មន្ត្រីកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងអាមេរិក ពិភាក្សាគ្នា «យ៉ាងតានតឹង» ជុំវិញមូលនិធិ នៅមុនជំនួបកំពូល
ក្រុមអ្នកជំនាញ៖ អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា
នគរបាលអ៊ុយក្រែន សង្ស័យរុស្ស៊ីពាក់ព័ន្ធនឹងការសម្លាប់អតីតប្រធានសភា
ជប៉ុន និងកូរ៉េខាងត្បូងរកឃើញរដូវក្តៅដ៏ក្តៅបំផុតជាប់កំណតត្រានៅក្នុងប្រវត្តិសាស្រ្ត

ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់តវ៉ានៅក្រុង Gran Canaria ប្រទេសអេស្ប៉ាញប្រឆាំងភ្ញៀទេសចរកើនឡើងច្រើន

2025/05/19 11:40:35 am        84
មនុស្សរាប់ពាន់នាក់ បានចេញតវ៉ាប្រឆាំងវិស័យទេសចរណ៍កើនឡើងខ្លាំងនៅកោះ Canary ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យទី១៨ ខែឧសភា ដោយជំរុញឱ្យអាជ្ញាធរកំណត់ចំនួនភ្ញៀវទេសចរដើម្បីការពារប្រជាជនក្នុងតំបន់ពីការកើនឡើងតម្លៃលំនៅឋាន ការកកស្ទះចរាចរណ៍ និងសេវាលើសបន្ទុក។ការដើរក្បួនតវ៉ាក្រោមផ្ទាំងបដា «ប្រជុំកោះCanaries ត្រូវការ ការកំណត់» ខណៈក្រុមបាតុករបានចេញធ្វើបាតុកម្មនៅគ្រប់កោះធំៗរបស់ប្រជុំកោះ និងនៅតាមទីក្រុងជាច្រើន ក្នុងប្រទេសអេស្ប៉ាញដីគោក។ អ្នកតវ៉ាមួយចំនួនបានស្រែកពីផលប៉ះពាល់នៃវិស័យទេសចរណ៍លើការផ្គត់ផ្គង់ទឹក។អ្នកសម្របសម្រួលអង្គការ Greenpeace សម្រាប់ប្រជុំកោះ Canary លោកស្រី Marta Flores បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា «យើងមិនប្រឆាំងវិស័យទេសចរណ៍ទេ សូមឱ្យច្បាស់អំពីរឿងនេះ ទេសចរណ៍គឺជាប្រភពនៃប្រាក់ចំណូល ហើយវាជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រជុំកោះ Canary ប៉ុន្តែគំរូបច្ចុប្បន្នគឺការលោភលន់ហួសហេតុនៅពេលនិយាយអំពីបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ដែលខ្វះខាតខ្លាំងនៅលើប្រជុំកោះនេះ»។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសច្រើនជាងមួយលាននាក់បានទៅលេងកោះ Canary ជារៀងរាល់ខែ ដោយប្រៀបធៀបទៅនឹងប្រជាជនក្នុងស្រុកមានចំនួនត្រឹមតែ២,២លាននាក់។ លោក Victor Suarez អ្នកនាំពាក្យនៅប្រជុំកោះ Canary Islands បាននិយាយថា «វាជៀសមិនរួចនោះទេ នៅចំពោះមុខមហន្តរាយសង្គម និងបរិស្ថានបែបនេះ ដែលប្រជាជននឹងគ្មានការខឹងសម្បារនោះ ដោយត្រូវតែស្វែងរកដំណោះស្រាយ និងមធ្យោបាយដើម្បីបង្ហាញពីកំហឹងរបស់ពួកគេ ខណៈមានការដួលរលំបរិស្ថាន និងសង្គម។ ប្រទេសនេះបានមើលឃើញពីការតវ៉ាជាច្រើនប្រឆាំងវិស័យទេសចរណ៍ច្រើនហួសហេតុនៅក្នុងតំបន់គោលដៅវិស្សមកាលដ៏ពេញនិយមផ្សេងៗ រួមមាននៅកោះ Mallorca, Barcelona និងកោះ Malaga ។

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅសូម៉ាលី សម្លាប់មនុស្សជាង១០នាក់ នៅមូលដ្ឋានជ្រើសរើសកងទ័ព

2025/05/19 11:35:35 am        100
សាក្សីបានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានកំណត់គោលដៅលើយុវជនកំពុងតម្រង់ជួរនៅកន្លែងចុះឈ្មោះជ្រើសរើសកងទ័ពនៅមូលដ្ឋានយោធា Damanyo ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី ជាការវាយប្រហារដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធអាល់សាបាប។មេបញ្ជាការយោធា លោក Suleiman បាននិយាយថា យុវជនជាច្រើននាក់ កំពុងតម្រង់ជួរនៅច្រកទ្វារមូលដ្ឋាន នៅពេលនោះអ្នកវាយប្រហារបានបំផ្ទុះគ្រឿងផ្ទុះរបស់ខ្លួន។ លោកបាននិយាយបន្តថា «ខ្ញុំនៅផ្នែកម្ខាងផ្លូវ ពេលនោះម៉ូតូកង់បីបើកក្នុងល្បឿនលឿនបានឈប់ហើយបុរសម្នាក់បានរត់ទៅកាន់ជួរយុវជន រួចក៏បំផ្ទុះគ្រាប់បែក។ ក្នុងឧបទ្ទវហេតុនេះមនុស្សជាង១០នាក់ស្លាប់ក្នុងនោះមានទាំងអ្នកតម្រង់ជួរចុះឈ្មោះ និងអ្នកធ្វើដំណើរឆ្លងកាត់។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើង»។សាក្សីម្នាក់និយាយថា «ភ្លាមៗក្រោយការបំផ្ទុះដ៏ខ្លាំងបានកើតឡើង តំបន់នេះត្រូវបានគ្របដណ្តប់ដោយផ្សែងក្រាស់ដែលយើងពុំអាចមើលឃើញព័ត៌មានលម្អិតអំពីជនរងគ្រោះ»។ បុគ្គលិកពេទ្យនៅមន្ទីរពេទ្យយោធាបាននិយាយថា ពួកគេបានទទួលអ្នករងរបួសចំនួន៣០នាក់ពីការបំផ្ទុះនេះ ហើយអ្នករបួស៦នាក់បានស្លាប់ភ្លាមៗ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម al Shabaab បាននិយាយថា ខ្លួននៅពីក្រោយការវាយប្រហារនេះ ហើយខ្លួនបានសម្លាប់ទាហានដល់ទៅជាង៣០នាក់ និងរបួសជាង ៥០នាក់ផ្សេងទៀត។ ក្រុម al Shabaab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានធ្វើការបះបោរនៅក្នុងប្រទេសសូម៉ាលី ចាប់តាំងពីឆ្នាំ២០០៧ ហើយកាលពីពេលថ្មីៗនេះបាននិងកំពុងប្រយុទ្ធជាមួយកងទ័ពដើម្បីពង្រីកការដណ្តើមយកប្រទេសសូម៉ាលីភាគកណ្តាល។

ប្រមុខការទូតអាមេរិក និយាយថា អាមេរិកគ្មានពេលខ្ជះខ្ជាយក្នុងការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនទេ

2025/05/19 10:37:09 am        185
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថាបច្ចុប្បន្ននេះ ការអត់ធ្មត់គឺចាំបាច់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែពួកលោកគ្មានពេលវេលាខ្ជះខ្ជាយទេ ដោយលោកព្រមានទីក្រុងមូស្គូថាកុំឱ្យផ្តល់សំណើបទឈប់បាញ់មិនច្បាស់លាស់។ លោក Rubio បាននិយាយនៅលើកម្មវិធី "Face the Nation" របស់ទូរទស្សន៍៍ CBS ដោយលើកជាសំនួរថា តើពួកគេកំពុងតាមពួកលោកឬអត់? នោះគឺជាអ្វីដែលពួកលោកកំពុងព្យាយាមស្វែងរក។ លោក Rubio បាននិយាយបន្ទាប់ពីគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានជួបប្រជុំគ្នានៅប្រទេសទួរគីកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ពួកគេបានយល់ព្រមថាពួកគេនឹងផ្លាស់ប្តូរឯកសារលើគំនិតដែលឈានដល់បទឈប់បាញ់។ ប្រសិនបើឯកសារទាំងនោះមានគំនិតអំពីពួកគេថា ប្រាកដនិយម និងសមហេតុផល នោះលោកគិតថានឹងមានវឌ្ឍនភាពហើយ។ លោក Rubio បានបន្ថែមថា មានធាតុផ្សំមួយចំនួននៃការអត់ធ្មត់ដែលត្រូវបានទាមទារ។ ម្យ៉ាងវិញទៀត ពួកលោកពុំមានពេលវេលាខ្ជះខ្ជាយទេ ដូច្នេះពួកលោកមិនចង់ចូលរួមក្នុងដំណើរការនៃកិច្ចពិភាក្សាដែលគ្មានទីបញ្ចប់នោះទេ។  លោកបានសម្តែងសុទិដ្ឋិនិយមថា ផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការនិយាយដោយផ្ទាល់តាមទូរស័ព្ទនៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin អាចបំបែកភាពជាប់គាំងបាន៕

ភ្លៀងធ្លាក់ខ្លាំងឆក់យកជីវិតមនុស្ស៥ នាក់ នៅភាគខាងត្បូងប្រទេសចិន ខណៈអាជ្ញាធរជូនដំណឹងគ្រោះមហន្តរាយ

2025/05/19 09:49:04 am        169
ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុង(Guangdong) និងក្វាងស៊ី ( Guangxi) ភាគខាងត្បូងរបស់ប្រទេសចិន បានឆក់យកជីវិតមនុស្ស៥ នាក់ និងមនុស្សជាច្រើននាក់បាត់ខ្លួន កាលពីចុងសប្តាហ៍មុនថ្មីៗនេះ ខណៈក្រុមអាជ្ញាធរបានចេញការជូនដំណឹងសម្រាប់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់នៅតំបន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងប្រទេសនេះ។មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបានចេញការព្រមានជាច្រើនកាលពីចុងសប្តាហ៍អំពីភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់របស់ខេត្ត ជាំងស៊ី (Jiangxi) ជេជាំង (Zhejiang)ហ្វូជៀន (Fujian)ក្វាងស៊ី(Guangxi) ក្វាងទុង (Guangdong) និងខេត្ត ស៊ីនជាំង (Xinjiang) ភាគពាយ័ព្យចាប់ពីថ្ងៃអាទិត្យ ១៨ឧសភា ដល់ថ្ងៃចន្ទសប្ដាហ៍នេះ។ សារព័ត៌មាន ស៊ីនហួ (Xinhua)បាននិយាយថា ការប្រកាសអាសន្នពណ៌លឿងត្រូវបានចេញនៅក្នុងផ្នែកនៃខេត្ត ជេជាំង ហ្វូជៀន ក្វាងទុង និងក្វាងស៊ី ដែលបង្ហាញពីហានិភ័យខ្ពស់នៃទឹកជំនន់តំបន់ភ្នំ។ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុបួនកម្រិតដែលមានពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌លឿងទុំ ពណ៌លឿង និងពណ៌ខៀវ៕

មេដឹកនាំអឺរ៉ុប និងអង់គ្លេសពិភាក្សាជាមួយលោក Trump មុនជួបតាមទូរស័ព្ទជាមួយលោក Putin

2025/05/19 09:22:35 am        147
អ្នកនាំពាក្យរបស់ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស 10 Downing Street បាននិយាយថាលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានពិភាក្សាពីសង្គ្រាមនៅអ៊ុយក្រែនជាមួយបណ្ដាមេដឹកនាំសហរដ្ឋអាមេរិក អ៊ីតាលី បារាំង និងអាល្លឺម៉ង់ មុនការហៅទូរស័ព្ទតាមផែនការរបស់ប្រធានាធិបតីអាមេរិក Donald Trump ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃចន្ទទី១៩ឧសភាសប្ដាហ៍នេះ។ ភាពច្របូកច្របល់ការទូតនេះ កើតឡើងភ្លាមៗបន្ទាប់ពីការចរចាដោយផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃសុក្រសប្ដាហ៍មុន។អ្នកនាំពាក្យបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ក្រុមមេដឹកនាំបានពិភាក្សាពីភាពចាំបាច់សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងសម្រាប់លោក Putin ក្នុងការចរចាសន្តិភាពយ៉ាងហ្មត់ចត់ ដោយបន្ថែមថាក្រុមមេដឹកនាំទាំងនោះក៏បានលើកឡើងពីការប្រើប្រាស់ទណ្ឌកម្មផងដែរ បើរុស្ស៊ីមិនព្រមចូលរួមយ៉ាងម៉ឺងម៉ាត់ក្នុងបទឈប់បាញ់ និងការចរចាសន្តិភាពរួមគ្នា។ ក្នុងការធ្វើអត្ថាធិប្បាយទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយថា លោកបានពិភាក្សាបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ខណៈលោកទាំងពីរកំពុងចូលរួមក្នុងព្រះរាជពិធីគ្រងរាជ្យរបស់សម្តេច ប៉ាប Leo ទី១៤ នៅបុរីវ៉ាទីកង់។ លោក Merz បាននិយាយថារូបលោកក៏បាននិយាយយ៉ាងយូរនៅបុរីវ៉ាទីកង់ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ផងដែរ។លោក Trump បាននិយាយថាលោកមានផែនការជជែកទៅកាន់លោក Putin និងលោក Zelenskyyដើម្បីពិភាក្សាពីមធ្យោបាយបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមនេះ ខណៈមានការបញ្ជាក់ពីរុស្ស៊ី ពីជំនួបនេះ៕

អាមេរិកស៊ើបអង្កេតការបុកស្ពានBrooklynដ៏មហន្តរាយនៃនាវាម៉ិកស៊ិក នៅទីក្រុងញូវយ៉ក

2025/05/19 09:19:24 am        152
 មន្ត្រីសុវត្ថិភាពរបស់សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតមួយកាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា បន្ទាប់ពីនវាកងទ័ពជើងទឹករបស់ប្រទេសម៉ិកស៊ិកមួយគ្រឿង បានបុកស្ពាន Brooklyn នៅទីក្រុងញូវយ៉ក ដោយបានបណ្តាលឲ្យបាក់ក្តោងដ៏ខ្ពស់របស់នាវា និងបណ្តាលឲ្យសមាជិកនាវិកពីរនាក់ស្លាប់។ អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស២៧៧នាក់បានស្ថិតនៅលើនាវា ហើយមនុស្សពីរនាក់បានស្លាប់ដោយសាររងរបួសធ្ងន់។ លោកនិយាយថាមនុស្ស ១៩ នាក់ផ្សេងទៀតបានរងរបួស។ វីដេអូតាមអ៊ិនធឺណិតបានបង្ហាញពីនាវាដែលកំពុងស្ថិតក្នុងការហ្វឹកហ្វឺនឈ្មោះ Cuauhtémoc បានបើកចូលទៅជិតស្ពាននិមិត្តរូបនៃទន្លេ East River ជិតនឹងផ្នែកនៃតំបន់ Manhattan ដែលតភ្ជាប់ជាមួយតំបន់ Brooklyn ដ៏ល្បីរបស់ទីក្រុងញូវយ៉ក។ បង្គោលក្ដោងកម្ពស់ ៤៥ម៉ែត្រ របស់នាវាខ្ពស់ខ្លាំងពេកមិនអាចគេចផុតពីស្ពាននៅចំណុចកោងឆ្លងកាត់បាន ហើយក៏នាមបុករួចបាក់ នៅពេលនាវាបើកពីក្រោមស្ពាន Brooklyn។ មន្ត្រីនិយាយថា បញ្ហាគ្រឿងម៉ាស៊ីនប្រហែលជាបណ្តាលឱ្យមានឧប្បត្តិហេតុនេះ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ មន្ត្រីដឹកជញ្ជូនក្រុងញូវយ៉កនិយាយថា ស្ពាននេះមិនខូចខាតអ្វីធំដុំទេ ហើយចរាចរណ៍បានបើកឡើងវិញក្នុងទិសដៅទាំងពីរ បន្ទាប់ពីការត្រួតពិនិត្យបឋម។ ស្ពានមួយនេះជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាខ្សែផ្លូវតភ្ជាប់រវាងតំបន់ Manhattan និង Brooklyn ដែលត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ១៨៨៣ ហើយធ្លាប់ជាស្ពានយោលខ្សែកាប្លិ៍ដ៏ធំបំផុតនៅលើពិភពលោក៕ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ខ្លួនកំពុង «ចាប់ផ្តើមឲ្យក្រុមអ្នកជំនាញ» ធ្វើការស៊ើបអង្កេតបឋមនៃឧបទ្ទវហេតុនាវាបុកស្ពាននេះ។ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសរសេរនៅលើបណ្តាញ X ថាលោកស្រី «សោកសៅយ៉ាងខ្លាំង» ចំពោះការស្លាប់របស់សមាជិកនាវិកទាំងពីររូប។

រុស្ស៊ី វាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុត ក្នុងសង្គ្រាមមុនការសន្ទនាជាមួយលោកTrump

2025/05/19 09:16:25 am        159
រុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា ទៅលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម ដោយបានបំផ្លាញលំនៅឋាន និងសម្លាប់យ៉ាងហោចណាស់ស្ត្រីម្នាក់ មួយថ្ងៃមុនពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំណត់ពេលសន្ទនាអំពីបទឈប់បាញ់ដែលបានស្នើឡើងជាមួយលោក វ្ល៉ាឌីមៀ ពូទីន។ កងទ័ពអាកាសអ៊ុយក្រែននិយាយថា រុស្ស៊ី បានបាញ់បង្ហោះយានដ្រូនចំនួន ២៧៣គ្រឿង នៅពេលព្រឹក ដោយផ្តោតសំខាន់ទៅលើតំបន់រដ្ឋធានីគីវ ភាគកណ្តាល ហើយនិងតំបន់ Dnipropetrovsk និង Donetsk នៅភាគខាងកើតរបស់ប្រទេស។ អង្គភាពសេវាចារកម្មរបស់អ៊ុយក្រែន បាននិយាយថា ខ្លួនក៏ជឿថា ទីក្រុងមូស្គូ មានបំណងបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបកាលពីល្ងាចថ្ងៃអាទិត្យជាការប៉ុនប៉ងដើម្បីបំភិតបំភ័យប្រទេសលោកខាងលិច។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលកំពុងព្យាយាមស្តារទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីដំណើរទស្សនកិច្ចនៅសេតវិមានកាលពីខែកុម្ភៈដ៏ចម្រូងចម្រាស់នោះ បានជួបជាមួយអនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ នៅខាងក្រៅពិធីគ្រងរាជរបស់សម្តេចប៉ា លីអូ។លោក Zelenskyy បាននិយាយថាជំនួបនេះ «ល្អប្រសើរ» ហើយបានចេញផ្សាយរូបភាពរបស់មន្ត្រីអ៊ុយក្រែននិងសហរដ្ឋអាមេរិកដែលអង្គុយនៅខាងក្រៅនៅតុមូលក្នុងភាពញញឹម។ លោក Zelenskyy ដែលបានជួបសម្តេចប៉ាបថ្មីបាននិយាយថា «ខ្ញុំបានបញ្ជាក់ជាថ្មីថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងផ្នែកការទូតពិតប្រាកដ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ពេញលេញនិងដោយគ្មានលក្ខខណ្ឌឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ អ៊ុយក្រែន និងរុស្ស៊ី បានបើកកិច្ចចរចាទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេលជាង៣ឆ្នាំមកនេះកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោមសម្ពាធពីលោក Trump ដើម្បីព្រមព្រៀងលើបទឈប់បាញ់នៅក្នុងសង្រ្គាមដែលលោកបានសន្យាថានឹងបញ្ចប់ឲ្យបានយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ សត្រូវទាំងពីរបានព្រមព្រៀងគ្នាដោះដូរឈ្លើយសឹកសង្គ្រាមចំនួន១.០០០នាក់ពីភាគីនីមួយៗ ប៉ុន្តែបរាជ័យពុំបានឈានដល់បទឈប់បាញ់។

អាមេរិក លើកពី 'បន្ទាត់ក្រហម' របស់ខ្លួន ប្រឆាំងនឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់

2025/05/19 09:09:11 am        186
ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានលើកឡើងកាលពីថ្ងៃអាទិត្យ (១៨ ឧសភា) ថា កិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវតែរួមបញ្ជូលការយល់ព្រមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅក្នុងការអត្ថាធិប្បាយមួយដែលទាក់ទាញការរិះគន់ខ្លាំងៗពីទីក្រុងតេអេរ៉ង់។ខណៈដែលលោក Witkoff កំពុងរំលឹកឡើងវិញនូវគោលជំហររបស់លោកប្រធានាធិបតីអាមេរិក Donald Trump ពីការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ការឆ្លើយតបដ៏រឹងរូសរបស់អ៊ីរ៉ង់គឺជាភស្តុតាងដ៏ច្បាស់ ដែលថាភាគីទាំងពីរប្រឈមផ្លូវដ៏វែងឆ្ងាយដើម្បីឈានទៅកិច្ចព្រមព្រៀងមួយ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។លោក Witkoff បាននិយាយក្នុងបទសម្ភាសមួយរបស់ទូរទស្សន៍ ABC ថា "អាមេរិកមានបន្ទាត់ក្រហមមួយច្បាស់លាស់នោះគឺជាការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ហើយទីក្រុងវ៉ាស៊ីនតោន មិនអាចអនុញ្ញាតឱ្យមានសូម្បីតែ ១% នៃសមត្ថភាពសម្រាញ់នេះ"។ទីក្រុងតេអេរ៉ង់ ឆ្លើយតបយ៉ាងរហ័ស ដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi កាលពីថ្ងៃអាទិត្យថា "ការរំពឹងទុកមិនប្រាកដប្រជាអាចនឹងបញ្ឈប់កិច្ចចរចា ប៉ុន្តែការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅអ៊ីរ៉ង់ មិនមែនជារឿងដែលអាចបញ្ឈប់បានទេ"៕

ចារកម្ម៖ រុស្ស៊ី បានគ្រោងបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប ដើម្បីបំភ័យអ៊ុយក្រែន និងលោកខាងលិច

2025/05/19 09:04:46 am        200
ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន GUR បាននិយាយកាលពីថ្ងៃអាទិត្យ (១៨ ឧសភា) ថា រុស្ស៊ី បានរៀបគម្រោងធ្វើ "ការហ្វឹកហ្វឺន និងលំហាត់សមប្រយុទ្ធ" នៃការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ដើម្បីបំភិតបំភ័យអ៊ុយក្រែន និងលោកខាងលិច។ទីភ្នាក់ងារ GUR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា ការបាញ់បង្ហោះមួយនៅពេលយប់ ត្រូវបានបញ្ជាឱ្យអនុវត្តពីតំបន់ Sverdlovsk របស់រុស្ស៊ី ហើយចម្ងាយហោះហើរសម្រាប់មីស៊ីលគឺលើសពី ១០.០០០គីឡូម៉ែត្រ។GUR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "ដើម្បីបង្ហាញពីសម្ពាធ និងបំភិតបំភ័យអ៊ុយក្រែន ក៏ដូចជាសហភាពអឺរ៉ុប និងរដ្ឋសមាជិកណាតូ រុស្ស៊ីមានបំណងបង្កើត "ការហ្វឹកហាត់ និងប្រយុទ្ធ" នៃមីស៊ីលបាលីស្ទិកអន្តរទ្វីប ឈ្មោះ RS-24 ចេញពីមូលដ្ឋាន Yars"។មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ី លើសេចក្តីថ្លែងការណ៍ចារកម្មយោធាអ៊ុយក្រែនទេ។ រុស្ស៊ី មិនឆ្លើយសំណួរពីផែនការរបស់ខ្លួនក្នុងការបាញ់សាកល្បងមីស៊ីលនុយក្លេអែរឡើយ ដោយព័ត៌មានលម្អិតត្រូវបានចាត់ទុកថាជាការណ៍សម្ងាត់យោធា ទោះបីជាខ្លួនចេញសេចក្តីថ្លែងការណ៍ក្រោយការបាញ់បង្ហោះបែបនេះក៏ដោយ។ជាង ៣ឆ្នាំក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ទីក្រុងគីវស្ថិតនៅក្រោមសម្ពាធយ៉ាងធំសម្បើម ខណៈទីក្រុងមូស្គូ បង្កើនការមានប្រៀបលើជួរមុខនៅភាគខាងកើតអ៊ុយក្រែន ហើយកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្រ្គាមរហូតមកដល់ពេលនេះ មិនមានលទ្ធផលអ្វីឡើយ៕

[UPDATE] អតីតប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ

2025/05/19 08:40:31 am        201
ការិយាល័យរបស់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ១៨ ឧសភា ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានទម្រង់ធ្ងន់ធ្ងរនៃជំងឺមហារីកក្រពេញប្រូស្តាតដែលបានរាលដាលដល់ឆ្អឹងរបស់លោក។យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Biden វ័យ៨២ ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញកាលពីថ្ងៃសុក្រ បន្ទាប់ពីឆ្លងកាត់ការបង្ហាញរោគសញ្ញាតាមទឹកម៉ូត ហើយរូបលោក និងក្រុមគ្រួសាររបស់លោកកំពុងពិនិត្យមើលជម្រើសនៃការព្យាបាលជាមួយក្រុមវេជ្ជបណ្ឌិត។យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺអាមេរិក ក្នុងចំណោមករណីជំងឺមហារីកក្រពេញប្រូស្តាតចំនួន២៣៦.៦៥៩ ករណី ដែលត្រូវបានធ្វើរោគវិនិច្ឆ័យកាលពីឆ្នាំ ២០២១ មាន៧០ ភាគរយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមុនពេលមហារីកបានរីករាលដាលហួសពីក្រពេញប្រូស្តាត។ ប្រហែល ៨ ភាគរយនៃការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកក្រពេញប្រូស្តាតថ្មីនៅឆ្នាំនោះជាប់ទាក់ទងនឹងជំងឺដំណាក់កាលចុងក្រោយ។លោកប្រធានាធិបតី Trump ដែលតែងតែរិះគន់លោក Biden ចាប់តាំងពីឡើងកាន់តំណែងក្នុងខែមករាដើមឆ្នាំនេះ បានបង្ហាញក្ដីអាណិតអាសូរចំពោះលោក Biden និងភរិយារបស់លោក ក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Socialរបស់លោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម វ៉ាង វិនពីន៖សំឡេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ
09/01/2025 11:09 PM
សម្ដេចតេជោអរគុណវៀតណាមបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងវិស័យសេដ្ឋកិច្ច វិស័យយោធាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា
09/01/2025 10:09 PM
អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន
09/01/2025 10:09 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម៉ឺងម៉ាត់ឱ្យចាត់វិធានការចំពោះមុខតថភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ
09/01/2025 09:09 PM
មន្ត្រីកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងអាមេរិក ពិភាក្សាគ្នា «យ៉ាងតានតឹង» ជុំវិញមូលនិធិ នៅមុនជំនួបកំពូល
09/01/2025 08:09 PM
ក្រុមអ្នកជំនាញ៖ អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា
09/01/2025 08:09 PM
នគរបាលអ៊ុយក្រែន សង្ស័យរុស្ស៊ីពាក់ព័ន្ធនឹងការសម្លាប់អតីតប្រធានសភា
09/01/2025 08:09 PM
រដ្ឋមន្រ្តីសុខាភិបាល «ភាពរឹងមាំក្នុងការបំពេញតួនាទីរបស់មន្រ្តីសុខាភិបាល ធ្វើឱ្យសម្រេចបានគោលដៅ និងទទួលបានលទ្ធផលល្អ តាមការរំពឹងទុក»
09/01/2025 08:09 PM
«បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់»
09/01/2025 08:09 PM
ជប៉ុន និងកូរ៉េខាងត្បូងរកឃើញរដូវក្តៅដ៏ក្តៅបំផុតជាប់កំណតត្រានៅក្នុងប្រវត្តិសាស្រ្ត
09/01/2025 08:09 PM