ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង

ព័ត៌មានអន្តរជាតិ

ជប៉ុន បង្ហាញការសោកស្ដាយ ជុំវិញការចូលស្ថានទូតចិនដោយមិនមានការអនុញ្ញាត

2026/03/25 07:55:17 pm        100
នៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) ប្រទេសជប៉ុន បានបញ្ជាក់ថា វាគឺជា «រឿងគួរឲ្យសោកស្ដាយ» ដែលសមាជិកយោធាម្នាក់របស់ខ្លួន បានចូលស្ថានទូតចិនដោយមិនមានការអនុញ្ញាត នៅទីក្រុងតូក្យូ ខណៈដែលទីក្រុងប៉េកាំងបានអំពាវនាវឲ្យដាក់ទោសអ្នកប្រព្រឹត្តខុស។ការលួចចូលកាលពីព្រឹកថ្ងៃអង្គារនោះ បានធ្វើឲ្យកាន់តែអាប់អួ ក្នុងទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ដែលមានសភាពអាក្រក់ឡើងៗ ដោយសារតែការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ជុំវិញបញ្ហាកោះតៃវ៉ាន់។អ្នកនាំពាក្យនគរបាលបានប្រាប់សារព័ត៌មាន AFP ថា នគរបាលជប៉ុន បានចាប់ខ្លួនបុរសឈ្មោះ Kodai Murata អាយុ ២៣ឆ្នាំ ដោយសង្ស័យថា បានចូលដោយខុសច្បាប់ បន្ទាប់ពីរូបគេបានលួចចូលទៅក្នុងបរិវេណស្ថានទូតដែលមានការយាមកាមយ៉ាងតឹងរ៉ឹង នៅម៉ោងប្រហែល ៩ព្រឹក (ម៉ោងក្នុងស្រុក)។ដោយដកស្រង់ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Yomiuri Shimbun បានរាយការណ៍ថា ជនសង្ស័យបានប្រាប់អ្នកស៊ើបអង្កេតថា រូបគេសង្ឃឹមថា នឹងជួបឯកអគ្គរដ្ឋទូត ដើម្បីប្រាប់គាត់កុំឲ្យនិយាយតឹងរ៉ឹងពេក ហើយប្រសិនបើសំណើនោះត្រូវបានបដិសេធ រូបគេចង់ធ្វើឲ្យមានការភ្ញាក់ផ្អើលដោយការសម្លាប់ខ្លួនឯង។ ទូរទស្សន៍ជាតិជប៉ុន NHK បានផ្សាយថា ក្រោយមក កាំបិតមួយត្រូវបានរកឃើញនៅកន្លែងកើតហេតុ។អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានបញ្ជាក់ថា ជនសង្ស័យ គឺជាសមាជិកយោធា។ លោក Kihara បានប្រាប់អ្នកសារព័ត៌មានថា៖ «វាពិតជារឿងគួរឲ្យសោកស្ដាយណាស់ដែលសមាជិកកងកម្លាំងស្វ័យការពារម្នាក់ ដែលត្រូវបានគេរំពឹងគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានចូលទៅក្នុងបរិវេណស្ថានទូតដោយគ្មានការអនុញ្ញាត»។លោកបានបន្ថែមថា «នគរបាលកំពុងធ្វើការស៊ើបអង្កេតរួចហើយ ជុំវិញករណីនេះ ដើម្បីបញ្ជាក់ពីអ្វីដែលបានកើតឡើង និងបានអនុវត្តវិធានការចាំបាច់ ដើម្បីពង្រឹងសន្តិសុខ» របស់ស្ថានទូត។ ទីក្រុងប៉េកាំង ដែលបានដាក់ការតវ៉ាជាផ្លូវការប្រឆាំងនឹងឧប្បត្តិហេតុនេះ បានអំពាវនាវឲ្យដាក់ទោសជនល្មើសយ៉ាងធ្ងន់ធ្ងរ៕

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស ព្រួយបារម្ភមុនពេលជំនួយស្បៀងអាហារត្រូវបានកាត់ផ្តាច់

2026/03/25 07:52:26 pm        71
នៅថ្ងៃពុធនេះជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅប្រទេសបង់ក្លាដែស បានបង្ហាញក្តីបារម្ភរបស់ខ្លួន ស្របពេលដែលកម្មវិធីស្បៀងអាហារពិភពលោក(WFP) ត្រៀមកាត់ផ្តាច់ជំនួយមួយចំណែកធំសម្រាប់ជនភៀសខ្លួន ១,២លាននាក់ ។ជំរំជនភៀសខ្លួនបង់ក្លាដែស ផ្តល់ជាទីជម្រកដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងរត់ភៀសខ្លួនចេញពីការបៀតបៀននៅក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ាដែលហែកហួរដោយសារភ្លើងសង្រ្គាម ក្នុងនោះ ជនភៀសខ្លួន ១៥ម៉ឺននាក់ បានមកដល់ថ្មី ចាប់តាំងពីឆ្នាំ ២០២៤ ។អង្គការមួយនេះ គឺជាទីភ្នាក់ងារតែមួយគត់ផ្តល់ជំនួយស្បៀងអាហារប្រចាំខែដល់សហគមន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង ប៉ុន្តែដោយសារការផ្តល់មូលនិធិសកលកាន់តែខោច ហើយមនុស្សត្រូវការជំនួយកាន់តែច្រើន ធនធានបានស្ថិតក្រោមសម្ពាធរួចទៅហើយ ។បច្ចុប្បន្នជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងនៅក្នុងជំរំ Cox's Bazar ទទួលបានជំនួយស្បៀងអាហារស្មើនឹង ១២ដុល្លារ ក្នុង ១ខែ ។ចាប់ពីថ្ងៃទី ១ ខែមេសាខាងមុខតទៅ របបស្បៀងនឹងត្រូវកាត់បន្ថយចំនួន ៧ដុល្លារ សម្រាប់ជនភៀសខ្លួនរកប្រាក់ចំណូលទាប និង ចំនួន១០ដុល្លារ សម្រាប់ជនភៀសខ្លួនរកបានចំណូលមធ្យម ៕

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងជជែកពិភាក្សាបន្ទាន់នៅថ្ងៃទី២៧ ខែមីនា ស្តីពីការវាយប្រហារលើសាលារៀនអ៊ីរ៉ង់

2026/03/25 07:30:18 pm        71
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានត្រៀមរួចជាស្រេច ដើម្បីបើកកិច្ចពិភាក្សាបន្ទាន់លើកទី២ នៅសប្តាហ៍នេះ ពាក់ព័ន្ធនឹងសង្គ្រាមមជ្ឈិមបូព៌ា ដែលផ្តោតលើការវាយប្រហារដ៏គួរឲ្យតក់ស្លុត លើសាលារៀន នៅប្រទេសអ៊ីរ៉ង់។ប្រធានក្រុមប្រឹក្សា លោក Sidharto Reza Suryodipuro បានប្រាប់ស្ថាប័នសិទ្ធិមនុស្សជាន់ខ្ពស់របស់ UN ថា ការស្នើឲ្យមានការជជែកដេញដោលបន្ទាន់ ស្ដីពី «ការការពារកុមារ និងស្ថាប័នអប់រំ នៅក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ» អាចធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ការជជែកពិភាក្សានេះ ដែលស្នើឡើងដោយអ៊ីរ៉ង់ ចិន និងគុយបា សំដៅយ៉ាងច្បាស់ទៅលើការវាយប្រហារតាមអាកាសលើសាលារៀនមួយកន្លែង នៅភាគខាងត្បូងទីក្រុង Minab នៅថ្ងៃដំបូងនៃសង្គ្រាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាហេតុការណ៍ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦៥នាក់ ភាគច្រើនជាកុមារ។យោងតាមការរកឃើញបឋមនៃការស៊ើបអង្កេតយោធាអាមេរិក ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន The New York Times បានបង្ហាញថា មីស៊ីលតម្រង់គោលដៅ Tomahawk របស់សហរដ្ឋអាមេរិក បានវាយប្រហារចំសាលារៀន ដោយសារតែកំហុសឆ្គង ក្នុងការកំណត់គោលដៅ។លោក Suryodipuro បានធ្វើសេចក្តីប្រកាសរបស់លោក អំឡុងការចាប់ផ្តើមនៃការជជែកពិភាក្សាបន្ទាន់ដ៏កម្រមួយទៀត នៅឯក្រុមប្រឹក្សាដែលផ្តោតលើសង្គ្រាមមជ្ឈិមបូព៌ា។ការជជែកដេញដោលកំពុងបន្តមាន ដែលត្រូវបានស្នើឡើងដោយបារ៉ែន តាងនាមឲ្យប្រទេសចំនួន ៦ នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងហ្ស៊កដានី គឺផ្តោតតែលើការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសនានា នៅទូទាំងតំបន់ឈូងសមុទ្រ និងផលប៉ះពាល់ពីការវាយប្រហារទៅលើជនស៊ីវិល៕

អេស្តូនី និងឡាតវី រាយការណ៍ពីការឈ្លានពានយានដ្រូនចេញពីដែនអាកាសរុស្ស៊ី

2026/03/25 06:59:12 pm        72
ប្រទេសអេស្តូនី និងឡាតវី បានរាយការណ៍ថា យានដ្រូនបានហោះចូលក្នុងដែនអាកាសរបស់ពួកគេចេញពីប្រទេសជិតខាងរុស្ស៊ី បង្កឲ្យមានក្តីបារម្ភពីជម្លោះរាលដាលក្នុងតំបន់ពីសង្រ្គាមអ៊ុយក្រែន ។សេវាសន្តិសុខផ្ទៃក្នុងរបស់អេស្តូនី និយាយនៅថ្ងៃពុធនេះថា យានដ្រូនមួយគ្រឿង បានហោះចេញពីដែនអាកាសរុស្ស៊ី វាយប្រហារបំពង់ផ្សែងស្ថានីយថាមពលនៅភូមិ Auvere ហើយឧបទ្ទេវហេតុនេះ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ ។រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Margus Tsahkna និយាយថា យានដ្រូននេះ ពុំមានគោលដៅលើអេស្តូនីនោះទេ ប៉ុន្តែលោកចាត់ទុកការឈ្លានពាននេះ ថាជាផលវិបាកដ៏គ្រោះថ្នាក់មួយនៃសង្រ្គាមពេញបន្ទុករបស់រុស្ស៊ីនៅអ៊ុយក្រែន ។នៅថ្ងៃតែមួយនោះដែរ កងទ័ពអាកាសឡាតវី និយាយថា ពួកគេបានប្រទះឃើញយានគ្មានមនុស្សបើកមួយគ្រឿងបានហោះចូលដែនអាកាសរបស់ខ្លួន ចេញពីរុស្ស៊ី ហើយនិងបានធ្លាក់នៅតំបន់ភាគអាគ្នេយ៍ Kraslava ដោយពុំបណ្តាលឲ្យមានគ្រោះថ្នាក់នោះឡើយ ឬធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។នាយករដ្ឋមន្រ្តីឡាតវីលោកស្រី Evika Silina និយាយថា គ្មានការចង្អុរបង្ហាញថា យានដ្រូននេះអាចជារបស់អ៊ុយក្រែននោះទេ ហើយការស៊ើបអង្កេតកំពុងធ្វើឡើង ។ ខណៈពេលនោះដែរ រដ្ឋមន្រ្តីការពារជាតិឡាតវីលោកស្រី Andris Spruds ដែលកំពុងបំពេញទស្សនកិច្ចការងារនៅអ៊ុយក្រែន និយាយថា លោកនឹងកាត់បន្ថយដំណើរទស្សនកិច្ចរបស់លោក ហើយនិងវិលត្រឡប់មកកាន់ប្រទេសវិញ ដោយសារឧបទ្ទេវហេតយានដ្រូននេះ ៕

កងទ័ពអ៊ីរ៉ង់អះអាងពីការវាយប្រហារដោយមីស៊ីល លើនាវាផ្ទុកយន្តហោះ USS Abraham Lincoln

2026/03/25 06:54:01 pm        174
នៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា កងទ័ពអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដោយប្រើប្រាស់មីស៊ីលតម្រង់គោលឆ្នេរសមុទ្រ។ប្រព័ន្ធផ្សព្វផ្សាយ Press TV បានចេញផ្សាយវីដេអូមួយដែលបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ បានបាញ់មីស៊ីលទៅនាវាផ្ទុកយន្តហោះអាមេរិក ខណៈដែលទីភ្នាក់ងារសារព័ត៌មាន IRNA គ្រប់គ្រងដោយរដ្ឋ បានដកស្រង់សម្តីមន្ត្រីកងទ័ពជើងទឹកដែលពណ៌នាអំពីប្រតិបត្តិការនេះ។យោងតាមសារព័ត៌មាន IRNA បានឲ្យដឹងថា មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោកឧត្តមនាវីទោ Shahram Irani បាននិយាយថា ការបម្លាស់ទីនៃនាវាផ្ទុកយន្តហោះរបស់ «សត្រូវ» គឺ Abraham Lincoln កំពុងស្ថិតក្រោមការតាមដានឥតដាច់ ហើយនឹងត្រូវបានកំណត់គោលដៅ នៅពេលដែលវាចូលទៅក្នុងរង្វង់ចម្ងាយនៃប្រព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់។ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា មីស៊ីលតម្រង់គោលដៅដែលមានសមត្ថភាពវាយប្រហារគោលដៅឆ្នេរសមុទ្រ ត្រូវបានបាញ់ឆ្ពោះទៅនាវាផ្ទុកយន្តហោះអាមេរិក ដោយបង្ខំឲ្យវាផ្លាស់ប្តូរទីតាំង។ មិនមានការបញ្ជាក់អះអាងពីសហរដ្ឋអាមេរិកនោះទេ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងតិចជាង ១.៣៤០នាក់ ក្នុងនោះរួមទាំងមេដឹកនាំកំពូល លោក Ali Khamenei ផងដែរ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល រួមជាមួយប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសឈូងសមុទ្រដែលធ្វើជាទីតាំងនៃធនធានយោធាអាមេរិក ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែលរំខានដល់ទីផ្សារសកល និងអាកាសចរណ៍៕

លោក Orban៖ ហុងគ្រីនឹងរារាំងលំហូរឧស្ម័នទៅអ៊ុយក្រែន រហូតដល់លំហូរប្រេងតាមបំពង់ Druzhba មានឡើងវិញ

2026/03/25 06:53:02 pm        72
លោកនាយករដ្ឋមន្ត្រី Viktor Orban បាននិយាយនៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះថា ប្រទេសហុងគ្រីនឹងបញ្ឈប់ការបញ្ជូនឧស្ម័នធម្មជាតិទៅកាន់អ៊ុយក្រែនបន្តិចម្តងៗ រហូតដល់លំហូរប្រេងឆៅ តាមបំពង់បង្ហូរ Druzhba ចាប់ផ្ដើមមានឡើងវិញ ជាការសម្រេចដែលធ្វើឲ្យមានការប្រឈមមុខដាក់គ្នាខ្លាំងឡើងៗ ជាមួយទីក្រុងគីវ ជុំវិញការផ្គត់ផ្គង់ថាមពលដែលត្រូវបានរំខានដោយសង្គ្រាម។ហុងគ្រី និងស្លូវ៉ាគី ដែលមេដឹកនាំរបស់ប្រទេសទាំង២ គឺជាអ្នកដើរបញ្ច្រាសពីសមាជិកសហភាពអឺរ៉ុប (EU) ភាគច្រើន ដោយការបន្តរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូ បានដាក់ការទទួលខុសត្រូវទៅលើទីក្រុងគីវ ចំពោះការធ្វើឲ្យលែងមានដំណើរការ ចំពោះបំពង់បង្ហូរប្រេង Druzhba ដែលផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេងរបស់ពួកគេ ជាមួយនឹងប្រេងឆៅរបស់រុស្ស៊ីដែលឆ្លងកាត់អ៊ុយក្រែន។តែទីក្រុងគីវ ប្រាប់ថា បំពង់បង្ហូរប្រេងនេះ ត្រូវបានខូចខាតដោយសារការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី កាលពីចុងខែមករា ហើយខ្លួនកំពុងជួសជុលវាឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។តាមរយៈវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Facebook លោក Orban បានប្រាប់ថា៖ «យើងកំពុងបញ្ឈប់ការបញ្ជូនឧស្ម័នបន្តិចម្តងៗពីប្រទេសហុងគ្រីទៅកាន់អ៊ុយក្រែន ហើយនឹងរក្សាទុកឧស្ម័នដែលនៅតែនៅជាមួយយើង ក្នុងប្រទេសហុងគ្រី»។យោងតាមទិន្នន័យនៅលើគេហទំព័ររបស់ប្រតិបត្តិករបំពង់បង្ហូរប្រេងហុងគ្រី FGSZ បានបង្ហាញថា ការបញ្ជូនឧស្ម័នកំពុងបន្តមានទៅកាន់អ៊ុយក្រែន នាព្រឹកថ្ងៃពុធនេះ។ក្រុមហ៊ុនថាមពលរដ្ឋ Naftogaz របស់អ៊ុយក្រែន និងក្រសួងថាមពលរបស់អ៊ុយក្រែន មិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានឡើយ៕

ចិនថាខ្លួនធ្វើការមិនចេះនឿយហត់ ដើម្បីសន្តិភាព ក្រោយលោក Wang ជួបគ្នាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់

2026/03/25 06:51:00 pm        66
ក្រសួងការបរទេសចិននិយាយនៅថ្ងៃពុធនេះថា ចិនបាននឹងកំពុងធ្វើការដោយគ្មានការនឿយហត់ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ហើយនិងបន្តជំរុញឲ្យមានការជជែកគ្នា បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ជួបគ្នាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Abbas Araqchi ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយថា លោក Wang បានបញ្ជាក់ឡើងវិញទស្សនៈរបស់ចិនថា បញ្ហាក្តៅក្នុងតំបន់ គួរតែដោះស្រាយគ្នាតាមរយៈកិច្ចសន្ទនា និងកិច្ចចរចា ជាជាងដោយប្រើកម្លាំង ហើយការជជែកគ្នា គឺល្អជាងការច្បាំងគ្នា ។លោក Lin បន្តថា ការរក្សាសន្តិភាព ស្ថិរភាព និងផ្លូវទឹកសុវត្ថិភាពនៅតំបន់មជ្ឈិមបូព៌ា គឺស្ថិតក្នុងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ។ ចិននៅតែរក្សាទំនាក់ទំនងជាមួយភាគីទាំងអស់ ហើយនិងប្តេជ្ញាចិត្តបន្ធូរបន្ថយភាពតានតឹង ។ លោកនិយាយទៀតថា ការងារបន្ទាន់ គឺភាគីទាំងអស់ ត្រូវទទួលយកការទទួលខុសត្រូវរបស់ពួកគេ បញ្ឈប់ជាបន្ទាន់ប្រតិបត្តិការយោធា រារាំងការកើនឡើងភាពតានតឹងបន្ថែមទៀត ហើយចៀសវាងផលប៉ះពាល់អវិជ្ជមានលើការអភិវឌ្ឍសេដ្ឋកិច្ចសកល បណ្តាលមកពីអស្ថិរភាព ។យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក Araqchi បានឆ្លើយតបវិញដោយនិយាយថា ក្តីរំពឹងទុកខ្លាំងបំផុតរបស់អ៊ីរ៉ង់ពីរដ្ឋសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសចិន និងរុស្ស៊ី ត្រូវរារាំងសហរដ្ឋអាមេរិកពីការបន្តបំពានក្រុមប្រឹក្សាតាមរយៈប្រកាន់ភ្ជាប់គោលជំហរមុតមាំ ក្នុងការថ្កោលទោសការឈ្លានពានរបស់សហរដ្ឋអាមេរិក និងរបបហ្សាអឺនអ៊ីស្រាអែល ៕

រុស្ស៊ីបញ្ជាក់ថា ខ្លួននៅតែទាក់ទងជាមួយអាមេរិក ជុំវិញការដោះស្រាយជម្លោះ នៅអ៊ុយក្រែន

2026/03/25 06:48:32 pm        69
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីនៅតែទាក់ទងជាមួយសហរដ្ឋអាមេរិក ជុំវិញការស្វែងលទ្ធភាពដែលអាចដោះស្រាយជម្លោះ នៅអ៊ុយក្រែន ហើយសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន។លោក Peskov បាននិយាយថា៖ «ទីក្រុងមូស្គូបន្តរក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក តាមរយៈបណ្តាញដែលមានស្រាប់។ យើងកំពុងទទួលការធ្វើបច្ចុប្បន្នភាពថ្មីៗ អំពីស្ថានភាព។ យើងស្វាគមន៍ ចំពោះកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់ភាគីអាមេរិក ក្នុងការបង្កើតលក្ខខណ្ឌចាំបាច់ ដើម្បីឈានដល់ការដោះស្រាយនៅក្នុងបញ្ហាអ៊ុយក្រែន»។ លោកបានបន្ថែមថា រុស្ស៊ីនៅតែបើកចំហ សម្រាប់ការសន្ទនា។ ដោយដកស្រង់ប្រភពនានា សារព័ត៌មាន Vedomosti បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា គណៈប្រតិភូសមាជិកសភារុស្ស៊ី មកពីរដ្ឋសភា Duma ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចសហរដ្ឋអាមេរិកនាពេលខាងមុខដ៏ខ្លីនេះ។ដោយធ្វើការអត្ថាធិប្បាយលើរបាយការណ៍នោះ លោក Peskov បានបញ្ជាក់ថា វិមានក្រឹមឡាំងស្វាគមន៍គ្រប់ទម្រង់នៃការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន ហើយប្រសិនបើដំណើរទស្សនកិច្ចនេះកើតឡើងមែននោះ វានឹងស្ថិតនៅក្នុងផលប្រយោជន៍របស់ប្រទេសទាំង២៕

ពលរដ្ឋហ្កាហ្សានិយាយថា ការហក់ឡើងតម្លៃទំនិញនាំឲ្យពួកគេពឹងផ្អែកលើផ្ទះបាយស៊ុប

2026/03/25 06:45:46 pm        57
អ្នកស្រី Rania Abu Rida គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនម្នាក់ និយាយថា តម្លៃទំនិញច្ចុប្បន្ន បានហក់ឡើងខ្ពស់ ធ្វើឲ្យគ្រួសាររបស់គាត់ពឹងផ្អែកលើផ្ទះបាយស៊ុបសម្រាប់អាហាររបស់ពួកគេ ។ស្រ្តីវ័យ ៤៨ឆ្នាំម្នាក់នេះដែលរស់នៅក្នុងសំពត់តង់រហែក ស្ថិតក្នុងទីក្រុង Khan Younis បានរៀបរាប់ពីអាហារថ្ងៃត្រង់ និងពេលដែលកូនស្រីរបស់គាត់សុំសាច់មាន់បរិភោគ ។ អ្នកស្រីថា សាច់មាន់ ១គ.កតម្លៃ ១៥ដុល្លារ ពួកយើងគ្មានលុយទិញនោះទេ ។លោក Hani Abu Qasim គឺជាអ្នកលក់បន្លែមួយរូបនិយាយពីទំនិញរបស់គាត់លក់លើតូបផងដែរ ។ លោកនិយាយថា លោកពិតមានការអៀនខ្មាស់ណាស់ នៅពេលដែលលោកលក់បន្លែថ្លៃបែបនេះ ។អ្នកស្រី Lamis Omran គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនម្នាក់ទៀត និយាយថា ស្របពេលដែលជនប៉ាឡេស្ទីនគ្មានប្រាក់ទិញទំនិញក្នុងផ្សារ ផ្ទះបាយស៊ុបនៅតែជាខ្សែជីវិតសម្រាប់មនុស្សជាច្រើន ។ឈរនៅក្នុងចំណោមជនប៉ាឡេស្ទីនផ្សេងទៀតនៅទីក្រុង Khan Younis រង់ចាំទទួលអាហារ ស្រ្តីវ័យ ២១ឆ្នាំរូបនេះ និយាយថា តម្លៃថ្លៃមិនអាចឲ្យគ្រួសារគាត់ទិញអ្វីបានទេ ហើយពួកយើងរង់ចាំនៅផ្ទះបាយស៊ុបបែបនេះ ដើម្បីឲ្យពួកយើងអាចចំអែតក្រពះរបស់ពួកយើងបាន ។ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានិយាយថា តម្លៃទំនិញចំាបាច់ បានហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសារការរឹតត្បិតរបស់អ៊ីស្រាអែល ការខ្សត់ខ្សោយទំនិញមួយចំនួន រួមទំាងប្រេងឥន្ធនៈ ស្របពេលសង្រ្គាមកំពុងបន្តនៅអ៊ីរ៉ង់ ៕

រដ្ឋឈូងសមុទ្រនិយាយប្រាប់ UN ថា ការវាយប្រហាររបស់អ៊ីរ៉ង់ គឺជាការគំរាមអត្ថិភាព

2026/03/25 06:44:39 pm        47
បណ្តារដ្ឋក្នុងតំបន់ឈូងសមុទ្រ និយាយប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)ថា ពួកគេប្រឈមនឹងការគំរាមកំហែងអត្ថិភាពពីអ៊ីរ៉ង់ ស្របពេលដែលពួកគេថ្កោលទោសកាវាយប្រហាររបស់អ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ដែលប្រធានក្រុមសិទ្ធិមនុស្ស UNនិយាយថា អាចបង្កជាឧក្រិដ្ឋកម្មសង្រ្គាម ។ សង្រ្គាមរយៈពេលជិត ១ខែរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បង្កឲ្យមានការសងសឹកយ៉ាងចាស់ដៃពីអ៊ីរ៉ង់ ជាមួយនឹងការប្រើប្រាស់យានដ្រូន និងមីស៊ីលវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិលនៅតាមបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដោយបានសម្លាប់ជនស៊ីវិល និងធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ។លោក Naser Abdullah H. M. Alhayen គឺជាឯកអគ្គរដ្ឋទូតគូវ៉ែតនិយាយប្រាប់ក្រុមប្រឹក្សាមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះថា ពួកយើងមើលឃើញការគំរាមកំហែងអត្ថិភាពចំពោះសន្តិសុខអន្តរជាតិ និងក្នុងតំបន់ ។ វិធីសាស្រ្តឈ្លានពាននេះ កំពុងធ្វើឲ្យអន្តរាយដល់អធិបតេយ្យភាព និងច្បាប់អន្តរជាតិ ។បណ្តារដ្ឋផ្សេងទៀតនៅតំបន់ឈូងសមុទ្រ បានបរិហារសកម្មភាពរបស់អ៊ីរ៉ង់ផងដែរ ដោយពួកគេនិយាយថា វាជាការផ្សព្វផ្សាយភេរវកម្ម ។ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បាននិយាយការពារសកម្មភាពរបស់ខ្លួន ដោយពួកគេនិយាយថា ជនស៊ីវិលជាង ១.៥០០នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល មកទល់នឹងពេលនេះ ។លោក Ali Bahreini គឺជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅ UN ក្នុងទីក្រុងហ្សឺណែវ និយាយថា ទំនួលខុសត្រូវចំពោះការវាយប្រហារទាំងនេះ មិនមែនត្រឹមតែជាអ្នកបើកការវាយប្រហារប៉ុណ្ណោះទេ ប៉ុន្តែអ្នកដែលជួយគាំទ្រ និងជំរុញឲ្យមានការវាយប្រហារទំាងនេះផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM