ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង

ព័ត៌មានអន្តរជាតិ

អាមេរិក៖ កិច្ចប្រឹងប្រែងផ្តល់ជំនួយ នៅហ្កាហ្សា មិនគ្រប់គ្រាន់ ខណៈត្រូវធ្វើ «ដំណើរលើផ្លូវវែងឆ្ងាយ»

2026/03/25 06:43:28 pm        71
កាលពីថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) សហរដ្ឋអាមេរិកបានទទួលស្គាល់ថា កិច្ចប្រឹងប្រែងមនុស្សធម៌ នៅតំបន់ហ្កាហ្សា នៅតែមិនទាន់គ្រប់គ្រាន់ ខណៈពេលដែលព្រមានថា គម្លាតធំ ក្នុងការបានប្រើប្រាស់ជំនួយនៅតែបន្តមាន។ បេសកជនអាមេរិក លោក Mike Waltz បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ពិតណាស់ ការងារបន្ថែមទៀត គឺត្រូវការចាំបាច់។ យើងមានផ្លូវដ៏វែងឆ្ងាយដែលត្រូវធ្វើដំណើរ» ទោះបីជាលោកបានលើកឡើងពីអ្វីដែលលោកបានពិពណ៌នាថា ជាវឌ្ឍនភាពដ៏មានអត្ថន័យក្នុងដំណើរការផ្តល់ជំនួយក៏ដោយ។លោកបាននិយាយថា «អ្នកដែលរស់នៅក្នុងតំបន់នេះ ត្រូវការលំនៅឋានដែលមានភាពរឹងមាំ និងអនាម័យជាងមុន និងសេវាសុខភាព» ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុង «ធ្វើការជារៀងរាល់ថ្ងៃជាមួយសមភាគីអ៊ីស្រាអែលរបស់យើង និងដៃគូផ្សេងទៀត នៅទូទាំងស្ថាប័ននេះ ដើម្បីពង្រឹងលទ្ធភាពចូលនៃជំនួយមនុស្សធម៌ និងខាងក្នុងតំបន់ហ្កាហ្សា»។  លោក Waltz បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក រួមជាមួយដៃគូរបស់ខ្លួន «បានជួយឲ្យរថយន្តដឹកទំនិញមនុស្សធម៌ និងទំនិញសំខាន់ៗផ្សេងទៀតជាង ៤.០០០គ្រឿង ចូលជារៀងរាល់សប្តាហ៍ ក្នុងរយៈពេល ១៦សប្តាហ៍កន្លងមកនេះ» ប៉ុន្តែបានទទួលស្គាល់ថា «ចំនួនទាំងនោះបានថយចុះថ្មីៗនេះ»។ដោយចង្អុលបង្ហាញពីកិច្ចប្រឹងប្រែងកសាងឡើងវិញរយៈពេលវែង លោក Waltz បានសង្កត់ធ្ងន់ថា គោលបំណង គឺដើម្បីផ្លាស់ប្តូរ «តំបន់ហ្កាហ្សាឲ្យគេចផុតពីការពឹងផ្អែក ១០០ភាគរយ លើជំនួយ» ដោយអះអាងថា «តំបន់ហ្កាហ្សាអាចក្លាយជាគោលដៅ សម្រាប់ការវិនិយោគ និងកំណើនពិតប្រាកដ ហើយផ្លាស់ប្តូរវប្បធម៌នៃការពឹងផ្អែកនេះ និងការពឹងផ្អែកទាំងស្រុងលើជំនួយមនុស្សធម៌ដែលតំបន់នេះកំពុងជួបប្រទះ»។ លោកបានលើកឡើងពីការសន្យាផ្ដល់ «ការគាំទ្រជាទឹកប្រាក់ជាង ៧ពាន់លានដុល្លារ» ពីរដ្ឋក្នុងតំបន់ជាច្រើន ដោយពិពណ៌នាអំពីការចូលរួមវិភាគទាននេះថា ជា «ការប្រឹងប្រែងពិតប្រាកដ ការផ្ដល់ទឹកប្រាក់ពិតប្រាកដ»។ ការទទួលស្គាល់ពីការផ្ដល់ជំនួយមិនគ្រប់គ្រាន់នេះ កើតឡើងនៅពេលដែលតំបន់ហ្កាហ្សាប្រឈនឹងគ្រោះមហន្តរាយមនុស្សធម៌ បន្ទាប់ពីមានសង្គ្រាមរបស់អ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧២.០០០នាក់ បណ្ដាលឲ្យរបួស ១៧២.០០០នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ៩០ភាគរយ៕

នាយករដ្ឋមន្រ្តីអេស្ប៉ាញ៖ អ៊ីស្រាអែលចង់បំផ្លាញលីបង់ឲ្យដូចជាតំបន់ហ្កាហ្សាស្រ្ទីប

2026/03/25 06:41:25 pm        74
នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez និយាយប្រាប់ក្រុមតំណាងរាស្រ្តនៅថ្ងៃពុធនេះថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលោក Benjamin Netanyahu ព្យាយាមបំផ្លាញលីបង់ឲ្យដូចជាពេលដែលកងកម្លាំងអ៊ីស្រាអែលបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីប ។លោក Sanchez ដែលឡើងសភាជាន់ទាប ដើម្បីពន្យល់ពីគោលជំហររដ្ឋាភិបាលរបស់លោកប្រឆាំងនឹងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នោះ និយាយថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រឹងរូសជាងអ្នកឡើងតំណែងមុនរបស់លោកទៅទៀត ។លោកថា លោក Mojtaba Khamenei គឺជាមេដឹកនាំផ្តាច់ការដូចជាឪពុករបស់លោកដែរ ហើយថែមទាំងស្រេកឃ្លានឈាមជាងឪពុករបស់លោកទៅទៀត ។លោក Sanchez និយាយទៀតថា នៅអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់ ពួកគេបានផ្លាស់ប្តូរលោក Khamenei ម្នាក់ ទៅជាលោក Khamenei ម្នាក់ទៀត ដែលថែមទាំងអាក្រក់ជាងមុន ពីព្រោះថា លោក Mojtaba Khamenei គឺជាមេដឹកនាំផ្តាច់ការម្នាក់ ។ លើសពីនេះទៅទៀត មិនដូចជាឪពុករបស់លោកនោះទេ លោកគាំទ្រអ៊ីរ៉ង់ឲ្យផលិតអាវុធនុយក្លេអ៊ែរ ។សូមបញ្ជាក់ថា លោក Mojtaba ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់ ដើម្បីឲ្យស្នងតំណែងពីឪពុករបស់លោក ក្នុងនាមជាមេដឹកនាំកំពូល ជាសញ្ញាមួយដែលបង្ហាញថា ក្រុមមាននយោបាយរឹងត្អឹងនៅតែបន្តកាន់អំណាចយ៉ាងរឹងមាំដដែល ។ស្ថាប័នសាសនាបានតែងតាំងបព្វជិតវ័យ ៥៦ឆ្នាំរូបនេះ ដែលបានរួចជីវិតពីសង្គ្រាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ជាអ្នកស្នងតំណែងពីឪពុករបស់លោក ក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីលោក Ali Khamenei ត្រូវបានសម្លាប់អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ៕

ការវាយប្រហារតាមច្រកអាកាសសម្លាប់យុទ្ធជន ៧នាក់នៅខេត្ត Anbar របស់អ៊ីរ៉ាក់

2026/03/25 06:39:16 pm        53
យោងតាមការអះអាងរបស់ក្រសួងការពារជាតិអ៊ីរ៉ាក់ បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសលើមូលដ្ឋានយោធានៅខេត្តភាគខាងលិច Anbar របស់អ៊ីរ៉ាក់ បានសម្លាប់យុទ្ធជន ៧នាក់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួស ។ក្រសួងនិយាយថា ការវាយប្រហារនៅថ្ងៃពុធនេះមានគោលដៅលើគ្លីនិកសុខភាពយោធា ស្ថិតក្នុងមូលដ្ឋានទ័ពនៅទីក្រុង Habbaniyah ។ ពួកគេចាត់ទុកការវាយប្រហារនេះថា ជាឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានបំពានក្រម និងច្បាប់អន្តរជាតិ ។ប្រភពនគរបាលអ៊ីរ៉ាក់ និយាយប្រាប់កាសែត Al Jazeera ថា ការវាយប្រហារនេះមានគោលដៅលើលើទីតាំងមួយរបស់កងកម្លាំងចល័តអ៊ីរ៉ាក់ PMF ដែលស្ថិតក្រោមចំណុះអ៊ីរ៉ង់ ។ខណៈពេលនោះដែរ ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ បានអនុញ្ញាតឲ្យក្រុមឆ័ត្រអ៊ីរ៉ាក់ដែលជាក្រុមជីវពលស៊ីអ៊ីតគាំទ្រអ៊ីរ៉ង់ អនុវត្តសិទិ្ធការពារខ្លួន ហើយឆ្លើយតបនឹងការវាយប្រហារណាមួយដែលមានគោលដៅលើទីតាំងឈរជើងរបស់ពួកគេ ។លោក Sabah al-Numan គឺជាអ្នកនាំពាក្យយោធាអ៊ីរ៉ាក់ និយាយនៅក្នុងសេកច្តីថ្លែងការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ាក់ នឹងកោះហៅឲ្យចូលខ្លួនបេសកជនសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីតវ៉ានឹងការវាយប្រហារលើទីតាំងរបស់កងកម្លាំងចល័ត PMF នៅតាមបណ្តាខេត្តជាច្រើន ហើយនិងទីស្នាក់ការកណ្តាលកងយុទ្ធជនឃឺដប៉េស្មឺហ្គា នៅទីក្រុង Erbil ៕

មន្ត្រីគណបក្សកាន់អំណាច៖ ទួរគីកំពុងដើរតួនាទីបញ្ជូនសារ រវាងអ៊ីរ៉ង់-អាមេរិក

2026/03/25 06:28:53 pm        97
លោក Harun Armagan អនុប្រធានទទួលបន្ទុកកិច្ចការបរទេសនៃគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Tayyip Erdogan បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃពុធ (ទី២៥ ខែមីនា) នេះថា ទួរគី «កំពុងដើរតួនាទីជាអ្នកបញ្ជូនសារ» រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីជួយជំរុញដល់ការបន្ធូរបន្ថយភាពតានតឹង និងការចរចាដោយផ្ទាល់។លោកមិនបានពន្យល់លម្អិតអំពីខ្លឹមសារនោះឡើយ ប៉ុន្តែបានបញ្ជាក់ថា សារទាំងនោះ ក៏កំពុងត្រូវបានបញ្ជូនទៅកាន់ប្រទេសឈូងសមុទ្រផងដែរ ពោលគឺបណ្ដារដ្ឋដែលជាប់នៅក្នុងសង្គ្រាមកំពុងរីករាលដាលក្នុងតំបន់ ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។នៅថ្ងៃពុធ យោធាអ៊ីរ៉ង់ បានបដិសេធការអះអាងរបស់ប្រធានាធិបតី លោក Donald Trump ដែលថា សហរដ្ឋអាមេរិកកំពុងចរចា ដើម្បីបញ្ចប់សង្គ្រាម។ទួរគីដែលជាសមាជិករបស់អង្គការណាតូ (NATO) បានប្រឹងប្រែងជួយសម្របសម្រួលឲ្យមានការចរចារវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ មុនពេលការវាយប្រហារ បានចាប់ផ្តើមកាលពីជិត ១ខែមុន ហើយបានអំពាវនាវម្តងហើយម្តងទៀតឲ្យបញ្ឈប់អរិភាពជាបន្ទាន់។ លោក Erdogan បាននិយាយថា ខ្លួននឹងបន្តធ្វើការជាមួយធនធានទាំងអស់របស់ខ្លួន ដើម្បីធានាសន្តិភាព។រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បាននិយាយថា ទីក្រុងអង់ការ៉ា កំពុងបញ្ជូនដំបូន្មាន «ប្រកបដោយក្ដីរាប់អាន» ទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីចៀសវាងការពង្រីកសង្គ្រាម ហើយថា លោកក៏បានទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងយល់ពីជំហររបស់ភាគីទាំង ២ ផងដែរ៕

ចិនបញ្ជាក់ថា ខ្លួនមានសិទ្ធិសងសឹកប្រឆាំងនឹងការដំឡើងពន្ធរបស់ម៉ិកស៊ិក

2026/03/25 06:26:10 pm        61
ប្រទេសចិន នៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា វិធានការពាណិជ្ជកម្មរបស់ម៉ិកស៊ិកប្រឆាំងនឹងខ្លួន ក្នុងនោះរួមទាំងការដំឡើងពន្ធផងដែរ បង្កើតជាឧបសគ្គពាណិជ្ជកម្ម និងការវិនិយោគ ហើយខ្លួនមានសិទ្ធិចាត់វិធានការតបតវិញ។នៅក្នុងសេចក្ដីសន្និដ្ឋាននៃការស៊ើបអង្កេត ជុំវិញវិធានការនេះ ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ការដំឡើងពន្ធនាំចូល ប៉ះពាល់ដល់ការនាំចេញរបស់ចិនតម្លៃជាង ៣០ពាន់លានដុល្លារទៅកាន់ម៉ិកស៊ិក ហើយអាចនាំឲ្យមានការខាតបង់ប្រហែល ៩,៤ពាន់លានដុល្លារ សម្រាប់វិស័យមេកានិច និងអគ្គិសនីរបស់ប្រទេសចិន។ជាមួយគ្នានេះ ដោយដកស្រង់ទិន្នន័យគយ និងការប៉ាន់ប្រមាណឧស្សាហកម្ម ក្រសួងបានឲ្យដឹងទៀតថា ការខាតបង់ប្រហែល ៩ពាន់លានដុល្លារទាំងនោះ នឹងធ្លាក់ទៅលើឧស្សាហកម្មរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់ចិន ពីព្រោះម៉ិកស៊ិក គឺជាគោលដៅនាំចេញយានយន្តធំបំផុតរបស់ចិន ក្នុងឆ្នាំ២០២៥។គួរបញ្ជាក់ថា ម៉ិកស៊ិកបានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ការដំឡើងពន្ធខ្ពស់ខ្លាំង ត្រូវបានដាក់លើការនាំចូលពីចិន និងប្រទេសដទៃទៀត ដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយម៉ិកស៊ិក រហូតដល់ ៣៥ភាគរយលើផលិតផលភាគច្រើន។ ចំណាត់ការនេះត្រូវបានអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ង ដើម្បីបំពេញចិត្តសហរដ្ឋអាមេរិក ដែលប្រធានាធិបតីរបស់ប្រទេសនេះ បានដាក់អត្រាពន្ធខ្ពស់លើទំនិញរបស់ចិន។ទីក្រុងប៉េកាំងមិនទាន់បានប្រកាសពីវិធានការតបតវិញនៅឡើយទេ ចំពោះការដំឡើងពន្ធនោះ ប៉ុន្តែក្រសួងពាណិជ្ជកម្ម បានលើកឡើងម្តងហើយម្តងទៀតថា ខ្លួនអាចចាត់វិធានការ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិន៕

លោក Zelenskiy ៖ មានតែសម្ពាធខ្លាំងជាងនេះទេ ទើបអាចបញ្ចុះបញ្ចូលរុស្ស៊ីឲ្យបញ្ចប់សង្រ្គាមបាន

2026/03/25 06:20:57 pm        74
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយក្រោយការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងតូច-ធំរបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារថា មានតែសម្ពាធបន្ថែមមួយគត់ និងការបាត់បង់ច្រើនជាងនេះប៉ុណ្ណោះ ទើបអាចបញ្ចុះបញ្ចូលទីក្រុងមូស្គូឲ្យបញ្ចប់សង្រ្គាមរយៈពេល ៤ឆ្នាំរបស់ពួកគេលើអ៊ុយក្រែនបាន ។លោក Zelenskiy និយាយនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់ថា ទំហំនៃការវាយប្រហារបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីគ្មានបំណងពិតប្រាកដ ក្នុងការបញ្ចប់សង្រ្គាមមួយនេះឡើយ ។លោកថា បើគ្មានសម្ពាធបន្ថែមទៀត និងសម្ពាធខ្លាំងជាងមុនលើរុស្ស៊ីទេនោះ ពួកគេនឹងមិនចាកចេញពីសង្រ្គាមមួយនេះឡើយ ដើម្បីវិលត្រឡប់ទៅរកសន្តិភាពវិញ ។គួរឲ្យដឹងថា ដំណើរការការទូតក្នុងគោលបំណងបញ្ចប់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន បានជាប់គាំងចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់ ដែលទីក្រុងគីវអះអាងថាគ្រាន់តែជាការជំរុញទំនុកចិត្តរបស់រុស្ស៊ី ប៉ុណ្ណោះ។ បន្ទាប់ពីការចរចាត្រីភាគីប៉ុន្មានជុំរវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី ដំណើរការការទូតដែលមានគោលបំណងបញ្ចប់ការវាយលុកទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ ភាគច្រើនជាប់គាំងដោយពុំបានមើលឃើញវឌ្ឍនភាពច្បាស់លាស់ណាមួយឡើយ ។គណៈប្រតិភូទីក្រុងគីវបានវិលត្រឡប់មកពីកិច្ចប្រជុំរយៈពេល ២ថ្ងៃនៅទីក្រុង Miami សហរដ្ឋអាមេរិក ជាមួយនឹងលទ្ធផលជាក់ស្តែងតិចតួច បន្ទាប់ពីអ្វីដែលលោកប្រធានាធិបតី Zelenskyy ហៅថាជាការពិភាក្សាលើ ចំណុចសំខាន់ៗ ឱកាស និងបញ្ហាប្រឈម ៕

តម្លៃប្រេងម៉ាស៊ូតកើនឡើងជាងទ្វេដងនៅវៀតណាម ចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ាផ្ទុះឡើង

2026/03/25 06:16:06 pm        63
យោងតាមតួលេខចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃពុធនេះ បានឲ្យដឹងថា តម្លៃប្រេងម៉ាស៊ូតនៅវៀតណាម បានកើនឡើងជាងទ្វេដង ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ។តួលេខពីក្រសួងបង្ហាញថា តម្លៃប្រេងម៉ាស៊ូតបានហក់ឡើងខ្ពស់កប់ពពកប្រហែល ១០៥ភាគរយ ចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈ រយៈពេល ២ថ្ងៃ មុនសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ ។ រដ្ឋាភិបាលបានដំឡើងតម្លៃប្រេងម៉ាស៊ូត ៣៩.៦៦០ដុង(ស្មើនឹង ១ដុល្លាកន្លះ)ក្នុង ១លីត្រ នៅថ្ងៃពុធនេះ ពោលគឺកើនឡើងពីតម្លៃ ១៩.២៧០ដុង ក្នុង ១លីត្រ កាលពីខែមុន ។ចំណែកឯតម្លៃប្រេងសាំងធម្មតាបានហក់ឡើងខ្ពស់ផងដែរជិត ៦៨ភាគរយ អំឡុងពេលតែមួយពីតម្លៃ ២០.១៥០ដុង ដល់ ៣៣.៨៤០ដុង ក្នុង ១លីត្រ ។ការហក់ឡើងខ្ពស់តម្លៃប្រេង ចាប់តាំងពីការចាប់ផ្តើមជម្លោះ បានធ្វើឲ្យតម្លៃប្រេងសកលកើនឡើង និងបង្កក្តីបារម្ភពីកង្វះខាតប្រេងនៅជុំវិញពិភពលោក ។កាលពីពេលថ្មីៗនេះ វៀតណាម បានស្នើសុំការគាំទ្រប្រេងពីប្រទេសជាច្រើន រួមទាំងកាតា គូវ៉ែត អាល់ហ្សេរី និងជប៉ុន ហើយកាលពីថ្ងៃចន្ទ ពួកគេបានចុះហត្ថលេខាជាមួយរុស្ស៊ី លើការផលិតប្រេង និងឧស្ម័ននៅប្រទេសទាំង ២ ។ដោយឡែក កាលពីថ្ងៃអង្គារម្សិលមិញ ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើសុំឲ្យកាត់បន្ថយពាក់កណ្តាលនូវពន្ធការពារបរិស្ថានលើប្រេងសាំង និងប្រេងម៉ាស៊ូត ៕

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ស្នើសុំឲ្យប្រមុខ IEA បញ្ចេញស្តុកប្រេងបន្ថែមទៀត

2026/03/25 06:11:07 pm        51
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានស្នើឲ្យប្រមុខទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បញ្ចេញស្តុកប្រេងបន្ថែមទៀត នៅពេលដែលថ្នាក់ដឹកនាំទាំង២ បានជួបគ្នានៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះ ខណៈដែលទីក្រុងតូក្យូកំពុងប្រឹងប្រែងទប់ស្កាត់ផលប៉ះពាល់ ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ាដែលអូសបន្លាយ។បន្ទាប់ពីយល់ព្រមបញ្ចេញស្តុកប្រេង ក្នុងបរិមាណច្រើនបំផុត ដោយសម្របសម្រួលជាមួយ IEA ដើម្បីប៉ះប៉ូវការបាត់បង់ការផ្គត់ផ្គង់ នៅមជ្ឈិមបូព៌ា លោកស្រី Takaichi កាលពីថ្ងៃអង្គារ បាននិយាយថា ជប៉ុនក៏នឹងបើកស្តុកប្រេងរួមដែលគ្រប់គ្រងរួមគ្នាដោយប្រទេសផលិតប្រេង នៅក្នុងប្រទេសផងដែរ។នៅប្រទេសអូស្ត្រាលី នាសប្តាហ៍នេះ មុនកិច្ចប្រជុំក្រុមប្រទេសទាំងមានឧស្សាហកម្មលូតលាស់ទាំង៧ លោក Birol បាននិយាយថា IEA កំពុងពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល ទាំងនៅតំបន់អាស៊ី និងអឺរ៉ុប អំពីការបញ្ចេញស្តុកប្រេងបន្ថែមទៀត «ប្រសិនបើចាំបាច់» ខណៈដែលសង្គ្រាមអ៊ីរ៉ង់រំខានដល់លំហូរពីមជ្ឈិមបូព៌ា។តាមរយៈសារ នៅលើបណ្ដាញសង្គម លោកស្រី Takaichi បានលើកឡើងថា៖ «ដើម្បីត្រៀមខ្លួន សម្រាប់លទ្ធភាពដែលស្ថានភាពនឹងអូសបន្លាយ ខ្ញុំបានស្នើឲ្យមានការត្រៀមរៀបចំ សម្រាប់ការបញ្ចេញបន្ថែមទៀតដែលមានការព្រមព្រៀងគ្នា។ «យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ IEA»។នៅទីក្រុងតូក្យូ នាថ្ងៃពុធនេះ លោក Birol បានបញ្ជាក់ថា ការបញ្ចេញប្រេងចំនួន ៤០០លានបារ៉ែលរួមគ្នា ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី១១ ខែមីនា គឺត្រឹមតែ ២០ភាគរយប៉ុណ្ណោះនៃស្តុកប្រេង និងផលិតផលប្រេងកាន់កាប់ដោយប្រទេសប្រើប្រាស់ដែល IEA កំពុងសម្របសម្រួលជាមួយ៕

ហ្វីលីពីននិយាយថា ខ្លួនកំពុងធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីទទួលបានប្រេងពីប្រទេសរងទណ្ឌកម្មអាមេរិក

2026/03/25 06:01:39 pm        64
ស្ថានទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិក និយាយថា ពួកគេកំពុងធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងការលើកលែង និងដកចេញ ដើម្បីឲ្យពួកគេអាចទទួលបានប្រេងពីប្រទេសរងទណ្ឌកម្មសហរដ្ឋអាមេរិក ។ហ្វីលីពីនដែលពឹងផ្អែកខ្លាំងលើប្រេងនាំចូលនោះ កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នថាមពលជាតិ ជាការឆ្លើយតបចំពោះជម្លោះមជ្ឈិមបូព៌ា ហើយនិងអ្វីដែលលោកចាត់ទុកថាជា គ្រោះថ្នាក់ជិតមកដល់សម្រាប់ការផ្គត់ផ្គង់របស់ប្រទេសមួយនេះ ។ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos និយាយថា គណៈកម្មាធិការ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ការផ្គត់ផ្គង់មានសណ្តាប់ធ្លាប់ ការចែកចាយ និងភាពអាចរកបានសម្រាប់ប្រេងឥន្ធនៈ អាហារ ឱសថ ផលិតផលកសិកម្ម និងទំនិញសំខាន់ៗផ្សេងទៀត ។លោក Jose Manuel Romualdez គឺជាឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមសារក្នុងទូរស័ព្ទថា ពួកយើងកំពុងធ្វើការជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការលើកលែង ឬដកចេញ ដើម្បីទិញប្រេងពីបណ្តាប្រទេសរងទណ្ឌកម្មសហរដ្ឋអាមេរិក ។នៅពេលសួរថាតើប្រេងវេណេស៊ុយអេឡា និងអ៊ីរ៉ង់ គឺជាផ្នែកមួយនៃកិច្ចពិភាក្សាឬ? លោក Romualdez និយាយថា ជម្រើសទាំងអស់ ត្រូវបានគិតគូរ ។កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ រដ្ឋមន្រ្តីថាមពលហ្វីលីពីនលោក Sharon Garin និយាយប្រាប់សន្និសីទសារព័ត៌មានថា ហ្វីលីពីនមានសមត្ថភាពផ្គត់ផ្គង់ប្រេងរយៈពេល ៤៥ថ្ងៃ ដោយផ្អែកលើកម្រិតប្រើប្រាស់បច្ចុប្បន្ន ៕

ជីវិតរស់នៅរាល់ថ្ងៃនៅអាស៊ីត្រូវបានផ្លាស់ប្តូដោយសារវិបត្តិប្រេងបង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់

2026/03/25 05:59:03 pm        45
ការបិទដោយប្រសិទ្ធិភាពច្រកសមុទ្រ Hormuz ក្រោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាមរបស់ពួកគេជាមួយអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ បានធ្វើឲ្យកើតមានភាពវឹកវរនៅទូទាំងសកលលោក និងធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃ បានផ្លាស់ប្តូរទាំងស្រុងនៅអាស៊ី ។តម្លៃប្រេងបានហក់ឡើងខ្ពស់ ហើយផ្សារភាគហ៊ុន បានរង្គោះរង្គើ ស្របពេលពិភពលោករង់ចាំមើលថាតើពេលណាទើបអនុញ្ញាតឲ្យច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសម្រាប់ប្រេងសកលឆ្លងកាត់ ២០ភាគរយ បើកឡើងវិញ ។បច្ចុប្បន្ន មាននាវាមួយក្តាប់តូចប៉ុណ្ណោះ បានឆ្លងកាត់ច្រកសមុទ្រមួយនេះរាល់ថ្ងៃ ។ ខណៈពេលនោះដែរ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ បានជំរុញឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ផងដែរ ។គ្មានកន្លែងណាមួយដែលរងផលប៉ះពាល់ដូចនៅអាស៊ីនោះទេ ពីព្រោះថា ជិត ៩០ភាគរយនៃប្រេង និងឧស្ម័នរបស់ពួកគេឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ប្រជាពលរដ្ឋនៅទូទាំងតំបន់អាស៊ីនិយាយថា ផលប៉ហពាល់ពិតជាមានខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។រដ្ឋាភិបាល បានបញ្ជាឲ្យនិយោជិកធ្វើការពីផ្ទះ កាត់បន្ថយសប្តាហ៍ធ្វើការ ប្រកាសថ្ងៃសម្រាកជាតិ និងបិទសាកលវិទ្យាល័យ ឬសាលារៀន ដើម្បីសន្សំសំចៃការផ្គត់ផ្គង់ថាមពលរបស់ពួកគេ ។នៅប្រទេសប៉ាគីស្ថាន ដែលនាំចូលថាមពលប្រហែល ៨០ភាគរយពីតំបន់ឈូងសមុទ្រ ហើយនិងជួបវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ក្រុមអាជ្ញាធរ បានដាក់ចេញវិធានការ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ។ជាការប្រឈមនឹងការធ្លាក់ចុះទុនបម្រុងប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងនេះ ក្រុមមន្រ្តីបាគីស្ថាន បានបិទសាលារៀន ណែនាំឲ្យធ្វើការ ៤ថ្ងៃ ក្នុង ១សប្តាហ៍ សម្រាប់ការិយាល័យរដ្ឋាភិបាល បញ្ជាឲ្យកាត់បន្ថយបុគ្គលិកវិស័យសាធារណៈចំនួនពាក់កណ្តាលឲ្យធ្វើការពីផ្ទះ ហើយនិងកាត់បន្ថយប្រាក់ឧបត្ថម្ភប្រេងឥន្ធនៈដល់ធុរកិច្ចរដ្ឋ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM