ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

សម្ពាធកើនឡើងលើឥណ្ឌូនេស៊ីឲ្យពិនិត្យ និងចាកចេញពីក្រុមប្រឹក្សាសន្តិភាព ខណៈជម្លោះអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់

2026/03/06 04:45:36 pm        47
ក្រុមសាសនា ក្រុមបណ្ឌិតសភា និងក្រុមសង្គមស៊ីវិលនៅប្រទេសឥណ្ឌូនេស៊ី កំពុងជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ ឬសូម្បីតែដកហូតសមាជិកភាពរបស់ខ្លួនពីក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់កិច្ចខិតខំសាងសង់តំបន់ហ្កាហ្សាឡើងវិញ ស្របពេលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។ក្រុមប្រឹក្សាវិទ្យាសាស្រ្តសាសនាឥណ្ឌូនេស៊ី(MUI) ស្ថិតក្នុងចំណោមក្រុមសង្គមស៊ីវិលដែលបានធ្វើការទាមទារឲ្យឥណ្ឌូនេស៊ីចាកចេញពីក្រុមប្រឹក្សាសន្តិភាព ស្របពេលកើតមានជម្លោះ ។ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុម MUI សូមធ្វើការជំរុញឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីដកហូតសមាជិកភាពរបស់ខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាព ស្របពេលដែលវាហាក់ដូចជាគ្មានប្រសិទ្ធិភាពនោះទេ ក្នុងការសម្រេចបានឯករាជ្យពិតប្រាកដនៅប៉ាឡេស្ទីន ។ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីនិយាយថា ការពិភាក្សាពីក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ គឺជាសមាជិករួមចំណែកទាហានដ៏សំខាន់មួយនោះ ត្រូវផ្អាកបណ្តោះអាសន្ន ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ។ក្រុមប្រឹក្សាសន្តិភាព ត្រូវបានបង្កើតដំបូង ដើម្បីធានាថា ការសាងសង់ឡើងវិញក្រោយជម្លោនៅតំបន់ហ្កាហ្សា ដំណើរការទៅដោយប្រសិទ្ធិភាព ។សង្រ្គាមតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានសម្លាប់ជនស៊ីវិលជាច្រើន ធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស ធ្លាក់ក្នុងភាពវឹកវរ និងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ក្រោយការបិទច្រកសមុទ្រ Hormuz ដោយប្រសិទ្ធិភាព ។ដោយឡែក ការចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់ឥណ្ឌូនេស៊ី បានរងការរិះគន់ច្រើនពីក្រុមអ្នកជំនាញ ក្រុមសកម្មជន និងក្រុមមូស្លីមនៅក្នុងប្រទេសរបស់ពួកគេដែលនិយាយថា វាធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រយូរអង្វែងរបស់ប្រទេសជនមូស្លីមច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ ចំពោះបុព្វហេតុជនប៉ាឡេស្ទីន ៕

ស្រីលង្កាជម្លៀសនាវិកចេញពីនាវាចម្បាំងទី ២របស់អ៊ីរ៉ង់ ក្រោយអាមេរិកបាញ់ពន្លិចនាវាពិឃាត IRIS Dena

2026/03/06 04:25:20 pm        64
ស្រីលង្កា បានជម្លៀសសមាជិកនាវិកជាង ២០០នាក់ ចេញពីនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ នៅជិតតំបន់ឆ្នេររបស់ខ្លួន រយៈពេល ១ថ្ងៃ ក្រោយនាវាមុជទឹកសសហរដ្ឋអាមេរិក បាញ់ពន្លិចនាវាពិឃាតអ៊ីរ៉ង់ នៅក្នុងដែនទឹកតែមួយ ដោយបានសម្លាប់ទាហានជើងទឺក ៨៧នាក់ ។ប្រធានាធិបតីស្រីលង្កាលោក Anura Kumara Dissanayake បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹករបស់លោកនឹងគ្រប់គ្រងនាវាចម្បាំងទី ២ ហើយនឹងនាំវាទៅកាន់កំពង់ផែភាគឦសាន Trincomalee សម្រាប់រក្សាសុវត្ថិភាព ស្របពេលមានក្តីបារម្ភថា វាអាចនឹងក្លាយជាគោលដៅវាយប្រហារ ។ លោកថា រដ្ឋាភិបាលលោកមាននូវកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីអ៊ីរ៉ង់ និងកាពីទែននាវា ។ការបាញ់ពន្លិចនាវាចម្បាំង IRIS Dena បានកើតមានឡើង ស្របពេលសង្រ្គាមបង្កឡើងដោយសារការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បន្តរីករាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងតំបន់ឯនាយផ្សេងទៀត ។កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានបរិហារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងបានព្រមានទីក្រុងវ៉ាស៊ីនតោនថា ពួកគេនឹងសោកស្តាយជាទីបំផុតចំពោះទង្វើដែលពួកគេបានបង្កឡើង ។លោកបានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Xថា សហរដ្ឋអាមេរិក បានប្រព្រឹត្តអំពើឃោរឃៅនៅសមុទ្រចម្ងាយជាង ៣.២០០គ.ម ពីតំបន់ឆ្នេរអ៊ីរ៉ង់ ។ សូមបញ្ជាក់ថា នាវា IRIS Dena ដែលជាភ្ញៀវរបស់កងទ័ពជើងទឹកឥណ្ឌាដឹកទាហានជើងទឹកជិត ១៣០នាក់នោះ ត្រូវបានវាយប្រហារនៅក្នុងដែនសមុទ្រអន្តរជាតិពីសំណាក់អាមេរិក ដោយគ្មានការព្រមានទុកជាមុននោះឡើយ ៕

មនុស្សស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ក្នុងសប្តាហ៍នេះកើនឡើងដល់ជាង ១២០នាក់

2026/03/06 04:23:32 pm        98
ក្រសួងសុខាភិបាលលីបង់និយាយថា ចំនួនមនុស្សស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ១២៣នាក់ ស្របពេលរលកថ្មីនៃការវាយប្រហារ បានអង្រួនប្រទេសមួយនេះ ហើយក្រុមហេសបូឡា បានព្រមានឲ្យពលរដ្ឋអ៊ីស្រាអែលជម្លៀសចេញពីទីក្រុង ក្នុងចម្ងាយ ៥គ.ម ពីព្រំដែនភាគខាងជើងរបស់ពួកគេ ស្របពេលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតកំពុងកើតឡើង អំឡុងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនមនុស្សស្លាប់ពីការឈ្លានពានរបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃចន្ទរហូតមក បានកើនឡើងដល់ ១២៣នាក់ ហើយមនុស្ស ៦៨៣នាក់ផ្សេងទៀត បានរងរបួស ។សារព័ត៌មានលីបង់រាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសលើទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ ។ទីភ្នាក់ងារព័ត៌មានជាតិផ្លូវការ(NNA)រាយការណ៍ថា យន្តហោះចម្បាំងរបស់សត្រូវ បានបើកការវាយប្រហារកាលពីយប់មិញ លើទីក្រុង Srifa, Aita al-Shaab, Touline, as-Sawana និងទីក្រុង Majdal Selem ។ទីភ្នាក់ងារ NNA រាយការណ៍ទៀតថា ការវាយប្រហារដាច់ដោយឡែកមួយទៀត ត្រូវចំទីក្រុងភាគខាងកើត Douris របស់លីបង់ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ។សារព្រមានរបស់ក្រុមហេសបូឡា ឲ្យពលរដ្ឋអ៊ីស្រាអែលជម្លៀសខ្លួនចេញពីព្រំដែន បានកើតមានឡើង រយៈពេលមិនដល់ ១ថ្ងៃផង ក្រោយអ៊ីស្រាអែលគំរាមឲ្យអ្នកស្រុក ត្រូវចាកចេញពីតំបន់ជាយក្រុងភាគខាងត្បូងលីបង់ បង្កឲ្យមានលំហូរជម្លៀសខ្លួនទ្រង់ទ្រាយធំចេញពីតំបន់មានមនុស្សរស់នៅច្រើនកុះករ Dahiyeh ជាទីដែលមនុស្សប្រហែលកន្លះលាននាក់ រស់នៅ ៕

ប្រមុខពាណិជ្ជកម្ម EU៖ សហរដ្ឋអាមេរិកបានផ្តល់ការធានាថា នឹងគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្ម

2026/03/06 04:21:16 pm        39
ស្នងការពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ចសហភាពអឺរ៉ុប (EU) លោក Maros Sefcovic បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) ថា លោកជឿជាក់ថា សហរដ្ឋអាមេរិក នឹងគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាជាមួយ EU ក្នុងឆ្នាំ២០២៥ បន្ទាប់ពីទទួលបានការធានាពីសមភាគីអាមេរិករបស់លោក។លោក Sefcovic បានបញ្ជាក់ថា៖ «ខ្ញុំជឿថា សហរដ្ឋអាមេរិកនឹងគោរពកិច្ចព្រមព្រៀងនេះ ពីព្រោះនេះគឺជាការធានាឡើងវិញដែលខ្ញុំទទួលបានពីដៃគូអាមេរិករបស់ខ្ញុំ»។បន្ទាប់ពីតុលាការកំពូល បានលុបចោលពន្ធសកលភាគច្រើនរបស់លោក ក្រឹត្យរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ពីខែកុម្ភៈ បានដាក់អត្រាពន្ធ ១០ភាគរយលើការនាំចូល។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃទី៤ ខែមីនាថា អត្រាទាំងនោះទំនងជានឹងកើនឡើងដល់ ១៥ភាគរយ នៅចុងក្នុងសប្តាហ៍នេះ។លោក Trump និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ចប់កិច្ចព្រមព្រៀងមួយ នៅឯទីលានវាយកូនហ្គោល Turnberry របស់មេដឹកនាំអាមេរិក ក្នុងដែនដីស្កុតឡែន កាលពីខែកក្កដា ឆ្នាំ២០២៥ ដែលបានកំណត់អត្រាពន្ធយ៉ាងទូលំទូលាយ ១៥ភាគរយរបស់សហរដ្ឋអាមេរិក សម្រាប់ការនាំចេញភាគច្រើនរបស់ EU។ការកត់សម្គាល់របស់លោក Sefcovic បានកើតឡើងនៅឯទីក្រុង Toronto ប្រទេសកាណាដា ជាកន្លែងដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោក Maninder Sidhu ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបន្ធូរបន្ថយច្បាប់ពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់របស់ភាគីទាំង២ ខណៈដែលប្រទេសនានានៅទូទាំងពិភពលោក ខិតខំបង្កើនពាណិជ្ជកម្មជាមួយដៃគូ មិនមែនសហរដ្ឋអាមេរិក៕

ពាណិជ្ជកម្មសកលងាកទៅកាន់តំបន់អាហ្វ្រិក ខណៈចរាចរណ៍ចក្រសមុទ្រ Hormuz ធ្លាក់ចុះ ៩០%

2026/03/06 04:03:23 pm        29
ចរាចរណ៍ដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់ចុះរហូតដល់ ៩០ភាគរយ ក្នុងអំឡុងពេលជម្លោះមានសភាពកាន់តែខ្លាំងឡើងៗ នៅតំបន់មជ្ឈិមបូព៌ា ដែលបង្ខំឲ្យពាណិជ្ជកម្មផ្លូវសមុទ្រសកល ប្ដូរផ្លូវធ្វើដំណើរទៅកាន់តំបន់ជុំវិញជ្រោយ Cape of Good Hope ដែលមានទីតាំងនៅចុងភាគខាងត្បូងនៃឧបទ្វីប Cape ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Cape Town របស់ប្រទេសអាហ្វ្រិកខាងត្បូង។បន្ទាប់ពីមានការបិទផ្លូវទឹកដឹកជញ្ជូនថាមពល និងប្រេងដ៏សំខាន់ដោយទីក្រុងតេអេរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស (UKMTO) បានបង្កើនហានិភ័យសន្តិសុខនៅក្នុងច្រករបៀងនេះដល់កម្រិតធ្ងន់ធ្ងរ ដែលជំរុញឲ្យក្រុមហ៊ុនធានារ៉ាប់រងលុបចោលគោលនយោបាយគ្របដណ្តប់សង្គ្រាមភ្លាមៗ សម្រាប់នាវា នៅក្នុងតំបន់នេះ។បើយោងតាមទិន្នន័យតាមដានពេលវេលាជាក់ស្តែងពីក្រុមហ៊ុន Windward បានឲ្យដឹងថា មានតែនាវាចំនួន ៤គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ច្រកសមុទ្រនេះ កាលពីថ្ងៃទី៣ ខែមីនា ដែលបង្ហាញពីការធ្លាក់ចុះ ៩០ភាគរយ ធៀបនឹងមធ្យមភាគ ៧ថ្ងៃមុន។ ច្រកសមុទ្រនេះធ្លាប់បានដោះស្រាយចរាចរណ៍នាវាជាមធ្យមចំនួន ១៣៨គ្រឿង ក្នុង ១ថ្ងៃ។ ទិន្នន័យពីក្រុម MarineTraffic បានបង្ហាញថា ចរាចរណ៍នាវាដឹកប្រេង ក៏បានធ្លាក់ចុះស្រដៀងគ្នា ៩០ភាគរយ បើធៀបទៅនឹងកម្រិតមុនមានការវាយប្រហារ។ក្រុមហ៊ុន Maersk បានផ្អាកការធ្វើដំណើរសម្រាប់នាវាដែលឆ្លងកាត់ព្រែកជីក Suez តាមរយៈច្រកសមុទ្រ Bab el-Mandeb ខណៈដែលកំពុងប្តូរផ្លូវធ្វើដំណើរទាំងអស់ពីមជ្ឈិមបូព៌ា និងឥណ្ឌា ទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងពីមជ្ឈិមបូព៌ា និងឥណ្ឌា ទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិក ជុំវិញជ្រោយ Cape of Good Hope។ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏សំខាន់មួយ ដែលមានទីតាំងនៅមាត់ឈូងសមុទ្រពែរ្ស។ ច្រករបៀងដឹកជញ្ជូននេះ ភ្ជាប់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ពីមជ្ឈិមបូព៌ាទៅកាន់ទីផ្សារពិភពលោក តាមរយៈសមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា៕

ការត្រៀមការពារមីស៊ីលបាលីស្ទិករបស់ណាតូ នឹងនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដោយសារការគំរាមកំហែងពីអ៊ីរ៉ង់

2026/03/06 04:01:18 pm        25
ទីស្នាក់ការកណ្តាលកំពូលនៃកងកម្លាំងយោធាសម្ព័ន្ធមិត្តអឺរ៉ុប (SHAPE) របស់អង្គការណាតូ (NATO) កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) បានប្រកាសថា ការត្រៀមការពារមីស៊ីលបាលីស្ទិក នឹងនៅតែស្ថិតក្នុង «កម្រិតខ្ពស់» រហូតដល់ស្ងប់នូវការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ នៅទូទាំងតំបន់។អ្នកនាំពាក្យរបស់ SHAPE លោក Martin L. O'Donnell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា៖ «ខ្ញុំអាចបញ្ជាក់បានថា កាលពីម្សិលមិញ (ថ្ងៃពុធ) បន្ថែមពីលើការស្ទាក់ចាប់ដោយជោគជ័យរបស់អង្គការណាតូ ចំពោះមីស៊ីលបាលីស្ទិកបាញ់ចេញពីអ៊ីរ៉ង់ដែលបានកំណត់គោលដៅលើទួរគី ជាប្រទេសដែលបានប្រកាសបែបនោះដំបូងគេ អង្គការណាតូបានបង្កើនការត្រៀមការពារមីស៊ីលបាលីស្ទិក នៅទូទាំងដែនដីសម្ព័ន្ធមិត្ត»។លោក O'Donnell បានកត់សម្គាល់ថា វិធានការនេះត្រូវបានធ្វើឡើងដោយមេបញ្ជាការនៃទីបញ្ជាការអាកាសរបស់អង្គការណាតូ «ដែលបានណែនាំបន្ថែមទៀតថា ការត្រៀមការពារមីស៊ីលបាលីស្ទិករបស់អង្គការណាតូនៅតែស្ថិតក្នុងកម្រិតខ្ពស់នេះ រហូតដល់ការគំរាមកំហែងពីការវាយប្រហារដោយមិនរើសអើងជាបន្តបន្ទាប់របស់អ៊ីរ៉ង់ នៅទូទាំងតំបន់ស្ងប់ស្ងាត់»។គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះបានកើតឡើងបន្ទាប់ពីក្រសួងការពារជាតិទួរគី បានឲ្យដឹងកាលពីថ្ងៃពុធថា មីស៊ីលបាលីស្ទិក ១គ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយតម្រង់ទៅដែនអាកាសទួរគី ត្រូវបានស្ទាក់ចាប់ និងធ្វើឲ្យលែងដំណើរការដោយអង្គភាពការពារដែនអាកាស និងមីស៊ីលរបស់អង្គការណាតូ នៅភាគខាងកើតមេឌីទែរ៉ាណេ៕

EU៖ ភាពវឹកវរ នៅមជ្ឈិមបូព៌ា គឺជាផលវិបាកដោយផ្ទាល់ ដោយសារភាពរេចរឹលនៃច្បាប់អន្តរជាតិ

2026/03/06 03:59:11 pm        36
កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បាននិយាយថា សភាពការណ៍វិវត្តន៍ថ្មីៗនេះ ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ គឺដោយសារតែ «ភាពរេចរឹលនៃច្បាប់អន្តរជាតិ»។ក្នុងសុន្ទរកថារបស់លោកស្រី នៅសាកលវិទ្យាល័យ Munich (University of Munich) ក្នុងប្រទេសស្វីស លោកស្រី Kallas បានលើកឡើងថា៖ «នាពេលនេះ ភាពវឹកវរដែលយើងឃើញនៅជុំវិញយើង នៅតំបន់មជ្ឈិមបូព៌ា គឺជាផលវិបាកដោយផ្ទាល់នៃភាពរេចរឹលនៃច្បាប់អន្តរជាតិ។ វាបានចាប់ផ្តើមនៅពេលដែលរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន ដោយមិនមានការដាក់ទោស ឬវិធានការសមស្រប ចំពោះទង្វើមិនគិតឲ្យបានល្អិតល្អន់នេះ»។លោកស្រី Kallas បានកត់សម្គាល់ថា សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន «បានបញ្ជូនសញ្ញាមួយទៅកាន់ពិភពលោកថា គ្មានការទទួលខុសត្រូវ ចំពោះសកម្មភាពរបស់អ្នកណាម្នាក់ឡើយ។ សៀវភៅច្បាប់ត្រូវបានបោះចេញទៅតាមបង្អួច»។ លោកស្រីបានបន្ថែមថា៖ «បើគ្មានការស្តារច្បាប់អន្តរជាតិឡើងវិញទេ ក្នុងនោះរួមជាមួយនឹងការទទួលខុសត្រូវផង ច្បាស់ណាស់ យើងនឹងត្រូវប្រឈមនឹងផលវិបាកដ៏អាក្រក់ ដែលឃើញការរំលោភបំពានច្បាប់ម្តងហើយម្តងទៀត ការរំខាន និងភាពវឹកវរ»។ជាមួយគ្នានេះ លោកស្រី Kallas បានចង្អុលបង្ហាញពី «ការផ្លាស់ប្តូរគំរូ» រួមជាមួយនឹងសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ «ដែលត្រូវបានកំណត់លក្ខណៈដោយការប្រកួតប្រជែង និងក្រុមអ្នកនយោបាយប្រើអំណាចបង្ខិតបង្ខំ ខណៈដែលសណ្តាប់ធ្នាប់ពិភពលោកគ្របដណ្ដប់ដោយមហាអំណាចយោធាមួយក្តាប់តូច ដែលមានគោលបំណងបង្កើត និងធានានូវដែនឥទ្ធិពលរបស់ខ្លួន»៕

អាកាសយានដ្ឋានមួយចំនួននៅមជ្ឈិមបូព៌ាបើកឡើងវិញ ឬកំណត់ឱ្យបើកសម្រាប់ជើងហោះហើរមានកំណត់

2026/03/06 03:55:03 pm        52
អាកាសយានដ្ឋានមួយចំនួននៅមជ្ឈិមបូព៌ា បានបើកឡើងវិញរួចហើយ ឬត្រូវបានគេរំពឹងថានឹងបើកឡើងវិញសម្រាប់ជើងហោះហើរដែលត្រូវបានកំណត់។ ប្រតិបត្តិការអាកាសយានដ្ឋាន ត្រូវបានផ្អាកក្នុងការឆ្លើយតបទៅនឹងការចាប់ផ្តើមការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។ អាជ្ញាធរអាកាសយានដ្ឋានប្រទេសអារ៉ាប់រួម បានអនុញ្ញាតឱ្យជើងហោះហើរមួយចំនួនដំណើរការពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ និងអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ចាប់តាំងពីដើមសប្តាហ៍នេះ។យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មានមូលដ្ឋាននៅប្រទេសអារ៉ាប់រួមបាននិយាយថា ជើងហោះហើរជាង១០០វ៉ុលរបស់ខ្លួន នឹងដំណើរការទៅ និងមក ពីទីក្រុងឌូបៃ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ។ សារព័ត៌មានរ៉យទ័រ ក៏បានដកស្រង់សម្តីអ្នកនាំពាក្យដែលបាននិយាយថា ជើងហោះហើរទាំងនោះនឹងដឹកជញ្ជូនអ្នកដំណើរ ព្រមទាំងទំនិញសំខាន់ៗជាច្រើន។អាជ្ញាធរនៅនៅទីក្រុង Abu Dhabi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការជើងហោះហើរដែលត្រូវបានកំណត់ កំពុងត្រូវបានបន្តឡើងវិញនៅអាកាសយានដ្ឋានអន្តរជាតិ Zayed នៅប្រទេសអារ៉ាប់រួម។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍ថា ប្រទេសនេះនឹងបើកដែនអាកាសរបស់ខ្លួនឡើងវិញសម្រាប់ជើងហោះហើរចេញពីអាកាសយានដ្ឋាន Ben Gurion Airport ជិតទីក្រុង Tel Aviv ចាប់តាំងពីថ្ងៃអាទិត្យ។ ប្រតិបត្តិការជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Hamad នៅប្រទេសកាតា នៅតែត្រូវបានផ្អាក ដោយសារតែការបិទដែនអាកាសរបស់ប្រទេស។

អ្នកការទូតជាន់ខ្ពស់៖ អ៊ីរ៉ង់ត្រៀមជាស្រេច ដើម្បីប្រឈមនឹងការឈ្លានពានផ្លូវគោករបស់អាមេរិក

2026/03/06 03:53:17 pm        66
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីប្រឈមមុខនឹងការឈ្លានពានផ្លូវគោករបស់សហរដ្ឋអាមេរិក ដោយបង្ហាញនូវសំឡេងរឹងត្អឹង ខណៈដែលជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល កាន់តែធំទៅៗ។កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នៅពេលត្រូវបានសួរនៅក្នុងបទសម្ភាសន៍ជាវីដេអូជាមួយប្រព័ន្ធផ្សព្វផ្សាយ NBC News ថា តើលោកបារម្ភពីការឈ្លានពានដែលអាចកើតមានដោយសហរដ្ឋអាមេរិកដែរ ឬទេ លោក Araghchi បានឆ្លើយតបថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចហើយ។លោកបាននិយាយថា៖ «ទេ យើងកំពុងរង់ចាំពួកគេ។ ទីក្រុងតេអេរ៉ង់មានទំនុកចិត្តថា អាចប្រឈមមុខតទល់នឹងកងកម្លាំងអាមេរិក ហើយការធ្វើបែបនេះ នឹងក្លាយជាគ្រោះមហន្តរាយដ៏ធំមួយ សម្រាប់ទីក្រុងវ៉ាស៊ីនតោន»។ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាការវាយប្រហារដែលអាជ្ញាធរអ៊ីរ៉ង់ ឲ្យដឹងថា បានសម្លាប់មេដឹកនាំកំពូល លោក Ali Khamenei និងមន្ត្រីសន្តិសុខជាន់ខ្ពស់មួយចំនួន។ជាមួយគ្នានេះ ទោះបីជាជម្លោះរីករាលដាលកាន់តែធំឡើងក៏ដោយ ក៏លោក Araghchi បាននិយាយថា អ៊ីរ៉ង់មិនបានស្នើសុំឲ្យមានបទឈប់បាញ់នោះទេ។ លោកបានចង្អុលបង្ហាញពីសង្គ្រាមរយៈខ្លីជាមួយអ៊ីស្រាអែលកាលពីឆ្នាំមុន ដោយនិយាយថា ទីក្រុងតេអេរ៉ង់ក៏មិនបានស្វែងរកបទឈប់បាញ់នៅពេលនោះដែរ។ហើយលោក Araghchi បានអះអាងថា គោលបំណងរបស់អ៊ីរ៉ង់ ក្នុងការប្រយុទ្ធនៅពេលនេះ គឺគ្រាន់តែដើម្បីទប់ទល់នឹងអ្វីដែលលោកបានពិពណ៌នាថា ជាវិធានការខុសច្បាប់លើប្រទេសរបស់លោកប៉ុណ្ណោះ៕

ប្រទេសហ្វាំងឡង់ មានផែនការបន្ធូរបន្ថយបម្រាមនាំចូលឧបករណ៍នុយក្លេអ៊ែរ

2026/03/06 03:31:41 pm        29
រដ្ឋាភិបាលប្រទេសហ្វាំងឡង់និយាយថា រដ្ឋាភិបាលបានស្នើឱ្យមានការផ្លាស់ប្តូរច្បាប់ដែលហាមឃាត់ការនាំចូលឧបករណ៍នុយក្លេអ៊ែរទៅក្នុងប្រទេស។ រដ្ឋាភិបាលបានលើកឡើងថា ជាហេតុផលនៃការផ្លាស់ប្តូរជាមូលដ្ឋានក្នុងបរិយាកាសសន្តិសុខ។ រដ្ឋាភិបាលហ្វាំងឡង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្លាស់ប្តូរដែលបានស្នើឡើងនឹងអនុញ្ញាតឱ្យមានការនាំចូលឧបករណ៍នុយក្លេអ៊ែរទៅក្នុងប្រទេស ឬការដឹកជញ្ជូន ការផ្គត់ផ្គង់ ឬមានជាកម្មសិទ្ធរបស់ខ្លួននៅក្នុងប្រទេស ដោយវាត្រូវបានភ្ជាប់ទៅនឹងការការពារមាតុភូមិ ការការពាររួមរបស់សម្ព័ន្ធយោធាណាតូ ឬកិច្ចសហប្រតិបត្តិការការពារជាតិ។រដ្ឋាភិបាលបាននិយាយបន្ថែមថា ចំណាត់ការនេះពុំមានន័យថាប្រទេសហ្វាំងឡង់ ស្វែងរកអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីរបស់ខ្លួននោះទេ។ លោក Antti Hakkanen រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស បាននិយាយជាមួយអ្នកសារព័ត៌មានអំពីបញ្ហានេះ។ លោកនិយាយថា ការធ្វើវិសោធនកម្មគឺចាំបាច់។ លោក Hakkanen បានលើកឡើងថា ពួកគេនឹងអនុញ្ញាតឱ្យប្រទេសហ្វាំងឡង់ទាញយកប្រយោជន៍ពេញលេញពីការរារាំង និងការការពាររួមរបស់សម្ព័ន្ធយោធាណាតូ។រដ្ឋមន្ត្រីរូបនេះបាននិយាយបន្ថែមថា រដ្ឋាភិបាលចង់ឱ្យវិសោធនកម្មទាំងនេះចូលជាធរមានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រទេសហ្វាំងឡង់ មានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី និងបានចូលរួមជាមួយសម្ព័ន្ធយោធាណាតូក្នុងឆ្នាំ២០២៣។ អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋសមាជិកណាតូជាច្រើននៅអឺរ៉ុបសម្រាប់គោលបំណងទប់ស្កាត់។ កាលពីថ្ងៃចន្ទ ប្រទេសបារាំង បាននិយាយថា ខ្លួននឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនមាន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខដែលកំពុងកើនឡើង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM