ទឹកជំនន់នៅនីហ្សេរីយ៉ា បានសម្លាប់មនុស្សលើសពី ២៣០នាក់ ដោយជាង ១០០នាក់ នៅតែបាត់ខ្លួន
ពលរដ្ឋអាមេរិកជាង ២៥លាននាក់ ស្ថិតក្រោមការព្រមាន ខណៈអាកាសធាតុធ្ងន់ធ្ងរវាយប្រហារភាគឦសាន
[UPDATE] នាយករដ្ឋមន្ត្រីជប៉ុន Ishiba បានចេញមកប្រកាសថា លោកសម្រេចចិត្តចុះពីតំណែងហើយ
សហរដ្ឋអាមេរិក និង UN កំពុងពិភាក្សាផែនការកសាងតំបន់ហ្កាហ្សាឡើងវិញ នៅមុនមហាសន្និបាត

ព័ត៌មានអន្តរជាតិ

កុមារ និងមនុស្សចាស់ កំពុងស្លាប់ដោយសារការអត់ឃ្លាននៅហ្កាហ្សា ខណៈអ៊ីស្រាអែលបន្តកាប់សម្លាប់រាល់ថ្ងៃ

2025/05/23 09:36:43 am        72
រដ្ឋមន្ត្រីសុខាភិបាលរបស់អាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា កុមារ និងមនុស្សចាស់ចំនួន ២៩ នាក់បានស្លាប់ដោយសារការអត់ឃ្លាននៅតំបន់ហ្កាហ្សាក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៥ នាក់ចាប់តាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេលមានការវាយលុកយោធាជាថ្មីនៅទូទាំងដែនដីនេះ។ ប្រភពវេជ្ជសាស្ត្រ ហ្កាហ្សា បានប្រាប់ទូរទស្សន៍ Al Jazeera ថា អ្នកស្លាប់ និងរបួសកំពុងបន្តកើនឡើងនៅពេលមានការទម្លាក់គ្រាប់បែកឥតឈប់ឈរ។    ការព្រមាននេះបានកើតឡើង ខណៈជំនួយស្បៀងអាហារត្រូវគេរំពឹងថានឹងមានការចែកចាយកាន់តែទូលំទូលាយទៅដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាក្នុងសប្តាហ៍នេះ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយចូលមានកំណត់ ក្រោយការបិទជិតបីខែបន្ទាប់ពីសម្ពាធពិភពលោក លើអ៊ីស្រាអែលឲ្យបើកផ្លូវ និងបញ្ឈប់ការវាយលុកដែលទើបនឹងពង្រីកថ្មីៗ។   លោក Jens Laerke អ្នកនាំពាក្យរបស់ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តដឹកជំនួយប្រហែល៩០ គ្រឿងក្នុងចំណោមជិត២០០គ្រឿងដែលដឹកថ្នាំពេទ្យ ម្សៅស្រូវសាលី និងការផ្គត់ផ្គង់អាហារូបត្ថម្ភបានចូលទៅក្នុងហ្កាហ្សា។ លោក Laerke បាននិយាយថា ក្រុមចែកជំនួយកំពុងប្រឈមនឹងបញ្ហាសំខាន់ៗក្នុងការចែកចាយជំនួយ ដោយសារតែអសន្តិសុខ ហានិភ័យនៃការលួច និងបញ្ហាសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល។ទោះយ៉ាងណាក៏ដោយ អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាពុំទាន់បានទទួលការបញ្ជូនជំនួយដែលបានឆ្លងកាត់ព្រំដែននោះទេ ហើយថាការបញ្ជូនរថយន្តដឹកជំនួយតិចតួចបំផុតប្រៀបបានការហៅមនុស្សឲ្យទៅស្លាប់ដោយសារតែហានិភ័យនៃការប្រមូលផ្តុំគ្នានេះ៕

កូរ៉េខាងជើង បើកការស៊ើបអង្កេតទៅលើឧបទ្ទវហេតុអំឡុងពេលដាក់ដំណើរការនាវាចម្បាំង

2025/05/23 09:10:40 am        213
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (២៣ ឧសភា) នេះថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមការស៊ើបអង្កេតពេញលេញមួយទៅលើឧបទ្ទវហេតុ ដែលបានកើតឡើងក្នុងអំឡុងពេលនៃពិធីដាក់ដំណើរការនាវាចម្បាំងក្នុងសប្តាហ៍នេះ។ ទីក្រុងព្យុងយ៉ាង បាននិយាយថា ឧបទ្ទវហេតុកាលពីថ្ងៃពុធនោះ គឺបណ្តាលមកពីការបាត់បង់តុល្យភាព ខណៈនាវាកំពុងត្រូវដាក់ដំណើរការ ហើយផ្នែកខាងក្រោមនៃនាវាចម្បាំងត្រូវបានកម្ទេច។របាយការណ៍បាននិយាយថា ការត្រួតពិនិត្យផ្ទៃក្នុងបានរកឃើញថា មិនមានរន្ធនៅផ្នែកខាងក្រោមរបស់នាវាចម្បាំងនោះទេ ប៉ុន្តែផ្នែកខាងក្រោមនៃផ្ទៃនាវា ត្រូវបានកោសរលាត់ ហើយទឹកសមុទ្របានហូរចូលទៅក្នុងផ្នែកខាងចុងតាមរយៈបណ្តាញជួយសង្គ្រោះរបស់នាវា។របាយការណ៍បន្តថា ទំហំនៃការខូចខាតគឺ "មិនធ្ងន់ធ្ងរទេ" ដោយបន្ថែមថា ក្រុមស៊ើបអង្កេតត្រូវបានបញ្ជាឱ្យស្វែងរកមូលហេតុនៃគ្រោះថ្នាក់ និងអ្នកទទួលខុសត្រូវ ខណៈមិនបាននិយាយទេថាមានអ្នករបួស ឬស្លាប់ ដោយសារគ្រោះថ្នាក់នេះឬទេ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មេដឹកនាំ លោក គីម ជុងអ៊ុន ដែលបានមើលឃើញឧប្បត្តិហេតុនៃនាវាពិឃាតទម្ងន់ ៥.០០០តោន នោះដោយផ្ទាល់នៅឯមូលដ្ឋានផលិតនាវាភាគឦសាននៃទីក្រុង Chongjin បានខឹងសម្បារយ៉ាងខ្លាំង ហើយចាត់ទុកហេតុការណ៍នេះថាជា "អំពើឧក្រិដ្ឋកម្ម" មិនអាចអត់ឱនបាន។ អ្នកវិភាគយោធានិយាយថា ឧបទ្ទវហេតុនេះទំនងជាបានកើតឡើងនៅចំពោះមុខហ្វូងមនុស្សដ៏ច្រើន ដែលបង្កើនការអាម៉ាស់ជាសាធារណៈចំពោះមេដឹកនាំកូរ៉េខាងជើងរូបនោះ៕

[UPDATE] មនុស្ស ៦នាក់បារម្ភថាបានស្លាប់ ក្រោយយន្តហោះធុនតូចធ្លាក់ចូលតំបន់លំនៅឋាន San Diego សហរដ្ឋអាមេរិក

2025/05/23 09:06:21 am        189
អាជ្ញាធរនិយាយថា មនុស្ស ៦នាក់ ត្រូវគេបារម្ភថាបានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) នៅពេលយន្តហោះពាណិជ្ជកម្មខ្នាតតូចមួយគ្រឿងដែលពួកគេកំពុងជិះ បានហោះកាត់អាកាសធាតុចុះអ័ព្ទខ្លាំង ហើយធ្លាក់លើតំបន់លំនៅឋានមួយកន្លែងនៅទីក្រុង San Diego របស់សហរដ្ឋអាមេរិក ជាទីដែលក្រុមគ្រួសារយោធាកំពុងរស់នៅ បណ្ដាលឱ្យមនុស្ស ៨នាក់ផ្សេងទៀតរងរបួស និងបង្កអគ្គិភ័យខូចខាតផ្ទះសម្បែង និងយានយន្តជាច្រើន។នាយកដ្ឋាននគរបាល និងទីភ្នាក់ងារអគ្គិភ័យ San Diego និយាយថា យន្តហោះដែលជាប្រភេទ Cessna Citation បានធ្លាក់នៅក្នុងតំបន់ Murphy Canyon លើអគារលំនៅដ្ឋានយោធាមួយក្នុងសង្កាត់ Tierrasanta ប្រហែលម៉ោង ៣:៤៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយបង្ខំឱ្យជម្លៀសមនុស្សប្រហែល ១០០នាក់ ខណៈ អណ្តាតភ្លើងបានឆាបឆេះ។នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Dan Eddy ជំនួយការប្រធានផ្នែកពន្លត់អគ្គិភ័យរបស់ San Diego បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២នាក់ ដែលនៅលើយន្តហោះបានស្លាប់ ហើយលោកជឿថានឹងពុំមានអ្នករួចជីវិតទេ។ ក្រោយមក រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា មានមនុស្ស ៦នាក់ជិះយន្តហោះនោះ ហើយត្រូវសន្មត់ថាស្លាប់ទាំងអស់។ក្រុមមន្ត្រីមិនបាននិយាយភ្លាមៗទេថាមូលហេតុអ្វីដែលបណ្តាលឱ្យធ្លាក់យន្តហោះនេះ។ មានអ័ព្ទក្រាស់ខ្លាំងនៅតំបន់ San Diego នៅព្រឹកព្រលឹម ហើយលោក Eddy បញ្ជាក់ថា ខ្សែថាមពលសំខាន់មួយត្រូវបានប៉ះពាល់។ យន្តហោះនោះចាកចេញពីតំបន់កណ្ដាលភាគខាងលិច តម្រង់ទៅកាន់អាកាសយានដ្ឋាន Montgomery-Gibbs Executive ក្រុង San Diego ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងស៊ើបអង្កេតគ្រោះថ្នាក់នេះ៕

រដ្ឋបាលលោក Trump រារាំងសាកលវិទ្យាល័យ Harvard មិនឲ្យចុះឈ្មោះនិស្សិតអន្តរជាតិ

2025/05/23 08:32:24 am        206
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលុបចោលលទ្ធភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) ហើយកំពុងបង្ខំនិស្សិតដែលមានឈ្មោះស្រាប់ផ្ទេរទៅកាន់សាកលវិទ្យាល័យផ្សេងទៀត បើមិនដូច្នេះទេត្រូវបាត់បង់ឋានៈស្របច្បាប់របស់ពួកគេ ខណៈរដ្ឋបាលនេះកំពុងគំរាមកំហែងពង្រីកការបង្ក្រាបទៅដល់សាលារៀនផ្សេងៗទៀត។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានបញ្ជាឱ្យក្រសួងបញ្ចប់ការបញ្ជាក់កម្មវិធីសិក្សារបស់និស្សិត និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យ Harvard។ លោកស្រី Noem បានចោទប្រកាន់សាកលវិទ្យាល័យថា «ជំរុញឱ្យមានអំពើហិង្សា ប្រឆាំងជ្វីហ្វនិយម និងការសម្របសម្រួលជាមួយបក្សកុម្មុយនិស្តចិន»។ សាកលវិទ្យាល័យ Harvard បាននិយាយថា ចំណាត់ការរបស់រដ្ឋបាលរបស់លោក Trump ដែលបានធ្វើឲ្យប៉ះពាល់ដល់និស្សិតរាប់ពាន់នាក់ គឺជាទង្វើខុសច្បាប់ ហើយស្មើទៅនឹងការសងសឹក។ការដាក់គំនាបលើនិស្សិតបរទេស បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងយុទ្ធនាការរបស់រដ្ឋបាល លោក Trump ទៅលើសាកលវិទ្យាល័យ។ ក្រសួងបាននិយាយថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពី សាកលវិទ្យាល័យ Harvard បានមិនព្រមផ្តល់ព័ត៌មានដែល លោកស្រី Noem កាលពីពេលមុន បានទាមទារពីអ្នកកាន់ទិដ្ឋាការនិស្សិតបរទេសមួយចំនួន ដែលបានមកចូលរៀននៅសាកលវិទ្យាល័យ។សាកលវិទ្យាល័យ Harvard បានចុះឈ្មោះនិស្សិតអន្តរជាតិជិត៦.៨០០នាក់ក្នុងឆ្នាំសិក្សា២០២៤ ដល់ ឆ្នាំ២០២៥ ដែលស្មើនឹង២៧ភាគរយនៃការចុះឈ្មោះចូលរៀនសរុបរបស់ខ្លួន នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ។

[UDPATE] ជនសង្ស័យ បាញ់សម្លាប់ជំនួយការស្ថានទូតអ៊ីស្រាអែលពីរនាក់ប្រចាំនៅអាមេរិកត្រូវបានចោទប្រកាន់ពីបទឃាតកម្ម

2025/05/23 08:14:58 am        131
បុរសកើតនៅទីក្រុងឈីកាហ្គោម្នាក់ ត្រូវបានចាប់ខ្លួន ខណៈជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់សម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែលពីរនាក់ក្នុងទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍២២ ឧសភា ក្នុងតុលាការសហព័ន្ធពីបទមនុស្សឃាតកម្រិតទី ១ ក្នុងការសម្លាប់ដែលត្រូវបានថ្កោលទោសពីគ្រប់ទិសទីថាជាទង្វើនៃការស្អប់ខ្ពើម។ បុរសវ័យ៣១ឆ្នាំ ឈ្មោះ Elias Rodriguez ឆ្នាំត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារលើមនុស្សមួយក្រុមកាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ខណៈពួកគេបានចាកចេញពីព្រឹត្តិការណ៍មួយសម្រាប់អ្នកការទូតវ័យក្មេងដែលរៀបចំដោយគណៈកម្មាធិការជ្វីហ្វអាមេរិក ជាក្រុមតស៊ូមតិដែលគាំទ្រអ៊ីស្រាអែល និងប្រយុទ្ធប្រឆាំងការស្អប់ខ្ពើមសាសនាជ្វីហ្វ។    យោងតាមឯកសារចោទប្រកាន់ ជនដៃដល់ Rodriguez បានប្រាប់នគរបាលនៅកន្លែងកើតហេតុ ថា រូបគេបានធ្វើដើម្បីប៉ាឡេស្ទីន និងតំបន់ហ្កាហ្សា ។សាក្សីបានប្រាប់ថាជនល្មើសបានស្រែកថា ដោះលែងប៉ាឡេស្ទីនទៅ បន្ទាប់ពីរូបគេត្រូវបាននគរបាលចាប់ខ្លួននាំទៅក្នុងមន្ទីរឃុំឃាំង។ជនរងគ្រោះទាំងពីរនាក់ដែលត្រូវក្មាន់កាំភ្លើងបាញ់សម្លាប់នោះមានឈ្មោះ Yaron Lischinsky អាយុ ៣០ឆ្នាំ ជាបុរស និងស្ត្រីម្នាក់ទៀតឈ្មោះ Sarah Lynn Milgrim អាយុ២៦ ឆ្នាំ ជាគូស្នេហ៍វ័យក្មេងជិតរៀបការ។ មិត្តភក្តិ និងសមាជិកនៃក្រុមតស៊ូមតិ របស់ពួកគេបាននិយាយថា អ្នកទាំងពីរបានប្តេជ្ញាចិត្តក្នុងការកសាងស្ពានរវាងជនជាតិអារ៉ាប់ និងជនជាតិជ្វីហ្វ ក្នុងក្តីសង្ឃឹមនៃការបញ្ចប់ការបង្ហូរឈាមនៅមជ្ឈិមបូព៌ា៕

BREAKING NEWS ÷ យន្តហោះ​ពាណិជ្ជកម្មមួយគ្រឿង ​ធ្លាក់​ចូល​តំបន់លំនៅឋានក្រុង San Diego សហរដ្ឋអាមេរិក បង្កអគ្គិភ័យដ៏ធំ

2025/05/22 09:19:45 pm        348
អាជ្ញាធរបាននិយាយថា យន្តហោះពាណិជ្ជកម្មមួយគ្រឿង បានធ្លាក់ចូលទៅក្នុងតំបន់លំនៅឋានមួយកន្លែងនៅទីក្រុង San Diego សហរដ្ឋអាមេរិក អំឡុងពេលអាកាសធាតុចុះអ័ព្ទ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ២២ ឧសភា នេះ ដោយបានបង្កអគ្គិភ័យដ៏ធំឆាបឆេះផ្ទះសម្បែងជាច្រើនខ្នង និងនាំឲ្យមានការជម្លៀសប្រជាជននៅតាមប្លុកលំនៅឋាននោះ។អ្នកនាំពាក្យទីភ្នាក់ងារអគ្គិភ័យ San Diego បានប្រាប់សារព័ត៌មាន CNN ថា យន្តហោះ Cessna 550 ដែលជារឿយៗត្រូវគេហៅថា Citation "បានធ្លាក់នៅជិតព្រលានយន្តហោះ Montgomery Executive ប្រហែលម៉ោងក្នុងស្រុក ៣:៤៥ នាទីព្រឹកព្រលឹម" នាថ្ងៃព្រហស្បតិ៍នេះ។មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នក​ស្លាប់ ឬរបួស​នោះទេ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធកំពុងស៊ើបអង្កេតការធ្លាក់យន្តហោះនេះ៕

កុមារហ្កាហ្សាអត់ឃ្លានឈរតម្រង់ជួររាប់ម៉ោងរង់ចាំអាហារ ខណៈសម្ពាធកើនឡើងលើអ៊ីស្រាអែល

2025/05/22 08:58:22 pm        18
រូបភាពវីដេអូឃ្លីបបញ្ចេញដោយអង្គការសហប្រជាជាតិ(UN)ឃើញកុមារនៅទីក្រុងហ្កាហ្សា ឈរតម្រង់ជួររង់ចាំអាហារអស់រយៈពេលជាច្រើនម៉ោង ពេលដែលសម្ពាធកើនឡើងលើរដ្ឋាភិលបាលអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យជំនួយបន្ថែមទៀតចូលដល់ពលរដ្ឋដែលស្ថិតលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស ក្រោយការបិទច្រករយៈពេល ១១សប្តាហ៍ ។UNនិយាយកាលពីថ្ងៃពុធថា គ្មានជំនួយមនុស្សធម៌ត្រូវបានចែកចាយទៅកាន់តំបន់ហ្កាហ្សាស្រ្ទីបនោះទេ រយៈពេល ២ថ្ងៃក្រោយអ៊ីស្រាអែលចាប់ផ្តើមអនុញ្ញាតឲ្យចែកចាយជំនួយមានចំនួនកំណត់ចូលទៅក្នុងដែនដីបិទច្រកមួយនេះ ឆ្លងកាត់តាមច្រកព្រំដែន Kerem Shalom ។លោក Mohammad Al-Helou គឺជាអ្នកគ្រប់គ្រងផ្ទះបាយសហគមន៍នៅទីក្រុងហ្កាហ្សា និយាយប្រាប់ UNថា ពួកយើងចម្អិនអាហារ ៥០០ខ្ទះ ក្នុង ១ថ្ងៃ ប៉ុន្តែពាក់កណ្តាលនៃអ្នកដែលមកទទួលអាហារ ទៅវិញដោយគ្មានអាហារនោះទេ ។ក្មេងស្រី Mais ដែលឈររង់ចាំនៅក្រៅផ្ទះបាយ និយាយថា នាងបានមកទីនេះតាំងពីព្រឹកមកម្ល៉េះ ។ នាងប្រញាប់ទៅទទួលយកអាហារដែរ តែនាងមិនអាចទទួលបានវានោះទេ ។ការចាប់ផ្តើមការវាយប្រហារឡើងវិញរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាចាប់តាំងពីខែមីនា ក្រោយបទឈប់បាញ់ដ៏ផុយស្រួលរយៈពេល ២ខែ បានធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយសូម្បីតែសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ក៏បានបង្ហាញសញ្ញាបាត់បង់ការអត់ធ្មត់ចំពោះលោក Netanyahu ផងដែរ ។យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាករសឹករបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥៣.៦០០នាក់ និងបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីបស្ទើរតែទាំងស្រុង ជាទីដែលក្រុមជំនួយនិយាយថា សញ្ញានៃកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ មានលក្ខណៈទ្រង់ទ្រាយធំ ។ខណៈពេលនោះដែរ អង់គ្លេស បានផ្អាកការជជែកពិភាក្សាជាមួយអ៊ីស្រាអែលលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយសហភាពអឺរ៉ុប និយាយថា ពួកគេនឹងពិនិត្យមើលឡើងវិញទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច ជុំវិញស្ថានភាពដ៏គ្រោះថ្នាក់នៅតំបន់ហ្កាហ្សា ៕

ទឹកជំនន់ជាប្រវត្តិសាស្រ្តគំរាមកំហែងដល់វដ្តដំណាំនៅតំបន់កសិកម្មដ៏សំខាន់របស់អាហ្សង់ទីន

2025/05/22 08:56:58 pm        16
តំបន់កសិកម្មដ៏សំខាន់របស់អាហ្សង់ទីន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារព្យុះកាលពីពេលថ្មីៗនេះ បណ្តាលឲ្យមានភ្លៀងធ្លាក់កម្ពស់ ៤០០មីលីម៉ែត្រក្នុង ១ថ្ងៃ នៅខេត្ត Buenos Aires ជាពិសេសនៅទីក្រុង San Antonio de Areco ។លោក Martin Vivanco គឺជាកសិករមួយរូបនិយាយថា នេះស្ថិតក្នុងចំណោមភ្លៀងធ្លាក់ខ្លាំងបំផុតដែលលោកធ្លាប់បានឃើញ ធ្វើឲ្យតំបន់វាលទំនាបលិចលង់ទាំងស្រុង និងពិបាកប្រមូលផងដំណាំ ។យោងតាមសម្តីរបស់លោក Vivanco បានឲ្យដឹងថា សំណើមច្រើនហួសប្រមាណ បានពន្យាពេលការប្រមូលផលផងដែរ បង្កើនហានិភ័យនៃជំងឺដំណាំ និងធ្វើឲ្យប៉ះពាល់ដល់ទិន្នផលសណ្តែកសៀងទម្ងន់ ៥០លានតោនរបស់អាហ្សង់ទីន ។ ប៉ុន្តែក្តីបារម្ភធំរបស់លោក គឺវដ្តផលិតកសិកម្មបន្ទាប់នឹងត្រូវរងផលប៉ះពាល់ខ្លាំងបែបណា ។ ផ្សារភាគហ៊ុនគ្រាប់ធុញ្ញជាតិខេត្ត Buenos Aires ព្រមានថា ការផលិតសណ្តែកសៀង អាចនឹងរងការខាតបង់ធ្ងន់ធ្ងរ ពេលដែលសណ្តែកសៀង ៧៣ម៉ឺនហិចតា មិនទាន់បានប្រមូលផល ដោយសារតែភ្លៀងធ្លាក់ខ្លាំងបន្តកើងឡើង ។ស្របពេលដែលផ្ទៃមេឃស្រឡះល្អ ផ្តល់ភាពធូរស្បើយបណ្តោះអាសន្ន ផ្សារភាគហ៊ុន BCR បានព្យាករណ៍ពីភ្លៀងធ្លាក់បន្ថែមទៀត ដែលអាចធ្វើឲ្យការខូចខាតកាន់តែខ្លាំង និងបន្តធ្វើឲ្យអាក់ខានដល់សកម្មភាពកសិកម្មនៅក្នុងតំបន់ ៕

ជម្លោះកុងហ្គោពន្លឿនការកាប់បំផ្លាញព្រៃឈើយកធ្វើធ្យូងអុសនៅជិតឧទ្យានជាតិអភិរក្ស

2025/05/22 08:25:01 pm        15
 នៅតាមភូមិនជុំវិញទីក្រុង Bukavu អ្នកស្រុកនាំគ្នាកាប់បំផ្លាញព្រៃឈើដើម្បីធ្វើធ្យូងអុស ជាហេតុធ្វើឲ្យតម្លៃធ្យូងអុសធ្លាប់តែខ្ពស់ បែរជាធ្លាក់ចុះយ៉ាងគំហុក និងបង្កក្តីបារម្ភដល់ការខូចប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ។ នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានមើលឃើញការហក់ឡើងខ្ពស់អំពើហិង្សា ចាប់តាំងពីដើមឆ្នាំ ២០២៥រហូតមក ពេលដែលក្រុមឧទ្ទាម M23គាំទ្រដោយប្រទេសរ៉្វាន់ដា ដណ្តើមបានការគ្រប់គ្រង និងកាន់កាប់ទីក្រុងជាច្រើននៅខេត្ត North Kivu និងខេត្ត South Kivu ។ ការគ្រប់គ្រងរបស់ក្រុមឧទ្ទាម នាំឲ្យមានការបើកផ្លូវឡើងវិញដែលធ្លាប់តែបិទដោយប៉ុស្តិ៍ត្រួតពិនិត្យ និងការល្បាតរបស់ក្រុមជីវពល ជាហេតុជំរុញឲ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងធ្វើធ្យូងអុស និងការដឹកជញ្ជូនធ្យូងអុស ។ យោងតាមការអះអាងរបស់ឈ្មួញក្នុងស្រុកម្នាក់ បានឲ្យដឹងថា ធ្យូងអុសធ្លាប់លក់ក្នុងតម្លៃចាប់ពី ៣២ដុល្លារ ដល់ ៤៨ដុល្លារ ក្នុងទម្ងន់ ១០០គ.ក ប៉ុន្តែឥឡូវវាមានតម្លៃក្រោម ២០ដុល្លារប៉ុណ្ណោះ ។ លោក Sifa Bahati គឺជាអាជីវករមួយរូប និយាយថា នោះគឺជាវិធីដែលព្រះជួយពួកយើង ។ ពួកយើងអាចចិញ្ចឹមកូនៗរបស់ពួកយើងបាន ។ ខណៈពេលនោះដែរ ក្រុមអភិរក្សព្រៃឈើបានព្រមានថា ការកើនឡើងចំនួនធ្យូងអុស និងការកាប់បំផ្លាញព្រៃឈើ គឺជាការទន្រ្ទានតំបន់ទ្រនាប់របស់ឧទ្យានជាតិ Kahuzi-Biega ដែលជាតំបន់បេតិគភណ្ដពិភពលោករបស់អង្គការ UNESCO ។ អនុរក្សឧទ្យាន Kahuzi-Biega រាយការណ៍ថា ដើមឈើអាយុកាលរាប់សវត្សរ៍ ត្រូវបានគេកាប់បំផ្លាញ គំរាមកំហែងដល់ជម្រករស់នៅរបស់ស្វាឪជិតផុតពូជ Grauer និងសត្វព្រៃដទៃទៀត ។ ក្រុមបរិស្ថានបានអំពាវនាវដល់ក្រុមអាជ្ញាធរឧទ្ទាម M23ត្រូវតែជំរុញច្បាប់ព្រៃឈើមានស្រាប់ ហើយនិងទប់ស្កាត់ការកាប់អុសខុសច្បាប់ ។ ដោយពុំអាចធ្វើអន្តរាគមន៍បាន ពួកគេបានព្រមានថា ព្រៃឈើនៅតំបន់ភាគខាងកើតកុងហ្គោ និងពពួកសត្វដែលជ្រកកោននៅទីនោះ អាចប្រឈមនឹងការធ្លាក់ចុះមិនអាចត្រឡប់មកវិញបាន ។  អ្នកស្រី Josue Aruna គឺជាសកម្មជនបរិស្ថានមួយរូប និយាយថា បើសិនជាទង្វើបែបនេះនៅតែបន្តទៀត ពួកយើងនឹងបាត់បង់ឧទ្យានជាតិអភិរក្សមួយនេះ ដែលជាជម្រកដ៏ស្តុកស្តមសម្រាប់ស្វាឪ ៕

រដ្ឋមន្រ្តីសុខាភិបាលប៉ាឡេស្ទីនរាយការណ៍ករណីស្លាប់មនុស្ស ២៩នាក់ពាក់ព័ន្ធនឹងភាពអត់ឃ្លាន

2025/05/22 08:13:31 pm        13
រដ្ឋមន្រ្តីសុខាភិបាលប៉ាឡេស្ទីនលោក Majed Abu Ramadan និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កុមារ និងមនុស្សចាស់ ២៩នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅតំបន់ហ្កាហ្សា ។លោក Majed និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ពួកយើងបាត់បង់អាយុជីវិតកុមារ ទារក និងមនុស្សចាស់ចំនួន ២៩នាក់ ហើយពួកគេបានស្លាប់ដោយសារភាពអត់ឃ្លាន ។អ៊ីស្រាអែលបានបិទការចូលឱសថ ស្បៀងអាហារ និងការផ្គត់ផ្គង់ប្រេងចូលទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីដើមខែមីនារហូតមក ជំរុញឲ្យក្រុមអ្នកជំនាញអន្តរជាតិ ព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្សនៅក្នុងដែនដីមួយនេះ ដែលមានជនប៉ាឡេស្ទីន ២,៣លាននាក់ មុនសង្រ្គាមផ្ទុះឡើង ។យោងតាមតួលេខយោធាអ៊ីស្រាអែល បានឲ្យដឹងថា រថយន្តដឹកជំនួយតិចជាង ១០០គ្រឿង បានធ្វើដំណើរចូលទៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃចន្ទរហូតមក ពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu យល់ព្រមដកចេញការបិទច្រកដែលធ្វើឲ្យពលរដ្ឋហ្កាហ្សាពិបាករស់រាន ។ជាមួយនឹងការវាយប្រហារតាមច្រកអាកាស និងការផ្លោងគ្រាប់កាំភ្លើងធំរបស់រថក្រោះនៅតែបន្តមានគោលដៅលើដែនដីបិទច្រកមួយនេះ សម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃពុធ ហាងដុតនំក្នុងស្រុក និងប្រតិបត្តិករដឹកជញ្ជូន និយាយថា ពួកគេនៅមិនទាន់ឃើញមានការផ្គត់ផ្គង់ម៉្សៅ និងគ្រឿងចាំបាច់ផ្សេងទៀតនោះទេ ។ បន្ថែមពីលើកង្វះខាតជំនួយ ការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាឡើងនៅតំបន់ហ្កាហ្សា ។ កាលពីសប្តាហ៍មុន យោធាអ៊ីស្រាអែល បានប្រកាសចាប់ផ្តើមយុទ្ធនាការសឹកថ្មីលើក្រុមហាម៉ាស ហើយក្រុមគ្រូពេទ្យបឋមនៅដែនដីមួយនេះនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៥០០នាក់ ក្នុងរយៈពេល ៨ថ្ងៃកន្លងមកនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន ប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅប្រាសាទនាគព័ន្ធ
09/07/2025 08:09 PM
សម្តេចធិបតី៖ សុខុមាលភាពកងទ័ពទាំង១៨នាក់ ដែលថៃចាប់ទៅគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ
09/07/2025 08:09 PM
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តព្រះពុទ្ធមានបុណ្យ
09/07/2025 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
09/07/2025 06:09 PM
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈរួចរាល់ធ្វើប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែងសម្រេចលទ្ធផលជូនរាជរដ្ឋាភិបាល
09/07/2025 05:09 PM
ទឹកជំនន់នៅនីហ្សេរីយ៉ា បានសម្លាប់មនុស្សលើសពី ២៣០នាក់ ដោយជាង ១០០នាក់ នៅតែបាត់ខ្លួន
09/07/2025 05:09 PM
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន
09/07/2025 05:09 PM
ពលរដ្ឋអាមេរិកជាង ២៥លាននាក់ ស្ថិតក្រោមការព្រមាន ខណៈអាកាសធាតុធ្ងន់ធ្ងរវាយប្រហារភាគឦសាន
09/07/2025 05:09 PM
សម្ដេចធិបតី អបអរលោក Anutin ក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី ខណៈកម្ពុជារងចាំធ្វើការជាមួយគ្នាស្ដារទំនាក់ទំនង និងសន្តិភាពប្រទេសទាំងពីរឡើងវិញ
09/07/2025 04:09 PM
[UPDATE] នាយករដ្ឋមន្ត្រីជប៉ុន Ishiba បានចេញមកប្រកាសថា លោកសម្រេចចិត្តចុះពីតំណែងហើយ
09/07/2025 04:09 PM