អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF

ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្តារឡើងវិញវិស័យរ៉ែសម្រាប់ការវិនិយោគ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក

2025/05/28 12:14:11 pm        114
អ៊ុយក្រែន កំពុងស្តារឡើងវិញវិស័យរ៉ែរបស់ខ្លួន ក្នុងគោលបំណងទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារ ពីកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក។ យោងតាមរដ្ឋមន្ត្រីបរិស្ថាន លោក Svitlana Hrynchuk បានប៉ាន់ប្រមាណថា វិស័យនេះបានខាតបង់ប្រហែល១,៧សែនកោដ៍ដុល្លារ ក្នុងអំឡុងពេលសង្រ្គាមរយៈពេល៣ឆ្នាំរបស់រុស្ស៊ី មកលើអ៊ុយក្រែន។«វាពិតជាមានតម្លៃ ដោយបានចង្អុលបង្ហាញថា ភាគរយនៃរ៉ែ មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់យើង ដែលមានទីតាំងនៅក្នុងទឹកដីកាន់កាប់ប្រហែល៥០%»។ ទីក្រុងគីវ (Kyiv) និងទីក្រុងវ៉ាស៊ីនតោន(Washington) បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងរ៉ែ កាលពីខែមេសា ដែលត្រូវបានជំរុញយ៉ាងខ្លាំងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។វាបានបង្កើតមូលនិធិមួយដ៏សកម្មនៅថ្ងៃទី២៣ ខែឧសភា ដែលនឹងទទួលបានប្រាក់ពីអាជ្ញាប័ណ្ណរុករករ៉ែថ្មី នៅក្នុងប្រទេសអ៊ុយក្រែន និងការវិនិយោគលើគម្រោងរ៉ែ។ ប្រទេសនេះ មានធនធានរ៉ែចំនួន២២ប្រភេទក្នុងចំណោម៣៤ប្រភេទដែលត្រូវបានសហភាពអឺរ៉ុបចាត់ទុកថាមានសារៈសំខាន់សម្រាប់ឧស្សាហកម្ម រួមទាំងវិស័យការពារជាតិ និងថាមពលបៃតង។លោក Hrynchuk បាននិយាយថា អ៊ុយក្រែនបច្ចុប្បន្ននេះ កំពុងផ្តោតលើការធ្វើឲ្យប្រសើរលទ្ធភាពទទួលបានព័ត៌មាន និងទិន្នន័យស្តីពីការរុករកភូមិសាស្ត្រ និងការបញ្ចប់ចុងក្រោយបញ្ជីនៃធនធានរ៉ែសំខាន់ៗ និងយុទ្ធសាស្ត្រដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច។

រុស្ស៊ី ចោទអ៊ុយក្រែនថា កំពុងព្យាយាមបង្អាក់កិច្ចចរចាសន្តិភាព

2025/05/28 12:10:46 pm        104
រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ គឺជា «ការឆ្លើយតប» ចំពោះការបង្កើនការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើជនស៊ីវិលរបស់ខ្លួន ដោយចោទប្រកាន់ទីក្រុងគីវ ពីការព្យាយាម «បង្អាក់» កិច្ចខិតខំប្រឹងប្រែងសន្តិភាព។ទីក្រុងមូស្គូ ដែលបានច្រានចោលសំណើម្តងហើយម្តងទៀតពីទីក្រុងគីវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ បានបង្ហោះយានដ្រូនរាប់រយគ្រឿងចូលទៅកាន់ប្រទេសអ៊ុយក្រែននៅចន្លោះពីល្ងាចថ្ងៃសុក្រដល់ថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សរាប់សិបនាក់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលបាននិងកំពុងព្យាយាមសម្របសម្រួលដើម្បីបញ្ចប់ការវាយលុករយៈពេលបីឆ្នាំរបស់ទីក្រុងមូស្គូ បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន «ពិតជាឆោតល្ងង់ខ្លាំងណាស់» ហើយបានគំរាមរុស្ស៊ីដោយការដាក់ទណ្ឌកម្មជុំវិញការវាយប្រហារនេះ។កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់ការប្រយុទ្ធគ្នា បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាដោយផ្ទាល់លើកដំបូងក្នុងរយៈពេលបីឆ្នាំមកនេះ កាលពីដើមខែនេះ។ ប៉ុន្តែលោក ពូទីន ត្រូវបានគេចោទប្រកាន់ពីបទធ្វើឲ្យជាប់គាំងកិច្ចចរចាសន្តិភាព។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ទីក្រុងគីវ ដោយមានការគាំទ្រពីបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានចាត់វិធានការបង្កហេតុជាបន្តបន្ទាប់ ដើម្បីរារាំងការចរចាដែលផ្តួចផ្តើមដោយរុស្ស៊ី»។

ទីភ្នាក់ងារ UN៖ ពលរដ្ឋហ្កាហ្សាជិត ១៨ម៉ឺននាក់ បង្ខំចិត្តភៀសខ្លួនក្នុងពេល ១០ថ្ងៃចុងក្រោយនេះ

2025/05/28 11:57:27 am        114
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៧ ឧសភា) ថា ការវាយលុកជាថ្មីដ៏កម្រោលរបស់យោធាអ៊ីស្រាអែល បានបង្ខំឱ្យមនុស្សជិត ១៨០.០០០នាក់ ត្រូវរត់គេចការទម្លាក់គ្រាប់បែក ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយរហូតដល់ថ្ងៃទី២៥ ខែឧសភា។នៅក្នុងសេចក្តីថ្លែងការណ៍មួយជំនួសនាមឱ្យអង្គការសម្របសម្រួលជំរំភៀសខ្លួនសកល GCC និងក្រុមគ្រប់គ្រងជំរំ CMC ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ទីភ្នាក់ងារ IOM បង្ហាញសម្ដែងការប្រកាសអាសន្នយ៉ាងជ្រាលជ្រៅ និងរិះគន់ការវាយប្រហារដោយផ្ទាល់លើទីជម្រក ដែលខ្លួននិយាយថាបានក្លាយទៅជា "រឿងធម្មតា" ទៅហើយនៅហ្កាហ្សា។សេចក្តីថ្លែងការណ៍និយាយថា សរុបមក មនុស្សជិត ៦១៦.០០០នាក់ ត្រូវភៀសខ្លួនចាប់តាំងពីការបញ្ចប់បទឈប់បាញ់នៅថ្ងៃទី១៨ ខែមីនា។ អំឡុងពេលបទឈប់បាញ់នោះ ប្រជាជនប៉ាឡេស្ទីនប្រហែលកន្លះលាននាក់ អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន ប៉ុន្តែ "វឌ្ឍនភាពដ៏ផុយស្រួយនោះ ឥឡូវនេះត្រូវបានផ្លាស់ប្តូរវិញហើយ"។អង្គការ IOM សង្កត់ធ្ងន់ថា “ជាមួយនឹងបញ្ហាដែលកំពុងបន្តជាច្រើន ជនស៊ីវិលមិនទាន់មានការធានានូវទីជម្រក ជំនួយ ឬការការពារនៅឡើយទេ"។ IOM បន្ថែមថា ការរឹតបន្តឹងបម្លាស់ទីប្រជាជនឥតឈប់ឈរ និងការវាយប្រហារមិនរើសមុខលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងទីជម្រក សាលារៀន មន្ទីរពេទ្យ និងតង់ ក្នុងរយៈពេល ១៩ខែចុងក្រោយនេះ បានធ្វើឱ្យជនស៊ីវិលបន្តប្រឈមគ្រោះថ្នាក់ដ៏ធំធេង និងបង្កើនក្ដីបារម្ភយ៉ាងខ្លាំង៕

ភ្ញៀវទេសចរអន្តរជាតិ គេចពីទិសដៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសពួកគេរងពន្ធរបស់លោក Trump

2025/05/28 11:45:10 am        92
យោងតាមទិន្នន័យដែលប្រមូលដោយគេហទំព័រស្វែងរកសណ្ឋាគារ Trivago បានបង្ហាញថា ភ្ញៀវទេសចរមកពីបណ្តាប្រទេសនានា ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសាររបាំងពន្ធពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងកក់ការធ្វើដំណើរតិចជាងមុន និងបង្វែរទិសដៅដំណើរកម្សាន្តគេចចេញពីសហរដ្ឋអាមេរិក។ ទិន្នន័យនេះបានបង្ហាញពីការធ្លាក់ចុះពីរខ្ទង់គិតជាភាគរយ នៃចំនួនអ្នកធ្វើដំណើរពីជប៉ុន កាណាដា និងម៉ិកស៊ិក ដែលជ្រើសរើសមិនទៅកម្សាន្តនៅអាមេរិក ចាប់តាំងពីលោក Trump បានប្រកាសពន្ធគយរបស់លោក។ កាលពីដើមខែនេះ ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (WTTC) បានព្យាកររួចហើយថា ការចំណាយរបស់អ្នកទេសចរនៅអាមេរិក នឹងធ្លាក់ចុះខ្លាំងពី ១៨១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ មកនៅតិចជាង ១៦៩ពាន់លានដុល្លារ ដោយសារតែការធ្លាក់ចុះនៃ "ទំនុកចិត្តរបស់អ្នកដំណើរអន្តរជាតិ"។អ្នកធ្វើដំណើរមកពីជុំវិញពិភពលោក បានប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងក្រោមការគ្រប់គ្រងព្រំដែន និងគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់រដ្ឋបាលលោក Trump ហើយប្រទេសជាច្រើន ក៏បានចេញការព្រមានប្រុងប្រយ័ត្នដល់ពលរដ្ឋដែលធ្វើដំណើរទៅសហរដ្ឋអាមេរិក។ចាប់តាំងពីលោក Trump បានប្រកាសពន្ធជាបន្តបន្ទាប់ក្នុងខែកុម្ភៈមក អ្នកដំណើរមកពីកាណាដា ម៉ិកស៊ិក និងជប៉ុន ព្រមទាំងអ្នកទេសចរអាល្លឺម៉ង់ បានកក់ការធ្វើដំណើរតិចជាងមុនទៅកាន់សហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យរបស់ Trivago។ ប្រទេសទាំងនេះស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងក្លាជាងគេលើសកលលោក។ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ប្រទេសអាល្លឺម៉ង់ មានសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោក ខណៈជប៉ុនជាសេដ្ឋកិច្ចធំទីប្រាំ៕

អាមេរិក ផ្អាកដំណើរការទិដ្ឋាការនិសិ្សត ខណៈលោក Trump និងលោក Rubio បង្កើនការពិនិត្យបណ្តាញផ្សព្វផ្សាយសង្គម

2025/05/28 11:38:23 am        79
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារ (២៧ ឧសភា) បានបញ្ជាឱ្យផ្អាកដំណើរការទិដ្ឋាការនិស្សិត ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បង្កើនការត្រួតពិនិត្យបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន។វាគឺជាចំណាត់ការចុងក្រោយដែលផ្តោតលើនិស្សិតអន្តរជាតិ ជាប្រភពចំណូលដ៏សំខាន់សម្រាប់សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បន្ទាប់ពីលោក Rubio បានលុបចោលទិដ្ឋាការរាប់រយ ហើយរដ្ឋបាល របស់លោកTrump មានចំណាត់ការរារាំងសាកលវិទ្យាល័យ Harvard មិនឲ្យទទួលយកនណាម្នាក់ដែលពុំមែនជាពលរដ្ឋអាមេរិក។ការចុះហត្ថលេខាដោយ លោក Rubio ត្រូវបានឃើញដោយសារព័ត៌មាន AFP បញ្ជាឱ្យស្ថានទូត និងស្ថានកុងស៊ុល មិនអនុញ្ញាតឱ្យ «បន្ថែមនិស្សិត ឬផ្លាស់ប្តូរទិដ្ឋាការ និងសមត្ថភាពក្នុងការណាត់ជួប រហូតដល់គោលការណែនាំបន្ថែមត្រូវបានចេញ»។ ក្រសួងការបរទេស មានផែនការចេញការណែនាំស្តីពីការពង្រីកការត្រួតពិនិត្យបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់ការដាក់ពាក្យស្នើសុំទាំងអស់។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ នោះទេ ប៉ុន្តែបាននិយាយថា «យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការត្រួតពិនិត្យ ថាតើនរណាខ្លះចូលមកក្នុងប្រទេសនេះ»។ លោកស្រី និយាយថា «វាជាគោលដៅមួយ ដូចដែលបានថ្លែងដោយប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេស លោក Rubio ដើម្បីធ្វើឱ្យប្រាកដថា អ្នកដែលនៅទីនេះយល់អ្វីជាច្បាប់ ហើយពួកគេគ្មានបំណងសម្រាប់ឧក្រិដ្ឋកម្មណាមួយ ដែលពួកគេនឹងរួមចំណែកដល់បទពិសោធន៍នៅទីនេះ ទោះបីជាស្ថានភាពរបស់ពួកគេមានរយៈពេលខ្លី ឬវែងក៏ដោយ»។

មនុស្ស ៥នាក់បានស្លាប់ ក្នុងការផ្ទុះរោងចក្រគីមីនៅចិន ខណៈអ្នកស្រុកចាប់ផ្ដើមការសម្អាត

2025/05/28 11:35:27 am        80
អ្នកស្រុកនៅក្បែររោងចក្រគីមី ដែលបានផ្ទុះនៅខេត្ត Shandong ភាគខាងកើតប្រទេសចិន នៅថ្ងៃពុធ (២៨ ឧសភា) នេះ បានចុះទៅវាយតម្លៃការខូចខាត ចាប់ផ្ដើមការសម្អាត និងតាមដានគុណភាពខ្យល់នៅភូមិរបស់ពួកគេ ដោយភ័យខ្លាចថានៅមានជាតិពុលពីការផ្ទុះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ កាលពីមួយថ្ងៃមុននោះ។ផ្សែងខ្មៅ និងប្រផេះយ៉ាងឃ្មួលខ្មាញ់នៅតែហុយឡើងពីទីតាំងកើតហេតុ ខណៈសេវាសង្គ្រោះបន្ទាន់បន្តប្រតិបត្តិការទៅកន្លែងនោះ ប៉ុន្តែមន្ត្រីមូលដ្ឋានមិនទាន់បញ្ចេញលទ្ធផលតេស្តគុណភាពខ្យល់ និងមូលហេតុនៃគ្រោះថ្នាក់នៅឡើយទេ។ការផ្ទុះកើតឡើងនៅមុនថ្ងៃត្រង់កាលពីថ្ងៃអង្គារ នៅឯរោងចក្រគីមី ដែលដំណើរការដោយក្រុមហ៊ុន Shandong Youdao Chemical ក្នុងទីក្រុង Gaomi ដោយបានបញ្ចេញផ្សែងភ្លើងពណ៌លឿងទុំ និងខ្មៅទៅលើមេឃ ហើយធ្វើឱ្យកម្ទេចកម្ទីរាយប៉ាយពាសពេញផ្លូវអស់ជាងមួយគីឡូម៉ែត្រ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា ក្រៅពីមនុស្ស ៥នាក់ស្លាប់ មានមនុស្ស ១៩នាក់រងរបួស និង ៦នាក់ទៀតនៅបន្តបាត់ខ្លួន។គេហទំព័ររបស់ក្រុមហ៊ុនបានបង្ហាញថា រោងចក្រ Shandong Youdao Chemical នេះត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០១៩ ហើយអភិវឌ្ឍ និងផលិតសមាសធាតុគីមីសម្រាប់ប្រើប្រាស់ក្នុងថ្នាំសម្លាប់សត្វល្អិត និងឱសថ ដែលផ្តល់ការងារដល់មនុស្សជាង ៣០០នាក់ នៅលើផ្ទៃដីជាង ៤៧ហិកតា៕

អង្គការសហប្រជាជាតិ ពុំបានទទួលព័ត៌មានជុំវិញការដឹកជញ្ជូនជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា

2025/05/28 11:32:09 am        70
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារទី ២៧ ឧសភាថា ខ្លួនគ្មានព័ត៌មានស្តីពីថាតើមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF) ដែលជាក្រុមផ្តល់ជំនួយគាំទ្រដោយសហរដ្ឋអាមេរិក បានដឹកជញ្ជូនការផ្គត់ផ្គង់ណាមួយចូលទៅក្នុងដែនដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាមនោះទេ។ក្រុមដែលគេពុំសូវស្គាល់ បានបង្កភាពចម្រូងចម្រាសចាប់តាំងពីបានលេចឡើងកាលពីដើមខែឧសភា ដែលបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ផ្តើមចែកចាយស្បៀងអាហារតាមរថយន្តដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែមន្ត្រីមកពីទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA និង UNRWA ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បាននិយាយថា ពួកគេមិនបានដឹង ថាតើជំនួយណាមួយត្រូវបានចែកចាយពិតប្រាកដនោះទេ។ អង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយអន្តរជាតិ និយាយថា ពួកគេនឹងមិនសហការជាមួយមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF)ទេ ក្នុងពេលមានការចោទប្រកាន់ថា មូលនិធិនេះកំពុងធ្វើការជាមួយអ៊ីស្រាអែល ដោយគ្មានការចូលរួមពីប៉ាឡេស្ទីន។អ្នកនាំពាក្យអង្គការ OCHA លោក Jens Laerke បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «វាគឺជាការរំខានពីអ្វីដែលត្រូវការជាក់ស្តែង ខណៈកំពុងបើកឡើងវិញនូវច្រកឆ្លងកាត់ទាំងអស់ទៅកាន់តំបន់ហ្កាហ្សា ជាការធានាបានបរិយាកាសសុវត្ថិភាពនៅក្នុងតំបន់ហ្កាហ្សា និងការសម្របសម្រួលកាន់តែលឿនជាងមុននៃការអនុញ្ញាត និងការអនុម័តចុងក្រោយការផ្គត់ផ្គង់ជំនួយបន្ទាន់ទាំងអស់ ដែលយើងមាននៅខាងក្រៅព្រំដែនដែលត្រូវការឲ្យចូលមក»។អ្នកនាំពាក្យរបស់ទីភ្នាក់ងារ UNRWA លោកស្រី Juliette Touma បានប្រាប់អ្នកសារព័ត៌មានថា ជំនួយទៅតំបន់ហ្កាហ្សានៅតែ «នៅឆ្ងាយ» ពីអ្វីដែលត្រូវការយ៉ាងហោចណាស់រថយន្តដឹកជំនួយពី ៥០០ ទៅ៦០០គ្រឿងក្នុងមួយថ្ងៃ ដែលផ្ទុកដោយស្បៀងអាហារ ជំនួយផ្នែកវេជ្ជសាស្រ្ត ប្រេងឥន្ធនៈ ទឹក និងការផ្គត់ផ្គង់មូលដ្ឋានផ្សេងៗទៀត។

NYT៖ ប្រមុខណាតូបារម្ភថាជម្លោះរវាងលោកTrump-Zelenskyy អាចរំខានដល់កិច្ចប្រជុំកំពូលនៅស្វីស

2025/05/28 11:15:02 am        151
យោងតាមមន្ត្រី និងអ្នកការទូតអឺរ៉ុប អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បារម្ភថាកិច្ចប្រជុំកំពូលអង្គការនេះដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ដល់២៥ខែមិថុនា នៅប្រទេសស្វីស អាចត្រូវបានរំខាន ដោយសារការប្រេះឆារវាងលោក Donald Trump និងលោកVolodymyr Zelenskyy ។យោងតាមសារព័ត៌មាន New York Times លោក Rutte និងមសាជិកអឺរ៉ុបភាគច្រើន ជំនួបនោះ ត្រូវគេរំពឹងថានឹងផ្ដោតលើការរបង្កើនវិស័យយោធា និងលទ្ធភាពនៃសមាជិកភាពរបស់អ៊ុយក្រែន។ ប្រមុខអង្គការណាតូរូបនេះ ចង់ឱ្យកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សម្ព័ន្ធភាពនៅខែក្រោយមានរយៈពេលខ្លី និងរលូនដើម្បីទប់ស្កាត់ប្រភេទនៃភាពមិនចុះសម្រុងគ្នាដោយបើកចំហលើអ៊ុយក្រែន ដែលបានប៉ះពាល់ដល់ការជួបជុំគ្នាកាលពីពីរឆ្នាំមុន នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Caliber.Az ដែលបានសំអាងប្រភពពីសារព័ត៌មាន The New York Times ។ទោះយ៉ាងណាក៏ដោយ វត្តមានរបស់លោក Trump គឺជាការល្អក់កកជាមួយសម្ព័ន្ធមិត្តអឺរ៉ុបទាក់ទងនឹងអនាគតរបស់អ៊ុយក្រែន ដែលអាចធ្វើឲ្យផែនការរបស់លោក Rutte ស្មុគស្មាញ។ក្នុងពេលជាមួយគ្នានេះ លោកTrump ដែលកំពុងបន្ថយការគាំទ្រសម្រាប់អ៊ុយក្រែន បានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ក្នុងសង្គ្រាម និងស្វែងរកការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងជាមួយរុស្ស៊ី។   ដោយមើលឃើញពីអ្វីទាំងអស់នោះ តួនាទីរបស់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលគឺមានភាពមិនច្បាស់លាស់នោះទេ ដោយសារការមិនចុះសម្រុងគ្នារបស់លោកTrumpជាមួយលោក Volodymyr Zelenskyy ដែលត្រូវបានគេរំពឹងថានឹងចូលរួមផងដែរ។ គេមិនច្បាស់ទេថាលោក Zelenskyy នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងអាហារពេលល្ងាចនាឱកាសបើកកិច្ចប្រជុំកំពូលដ៏សំខាន់នោះឬយ៉ាងណា។គួររម្លឹកថាលោក Trump និងលោក Zelenskyបានប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងក្ដៅគគុកក្នុងកិច្ចប្រជុំនៅសេតវិមានកាលពីខែកុម្ភៈជាទីដែលលោកបានចោទលោក Zelenskyថាបានលេងល្បែងសង្គ្រាមលោកលើកទី៣ ដោយបដិសេធការស្វែងសន្តិភាពជាមួយក្រុងមូស្គូ៕

រូបភាពផ្កាយរណប៖ សហរដ្ឋអាមេរិក កំពុងកសាងកម្លាំងទ័ពអាកាសនៅមូលដ្ឋានកោះ ជិតប្រទេសអ៊ីរ៉ង់

2025/05/28 10:45:23 am        108
អ្នកវិភាគព័ត៌មានសម្ងាត់ពីប្រភពបើកចំហបាននិយាយថា រូបភាពពីផ្កាយរណបថ្មីបានបង្ហាញពីកងកម្លាំងសហរដ្ឋអាមេរិក កំពុងបង្កើនកម្លាំងទ័ពអាកាសរបស់ខ្លួននៅមូលដ្ឋានមហាសមុទ្រឥណ្ឌា ដែលអាចជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារណាមួយលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។សកម្មភាពដែលកំពុងដំណើរការនៅមូលដ្ឋានទ័ពអាកាស Diego Garcia ចម្ងាយជាង ៣.២០០គីឡូម៉ែត្រពីអ៊ីរ៉ង់ ដែលក៏ជាទីតាំងប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ទាំងកងទ័ពចក្រភពអង់គ្លេសផងដែរនោះ បានកើតឡើងស្របពេលមានភាពតានតឹងមិនអន់ថយរវាងអាមេរិក និងអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ថ្មីៗនេះ កងទ័ពអាកាសអាមេរិក បានបង្កើនសមត្ថភាពចាក់ប្រេងពីលើអាកាសរបស់ខ្លួននៅមូលដ្ឋាន Diego Garcia ដោយដាក់ពង្រាយយានដឹកប្រេងតាមអាកាស KC-135 បន្ថែមទៀតទៅកាន់មូលដ្ឋានយុទ្ធសាស្ត្រនៃមហាសមុទ្រឥណ្ឌា នេះបើយោងតាមរូបភាពពីផ្កាយរណប។ ការដាក់ពង្រាយយន្តហោះចម្បាំង F-15 នាពេលថ្មីៗនេះ ក៏បានបន្ថែមលើការបង្កើនកម្លាំងយោធារបស់អាមេរិក នៅ Diego Garcia ផងដែរ។ទោះជាកិច្ចចរចានុយក្លេអ៊ែរនៅតែបន្តក៏ដោយ លោកប្រធានាធិបតី Donald Trump បានគំរាមប្រើកម្មភាពយោធា ប្រសិនបើការទូតបរាជ័យមិនអាចរកបានកិច្ចព្រមព្រៀងថ្មីដើម្បីរារាំងអ៊ីរ៉ង់ មិនឱ្យផលិតអាវុធនុយក្លេអ៊ែរទេនោះ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់ក៏បានបង្កើនការបង្កើនកម្លាំងយោធារបស់ខ្លួន ដោយគំរាមដល់គោលដៅរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ក្នុងករណីមានការវាយប្រហារណាមួយ៕

SpaceX បាញ់សាកល្បងយានអវកាស Starship ជាលើកទី៩ បន្ទាប់ពីបរាជ័យពីរលើកចុងក្រោយ

2025/05/28 10:40:11 am        86
យានអវកាស Starship ដែលជាយានអនាគតដ៏ទំនើបរបស់ក្រុមហ៊ុន SpaceX ដ៏មហិច្ឆតារបស់មហាសេដ្ឋី Elon Musk សម្រាប់ការធ្វើដំណើរពហុភព កំពុងស្ថិតក្នុងការហោះហើរតម្រង់ទៅកាន់ទីអវកាសចេញពីរដ្ឋតិចសាស់ (Texas) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២៧ ឧសភា) ក្នុងបេសកកម្មសាកល្បងលើកទីប្រាំបួនរបស់ខ្លួន ដោយហោះហើរបានឆ្ងាយជាងការប៉ុនប៉ងបរាជ័យពីរលើកចុងក្រោយ ដែលបានបញ្ចប់ដោយការផ្ទុះដ៏អាក្រក់។យានអវកាសពីរដំណាក់កាល ដែលរួមទាំងយាន Starship នេះ ត្រូវដាក់នៅលើកំពូលនៃយានជំរុញ Super Heavy របស់ SpaceX ដោយហោះឡើងនៅម៉ោងប្រហែល ៧:៣៦នាទីយប់ (ម៉ោងក្នុងស្រុក) ពីទីតាំងបើកដំណើរការ Starbase របស់ក្រុមហ៊ុន នៅឈូងសមុទ្រ Texas ក្បែរតំបន់ Brownsville។ដូចដែលបានរំពឹងទុក យានជំរុញដំណាក់កាលទី១ ប្រវែង ៧១ម៉ែត្រ បានបំបែកចេញពីយាន Starship ដំណាក់កាលខាងលើ ប៉ុន្មាននាទីបន្ទាប់ពីការបាញ់បង្ហោះ ហើយឆ្ពោះមកកាន់ផែនដីវិញ ប៉ុន្តែឧបករណ៍បញ្ជា SpaceX បានបាត់បង់ការទាក់ទងជាមួយយានជំរុញនោះអំឡុងពេលចុះចត។ ក្រោយមក យានជំរុញត្រូវបានសន្មត់ថាធ្លាក់ចូលទៅក្នុងសមុទ្រ ជំនួសឱ្យការគ្រប់គ្រងដែលក្រុមហ៊ុនបានគ្រោងទុក។យាន Starship ដំណាក់កាលខាងលើ បានបន្តឡើងទៅកាន់ទីអវកាស ទៅដល់អនុគន្លងដែលបានគ្រោងទុក ប្រហែល ៩នាទីក្នុងការហោះហើរ។ ប៉ុន្តែប្រហែលកន្លះម៉ោងក្រោយការបាញ់បង្ហោះ SpaceX បាននិយាយថា ក្រុមហោះហើររបស់ខ្លួនបានបាត់បង់ការគ្រប់គ្រងលើយាន Starship ដោយទុកឱ្យយានអវកាសនោះវិលខ្ញាល់ពិបាកគ្រប់គ្រង ខណៈបន្តឆ្ពោះទៅរកបរិយាកាសឡើងវិញ។បេសកកម្មលើកទី៩ នេះកើតឡើងបន្ទាប់ពីការសាកល្បងពីរលើកចុងក្រោយរបស់ខ្លួន - ក្នុងខែមករា និងខែមីនា - ធ្វើបានតែមួយភ្លែតប៉ុណ្ណោះបន្ទាប់ពីហោះឡើង ខណៈយានបានផ្ទុះជាបំណែក រួចធ្លាក់ទៅលើផ្នែកខ្លះនៃសមុទ្រការ៉ាអ៊ីប និងរំខានដល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
09/09/2025 09:09 PM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
09/09/2025 09:09 PM
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF
09/09/2025 07:09 PM