កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន

ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 របស់រុស្ស៊ី បានធ្លាក់នៅស៊ីបេរី អំឡុងពេលសមយុទ្ធ

2026/06/16 08:29:45 pm        10
ក្រសួងការពារជាតិរុស្ស៊ី និយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 មួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់កាលពីថ្ងៃចន្ទ នៅតំបន់ Irkutsk របស់ស៊ីបេរី អំឡុងពេលហោះហើរសមយុទ្ធ ប៉ុន្តែយានិក ៤នាក់នៅលើយន្តហោះ អាចលោតចេញដោយសុវត្ថិភាព ។រូបភាពវីដេអូឃ្លីបនៃការធ្លាក់យន្តហោះដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមឃើញ យន្តហោះដាំក្បាលចុះ ធ្លាក់ចូលទៅក្នុងតំបន់ព្រៃក្រាស់ មិនឆ្ងាយប៉ុន្មានពីច្រាំងទន្លេ Angara បង្កឲ្យមានសំណុំផ្សែងយ៉ាងក្រាស់ ។អភិបាលតំបន់ Irkutsk លោក Igor Kobzev និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងនេះ បានធ្លាក់នៅជិតភូមិ Kamenka។លោកបន្តថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងធ្វើការ ដើម្បីពន្លត់អណ្តាតភ្លើងនៅកន្លែងកើតហេតុ ហើយក្រុមយានិកទាំង ៤នាក់ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ដោយមានរបួសពុំគំរាមកំហែងដល់អាយុជីវិតនោះទេ ។សូមបញ្ជាក់ថា យន្តហោះ Tu-22 ដែលផ្ទុកមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal គឺជាយន្តហោះទម្លាក់គ្រាប់បែកសល់ពីសម័យសហភាពសូវៀតដែលចាប់តាំងពីពេលនោះមក រុស្ស៊ីបានប្រើប្រាស់សម្រាប់បេសកកម្មប្រយុទ្ធនៅប្រទេសស៊ីរី និងប្រទេសអ៊ុយក្រែន ៕

ក្រុមកាកបាទក្រហមបូលីវី ចែកចាយជំនួយដល់ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនជាប់ខ្លួនលើដងផ្លូវអស់រយៈពេល ១ខែ

2026/06/16 08:29:08 pm        10
ក្រុមកាកបាទក្រហមបូលីវី បានចែកចាយជំនួយមនុស្សធម៌ជាស្បៀងអាហារដល់អ្នកបើកបររថយន្តដឹកជញ្ជូន ដែលបានជាប់ខ្លួនលើដងផ្លូវ ដោយសារការបិទផ្លូវអស់រយៈពេល ១ខែមកហើយ នៅទូទាំងប្រទេស ដើម្បីទាមទារឲ្យលោកប្រធានាធិបតី Rodrigo Paz's លាលែងពីតំណែង និងផ្លាស់ប្តូរវិធានការសេដ្ឋកិច្ចរបស់លោក ។ក្រុមកាកបាទក្រហមបូលីវី និយាយថា បេសកកម្មទី ២ បាននាំជំនួយ និងស្បៀងអាហារដល់អ្នកបើកបររថយន្តដឹកជញ្ជូន កាលពីថ្ងៃចន្ទ ក្រោយការចែកចាយជំនួយលើកដំបូងដល់អ្នកបើកបរដែលបានជាប់ខ្លួននៅតាមផ្លូវចេញពីព្រំដែនឈីលី ទៅកាន់រដ្ឋធានី La Paz ។ក្រុមអ្នកសារព័ត៌មានមកពីទីក្រុង Oruro និយាយថា បេសកកម្មនេះ រួមទាំងស្ថាប័ន និងក្រុមសង្គមស៊ីវិល ដូចជាការិយាល័យ Ombudsman និងក្រុម Círculo de Mujeres Periodistas ។ គួរឲ្យដឹងថា ភាពរំជើបរំជួលស៊ីវិល បានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែឧសភា ក្នុងនោះកូដកម្មថ្នាក់ជាតិ ត្រូវបានអំពាវនាវឡើងដោយក្រុមសហជីព Central Obrera Boliviana ដែលជាសហជីពធំបំផុតរបស់បូលីវី ។ក្រោយមក ក្រុមកសិករ និងក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីលោក Evo Morales បានចូលរួមបាតុកម្មនេះ ក្នុងនោះការបិទផ្លូវ បានរីករាយដាលនៅទូទាំងប្រទេស ពេញរយៈពេល ១ខែ ហើយទីក្រុង La Paz រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ៕

សត្វស្លាបផ្លាស់ទីជម្រក រងហានិភាពដោយសាររលកកម្តៅធ្ងន់ធ្ងរនៅទីក្រុង Toronto ប្រទេសកាណាដា

2026/06/16 08:28:42 pm        13
លោក Shane Abernethy គឺជាអ្នកអភិរក្សសត្វស្លាបមួយរូប បានធ្វើដំណើរទៅកាន់សំបុកសត្វស្លាបនៅឧស្សាន Tommy Thompson ស្ថិតក្នុងទីក្រុង Toronto ប្រទេសកាណាដា ។លោក Abernethy និយាយថា ស្ថានីយរបស់លោក បង្កើតឡើងដើម្បីតាមដានសត្វស្លាបផ្លាស់ទីជម្រកពេញទីក្រុង Toronto ។ ពួកយើងស្ថិតនៅកណ្តាលផ្លូវផ្លាស់ទីជម្រកដ៏សំខាន់របស់សត្វស្លាប ហើយទីតាំងបែបនេះ គឺជាមធ្យោបាយល្អបំផុត ដើម្បីយកគំរូតាមពួកវា ។លោកបន្តថា ដូច្នេះហើយ ទម្លាប់រាល់ថ្ងៃរបស់ពួកយើង គឺត្រូវទៅបើកសំបុកពេលថ្ងៃជិតរះ មុនពេលវាដឹងខ្លួន ហើយដាក់កាមេរ៉ានៅជាប់ខ្លួនរបស់ពួកវា ដើម្បីដឹងពីដំណើររបស់ពួកវា ។ ពួកយើងទៅមើលសំបុករបស់ពួកវា រាល់ ៣០នាទីម្តង ។ថ្ងៃធម្មតា ស្ថានីយរបស់លោក Abernethy រកឃើញសត្វស្លាបចន្លោះពី ១០០ក្បាល ទៅ ១៥០ក្បាល ប៉ុន្តែថ្ងៃខ្លះ រកឃើញសត្វស្លាប មានរហូតដល់ ២០០ក្បាល ។ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យពីរបាយការណ៍ប្រចាំឆ្នាំ ២០២៥ដែលបានចេញផ្សាយកាលពីពេលថ្មីៗរបស់ស្ថានីយលោក Abernethy រកឃើញពីការផ្លាស់ប្តូរចំនួនសត្វស្លាបទាំងនេះ ។របាយការណ៍នេះ បានរកឃើញពីការធ្លាក់ចុះចំនួនសត្វស្លាបយ៉ាងច្រើន អំឡុងនិទាឃរដូវ និងរដូវក្តៅបណ្តាលមកពីរលកកម្តៅធ្ងន់ធ្ងរ ។អំឡុងរលកកម្តៅធ្ងន់ធ្ងរកាលពេលកន្លងទៅ ពេលដែលសីតុណ្ហភាពកើនឡើងដល់ជាង ៤០អង្សាសេ ក្រុមអ្នកស្រាវជ្រាវកត់សំគាល់ឃើញពីការធ្លាក់ចុះយ៉ាងឆាប់រហ័សចំនួនសត្វស្លាបចាកចេញពីសំបុករបស់ពួកវាដោយជោគជ័យ ៕

វិមានក្រឹមឡាំង បញ្ជាក់​ថា មិនបានទទួលការអញ្ជើញពី​ក្រុម​ G7 សម្រាប់កិច្ចប្រជុំ Zelensky-Putin ទេ

2026/06/16 08:21:59 pm        42
នៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ វិមានក្រឹមឡាំង បានបដិសេធថា ខ្លួន​មិនបានទទួលការអញ្ជើញជាផ្លូវការណាមួយឡើយ​ ដើម្បី​ឲ្យ​ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក​ Volodymyr Zelensky នៅក្នុងកិច្ចប្រជុំកំពូលនៃ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូត​លាស់ទាំង​៧ (G7)។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មិនមានសំណើផ្លូវការណាមួយ ត្រូវបានផ្ញើតាមរយៈបណ្តាញទំនាក់​ទំនង​ផ្លូវការ​នោះទេ ដោយបន្ថែមថា មិនមានការទាក់ទង​ផ្លូវ​ការ​ រវាងទីក្រុងមូស្គូ និងគីវ​ឡើយ​។លោក Peskov បាននិយាយថា៖ «ដូចអ្នកបានដឹងហើយថា មិនមានបណ្តាញផ្លូវការ រវាងទីក្រុងមូស្គូ និងគីវ​ទេ»។ ហើយ​លោកក៏បានបញ្ជាក់ជាថ្មី អំពីជំហររបស់ទីក្រុងមូស្គូ ដែល​ថា លោក Putin បានគូសបញ្ជាក់រួចហើយ អំពីលក្ខខណ្ឌ សម្រាប់ការសន្ទនា និងបានលើក​ឡើង​ថា លោក Zelensky អាច «មក​កាន់​ទីក្រុងមូស្គូ» ប្រសិនបើលោកត្រៀមខ្លួន សម្រាប់ការចរចា «ប្រាកដប្រជា»។ការបដិសេធនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Zelensky បាននិយាយថា លោកបានស្នើឲ្យ​មានកិច្ចប្រជុំជាមួយលោក Putin នៅឯកិច្ចប្រជុំកំពូលរបស់​ G7 ក្នុង​ប្រទេសបារាំង។ ប្រភពមួយដែលត្រូវបានដកស្រង់សម្ដី​ដោយសារព័ត៌មាន RBC-Ukraine បាននិយាយថា ការស្នើ​នេះ ត្រូវបានផ្ញើតាមរយៈបណ្តាញជា​ច្រើន ក្នុង​នោះ​រួមទាំងអន្តរការី និងទំនាក់ទំនងការទូតផង​ដែរ​ ប៉ុន្តែទីក្រុងមូស្គូមិនបានឆ្លើយតបយ៉ាងច្បាស់លាស់ឡើយ​។គួរបញ្ជាក់​ថា លោក Zelensky បានជំរុញម្តងហើយម្តងទៀតឲ្យ​មានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយលោក Putin ក្នុង​នោះ​រួមទាំង​នៅក្នុងលិខិតចំហមួយ កាល​ពី​ថ្ងៃទី៤ ខែមិថុនា ដោយអំពាវនាវឲ្យមាន​​កិច្ច​ប្រជុំ​ទល់មុខគ្នា ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម៕

អ្នកតំណាងអង្គការ UNESCO ធ្វើដំណើរទៅកាន់ប្រសាទរងការខូចខាតនៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន

2026/06/16 08:21:28 pm        27
អ្នកតំណាងមកពីអង្គការ UNESCO បានធ្វើដំណើរទៅកាន់ប្រាសាទ Kyiv Pechersk Lavra ដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ក្រោយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររបស់រុស្ស៊ី ។អ្នកស្រី Chiarra Dezzi Bardeschi គឺជាមន្រ្តីទំនាក់ទំនងនៅអ៊ុយក្រែនសម្រាប់អង្គការ UNESCO ត្រូវបានរួមដំណើរដោយលោក Matthias Schmale ដែលជាអ្នកសម្របសម្រួលមនុស្សធម៌អង្គការសហប្រជាជាតិ(UN)នៅអ៊ុយក្រែន ដែលបាននិយាយថា ការខូចខាតប្រាសាទមានអាយុការ ១ពាន់ឆ្នាំមួយនេះ មានវិសាលភាពធំធេងខ្លាំងណាស់ ។គួរឲ្យដឹងថា ប្រាសាទ Kyiv Pechersk Lavra ដែលជានិមិត្តរូបនៃប្រវត្តិសាស្រ្តសាសនា និងវប្បធម៌អ៊ុយក្រែន ដែរនោះ បានរងការឆាបឆេះកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។លោក Tymur Tkachenko គឺជារដ្ឋបាលយោធាក្រុងគីវ និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា ប្រាសាទ Kyiv Pechersk Lavra ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ត្រូវបានកសាងឡើងកាលពីឆ្នាំ ១០៥១ រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់របស់រុស្ស៊ី ។ការវាយប្រហារលើប្រាសាទ Kyiv Pechersk Lavra នាំឲ្យមានការថ្កោទោសយ៉ាងខ្លាំងពីអន្តរជាតិផងដែរ ក្នុងនោះ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot ចាត់ទុកការវាយប្រហារលើប្រាសាទ Kyiv Pechersk Lavra ថាដូចគ្នានឹងការបំផ្ទុះគ្រាប់បែកនៅប្រាសាទ Notre Dame របស់ទីក្រុងប៉ារីស ឬព្រះវិហារ Basilica ឬក៏ប្រាសាទ Saint Denis ។លោក Barrot និយាយពេលលោកមកដល់សម្រាប់ជំនួបរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបថា នេះគឺជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលស្មើនឹងពួកយើងនៅបារាំង ពេលដែលប្រសាទ Notre Dame ឬប្រាសាទ Saint Denis ត្រូវបានគេបំផ្ទុះគ្រាប់បែក ដែលនេះជារឿងមិនអាចទទួលយកបានទាំងស្រុង ៕

ពលរដ្ឋហ្កាហ្សាបង្ហាញការខកចិត្តចំពោះការមិនរួមបញ្ចូលពួកគេទៅក្នុងកិច្ចព្រមពៀងអាមេរិក-អ៊ីរ៉ង់

2026/06/16 08:21:08 pm        48
ជនប៉ាឡេស្ទីនទាំងអស់នៅក្នុងតំបន់ហ្កាហ្សា ធ្លាប់បានសង្ឃឹមថា ពួកគេនឹងត្រូវរួមបញ្ចូលទៅក្នុងកិច្ចព្រមព្រៀងថ្មីដែលត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តែផ្ទុយទៅវិញពួកគេត្រូវបានបោះបង់ចោលដដែល ។កិច្ចព្រមព្រៀងសន្តិភាពសហរដ្ឋអាមេរិក-អ៊ីរ៉ង់ បានក្លាយជាការទម្លុះភាពទាល់ច្រកធំបំផុតឆ្ពោះទៅរកការដោះស្រាយជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារថាមពល ចាប់តាំងពីវាចាប់ផ្តើមជាមួយនឹងការវាយប្រហាររួមដៃគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់កាលពីខែកុម្ភៈ ។អនុស្សរណៈយោគយល់ត្រូវបានគេកំណត់ឲ្យចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ។ ដោយឡែក លក្ខខ័ណ្ឌច្បាស់លាស់ ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ។លោក Jamal Ayad គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបនិយាយថា ពួកយើងមានសង្ឃឹមខ្ពស់ថា វានឹងបញ្ចប់ការរងគ្រោះរបស់ពលរដ្ឋនៅតំបន់ហ្កាហ្សា ។ លោកបន្តថា ពួកយើងពិតជាហត់នឿយខ្លាំងណាស់ ។ ពិភពលោកទាំងមូលពុំបានសំឡឹងមើលពួកយើងនោះទេ ហើយពួកយើងលែងអាចទទួលយកបានទៀតហើយ ពួកយើងរស់នៅតាមដងផ្លូវ ពួកយើងមិនអាចស៊ូទ្រាំនឹងការរស់នៅបែបនេះបានទៀតនោះទេ ។សូមបញ្ជាក់ថា ប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលសំខាន់ បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ៕

ទួរគីបានប្រាប់រុស្ស៊ីឲ្យបញ្ចៀស​វិធានការ​គំរាមដល់សន្តិសុខ និងផលប្រយោជន៍ នៅក្នុងសមុទ្រខ្មៅ

2026/06/16 08:20:43 pm        42
 រដ្ឋមន្ត្រីការបរទេសទួរគី បាននិយាយនៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា លោកបានប្រាប់សមភាគីរុស្ស៊ីរបស់លោក អំពីតម្រូវការ ក្នុងការបញ្ចៀសវិធានការ ​នៅក្នុងសមុទ្រខ្មៅ ដែលគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់ និងផលប្រយោជន៍របស់ទួរគី ដោយបន្ថែមថា លោកក៏បានលើក​ឡើង​ម្តងទៀតផង​ដែរ អំពីការស្នើរបស់​ទួរគី ក្នុងការសម្របសម្រួល រវាងទីក្រុងគីវ និងមូស្គូ។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារដោយយាន​ដ្រូនលើនាវាដឹកប្រេងនៅជិតឆ្នេរសមុទ្រភាគខាងជើងរបស់​ទួរគី រួមទាំងការ​វាយ​ប្រហារ​មួយ លើនាវាជា​កម្មសិទ្ធិ​របស់​ទួរគីផង​ដែរ។ ទីក្រុង Ankara បានដាក់ការ​តវ៉ាទៅកាន់ទីក្រុងគីវ និងមូស្គូ ជុំវិញករណី​នេះ។អំឡុង​ពេល​ថ្លែងនៅឯ​សន្និសីទសារព័ត៌មានមួយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា អាទិភាព សម្រាប់ទួរគី ដែលបានរៀបចំកិច្ចចរចាដោយផ្ទាល់ជុំមុនៗ រវាងអ៊ុយក្រែន និងរុស្ស៊ី គឺធ្វើ​យ៉ាង​ណា​ឲ្យ​ភាគីទាំង២ ចាប់​ផ្ដើម​ការចរចាឡើង​វិញ​ និងបញ្ចប់សង្គ្រាមឲ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន។លោកបានបន្ត​ថា៖ «ខ្ញុំបានបង្ហាញពីការត្រៀមខ្លួនរបស់យើង ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជុំបន្ទាប់ម្តងទៀត ។ ប្រសិនបើភាគីទាំង២ យល់ព្រម យើងក៏ត្រៀមខ្លួនរួចជាស្រេចហើយ​ដែរ ដើម្បីពិភាក្សាអំពីរបៀបដែលការចរចាអាចបន្តតាមរបៀបដែលផ្តោតលើលទ្ធផលកាន់តែច្រើនបន្ថែម​ទៀត​»។លោក Fidan បានបន្ថែមថា៖ «ខ្ញុំបានជម្រាបជូនសមភាគីរបស់ខ្ញុំ អំពីការរំពឹងទុករបស់យើង ក្នុងការជៀសវាងកុំ​ឲ្យ​មាន​ឧប្បត្តិហេតុណាមួយដែលអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសយើង នៅក្នុងសមុទ្រខ្មៅ»៕

UN ជំរុញឲ្យកាត់បន្ថយការជ្រៀតជ្រែកពីខាងក្រៅនៅក្នុងសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី

2026/06/16 08:20:11 pm        43
អង្គការសហប្រជាជាតិ(UN)និយាយថា ថ្វីបើមានសេចក្តីរាយការណ៍ថា យោធាចិនបានបណ្តុះបណ្តាលបុគ្គលិករុស្ស៊ីឲ្យធ្វើសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ សង្រ្គាមមួយនេះ ត្រូវការការកាត់បន្ថយការជាប់ពាក់ព័ន្ធពីខាងក្រៅ ពុំត្រូវមានការចូលរួមច្រើននោះទេ ។ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប(EU)លោកស្រី Kaja Kallas និយាយនៅប្រទេសលុចសំបួរថា EU បានបញ្ជាក់ផ្ទៀងផ្ទាត់សេចក្តីរាយការណ៍ថា យោធាចិនបានបណ្តុះបណ្តាលបុគ្គលិកយោធារុស្ស៊ី ឲ្យធ្វើសង្រ្គាមនៅអ៊ុយក្រែន ។ លោកស្រីបន្តថា ពួកយើងកំពុងវាយតម្លៃដោយប្រុងប្រយ័ត្នផលវិបាកមួយនេះ ។នៅពេលសួរពីសេចក្តីថ្លែងការណ៍របស់ EU អំឡុងសន្និសីទសារព័ត៌មានរបស់ UNនៅបុរីញូវយ៉ក លោក Stephane Dujarric គឺជាអ្នកនាំពាក្យរបស់ UNនិយាយថា ស្ថាប័នពិភពលោកមួយនេះ មិនអាចបញ្ជាក់សេចក្តីរាយការណ៍ដោយឯករាជ្យបាននោះទេ ។លោក Dujarric និយាយថា លោកគិតថា រឿងចុងក្រោយក្នុងសង្រ្គាមនៅអ៊ុយក្រែនដែលត្រូវការ គឺទាហានកាន់តែច្រើន ការជ្រៀតជ្រែកពីខាងក្រៅកាន់តែច្រើន ការចូលរួមពីខាងក្រៅកាន់តែច្រើន ។ ដូច្នេះហើយពួកយើងត្រូវការមើលឃើញវាទៅផ្លូវមួយផ្សេងទៀត ។ លោកបន្តទៀតថា អគ្គលេខាធិការ UNលោក Antonio Guterres ចង់មើលឃើញជម្លោះមួយនេះបញ្ចប់ ដោយរូបលោកកត់សំគាល់ឃើញថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយជាមួយក្រុមមេដឹកនាំកាលពីចុងសប្តាហ៍កន្លងទៅ ៕

រដ្ឋមន្រ្តីហិរញ្ញវត្ថុប៉ាគីស្ថាន៖ វាហាក់ដូចជាឆាប់ពេកហើយក្នុងការកែប្រែថវិកាជាតិនោះ

2026/06/16 08:19:44 pm        9
រដ្ឋមន្រ្តីហិរញ្ញវត្ថុប៉ាគីស្ថានលោក Muhammad Aurangzeb និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប៉ាគីស្ថានអាចធ្វើឲ្យល្អប្រសើរឡើងការព្យាករសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៧ ក្រោយបញ្ចប់សង្រ្គាមអ៊ីរ៉ង់ ប៉ុន្តែវាហាក់ដូចជាឆាប់ពេកហើយក្នុងការកែប្រែថវិកាជាតិនោះ ។ លោកបានថ្លែងបែបនេះ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេ ។លោក Aurangzeb និយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពលខូចខាតមានន័យថា ខ្សែចង្វាក់ផ្គត់ផ្គង់នឹងត្រូវការពេលវេលា ដើម្បីវិលត្រឡប់ទៅរកសភាពធម្មតាវិញ ក្រោយជម្លោះជំរុញឲ្យអតិផរណាវិលត្រឡប់ទៅរកលេខ ២ខ្ទង់ ។លោក Aurangzeb ដែលជាអតីតធនាគារិក បានបង្ហាញថវិកាជាតិ ៣លើកជាប់ៗគ្នា ដែលជារឿងដ៏កម្រមួយនៅក្នុងប្រទេសប៉ាគីស្ថាន ជាទីដែលរដ្ឋាភិបាលតែងតែមិនអាចបញ្ចប់អាណត្តិរបស់ខ្លួន ហើយរដ្ឋមន្រ្តីហិរញ្ញវត្ថុត្រូវបានជំនួសតំណែងជាញឹកញាប់ ។ថវិកាជាតិ FY27 របស់ប៉ាគីស្ថាន ដែលបានបង្ហាញជូនសភាកាលពីថ្ងៃសុក្រសប្តាហ៍មុន មានគោលដៅកំណត់កំណើនសេដ្ឋកិច្ច ៤ភាគរយ និងអតិផរណា ៨,២ភាគរយ ។ វាបានបង្កើនថវិកាការពារជាតិដល់ ១០,៨ពាន់លានដុល្លារ ខណៈពឹងផ្អែកលើប្រាក់ចំណូលពន្ធខ្ពស់ជាងមុន ដើម្បីបន្តដំណើរការកម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) តម្លៃ ៧ពាន់លានដុល្លារ ៕

នាវានៅច្រកសមុទ្រ Hormuz ត្រូវបានមើលឃើញនៅជិតតំបន់ឆ្នេរខេត្ត Musandam របស់អូម៉ង់

2026/06/16 08:17:02 pm        14
នាវាជាច្រើនគ្រឿង ត្រូវបានគេមើលឃើញនៅក្នុងសមុទ្រជុំវិញច្រកសមុទ្រ Hormuz ជិតតំបន់ឆ្នេរខេត្ត Musandam របស់អូម៉ង់ នាព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលកិច្ចព្រមព្រៀងសន្តិភាពសហរដ្ឋអាមេរិក-អ៊ីរ៉ង់ សន្យាបញ្ចប់សង្រ្គាម ប៉ុន្តែការបញ្ចប់សង្រ្គាមបែបណានោះ គេនៅពុំទាន់ដឹងច្បាស់នោះទេ ។ ភាពមន្ទិលសង្ស័យ បានកើតមានជុំវិញកិច្ចព្រមព្រៀងបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ស្របពេលដែលក្រុមហ៊ុនដឹកជញ្ជូននិយាយថា ពួកគេអាចត្រូវការចំណាយពេលច្រើនសប្តាហ៍ សម្រាប់ជំនឿចិត្តវិលត្រឡប់ទៅរកការដឹកជញ្ជូនវិញ ក្រោយការបើកឡើងវិញណាមួយនៅច្រកសមុទ្រ Hormuz ហើយសំនួរជាមូលដ្ឋានគ្រឹះ នៅពុំទាន់បានឆ្លើយនោះទេ ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងបឋម ដើម្បីបញ្ចប់ជម្លោះ ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើទោះបីជារឿងរ៉ាវលម្អិត នៅពុំបានបញ្ចេញឲ្យដឹងជាសាធារណៈក៏ដោយ ហើយប្រទេសទាំង ២ និយាយថា បទឈប់បាញ់ជាអចិន្រ្តៃយ៍ នៅត្រូវការចរចាទៀត ក្នុងនោះអនុស្សរណៈយោគយល់ត្រូវបានគេកំណត់ឲ្យចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ។គួរឲ្យដឹងថា កាលថ្ងៃចន្ទម្សិលមិញ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា នាវាពាណិជ្ជកម្មដោតទង់ជាតិសហរដ្ឋអាមេរិក ២គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របពេលដែលនាវាពិឃាតបំពាក់មីស៊ីលតម្រង់គោលដៅកងទ័ពជើងទឹកអាមេរិក ប្រតិបត្តិការនៅតំបន់ឈូងសមុទ្រ ។ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងអាមេរិក កំពុងជួយយ៉ាងសកម្មដល់កិច្ចខិតខំស្តាឡើងវិញការឆ្លងកាត់សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM