អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF

ព័ត៌មានអន្តរជាតិ

និស្សិតសាលា Harvard នៅអាមេរិក ចេញតវ៉ា បន្ទាប់ពីលោក Trump ចង់កាត់ប្រាក់ជំនួយសេសសល់

2025/05/28 03:14:50 pm        114
និស្សិតសាកលវិទ្យាល័យ Harvard បានសម្រុកតវ៉ា នៅថ្ងៃអង្គារ (២៧ ឧសភា) បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និយាយថា ខ្លួនមានបំណងលុបចោលកិច្ចសន្យាជំនួយហិរញ្ញវត្ថុដែលនៅសល់ទាំងអស់ជាមួយសាកលវិទ្យាល័យ ក្នុងការប៉ុនប៉ងចុងក្រោយបំផុតរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបង្ខំស្ថាប័នអប់ដ៏មានកិត្យានុភាពនេះឱ្យចុះញ៉មចំពោះការត្រួតពិនិត្យមិនធ្លាប់មានពីមុនមករបស់រដ្ឋាភិបាល។និស្សិតរាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការវាយលុកកាន់តែខ្លាំងឡើងរបស់លោក Trump រួមទាំងវិធានការកាត់ជំនួយនៅថ្ងៃទី២៧ ខែឧសភា ដែលត្រូវប៉ាន់ស្មានថាមានតម្លៃដល់ទៅ ១០០លានដុល្លារ ចេញពីសាកលវិទ្យាល័យនេះ ចំពោះការបដិសេធមិនបោះបង់ការគ្រប់គ្រងលើកម្មវិធីសិក្សា ការចូលរៀន និងការស្រាវជ្រាវ។បដាតវ៉ារបស់និស្សិតបានសរសេរថា "លោក Trump=ជនក្បត់" ខណៈហ្វូងបាតុករស្រែកថា "សិស្សរូបណានៅក្នុងថ្នាក់រៀនថ្ងៃនេះ សូមឱ្យពួកគេបន្តនៅទីនោះ" និង “និស្សិតមិនមែនជាសត្រូវទេ” ដោយសំដៅលើនិស្សិតអន្តរជាតិរបស់សាលា Harvard ដែលលោក Trump ចង់ដកការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះកម្មវិធីផ្លាស់ប្ដូរនិស្សិតបរទេស និងរារាំងការចុះឈ្មោះថ្មី។សកលវិទ្យាល័យ Harvard ផ្ទាល់ក៏បានប្តឹងជំទាស់នឹងវិធានការផ្លូវច្បាប់នានារបស់លោក Trump ដែលអ្នកជំនាញនិយាយថា ទំនងជាត្រូវតុលាការបដិសេធ។ ការប្រកាសកាត់កិច្ចសន្យានៅថ្ងៃទី២៧ ឧសភា – ប៉ាន់ស្មានដោយប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកថាមានតម្លៃ ១០០លានដុល្លារអាមេរិក— នោះនឹងបង្ហាញពីការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរវាងរដ្ឋាភិបាល និងសាកលវិទ្យាល័យដ៏ចំណាស់ជាងគេរបស់ប្រទេស និងជាមហាអំណាចផ្នែកស្រាវជ្រាវដ៏ធំ៕

សាកសពមនុស្សជាង ១០នាក់ ត្រូវបានរកឃើញលើទូកនៅឆ្នេរសមុទ្រការ៉ាអ៊ីបភាគខាងកើត

2025/05/28 03:05:15 pm        76
នគរបាលនៅប្រទេសកោះ សាំងវ៉ាំងសង់ និងហ្គ្រេណាឌីន (St. Vincent and the Grenadines) នៅតំបន់សមុទ្រការ៉ាអ៊ីបភាគខាងកើត កាលពីថ្ងៃអង្គារ (២៧ ឧសភា) បាននិយាយថា ពួកគេរកឃើញទូកមួយគ្រឿងនៅឆ្នេរនៃកោះ Canouan ផ្ទុកសាកសពមនុស្សដែលជឿថាចំនួន ១១នាក់ ហើយអ្នកស្លាប់ទាំងនោះអាចមកពីប្រទេសម៉ាលី ខណៈការស៊ើបអង្កេតត្រូវធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណសព។ប្រធានរងនគរបាល លោក Junior Simmons បាននិយាយនៅក្នុងសារវីដេអូមួយថា "លិខិតឆ្លងដែនជាច្រើនរបស់ជនរងគ្រោះ ត្រូវរកឃើញនៅកន្លែងកើតហេតុ ដែលហាក់ដូចជាមកពីសាធារណរដ្ឋម៉ាលី ខណៈសាកសពមានសភាពរលួយខ្លាំង ហើយខ្លះមិននៅក្នុងទម្រង់ដើមទេ"។នៅប្រទេសកោះ សាំងឃីត និងណេវីស (St. Kitts and Nevi) ក្បែរនោះ អាជ្ញាធរក្នុងខែមករា បាននិយាយថា ពួកគេរកឃើញនាវាមួយគ្រឿង មានសាកសព ១៩នាក់ ដែលប៉ាន់ស្មានថាបាននៅក្នុងសមុទ្រអស់ជាយូរ ដោយសារតែដំណាក់កាលនៃការរលួយកម្រិតខ្ពស់ខ្លាំងពេក។ អាជ្ញាធរក៏រកឃើញអត្តសញ្ញាណបណ្ណ បង្ហាញថាអ្នកដំណើរមួយចំនួនក៏មកពីម៉ាលី ដែលជាប្រទេសអាហ្វ្រិកខាងលិចគ្មានព្រំដែនសមុទ្រ ចម្ងាយប្រហែល ៦.២០០គីឡូម៉ែត្រ ភាគខាងកើតឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។មហាសមុទ្រអាត្លង់ទិក នៅឆ្នេរសមុទ្រអាហ្វ្រិកខាងលិចនេះ គឺជាផ្លូវសមុទ្រដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក ជាមួយនឹងចរន្តទឹកហូរទៅទិសខាងលិច និងខ្យល់បក់ខ្លាំង ដែលមានសមត្ថភាពរុញច្រាននាវាឱ្យទៅឆ្ងាយហួសពីផ្លូវធ្វើដំណើរ៕

ប្រទេសចិន និងកោះតៃវ៉ាន់ ចោទដាក់គ្នាទៅមក ជុំវិញការវាយប្រហារតាមអ៊ីនធឺណិត

2025/05/28 02:59:28 pm        68
អាជ្ញាធរសន្តិសុខសាធារណៈរបស់ប្រទេសចិន បានសន្មតថា រដ្ឋាភិបាលកោះតៃវ៉ាន់ ជាអ្នកនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុនបច្ចេកវិទ្យាដែលមិនបញ្ចេញឈ្មោះមួយកាលពីថ្ងៃអង្គារ (២៧ ឧសភា) ដោយជំរុញឱ្យទីក្រុងតៃប៉ិ ចោទដាក់ប្រទេសចិន វិញថាផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញការបំពានបែបនេះ។អាជ្ញាធរនៅក្នុងរដ្ឋធានីនៃខេត្ត Guangdong ភាគខាងត្បូងរបស់ចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អង្គការចោរព៌ត៌មានវិទ្យា ឬហៅថា Hacker នៅក្រៅប្រទេស" ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយត្រូវបាន "គាំទ្រដោយ" គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) កំពុងកាន់អំណាចរបស់តំបន់តៃវ៉ាន់។ការិយាល័យសន្តិសុខជាតិរបស់តៃវ៉ាន់ បានចោទបកទៅទីក្រុងប៉េកាំងវិញថាជា "ប្រភពនៃព័ត៌មានមិនពិត" អំពីការរំលោភបំពានលើអ៊ីនធឺណិត។ ចិន បានអះអាងសិទ្ធលើតំបន់តៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ប៉ុន្តែកោះស្វ័យគ្រប់គ្រងមួយនេះបន្តបដិសេធ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា ការស៊ើបអង្កេតរបស់នគរបាលនរកឃើញថា អង្គការពួក Hacker បានកំណត់គោលដៅប្រព័ន្ធបណ្តាញនៅក្នុងខេត្តជាង ១០ នៅប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងបណ្តាញយោធា ថាមពល វារីអគ្គិសនី ការដឹកជញ្ជូន និងបណ្តាញរដ្ឋាភិបាលជាដើម៕

អាមេរិក ថាសំណើឈប់បាញ់ហ្កាហ្សា កំពុងនៅលើតុចរចា ខណៈអ៊ីស្រាអែល ត្រៀមវាយប្រហារទ្រង់ទ្រាយធំ

2025/05/28 02:56:32 pm        77
ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានប្រាប់សារព័ត៌មាន CNN ថា កិច្ចព្រមព្រៀងបទឈប់បាញ់-ចំណាប់ថ្នូរសម្រាប់តំបន់ហ្កាហ្សា បច្ចុប្បន្នកំពុងស្ថិតនៅលើតុចរចា ជាមួយនឹងផ្លូវឆ្ពោះទៅបញ្ចប់សង្រ្គាម ហើយបានជំរុញឱ្យក្រុមហាម៉ាសទទួលយកសំណើនេះ ខណៈអ៊ីស្រាអែល បានត្រៀមផែនការវាយលុកទ្រង់ទ្រាយធំ “មិនធ្លាប់មាន” លើដែនដីហ្កាហ្សា។ លោក Witkoff បង្ហើបថា កិច្ចព្រមព្រៀងនោះនឹងមើលឃើញការដោះលែងពាក់កណ្តាលនៃចំណាប់ថ្នូរនៅរស់ និងពាក់កណ្តាលនៃអ្នកដែលបានស្លាប់ ជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្ន មុនការចរចាចាប់ផ្តើមសម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ថាតើបទឈប់បាញ់បណ្ដោះអាសន្ននេះនឹងមានរយៈពេលប៉ុន្មានទេ ដែលជាបញ្ហាសំខាន់ក្នុងការចរចា។ ទន្ទឹមនឹងនេះ មន្ត្រីប៉ាឡេស្ទីនដែលជិតស្និទ្ធនឹងការចរចាក៏បានប្រាប់ CNN ថា ក្រុមហាម៉ាសបានយល់ព្រមតាមសំណើរបស់លោក Witkoff រួចហើយ ដោយមិនផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែភាគីអាមេរិក និងអ៊ីស្រាអែល បានបដិសេធ។សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហាម៉ាស បានយល់ព្រមលើសំណើមួយដែលនឹងមើលឃើញការដោះលែងចំណាប់ថ្នូរ ១០នាក់ ជាពីរក្រុម ដោះដូរបទឈប់បាញ់ ៧០ថ្ងៃ ប៉ុន្តែលោក Witkoff បានប្រាប់ CNN ថានោះមិនមែនជាសំណើរបស់លោកទេ។សំណើលើតុចរចាដែលមន្រ្តីអាមេរិកបានលើកឡើងនេះ កើតឡើងនៅចំណុចដ៏សំខាន់មួយក្នុងសង្គ្រាម ខណៈយោធាអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសលើភាគច្រើននៃតំបន់ខាងត្បូងហ្កាហ្សា ហើយអ្នកនាំពាក្យរបស់ខ្លួនព្រមានថា នឹងមាន "ការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក" លើទឹកដីនេះ៕

ការលក់ប្រចាំខែរបស់រថយន្ត Tesla នៅអឺរ៉ុប ធ្លាក់ចុះពាក់កណ្តាល ខណៈការប្រឆាំងលោក Musk កាន់តែជ្រៅ

2025/05/28 02:51:57 pm        59
ទិន្នន័យដែលចេញផ្សាយកាលថ្ងៃអង្គារ (២៧ ឧសភា) បានបង្ហាញថា ការលក់ប្រចាំខែនៃរថយន្តរបស់ក្រុមហ៊ុន Tesla នៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះពាក់កណ្តាលកាលពីខែមុន បើទោះបីជាកំណើនក្នុងទីផ្សាររថយន្តអគ្គិសនីបានហក់ឡើងក៏ដោយ។ តួលេខនេះគឺជាការចង្អុលបង្ហាញចុងក្រោយបង្អស់ទៅលើថា តើម៉ាកយីហោ Tesla រងទុក្ខប៉ុណ្ណាដោយសារតែប្រតិកម្មប្រឆាំងតបទៅនឹងនាយកប្រតិបត្តិមហាសេដ្ឋី Elon Musk ជុំវិញទស្សនៈស្តាំនិយមជ្រុលរបស់លោក។ការលក់រថយន្ត Tesla នៅក្នុងបណ្ដាប្រទេសអឺរ៉ុបចំនួន៣២ បានធ្លាក់ចុះ ៤៩% មកនៅត្រឹម ៧.២៦១គ្រឿង ក្នុងខែមេសា ពីតួលេខ ១៤.២២៨គ្រឿង ក្នុងខែដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមតួលេខដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ឬហៅថា ACEA។Tesla បាននិងកំពុងគ្របដណ្ដប់ដោយការតវ៉ា និងការធ្វើពហិការ ជុំវិញការដើរចូលទៅក្នុងនយោបាយរបស់លោក Musk ប៉ុន្តែក៏ប្រឈមមុខនឹងកត្តាផ្សេងទៀតដែរ រួមទាំងស៊េរីម៉ូដែលចាស់ៗរបស់ខ្លួន និងការប្រកួតប្រជែងកាន់តែខ្លាំងក្លាឡើងពីម៉ាករថយន្តអគ្គិសនីដែលជាគូប្រជែង ជាពិសេសពីប្រទេសចិន។Tesla ក៏រងទុក្ខដោយសារតែខ្លួនត្រូវបិទរោងចក្រជាច្រើនសប្តាហ៍ក្នុងឆ្នាំនេះ ខណៈការធ្វើឱ្យប្រសើរឡើងនូវរថយន្តស្ព័រ Model Y ដែលលក់ដាច់បំផុតរបស់ខ្លួន ធ្វើឱ្យការផ្គត់ផ្គង់កើនឡើង។ ទិន្នន័យសរុបបង្ហាញថា សម្រាប់រយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ការលក់នៅអឺរ៉ុប របស់រថយន្ត Tesla បានធ្លាក់ចុះប្រហែល ៣៩% មកនៅត្រឹម ៦១.៣២០គ្រឿង ក្នុងទីផ្សាររថយន្តរបស់ទ្វីបនេះ៕

លោក Trump ព្រមានលោក Netanyahu ឱ្យចៀសវាងពីជំហានដែលបំផ្លាញកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់

2025/05/28 02:47:37 pm        72
មន្ត្រីសេតវិមាន និងប្រភពដែលដឹងពីសេចក្ដីលម្អិតនេះប្រាប់សារព័ត៌មាន Axios ថា លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការហៅទូរសព្ទកាលពីសប្តាហ៍មុន កុំឱ្យចាត់វិធានការណាមួយដែលអាចប៉ះពាល់ដល់កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។មន្ត្រីរូបនោះនិយាយថា លោក Trump និងក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកផ្សេងទៀត មានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា អ៊ីស្រាអែលអាចនឹងទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឬចាត់វិធានការផ្សេងទៀតដែលអាចបំផ្លាញកិច្ចពិភាក្សា។សេចក្ដីរាយការណ៍បានឱ្យដឹងថា អ៊ីស្រាអែលកំពុងរៀបចំការវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងឆាប់រហ័ស ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៊ីរ៉ង់ បរាជ័យក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ មន្ត្រីសេតវិមាននិយាយថា លោក Trump បានប្រាប់លោក Netanyahu នៅក្នុងជំនួបតាមទូរសព្ទកាលថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា "លោកមិនចង់បានអ្វីមករារាំង" ដំណោះស្រាយការទូតជាមួយអ៊ីរ៉ង់ទេ។ប្រភពបញ្ជាក់ថា សាររបស់លោក Trump គឺ "លោកមិនចង់ឱ្យអ៊ីស្រាអែលបង្កើតការខឹងសម្បារ នៅពេលលោកកំពុងព្យាយាមដោះស្រាយបញ្ហាឡើយ"។ លោក Trump ក៏បានសង្កត់ធ្ងន់ទៅកាន់លោក Netanyahu ថា "ជម្រើសផ្សេងទៀត" គឺនៅលើតុពិភាក្សា ប៉ុន្តែលោកចង់ឃើញជាមុនថា តើដំណោះស្រាយការទូតអាចធ្វើទៅបានដែរឬទេ៕

លោក Zelenskiy ព្រមានថាមាន 'ភស្តុតាងគ្រប់គ្រាន់' ដែលថារុស្ស៊ី ត្រៀមការវាយរុញថ្មីលើអ៊ុយក្រែន

2025/05/28 12:51:17 pm        167
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានព្រមានថា មាន "ភស្តុតាងគ្រប់គ្រាន់" ដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំការវាយលុកថ្មីនៅអ៊ុយក្រែន ខណៈកិច្ចចរចាសន្តិភាពសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ទទួលបានលទ្ធផលតិចតួច ហើយលោកប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់ទីក្រុងមូស្គូ កាលពីចុងសប្តាហ៍។ទីក្រុងគីវ បានព្រមានក្នុងប៉ុន្មានខែថ្មីៗនេះថា កងទ័ពរុស្ស៊ីកំពុងបង្កើនការវាយរុញថ្មីៗក្នុងប្រទេសដើម្បីពង្រឹងជំហរចរចារបស់ខ្លួន។ ក្រុមមន្ត្រីអ៊ុយក្រែនក៏រាយការណ៍អំពីកិច្ចប្រឹងប្រែងយោធាថ្មីរបស់រុស្ស៊ី នៅភាគឦសាននៃតំបន់ Kharkiv និងតំបន់ Sumy របស់អ៊ុយក្រែនផងដែរ។លោក Zelensky បាននិយាយក្នុងសុន្ទរកថាពេលល្ងាចរបស់លោក កាលពីថ្ងៃចន្ទ (២៦ ឧសភា) សប្ដាហ៍នេះថា មាន "ភស្តុតាងគ្រប់គ្រាន់" ថាទីក្រុងមូស្គូ កំពុង "រៀបចំប្រតិបត្តិការវាយរុញថ្មី ហើយរុស្ស៊ី កំពុងចង់ឱ្យសង្រ្គាមបន្តអូសបន្លាយ"។ លោក Jack Watling អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានចក្រភពអង់គ្លេស បាននិយាយនៅដើមខែនេះថា មានសញ្ញាដែលថារុស្ស៊ី បានចាប់ផ្តើមការវាយលុកនៅរដូវក្តៅរួចទៅហើយ ដោយបង្កើនការវាយសន្ធាប់ជាលំដាប់នៅភាគខាងកើតអ៊ុយក្រែន។ក្រុមអ្នកវិភាគនិយាយថា រុស្ស៊ីទំនងជាមិនមានធនធានដើម្បីធ្វើការវាយលុកទ្រង់ទ្រាយធំនៅចំណុចជាច្រើនតាមជួរមុខរាប់រយគីឡូម៉ែត្រក្នុងរដូវក្តៅនេះទេ ប៉ុន្តែអាចផ្តោតលើកងទាហាន និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៀតនៅចំណុចជាក់លាក់ណាមួយ ដើម្បីធ្វើឱ្យប្រព័ន្ធការពាររបស់អ៊ុយក្រែន បន្តស្ថិតនៅក្រោមសម្ពាធ៕

សង្គ្រាមពាក្យសម្តីចាប់ផ្ដើមឡើងកម្ដៅ ខណៈរុស្ស៊ីបន្ទោសលោកTrump ដែលថា លោក Putinកំពុងប្រលែងលេងជាមួយភ្លើង

2025/05/28 12:48:12 pm        132
មន្ត្រីសន្តិសុខជាន់ខ្ពស់នៅទីក្រុងមូស្គូបានស្តីបន្ទោសប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងបានលើកឡើងពីគ្រោះថ្នាក់នៃសង្គ្រាមលោកមួយផ្សេងទៀត ដែលកំពុងផ្ទុះឡើងបន្ទាប់ពីលោក Trump បាននិយាយថាមេដឹកនាំរុស្ស៊ីលោក Vladimir Putin កំពុងប្រលែងលេងជាមួយភ្លើង ដោយសារការបដិសេធមិនចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់អ៊ុយក្រែនជាមួយទីក្រុង Kyiv ។លោក Dmitry Medvedev បាននិយាយថា សង្គ្រាមលោកលើកទី ៣ គឺជា "រឿងអាក្រក់" តែមួយគត់ ក្នុងការឆ្លើយតបកាលពីល្ងាចថ្ងៃអង្គារទៅកាន់លោក Trump ដែលមុននោះ បានបង្ហោះសារទៅកាន់លោក Putin នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយនិយាយថា រឿងអាក្រក់ពិតជានឹងកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ដោយគ្មានការអន្តរាគមន៍ពីរូបលោក។   លោក Trump បាននិយាយក្នុងការបង្ហោះនៅលើវេទិកាបណ្ដាញសង្គម Truth Social ថា អ្វីដែលលោក Vladimir Putin មិនដឹងនោះគឺថា ប្រសិនបើមិនមែនសម្រាប់លោកទេ រឿងអាក្រក់ជាច្រើននឹងកើតឡើងរួចហើយនៅក្នុងប្រទេសរុស្ស៊ី ហើយលោកចង់បានន័យថាពិតជាអាក្រក់ណាស់។លោក Medvedev បានឆ្លើយតបនៅលើវេទិកាបណ្ដាញសង្គម X ថា ទាក់ទងនឹងពាក្យសម្ដីរបស់លោក Trump ដែលថាលោកPutinកំពុងប្រលែងលេងជាមួយភ្លើង និងពិតជារឿងអាក្រក់ ដែលកើតឡើងចំពោះប្រទេសរុស្ស៊ីនោះ លោកដឹងតែរឿងអាក្រក់មួយប៉ុណ្ណោះនោះគឺសង្គ្រាមលោកលើកទី៣ ហើយលោកសង្ឃឹមថាលោក Trump យល់ពីរឿងនេះ។លោក Medvedev ដែលបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Putin បានព្រមានដដែលៗចំពោះសង្រ្គាមអ៊ុយក្រែនថា ទីក្រុងមូស្គូ អាចប្រើអាវុធនុយក្លេអ៊ែរ៕

ប្រទេសឥណ្ឌា ព្យាករថាមានទឹកភ្លៀងធ្លាក់លើសកម្រិតមធ្យម ក្នុងការជំរុញដល់សេដ្ឋកិច្ច

2025/05/28 12:45:19 pm        113
រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារទី២៧ ឧសភាថា ប្រទេសឥណ្ឌាទំនងជានឹងមើលឃើញមានភ្លៀងមូសុងលើសកម្រិតតមធ្យមសម្រាប់ឆ្នាំទីពីរជាប់ៗគ្នាក្នុងឆ្នាំ២០២៥នេះ ដោយរក្សាការព្យាករណ៍របស់ខ្លួនចាប់ពីខែមេសា និងរក្សាបាននូវលទ្ធភាពនៃទិន្នផលកសិកម្មខ្ពស់ និងកំណើនសេដ្ឋកិច្ច។ភ្លៀងធ្លាក់បានសព្វកន្លែងនឹងជួយធ្វើឱ្យតម្លៃស្បៀងធ្លាក់ចុះ រក្សាអតិផរណាក្នុងរង្វង់ល្អប្រសើររបស់ធនាគារកណ្តាល និងអនុញ្ញាតឱ្យប្រទេសនាំចេញអង្ករច្រើនបំផុតរបស់ពិភពលោកមួយនេះ អាចដឹកជញ្ជូនអង្ករបានកាន់តែច្រើន។លោក Ravichandran រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រផែនដី បាននិយាយថា ភ្លៀងមូសុងត្រូវបានគេរំពឹងថានឹងមានចំនួនសរុប១០៦% នៃកម្រិតមធ្យមរយៈពេលវែងនៅឆ្នាំនេះ។ ក្រសួងឧតុនិយមឥណ្ឌា បានកំណត់ កម្រិតទឹកភ្លៀងធ្លាក់ជាមធ្យម ឬធម្មតាថា មានចន្លោះពី ៩៦% ទៅ១០៤% សម្រាប់រដូវកាលបួនខែ ចាប់ពីខែមិថុនា ដល់ខែកញ្ញា។ភ្លៀងមូសុងផ្តល់ទឹកភ្លៀងជិត៧០% ត្រូវការសម្រាប់ដំណាំ និងបំពេញអាងស្តុកទឹក និងអាងទឹកនៅក្នុងប្រទេសឥណ្ឌា។ ដោយសារជិតពាក់កណ្តាលនៃដីស្រែចំការរបស់ប្រទេស ពុំមានប្រព័ន្ធធារាសាស្រ្ត វាអាស្រ័យលើទឹកភ្លៀងពីខែមិថុនា ដល់ខែកញ្ញា ដើម្បីដាំដុះដំណាំភាគច្រើន។

អ្នកគាំទ្រជំរុញការបោះឆ្នោតសម្រាប់ លោក Evo Morales នៅក្នុងប្រទេសបូលីវី ទោះបីជាមានបម្រាមក៏ដោយ

2025/05/28 12:17:52 pm        84
អ្នកគាំទ្រអតីតប្រធានាធិបតីប្រទេសបូលីវី លោក Evo Morales បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ ដោយទាមទារឱ្យទទួលយកលោកជាបេក្ខជនប្រធានាធិបតី ទោះបីជាមានបម្រាមពីតុលាការបោះឆ្នោតក៏ដោយ។តុលាការបោះឆ្នោត បានចេញសេចក្តីសម្រេចថា គណបក្សសម្ព័ន្ធរបស់លោក Morales គឺគណបក្សសកម្មភាពជាតិបូលីវី (PAN BOL) មិនអាចចុះឈ្មោះរបស់លោកជាបេក្ខជនបានទេ សម្រាប់ការបោះឆ្នោតនៅខែសីហា ខាងមុខ។ យោងតាមសមាជិកតុលាការបោះឆ្នោតម្នាក់ បាននិយាយថា សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការខកខានរបស់គណបក្សក្នុងការបញ្ជូនបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនក្នុងលក្ខណៈឲ្យទាន់ពេលវេលា ។ប្រធានគណបក្សសកម្មភាពជាតិបូលីវី (PAN BOL) លោក Ruth Nina បានប្រកាសពីផែនការដើម្បីតតាំងនឹងសេចក្តីសម្រេចរបស់តុលាការ។ ក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកម្ម ដោយដុតរូបសំណាក លោកប្រធានាធិបតី លូអ៊ីស អាស (Luis Arce)។គណបក្សរបស់ លោក Arce គឺគណបក្សចលនាដើម្បីសង្គមនិយម (MAS) បានតែងតាំងប្រធានព្រឹទ្ធសភា លោក Andronico Rodriguez ជាបេក្ខជនរបស់ខ្លួន។ លោក Rodriguez ដែលជាអតីតសម្ព័ន្ធមិត្តរបស់ លោក Morales ក៏ត្រូវបានព្យួរបេក្ខភាពរបស់លោកផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
09/09/2025 09:09 PM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
09/09/2025 09:09 PM
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF
09/09/2025 07:09 PM