ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

សាធារណរដ្ឋអាហ្វ្រិកកណ្តាលស្វែងរកការគាំទ្រថាមពលពីរុស្ស៊ី

2026/03/06 07:22:42 pm        76
មេដឹកនាំសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានថ្លែងអំណរគុណរុស្ស៊ី សម្រាប់ការគាំទ្រផ្នែកសន្តិសុខរបស់ពួកគេ និងស្នើសុំលោកប្រធានាធិបតី Vladimir Putin ឲ្យជួយប្រទេសរបស់លោក ដោះស្រាយបញ្ហាថាមពលធ្ងន់ធ្ងរ ។លោក Faustin-Archange Touadera និយាយប្រាប់លោក Putinនៅឯវិមានក្រឹមឡាំងថា វត្តមានសន្តិសុខរបស់រុស្ស៊ី បានធ្វើឲ្យមានការបោះឆ្នោតកាលពីខែធ្នូកន្លងទៅ ដែលធ្វើឲ្យរូបលោកវិលត្រឡប់មកកាន់អំណាចវិញ សម្រាប់អាណត្តិរយៈពេល ៧ឆ្នាំថ្មី ។តួនាទីសន្តិសុខកើនឡើងរបស់រុស្ស៊ី នៅតាមផ្នែកខ្លះរបស់អាហ្វ្រិក ត្រូវបានគេមើលឃើញថា ជាក្តីបារម្ភរបស់លោកខាងលិច ហើយវាបានកើតឡើង ស្របពេលមានការធ្វេសប្រហែសរបស់បារាំង និងសហរដ្ឋអាមេរិក ។កងទ័ពអាហ្វ្រិករបស់រុស្ស៊ី គឺជាកងកម្លាំងប៉ារ៉ា ដែលបន្តវេនពីអតីតក្រុមទាហានស៊ីឈ្នូល Wagner កំពុងមានវត្តមាននៅតាមបណ្តាប្រទេសជាច្រើន រួមទាំងនៅម៉ាលី ហ្គីណេ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។លោក Touadera បានថ្លែងអំណរគុណលោក Putinផងដែរ សម្រាប់ការបរិច្ចាគគ្រាប់ធុញ្ញជាតិ និងប្រេងរបស់រុស្ស៊ី ហើយលោកនិយាយថា សាធារណរដ្ឋអាហ្វ្រិកកណ្តាល ទន្ទឹងរង់ចាំការគាំទ្របន្ថែមទៀត ៕

ទីក្រុងតេអេរ៉ង់គំរាមវាយប្រហារតំបន់ឃឺដអ៊ីរ៉ាក់ បើក្រុមឧទ្ទាមហ៊ានចូលក្នុងដែនដីអ៊ីរ៉ង់

2026/03/06 07:08:49 pm        198
នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ ទីក្រុងតេអេរ៉ង់បានគំរាមកំហែងថា នឹងវាយប្រហារលើ «ទីតាំងទាំងអស់» នៃតំបន់ឃឺដ ក្នុងប្រទេសអ៊ីរ៉ាក់ ប្រសិនបើក្រុមសកម្មប្រយុទ្ធរបស់តំបន់នេះ ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងប្រទេសអ៊ីរ៉ង់។ដោយដកស្រង់ពីលិខិតរបស់ក្រុមប្រឹក្សាការពារជាតិអ៊ីរ៉ង់ ទីភ្នាក់ងារសារព័ត៌មាន Mehr ដែលមានទំនាក់ទំនងជាមួយរដ្ឋ បានរាយការណ៍ថា៖ «រហូតមកដល់ពេលនេះ មានតែមូលដ្ឋានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងក្រុមផ្ដាច់ខ្លួននៅក្នុងតំបន់ប៉ុណ្ណោះ ដែលត្រូវបានកំណត់គោលដៅ»។ក្រុមប្រឹក្សាបានព្រមានថា ប្រសិនបើព្រមអនុញ្ញាតឲ្យ «មានការបន្តវត្តមាន ការរៀបចំគម្រោងការអាក្រក់ និងការចូល» សម្រាប់ក្រុមសកម្មប្រយុទ្ធ ទៅក្នុងប្រទេសអ៊ីរ៉ង់ «ទីតាំងទាំងអស់នៃតំបន់ឃឺដរបស់អ៊ីរ៉ាក់ នឹងត្រូវបានកំណត់គោលដៅយ៉ាងទូលំទូលាយ»។កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងយល់ព្រមចំពោះការវាយលុកដោយក្រុមយុទ្ធជនឃឺដអ៊ីរ៉ង់ចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីគាំទ្រសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។យោងតាមប្រភពចំនួន៣ ដែលដឹងអំពីបញ្ហានេះ បានបង្ហើបឲ្យដឹងថា កងជីវពលឃឺដអ៊ីរ៉ង់ បានពិគ្រោះជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អំពីថា តើត្រូវវាយប្រហារកងកម្លាំងសន្តិសុខអ៊ីរ៉ង់ នៅភាគខាងលិចនៃប្រទេសដែរ ឬយ៉ាងណា និងអំពីវិធីវាយប្រហារកងកម្លាំងសន្តិសុខអ៊ីរ៉ង់ នៅភាគខាងលិចនៃប្រទេសនេះ។សម្ព័ន្ធភាពឃឺដអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅព្រំដែនអ៊ីរ៉ង់-អ៊ីរ៉ាក់ នៅក្នុងតំបន់ពាក់កណ្តាលស្វយ័តឃឺដអ៊ីរ៉ាក់ បានហ្វឹកហាត់ ដើម្បីចាប់ផ្ដើមការវាយប្រហារបែបនេះ ដោយសង្ឃឹមថា នឹងធ្វើឲ្យយោធារបស់ប្រទេសចុះខ្សោយ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារគោលដៅអ៊ីរ៉ង់ ដោយគ្រាប់បែក និងមីស៊ីល៕

អូស្ត្រាលីបង្ហាញក្ដីបារម្ភទៅចិន បន្ទាប់ពីមានការប្រឈមមុខគ្នា រវាងឧទ្ធម្ភាគចក្រយោធា

2026/03/06 07:04:14 pm        104
ក្រសួងការពារជាតិ នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ប្រទេសអូស្ត្រាលីបានលើកឡើងពីក្ដីបារម្ភជាមួយចិន បន្ទាប់ពីមានការប្រឈមមុខគ្នា «មិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ» រវាងឧទ្ធម្ភាគចក្រយោធា ២គ្រឿង។សេចក្តីថ្លែងការណ៍មួយរបស់ក្រសួង បានលើកឡើងថា ឧទ្ធម្ភាគចក្រយោធាអូស្ត្រាលី ១គ្រឿង កំពុងហោះហើរលើដែនទឹកអន្តរជាតិ នៅលើសមុទ្រលឿង នៅពេលដែលវាត្រូវបានស្ទាក់ដោយឧទ្ធម្ភាគចក្រចិន ១គ្រឿង កាលពីថ្ងៃពុធ។ឧទ្ធម្ភាគចក្រចិន បានហោះក្នុងរយៈកម្ពស់ដូចគ្នានឹងរបស់អូស្ត្រាលី មុនពេល «ចូលទៅកៀកក្នុងចម្ងាយមិនមានសុវត្ថិភាព» ដោយល្បឿនយ៉ាងលឿន ហើយបន្ទាប់មកផ្អៀងសំដៅទៅរក ដែលតម្រូវឲ្យក្រុមអាកាសយានិកអូស្ត្រាលី ចាត់វិធានការហោះគេច។សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា៖ «នេះគឺជាការហោះហើរមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ ដែលបង្កហានិភ័យដល់យន្តហោះរបស់យើង និងបុគ្គលិករបស់យន្តហោះ»។អូស្ត្រាលីកំពុងធ្វើការល្បាតជាប្រចាំ នៅសមុទ្រលឿង ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងអន្តរជាតិ ដើម្បីអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើយោងតាមក្រសួងការពារជាតិ។យ៉ាងណាក្ដី មិនមានការរងរបួសណាមួយ ត្រូវបានរាយការណ៍នោះឡើយ សម្រាប់ការប្រឈមមុខគ្នានេះ រវាងឧទ្ធម្ភាគចក្រកងទ័ពរំដោះប្រជាជន និងយន្តហោះរបស់កងកម្លាំងការពារជាតិអូស្ត្រាលី។ ស្ថានទូតចិនមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

រុស្ស៊ី បញ្ជាក់ថា នឹងឆ្លើយតប បើហ្វាំងឡង់ធ្វើជាមូលដ្ឋានអាវុធនុយក្លេអ៊ែរ ដោយចោទថា បង្កភាពតានតឹង

2026/03/06 07:01:48 pm        88
វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ផែនការរបស់ប្រទេសហ្វាំងឡង់ ក្នុងការលុបចោលការហាមឃាត់ការធ្វើមូលដ្ឋានអាវុធនុយក្លេអ៊ែរ បានបង្កើនភាពតានតឹង នៅតំបន់អឺរ៉ុប និងបង្កការគំរាមកំហែងដល់រុស្ស៊ី ដែលទីក្រុងមូស្គូនឹងឆ្លើយតប ប្រសិនបើការដាក់ពង្រាយបែបនេះកើតឡើង។ហ្វាំងឡង់ ដែលមានព្រំដែនយ៉ាងវែងជាមួយរុស្ស៊ី បានរក្សាគោលការណ៍អព្យាក្រឹត ក្នុងអំឡុងពេលមានសង្គ្រាមត្រជាក់ ប៉ុន្តែបានចូលរួមជាមួយអង្គការណាតូ (NATO) ក្នុងឆ្នាំ២០២៣ ជាការឆ្លើយតបបន្ទាប់ពីមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសនេះបានឲ្យដឹងថា ខ្លួនកំពុងមានគម្រោងលុបចោលបម្រាមដ៏យូរអង្វែង ស្ដីពីការមានអាវុធនុយក្លេអ៊ែរ នៅលើទឹកដីរបស់ខ្លួន ជាចំណាត់ការមួយដែលអាចបើកឱកាសឲ្យមានការដាក់ពង្រាយ នៅទីនោះ ក្នុងអំឡុងរយៈពេលមានសង្គ្រាម។អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាសេចក្តីថ្លែងការណ៍មួយដែលនាំឲ្យមានការកើនឡើងនូវភាពតានតឹង នៅទ្វីបអឺរ៉ុប"។លោក Peskov បានសង្កត់ធ្ងន់ថា៖ «សេចក្តីថ្លែងការណ៍នេះបន្ថែមស្ថានភាពទៅលើភាពងាយរងគ្រោះរបស់ប្រទេសហ្វាំងឡង់ ជាភាពងាយរងគ្រោះដែលបង្កឡើងដោយវិធានការរបស់អាជ្ញាធរហ្វាំងឡង់។ ការពិតគឺថា តាមរយៈការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅលើទឹកដីរបស់ខ្លួន ប្រទេសហ្វាំងឡង់កំពុងចាប់ផ្តើមគំរាមកំហែងយើង។ ហើយប្រសិនបើហ្វាំងឡង់គំរាមកំហែងយើង យើងនឹងចាត់វិធានការសមស្របជាមិនខាន»៕

អ្នកបើកបរយន្តហោះ ២នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំងឥណ្ឌានៅរដ្ឋ Assam

2026/03/06 06:59:34 pm        96
កងទ័ពអាកាសឥណ្ឌាបង្ហោះសារលើបណ្តាញព័ត៌មានសង្គម X សរសេរថា អ្នកបើកបរយន្តហោះរបស់កងទ័ពអាកាស ២នាក់ បានស្លាប់ ក្រោយយន្តហោះចម្បាំងមួយគ្រឿង ប្រតិបត្តិការដោយពួកគេ បានធ្លាក់នៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា ។សារបង្ហោះសរសេរទៀតថា យន្តហោះចម្បាំង Su-30MKI ស្ថិតក្នុងបេសកកម្មហ្វឹកហាត់ ពេលដែលឧបទ្ទេវហេតុកើតឡើង ។សាក្សីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា យន្តហោះចម្បាំងមួយគ្រឿងនេះ ហោះទាបខ្លាំងណាស់ ។ ពួកយើងឃើញវា ពេលដែលហោះកាន់តែទាបទៅៗ ។ ពួកយើងរស់នៅចម្ងាយប្រហែល ៥គ.មពីកន្លែងធ្លាក់យន្តហោះ ហើយពួកយើងបានឮសំឡេងដូចជាផ្ទុះអ្វីមួយ ។ ពួកយើងឃើញវាដោយផ្ទាល់ភ្នែក ពេលវាធ្លាក់ ពេលដែលពួកយើងសំឡឹងមើលទីនោះ ស្រាប់តែមានអណ្តាតភ្លើងផុសឡើងលើអាកាស មាននូវសំណុំភ្លើងដ៏ធំមួយ ។ឧបទ្ទេវហេតុនេះដែរ កើតឡើងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ក្រោយយន្តហោះចម្បាំង Tejas មួយគ្រឿងរបស់ឥណ្ឌា បានធ្លាក់នៅក្នុងពិព័រណ៍អាកាសក្រុង Dubai កាលពីឆ្នាំ ២០២៥ ៕

អង់គ្លេសកាត់ផ្តាច់ការគាំទ្រដល់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនមួយចំនួន ក្រោមវិធានការអន្តោប្រវេសន៍តឹងរឹងជាងមុន

2026/03/06 06:58:08 pm        22
អង់គ្លេសនឹងដកចេញការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការស្នាក់នៅពីក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនដែលបំពានច្បាប់ ធ្វើការខុសច្បាប់ ឬអាចគាំទ្រខ្លួនពួកគេ ក្រោមវិធានការថ្មីដែលមានគោលបំណងរឹតត្បិតប្រព័ន្ធ ស្របពេលសម្ពាធកើនឡើងពីកំណែទម្រង់ចក្រភពអង់គ្លេស និងភាពតានតឹងផ្ទៃក្នុងគណបក្សពលករ ។វិធានការថ្មីនេះ ត្រូវបានប្រកាសឡើងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Shabana Mahmood ដោយលំនាំវិធីសាស្រ្តរបស់ដាណឺម៉ាក និងបង្កើតវិធានការទ្រង់ទ្រាយធំជាងមុនដែលរួមបញ្ចូលទាំងការបិទសណ្ឋាគារសុំសិទ្ធិជ្រកកោនផងដែរ ។លោកស្រី Mahmood បន្តថា រដ្ឋាភិបាលនឹងដាក់ចេញកម្មវិធីសាកល្បង ផ្តល់ជូនក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនពុំបានសម្រេចនូវទឹកប្រាក់ ១ម៉ឺនផោន ក្នុងសមាជិកម្នាក់ សរុបរហូតដល់ ៤ម៉ឺនផោន ដើម្បីឲ្យចាកចេញពីប្រទេស ឬពុំដូច្នោះទេ នឹងប្រឈមការនាំចេញទាំងបង្ខំ ។លោកស្រី Mahmood និយាយទៀតថា អង់គ្លេសនឹងលុបចោលតួនាទីស្របច្បាប់ ដើម្បីគាំទ្រជនភៀសខ្លួន ហើយនិងកាត់បន្ថយពាក់កណ្តាលការអនុញ្ញាតឲ្យស្នាក់នៅដំបូងសម្រាប់ជនភៀសខ្លួន មកនៅត្រឹម ២ឆ្នាំកន្លះ នៅក្នុងកិច្ចខិតខំមួយ ដើម្បីធ្វើឲ្យប្រព័ន្ធមានលក្ខខណ្ឌ ៕

កូសូវ៉ូរំលាយសភា និងប្រកាសការបោះឆ្នោតមុនអាណត្តិ ក្រោយដំណើរការជ្រើសរើសប្រមុខរដ្ឋបរាជ័យ

2026/03/06 06:57:18 pm        67
ប្រធានាធិបតីកូសូវ៉ូ លោកស្រី Vjosa Osmani នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ បានរំលាយសភា និងប្រកាសការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីសមាជិកសភាមិនអាចជ្រើសរើសប្រមុខរដ្ឋថ្មី តាមរយៈពេលកំណត់របស់រដ្ឋធម្មនុញ្ញ។សភាមានពេលរហូតដល់ម៉ោង ១២យប់ថ្ងៃព្រហស្បតិ៍ ដើម្បីជ្រើសរើសប្រធានាធិបតី មុនពេលអាណត្តិរបស់លោកស្រី Osmani បញ្ចប់នៅខែមេសា ប៉ុន្តែគណបក្សប្រឆាំងបានបដិសេធមិនចូលរួម ក្នុងដំណើរការបោះឆ្នោតនោះ។ យោងតាមច្បាប់របស់ប្រទេសនៅតំបន់បាល់កង់មួយនេះ ការណ៍ដែលមិនអាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីបាន នាំឲ្យមានការបោះឆ្នោតសភាមុនអាណត្តិ។ដំណើរនេះបានបន្លាយភាពជាប់គាំងនយោបាយ នៅកូសូវ៉ូដែលជាប្រទេសក្មេងជាងគេបំផុត ក្នុងតំបន់អឺរ៉ុប និងមានសេចក្តីប្រាថ្នាចង់ចូលរួមជាមួយសហភាពអឺរ៉ុប។ ភាគច្រើននៃឆ្នាំមុន ប្រទេសនេះមិនមានរដ្ឋាភិបាលបំពេញការងារនោះទេ ខណៈដែលសភាពេញដោយភាពបែកបាក់ បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានសភា អស់រយៈពេលជាច្រើនខែ។ការបោះឆ្នោតបន្ទាប់ នឹងជាលើកទី៣ ក្នុងរយៈពេលជាង ១ឆ្នាំ។ កូសូវ៉ូបានធ្វើការបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋរួចហើយ កាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំមុន បន្ទាប់ពីមិនអាចបង្កើតរដ្ឋាភិបាលបាន ក្រោយការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០២៥។លោកស្រី Osmani បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សភាដែលមិនអាចជ្រើសរើសប្រធានាធិបតីបាន មិនអាចបន្តដោយគ្មានកំណត់ ដើម្បីអូសបន្លាយដំណើរការយូរអង្វែងបានទេ។ គ្មាននរណាម្នាក់គួរប្រាថ្នាចង់បានវដ្តនយោបាយមួយផ្សេងទៀតទេ ជាពិសេសពេលនេះ នៅពេលដែលប្រទេសត្រូវការស្ថិរភាព»។ លោកស្រី Osmani ត្រូវជួបជាមួយគណបក្សនយោបាយនៅថ្ងៃសុក្រនេះ មុនពេលកំណត់កាលបរិច្ឆេទការបោះឆ្នោត៕

អ៊ីរ៉ង់ត្រូវតែបញ្ចប់វត្តមានរបស់អាមេរិកនៅឈូងសមុទ្រពែរ្ស ដើម្បីការរស់រានរបស់ខ្លួន

2026/03/06 06:52:00 pm        98
រដ្ឋមន្រ្តីអ៊ីរ៉ង់និយាយនៅថ្ងៃសុក្រនេះថា បើសិនជាអាមេរិកចង់បញ្ចប់អត្ថិភាពរបស់អ៊ីរ៉ង់ ដល់ពេលនោះពួកយើងគ្មានជម្រើសនោះទេ ប៉ុន្តែពួកយើងត្រូវតែបញ្ចប់អត្ថិភាព និងវត្តមានរបស់សហរដ្ឋអាមេរិកនៅតំបន់ឈូងសមុទ្រពែរ្ស ។អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh ថ្លែងបែបនេះក្នុងសន្និសីទស្តីពីភូមិសាស្រ្តនយោបាយ “Raisina Dialogue” នៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ។កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ទីក្រុងតេអេរ៉ង់ កំពុងទាក់ទងសហរដ្ឋអាមេរិក រឿងបង្កើតកិច្ចព្រមព្រៀង ស្របពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។ឆ្លុះបញ្ចាំងពីការខូចខាតដែលអ៊ីរ៉ង់ទទួលរងដោយសារការវាយប្រហារឥតឈប់ឈររបស់សហរដ្ឋអាមេរិក លោក Khatibzadeh និយាយថា អាទិភាពប្រទេសរបស់លោក គឺត្រូវតែតស៊ូដល់ទីបញ្ចប់ប្រឆាំងនឹងពួកឈ្លានពាន ។ លោកបន្តថា ពួកយើងមិនទាន់បិទច្រកសមុទ្រ Hormuz នៅឡើយទេ ។លោក Trump បានលើកឡើងពីសកម្មភាពយោធាសហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ ដោយលោកនិយាយថា ពួកគេបានកម្ទេចសមត្ថភាពយានដ្រូន និងមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ហើយកងទ័ពជើងទឹករបស់ពួកគេខ្ទេចអស់ហើយ នាវា ២៤គ្រឿង ក្នុងរយៈពេល ៣ថ្ងៃ ស្របពេលលោកអំពាវនាវឲ្យក្រុមមន្រ្តីការទូតអ៊ីរ៉ង់ ស្នើសុំសិទ្ធិជ្រកកោន និងជួយរៀបចំប្រទេសឲ្យល្អប្រសើរជាងនេះ ៕

ក្រុងសេអ៊ូល៖ កូរ៉េខាងត្បូង និងអាមេរិក កំពុងពិភាក្សាយកមីស៊ីល Patriot ទៅដាក់ពង្រាយ ក្នុងសង្គ្រាមអ៊ីរ៉ង់

2026/03/06 06:49:49 pm        72
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បាននិយាយនៅថ្ងៃសុក្រ (ទី៦ ខែមីនា) នេះថា យោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងពិភាក្សា អំពីលទ្ធភាពនៃផ្ទេរប្រព័ន្ធការពារមីស៊ីល Patriot មួយចំនួនរបស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង ដើម្បីយកទៅប្រើប្រាស់ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។លោក Cho បានឆ្លើយតបទៅនឹងសំណួរនៅក្នុងសវនាការសភា បន្ទាប់ពីមានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ ដែលថា អង្គភាពនៃប្រព័ន្ធស្ទាក់ចាប់មីស៊ីលចល័តរបស់សហរដ្ឋអាមេរិក ត្រូវបានផ្លាស់ទៅកាន់មូលដ្ឋានទ័ពអាកាស Osan របស់កូរ៉េខាងត្បូង ពីទីតាំងផ្សេងទៀតនៅក្នុងប្រទេស។លោក Cho បានប្រាប់ថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេ នៅពេលត្រូវបានសួរថា តើផែនការរបស់សហរដ្ឋអាមេរិក ត្រូវផ្លាស់មីស៊ីល Patriot ក្នុងពេលឆាប់ៗនេះ ដើម្បីយកទៅប្រើប្រាស់ ក្នុងជម្លោះប្រឆាំងនឹងអ៊ីរ៉ង់ដែរ ឬអត់។ លោកបានបញ្ជាក់ថា ទីក្រុងសេអ៊ូល មិនបានទទួលសំណើណាមួយ ពីទីក្រុងវ៉ាស៊ីនតោន សម្រាប់ជំនួយយោធានោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងទទួលយកជំនួយពីប្រទេសណាមួយ អំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់។កងកម្លាំងសហរដ្ឋអាមេរិក នៅកូរ៉េ បានឲ្យដឹងថា៖ «ដោយសារហេតុផលសន្តិសុខប្រតិបត្តិការ យើងមិនធ្វើការអត្ថាធិប្បាយលើការបម្លាស់ទី ការផ្លាស់ប្តូរទីតាំង ឬលទ្ធភាពនៃការផ្ទេរ ចំពោះសមត្ថភាពយោធា ឬធនធានជាក់លាក់ណាមួយឡើយ»។គួរបញ្ជាក់ថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលដកស្រង់ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រព័ន្ធ Patriot កំពុងត្រូវបានរៀបចំផ្ទេរទៅពង្រាយ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់របស់សហរដ្ឋអាមេរិក បានហោះចូលទៅក្នុងទីក្រុង Osan ដើម្បីដឹកប្រព័ន្ធនោះ៕

ការកំពប់ប្រេងម៉ិកស៊ិក ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ និងការនេសាទ

2026/03/06 06:33:53 pm        79
ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋតំបន់ឆ្នេរ Veracruz ស្ថិតក្នុងឈូងសមុទ្រម៉ិកស៊ិក កំពុងព្យាយាមសម្អាតជ័រកៅស៊ូចេញពីតំបន់ឆ្នេររបស់ពួកគេ ។ការសម្អាតនេះ បានកើតមាន ក្រោយការកំពប់ប្រេងបណ្តាលឲ្យតំបន់ឆ្នេរកខ្វក់ និងបង្អាក់ដល់ការនេសាទ និងវិស័យទេសចរណ៍ ។អ្នកស្រី Aurora Apolonio Martinez គឺជាប្រជានេសាទក្នុងស្រុកមួយរូបនិយាយថា អ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលអ្នកស្រីចេញដំណើរចូលសមុទ្រនៅពេលព្រឹក ។អ្នកស្រីនិយាយថា ពួកយើងចេញដំណើរនៅវេលាម៉ោង ៥ព្រឹក ។ ពួកយើងចេញដំណើរដូចសព្វមួយដង ដើម្បីទៅនេសាទត្រី ហើយពួកយើងបង់សំណាញ់ ប៉ុន្តែបែរជាប់សុទ្ធតែជ័រកៅស៊ូក្រាលថ្នល់ ។ ពួកយើងព្យាយាមទាញវា ហើយអ្នកនេសាទផ្សេងក៏ធ្វើដូចគ្នា ប៉ុន្តែពួកយើងមិនអាចលើកវារួចនោះទេ សំណាញ់ក៏រហែកតែម្តង ។អ្នកស្រីបន្តទៀតថា ក្រុមប្រជានេសាទ ដែលជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេពឹងផ្អែកលើសមុទ្រ បច្ចុប្បន្នលែងអាចនេសាទត្រីបានទៀតហើយ តើហេតុអ្វី? ពីព្រោះថា ប្រេងឆៅនៅក្នុងទឹក នៅតាមបណ្តោយឆ្នេរ ។ មាននូវសំណាញ់ច្រើនណាស់ដែលខូចនៅក្នុងទឹក ប៉ុន្តែអ្នកស្រីសូមប្រាប់ថា ពួកយើងមិនអាចបញ្ឈប់ត្រឹមហ្នឹងបាននោះទេ ពួកយើងទាំងអស់គ្នារស់បានអាស្រ័យនឹងសមុទ្រ នោះហើយគឺជាហេតុផលដែលពួកយើងអំពាវនាវដល់អាជ្ញាធរឲ្យចាត់វិធានការជាបន្ទាន់ ។អ្នកនេសាទនៅសហគមន៍ឆ្នេរសមុទ្រ Jicacal និយាយថា ពួកគេបានប្រទះឃើញកាកសំណល់ពុលនៅក្នុងទឹក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ពេលដែលពួកគេចេញទៅនេសាទ ។ចំណែកឯ អ្នកស្រី Paulina Martinez គឺជាម្ចាស់ភោជនីយដ្ឋានមួយរូបនិយាយថា ការកែលម្អត្រូវការបន្ទាន់ ។ អ្នកស្រីថា ការខូចខាតបរិស្ថានដោយសារការកំពប់ប្រេង មានផលប៉ះពាល់ផ្ទាល់ដល់សហគមន៍តំបន់ឆ្នេរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM