពីឧស្សាហកម្មថាមពលរបស់ពួកគេទេ»។ «សហរដ្ឋអាមេរិក កំពុងកំណត់គោលដៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ»។ទោះជាយ៉ាងណាក៏ដោយ លោកមិនបានច្រានចោលថា ការវាយប្រហារបែបនេះ អាចត្រូវបានធ្វើឡើងដោយអ៊ីស្រាអែលទេ ប៉ុន្តែការវាយប្រហារទាំងនេះ កំណត់គោលដៅលើ «ឃ្លាំងប្រេងឥន្ធនៈក្នុងស្រុក»៕

ទីក្រុងតេអេរ៉ង់គំរាមរឹបអូសទ្រព្យសម្បត្តិរបស់ជនជាតិអ៊ីរ៉ង់នៅបរទេស ដែលគាំទ្រការវាយប្រហារលើអ៊ីរ៉ង់

2026/03/09 06:23:54 pm        89
ការិយាល័យរដ្ឋអាជ្ញាអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់រស់នៅក្រៅប្រទេស អាចនឹងត្រូវរឹបអូសទ្រព្យសម្បត្តិ ហើយប្រឈមជាមួយនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់ផ្សេងទៀត ប្រសិនបើពួកគេបង្ហាញការគាំទ្រដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។សមាជិកមួយចំនួននៃសហគមន៍ជនភៀសខ្លួនអ៊ីរ៉ង់ ដែលចង់បានការផ្លាស់ប្តូរនយោបាយ នៅទីក្រុងតេអេរ៉ង់ បានចេញទៅតាមដងផ្លូវនៃទីក្រុងនានា នៅអឺរ៉ុប និងអាមេរិក ដើម្បីអបអរសាទរការសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ នៅថ្ងៃចន្ទនេះ អ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ឲ្យស្នងតំណែងឪពុករបស់លោក។ការិយាល័យរដ្ឋអាជ្ញា ត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបានឲ្យដឹងថា៖ «ការព្រមានមួយ ត្រូវបានចេញដល់ជនជាតិអ៊ីរ៉ង់រស់នៅក្រៅប្រទេស ដែលតាមរយៈវិធីផ្សេងៗគ្នា បង្ហាញនូវការអាណិតអាសូរ គាំទ្រ ឬសហការជាមួយសត្រូវអាមេរិក-អ៊ីស្រាអែល»។ការិយាល័យនេះ បានបន្ថែមថា៖ «ពួកគេនឹងត្រូវប្រឈមជាមួយការរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ និងការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ផ្សេងទៀត ស្របតាមច្បាប់របស់ប្រទេស»។បណ្ដាញទើបបង្កើតថ្មី នៅកម្មវិធីផ្ញើសារ Telegram បានចែករំលែកព័ត៌មានលម្អិត អំពីជនជាតិអ៊ីរ៉ង់ល្បីៗរស់នៅក្រៅប្រទេស ដែលបានបង្ហោះមតិយោបល់រិះគន់អាជ្ញាធរថ្នាក់ដឹកនាំសាសនាអ៊ីរ៉ង់ និងគាំទ្រយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីន ៦នាក់នៅតំបន់ហ្កាហ្សាស្រ្ទីប

2026/03/09 05:47:44 pm        98
យោងតាមក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីនបានឲ្យដឹងថា ជនប៉ាឡេស្ទីន ៦នាក់ រួមទាំងក្មេងស្រី ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃអាទិត្យ ។នៅទីក្រុងហ្កាហ្សា ការវាយប្រហារតាមច្រកអាកាសនៅជិតសាកលវិទ្យាល័យ Al-Azhar បានសម្លាប់បុរស ៣នាក់ រួមទាំងគ្រូពេទ្យបឋម ២នាក់ផងដែរ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ។ ការផ្ទុះគ្រាប់ បានកើតមាននៅជិតជំរំសំពត់តង់ដែលមានគ្រួសារជម្លៀសខ្លួនរស់នៅយ៉ាងច្រើន ។យោធាអ៊ីស្រាអែលនិយាយថា ពួកគេមានគោលដៅលើសមាជិកក្រុមហាម៉ាស ២នាក់ ដែលរៀបចំការវាយប្រហារ ប៉ុន្តែពួកគេពុំបានផ្តល់ភ័ស្តុតាងនោះទេ ។ ក្រុមជីវពលមួយនេះ ពុំបានប្រកាសបុរសស្លាប់ គឺជាសមាជិករបស់ខ្លួននោះឡើយ ហើយអ៊ីស្រាអែលបដិសេធន៍ពុំផ្តល់ព័ត៌មានលម្អិតបន្ថែមនោះដែរ ។នៅពាក់កណ្តាលយប់អាធ្រាត្រថ្ងៃអាទិត្យ រថក្រោះបានផ្លោងគ្រាប់កាំភ្លើងធំលើតំបន់ភាគកណ្តាលហ្កាហ្សា ដោយបានសម្លាប់មនុស្ស ៣នាក់ រួមទាំងក្មេងស្រី ២នាក់ផងដែរ ហើយមនុស្ស ១០នាក់ផ្សេងទៀត បានរងរបួស ។សូមបញ្ជាក់ថា អំពើហិង្សានៅតែបន្ត បើទោះបីជាមានបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកកាលពីខែតុលា ក៏ដោយ ។ ក្រុមមន្រ្តីសុខភាពហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ៦៤០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក ខណៈអ៊ីស្រាអែលរាយការណ៍ថា ទាហានរបស់ខ្លួន ៤នាក់ ត្រូវបានសម្លាប់ អំឡុងពេលតែមួយ ៕

សម្តេចប៉ាប Leo ជំរុញឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែក និងចាប់ផ្តើមជជែកគ្នានៅអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា

2026/03/09 05:45:51 pm        72
សម្តេចប៉ាប Leo បានមានព្រះបន្ទូលកាលពីថ្ងៃអាទិត្យថា ព័ត៌មានដ៏គួរឲ្យព្រួយបារម្ភខ្លាំង បន្តមានពីអ៊ីរ៉ង់ និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយទ្រង់បានជំរុញឲ្យបញ្ចប់អំពើហិង្សា ហើយនិងកិច្ចខិតខំថ្មី ដើម្បីបើកទ្វារជជែកគ្នា ។នៅក្នុងការអធិដ្ឋាន Angelus របស់ទ្រង់នៅទីលានចតុរង្គ St. Peter សម្តេចប៉ាប Leo ដែលជាសម្តេចប៉ាបលើកដំបូងរបស់សហរដ្ឋអាមេរិក បានព្រមានថា ជម្លោះនឹងបង្កភាពភ័យខ្លាច និងការស្អប់ខ្ពើម ហើយទ្រង់លើកឡើងពីក្តីបារម្ភថា វាអាចនឹងរីករាលដាលបន្ថែមទៀត ស្របពេលដែលការប្រយុទ្ធគ្នាកើនឡើង នៅថ្ងៃទី ៩នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ។ថ្លែងនៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ សម្តេចប៉ាប បានចងចាំផងដែរ ស្ត្រីដែលជាជនរងគ្រោះនៃការរើសអើង និងអំពើហិង្សា ហើយនិងបន្តការប្តេជ្ញាចិត្តចំពោះការទទួលស្គាល់សេចក្តីថ្លៃថ្នូរស្មើភាពគ្នារវាងបុរស និងស្ត្រី ។អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារលើអ៊ីរ៉ង់ទូទាំងប្រទេស ខណៈជម្លោះបានរាលដាលចូលដល់សប្ដាហ៍ទី២ ។ ជនស៊ីវិល១.៣៣២ នាក់ រួមទាំងកុមារប្រមាណ៣០០ នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ ។ឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Fars កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាចប្រយុទ្ធទល់នឹងសង្គ្រាមដ៏ខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល រយៈពេលយ៉ាងហោចណាស់ ៦ខែ ។ យោងតាមសារព័ត៌មាន Farsបានឲ្យដឹងថា អ្នកនាំពាក្យកងកម្លាំងឆ្មាំបដិវត្តន៍នេះ លោក Ali Mohammad Naini និយាយថា កងកម្លាំងប្រដាប់អាវុធអ៊ិស្លាមអ៊ីរ៉ង់ មានសមត្ថភាពបន្តយ៉ាងហោចណាស់៦ខែ នៅចំពោះមុខប្រតិបត្តិការយោធាបច្ចុប្បន្ន ៕

លោក Pezeshkian ៖ អ៊ីរ៉ង់មិនឱនក្បាលចំពោះសម្ពាធរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលនោះឡើយ

2026/03/09 05:41:56 pm        86
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចង់បង្កើតការបែងចែករវាងប្រទេសអ៊ិស្លាម ស្របពេលដែលសង្រ្គាមមជ្ឈិមបូព៌ាឈានចូលដល់សប្តាហ៍ទី ២ ហើយប្រទេសរបស់លោកមិនឱនក្បាលចំពោះសម្ពាធរបស់ពួកគេនោះឡើយ ។កាលពីថ្ងៃសៅរ៍កន្លងទៅ លោក Pezeshkian បាននិយាយសុំអភ័យទោសដល់ប្រទេសជិតខាងដែលរងផលប៉ះពាល់ដោយសារសកម្មភាពរបស់អ៊ីរ៉ង់ ។លោកនិយាយថា យោធាអ៊ីរ៉ង់ពុំមានបំណងបំពានរដ្ឋឈូងសមុទ្រនោះទេ ប៉ុន្តែពួកយើងត្រូវការពារខ្លួនឯងប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថាជាការឈ្លានពានយ៉ាងឃោឃៅ ។លោក Pezeshkian បានចាត់ទុកផងដែរការទាមទាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យអ៊ីរ៉ង់ចុះចេញដោយគ្មានលក្ខខណ្ឌនោះថា ជា“ក្តីស្រមៃ” ។លោក Trump និយាយថា ប្រតិបត្តិការយោធាធំបំផុតរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាចាប់តាំងពីការឈ្លានពានប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣ ថាជារឿងត្រឹមត្រូវ ដោយរូបលោកនិយាយថា ទីក្រុងតេអេរ៉ង់ គឺជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក ដោយរូបលោកពុំបានផ្តល់ភ័ស្តុតាងអ្វីនោះឡើយ ។សេចក្តីអត្ថាធិប្បាយសុំអភ័យទោសរបស់លោក Pezeshkian បង្កឲ្យមានភាពចលាចលនយោបាយនៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់លោកផងដែរ ក្នុងនោះក្រុមបុព្វជិតប្រកាន់តឹង ចាត់ទុកការសុំអភ័យទោសនេះថា “គ្មានអាជីព ទន់ខ្សោយ និងមិនអាចទទួលយកបាន” ។ការរិះទាំងនេះបង្ខំឲ្យការិយាល័យប្រធានាធិបតីបញ្ជាក់ឡើងវិញថា យោធាអ៊ីរ៉ង់ នឹងឆ្លើយតបយ៉ាងមុតមាំចំពោះការវាយប្រហារពីមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់ ។ខណៈពេលនោះដែរ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត គូវែត អារ៉ាប់រួម និងបារ៉ែន បានរាយការណ៍ពីការវាយប្រហារយានដ្រូនរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសរបស់ពួកគេ កាលពីថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ក្នុងនោះសំណុំភ្លើងដ៏ធំបានហ៊ុមព័ទ្ធប្លុកអគារការិយាល័យនៅក្នុងប្រទេសគូវ៉ែត ៕

IMF ជំរុញឲ្យមានការត្រៀម សម្រាប់ «អ្វីដែលមិននឹកស្មានដល់» អំឡុងជម្លោះ នៅមជ្ឈិមបូព៌ា

2026/03/09 05:38:13 pm        42
នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាននិយាយនៅថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) នេះថា អរិភាពអូសបន្លាយ នៅតំបន់មជ្ឈិមបូព៌ា នឹងបង្កជាហានិភ័យប៉ះពាល់ដល់ទីផ្សារ និងសេដ្ឋកិច្ច ខណៈដែលបង្កើតឲ្យមានបញ្ហាប្រឈមមិននឹកស្មានដល់ ដែលតម្រូវឲ្យអ្នកធ្វើគោលនយោបាយត្រៀមខ្លួន សម្រាប់ «ស្ថានភាពថ្មី»។ក្នុងសន្និសីទមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកស្រី Georgieva បាននិយាយថា៖ «ប្រសិនបើជម្លោះថ្មី អូសបន្លាយពេលនោះ វាមានសក្តានុពលយ៉ាងច្បាស់លាស់ និងជាក់ស្តែង ក្នុងការប៉ះពាល់ដល់ទស្សនវិស័យទីផ្សារ កំណើន និងអតិផរណា ដោយធ្វើឲ្យមានស្ថានភាពប្លែកថ្មី ចំពោះអ្នកធ្វើគោលនយោបាយ»។លោកស្រីបានបន្ថែមថា បញ្ហាភ្លាមៗមិនស្មានដល់ អាចកើតឡើង សូម្បីតែបន្ទាប់ពីជម្លោះបានបញ្ចប់ក៏ដោយ ដោយបញ្ជាក់ពីទស្សនវិស័យ ចំពោះការមាននូវភាពមិនប្រាកដប្រជាជាបន្តបន្ទាប់។ លោកស្រីបាននិយាយថា៖ «នៅក្នុងបរិយាកាសសកលថ្មីនេះ សូមគិតអំពីអ្វីដែលមិននឹកស្មានដល់ ហើយត្រៀមខ្លួនសម្រាប់វា»។លោកស្រីបានចង្អុលបង្ហាញថា ចំណុចទាំងនេះបានគាំទ្រទស្សនៈរបស់ IMF ដែលថា ប្រទេសនានាត្រូវដោះស្រាយគោលនយោបាយក្នុងស្រុករបស់ពួកគេ ដើម្បីធានាថា ពួកគេមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយជាមួយនឹងវិបត្តិមិនស្មានដល់។លោកស្រី Georgieva បានថ្លែងបន្ទាប់ពីប្រេងបានឡើងថ្លៃដល់ ១២០ដុល្លារ ក្នុងមួយបារ៉ែល នៅថ្ងៃទី៩ ខែមីនា មុនពេលធ្លាក់ចុះបន្តិច ក្នុងពេលជម្លោះរាលដាលកាន់តែខ្លាំងឡើង នៅតំបន់មជ្ឈិមបូព៌ា ហើយភាពតានតឹងមានសភាពកាន់តែខ្លាំងក្លា នៅលើផ្លូវដឹកជញ្ជូនប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលសកល៕

រដ្ឋមន្រ្តីការបរទេសចិនលើកឡើងពីក្តីបារម្ភលើគោលជំហររបស់ជប៉ុនចំពោះកោះតៃវ៉ាន់

2026/03/09 05:35:49 pm        45
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បាននិយាយព្រមានកាលពីថ្ងៃអាទិត្យថា រាល់ការប៉ុនប៉ងណាមួយក្នុងការបំបែកកោះតៃវ៉ាន់ពីចិនលើឆាកអន្តរជាតិ ត្រូវតែវិនាសដល់បរាជ័យ ដោយរូបលោកនិយាយថា បញ្ហាកោះតៃវ៉ាន់នៅតែជាផលប្រយោជន៍ស្នូលរបស់ទីក្រុងប៉េកាំង ។ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រៅកិច្ចប្រជុំសភាប្រចាំរបស់ចិន លោក Wangនិយាយថា ការស្វែងរកឯករាជ្យកោះតៃវ៉ាន់របស់គណបក្សប្រជាធិបតេយ្យជឿនលឿន គឺជាប្រភពសំខាន់នៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ។ លោកថា សន្តិភាពកាន់តែសុវត្ថិភាព ពេលដែលសហគមន៍អន្តរជាតិ គាំទ្រគោលការណ៍ចិនតែមួយ ។លោកនិយាយផងដែរថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ មានទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយកម្រិតខ្ពស់ ហើយមិនខ្លាចការបង្កហេតុពីខាងក្រៅទេ។លោក Wang បញ្ជាក់ថា ប្រទេសចិន និងរុស្ស៊ីមានទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយកម្រិតខ្ពស់ ហើយការទំនាក់ទំនងគ្នាយ៉ាងជាប់លាប់ បានក្លាយជាខ្លឹមសារនៃចំណងមិត្តភាពចិន-រុស្ស៊ី។ ពួកយើងមិនខ្លាចការញុះញង់ និងសម្ពាធពីខាងក្រៅណាមួយឡើយ ។សូមបញ្ជាក់ថា ចិនមាននូវហ្គេមសង្គ្រាមទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ ហើយនិងមានជម្លោះការទូតកើនឡើងជាមួយជប៉ុន ជុំវិញសេចក្តីអត្ថាធិប្បាយរបស់លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi ថា ការវាយប្រហាររបស់ចិនលើកោះគ្រប់គ្រងបែបប្រជាធិបតេយ្យមួយនេះ អាចនឹងនាំឲ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ ៕

អ្នកនយោបាយបារាំងទាមទារឲ្យទីក្រុងប៉ារីសឈប់ផ្តល់ជំនួយដល់អ៊ុយក្រែន និងការគំរាមកំហែងចំពោះនាយករដ្ឋមន្ត្រីហុងគ្រី

2026/03/09 04:54:06 pm        65
មេដឹកនាំគណបក្សបារាំង The Patriots លោក Florian Philippot បានអំពាវនាវឲ្យអាជ្ញាធរបារាំងបញ្ឈប់ការផ្តល់ជំនួយដល់អ៊ុយក្រែន បន្ទាប់ពីការគំរាមកំហែងរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ចំពោះនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban។លោកបានសរសេរនៅលើទំព័រ X របស់ខ្លួនថា៖«កាលពីចុងសប្តាហ៍មុន ប្រជាជនហុងគ្រី បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអ៊ុយក្រែន ដើម្បីតវ៉ាប្រឆាំងនឹងការគំរាមកំហែងសម្លាប់របស់លោក ហ្សេឡិនស្គី ចំពោះលោក លោក Orban! ពួកគេធុញទ្រាន់នឹងការផ្តល់ហិរញ្ញប្បទានដល់ម៉ាហ្វីយ៉ាគាំទ្រអឺរ៉ុប និងម៉ាហ្វីយ៉ារបស់លោក ហ្សេឡិនស្គី! គ្មានប្រាក់សូម្បីមួយអឺរ៉ូ គ្មានអាវុធមួយដើម គ្មានទាហានបារាំងម្នាក់សម្រាប់អ៊ុយក្រែនឡើយ!»។  នាពេលថ្មីៗនេះ លោក ហ្សេឡិនស្គី បានបន្តការរិះគន់របស់ខ្លួនចំពោះលោក Orban ដោយព្រមានថា ប្រសិនបើប្រទេសហុងគ្រីបន្តរារាំងផលប្រយោជន៍របស់អ៊ុយក្រែន ជាពិសេសទាក់ទងនឹង «ប្រាក់កម្ចី     សង្គ្រាម» ចំនួន ៩០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុប លោកអាចនឹងដាក់យោធាអ៊ុយក្រែនប្រឆាំងនឹងទីក្រុង ប៊ុយដាប៉េស។ ការកើនឡើងភាពតានតឹងនេះ កើតឡើង បន្ទាប់ពីការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការបញ្ឈប់ការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីតាមរយៈបំពង់បង្ហូរប្រេង Druzhba ជាសម្រេចមួយដែលមានគោលបំណងដាក់សម្ពាធលើប្រទេសហុងគ្រីឲ្យពិចារណាឡើងវិញនូវជំហររបស់ខ្លួនលើជម្លោះដែលកំពុងបន្ត និងជំហររបស់ខ្លួនលើការចូលជាសមាជិកសហភាពអឺរ៉ុបដ៏មានសក្តានុពលរបស់អ៊ុយក្រែន។ប្រទេសហុងគ្រីបានបង្ហាញយ៉ាងជាប់លាប់នូវការជំទាស់របស់ខ្លួនចំពោះការធ្វើសមាហរណកម្មយ៉ាងប្រញាប់ប្រញាល់របស់អ៊ុយក្រែន ទៅក្នុងសហភាពអឺរ៉ុប ហើយបានបដិសេធមិនបែងចែកថវិកាពីធនធានរបស់ពលរដ្ឋរបស់ខ្លួន ដើម្បីគាំទ្រដល់ទីក្រុងគីវទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM