BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ទ្រព្យសកម្ម ២៤ ពាន់លានដុល្លារដែលត្រូវបានបង្កក នឹងត្រូវបានបញ្ចេញ

ព័ត៌មានអន្តរជាតិ

ប្រមុខការទូត៖ បញ្ហាអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាស្រ័យលើជំហររបស់មេដឹកនាំថ្មី

2026/03/19 03:21:27 pm        203
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា មេដឹកនាំកំពូលថ្មីរបស់ប្រទេសនេះ លោក Mojtaba Khamenei មិនទាន់បានប្រកាសពីជំហររបស់លោកចំពោះអាវុធនុយក្លេអ៊ែរ នៅឡើយទេ។ លោកបានប្រាប់ទូរទស្សន៍ Al Jazeera ថា៖«គោលការណ៍ក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាគោលការណ៍សន្តិភាព ហើយយើងតែងតែស្វែងរកការអនុវត្តសិទ្ធិរបស់យើង ដើម្បីទទួលបានអត្ថប្រយោជន៍ពីថាមពលនុយក្លេអ៊ែរដោយសន្តិភាព» ដោយធ្វើអត្ថាធិប្បាយអំពីច្បាប់ឥស្លាម ឬក្រឹត្យសាសនារបស់អតីតមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលហាមឃាត់អាវុធនុយក្លេអ៊ែរ។ លោក Araghchi បានបន្ថែមថា «ដូចដែលអ្នកបានដឹងហើយថា ច្បាប់ឥស្លាមអាស្រ័យលើអ្នកដែលចេញវានោះ។ ខ្ញុំមិនទាន់អាចវិនិច្ឆ័យបាននៅឡើយទេថា ជំហរផ្លូវច្បាប់ ឬនយោបាយរបស់មេដឹកនាំថ្មីលើបញ្ហានេះ នឹងទៅជាយ៉ាងណានោះទេ។ ខ្ញុំយល់ថា វាមិនគួរខុសគ្នាខ្លាំងពីគោលនយោបាយមុនរបស់យើងទេ ប៉ុន្តែយើងត្រូវតែរង់ចាំរហូតដល់យើងដឹងពីទស្សនៈរបស់លោក»។អ៊ីរ៉ង់បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ខ្លួនមិនបន្តអាវុធនុយក្លេអ៊ែរទេ។ ច្បាប់ឥស្លាមរបស់លោក Ali Khamenei ដែលហាមឃាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ បានចូលជាធរមាន ចាប់តាំងពីឆ្នាំ ២០០៣។សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ ឥស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅក្នុងប្រទេសអ៊ីស្រា អែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

UN អំពាវនាវរកថវិកាចំនួន ២,១៦ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ នៅយេម៉ែន

2026/03/19 03:15:44 pm        93
អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានប្រកាសពីផែនការឆ្លើយតបមនុស្សធម៌ ដែលត្រូវការថវិកាចំនួន ២,១៦ ពាន់លានដុល្លារអាមេរិកសម្រាប់ប្រទេសយេម៉ែន ក្នុងឆ្នាំ ២០២៦ ដែលមានគោលបំណងផ្តល់ជំនួយសង្គ្រោះជីវិតដល់មនុស្សរាប់លាននាក់នៅទូទាំងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។ផែនការនេះ ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់ខ្លួន ផ្តោតលើប្រជាជនងាយរងគ្រោះបំផុតចំនួន ១២លាននាក់ ក្នុងនោះមានស្ត្រី និងកុមារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) នៅក្នុងប្រទេសយេម៉ែន។អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សចំនួន ២២,៣ លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌ និងសេវាការពារ នៅឆ្នាំ ២០២៦ រួមទាំងជនភៀសខ្លួនចំនួន ៥,២ លាននាក់ ក៏ដូចជាជនអន្តោប្រវេសន៍ និងជនភៀសខ្លួនផងដែរ។អសន្តិសុខស្បៀង នៅតែបន្តក្នុងកម្រិតគួរឲ្យព្រួយបារម្ភ ដែលប៉ះពាល់ដល់មនុស្សចំនួន ១៨,៣ លាននាក់ទូទាំងប្រទេស។ កុមារជាង ២,២ លាននាក់ ដែលមានអាយុក្រោម ៥ឆ្នាំ មានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ រួមទាំងកុមារជាងកន្លះលាននាក់ ដែលកំពុងរងការឈឺចាប់ពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ជាស្ថានភាពមួយដែល     អាចបណ្តាលឲ្យស្លាប់បាន ប្រសិនបើគ្មានការព្យាបាលភ្លាមៗនោះ ។សេវាសាធារណៈ នៅតែស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ដោយមានមណ្ឌលសុខភាពជិត ៤០ភាគរយដំណើរការដោយផ្នែក ឬមិនដំណើរការទាំងស្រុង។ ទន្ទឹមនឹងនេះ មនុស្ស ១៤,៤ លាននាក់ ត្រូវការជំនួយផ្នែកសុខាភិបាល ទឹក និងអនាម័យ៕

ចិន បញ្ជាក់ពីជំហរប្រឆាំងយ៉ាងដាច់អហង្ការចំពោះការលក់អាវុធណាមួយទៅឱ្យតំបន់តៃវ៉ាន់របស់ចិន

2026/03/19 03:06:06 pm        84
អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បានរិះគន់ខ្លាំងៗលើការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យតំបន់តៃវ៉ាន់ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ (១៨ មីនា) ដោយសង្កត់ធ្ងន់លើការជំទាស់យ៉ាងដាច់អហង្ការ និងជាប់លាប់របស់ចិន ចំពោះការលក់អាវុធដោយប្រទេសពាក់ព័ន្ធនានាទៅឱ្យតំបន់តៃវ៉ាន់។លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានលើកឡើងបែបនេះ នៅពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដែលថា កញ្ចប់អាវុធដ៏ធំរបស់អាមេរិកសម្រាប់តំបន់តៃវ៉ាន់ ដែលរួមមានមីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់ គឺត្រៀមខ្លួនជាស្រេចសម្រាប់ការអនុម័តដោយប្រធានាធិបតីអាមេរិក លោក Donald Trump ហើយអាចនឹងត្រូវចុះហត្ថលេខាបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន។លោក Chen សង្កត់ធ្ងន់ថា៖ «ការជំទាស់យ៉ាងដាច់អហង្ការរបស់ចិន ចំពោះការលក់អាវុធរបស់ប្រទេស និងតំបន់ពាក់ព័ន្ធ ទៅឱ្យតំបន់តៃវ៉ាន់របស់ចិន គឺមានភាពជាប់លាប់ជានិច្ច និងច្បាស់លាស់ខ្លាំងណាស់។ អាមេរិក ចាំបាច់ត្រូវគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន-អាមេរិក ចាត់ចែងលើបញ្ហាលក់អាវុធឱ្យតៃវ៉ាន់ដោយប្រុងប្រយ័ត្ន និងចាត់វិធានការជាក់ស្តែងដើម្បីរក្សាទំនាក់ទំនងចិន-អាមេរិកឱ្យមានស្ថិរភាព និងរក្សាសន្តិភាពទូទាំងច្រកសមុទ្រតៃវ៉ាន់»។ទីក្រុងប៉េកាំង តែងតែប្រកាន់ខ្ជាប់នូវជំហរប្រឆាំងដាច់ខាតរបស់ខ្លួនចំពោះបញ្ហាលក់សព្វាវុធណាមួយទៅឱ្យតំបន់នេះ។ កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការជំទាស់យ៉ាងដាច់អហង្ការរបស់ចិន ចំពោះការលក់អាវុធរបស់អាមេរិកទៅឱ្យតំបន់តៃវ៉ាន់របស់ចិន គឺតែងតែជាប់លាប់ និងច្បាស់លាស់បំផុត៕

[UPDATE] លោក Anutin ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃឡើងវិញ បន្ទាប់ពីយកឈ្នះគូប្រជែងក្នុងការបោះឆ្នោតសភា

2026/03/19 02:05:03 pm        139
លោក Anutin Charnvirakul ត្រូវបានបោះឆ្នោតជ្រើសតាំងជាថ្មីឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ (១៩ មីនា) នេះ បន្ទាប់ពីបានឆ្លងកាត់ការបោះឆ្នោតនៅក្នុងសភាដោយជោគជ័យ ដែលនេះជាការទទួលបានអាណត្តិថ្មី ដែលអាចនាំមកនូវស្ថិរភាពខ្លះសម្រាប់ប្រទេសដែលញាំញីដោយរឿងអាស្រូវនយោបាយ និងភាពចលាចលជាយូរមកហើយនេះ។លោក Anutin មកពីគណបក្សភូមិចៃថៃ បាននាំមុខតាំងពីចាប់ផ្តើមនៅក្នុងការបោះឆ្នោត ដែលបានយកឈ្នះលើគូប្រជែងដ៏ធំបំផុតរបស់ខ្លួន គឺលោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រជាជនថៃ (People's Party) ដែលជាបក្សទទួលបានចំណាត់ថ្នាក់លេខពីរយ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន នៅក្នុងការបោះឆ្នោតសកល។លោក Anutin ក្លាយជានាយករដ្ឋមន្ត្រីថៃដំបូងគេ ដែលត្រូវបានបោះឆ្នោតឱ្យកាន់តំណែងវិញក្នុងពេលពីរទសវត្សរ៍មកនេះ ដែលចំណុចនេះបង្ហាញឱ្យឃើញពីភាពរង្គោះរង្គើដែលបានញាំញីសេដ្ឋកិច្ចថៃអស់ពេលជាយូរ។ កិច្ចព្រមព្រៀងក្រុមចម្រុះរបស់បក្សភូមិចៃថៃ ជាមួយបក្សភឿថៃ ដែលកំពុងចុះខ្សោយឥទ្ធិពលនយោបាយ រួមជាមួយនឹងបក្សតូចៗមួយចំនួនទៀត ធ្វើឱ្យលោករក្សាបាននូវជំហររឹងមាំក្នុងការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ដោយលោក Anutin ទទួលបានសំឡេងគាំទ្រ ២៥១សំឡេងយ៉ាងងាយ ដែលជាតួលេខចាំបាច់ដើម្បីឈ្នះឆ្នោត។ ក្រុមចម្រុះរបស់លោក Anutin ត្រូវបានរំពឹងថា នឹងគ្រប់គ្រងអាសនៈចំនួន ២៩២ ក្នុងចំណោមអាសនៈសរុប ៤៩៩ នៅក្នុងសភាថៃ នាពេលបច្ចុប្បន្ន។អំឡុងពេលឈានទៅដល់ការបោះឆ្នោតនេះ លោក Anutin វ័យ ៥៩ឆ្នាំ បានប្តេជ្ញាថា នឹងចាប់ផ្តើមការងារភ្លាមៗលើការបង្កើតគណៈរដ្ឋមន្ត្រី និងដោះស្រាយបញ្ហាដ៏ច្រើនលើសលប់របស់ថៃ។ លោកបានប្រាប់ក្រុមសមាជិកសភាជាគូប្រជែងថា៖ «សំឡេងរបស់អ្នកទាំងអស់គ្នាត្រូវបានដឹងឮស្មើៗគ្នា។ លោកត្រៀមខ្លួនទទួលយកការផ្តល់យោបល់ ដើម្បីឱ្យលោកអាចបំពេញភារកិច្ចជាប្រមុខរដ្ឋាភិបាល។ ទាំងអស់គ្នាមានគោលដៅដូចគ្នា នោះគឺសុខុមាលភាពរបស់ប្រជាជន»៕

ជីវភាពរស់នៅ និងសន្តិសុខស្បៀងនៅថៃជួបការលំបាកខ្លាំង ខណៈតម្លៃប្រេងកើនឡើងព្រោះជម្លោះនៅមជ្ឈិមបូព៌ា

2026/03/19 12:36:56 pm        83
មន្ត្រី និងថ្នាក់ដឹកនាំឧស្សាហកម្មបានព្រមានថា តម្លៃប្រេងដែលកើនឡើងខ្ពស់កំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយប៉ះទង្គិចដល់វិស័យដែលពឹងផ្អែកលើថាមពលចាប់ពីការនេសាទរហូតដល់កសិកម្ម។តម្លៃប្រេងបានកើនឡើងចាប់តាំងពីកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់នៅថ្ងៃទី២៨ កុម្ភៈ ដោយរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាចំណុចសំខាន់មួយសម្រាប់ប្រេងមួយភាគប្រាំរបស់ពិភពលោក។សម្រាប់ប្រជានេសាទរបស់ថៃដែលពឹងផ្អែកភាគច្រើនលើប្រេងម៉ាស៊ូត ការកើនឡើងនេះមានន័យថាការធ្វើដំណើរតិចជាងមុន ការនេសាទតិចជាងមុន ឬគ្មានការធ្វើដំណើរទាល់តែសោះ។លោក Pradit Lekdee អ្នកនេសាទម្នាក់នៅខេត្ត Samut Sakhon បាននិយាយថាការចំណាយឥឡូវនេះខ្ពស់ណាស់ ដែលការចេញទៅសមុទ្រប្រឈមនឹងការខាត។ លោកថាប្រសិនបើស្ថានភាពនេះនៅតែបន្ត មួយខែ ឬពីរខែទៀត១០០%នៃទូកនេសាទទាំងអស់នឹងឈប់ដោយសារតែតម្លៃប្រេងខ្ពស់ និងការផ្គត់ផ្គង់មានកំណត់។ ឥឡូវនេះ៧០ ទៅ៨០%បានឈប់ហើយ។ ក្រុមថ្នាក់ដឹកនាំធុរកិច្ចព្រមានថា វិបត្តិថាមពលកំពុងគំរាមកំហែងគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចប្រទេសថៃ ចាប់ពីរោងចក្ររហូតដល់ទេសចរណ៍ ដោយមានការភ័យខ្លាចថា ជម្លោះអូសបន្លាយអាចជំរុញឱ្យតម្លៃប្រេងឡើងលើសពី១២០ដុល្លារអាមេរិកក្នុងមួយបារ៉ែល និងធ្វើឱ្យទីផ្សារពិភពលោកមិនមានស្ថិរភាព៕

ចារកម្មអាមេរិកវាយតម្លៃថា ចិនពុំមានគម្រោងក្រសោបយកកោះតៃវ៉ាន់ នៅឆ្នាំ២០២៧នោះទេ

2026/03/19 12:33:27 pm        72
សហគមន៍ចារកម្មអាមេរិក បាននិយាយកាលពីថ្ងៃពុធ (១៨ មីនា) ថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិន មិនមានផែនការក្រសោបយកកោះតៃវ៉ាន់ ក្នុងឆ្នាំ២០២៧ នោះទេ ហើយកំពុងស្វះស្វែងរកការគ្រប់គ្រងលើកោះនេះដោយមិនប្រើកម្លាំងបាយ។ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយនោះឡើយ។ការវាយតម្លៃក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារចារកម្មស្តីពីការគំរាមកំហែងសកល បានកើតឡើងខណៈដែលទីក្រុងប៉េកាំង បានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ជាមួយនឹងសមយុទ្ធយោធាជាញឹកញាប់ ទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្ធូរបន្ថយការវាយតម្លៃលើហានិភ័យនៃសកម្មភាពយោធារបស់ចិន ក្នុងអំឡុងពេលលោកនៅកាន់តំណែងក៏ដោយ។កាលពីចុងឆ្នាំ២០២៥កន្លងទៅ មន្ទីរបញ្ចកោណបាននិយាយថា យោធាអាមេរិកជឿថា ចិនកំពុងរៀបចំខ្លួនដើម្បីយកឈ្នះក្នុងប្រតិបត្តិការក្រសោបយកកោះតៃវ៉ាន់ ឱ្យបានត្រឹមឆ្នាំ២០២៧ ដែលជាខួបលើកទី១០០ នៃការបង្កើតកងទ័ពរំដោះប្រជាជន PLA របស់ចិន ហើយកំពុងសម្រិតសម្រាំងជម្រើសក្នុងការក្រសោបយកកោះតៃវ៉ាន់ ដោយប្រើ «កម្លាំងបាយ» ប្រសិនបើចាំបាច់។របាយការណ៍របស់ទីភ្នាក់ងារចារកម្មអាមេរិកបានបញ្ជាក់ថា៖ «ទោះបីជាមានការគំរាមប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមជាតិ និងដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថាជាការប៉ុនប៉ងរបស់អាមេរិកក្នុងការប្រើប្រាស់កោះតៃវ៉ាន់ដើម្បីបន្ទុចបង្អាក់ការងើបឡើងរបស់ចិនក៏ដោយ ក៏ចិននៅតែចង់សម្រេចបាននូវការបង្រួបបង្រួមជាតិនេះដោយមិនប្រើប្រាស់កម្លាំងដែរ ប្រសិនបើអាចធ្វើទៅបាន»។របាយការណ៍ដដែលបានបន្ថែមថា សហរដ្ឋអាមេរិក «វាយតម្លៃថា មេដឹកនាំចិន នាពេលបច្ចុប្បន្ន ពុំមានផែនការអនុវត្តការក្រសោបយកកោះតៃវ៉ាន់ក្នុងឆ្នាំ២០២៧ នោះឡើយ ហើយក៏មិនមានកាលវិភាគច្បាស់លាស់សម្រាប់ការសម្រេចបាននូវការបង្រួបបង្រួមជាតិនេះដែរ»៕

ប្រមុខចារកម្មអាមេរិក៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានចុះខ្សោយ ប៉ុន្តែហាក់ដូចជានៅរក្សារចនាសម្ព័ន្ធបានដដែល

2026/03/19 12:30:27 pm        69
ប្រធានការិយាល័យចារកម្មជាតិរបស់សហរដ្ឋអាមេរិក លោកស្រី Tulsi Gabbard បាននិយាយកាលពីថ្ងៃពុធ (១៨ មីនា) ថា រដ្ឋាភិបាលអ៊ីរ៉ង់ បានចុះខ្សោយយ៉ាងខ្លាំង ចាប់តាំងពីសង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈមក ប៉ុន្តែហាក់បីដូចជានៅរក្សារចនាសម្ព័ន្ធដឹកនាំរបស់ខ្លួនបានដដែល ហើយទីក្រុងតេអេរ៉ង់ រួមទាំងក្រុមសកម្មប្រយុទ្ធតំណាងរបស់ខ្លួន នៅតែមានសមត្ថភាពក្នុងការវាយប្រហារលើផលប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា។លោកស្រី Gabbard បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍បើកសវនាការប្រចាំឆ្នាំរបស់គណៈកម្មាធិការចារកម្មព្រឹទ្ធសភា ស្តីពីការគំរាមកំហែងទូទាំងពិភពលោកចំពោះសហរដ្ឋអាមេរិកថា៖ «របបដឹកនាំនៅអ៊ីរ៉ង់ ហាក់ដូចជានៅតែមានរចនាសម្ព័ន្ធនៅឡើយ ប៉ុន្តែត្រូវបានធ្វើឱ្យចុះខ្សោយយ៉ាងខ្លាំងដោយសារប្រតិបត្តិការ Epic Fury» ដែលលោកស្រីចង់សំដៅលើយុទ្ធនាការយោធារបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។លោកស្រី Gabbard បន្តថា៖ «ទោះជាយ៉ាងនេះក្តី អ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន នៅតែមានសមត្ថភាព និងបន្តវាយប្រហារលើផលប្រយោជន៍របស់អាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងមជ្ឈិមបូព៌ា។ ប្រសិនបើរបបអរិភាពនេះនៅតែរស់រានមានជីវិត អ៊ីរ៉ង់នឹងស្វះស្វែងចាប់ផ្តើមកិច្ចប្រឹងប្រែងជាច្រើនឆ្នាំ ដើម្បីកសាងកងកម្លាំងមីស៊ីល និងយានដ្រូនរបស់ខ្លួនឡើងវិញ»។សវនាការសភាដែលមានរយៈពេល ២ម៉ោងកន្លះនេះ បានផ្តោតសំខាន់លើសង្រ្គាមអ៊ីរ៉ង់ ដែលឥឡូវនេះបានឈានចូលដល់សប្តាហ៍ទី៣របស់ខ្លួន។ ក្រុមសមាជិកសភា រួមទាំងសមាជិកបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump ក៏ដូចជាសមាជិកបក្សប្រជាធិបតេយ្យ បាននិយាយថា ពួកគេចង់បានព័ត៌មានបន្ថែមអំពីយុទ្ធនាការមួយនេះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ រំខានដល់ជីវិតមនុស្សរាប់លាននាក់ និងធ្វើឱ្យកក្រើកទីផ្សារថាមពល និងទីផ្សារភាគហ៊ុន៕

លោកTrump បង្កើនការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជុំវិញព័ត៌មានអំពីសង្គ្រាមនៅអ៊ីរ៉ង់

2026/03/19 12:24:03 pm        94
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្កើនការវាយប្រហាររបស់លោកលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជុំវិញការផ្សាយព័ត៌មានរបស់ពួកគេអំពីសង្គ្រាមនៅអ៊ីរ៉ង់។ លោក បាននិយាយថា ជម្លោះនេះកំពុងនៅបន្តដោយភាពប្រសើរសម្រាប់សហរដ្ឋអាមេរិក ប៉ុន្តែវាពុំមានការគាំទ្រច្រើនជាមួយសាធារណជនអាមេរិកទេ ហើយបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងភាពវឹកវរ។ លោក TRUMP និយាយថា «ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់យើងជាច្រើនដែលគ្មានភាពជឿជាក់អ្វីទាំងអស់ កំពុងផ្សព្វផ្សាយព័ត៌មានដែលពួកគេដឹងថា មិនពិត។ ហើយវាជារឿងដ៏គ្រោះថ្នាក់ សម្រាប់ប្រទេស»។ ខណៈលោក Trump បានបន្តុះបង្អាប់ការផ្សាយព័ត៌មានដែលលោកចាត់ទុកថាមិនគាប់ប្រសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយមតិយោបល់ថ្មីៗរបស់លោកបានបង្ហាញពីការកើនឡើងនៃការគំរាមកំហែងប្រឆាំងអង្គភាពព័ត៌មាន។ អ្នកតស៊ូមតិសេរីភាពសារព័ត៌មានមួយចំនួន ព្រួយបារម្ភអំពីផលប៉ះពាល់លើសារព័ត៌មានក្នុងអំឡុងពេលសង្គ្រាម ហើយចង្អុលបង្ហាញពីសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ យោងតាមការស្ទង់មតិរបស់ Reuters/Ipsos កាលពីថ្ងៃទី១ ខែមីនា មានតែពលរដ្ឋអាមេរិកម្នាក់ក្នុងចំណោមបួននាក់ប៉ុណ្ណោះ ដែលយល់ព្រមចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ហើយប្រហែលពាក់កណ្តាល រួមទាំងម្នាក់ក្នុងចំណោមបួននាក់នៃគណបក្សសាធារណរដ្ឋ ជឿថាលោក Trump មានឆន្ទៈខ្លាំងពេកក្នុងការប្រើប្រាស់កម្លាំងយោធា។ អ្នកផ្សេងទៀតនៅក្នុងរដ្ឋបាលលោក Trump ក៏បានបង្កើនការវាយប្រហាររបស់ពួកគេទៅលើសារព័ត៌មានផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានរិះគន់សារព័ត៌មាន CNN ចំពោះការរាយការណ៍របស់ពួកគេអំពីសង្គ្រាមនៅអ៊ីរ៉ង់។ លោក Hegseth និយាយថា មានព័ត៌មានក្លែងក្លាយជាច្រើនពី CNN ដែលរាយការណ៍ថារដ្ឋបាល លោក Trump បានមើលស្រាលផលប៉ះពាល់នៃសង្គ្រាមនៅអ៊ីរ៉ង់លើច្រកសមុទ្រ Hormuz។ ជាការពិតណាស់ វាគួរឱ្យអស់សំណើច។ រយៈពេលជាច្រើនទសវត្សរ៍មកនេះ អ៊ីរ៉ង់បានគំរាមកំហែងដល់ការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz នេះជាអ្វីដែលពួកគេតែងតែធ្វើ។

គ្រូបង្រៀននៅម៉ិកស៊ិក ធ្វើបាតុកម្មរយៈពេល៧២ម៉ោង ទាមទារការដំឡើងប្រាក់ខែ មុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

2026/03/19 12:17:47 pm        87
គ្រូបង្រៀនរាប់ពាន់នាក់ដែលមានទំនាក់ទំនងជាមួយសហជីព CNTE ជាសហជីពគ្រូបង្រៀន បានចេញធ្វើបាតុកម្មឆ្លងកាត់ទីក្រុង Mexico City កាលពីថ្ងៃពុធ ទី ១៨ ខែមីនា ដោយបង្កើតជំរំតវ៉ារយៈពេល ៧២ ម៉ោងនៅទីលាន Zocalo ដើម្បីទាមទារការដំឡើងប្រាក់ខែ និងលុបចោលកំណែទម្រង់អប់រំ និងប្រាក់សោធននិវត្តន៍។ ក្រុមអ្នកតវ៉ា បានកាន់បដាចោទប្រកាន់ប្រធានាធិបតី លោកស្រី Claudia Sheinbaum ពីបទបំពានការសន្យា និងមិនអើពើទៅនឹងការទាមទាររបស់គ្រូបង្រៀនខណៈកំពុងស្រែកនិងគ្រវីទង់ជាតិ។អ្នកនាំពាក្យរបស់សហជីព CNTE បានប្រាប់អ្នកសារព័ត៌មានថា សហជីពមានគោលបំណងបង្កើតឡើងវិញការចរចាថ្នាក់ជាតិជាមួយរដ្ឋាភិបាល ដោយព្រមានអំពីការកើនឡើងដែលអាចកើតមាន។ អគ្គលេខាធិការសហជីពគ្រូបង្រៀន លោកស្រី Elvira Veletes នៅទីក្រុង Guerrero បានរិះគន់រដ្ឋាភិបាលចំពោះការផ្តល់អាទិភាពដល់ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាងសិទ្ធិការងារ។ លោកស្រីបាននិយាយថា «យើងឃើញថា មានប្រាក់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក សម្រាប់កិច្ចព្រមព្រៀងជាមួយធនាគារ និងសម្រាប់មូលនិធិសោធននិវត្តន៍ ប៉ុន្តែពុំមែនសម្រាប់គ្រូបង្រៀនទេ»។សហជីព CNTE ដែលតំណាងឱ្យគ្រូបង្រៀនមកពីរដ្ឋជាច្រើន មានប្រវត្តិនៃការតវ៉ាដែលបង្កការរំខាន។ កាលពីឆ្នាំមុន កូដកម្មរយៈពេល២០ថ្ងៃ បានធ្វើឱ្យផ្នែកមួយចំនួននៅរដ្ឋធានីជាប់គាំង ហើយពេលនេះ សហជីពគំរាមមានចំណាត់ការបន្ថែមទៀត ខណៈប្រទេសម៉ិកស៊ិកកំពុងសហការរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២៦។

ភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងនៅទីក្រុងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់ និងច្រើននាក់រងរបួស

2026/03/19 12:09:41 pm        81
យោងតាមអង្គភាពសេវារថយន្តគិលានសង្គ្រោះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនិងព្យុះផ្គររន្ទះ បានវាយប្រហារទីក្រុងកំពង់ផែការ៉ាជីរបស់ប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃពុធ ទី ១៨ ខែមីនា។ ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមានការជន់លិចនៅតំបន់ជាច្រើនក្នុងទីក្រុង ដោយផ្លូវច្រើនកន្លែងលិចទឹក។ ព្យុះនេះ ក៏បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ផ្សេងៗនៅក្នុងទីក្រុង។អាជ្ញាធរបាននិយាយថា ព្យុះបោកបក់ខ្លាំងដែលបានឆ្លងកាត់ទីក្រុងការ៉ាជី បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ និង ៧ នាក់រងរបួស។ខ្យល់បក់ ភ្លៀងធ្លាក់ខ្លាំង រន្ទះ និងរចនាសម្ព័ន្ធបាក់រលំ បានរួមចំណែកដល់គ្រោះថ្នាក់ជាច្រើននៅទូទាំងទីក្រុង។ នៅជិតក្រុង Landhi Gujar Para ជញ្ជាំងមួយបានបាក់រលំ ដោយបណ្តាលឲ្យប្តីប្រពន្ធពីនាក់ស្លាប់ នេះបើយោងតាមមន្ត្រីជួយសង្គ្រោះ ហើយ នៅក្រុង Malir Nadi Yaro Goth រន្ទះបាញ់បានឆក់យកជីវិតមនុស្សម្នាក់។អ្នកនាំពាក្យរបស់អង្គភាពសង្គ្រោះបាននិយាយថា អ្នកស្លាប់ និងអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរៗនោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
06/13/2026 12:06 PM
ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត
06/13/2026 12:06 PM
កម្លាំងចម្រុះរាជធានីភ្នំពេញ បន្តត្រួតពិនិត្យឃ្លាំង ៣៣ទីតាំងបន្ថែមទៀត ដោយ​បាន​រក​ឃើញ​ ៥ទីតាំង​មាន​ផលិតផល​នាំ​ពីប្រទេសថៃ និងសម្រេចនាំខ្លួនមនុស្ស ៥នាក់ទៅសាកសួរ
06/13/2026 11:06 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
06/13/2026 11:06 AM
អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
06/13/2026 10:06 AM
បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
06/13/2026 10:06 AM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ទ្រព្យសកម្ម ២៤ ពាន់លានដុល្លារដែលត្រូវបានបង្កក នឹងត្រូវបានបញ្ចេញ
06/13/2026 10:06 AM
សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
06/13/2026 10:06 AM
កម្ពុជានាំចេញទំនិញទៅវៀតណាមមានតម្លៃជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក​ហក់​ឡើង​ជិត ​១៤% ក្នុងរយៈពេល៥ខែឆ្នាំនេះ​
06/13/2026 10:06 AM