អឺរ៉ុប ស្ថិតក្នុងការព្រមានខ្ពស់ ខណៈរលកកម្ដៅខ្លាំង នឹងរំកិលទៅទិសខាងកើត និងខាងត្បូង
សហរដ្ឋអាមេរិក វាយប្រហារលើអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកទំនិញ
ប្រទេសវ៉េណេស៊ុយអេឡា ជួបប្រទះរញ្ជួយដីថ្មីមួយកម្រិត ៤.៩ រ៉ិចទ័រ ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីធំៗ២លើក
ចំនួនអ្នកស្លាប់កើនឡើងដល់ជាង៩0០នាក់ក្នុងរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ខណៈគ្រួសារជាច្រើនអន្ទះសាររង់ចាំព័ត៌មាន

ព័ត៌មានអន្តរជាតិ

ក្រុមនិស្សិតរិះគន់ការបិទកម្មវិធី Telegram របស់ប្រទេសឥណ្ឌា ជុំវិញការក្លែងបន្លំការប្រឡងផ្នែកពេទ្យ

2026/06/18 12:08:28 pm        142
ក្រុមនិស្សិតបានបង្ហាញការព្រួយបារម្ភរបស់ពួកគេចំពោះការបិទកម្មវិធី Telegram បណ្តោះអាសន្នរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ដោយពួកគេបាននិយាយថា ចំណាត់ការនេះដាក់គោលដៅលើវេទិកាមួយជាជាងមូលហេតុជាប្រព័ន្ធនៃការបែកធ្លាយឯកសារដែលកើតឡើងម្តងទៀត។ បទបញ្ជាដែលបានរារាំងកម្មវិធីនេះរហូតដល់ថ្ងៃទី២២ ខែមិថុនា បានចូលជាធរមានកាលពីថ្ងៃអង្គារ ក្នុងបំណងទប់ស្កាត់ជាមុនបណ្តាញដែលអះអាងថាឯកសារប្រឡងចូលផ្នែកពេទ្យថ្នាក់ជាតិ អាចលេចធ្លាយ។ ការប្រឡងកាលពីខែមុនក៏ការចោទប្រកាន់អំពីឯកសារលេចធ្លាយដែលនាំឱ្យមានការលុបចោលបន្ទាប់ពីមនុស្សរាប់លាននាក់បានចូលប្រឡងរួចហើយ។ ស្ថាបនិកកម្មវិធី Telegram លោក Pavel Durov បានសួរអំពីប្រសិទ្ធភាពនៃការហាមឃាត់ក្នុងការបញ្ឈប់ការលេចធ្លាយឯកសារ និងបាននិយាយថា ផ្ទុយទៅវិញវាគឺជាការដាក់ទណ្ឌកម្មសម្រាប់អ្នកប្រើប្រាស់ Telegram នៅក្នុងប្រទេសឥណ្ឌាចំនួន១៥០លាននាក់ ហើយពុំមែនអ្នកនៅខាងក្នុងដែលបានធ្វើឲ្យលេចធ្លាយឯកសារប្រឡងនោះទេ។ ការរារាំងនេះ ធ្វើឱ្យប៉ះពាល់ដល់ការការពាររដ្ឋធម្មនុញ្ញ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ ហើយត្រូវតែលុបចោល នេះបើយោងតាមឯកសារដែលក្រុមហ៊ុនបានដាក់ជូនតុលាការទីក្រុងញូវឌែលី។

អ៊ីស្រាអែល អនុម័តផែនការសាងសង់សាលារៀនសម្រាប់អ្នកតាំងលំនៅឋាននៅតំបន់ West Bank របស់ប៉ាឡេស្ទីន

2026/06/18 11:56:45 am        146
អ៊ីស្រាអែលកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា បានអនុម័តការពង្រីកសាលារៀនជ្វីហ្វសម្រាប់អ្នកតាំងលំនៅឋានដែលកំពុងរស់នៅទីក្រុង Hebron របស់ប៉ាឡេស្ទីនក្នុងតំបន់កាន់កាប់ West Bank ក្នុងការជំរុញការសាងសង់ដែលប៉ាឡេស្ទីននិយាយថា រំលោភលើកិច្ចព្រមព្រៀងដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ។ លោក Bezalel Smotrich រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមរបស់អ៊ីស្រាអែល បានប្រកាសផែនការនេះមួយថ្ងៃបន្ទាប់ពីនិយាយថា លោកបានលុបចោលកិច្ចព្រមព្រៀងមួយដែលផ្តល់ឱ្យក្រុងរបស់ប៉ាឡេស្ទីននូវការគ្រប់គ្រងលើផែនការនិងការសាងសង់មួយចំនួននៅជុំវិញតំបន់ប្រវត្តិសាស្ត្រនៃទីក្រុង Hebron ជាទីតាំងសក្ការៈបូជាដ៏ពិសិដ្ឋ។ តំបន់ហ៊ុមព័ទ្ធនៅជុំវិញរូងភ្នំ ដែលត្រូវបានគោរពដោយប្រជាជនមូស្លីម ជនជាតិជ្វីហ្វ និងគ្រិស្តបរិស័ទ គឺជាទីជម្រករបស់អ្នកតាំងលំនៅជនជាតិជ្វីហ្វជាង ១.០០០ នាក់ដែលរស់នៅក្នុងចំណោមប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ក្រោមការគ្រប់គ្រងសន្តិសុខពេញលេញរបស់អ៊ីស្រាអែល។ ក្រោមកិច្ចព្រមព្រៀងទីក្រុង Hebron ឆ្នាំ ១៩៩៧ កងទ័ពអ៊ីស្រាអែលនៅតែត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នោះ ប៉ុន្តែការសាងសង់ជាទូទៅតម្រូវឱ្យមានការយល់ព្រមពីប៉ាឡេស្ទីន។ លោក Smotrich បាននិយាយថា ការសាងសង់អគារទំហំ ១.០០០ ម៉ែត្រក្រឡាម្រាប់សាលារៀនជ្វីហ្វមួយកន្លែងនៅចំណុចកណ្តាលនៃប្រវត្តិសាស្ត្ររបស់ទីក្រុង Hebron ត្រូវបានអនុម័តរួចហើយ។ ស្ថាប័នអង្គការសហប្រជាជាតិ និងប្រទេសភាគច្រើន ចាត់ទុកការតាំងលំនៅឋានរបស់អ៊ីស្រាអែលនៅក្នុងដែនដីដែលអ៊ីស្រាអែលដណ្តើមយកបានក្នុងសង្គ្រាមឆ្នាំ១៩៦៧ ថាខុសច្បាប់នៅក្រោមច្បាប់អន្តរជាតិ។ ពលរដ្ឋប៉ាឡេស្ទីន ចាត់ទុកការតាំងលំនៅឋានទាំងនោះថាជាឧបសគ្គចម្បងចំពោះសន្តិភាព ដោយដកសិទ្ធដែនដីដែលពួកគេចង់បានសម្រាប់រដ្ឋនាពេលអនាគត។ អ៊ីស្រាអែល ច្រានចោលរឿងនេះ ដោយចាត់ទុកដែនដីនេះជាតំបន់មានជម្លោះ និងបាននិយាយថា វត្តមានរបស់ជនជាតិជ្វីហ្វ មាននៅទីនោះរាប់ពាន់ឆ្នាំមកហើយ។

លោកTrump៖ អយុត្តិធម៌ណាស់សម្រាប់អ៊ីរ៉ង់ក្នុងការខ្វះមីស៊ីលបាលីស្ទីក ប្រសិនបើប្រទេសដទៃទៀតមាន

2026/06/18 11:53:08 am        76
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ថា វានឹងអយុត្តិធម៌សម្រាប់ប្រទេសអ៊ីរ៉ង់ដោយគ្មានមីស៊ីលបាលីស្ទីក ប្រសិនបើប្រទេសដទៃទៀតមានមីស៊ីលទាំងនោះ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉ារីសថា «ខ្ញុំកំពុងនិយាយថា ប្រសិនបើប្រទេសដទៃមានមីស៊ីលទាំងនោះ វាអយុត្តិធម៌បន្តិចសម្រាប់អ៊ីរ៉ង់បើគ្មានមីស៊ីលបាលីស្ទីក»។ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងទុកយោធារបស់ខ្លួននៅឈូងសមុទ្រមួយរយៈ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់ជម្លោះជិតបួនខែរបស់ខ្លួននៅក្នុងតំបន់។ ជាមួយគ្នានេះ លោក Donald Trump កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា បានការពារកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង ដោយនិយាយថា សង្គ្រាមដែលនៅបន្តនៅតំបន់មជ្ឈិមបូព៌ាអាចបណ្តាលឱ្យមានមហន្តរាយសេដ្ឋកិច្ច។ «ដូច្នេះរឿងមួយដែលខ្ញុំមិនចង់ឃើញគឺ ខ្ញុំមិនចង់ឃើញមហន្តរាយសេដ្ឋកិច្ច។ ប្រសិនបើអ្នកបន្តរឿងនេះ មហន្តរាយអាចកើតឡើង»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិយាយថា នាវាអ៊ីរ៉ង់១១គ្រឿង បើកឆ្លងកាត់ការបិទផ្លូវរបស់សហរដ្ឋអាមេរិក

2026/06/18 11:47:00 am        67
ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ រាយការណ៍ថា នាវារបស់អ៊ីរ៉ង់ចំនួន ១១ គ្រឿង បានបើកឆ្លងកាត់ការបិទផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ចាប់តាំងពីទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់ចុងក្រោយឯកសារនៃអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃអាទិត្យ។ ប្រភពព័ត៌មានបានរាយការណ៍ថា នាវាចំនួនប្រាំបីគ្រឿងបានបើកចេញពីដែនទឹករបស់អ៊ីរ៉ង់ទៅកាន់ដែនទឹកអន្តរជាតិ ខណៈនាវាបីគ្រឿង បានចូលទៅក្នុងដែនទឹករបស់អ៊ីរ៉ង់។ យោងតាមសេចក្តីរាយការណ៍ អនុស្សរណៈនៃការយោគយល់នេះ អំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ចប់ការបិទផ្លូវរបស់ខ្លួន ហើយអ៊ីរ៉ង់ត្រូវអនុញ្ញាតឱ្យមានការដឹកជញ្ជូនឆ្លងកាត់ដោយមិនបង់ប្រាក់នៅច្រកសមុទ្រ Hormuz យ៉ាងហោចណាស់៦០ថ្ងៃ។

រុស្ស៊ីវាយប្រហារស្ទើរទូទាំងអ៊ុយក្រែន ខណៈលោក Zelenskyy ពិភាក្សាជាមួយលោក Trump និងអឺរ៉ុបពីកិច្ចព្រមព្រៀងសន្តិភាព

2026/06/18 11:44:05 am        163
ក្រុមអាជ្ញាធរមូលដ្ឋានបាននិយាយនៅថ្ងៃព្រហស្បតិ៍ ១៨មិថុនាសប្ដាហ៍នេះថា រុស្ស៊ីបានវាយប្រហារទីក្រុងគីវដោយមីស៊ីល ខណៈពួកគេបានជំរុញឱ្យប្រជាជនជ្រកកោនកន្លែងមានសុវត្ថិភាពប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Volodymyr Zelenskyy បាននិយាយជាមួយប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុប។ អ្នកមើលឃើញហេតុការណ៍ម្នាក់របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឮសំឡេងផ្ទុះនៅក្នុងទីក្រុងគីវ ខណៈក្រុមអាជ្ញាធរនៃទីក្រុង Sumy ភាគឦសាននៃប្រទេសអ៊ុយក្រែន និយាយថា មនុស្សម្នាក់បានស្លាប់ ក្នុងការវាយប្រហារដោយយានដ្រូន ខណៈការប្រកាសអាសន្នពីការវាយប្រហារតាមអាកាសត្រូវបានចេញសម្រាប់ទឹកដីភាគច្រើនរបស់អ៊ុយក្រែន។ ក្រុមឆ្លើយតបបន្ទាន់បានព្យាយាមពន្លត់អណ្ដាតភ្លើង និងជម្លៀសពលរដ្ឋក្នុងទីក្រុង Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធាទីក្រុងគីវ បាននិយាយលើ Telegram នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា សត្រូវកំពុងវាយប្រហាររដ្ឋធានីដោយមីស៊ីលផ្លោង។សូមស្នាក់នៅកន្លែងសុវត្ថិភាពរហូតដល់ការជូនដំណឹងអំពីការវាយប្រហារតាមអាកាសចប់។ នៅប្រទេសបារាំង លោក Zelenskyy បញ្ជាក់ថា លោកបាននិយាយជាមួយលោក Trump និងប្រធានាធិបតីបារាំង Emmanuel Macron បន្ទាប់ពីបានជួបជាមួយមេដឹកនាំផ្សេងទៀតដែលចូលរួមកិច្ចប្រជុំG7។ លោកបានហៅការពិភាក្សាទាំងនោះថាជា "ការសន្ទនាសម្របសម្រួល" ដើម្បីព្យាយាមបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត។ ការវាយប្រហារលើទីក្រុងគីវនៅពេលនេះ គឺជាការវាយប្រហារតាមអាកាសលើកទីពីរដោយរុស្ស៊ីនៅសប្តាហ៍នេះ។ វិហារសាសនាអាយុកាល១.០០០ឆ្នាំមួយត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃចន្ទក្នុងការវាយប្រហារដ៏ធំមួយដោយរុស្ស៊ីដែលបានសម្លាប់មនុស្ស១០ នាក់ និងរងការថ្កោលទោសពីក្រុមមេដឹកនាំអឺរ៉ុប។ វិមានក្រឹមឡាំងបាននិយាយនៅសប្តាហ៍នេះថា លោកPutin ពុំបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចប្រជុំជាមួយលោក Zelenskyy ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទចុងក្រោយរបស់លោកជាមួយលោក Trump នោះទេ៕

កំហឹងផ្ទុះឡើងនៅអ៊ីស្រាអែល ក្រោយអនុស្សរណៈនៃការយោគយល់រវាងអាមេរិក និងអ៊ីរ៉ង់ ពុំបានផ្តល់គោលដៅណាមួយសម្រាប់សង្គ្រាមរបស់ខ្លួន

2026/06/18 11:31:34 am        139
កំហឹងផ្ទុះឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ដែលមានការខ្វែងគំនិតផ្នែកនយោបាយ និងមនោគមវិជ្ជា អំពីអនុស្សរណៈនៃការយោគយល់(MoU)។ គ្មានអ្វីនៅក្នុងអនុស្សរណៈទេជុំវិញអ្វីដែលអ៊ីស្រាអែលកំពុងស្វះស្វែងពីសង្គ្រាមនេះ ខណៈខ្លួនបានបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យធ្វើសង្គ្រាមនៅអ៊ីរ៉ង់។ អនុស្សរណៈនៃការយោគយល់ មិនដាក់បញ្ចូលការរុះរើសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ឬផលិតមីស៊ីលបាលីស្ទីកនោះទេ។ វាពុំបានដោះស្រាយឲ្យប្រាកដប្រជាទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយក្រុមសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់នោះទេ ហើយសំខាន់បំផុត វាមិនបានផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ឡើយ។ បច្ចុប្បន្ន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវតែថ្លឹងថ្លែងរវាងការមិនធ្វើឱ្យលោក Trump ខកចិត្ត ខណៈមិនពេញចិត្តកាន់តែខ្លាំងចំពោះលោក ដៃគូរបស់លោក និងមតិសាធារណៈអ៊ីស្រាអែល ដែលច្រានចោលការពិភាក្សាណាមួយអំពីការដកកងទ័ពចេញពីប្រទេសលីបង់ និងការពិភាក្សាណាមួយអំពីការបញ្ចប់សង្គ្រាមនៅលីបង់។ ពេលនេះ មានការជជែកដេញដោលអំពីការសម្របសម្រួលដែលអាចធ្វើទៅបាន ដែលអ៊ីស្រាអែល អាចនឹងកាត់បន្ថយវត្តមានកងកម្លាំងរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែពុំបាននិយាយអំពីការដកទ័ពចេញទាំងស្រុងនោះទេ ហើយក៏មិននិយាយអំពីការបញ្ចប់សកម្មភាពទាំងអស់នោះដែរ។

សហរដ្ឋអាមេរិកនិយាយថា អ៊ីរ៉ង់ ព្រមព្រៀងពង្រាវអ៊ុយរ៉ានីញ៉ូម ក្រោមកិច្ចព្រមព្រៀងសន្តិភាព

2026/06/18 10:13:10 am        58
មន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិក បាននិយាយកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ថា អ៊ីរ៉ង់បានព្រមព្រៀងពង្រាវស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយសហរដ្ឋអាមេរិក ខណៈបានចេញផ្សាយអ្វីដែលពួកគេនិយាយថាជាឯកសារនៃកិច្ចព្រមព្រៀង។ មន្ត្រីអាមេរិកម្នាក់ បាននិយាយអំពីបញ្ហានុយក្លេអ៊ែរតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា «ការពិតដែលថាពួកគេកំពុងទទួលស្គាល់ នោះគឺជាជ័យជម្នះដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក»។ កិច្ចព្រមព្រៀងនេះក៏នឹងបើកឡើងវិញច្រកសមុទ្រ Hormuz និងអនុញ្ញាតឱ្យមានការលក់ប្រេងរបស់អ៊ីរ៉ង់។ យោងតាមមន្ត្រីអាមេរិកបានឲ្យដឹងថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀងដោយប្រការបន្ថែម។ ក្រោមឯកសារ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាពិភាក្សាអំពីយន្តការមួយដើម្បីដោះស្រាយស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ ជាចំណុចកណ្តាលនៃការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ទីក្រុងតេអេរ៉ង់ មានបំណងផលិតអាវុធនុយក្លេអ៊ែរ។

លោក Trump អរគុណលោក Xi Jinping និងលោក Putin ចំពោះជំហរអព្យាក្រឹតក្នុងសង្គ្រាមអ៊ីរ៉ង់

2026/06/18 10:10:09 am        61
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ១៧មិថុនាសប្ដាហ៍នេះ បានពណ៌នាអំពីប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា «អព្យាក្រឹត» ក្នុងអំឡុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយនិយាយថា មេដឹកនាំទាំងពីរពុំបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះទេ។ លោក Trump បាននិយាយបន្ទាប់ពីការអនុម័តកិច្ចព្រមព្រៀងឈប់បាញ់ក្នុងជម្លោះថា រូបលោកគ្រាន់តែចង់អរគុណមេដឹកនាំទាំងពីរ ព្រោះពួកគេបានធ្វើឱ្យមានភាពធូរស្រាលកាន់តែប្រសើរឡើង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសន្និសីទក្រុមប្រទេស G7 នៅទីក្រុង Evian-les-Bains ប្រទេសបារាំង លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកថ្លែងអំណរគុណចំពោះមេដឹកនាំទាំងពីរដែលបានឈរនៅឆ្ងាយពីជម្លោះ។ លោក Trump បាននិយាយថា រូបលោកចង់អរគុណប្រទេសចិន លោកប្រធានាធិបតី Xi។ ខ្ញុំនៅជាមួយគាត់ ហើយគាត់នៅតែអព្យាក្រឹត អព្យាក្រឹតទាំងស្រុង ហើយខ្ញុំពេញចិត្តណាស់។ ហើយខ្ញុំចង់អរគុណលោក Vladimir Putin គាត់អព្យាក្រឹតខ្លាំងណាស់។ ពួកគេអាចធ្វើឱ្យវាកាន់តែពិបាកសម្រាប់ពួកលោក។ ការអត្ថាធិប្បាយរបស់លោក Trump គឺផ្ទុយស្រឡះពីសម្ដីរបស់លោកលើសម្ព័ន្ធមិត្តអាមេរិក ចាប់ពីប្រទេសជប៉ុនរហូតដល់អឺរ៉ុប ដែលលោកបានរិះគន់ចំពោះការមិនជួយក្នុងប្រតិបត្តិការយោធា ឬកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីសម្អាតច្រកសមុទ្រ Hormuz ជាផ្លូវសមុទ្រពាណិជ្ជកម្មដែលអ៊ីរ៉ង់បានបិទ។ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងតេអេរ៉ង់។ ប្រទេសរុស្ស៊ីបាននិយាយថា សង្គ្រាមនេះអាចនាំឱ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា៕

ប្រមុខក្រុមហេសបូឡា៖ លីបង់ស្ថិតក្នុងពេលដ៏សំខាន់បន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់

2026/06/18 10:05:58 am        56
លោក Naim Qassem ប្រមុខក្រុមហេសបូឡា កាលពីថ្ងៃពុធបានជំរុញឱ្យអាជ្ញាធរលីបង់ទាញយកប្រយោជន៍ពីពេលវេលាដ៏សំខាន់ បន្ទាប់ពីកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា មុនពេលការចរចារវាងអ៊ីស្រាអែលនិងលីបង់ នៅសប្តាហ៍ក្រោយ។ មន្ត្រីអាមេរិកនិងអ៊ីរ៉ង់ព្រមទាំងអ្នកសម្របសម្រួលប៉ាគីស្ថាន បាននិយាយថាកិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលនិងក្រុមហេសបូឡា បានធ្វើសង្គ្រាមចាប់តាំងពីថ្ងៃទី២ ខែមីនា។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Qassem បានសាទរកិច្ចព្រមព្រៀងនេះថាជា «ជ័យជម្នះដ៏អស្ចារ្យ» សម្រាប់អ៊ីរ៉ង់ ដោយអរគុណដល់អ្នកគាំទ្រក្រុមរបស់លោកចំពោះការភ្ជាប់សង្វៀនប្រទេសលីបង់ ទៅនឹងកិច្ចព្រមព្រៀងនេះនិង បង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់ការឈ្លានពានរបស់ខ្លួននៅលីបង់។ ខណៈអំពើហិង្សាបានថយចុះនៅក្នុងប្រទេសលីបង់បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀង ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់ចាប់តាំងពីពេលនោះមក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានរាយការណ៍ពីការវាយឆ្មក់របស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃពុធ។ យោធាអ៊ីស្រាអែលក៏បាននិយាយផងដែរថា កងទ័ពអាកាសរបស់ខ្លួនបានស្ទាក់ចាប់រ៉ូកែតជាច្រើនគ្រាប់ ដែលបានបាញ់ទៅកាន់ទាហានដែលកំពុងធ្វើប្រតិបត្តិការនៅភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែពុំមានការរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។

លោក Putin ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម

2026/06/18 09:42:07 am        177
លោកប្រធានាធិបតី Vladimir Putin បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កាលពីថ្ងៃពុធ១៧មិថុនាសប្ដាហ៍នេះ ខណៈរុស្ស៊ីកំពុងស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងផ្សេងទៀតជាមួយប្រជាជាតិនៃប្លុកក្នុងតំបន់។ ជំនួបនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជួបជាមួយបណ្ដាមេដឹកនាំ G7 នៅប្រទេសបារាំង។លោក Zelenskyy បាននិយាយកាលពីថ្ងៃពុធថា ពួកលោកបានឯកភាពគ្នាលើការពង្រឹងបន្ថែមនៃការការពារដែនអាកាសរបស់អ៊ុយក្រែន និងវិធានការថ្មីៗប្រឆាំងទីក្រុងមូស្គូ។កិច្ចប្រជុំរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ១៧-១៨មិថុនាសប្ដាហ៍នេះ ដែលកំពុងត្រូវបានធ្វើឡើងនៅទីក្រុងកាហ្សាន(Kazan) ប្រទេសរុស្ស៊ី ត្រូវបានកំណត់ដើម្បីពិចារណាលើវិធីពង្រីក "ភាពជាដៃគូយុទ្ធសាស្ត្រ" របស់រុស្ស៊ីជាមួយប្រជាជាតិអាស៊ាន ដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម នេះបើយោងតាមទីប្រឹក្សាកិច្ចការបរទេសរបស់វិមានក្រឹមឡាំង លោក យូរី យូសាកូវ។ លោកថា ប្លុកក្នុងតំបន់នេះបានរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូជា "ដៃគូសន្ទនា" និងបានចូលរួមជាមួយមន្ត្រីរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ។ កិច្ចប្រជុំកំពូលនៅទីក្រុងកាហ្សាន នៅលើទន្លេវ៉ុលហ្គា (Volga River) គឺជាខួបលើកទី៣៥ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។ក្នុងសារមួយផ្ញើជូនអ្នកចូលរួមក្នុងវេទិកាធុរកិច្ចមួយដែលបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល លោក Putin បាននិយាយថា លោកមានទំនុកចិត្តថា វានឹង «បង្កើតឱកាសថ្មីៗសម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក ខណៈក៏ពង្រឹងការសន្ទនាដោយផ្ទាល់រវាងសហគមន៍ធុរកិច្ចរបស់ពួកលោកងផងដែរ។ លោក Ushakov បាននិយាយថា របៀបវារៈរួមមានការផ្លាស់ប្តូរទស្សនៈលើបញ្ហាសកល និងតំបន់ និងការពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី-អាស៊ាន។ លោកបានសង្កត់ធ្ងន់ថា អ្នកចូលរួមត្រូវបានកំណត់ឱ្យគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដ៏យុត្តិធម៌ និងប្រជាធិបតេយ្យដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អឺរ៉ុប ស្ថិតក្នុងការព្រមានខ្ពស់ ខណៈរលកកម្ដៅខ្លាំង នឹងរំកិលទៅទិសខាងកើត និងខាងត្បូង
06/27/2026 10:06 AM
សហរដ្ឋអាមេរិក វាយប្រហារលើអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកទំនិញ
06/27/2026 09:06 AM
ប្រទេសវ៉េណេស៊ុយអេឡា ជួបប្រទះរញ្ជួយដីថ្មីមួយកម្រិត ៤.៩ រ៉ិចទ័រ ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីធំៗ២លើក
06/27/2026 09:06 AM
ចំនួនអ្នកស្លាប់កើនឡើងដល់ជាង៩0០នាក់ក្នុងរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ខណៈគ្រួសារជាច្រើនអន្ទះសាររង់ចាំព័ត៌មាន
06/27/2026 08:06 AM
ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM