នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron

ព័ត៌មានអន្តរជាតិ

[UPDATE] តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង សម្រេចដកលោកប្រធានាធិបតី Yoon ចេញពីតំណែង

2025/04/04 10:26:14 am        98
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង បានចេញសាលក្រមដកតំណែងលោកប្រធានាធិបតី Yoon Suk-yeol នាថ្ងៃសុក្រ (០៤ មេសា) នេះ នៅក្នុងសំណុំរឿងចោទប្រកាន់ទម្លាក់តំណែងដ៏ធំ ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីចុងឆ្នាំមុន។ សេចក្ដីសម្រេចនៅថ្ងៃសុក្រនេះមានន័យថា កូរ៉េខាងត្បូងត្រូវតែរៀបចំការបោះឆ្នោតរើសប្រធានាធិបតីថ្មីក្នុងពេល ៦០ថ្ងៃ ហើយប្រធានាធិបតីស្តីទី លោក Han Duck-soo នឹងបន្តកាន់តំណែងរហូតដល់មេដឹកនាំថ្មីត្រូវបានជ្រើសរើស។គួររម្លឹកថា លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីល្ងាចថ្ងៃទី០៣ ខែធ្នូ ដោយអះអាងថា កម្លាំងប្រឆាំងរដ្ឋ និងអ្នកគាំទ្រកូរ៉េខាងជើង បានជ្រៀតចូលរដ្ឋាភិបាល។ ប៉ុន្តែមន្ត្រីយោធា និងនគរបាលជាន់ខ្ពស់ដែលត្រូវបញ្ជូនឱ្យទៅបិទសភាជាតិរបស់ប្រទេស បានផ្តល់សក្ខីកម្មថា លោក Yoon បានបញ្ជាឱ្យពួកគេឃុំខ្លួនគូប្រជែងនយោបាយ និងរារាំងសភាមិនឱ្យបោះឆ្នោតដកក្រឹត្យអាជ្ញាសឹក។អ្នកគាំទ្រ និងក្រុមមេធាវីរបស់លោក Yoon ជឿថា ដំណើរការចោទប្រកាន់ទម្លាក់តំណែងនេះគឺ “ខុសច្បាប់” ហើយថាលោកគួរតែត្រូវត្រលប់ទៅកាន់តំណែងវិញភ្លាមៗ រយៈពេល ៣ឆ្នាំបន្ទាប់ពីអ្នកនិយមអភិរក្សនិយមរូបនេះបានជាប់ឆ្នោតជាមេដឹកនាំប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី។លើសពីនេះ លោក Yoon ដែលបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទីពីរហើយដែលត្រូវដកចេញពីអំណាចតាមរយៈញត្តិចោទប្រកាន់ទម្លាក់តំណែងបែបនេះ ក៏កំពុងប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌដាច់ដោយឡែកពីគ្នាផ្សេងទៀត លើការចោទប្រកាន់ពីបទបះបោរ៕

មនុស្សយ៉ាងហោចណាស់ ១៦ នាក់បានស្លាប់ ខណៈទូកជនភៀសខ្លួនពីរគ្រឿងបានលិចជិតទួរគីនិងក្រិក

2025/04/04 10:21:18 am        108
ទូកពីរគ្រឿង ដែលដឹកជនភៀសខ្លួនបានលិចនៅក្នុងច្រកសមុទ្រតូចចង្អៀតរវាងប្រទេសទួរគី និងកោះ Lesbos របស់ក្រិក បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦ នាក់ស្លាប់ នេះបើយោងតាមមន្ត្រីនៃប្រទេសទាំងពីរ។ ឧបទ្ទវហេតុនៅលើទូកទាំងពីរដែលដឹកមនុស្សប្រហែល ៦៦ នាក់បានកើតឡើងជាច្រើនម៉ោងពីគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដោយអាជ្ញាធរនៃប្រទេសទាំងពីរ ពុំបានដឹងពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ប្រទេសផ្សេងនោះទេ។ភាគីខាងប្រទេសក្រិក ឆ្មាំល្បាតឆ្នេររបស់ប្រទេសនេះ បាននិយាយថា នាវាល្បាតមួយបានទៅដល់ទូកតូចមួយដែលមានប្រវែងប្រហែល ៥ ម៉ែត្រ ហើយបានជួយសង្គ្រោះមនុស្ស ២៣ នាក់ អនីតិជន ១១ នាក់ បុរស៨ នាក់និងស្ត្រី ៤ នាក់ ក្នុងចំណោមអ្នកដំណើរសរុប ៣១ នាក់។ក្រោយមក ក្រុមអាជ្ញាធរបានរកឃើញសាកសពមនុស្ស ៧ នាក់ ក្នុងនោះមានស្ត្រី ៣ នាក់ ក្មេងប្រុស ២ នាក់ ក្មេងស្រីម្នាក់ និងបុរស ១ នាក់ បន្ទាប់ពីប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ដែលរួមមានឧទ្ធម្ភាគចក្រ នាវាពីឆ្មាំល្បាតឆ្នេរ និងទីភ្នាក់ងារព្រំដែនអឺរ៉ុប FRONTEX ។ ឆ្មាំល្បាតឆ្នេរក្រិកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកនៅល្ងាចថ្ងៃព្រហស្បតិ៍សម្រាប់ក្មេងស្រីម្នាក់ ដែលត្រូវban រាយការណ៍ថាបានបាត់ខ្លួនដោយអ្នកនៅរស់រានមានជីវិត៕

លោក Trump ថាចិន អាចបានការបន្ធូរបន្ថយពន្ធ ប្រសិនបើយល់ព្រមលើកិច្ចព្រមព្រៀង TikTok

2025/04/04 10:03:11 am        157
លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) សប្ដាហ៍នេះ បាននិយាយថា លោកនឹងពិចារណាលើកិច្ចព្រមព្រៀងមួយ ដែលប្រទេសចិន យល់ព្រមអនុម័តលើការលក់កម្មវិធីវីដេអូខ្លី TikTok ដែលជាកម្មសិទ្ធិរបស់ Byte Dance ជាថ្នូរនឹងការបន្ធូរបន្ថយពន្ធពីសហរដ្ឋអាមេរិក លើការនាំចូលរបស់ចិន។ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump បានប្រើប្រាស់ TikTok ជាឧទាហរណ៍មួយប្រាប់ពីវិធីសាស្រ្តដែលការដំឡើងពន្ធ អាចត្រូវបានប្រើដើម្បីចរចាជាមួយប្រទេសផ្សេងទៀត។ លោក Trump បាននិយាយថា "អាមេរិកអាចប្រើពន្ធដើម្បីចរចាស្វែងរកថ្នូរតបស្នង ដូចជារឿង TikTok ជាដើម បើសិនចិនប្រាប់ថាយល់ព្រមលើកិច្ចព្រមព្រៀងមួយ"។គួរបញ្ជាក់ថា TikTok ប្រឈមនឹងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី០៥ ខែមេសា ស្អែកនេះ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីស្វែងរកអ្នកទិញដែលមិនមែនជាជនជាតិចិន បើមិនដូច្នេះទេអេបនេះនឹងស្ថិតនៅក្រោមការគំរាមកំហែងហាមឃាត់ដំណើរការនៅសហរដ្ឋអាមេរិក។ លោក Trump ធ្លាប់និយាយថា រដ្ឋបាលរបស់លោកគឺ "ជិតឈានដល់" កិច្ចព្រមព្រៀងមួយនៅរឿង TikTok ហើយ ដោយមានវិនិយោគិនជាច្រើនពាក់ព័ន្ធ។ការអត្ថាធិប្បាយរបស់លោក Trump លើបញ្ហា TikTok នេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសពន្ធមូលដ្ឋាន ១០% លើការនាំចូលទាំងអស់ទៅកាន់អាមេរិក និងពន្ធខ្ពស់ខ្លាំងលើដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយចំនួនរបស់ខ្លួន ហើយឥឡូវនេះ ចិនប្រឈមមុខនឹងការយកពន្ធ ៥៤% លើទំនិញដែលនាំចូលទៅអាមេរិក៕

មនុស្សជាច្រើននាក់ស្លាប់ ខណៈប្រព័ន្ធព្យុះដ៏កាចសាហាវនៅអាមេរិក អាចនឹងកាន់តែខ្លាំងក្លា

2025/04/04 09:55:06 am        66
ព្យុះនិទាឃរដូវដ៏កាចសាហាវមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និងបង្កជាព្យុះកួច និងផ្គររន្ទះដ៏ធំនៅក្នុងផ្នែកដ៏ធំនៃសហរដ្ឋអាមេរិក ដែលលាតសន្ធឹងចាប់ពីរដ្ឋតិចសាស់ (Texas) ទៅរដ្ឋអូហៃយ៉ូ (Ohio) រយៈពេល ២ថ្ងៃមកហើយ កាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ដោយបង្កើនហានិភ័យនៃទឹកជំនន់យ៉ាងគំហុក ហើយអាចបង្កើនកម្លាំងកាន់តែខ្លាំងថែមទៀតនៅថ្ងៃសុក្រ (០៤ មេសា) នេះ។សេវាអាកាសធាតុជាតិនិយាយថា ប្រព័ន្ធព្យុះដ៏មានឥទ្ធិពលនេះ ត្រូវបានគេរំពឹងថានឹងវិលវល់នៅផ្នែកកណ្តាលរបស់ប្រទេស ដោយជំរុញឱ្យមានការជន់លិចបន្ថែមទៀត និងព្យុះកួចដែលអាចកើតមាននៅក្នុងតំបន់មានភ្លៀងធ្លាក់ខ្លាំងរួចទៅហើយ។ មានសេចក្ដីរាយការណ៍ជាច្រើននៃការខូចខាតអគារ យានយន្ត និងដើមឈើដួលរលំ ហើយមនុស្សជាង ២៤៧.០០០នាក់ ទូទាំងអាមេរិកពុំមានថាមពលប្រើប្រាស់។សេវាអាកាសធាតុជាតិព្រមានថា "ទឹកជំនន់ ដែលគំរាមកំហែងដល់អាយុជីវិត និងមហន្តរាយ ហើយប្រហែលជាកម្រិតប្រវត្តិសាស្ត្រ" អាចកើតឡើងនៅទូទាំងជ្រលងភ្នំ Ohio ផ្នែកខាងក្រោម និងតំបន់កណ្តាលនៃភាគខាងត្បូង។ អ្នកព្យាករក៏ព្រមានថា សហគមន៍នៅតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ "គួរតែត្រៀមខ្លួនសម្រាប់រយៈពេលដ៏យូរ និងការរំខានធ្ងន់ធ្ងរដល់ជីវិតប្រចាំថ្ងៃ" ជាមួយនឹងភ្លៀងធ្លាក់ពី ១០ ទៅ ១៥អ៊ីញ ដែលរំពឹងទុកនៅចុងសប្តាហ៍។អាកាសធាតុធ្ងន់ធ្ងរ រួមទាំងព្យុះកួច និងសំណុំទឹកកកគ្រាប់ធំៗ ត្រូវបានគេរំពឹងថានឹងកើតមានយ៉ាងគ្រោះថ្នាក់នៅទូទាំងរដ្ឋ Ozarks, Arkansas, Louisiana និង Texas។ ប្រជាជនអាមេរិក រាប់លាននាក់កំពុងស្ថិតក្រោមហានិភ័យ និងការព្រេមានពីគ្រោះថ្នាក់អាកាសធាតុធ្ងន់ធ្ងររហូតដល់ចុងសប្ដាហ៍៕

មីយ៉ាន់ម៉ា រងការគំរាមកំហែងពីអាកាសធាតុ និងជំងឺ ក្រោយរញ្ជួយដីសម្លាប់មនុស្សជាង៣.០០០នាក់

2025/04/04 09:37:55 am        61
អង្គការផ្ដល់ជំនួយជាច្រើនរបស់ពិភពលោកបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ៣មេសា ថា អាកាសធាតុក្ដៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ក្នុងប្រទេសមីយ៉ាន់ម៉ា អាចបង្កឱ្យមានការផ្ទុះឡើងនៃជំងឺផ្សេងៗក្នុងចំណោមអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីដែលបោះជំរំស្នាក់នៅតាមទីវាលនានា ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះកាន់តែមានភាពស្មុគស្មាញពីលើសង្គ្រាមស៊ីវិល ខណៈចំនួនអ្នកស្លាប់បានកើនឡើងជាង៣.០០០នាក់។ ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាការរញ្ជួយមួយក្នុងចំណោមការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតជាច្រើន របស់ប្រទេសមីយ៉ាន់ម៉ាក្នុងមួយសតវត្សរ៍ បានអង្រួនតំបន់ដែលមានប្រជាជនចំនួន ២៨ លាននាក់ ដោយបានបំផ្លិចបំផ្លាញអគារដូចជាមន្ទីរពេទ្យជាដើម រាបដល់ដី និងបន្សល់ទុកមនុស្សជាច្រើនគ្មានអាហារ ទឹក និងជម្រក។ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ជាង ៣.១០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានអ្នករងរបួសចំនួន ៤.៧១៥នាក់ និង ៣៤១នាក់កំពុងបាត់ខ្លួន។ អង្គការសុខភាពពិភពលោកបានបង្ហាញពីការកើនឡើងហានិភ័យនៃជំងឺអាសន្នរោគ និងជំងឺផ្សេងៗទៀតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដូចជាទីក្រុង Mandalay ទីប្រជុំជន Sagaing និងរដ្ឋធានីណៃពីដោ (Naypyitaw) ខណៈខ្លួនបានរៀបចំការផ្គត់ផ្គង់ជំនួយចំនួន ១ លានដុល្លារ រួមទាំងថង់វេចខ្ចប់សាកសពផងដែរ។លោកស្រី Elena Vuolo អនុប្រធានការិយាល័យមីយ៉ាន់ម៉ាដែលចង្អុលទៅការផ្ទុះឡើងកាលពីឆ្នាំមុននៅទីក្រុង Mandalay បាននិយាយថាជំងឺអាសន្នរោគនៅតែជាកង្វល់ដ៏ធំសម្រាប់យើងទាំងអស់គ្នា។លោកស្រីបានបន្ថែមថា ហានិភ័យគឺកាន់តែធ្ងន់ធ្ងរ ដោយសារការខូចខាតដល់មណ្ឌលថែទាំសុខភាពប្រហែលពាក់កណ្តាលនៅក្នុងតំបន់រងគ្រោះដោយរញ្ជួយដី រួមទាំងមន្ទីរពេទ្យដែលត្រូវបានបំផ្លាញដោយការរញ្ជួយដីនៅទីក្រុង Mandalay និង Naypyitaw៕

លោក Trump និយាយថា ការដំឡើងពន្ធកំពុងដំណើរការល្អ ខណៈប្រទេសនានាមានបំណងសងសឹក

2025/04/04 09:11:44 am        106
រដ្ឋបាលរបស់លោក Trump កំពុងប្រឈមការវាយបកជាសកលបន្ទាប់ពីការប្រកាសដំឡើងពន្ធជាបន្តបន្ទាប់លើបណ្តាប្រទេសជុំវិញពិភពលោក មិនថាជាគូប្រជែងរបស់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តដូចក៏ដោយ ខណៈប្រទេសទាំងនោះសន្យាឆ្លើយតប ដែលនឹងអាចបំផ្លិចបំផ្លាញសេដ្ឋកិច្ចអាមេរិក។លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោកគិតថាចំណាត់ការពន្ធរបស់លោកកំពុងដំណើរការបានល្អ ។លោកបានបន្ថែមថា ប្រទេសនានាលើពិភពលោកបានទាញយកប្រយោជន៍ពីអាមេរិក ជាច្រើនឆ្នាំមកហើយ។លោក Trump ក៏បានបញ្ជាក់ផងដែរថា ការដំឡើងពន្ធលើឱសថ និងបន្ទះឈីបនាពេលអនាគតត្រូវបានរំពឹងទុក ហើយបានលើកឡើងថាពន្ធទាំងនោះអាចនឹងត្រូវបានប្រើជាបន្ទះឈីបចរចាជាមួយប្រទេសផ្សេងទៀត។ប្រទេសចិន ជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ដែលលោក Trump បានបន្ថែមពន្ធសរុបដល់ទៅ៥៤% បានប្តេជ្ញាសងសឹកដោយជំរុញឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរទិសដៅ។នៅទីក្រុងប៉ារីស ក្រុមមន្ត្រីបារាំងបាននិយាយថា ពួកគេក៏កំពុងជំរុញឱ្យសហភាពអឺរ៉ុបផ្សេងទៀតយល់ព្រមលើការឆ្លើយតបដែលនឹងកំណត់គោលដៅអាជីវកម្មឌីជីថលរបស់សហរដ្ឋអាមេរិក ជាពិសេសបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដែលជាស្នូលសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក និងរដ្ឋកាលីហ្វ័រនីញ៉ា៕

ទីក្រុងសេអ៊ូល តានតឹងខ្លាំង ខណៈថ្ងៃចេញសាលក្រមលើសំណុំរឿងលោក Yoon បានមកដល់

2025/04/04 09:07:48 am        119
ក្រុមអ្នករិះគន់រាប់ពាន់នាក់របស់លោកប្រធានាធិបតីដែលរងការចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk-yeol បានប្រមូលផ្តុំគ្នាតវ៉ាយ៉ាងកុះករកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ដោយស្រែកឃ្លាថា "៨ ទល់០" ដាក់ឧបករណ៍បំពងសម្លេង និងសរសេរលើផ្ទាំងបដានៅកណ្តាលទីក្រុងសេអ៊ូល ក្នុងតំបន់ Jongno ដែលកំពុងតែតានតឹងខ្លាំង ខណៈថ្ងៃសុក្រ ០៤ មេសា នេះមនុស្សម្នាក៏សម្រុកទៅប្រមូលផ្ដុំគ្នាមុខតុលារការធម្មនុញ្ញ ដើម្បីទន្ទឹងរង់ចាំសេចក្ដីសម្រេចជោគវាសនានយោបាយលោក Yoon។តុលាការធម្មនុញ្ញ គ្រោងនឹងចាប់ផ្តើមចេញសាលក្រមរបស់ខ្លួននៅម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងសម័យប្រជុំតាមកញ្ចក់ទូរទស្សន៍ជាតិ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន។ នៅផ្នែកខ្លះនៃទីក្រុងសេអ៊ូល និងកន្លែងផ្សេងទៀតក្នុងប្រទេស ប្រជាជនរាប់សែននាក់ត្រូវបានរំពឹងថានឹងចេញតវ៉ា ហើយអាជ្ញាធរនិយាយថា ផ្លូវសំខាន់ៗមួយចំនួននៅកណ្តាលទីក្រុងសេអ៊ូល អាចនឹងបិទចរាចរណ៍។នៅថ្ងៃសុក្រនេះ រឿងមួយក្នុងចំណោមពីរនឹងកើតឡើងបន្ទាប់ពីសាលក្រមចុងក្រោយត្រូវប្រកាស នោះគឺ លោក Yoon នឹងត្រូវបានជម្រះពីការចោទប្រកាន់ រួចត្រឡប់ទៅកាន់តំណែងប្រធានាធីបតីវិញភ្លាមៗ ឬក៏លោក Yoon នឹងត្រូវរកឃើញថាមានកំហុស រួចត្រូវដកចេញពីតំណែង ហើយប្រទេសនេះនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងពេល ៦០ថ្ងៃ។នគរបាលជាង ១៤.០០០នាក់ ត្រូវដាក់ពង្រាយនៅទូទាំងទីក្រុង ខណៈស្ថានីយ៍រថភ្លើងក្រោមដី Anguk អាជីវកម្មនានាក្នុងតំបន់ និងសាលារៀនជាច្រើន ត្រូវបិទទ្វារ ក្នុងករណីមានការរំខានណាមួយបន្ទាប់ពីការសម្រេចរបស់តុលាការ៕

ការដំឡើងពន្ធរបស់លោក Trump បានបំផ្លាញភាគហ៊ុនសកល តម្លៃប្រាក់ដុល្លារ មាស និងប្រេង

2025/04/04 08:15:01 am        175
ទីផ្សារភាគហ៊ុន និងប្រាក់ដុល្លារបានដាំក្បាលចុះកាលពីថ្ងៃព្រហស្បតិ៍ ៣មេសា បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ដំឡើងពន្ធទូទាំងពិភពលោកចុងក្រោយ បានជំរុញឱ្យមានសង្រ្គាមពាណិជ្ជកម្ម ដែលមានក្ដីបារម្ភជាច្រើនថា នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងបង្កើនអតិផរណា។ ប្រាក់ដុល្លារបានធ្លាក់ចុះ ២,៦%ធៀបនឹងប្រាក់អឺរ៉ូ ដែលជាការធ្លាក់ចុះដ៏ធំបំផុតក្នុងពេលតែថ្ងៃមួយ ក្នុងរយៈពេលមួយទសវត្សរ៍ ហើយបានទទួលរងការខាតបង់យ៉ាងខ្លាំងផងដែរ ធៀបនឹងប្រាក់យ៉េន និងផោនអង់គ្លេស រីឯភាគហ៊ុនប្រេងក៏បានធ្លាក់ចុះផងដែរ។នៅលើទីផ្សារភាគហ៊ុន ភាគហ៊ុន Nasdaq Composite ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ Wall Street បានធ្លាក់ចុះប្រហែល ៦ ភាគរយ ខណៈភាគហ៊ុន S&P 500 មើលឃើញការធ្លាក់ចុះធំបំផុតក្នុងមួយថ្ងៃចាប់តាំងពីឆ្នាំ២០២០មក។ភាគហ៊ុននៅក្នុងក្រុមហ៊ុននានា ដែលពឹងផ្អែកលើកម្លាំងពលកម្មទាប ក្នុងរោងចក្រនៅបរទេសបានធ្លាក់ចុះយ៉ាងខ្លាំង ទន្ទឹមនឹងភាគហ៊ុនរបស់ក្រុមហ៊ុន Nike ធ្លាក់ចុះជាង ១១% និងភាគហ៊ុនក្រុមហ៊ុនសម្លៀកបំពាក់ Gap ធ្លាក់ចុះជាង២០% ។ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ដែលទូរស័ព្ទដៃ iPhone របស់ខ្លួនផលិតយ៉ាងច្រើននៅក្នុងប្រទេសចិន បានធ្លាក់ចុះជាង ៩ ភាគរយ។ នៅទូទាំងពិភពលោក ភាគហ៊ុននៅក្នុងវិស័យសំខាន់ៗ រួមទាំងរថយន្ត និងធនាគារ ក៏ទទួលរងការវាយប្រហារខ្លាំងដែរ។តម្លៃមាសស្ថិតក្នុងភាពមិនច្បាស់លាស់ និងរុញឲ្យតម្លៃហក់ឡើងដល់៣.១៦៧.៨៤ដុល្លារក្នុងមួយឱន ៕

ជនប៉ាឡេស្ទីនជម្លៀសចេញពីទីក្រុងហ្កាហ្សា និយាយថា ពួកគេគ្មានកន្លែងណាត្រូវទៅទៀតទេ

2025/04/03 09:05:58 pm        18
នៅថ្ងៃព្រហស្បតិ៍នេះ មនុស្សរាប់ម៉ឺននាក់ នាំគ្នារត់ភៀសខ្លួន ដើម្បីស្វែងរកទីជម្រកថ្មី គឺជាការជម្លៀសខ្លួនមួយក្នុងចំណោមការជម្លៀសខ្លួនមនុស្សច្រើនបំផុតនៃសង្រ្គាម ពេលដែលកងកម្លាំងអ៊ីស្រាអែល រុលចូលអគារបាក់បែកនៅក្នុងទីក្រុង Rafah ដែលពួកគេមានបំណងរឹបអូសយក ។រយៈពេល ១ថ្ងៃក្រោយប្រកាសពីគោលបំណងរបស់ពួកគេ ក្នុងការដណ្តើមគ្រប់គ្រងតំបន់ជាច្រើននៅហ្កាហ្សានោះ កងកម្លាំងអ៊ីស្រាអែល បានរុលចូលទៅកាន់តំបន់ភាគខាងត្បូងហ្កាហ្សា ដែលជាជម្រកចុងក្រោយបង្អស់សម្រាប់ជនប៉ាឡេស្ទីនជម្លៀសខ្លួន ។ អ្នកស្រី Aaed Bardaaគឺជាជនប៉ាឡេស្ទីនវ័យ ៦២ឆ្នាំមួយរូប និយាយថា គាត់ចង់ស្លាប់ សូមឲ្យពួកគេសម្លាប់ពួកយើងមកចុះ រំដោះពួកយើងចេញពីជីវិតដ៏ឈឺចាប់មួយនេះ ពួកយើងមិនចង់រស់តទៅទៀតនោះទេ ពួកយើងចង់ស្លាប់ ។ តើប្រទេសអារ៉ាប់ទៅណាអស់ហើយ ? តើមនុស្សនៅកន្លែងណា? តើមនុស្សល្អនៅកន្លែងណា? តើមូស្លីមនៅកន្លែងណា? តើនេះគឺជាជីវិតឬ? ជីវិតសុនខល្អជាងជីវិតពួកយើងទៅទៀត? តើមានកន្លែងណាទៀតដែលពួកយើងអាចទៅបាននោះ?ក្រុមមន្រ្តីសុខភាពហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់កន្លងទៅ បានសម្លាប់មនុសសយ៉ាងហោច ៥៥នាក់ នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ពោលគឺរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយក្រុមមន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលនិយាយថា អ៊ីស្រាអែល នឹងរឹបអូសតំបន់ជាច្រើននៅទូទាំងដែនដីមួយនេះ និងបង្កើតច្រករបៀងសន្តិសុខថ្មី ៕

ជនប៉ាឡេស្ទីនគ្រោះថ្នាក់ ត្រូវបានរួសរាន់បញ្ជូនទៅកាន់មន្ទីរពេទ្យហ្កាហ្សា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

2025/04/03 08:13:50 pm        51
 ជនប៉ាឡេស្ទីនគ្រោះថ្នាក់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានប្រញាប់ប្រញាល់រួសរាន់បញ្ជូនទៅកាន់មន្ទីរពេទ្យនៅតំបន់ហ្កាហ្សាស្រ្ទីប ។ ក្រុមមន្រ្តីសុខភាពហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់កន្លងទៅ បានសម្លាប់មនុសសយ៉ាងហោច ៥៥នាក់ នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ពោលគឺរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយក្រុមមន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលនិយាយថា អ៊ីស្រាអែល នឹងរឹបអូសតំបន់ជាច្រើននៅទូទាំងដែនដីមួយនេះ និងបង្កើតច្រករបៀងសន្តិសុខថ្មី ។ អ៊ីស្រាអែល សន្យាថានឹងបង្កើនការធ្វើសង្រ្គាមរយៈពេលជិត ១៨ខែជាមួយក្រុមហាម៉ាស រហូតដល់ក្រុមជីវពលមួយនេះ ប្រគល់ចំណាប់ថ្នូររាប់សិបនាក់នៅសេសសល់ត្រឡប់មកវិញ ក៏ដូចជាដាក់អាវុធចុះ និងចាកចេញពីដែនដីមួយនេះ ។អ៊ីស្រាអែល បានបញ្ឈប់ការនាំចូលស្បៀងអាហារ ប្រេងឥន្ធនៈ និងជំនួយមនុស្សធម៌អស់រយៈពេល ១ខែមកហើយ ដែលធ្វើឲ្យជនស៊ីវិលប្រឈមនឹងកង្វះខាតធ្ងន់ធ្ងរ ស្របពេលដែលការផ្គត់ផ្គង់លែងមាននោះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញ២កន្លែងទៀតឃាត់ខ្លួនមនុស្សបាន១៣៣នាក់
07/18/2025 09:07 PM
នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
07/18/2025 08:07 PM
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
07/18/2025 08:07 PM
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM