លោកLavrov៖ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងNATO និងរុស្ស៊ី អាចកើនឡើងដល់ការវាយប្រហារនុយក្លេអ៊ែរ
អ៊ុយក្រែនវាយប្រហារដោយដ្រូនជិត ២០០គ្រឿងទៅលើទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សយ៉ាងតិច១៧នាក់រងរបួស
លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល៖ ការគំរាមដោយមីស៊ីលរបស់អ៊ីរ៉ង់ «មិនត្រឹមតែជាបញ្ហាតំបន់ទេ» ប៉ុន្តែជា «បញ្ហាសកល»

2026/03/25 02:39:57 pm        53
នៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានព្រមានកាលពីថ្ងៃអង្គារ ទី២៤ ខែមីនាថា ការបាញ់មីស៊ីលថ្មីៗនេះរបស់អ៊ីរ៉ង់ទៅកាន់កោះ Diego Garcia បានបង្ហាញពីជុំវាយប្រហារកាន់តែខ្លាំងជាងការទទួលស្គាល់កាលពីពេលមុន ដោយពង្រីកចូលជ្រៅចូលទៅក្នុងទ្វីបអឺរ៉ុប និងអាចហួសពីនេះ។លោកបាននិយាយថា ការបាញ់នេះបានបង្ហាញថា អ៊ីរ៉ង់កំពុងអភិវឌ្ឍសមត្ថភាពរយៈចម្ងាយកាន់តែឆ្ងាយ និងបានពិពណ៌នាអំពីការគំរាមកំហែងនេះថាជាសកល ពុំមែនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ។ លោក Danon បានជំរុញឱ្យមេដឹកនាំពិភពលោកឆ្លើយតបដោយ «ភាពច្បាស់លាស់ខាងសីលធម៌» ភាពបន្ទាន់កាន់តែខ្លាំង និងសកម្មភាពបង្រួបបង្រួមមុនពេលគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលលោក Bezalel Smotrich ទាក់ទងនឹងការដាក់បញ្ចូលឧបសម្ព័ន្ធប្រទេសលីបង់ភាគខាងត្បូង លោក Danon បាននិយាយថា អ៊ីស្រាអែលមិនចាប់អារម្មណ៍ក្នុងការដាក់បញ្ចូល ឬការស្ថិតនៅក្នុងប្រទេសលីបង់ទេ ប៉ុន្តែរក្សាកងកម្លាំងមានកំណត់នៅជិតព្រំដែនសម្រាប់ហេតុផលសន្តិសុខ។លោកនិយាយថា សន្តិភាពនឹងទាមទារឱ្យរដ្ឋាភិបាលលីបង់អះអាងការគ្រប់គ្រង រុញច្រានក្រុមហេសបូឡានៅភាគខាងត្បូងទន្លេលីតានី និងអនុវត្តសេចក្តីសម្រេចលេខ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Danon ក៏បានការពារអ៊ីស្រាអែល ថាជាកម្លាំងសម្រាប់ស្ថិរភាពក្នុងតំបន់ផងដែរ។

យោធាអ៊ុយក្រែន កំណត់គោលដៅលើរោងចក្រប្រេងសំខាន់ៗរបស់រុស្ស៊ី

2026/03/25 02:37:50 pm        54
យោធាអ៊ុយក្រែន បានប្រកាសថាបានវាយប្រហារលើរោងចក្រប្រេងសំខាន់ៗរបស់រុស្ស៊ី។ ទីក្រុងគីវ បានចោទប្រកាន់ទីក្រុងមូស្គូថា បានប្រើប្រាស់ការលក់ប្រេងដើម្បីផ្តល់មូលនិធិដល់ជម្លោះ។ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងការបង្ហោះសារមួយថា ខ្លួនបានវាយប្រហារស្ថានីយប្រេងនៅក្រុង Primorsk លើសមុទ្របាល់ទិក។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថាកំពង់ផែបានផ្អាកការនាំចេញប្រេងបន្ទាប់ពីការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។យោធាអ៊ុយក្រែន ក៏បាននិយាយផងដែរថាខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយនៅក្នុងសាធារណរដ្ឋ Bashkortostan របស់រុស្ស៊ីមានទីតាំងប្រហែល១.៤០០គីឡូម៉ែត្រពីព្រំដែន។ អ៊ុយក្រែន បានប្រឆាំងនឹងចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើប្រេងឆៅរបស់រុស្ស៊ី។ សហរដ្ឋអាមេរិក បានចាត់វិធានការនេះដើម្បីកាត់បន្ថយតម្លៃប្រេងដែលហក់ឡើងដែលបណ្តាលមកពីជម្លោះជាមួយអ៊ីរ៉ង់។ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហោះសារកាលពីថ្ងៃអង្គារថាកងកម្លាំងរបស់ខ្លួនបានធ្វើ «ការវាយប្រហារទ្រង់ទ្រាយធំមួយ» ដោយកំណត់គោលដៅលើទីតាំងទាក់ទងនឹងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន។ ក្រសួងបាននិយាយថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្របម្រើឲ្យផ្នែកស៊ីវិល។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារមួយកាលពីថ្ងៃអង្គារថា លោកត្រូវបានគេរាយការណ៍សង្ខេបអំពីលទ្ធផលនៃការចរចាជាមួយសហរដ្ឋអាមេរិក និងនិយាយថាការធានាសន្តិសុខត្រូវតែធ្វើឡើងដើម្បីបញ្ចប់ជម្លោះ។

អ៊ីរ៉ង់ ចំអកឱ្យអាមេរិកថា «កំពុងតែចរចាជាមួយខ្លួនឯង» ខណៈអ៊ីស្រាអែល បន្តវាយប្រហារ

2026/03/25 01:34:47 pm        148
អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តវាយប្រហារតាមអាកាសដាក់គ្នាទៅវិញទៅមកនៅថ្ងៃពុធ (២៥ មីនា) នេះ ខណៈយោធាអ៊ីរ៉ង់ បានបដិសេធជាថ្មីម្តងទៀតចំពោះការអះអាងរបស់លោកប្រធានាធិបតី Donald Trump ដែលថា សហរដ្ឋអាមេរិកកំពុងចរចាដើម្បីបញ្ចប់សង្គ្រាម ដែលអង្រួនទីផ្សារថាមពល និងហិរញ្ញវត្ថុសកល ដោយអ្នកនាំពាក្យយោធាអ៊ីរ៉ង់ បានចំអកថា សហរដ្ឋអាមេរិកកំពុងចរចាជាមួយខ្លួនឯង។កាលពីថ្ងៃអង្គារ របាយការណ៍ព័ត៌មានជាច្រើនបាននិយាយថា ផែនការ ១៥ចំណុច ដែលមានគោលបំណងបញ្ចប់ជម្លោះ ត្រូវបានរៀបចំឡើងដោយទីក្រុងវ៉ាស៊ីនតោន និងបានផ្ញើទៅកាន់ទីក្រុងតេអេរ៉ង់។លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃអង្គភាពកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយបែបឌឺដងទៅកាន់សហរដ្ឋអាមេរិកថា៖ «តើកម្រិតលំបាកក្នុងចិត្តរបស់អ្នក ឈានដល់ដំណាក់កាលដែលអ្នកត្រូវចរចាជាមួយខ្លួនឯងហើយមែនទេ?» ដោយបន្ថែមថា អ៊ីរ៉ង់នឹងមិនធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកជាដាច់ខាត។ ថ្នាក់ដឹកនាំអ៊ីរ៉ង់ធ្លាប់និយាយថា ខ្លួនមិនអាចចរចាជាមួយអាមេរិកបានឡើយ ព្រោះទីក្រុងវ៉ាស៊ីនតោន វាយប្រហារអ៊ីរ៉ង់ដល់ទៅពីរដង អំឡុងកិច្ចចរចាកម្រិតខ្ពស់ ក្នុងពេលពីរឆ្នាំកន្លងមកនេះ។សមរភូមិផ្លូវអាកាសវិញក៏នៅតែបន្តយ៉ាងក្ដៅគគុក។ អ៊ីស្រាអែល បាននិយាយថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងទីក្រុងតេអេរ៉ង់។ កូវ៉ែត និងអារ៉ាប៊ីសាអូឌីត បានរាយការណ៍ពីការបាញ់ទម្លាក់យានដ្រូនថ្មីៗ ប៉ុន្តែមិនបញ្ជាក់ថា ការវាយប្រហារទាំងនោះមានប្រភពមកពីណាទេ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ រាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបើកការវាយប្រហារថ្មីមួយប្រឆាំងនឹងទីតាំងនានានៅអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅកូវ៉ែត ហ្ស៊កដានី និងបារ៉ែនផងដែរ៕

ក្បួននាវាអន្តរជាតិ បានដឹកជញ្ជូនជំនួយរាប់តោនទៅកាន់ប្រទេសគុយបា ស្របពេលវិបត្តិថាមពល

2026/03/25 12:23:10 pm        69
កាលពីថ្ងៃអង្គារ (២៤ មីនា) ប្រទេសគុយបា បានទទួលក្រុមដឹកជញ្ជូនជំនួយមនុស្សធម៌មកពីក្បួន «Nuestra America» ដែលជាកិច្ចប្រឹងប្រែងអន្តរជាតិឋ រៀបចំឡើងដោយសកម្មជនពិភពលោក ក្នុងគោលបំណងគេចចេញពីទណ្ឌកម្មរបស់អាមេរិក ដែលបានរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរលើការដឹកជញ្ជូនប្រេងឥន្ធនៈ និងទំនិញផ្សេងៗទៀតទៅកាន់ប្រទេសកោះមួយនេះ។ជំនួយទាំងនោះបានទៅដល់តាមរយៈនាវាខ្នាតតូចមួយគ្រឿង ដែលចាកចេញពីកំពង់ផែ Progreso របស់ម៉ិកស៊ិកកាលពីសប្តាហ៍មុន ហើយបានចូលមកដល់កំពង់ផែទីក្រុងឡាហាវ៉ាន កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ហើយបានប្រគល់ស្បៀងអាហារ ឱសថ ផ្ទាំងថាមពលពន្លឺព្រះអាទិត្យ (បន្ទះសូឡា) និងកង់ សរុបទាំងអស់ចំនួន ១៤តោន ជូនដល់អាជ្ញាធរគុយបា។ ក្បួននេះគឺជានាវាមួយចំណោមនាវាទាំងបីក្នុងក្រុមនាវាដឹកជំនួយដែលចេញពីម៉ិកស៊ិក។នាវានេះបានបន្ថែមលើទំនិញចំនួន ៦តោនផ្សេងទៀតដែលត្រូវបានដឹកជញ្ជូនតាមយន្តហោះដោយក្រុមសកម្មជនក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ សម្រាប់ការចែកចាយទៅកាន់មន្ទីរពេទ្យនានា។ យ៉ាងណាក៏ដោយ ក្បួនជំនួយកាលពីថ្ងៃអង្គារនោះ ភាគច្រើនគ្រាន់តែជាកាយវិការគាំទ្រជានិមិត្តរូបតែប៉ុណ្ណោះ ក្នុងប្រទេសមួយដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជិតដល់កម្រិតមហន្តរាយ ដែលបានរំខានយ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូន សេវាសុខាភិបាល និងការផលិតអគ្គិសនី។ រដ្ឋបាលអាមេរិក បានកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសកោះនៅសមុទ្រការ៉ាអ៊ីពមួយនេះ ហើយបានគំរាមដាក់ពន្ធលើប្រទេសទាំងឡាយណាដែលដឹកជញ្ជូនប្រេងទៅឱ្យគុយបា៕

ប្រធានាធិបតីអាល្លឺម៉ង់ ហៅសង្គ្រាមអ៊ីរ៉ង់ថាជាកំហុសដ៏មហន្តរាយ ក្នុងការស្តីបន្ទោសដ៏កម្រចំពោះលោក Trump

2026/03/25 12:00:50 pm        98
ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បាននិយាយកាលពីថ្ងៃអង្គារ (២៤ មីនា) ថា សង្គ្រាមអ៊ីរ៉ង់គឺជា «កំហុសឆ្គងដ៏មហន្តរាយ» ដែលរំលោភលើច្បាប់អន្តរជាតិ នៅក្នុងការរិះគន់យ៉ាងធ្ងន់ៗដ៏កម្រចំពោះគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ជាអ្វីដែលប្រធានាធិបតីអាល្លឺម៉ង់រូបនេះនិយាយថា បានបង្កភាពប្រេះស្រាំដល់ទំនាក់ទំនងរបស់អាល្លឺម៉ង់ ជាមួយសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួនក្រោយសម័យសង្គ្រាម។ក្នុងការវាយប្រហារដោយពាក្យសម្តីយ៉ាងខ្លាំងក្លា លោក Steinmeier ដែលតំណែងប្រធាធិបតីរបស់លោកភាគច្រើនគឺជាពិធីការ និងអនុញ្ញាតឱ្យលោកបញ្ចេញមតិបានដោយសេរីជាងអ្នកនយោបាយអាល្លឺម៉ង់ដទៃទៀតនោះ បានប្រកាន់ជំហររិះគន់ខ្លាំងជាងលោកអធិការបតី Friedrich Merz ដែលកន្លងមកបានព្យាយាមគេចពីសំណួរអ្នកកាសែត ទាក់ទងនឹងភាពស្របច្បាប់នៃសង្គ្រាមនេះ។លោក Steinmeier បានថ្លែងក្នុងសុន្ទរកថានៅក្រសួងការបរទេសថា៖ «អាល្លឺម៉ង់ត្រូវតែលើកឡើងអំពីបញ្ហាទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់។ ព្រោះតាមទស្សនៈរបស់លោក សង្គ្រាមនេះគឺផ្ទុយនឹងច្បាប់អន្តរជាតិ» ដោយបន្ថែមថា លោកក៏មានការសង្ស័យបន្តិចដែរថា ការលើកហេតុផលអំពី «ការវាយប្រហារជិតកើតមានលើគោលដៅរបស់អាមេរិក» គឺជាហេតុផលដែលមិនសមស្របឡើយ។ដោយហៅសង្គ្រាមនេះថា «ជារឿងមិនចាំបាច់» និងជា «កំហុសនយោបាយដ៏មហន្តរាយ» លោក Steinmeier បាននិយាយថា អាណត្តិទីពីររបស់លោក Trump បានកត់សម្គាល់នូវភាពប្រេះស្រាំនៃទំនាក់ទំនងការបរទេសរបស់អាល្លឺម៉ង់ យ៉ាងជ្រាលជ្រៅ ដូចទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែនដែរ។ ប្រធានាធិបតីអាល្លឺម៉ង់រូបនេះបន្តថា អាល្លឺម៉ង់ត្រូវតែអនុវត្តមេរៀនដែលខ្លួនបានរៀន ជុំវិញការដកខ្លួនចេញពី «ការពឹងផ្អែកខ្លាំងពេក» លើរុស្ស៊ី ហើយយកមកអនុវត្តជាមួយសហរដ្ឋអាមេរិក ជាពិសេសលើវិស័យការពារជាតិ និងបច្ចេកវិទ្យា៕

ការស្ទង់មតិធុរកិច្ច៖ សង្គ្រាមនៅអ៊ីរ៉ង់ ចាប់ផ្តើមជះផលប៉ះពាល់លើសេដ្ឋកិច្ចសកល

2026/03/25 11:50:13 am        104
យោងតាមការស្ទង់មតិធុរកិច្ចកាលពីថ្ងៃអង្គារ (២៤ មីនា) បានឱ្យដឹងថា សង្គ្រាមអ៊ីរ៉ង់កំពុងចាប់ផ្តើមបង្កផលប៉ះពាល់ដល់បណ្តាសេដ្ឋកិច្ចធំៗនៅជុំវិញពិភពលោករួចទៅហើយ ដែលបង្ហាញថា ការកើនឡើងខ្លាំងនៃតម្លៃថាមពល និងកំណើនភាពមិនច្បាស់លាស់ផ្សេងទៀត បាននិងកំពុងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ និងរុញច្រានការរំពឹងទុកនៃអតិផរណាឱ្យកាន់តែខ្ពស់។លទ្ធផលបឋមនៃការស្ទង់មតិរបស់ស្ថាប័នគ្រប់គ្រងការបញ្ជាទិញ នៅតាមក្រុមហ៊ុននានាក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន បង្ហាញពីរូបភាពដ៏ទូលំទូលាយបំផុតមិនធ្លាប់មាន អំពីផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះដែលបានអូសបន្លាយជិត ១ខែមកនេះ ដែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដ៏ច្រើនសន្ធឹកសន្ធាប់របស់ពិភពលោក ដោយគ្មានកំណត់។ក្នុងចំណោមសេដ្ឋកិច្ចទាំង២១ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ កំណើនវិស័យឯកជនស្ទើរតែជាប់គាំងក្នុងខែមីនានេះ ខណៈក្រុមហ៊ុននានាបានលើកពី «រយៈពេលកាន់តែយូរនៃការដឹកជញ្ជូន» និងការរំពឹងទុកពីកំណើនថ្លៃដើម ដែលមានន័យថា បន្ទុកចំណាយនឹងត្រូវបញ្ជូនបន្តទៅលើអតិថិជន។ របាយការណ៍ស្ទង់មតិពី S&P Global បាននិយាយថា ទិន្នន័យបឋមនៃសន្ទស្សន៍បញ្ជាទិញ (PMI) ដែលគេស្គាល់ថាជា សកម្មភាពរោងចក្រ របស់តំបន់ចាយប្រាក់អឺរ៉ូ បានធ្លាក់ដល់កម្រិតទាបបំផុតក្នុងពេល ១០ខែ គឺនៅត្រឹម ៥០,៥ពិន្ទុ ក្នុងខែមីនា បើធៀបនឹងកម្រិត ៥១,៩ពិន្ទុ ក្នុងខែកុម្ភៈ។ គួរឱ្យដឹងថា កម្រិតដែលលើសពី ៥០ពិន្ទុ បង្ហាញពីការរីកចម្រើននៅក្នុងវិស័យឯកជន។សន្ទស្សន៍ PMI សម្រាប់ទិន្នផលចម្រុះបឋមរបស់អាមេរិក បានធ្លាក់មកត្រឹម ៥១,៤ពិន្ទុ ក្នុងខែនេះ។ ចំណែកសេដ្ឋកិច្ចនៃក្រុមប្រទេស G7 ផ្សេងទៀត ក៏មិនសូវជាល្អប្រសើរជាងនេះដែរ។ នៅចក្រភពអង់គ្លេស ការស្ទង់មតិរបស់ S&P Global បានបង្ហាញថា សកម្មភាពធុរកិច្ច បានរីកចម្រើនក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល ៦ខែ។ នៅជប៉ុន សន្ទស្សន៍ PMI ចម្រុះបឋម ដែលរួមបញ្ចូលទាំងសកម្មភាពផលិតកម្ម និងសេវាកម្ម បានធ្លាក់ចុះមកត្រឹម ៥២,៥ពិន្ទុ ក្នុងខែមីនានេះ៕

អ្នកលក់រាយប្រេងឥន្ធនៈនៅប្រទេសកេនយ៉ា កំពុងខ្វះការផ្គត់ផ្គង់ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា

2026/03/25 11:47:47 am        74
ប្រធានអ្នកលក់រាយប្រេងឥន្ធនៈឯករាជ្យរបស់ប្រទេសកេនយ៉ា បាននិយាយថា អ្នកចែកចាយរាប់រយនាក់កំពុងខ្វះការផ្គត់ផ្គង់ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ ដោយនិយាយថាប្រហែល ២០% នៃស្ថានីយលក់ប្រេងឥន្ធនៈត្រូវបានរងផលប៉ះពាល់។លោក Martin Chomba ប្រធានសមាគមស្ថានីយលក់ប្រេងឥន្ធនៈនៅប្រទេសកេនយ៉ា បាននិយាយថា អ្នកចែកចាយទំនងជាចាប់ផ្តើមស្តុកទុកផលិតផលប្រេងឥន្ធនៈក្នុងការរំពឹងទុកថានឹងមានការកើនឡើងបន្ថែមទៀតតម្លៃប្រេងឥន្ធនៈរបស់អ្នកប្រើប្រាស់នៅខែក្រោយ។ ប្រទេសនៅអាហ្វ្រិកមួយនេះ ស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតទាំងការរំខានដល់ការផ្គត់ផ្គង់និងតម្លៃខ្ពស់ បន្ទាប់ពីជម្លោះបានបញ្ឈប់ការដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃប្រេងនិងឧស្ម័នធម្មជាតិរាវរបស់ពិភពលោកតាមរយៈច្រកសមុទ្រ Hormuz។ប្រទេសកេនយ៉ា ទទួលបានការផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងអស់របស់ខ្លួនពីមជ្ឈិមបូព៌ាតាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ជាមួយក្រុមហ៊ុនផលិតនិងរោងចក្រចម្រាញ់ប្រេងឆៅនៅឈូងសមុទ្រ។ «ដោយសារតែបញ្ហាផ្គត់ផ្គង់ យើងកំពុងមានចន្លោះប្រហោងនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់» នេះបើយោងតាមសម្ដីរបស់លោក Chomba ដែលសមាគមរបស់លោកតំណាងឱ្យអ្នកលក់រាយឯករាជ្យ អ្នកដឹកជញ្ជូន និងអ្នកដទៃទៀត ដែលបម្រើ៦៨% លើទីផ្សាររបស់ប្រទេស។

កោះតៃវ៉ាន់និយាយថា សហរដ្ឋអាមេរិក មានភាពបន្ទាន់ខ្ពស់ក្នុងការពន្លឿនការដឹកជញ្ជូនអាវុធ

2026/03/25 11:44:53 am        105
ប្រធានអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo បាននិយាយនៅថ្ងៃពុធ (២៥ មីនា) នេះថា សហរដ្ឋអាមេរិក មានស្មារតីបន្ទាន់ «ក្នុងកម្រិតខ្ពស់» ក្នុងការជួយកោះតៃវ៉ាន់ ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ហើយកំពុងខិតខំប្រឹងប្រែងជួយពន្លឿនការដឹកជញ្ជូនសព្វាវុធដែលបានពន្យារពេល។កោះតៃវ៉ាន់ ដែលកំពុងប្រឈមនឹងសម្ពាធផ្នែកយោធាកាន់តែខ្លាំងឡើងពីប្រទេសចិន បានត្អូញត្អែរអំពីភាពយឺតយ៉ាវដដែលៗក្នុងការទទួលបានអាវុធ ដែលខ្លួនបានបញ្ជាទិញពីសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន ជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតដល់កោះដែលទីក្រុងប៉េកាំង អះអាងសិទ្ធថាជាទឹកដីរបស់ខ្លួនមួយនេះ។ភាពយឺតយ៉ាវចម្បងមួយ គឺការបញ្ជាទិញកាលពីឆ្នាំ២០១៩ នូវយន្តហោះចម្បាំង F-16V របស់ក្រុមហ៊ុន Lockheed Martin ចំនួន ៦៦គ្រឿង ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិកអាកាសចរណ៍ អាវុធ និងប្រព័ន្ធរ៉ាដាកាន់តែទំនើប។លោក Koo បានប្រាប់អ្នកយកព័ត៌មានថា ការដឹកជញ្ជូនប្រព័ន្ធអាវុធជាច្រើនដែលតៃវ៉ាន់បានបញ្ជាទិញ បានចាប់ផ្តើមដំណើរការ ឬបានមកដល់ជាបណ្តើរៗហើយ។ លោកបន្តថា៖ «សហរដ្ឋអាមេរិកនៅតែមានភាពបន្ទាន់ក្នុងកម្រិតខ្ពស់ ក្នុងការជួយកោះតៃវ៉ាន់ឱ្យពង្រឹងសមត្ថភាពការពារខ្លួន ឱ្យឆាប់តាមដែលអាចធ្វើទៅបាន»។អាជ្ញាធរតៃវ៉ាន់បានបញ្ជាក់កាលពីចុងសប្តាហ៍ថា ការដឹកជញ្ជូនយន្តហោះចម្បាំង F-16V នឹងចាប់ផ្តើមក្នុងឆ្នាំនេះ។ កាលពីសប្តាហ៍មុន លោក Michael Miller នាយកទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បាននិយាយថា លោកបានចុះហត្ថលេខាលើសេចក្តីណែនាំមួយក្នុងឆ្នាំ ២០២៣ ដើម្បីផ្តល់អាទិភាពដល់តៃវ៉ាន់ លើសអ្នកទិញផ្សេងទៀត៕

លោក Trump ផ្ដល់ការគាំទ្រពេញលេញដល់នាយករដ្ឋមន្ត្រី Orban របស់ហុងគ្រី មុនការបោះឆ្នោតនៅខែមេសាខាងមុខ

2026/03/25 11:42:01 am        80
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ២៤មីនាសប្ដាហ៍នេះ បានផ្ដល់ការគាំទ្រពេញលេញ និងទាំងស្រុង ដល់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដោយជំរុញឱ្យអ្នកបោះឆ្នោតបោះឆ្នោតជ្រើសរើសរូបលោកឡើងវិញក្នុងការប្រកួតប្រជែងនៅខែមេសាខាងមុខ ជាទីដែលលោកនឹងជួបប្រទះបញ្ហាប្រឈមមិនធ្លាប់មានចំពោះការគ្រប់គ្រងរយៈពេល១៦ ឆ្នាំរបស់លោក។លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា លោក Orban គឺជាមេដឹកនាំដ៏រឹងមាំ និងមានអំណាចពិតប្រាកដ ដែលមានកំណត់ត្រាបង្ហាញឱ្យឃើញពីការផ្ដល់លទ្ធផលដ៏អស្ចារ្យ ដោយសរសើរនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះ ចំពោះការប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការស្ដារច្បាប់ និងសណ្តាប់ធ្នាប់ឡើងវិញ និងនាំទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនទៅកាន់កម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការ ។លោក Trump បានសរសេរថា រូបលោកមានមោទនភាពក្នុងការគាំទ្រលោក Viktor សម្រាប់ការជាប់ឆ្នោតឡើងវិញកាលពីឆ្នាំ ២០២២ ហើយលោកមានក្ដីរំភើបណាស់ដែលលោក Orban បានជាប់ឆ្នោតម្ដងទៀត។ ថ្ងៃបោះឆ្នោតថ្មីសម្រាប់ប្រទេសហុងគ្រីគឺថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ដូច្នេះសូមប្រជាជនទាំងអស់ចេញទៅបោះឆ្នោតឱ្យលោក VIKTOR ORBAN។ លោកតែងតែនៅជាមួយលោក Viktorជានិច្ច។ ការស្ទង់មតិឯករាជ្យបានបង្ហាញថា លោក Orban ដែលជាអ្នកគាំទ្រលោក Trump និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ទទួលបានការគាំទ្រតិចតួចនៅមុនការបោះឆ្នោត៕

ប្រជាជនអាហ្សង់ទីន ចេញធ្វើបាតុកម្មដើម្បីប្រារព្ធខួបលើកទី៥០ នៃរដ្ឋប្រហារយោធា

2026/03/25 11:32:14 am        52
ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នានៅរដ្ឋធានីប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារ ទី២៤ ខែមីនា ដើម្បីប្រារព្ធខួបលើកទី៥០ នៃរដ្ឋប្រហារយោធាចុងក្រោយរបស់ប្រទេស ជាថ្ងៃដែលបានក្លាយជាថ្ងៃឈប់សម្រាកជាតិដើម្បីគោរពដល់មនុស្សប្រមាណ ៣០.០០០នាក់ដែលបានបាត់ខ្លួនក្នុងអំឡុងពេលដែលគេហៅថា «សង្គ្រាមដ៏កខ្វក់» របស់របបផ្តាច់ការ។វីដេអូថតដោយយានដ្រូន បានបង្ហាញក្រុមអ្នកតវ៉ាកំពុងដង្ហែក្បួនឆ្ពោះទៅកាន់ទីលាន Plaza de Mayo ដ៏ល្បីល្បាញ ដោយមនុស្សជាច្រើនកាន់រូបថតរបស់មនុស្សជាទីស្រឡាញ់ដែលបានបាត់ខ្លួនក្នុងអំឡុងពេលគ្រប់គ្រងរបស់យោធារយៈពេលប្រាំពីរឆ្នាំដែលបានចាប់ផ្តើមដោយរដ្ឋប្រហារនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៦។ Monica Pirani ជាគ្រូបង្រៀនចូលនិវត្តន៍មានពាក់កន្សែងពណ៌សដែលជាប់ទាក់ទងនឹងក្រុមតវ៉ា បានរៀបរាប់ថ្ងៃដំបូងៗនៃរបបផ្តាច់ការ។ Pirani និយាយថា «នៅពេលដែលរដ្ឋប្រហារបានកើតឡើង ខ្ញុំនៅក្មេងមានអាយុ១៦ឆ្នាំ ហើយមិនមានការយល់ដឹងច្រើនទេ»។ «ជាបន្តបន្ទាប់ យើងបានដឹងអំពីអ្វីដែលបានកើតឡើង ហើយពិតជាប្រទេសជាតិមួយមានការចងចាំដែលត្រូវបានកំណត់ឱ្យរំលឹកឡើងម្តងទៀត»។ការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអាហ្សង់ទីនក្នុងឆ្នាំ១៩៨៣ បានសម្គាល់ពីការបញ្ចប់របបផ្តាច់ការ ប៉ុន្តែផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមនៅតែបន្ត។ សញ្ញានៃសាមគ្គីភាព និងការចងចាំ រួមទាំងបដាដែលប្រកាសថា «ការជម្រះក្តី និងការដាក់ទណ្ឌកម្ម» និងការគោរពពីយុវជនជំនាន់ក្រោយ បានបញ្ជាក់ពីសារៈសំខាន់យូរអង្វែងនៃខួបនេះនៅក្នុងការចងចាំរួមរបស់ប្រទេសអាហ្សង់ទីន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកLavrov៖ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងNATO និងរុស្ស៊ី អាចកើនឡើងដល់ការវាយប្រហារនុយក្លេអ៊ែរ
06/19/2026 03:06 PM
អ៊ុយក្រែនវាយប្រហារដោយដ្រូនជិត ២០០គ្រឿងទៅលើទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សយ៉ាងតិច១៧នាក់រងរបួស
06/19/2026 03:06 PM
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក
06/19/2026 03:06 PM
មន្ត្រីជំនាញខេត្តកំពង់ចាម ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក​តែមិនឃើញមាន​ទំនិញនាំ​ចូលខុសច្បាប់ពីថៃទេ
06/19/2026 03:06 PM
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
06/19/2026 03:06 PM
លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
06/19/2026 02:06 PM
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ
06/19/2026 02:06 PM
ស៊ីរីរាយការណ៍អំពីការលុកលុយថ្មីរបស់អ៊ីស្រាអែលចូលក្នុងទឹកដីរបស់ខ្លួន ខណៈភាពតានតឹងព្រំដែនកំពុងបន្ត
06/19/2026 02:06 PM
នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
06/19/2026 02:06 PM
លោក LAVROV៖ អឺរ៉ុបចង់បង្កកជម្លោះនៅអ៊ុយក្រែន ដើម្បីដាក់ពង្រាយកងយោធារបស់ខ្លួន
06/19/2026 02:06 PM