ក្រុមអ្នកជួយសង្គ្រោះ៖ ការលិចស្រឡាង នៅនីហ្សេរីយ៉ា បណ្ដាលឲ្យមនុស្សយ៉ាងតិច ៣២នាក់ស្លាប់
មន្ត្រីសន្តិសុខអ៊ីរ៉ង់ និងអង់គ្លេស ពិភាក្សាគ្នា អំពីអនាគតនៃកិច្ចចរចានុយក្លេអ៊ែរ និងការដាក់ទណ្ឌកម្ម
លោក Xi Jinping៖ មនុស្សជាតិ ត្រូវជ្រើសរើសម្តងទៀតរវាងសន្តិភាព និងសង្រ្គាម
លោក Macron និយាយថា អឺរ៉ុបបានបញ្ចប់ការរៀបចំការធានាសន្តិសុខសម្រាប់អ៊ុយក្រែន

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់នៅមិនទាន់សម្រេចចិត្តចំពោះការចូលរួមជុំបន្ទាប់នៃកិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក

2025/05/21 07:59:13 pm        19
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Sayyid Abbas Araghchiនិយាយនៅថ្ងៃពុធនេះថា ទីក្រុងតេអេរ៉ង់ មិនទាន់សម្រេចចិត្តនៅឡើយនោះទេ ចំពោះការចូលរួមជុំបន្ទាប់នៃកិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ។បើទោះបីជាការរំពឹងទុកថា ជុំទី ៥នៃកិច្ចចរចាអាចនឹងកើតឡើងនាចុងសប្តាហ៍នេះនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីយ៉ាងណាក្តី កិច្ចប្រជុំនុយក្លេអ៊ែរ ទំនងជាមិនទទួលបានជោគជ័យនោះទេ ពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែប៉ះទង្គិចគ្នាលើបញ្ហាចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបែបនេះ ។លោក Araghchi និយាយថា កាលពីមុនពួកយើងធ្លាប់ឆ្លើយតបចំពោះការទាមទារគ្មានហេតុផលទាំងអស់នេះ ។ ពួកគេនៅបន្តធ្វើម្តងហើយម្តងទៀតនូវជំហរមិនប្រាកដនិយម និងមិនសមហេតុសមផល គ្មានអ្វីធ្វើឲ្យស្របច្បាប់គោលជំហរបែបនេះនោះឡើយ ។ លោកបន្តថា គោលជំហររបស់ពួកយើងច្បាស់លាស់ ។ លោកបានបញ្ជាក់យ៉ាងច្បាស់ហើយកាលពីមុន ហើយឥឡូវលោកសូមបញ្ជាក់ម្តងទៀតថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់នៅតែបន្ត ដោយមាន ឬគ្មានកិច្ចព្រមព្រៀង ។គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានបង្ហាញមន្ទិលសង្ស័យរបស់លោកចំពោះកិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកដែលនឹងនាំឲ្យមានកិច្ចព្រមព្រៀង ខណៈទីក្រុងតេអេរ៉ង់ ពិនិត្យមើលសំណើឲ្យមានជុំទី ៥នៃកិច្ចចរចា ។ថ្លែងនៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi លោក Khameneនិយាយថា កិច្ចចរចាពុំបាននាំមកលទ្ធផលនោះទេ អំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក Raisi ហើយលោកក៏មិនគិតថា វានឹងនាំមកនូវលទ្ធផលអ្វីនោះដែរនៅពេលឥឡូវនេះ ៕

វិមានក្រឹមឡាំង៖ ខែលការពារ «Golden Dome« អាចនាំឲ្យចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក

2025/05/21 07:36:03 pm        82
​វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី២១ ខែឧសភា) បានចង្អុលបង្ហាញថា ផែនការខែលការពារមីស៊ីល «Golden Dome» របស់ប្រធានាធិបតីអាមេរិក លោក Donald Trump អាចជំរុញឲ្យមានការចាប់ផ្ដើមឡើងវិញនាពេលអនាគតនូវទំនាក់ទំនង រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។នៅពេលត្រូវបានសួរអំពីការប្រកាសរបស់លោក Trump ដែលថា លោកបានជ្រើសរើសការរចនា សម្រាប់ខែលការពារមីស៊ីល Golden Dome ដែលមានតម្លៃ ១៧៥ពាន់លានដុល្លារ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា វាគឺជាបញ្ហាអធិបតេយ្យ សម្រាប់សហរដ្ឋអាមេរិក។ប្រព័ន្ធការពារមានឈ្មោះ «Golden Dome» ដែលត្រូវបានបំផុសគំនិតដោយខែលការពារ Iron Dome មានមូលដ្ឋានលើដែនដីរបស់អ៊ីស្រាអែល គឺជាគម្រោងដ៏ធំមហិមាមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតទាំង២ របស់ខ្លួន។លោក Peskov ដែលត្រូវបានសួរថា តើរុស្ស៊ីបានឃើញគម្រោងនេះថា ជាការគំរាមកំហែងដល់សមភាពនុយក្លេអ៊ែររបស់ខ្លួនជាមួយអាមេរិកដែរ ឬទេ បាននិយាយថា មិនមានព័ត៌មានលម្អិត អំពីគម្រោងរបស់សហរដ្ឋអាមេរិកទេ ហើយចម្ងល់ជាច្រើននៅតែមានដដែល។ លោក Peskov បានបញ្ជាក់ថា៖ «នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដំណើរនៃព្រឹត្តិការណ៍នានា តម្រូវឲ្យមានការចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនង ស្ដីអំពីបញ្ហាស្ថិរភាពយុទ្ធសាស្ត្រ»។គួរបញ្ជាក់ថា រុស្ស៊ី និងអាមេរិក ដែលរហូតមកដល់ពេលនេះ គឺជាមហាអំណាចនុយក្លេអ៊ែរធំបំផុតជាងគេ បានសម្តែងការសោកស្តាយដូចគ្នា ចំពោះការដួលរលំនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធ ដែលស្វែងរកការបន្ថយការប្រកួតប្រជែងអាវុធ និងហានិភ័យនៃការមានសង្គ្រាមនុយក្លេអ៊ែរ៕

ប៉ូឡូញ៖ នាវារុស្ស៊ី បាន «បើករេចុះឡើងគួរឲ្យសង្ស័យ» នៅក្បែរខ្សែកាបទៅកាន់ស៊ុយអែត

2025/05/21 07:35:18 pm        90
តាមរយៈសារបង្ហោះនៅលើ X នាថ្ងៃពុធ (ទី២១ ខែឧសភា) នេះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានឲ្យដឹងថា នាវារុស្ស៊ី ១គ្រឿង មកពី «កងនាវាស្រមោល» ដែលគ្របដណ្ដប់ដោយទណ្ឌកម្ម បានធ្វើសកម្មភាពគួរឲ្យសង្ស័យ នៅជិតខ្សែថាមពលដែលតភ្ជាប់ប្រទេសប៉ូឡូញជាមួយស៊ុយអែត។លោក Tusk បានបន្ថែមថា៖ «បន្ទាប់ពីមានអន្តរាគមន៍ដ៏មានប្រសិទ្ធភាពរបស់យោធារបស់យើង នាវានោះបានបើកឆ្ពោះទៅកំពង់ផែរុស្ស៊ីមួយ»។ លោកបាននិយាយថា នាវា ORP Heweliusz របស់កងទ័ពជើងទឹកប៉ូឡូញ កំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុនោះ។ខ្សែថាមពលក្រោមសមុទ្រ ៦០០មេហ្គាវ៉ាត់ តភ្ជាប់ឆ្នេរស៊ុយអែត នៅជិតទីក្រុង Karlshamn ជាមួយទីក្រុង Ustka នៅភាគខាងជើងប៉ូឡូញ ហើយអនុញ្ញាតឲ្យបណ្តាញទាំង២ ពឹងផ្អែកលើការផ្គត់ផ្គង់ឆ្លងកាត់ព្រំដែន នៅពេលដែលអគ្គិសនីមានតម្លៃថោក នៅក្នុងប្រព័ន្ធផ្សេងទៀត។រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយថា ខ្សែថាមពលនេះ គឺជាកម្មសិទ្ធិរបស់ប្រតិបត្តិករបណ្តាញអគ្គិសនីប៉ូឡូញ PSE៕

រដ្ឋមន្រ្តីការបរទេសចិនជួបជាមួយសមភាគីអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននៅទីក្រុងប៉េកាំង

2025/05/21 07:22:21 pm        53
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃពុធនេះថា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi រដ្ឋមន្រ្តីការបរទេសស្តីទីអាហ្វហ្គានីស្ថានលោក Amir Khan Muttaqi និងរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Ishaq Dar មាននូវជំនួបក្រៅផ្លូវការមួយនៅទីក្រុងប៉េកាំង ។យោងតាមសម្តីរបស់អ្នកស្រី Mao បានឲ្យដឹងថា សេចក្តីលម្អិតនៃជំនួបនេះ នឹងត្រូវបញ្ចេញឲ្យដឹងនៅពេលក្រោយ ។កាលពីខែមុន លោក Muttaqi បានបង្ហាញក្តីបារម្ភចំពោះការនិរទេសពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ចេញពីប្រទេសប៉ាគីស្ថាន នៅក្នុងជំនួបដ៏កម្រមួយជាមួយលោក Dar ដែលជាការធ្វើឲ្យល្អកកករដល់ទំនាក់ទំនងរវាងប្រទេសជិតខាងទាំង ២ ។សូមបញ្ជាក់ថា ប៉ាគីស្ថាន បានបណ្តេញជនជាតិអាហ្វហ្គានីស្ថានជាង ៨ម៉ឺននាក់ ចេញពីប្រទេសរបស់ពួកគេ ចាប់តាំងពីដំណាច់ខែមីនារហូតមក គឺជាផ្នែកមួយនៃកិច្ចខិតខំធ្វើមាតុភូមិនិវត្តន៍ថ្មី ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០២៣ ៕

ចិនជំរុញឲ្យសហរដ្ឋអាមេរិកបោះបង់ចោលគម្រោងផលិតប្រព័ន្ធប្រឆាំងមីស៊ីលសកលលោក

2025/05/21 07:19:03 pm        90
អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅថ្ងៃពុធនេះថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្រោងខែលការពារមីស៊ីល Golden Dome របស់សហរដ្ឋអាមេរិក និងបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ចោលការអភិវឌ្ឍរបស់ពួកគេ ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃអង្គារថា លោកបានជ្រើសរើសការរចនាសម្រាប់គម្រោងតម្លៃ ១៧៥ពាន់លានដុល្លារ និងបានតែងតាំងឧត្តមសេនីយកងកម្លាំងអវកាស ឲ្យដឹកនាំកម្មវិធីមហិច្ឆិតាមួយនេះ ដែលមានបំណងរារាំងការគំរាមកំហែងពីចិន និងរុស្ស៊ី ។អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃពុធនេះថា វាធ្វើឲ្យមានការវាយលុកខ្លាំង និងបង្កើនហានិភ័យនៃការធ្វើយោធូបនីយកម្មអវកាស និងការប្រកួតប្រជែងសញ្វាវុធ ។អ្នកស្រី បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ការអភិវឌ្ឍប្រព័ន្ធមួយនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងចាត់វិធានការ ដើម្បីបង្កើនទំនុកចិត្តនៅក្នុងចំណោមប្រទេសមហាអំណាចធំៗ ៕

យោធាអ៊ុយក្រែនប្រាប់ថា ការវាយប្រហាររបស់ខ្លួន ត្រូវចំរោងចក្រឧបករណ៍បន្ទះឈីបរបស់រុស្ស៊ី

2025/05/21 07:13:04 pm        154
យោធាអ៊ុយក្រែន នៅថ្ងៃពុធ (ទី២១ ខែឧសភា) នេះ បានប្រាប់ថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានត្រូវចំរោងចក្រឧបករណ៍បន្ទះឈីប នៅក្នុងតំបន់ Oryol ភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលផ្គត់ផ្គង់ដល់ការផលិតយន្តហោះចម្បាំង និងមីស៊ីលរុស្ស៊ី។តាមរយៈកម្មវិធីផ្ញើសារ Telegram យោធាបានឲ្យដឹងថា យានដ្រូនចំនួន ១០គ្រឿង បានទៅដល់តំបន់គោលដៅ ហើយអគ្គិភ័យបានឆាបឆេះឡើង។ យោធាបានបន្ថែមថា រោងចក្រ Bolkhovsky Semiconductor Devices Plant ផ្គត់ផ្គង់សហគ្រាសរុស្ស៊ីជាច្រើន ក្នុងនោះរួមទាំងមួយចំនួនដែលពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander និង Kinzhal ផងដែរ។សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖ «នេះគឺជាសហគ្រាសឈានមុខគេមួយ នៅក្នុងដែនដីសហព័ន្ធរុស្ស៊ី ក្នុងវិស័យអភិវឌ្ឍន៍ និងផលិតឧបករណ៍ និងសមាសធាតុបន្ទះឈីប»។ភ្លាមៗនេះ មិនទាន់មានការអត្ថាធិប្បាយនៅឡើយទេ អំពីការវាយប្រហារនេះពីទីក្រុងមូស្គូ ដែលបានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំចូលដែនដីអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនការវាយបកកាន់តែខ្លាំងឡើងៗ ប្រឆាំងនឹងការវាយប្រហារជាប្រចាំ ដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ដោយយានដ្រូនផលិតក្នុងស្រុក៕

វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងការពារនាវារបស់ខ្លួន នៅសមុទ្របាល់ទិក គ្រប់មធ្យោបាយដែលមាន

2025/05/21 07:12:22 pm        124
វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី២១ ខែឧសភា) នេះ បានបញ្ជាក់ប្រាប់ថា ប្រទេសរុស្ស៊ីនឹងការពារនាវារបស់ខ្លួន ដែលប្រើប្រាស់ផ្លូវសមុទ្របាល់ទិក ជាមួយនឹងគ្រប់មធ្យោបាយដែលមាន ហើយថា ការប៉ុនប៉ងមិនបានសម្រេចរបស់អេស្តូនី ក្នុងការរឹបអូសនាវាដឹកប្រេងនៅទីនោះ ថ្មីៗនេះ បានបង្ហាញថា ទីក្រុងមូស្គូអាចឆ្លើយតបដោយវិធានការតឹងរ៉ឹង ប្រសិនបើចាំបាច់។អេស្តូនីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ទីក្រុងមូស្គូបានបញ្ជូនយន្តហោះចម្បាំងរយៈខ្លីចូលទៅក្នុងដែនអាកាសរបស់អង្គការណាតូ នៅលើសមុទ្របាល់ទិក អំឡុងពេលមានការប៉ុនប៉ងរបស់អេស្តូនី ដើម្បីបញ្ឈប់នាវាដឹកប្រេងឆ្ពោះទៅរុស្ស៊ី ដែលត្រូវបានគិតថា ជាផ្នែកនៃ «កងនាវាស្រមោល» ដែលផ្គើននឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ។បន្ទាប់មកកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឃាត់នាវាដឹកប្រេងដែលគ្រប់គ្រងដោយក្រិក នៅក្នុងដែនទឹករុស្ស៊ី បន្ទាប់ពីវាបានចាកចេញពីកំពង់ផែអេស្តូនី។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈ ERR របស់អេស្តូនី។ការឃាត់នាវានេះ ដែលបន្ទាប់មកត្រូវបានរុស្ស៊ីដោះលែង បានជំរុញឲ្យមានក្ដីបារម្ភ អំពីការរំខានដល់ការដឹកជញ្ជូន នៅក្នុងផ្លូវសមុទ្របាល់ទិកដ៏មមាញឹកដែលត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនប្រេង។នៅពេលត្រូវបានសួរថា តើរុស្ស៊ីអាចធ្វើអ្វីបាន ដើម្បីការពារផលប្រយោជន៍ដឹកជញ្ជូនរបស់ខ្លួន នៅសមុទ្របាល់ទិកពីអ្វីដែលទីក្រុងមូស្គូ បានពិពណ៌នាថា ជាសកម្មភាពអរិភាពពីរដ្ឋសមាជិកសហភាពអឺរ៉ុប និងអង់គ្លេស អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ខណៈព្រឹត្តិការណ៍ចុងក្រោយបំផុតទាក់ទងនឹងការប៉ុនប៉ងវាយប្រហាររបស់ចោរសមុទ្រ លើនាវាដឹកប្រេងមួយ បានកើតឡើង  រុស្ស៊ីបានបង្ហាញឲ្យឃើញថា ខ្លួនមានសមត្ថភាពឆ្លើយតបយ៉ាងខ្លាំងក្លា»។លោក Peskov បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់ «គ្រប់មធ្យោបាយ» ដែលខ្លួនមាន នាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បែបនេះ នៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ហើយមានជម្រើសឆ្លើយតបជាច្រើនដែលត្រូវជ្រើសរើស៕

រុស្ស៊ីច្រានចោលការចោទប្រកាន់ថា ពួកគេព្យាយាមអូសបន្លាយកិច្ចប្រជុំស្វែករកសន្តិភាពនៅអ៊ុយក្រែន

2025/05/21 07:11:37 pm        52
នៅថ្ងៃពុធនេះ រុស្ស៊ី បានធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់អ៊ុយក្រែន និងអឺរ៉ុបថា ពួកគេព្យាយាមអូសបន្លាយពេលដំណើរការស្វែងរកសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែពួកគេនិយាយថា ពុំទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនោះទេចំពោះទីកន្លែងនៃជំនួប ពេលត្រូវបានគេសួរថាតើ កិច្ចចរចានេះនឹងត្រូវធ្វើម្ចាស់ផ្ទះដោយបុរីវ៉ាទីកង់ឬយ៉ាងនោះ ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃចន្ទថា វានឹងក្លាយជារឿងអស្ចារ្យមួយសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ដើម្បីរៀបចំកិច្ចប្រជុំបទឈប់បាញ់នៅបុរីវ៉ាទីកង់ ដោយលោកបញ្ជាក់ថា វានឹងបន្ថែមសារៈសំខាន់ដល់ដំណើរការនីតិវិធី ។ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយកាលពីថ្ងៃអង្គារថា សម្តេចប៉ាប លីអូ បានមានបន្ទូលបញ្ជាក់ដល់លោកស្រីថា ទ្រង់ចង់ធ្វើជាម្ចាស់កិច្ចប្រជុំបន្ទាប់នៃកិច្ចចរចានេះ ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា រុស្ស៊ីស្វាគមន៍ការត្រៀមខ្លួន និងកិច្ចខិតខំរបស់ភាគីទាំងអស់ដែលចង់រួមចំណែកក្នុងការដោះស្រាយជម្លោះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ប៉ុន្តែអ្វីៗនៅមិនទាន់បានសម្រេចចិត្តនោះទេចំពោះទីកន្លែងដែលជំនួបលើកក្រោយនឹងរៀបចំឡើង ៕

បាតុករអ៊ីស្រាអែលព្យាយាមរារាំងរថយន្តដឹកជំនួយមិនឲ្យចូលទៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប

2025/05/21 07:11:00 pm        54
នៅថ្ងៃសុក្រនេះ ក្រុមបាតុករអ៊ីស្រាអែល បានជួបជុំគ្នានៅជិតច្រកព្រំដែន Kerem Shalom ដើម្បីព្យាយាមរារាំងរថយន្តដឹកជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ស្របពេលដែលក្រុមអ្នកជំនាញអន្តរជាតិព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្សនោះ ។ក្រុមបាតុករប្រឆាំងជំនួយ នាំគ្នាកាន់បដា និងគ្រវីទង់ជាតិ និយាយថា ពួកគេនៅទីនេះ ដើម្បីរារាំងជំនួយដែលនឹងធ្លាក់ក្នុងកណ្តាប់ដៃផ្ទាល់របស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ។ក្រុមបាតុករត្រូវបាននាំចេញដោយក្រុមនគរបាលពីទីនោះ ដែលគេមើលឃើញក្រុមគាំទ្រជំនួយជួយបើកផ្លូវឲ្យរថយន្តធ្វើដំណើរចូលទៅក្នុងដែនដីបិទច្រកមួយនេះ ។លោក Dotan គឺជាបាតុករគាំទ្រជំនួយមួយរូបនិយាយថា ស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា ពិតជាអាក្រក់ខ្លាំងណាស់ ហើយចំណាប់ថ្នូររបស់ពួកយើងគ្មានចំណីអាហារនោះទេ ។ ពួកយើងចង់ប្រាកដថា អ្វីៗនឹងល្អប្រសើរឡើងបន្តិចម្តងៗនៅតំបន់ហ្កាហ្សា ហើយពួកយើងនឹងបញ្ចប់សង្រ្គាមមួយនេះ ។យុទ្ធនាការយោធាកើនឡើងរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានធ្វើឲ្យជាប់គាំទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសជាច្រើននៅលើពិភពលោក ។ បណ្តាប្រទេសនៅអឺរ៉ុប រួមទាំងបារាំង អាល្លឺម៉ង់ និងអង់គ្លេស និយាយថា ស្ថានភាពនៅហ្កាហ្សា មិនអាចទ្រាំបានទៀតទេ ហើយសូម្បីតែមានការគាំទ្រពីសម្ព័ន្ធជិតស្និតរបស់ពួកគេ គឺសហរដ្ឋអាមេរិកយ៉ាងណាក្តី ស្ថានភាពបច្ចុប្បន្នកាន់តែលំបាកខ្លាំងណាស់ ។អ៊ីស្រាអែលច្រានចោលថា តំបន់ហ្កាហ្សាពុំប្រឈមជាមួយវិបត្តិអត់ឃ្លាននោះទេ ។ ពួកគេនិយាយថា ការបិទច្រកមានគោលបំណងការពារក្រុមជីវពលហាម៉ាសពីការបង្វែរ និងរឹបអូសគ្រឿងផ្គត់ផ្គង់ ។ ក្រុមហាម៉ាសច្រានចោលថា ពួកគេពុំបានធ្វើបែបហ្នឹងឡើយ ហើយនិងចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ភាពអត់ឃ្លានជាតាក់ទិកយោធា ៕

ប្រធានាធិបតីរុស្ស៊ីលោក Putin និយាយថា ស្ថានភាពក្នុងតំបន់ Kursk នៅតែលំបាក

2025/05/21 07:10:14 pm        77
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបំពេញទស្សនកិច្ចទៅកាន់តំបន់ Kursk ជាលើកដំបូង ចាប់តាំងពីកងកម្លាំងរុស្ស៊ីរុញច្រានទាហានអ៊ុយក្រែនឲ្យចាកចេញពីតំបន់នោះកាលពីខែមុន ។វិមានក្រឹមឡាំងនិយាយថា អំឡុងដំណើរទស្សនកិច្ចកាលពីថ្ងៃអង្គារ លោក Putin បានជួបក្រុមមន្រ្តីអង្គការស្ម័គ្រចិត្តនៅក្នុងតំបន់នោះ និងបានបំពេញទស្សនកិច្ចទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Kursk-II ។រូបភាពវីដេអូឃ្លីបរបស់ទូរទស្សន៍រដ្ឋរុស្ស៊ីឃើញលោក Putinជួបជាមួយក្រុមស្ម័គ្រចិត្ត និងក្រុមមន្រ្តីក្នុងស្រុកនៅក្នុងតំបន់ រួមទាំងអភិបាលតំបន់ស្តីទីលោក Alexander Khinshtein ។វិមានក្រឹមឡាំង រាយការណ៍ថា លោក Putin អមដំណើរទៅជាមួយដោយលោក Sergei Kiriyenko គឺជានាយអគ្គសេនាធិការរងកងទ័ពរបស់វិមានក្រឹមឡាំង ។រុស្ស៊ីនិយាយកាលពីចុងខែមេសាថា ខ្លួនបានរុញច្រានទាហានអ៊ុយក្រែនចេញពីតំបន់ Kursk ជាការបញ្ចប់ការវាយប្រហារទ្រង់ទ្រាយធំបំផុតចូលក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ។រយៈពេលជាង ២ឆ្នាំនៃការវាយលុកកាលពីឆ្នាំ ២០២២របស់រុស្ស៊ី អ៊ុយក្រែនបានបើកការវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួននៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ ឆ្លងកាត់ព្រំដែនរុស្ស៊ីចូលទៅក្នុងតំបន់ Kursk ដោយមានការគាំទ្រពីយានដ្រូន និងអាវុធធន់ធ្ងន់លោកខាងលិច ។ នៅពេលនោះ កងកម្លាំងអ៊ុយក្រែនដណ្តើមបានទឹកដី ១.៤០០គ.មក្រឡានៅតំបន់ Kursk ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គម្រោង «ពង្រឹងបច្ចេកវិទ្យា និងធនធាន សម្រាប់ស្រ្តីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម (STRIVE Project)» សម្ពោធក្រោមការចូលរួមពីដៃគូអន្តរជាតិ
09/04/2025 07:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទាញ ក្រុមហ៊ុនទេសចរណ៍ធំវៀតណាម បង្កើនវិនិយោគនៅកម្ពុជា
09/04/2025 07:09 PM
ក្រុមអ្នកជួយសង្គ្រោះ៖ ការលិចស្រឡាង នៅនីហ្សេរីយ៉ា បណ្ដាលឲ្យមនុស្សយ៉ាងតិច ៣២នាក់ស្លាប់
09/04/2025 06:09 PM
មន្ត្រីសន្តិសុខអ៊ីរ៉ង់ និងអង់គ្លេស ពិភាក្សាគ្នា អំពីអនាគតនៃកិច្ចចរចានុយក្លេអ៊ែរ និងការដាក់ទណ្ឌកម្ម
09/04/2025 06:09 PM
លោក Xi Jinping៖ មនុស្សជាតិ ត្រូវជ្រើសរើសម្តងទៀតរវាងសន្តិភាព និងសង្រ្គាម
09/04/2025 06:09 PM
លោក Macron និយាយថា អឺរ៉ុបបានបញ្ចប់ការរៀបចំការធានាសន្តិសុខសម្រាប់អ៊ុយក្រែន
09/04/2025 06:09 PM
បក្ស Pheu Thai នឹងដាក់បេក្ខជនក្នុងដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងប្តេជ្ញាឲ្យមានការបោះឆ្នោតឆាប់ៗ
09/04/2025 06:09 PM
អាកាសធាតុដែលបង្កជាចំហេះឆេះព្រៃនៅ Iberian ទំនងមានឱកាស ៤០ដង ដោយសារបម្រែម្រួលអាកាសធាតុ
09/04/2025 06:09 PM
ស្រ្តីកុងហ្គោងាកមកប្រកបការងារជីករ៉ែ ដើម្បីរស់រាន ក្រោយការវាយប្រហាររបស់ក្រុមជីហាដ
09/04/2025 06:09 PM
លោក Xi ប្រាប់នាយករដ្ឋមន្រ្តីស្លូវ៉ាគីឲ្យជួយលើកកម្ពស់ទំនាក់ទំនងចិន-សហភាពអឺរ៉ុប
09/04/2025 06:09 PM