កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ

2026/06/17 06:48:02 pm        41
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ បាននិយាយ​ថា ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី ១គ្រឿង នៅក្បែរ​ទូកកម្សាន្ត ១គ្រឿង នៅក្នុងច្រកសមុទ្រអង់គ្លេស (ផ្លូវ​ទឹក​ខណ្ឌ​ចែក​អង់គ្លេស និង​បារាំង) គឺជា​ការ​ «មិនប្រុងប្រយ័ត្ន» ប៉ុន្តែមិនមែនជា «ការ​គំរាម​កំហែង​» ទេ ដោយ​នេះ​ជា​ភាពតានតឹងចុងក្រោយបំផុត នៅសមុទ្រ រវាងទីក្រុងឡុងដ្រ៍ និងមូស្គូ។ប្រភពពី​ក្រសួង​ការពារជាតិអង់គ្លេស បានប្រាប់សារព័ត៌មាន​ AFP ថា ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងទូកកម្សាន្តចុះបញ្ជីនៅ​ចក្រភពអង់គ្លេស និងនាវាចម្បាំងរុស្ស៊ី Admiral Grigorovich បានកើតឡើងប្រហែល ២០​ម៉ាយល៍ (ប្រមាណ ៣២គីឡូម៉ែត្រ​) នៅ​ភាគខាងត្បូងនៃកោះ Isle of Wight ដែល​មាន​ចម្ងាយ​តែ​បន្តិច​នៃ​ភាគខាងត្បូងដែនទឹកអង់គ្លេស កាលពីថ្ងៃអង្គារ។ក្រសួងការពារជាតិអង់គ្លេស បានឲ្យ​ដឹង​ថា នាវារុស្ស៊ីបានបាញ់ ដើម្បីបញ្ចៀស​ការបុក​គ្នា ដោយប្រភពការពារជាតិបានប្រាប់សារព័ត៌មាន​ AFP ថា នាវាចម្បាំងនេះត្រូវបានគេជឿថា «កំពុងបណ្ដែត​ខ្លួន​យឺត​ៗ មិន​មែន​ធ្វើ​ដំណើរ​ដោយ​កម្លាំងម៉ាស៊ីន​ឡើយ​ ដែលអាចធ្វើឲ្យ​នាវា​នេះ​មានអារម្មណ៍ងាយរងគ្រោះ»។បន្ទាប់ពីមាន​ឧប្បត្តិហេតុនេះ ដែលបានកើតឡើងក្រោយ​កងកុម្ម៉ង់ដូអង់គ្លេស បានស្ទាក់ និងឡើងលើនាវាចម្បាំងសង្ស័យជា​នាវា​ស្រមោលរបេស់​រុស្ស៊ី កាលពី​ថ្ងៃអាទិត្យ នៅក្នុងផ្នែកដូចគ្នានៃច្រកសមុទ្រនេះ​ លោក Starmer បាននិយាយថា៖​ «ខ្ញុំ​គិត​ថា ជា​ការ​ធ្វេស​ប្រហែស»។លោកបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ GB News ថា ប៉ុន្តែការវាយតម្លៃរបស់ក្រសួងការពារជាតិ គឺថា មិន​មាន​អ្វី​ «គំរាម​កំហែង​បន្ថែម​» ទៀត​ទេ​ ពីនាវា​នេះ​។ យ៉ាងណាក្ដី​ លោកបានបន្ថែមថា ហេតុការណ៍​នោះ មិនបានត្រូវ​ «ដកចេញឡើយ ពីអ្វី ដែលថា ច្បាស់​ណាស់ រុស្ស៊ីកំពុងមាន​សកម្ម​ភាព​បង្កហេតុ​នៅ​ទូទាំងអឺរ៉ុប»៕

ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន

2026/06/17 06:45:12 pm        51
ហុងគ្រី បានបើកការស៊ើបអង្កេតផ្ទៃក្នុងលើអាជ្ញាធរពន្ធដារ កងកម្លាំងប្រឆាំងភេរវកម្ម និងទីភ្នាក់ងារផ្សេងទៀតរបស់ខ្លួន ជុំវិញការរឹបអូសការដឹកជញ្ជូនសាច់ប្រាក់ធនាគារអ៊ុយក្រែន ក្រោមរដ្ឋាភិបាលមុន ។ពលរដ្ឋអ៊ុយក្រែន ៧នាក់ដែលដឹកប្រាក់ និងមាសតម្លៃ ៨២លានដុល្លារ តាមរថយន្ត ២គ្រឿង ត្រូវបានឃាត់ខ្លួននៅហុងគ្រីកាលពីខែមីនា ពាក់ព័ន្ធនឹងការសង្ស័យពីការលាងលុយកខ្វក់ អំឡុងពេលរដ្ឋាភិបាលមុនរបស់លោកនាយករដ្ឋមន្រ្តី Viktor Orban គឺជាសម្ព័ន្ធមិត្តមួយរបស់រុស្ស៊ីដែលទាស់ទែងជាមួយទីក្រុងគីវ ។ធនាគារ Oschadbank របស់អ៊ុយក្រែននិយាយថា និយោជិករបស់ខ្លួន បានចូលរួមប្រតិបត្តិការតាមធម្មតា ដែលជាការដឹកជញ្ជូនសាច់ប្រាក់ និងមាសប្រចាំសប្តាហ៍ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ។នៅក្នុងសារបង្ហោះលើ Facebookនាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីហុងគ្រីលោក Peter Magyar ដែលទើបឈ្នះការបោះឆ្នោតកាលពីខែមេសា និយាយថា អគ្គរដ្ឋអាជ្ញា ត្រូវតែលើកឡើងបញ្ហាមួយនេះ ដោយមិនត្រូវបង្អង់យូរជាដាច់ខាត ។សូមបញ្ជាក់ថា លោក Orban បានធ្វើឲ្យមានការសង្ស័យចំពោះការគាំទ្រអ៊ុយក្រែន ក្នុងសង្រ្គាមរបស់ពួកគេជាមួយរុស្ស៊ី ដែលជាចំណុចស្នូលមួយនៃយុទ្ធនាការបោះឆ្នោតរបស់លោក ហើយលោកថែមទាំងប្រើសិទ្ធិវេតូចំពោះទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបទៀតផងលើទីក្រុងមូស្គូ ក៏ដូចជាប្រាក់កម្ចីសម្រាប់ទីក្រុងគីវ ។ហុងគ្រី បានប្រគល់សាច់ប្រាក់ និងមាសទៅឲ្យអ៊ុយក្រែនវិញ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលពិធីស្បថឡើងកាន់តំណែងរបស់លោក Magyar ៕

នាយករដ្ឋមន្ត្រីកាណាដាជំរុញឲ្យ​ធ្វើពិពិធកម្មថាមពលសកល ក្រោយ​មាន​វិបត្តិច្រកសមុទ្រ Hormuz

2026/06/17 06:41:46 pm        44
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅ​ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើពិពិធកម្មថាមពល និងពាណិជ្ជកម្ម ដោយលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរទូទាំងពិភពលោក ដោយសារ​ការបិទច្រកសមុទ្រ Hormuz។ក្នុងអំឡុងពេលមាន​សន្និសីទសារព័ត៌មានមួយ នៅទីក្រុង Evian របស់​ប្រទេសបារាំង នៅខាងក្រៅកិច្ចប្រជុំកំពូលនៃ​មេដឹកនាំក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង៧ (G7) លោក Carney បានប្រាប់អ្នកសារព័ត៌មានថា៖ «មេរៀនមួយនៃការយល់ដឹងស៊ីជម្រៅ គឺការធ្វើពិពិធកម្ម»។លោកបានកត់សម្គាល់ថា «ផ្លូវ​ទឹក​ដ៏​តូចចង្អៀត​» ជាយុទ្ធសាស្ត្រ នៅតំបន់​មជ្ឈិមបូព៌ា ជះ​ឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ទៅលើការ​ចំណាយ​នៃការរស់នៅ ក្នុងនោះ​រួមទាំងតម្លៃប្រេងឥន្ធនៈឡើង​ខ្ពស់ សម្រាប់ពលរដ្ឋកាណាដា។ លោក Carney បានបន្ត​ថា មិនមានការធ្វើពិពិធកម្មគ្រប់គ្រាន់ នៅក្នុងតំបន់នោះទេ ហើយកាណាដា មានសមត្ថភាពធ្វើរឿងជាច្រើន។ជាមួយ​គ្នានេះ លោក​នាយករដ្ឋមន្ត្រីរូប​នេះបានរៀបរាប់លម្អិតអំពីការប្តេជ្ញាចិត្តរបស់ប្រទេសកាណាដា ក្នុងការធ្វើឲ្យ​ទីផ្សារមានស្ថិរភាព ដោយពង្រីកវិសាលភាពថាមពលរបស់ខ្លួន។ លោកបានបញ្ជាក់​ថា ប្រទេសនេះមានគោលបំណងផលិតឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ១៥០​មេហ្គាតោន នៅចុងឆ្នាំនេះ ដើម្បីបំពេញតម្រូវការកើនឡើងពីដៃគូអឺរ៉ុប។លោក Carney បានគូសបញ្ជាក់ពីកិច្ចព្រមព្រៀងទិញយកឧស្ម័នធម្មជាតិរាវ (LNG) ដែលមានស្រាប់ជាមួយអាល្លឺម៉ង់ និងបានកត់សម្គាល់ថា កិច្ចព្រមព្រៀងបន្ថែមទៀតជាមួយប្រទេសអឺរ៉ុប កំពុងត្រូវបានបញ្ចប់​។ លើសពីនេះ ទីក្រុងអូតាវ៉ាកំពុងផ្តោតលើការពង្រីកបំពង់បង្ហូរប្រេង Trans Mountain (TMX) និងផ្លូវថ្មីនាពេល​ខាង​មុខ​ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធានាបាននូវបណ្តាញចែកចាយកាន់តែទូលំទូលាយ​៕

ក្រុមថែរក្សាសន្តិភាព UNIFIL រាយការណ៍ពីការធ្លាក់ចុះអំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសលីបង់

2026/06/17 06:35:30 pm        45
អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)លោក Stephane Dujarric និយាយថា ក្រុមថែរក្សាសន្តិភាព UNIFIL ក្នុងប្រទេសលីបង់ កំពុងបន្តតាមដានអំពើហិង្សា និងការវាយប្រហារគ្នាទៅវិញទៅមក នៅតំបន់ប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែការកើនឡើងភាពតានតឹង បានថមថយច្រើន ចាប់តាំងពីចុងសប្តាហ៍រហូតមក ។ស្របពេលបេសកកម្មមួយនេះ នៅតែរកឃើញការបំពានដែនអាកាសពីសំណាក់អ៊ីស្រាអែល ហើយនិងការវាយប្រហារកាំជ្រួចផ្លោងលើកងកម្លាំងការពារអ៊ីស្រាអែល លោក Dujarric និយាយថា អំពើហិង្សា បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ។លោក Dujarric និយាយថា កងកម្លាំង UNIFIL បានអង្កេតសកម្មភាពជើងគោករបស់អ៊ីស្រាអែល រួមទាំងចលនារបស់រថពាសដែក ភស្តុភារ និងប្រតិបត្តិការរបស់កងវិស្វកម្មអ៊ីស្រាអែលផងដែរ ។ បើទោះបីជាកម្រិតធ្លាក់ចុះនៃអំពើហិង្សាយ៉ាងណាក៏ដោយ ឧបទ្ទេវហេតុនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ជនស៊ីវិល ក្នុងការបំលាស់ទីដោយសុវត្ថិភាព ដើម្បីវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ឬវាយតម្លៃការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេ ។នៅជួរមុខមនុស្សធម៌ កងកម្លាំង UNIFIL បានជួយសម្របសម្រួលបេសកកម្មទៅកាន់ទីក្រុង Tyre និងតំបន់ជុំវិញ ដោយសហការណ៍ជាមួយដៃគូមនុស្សធម៌អង្គការសហប្រជាជាតិ(UN) ។ខណៈពេលនោះដែរ អាជ្ញាធរលីបង់និយាយថា គ្រួសារជម្លៀសខ្លួនមួយចំនួន បានចាប់ផ្តើមចាកចេញពីជំរំសមូហភាពរបស់ពួកគេ បន្ទាប់ពីសេចក្តីប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ៕

មន្ត្រីប៉ាឡេស្ទីន៖ អ្នកតាំងលំនៅអ៊ីស្រាអែលបានដុតបំផ្លាញវិហារឥស្លាមនៅតំបន់វេសបែង

2026/06/17 06:24:53 pm        41
អ្នកតាំងលំនៅអ៊ីស្រាអែលបានដុតវិហារឥស្លាមមួយ នៅក្នុងភូមិមួយនៃតំបន់វេសបែង( West Bank) នៅថ្ងៃពុធនេះ ខណៈដែលអ្នកសារព័ត៌មាន AFP នៅកន្លែងកើតហេតុ បានឃើញសញ្ញានៃការដុត និងការបំផ្លិចបំផ្លាញ។ហេតុការណ៍នេះ កើតឡើង ចំពេលមានការកើនឡើងនៃការវាយប្រហារប្រឆាំងនឹងសហគមន៍ប៉ាឡេស្ទីនដោយអ្នកតាំងលំនៅនៅក្នុងតំបន់វេសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃ សង្គ្រាមហ្កាហ្សា ក្នុងឆ្នាំ ២០២៣។លោក Osama Abdullah ប្រធានក្រុមប្រឹក្សាភូមិ Jiljiliya ភាគខាងជើងនៃទីក្រុងរ៉ាម៉ាឡា បានប្រាប់សារព័ត៌មាន AFP ថា៖«អ្នកតាំងលំនៅបានដុតបន្ទប់ងូតទឹក បណ្តាលឲ្យខូចខាតដល់វិហារឥស្លាមដ៏ធំរបស់ភូមិនេះ និងសរសេរពាក្យស្លោកអរិភាពនៅលើជញ្ជាំងខាងក្រៅ»។យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ AFP ទេ។អ្នកកាសែត AFP ដែលបានទៅពិនិត្យមើលវិហារឥស្លាមនៅថ្ងៃពុធនេះ បានរាយការណ៍ថា ពិដាន ជញ្ជាំង និងកម្រាលឥដ្ឋ បានឡើងខ្មៅដោយសារផ្សែង និងអណ្តាតភ្លើងឆាបឆេះ៕

ការនាំចេញរបស់ជប៉ុន កើនឡើង​ខ្ពស់​បំផុត ក្នុងរយៈពេលជាង ៣ឆ្នាំ ដោយ​សារតម្រូវការបន្ទះឈីប និងរថយន្ត

2026/06/17 06:22:38 pm        40
នៅ​ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ការនាំចេញរបស់ប្រទេសជប៉ុន បានកើនឡើងក្នុងល្បឿនលឿនបំផុតជាលើក​ដំបូង ក្នុងរយៈពេលជាង ៣ឆ្នាំ នៅក្នុងខែឧសភា ដោយ​កំណើន​នេះ​ត្រូវបាន​ជំរុញដោយតម្រូវការខ្ពស់ សម្រាប់បន្ទះឈីប និងរថយន្ត។យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ការនាំចេញបានកើនឡើង ១៧ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នានៃ​ឆ្នាំមុន​ ដោយកើន​ឡើង​យ៉ាង​លឿន​ពីកំណើន​ ១៤,៨ភាគរយ ក្នុងខែមេសា និងលើសពីការព្យរាកររបស់ទីផ្សារ ១៦,២ភាគរយ។ ការកើនឡើងនេះ បានក្លាយ​ជា​កំណើននាំចេញខ្ពស់​បំផុត គិត​ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។ការនាំចេញបន្ទះ​ឈីប បានហក់​ឡើង ៦១,២ភាគរយ ធៀប​ននឹងទឹកប្រាក់​​នៃរយៈពេល​​​ដូចគ្នា​នៃ​ឆ្នាំមុន ដោយ​កំណើន​នេះ​ត្រូវ​បាន​គាំទ្រដោយតម្រូវការសកលជាបន្តបន្ទាប់ ដែលភ្ជាប់ទៅនឹងបញ្ញាសិប្បនិម្មិត (AI)។ រីឯ​ការនាំចេញរថយន្ត បានកើនឡើង ១៦,៤ភាគរយ​។ការនាំចេញទៅប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន បានកើនឡើង ១៧,៩ភាគរយ ខណៈពេលដែលការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ១២,៥ភាគរយ​។ តែ​ការនាំចេញទៅកាន់តំបន់​មជ្ឈិមបូព៌ា បានធ្លាក់ចុះ ៣២ភាគរយ ដោយសារតែការរំខានដល់លំហូរពាណិជ្ជកម្ម ក្នុងតំបន់នេះ ដែលបណ្តាលមកពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់។យ៉ាង​ណាក្ដី ទោះបីជាមាន​នូវ​តួលេខរឹងមាំនេះ​ក៏ដោយ ក៏បរិមាណនាំចេញ បានកើនឡើងត្រឹមតែ ០,៥ភាគរយ​ប៉ុណ្ណោះ ដែលបង្ហាញថា ផ្នែកមួយនៃការកើនឡើងនៃតម្លៃនាំចេញ បានឆ្លុះបញ្ចាំងពីតម្លៃឡើង​ខ្ពស់ និងកម្សោយ​ប្រាក់យ៉េន៕

ប្រតិបត្តិការជួយសង្រ្គោះដ៏គួរភ្ញាក់ផ្អើលកើតឡើង ក្រោយធ្លាក់យន្តហោះខ្នាតតូចនៅរដ្ឋ Texas

2026/06/17 06:19:33 pm        50
យន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់នៅជិតផ្លូវហាយវ៉េ Loop 20 ស្ថិតក្នុងទីក្រុង Laredo រដ្ឋ Texas សហរដ្ឋអាមេរិក ក្នុងនោះជនរងគ្រោះ ត្រូវបានគេទាញចេញពីបំណែកយន្តហោះទាំងរស់ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមជួយសង្រ្គោះបន្ទាន់ ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ។លោក Jose Baeza គឺជាមន្រ្តីស៊ើបអង្កេតមកពីនាយកដ្ឋាននគរបាលក្រុង Laredo និយាយថា ជនរងគ្រោះជាច្រើននាក់ ត្រូវបានទាញចេញពីក្នុងយន្តហោះ បើទោះបីជាស្ថានភាពរបស់ពួកគេពុំត្រូវបានគេដឹងច្បាស់ក៏ដោយ ។ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សម្នាក់ បានស្លាប់ ខណៈដែលមានមនុស្ស ៦នាក់ នៅលើយន្តហោះខ្នាតតូចធ្លាក់មួយគ្រឿងនេះ ។ក្រុមអាជ្ញាធរ បានបិទផ្លូវហាយវ៉េ Loop 20 ទាំង ២ទិស ហើយនិងជំរុញសាធារណជនឲ្យនៅឆ្ងាយពីកន្លែងកើតហេតុ ដោយពួកគេលើកឡើងពីក្តីបារម្ភពីគ្រោះថ្នាក់ រួមទាំងហានិភ័យនៃប្រេងធ្លាយចេញពីយន្តហោះផងដែរ ។ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពីនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Laredo ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីពន្លត់អណ្តាតភ្លើងលើបំណែកយន្តហោះ ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តគិលានសង្រ្គោះជាច្រើនគ្រឿង ត្រូវបានគេមើលឃើញនៅតាមបណ្តាលផ្លូវហាយវ៉ែដែលបានបិទ ។រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយនាយកដ្ឋាននគរបាលក្រុង Laredo ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានបាញ់ទឹកលើបំណែកយន្តហោះ ។លោក Baeza និយាយថា ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ(NTSB) និងទីភ្នាក់ងារសហព័ន្ធផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងបើកការស៊ើបអង្កេតចំពោះមូលហេតុនាំឲ្យយន្តហោះនេះធ្លាក់ ក្នុងនោះក្រុមអាជ្ញាធរ នឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀត ពេលណាដែលព័ត៌មានបន្ថែមទៀត ត្រូវបានបញ្ជាក់ ៕

ទីភ្នាក់ងារជំនួយស្បៀងអាហាររបស់UN ទទួលបានជំនួយឥតសំណងចំនួន ៨០០លានដុល្លារ ពីអាមេរិកបន្ទាប់ពីកាត់បន្ថយថវិកា

2026/06/17 06:16:25 pm        42
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ(WFP)បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានទទួលវិភាគទានចំនួន ៨០០ លានដុល្លារពីសហរដ្ឋអាមេរិក បន្ទាប់ពីការកាត់បន្ថយថវិកាពីមុនពីរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។WFP បាននិយាយថា មូលនិធិទាំងនេះ នឹងជួយពង្រីកជំនួយ និងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិដែលកំពុងកើតឡើង នៅពេលដែលភាពអត់ឃ្លានទូទាំងពិភពលោកស្ថិតក្នុងកម្រិតកំណត់ត្រា ហើយចំនួនមនុស្សដែលប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំនេះ។សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់ WFP ប៉ុន្តែការចូលរួមវិភាគទានរបស់ខ្លួន បានថយចុះជាងពាក់កណ្តាលពីឆ្នាំ ២០២៤ មកត្រឹមប្រហែល ២ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥។WFP បាននិយាយថា មូលនិធិថ្មីនេះ នឹងអនុញ្ញាតឲ្យខ្លួនរៀបចំការផ្គត់ផ្គង់ស្បៀងអាហារជាមុន ពង្រីកកម្មវិធីជំនួយសាច់ប្រាក់ និងរក្សាខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយវិបត្តិដូចជាប្រទេសលីបង់ ហៃទី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

ប្រទេសយេម៉ែនអំពាវនាវដល់ UN ឲ្យចាត់វិធានការតឹងរ៉ឹងជាងមុនលើអ៊ីរ៉ង់ និងការផ្តល់មូលនិធិដល់ក្រុមហ៊ួទី

2026/06/17 06:14:13 pm        50
រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ្កកាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការតឹងរ៉ឹងជាងមុនប្រឆាំងនឹងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហ៊ួទី និងពង្រីកទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងអង្គភាពដែលត្រូវបានចោទប្រកាន់ពីបទបំផ្លាញដំណើរការនយោបាយរបស់ប្រទេសនេះ។ថ្លែងទៅកាន់ក្រុមប្រឹក្សានេះ ឯកអគ្គរដ្ឋទូតយេម៉ែនប្រចាំអង្គការសហប្រជាជាតិ លោក Abdullah Al-Saadi បានជំរុញឲ្យសហគមន៍អន្តរជាតិកាត់ផ្តាច់ប្រភពមូលនិធិ និងអាវុធសម្រាប់ក្រុមហ៊ួទី ដោយពណ៌នាអំពីក្រុមនេះថា កំពុងគំរាមកំហែងកាន់តែខ្លាំងឡើងដល់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ។រដ្ឋាភិបាលបាននិយាយថា ការវិវត្តថ្មីៗបានបង្ហាញថា ជម្លោះយេម៉ែនលែងជាជម្លោះផ្ទៃក្នុងទៀតហើយ ដោយចោទប្រកាន់ក្រុមហ៊ួទីថា បានធ្វើសកម្មភាពជាអាវុធយោធារបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងប្រើប្រាស់ទឹកដីយេម៉ែន ដើម្បីគំរាមកំហែងដល់ប្រទេសជិតខាង និងផ្លូវដឹកជញ្ជូនអន្តរជាតិ។ប្រទេសយេម៉ែនក៏បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខធ្វើបច្ចុប្បន្នភាពបញ្ជីទណ្ឌកម្មរបស់ខ្លួន ដើម្បីរួមបញ្ចូលបុគ្គល និងអង្គភាពដែលត្រូវបានរកឃើញថា កំពុងរារាំងដំណើរការនយោបាយ ឬធ្វើឲ្យខូចស្ថាប័ន រដ្ឋ៕

ចិន​អំពាវនាវ​ឲ្យ​​មាន​សំឡេង​ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូងបន្ថែមទៀត​ ​នៅ UN

2026/06/17 06:11:43 pm        32
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅ​ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា បណ្ដាប្រទេស​កំពុង​លូត​លាស់​ មាន​តំណាងមិនគ្រប់គ្រាន់ នៅអង្គការសហប្រជាជាតិ (UN) ដែលអាជ្ញាធរ​របស់ពួក​គេប្រឈមកាន់តែខ្លាំងឡើងៗ ដោយការកើនឡើងនូវ​ជម្លោះនយោបាយ និងសេដ្ឋកិច្ចទូទាំងពិភពលោក។ការអត្ថាធិប្បាយនេះ បានកើត​ឡើង​នៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយ នៅទីក្រុងប៉េកាំង ដើម្បី​ចេញសៀវភៅសជាផ្លូវការ​ ដែលផ្តល់សំណើនានា​ ដើម្បីធានាឲ្យ​បាន​ថា អភិបាលកិច្ចសកលកាន់​តែ​មានភាពយុត្តិធម៌ និងសមធម៌​​។ ក្នុង​សន្និសីទ​នោះ​ ដោយអំពាវនាវឲ្យ​មានសំឡេងបន្ថែមទៀតពីប្រជា​ជាតិកំពុងអភិវឌ្ឍន៍សកលខាង​ត្បូង (Global South) លោក Wang បាននិយាយថា៖ «ប្រទេសនានា មិនថា តូច ឬធំ ខ្លាំង ឬខ្សោយ អភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍នោះទេ​ គឺជាសុទ្ធ​តែ​សមាជិកដែល​មាន​ភាព​ស្មើៗគ្នានៃសហគមន៍អន្តរជាតិ»។លោក Wang បានបន្ត​ថា បញ្ហាប្រឈមថ្មីជាបន្តបន្ទាប់ នាំមកនូវវិបត្តិសកលដែលជាប់ទាក់ទងគ្នា ដោយលោកបាននិយាយ​បន្ថែមដោយ​ប្រើ​ពាក្យ​ពេចន៍​ប្រៀប​ធៀប​ថា «នាវា​នៃអរិយធម៌ បានធ្វើ​ដំណើរ​ចូលទៅក្នុងដែន​ទឹកដ៏គ្រោះថ្នាក់ ដែល​មាន​ថ្មប៉ប្រះទឹកលាក់កំបាំង និងព្យុះដ៏កំណាច​»។លោកបានសង្កត់ធ្ងន់​ថា ការ​ប៉ះទង្គិច​គ្នា បង្ហាញពីជម្លោះដែល​កាន់​តែ​ជ្រៅៗទៅ​​ ខណៈដែល «ព្រឹត្តិការណ៍គ្រប់គ្រងប្រកប​​ដោយហានិភ័យ​​ លេចឡើងជាបន្តបន្ទាប់ ដោយការ​និយាយ​នេះ​សំដៅទៅលើព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ ឬការគំរាម​កំហែងដែលមិនត្រូវបានអើពើ ទោះបីជាហេតុការណ៍​ទាំង​នោះ​អាចមើលឃើញយ៉ាង​ប្រចក្សក៏ដោយ។ការ​លើក​ឡើង​របស់​លោក Wang ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ គឺចង់​​សំដៅ​ទៅ​លើ​ជម្លោះ នៅតំបន់​​មជ្ឈិមបូព៌ា និង​ប្រទេសអ៊ុយក្រែន ប៉ុន្តែ​មិន​បានបញ្ជាក់​ឲ្យ​បាន​​លម្អិត​ជាក់លាក់ឡើយ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM