មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

ព័ត៌មានអន្តរជាតិ

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm        118
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) បានក្រើន​រំលឹក​ក្រុមប្រឹក្សាសន្តិសុខថា វិបត្តិសន្តិសុខ នៅច្រកសមុទ្រ Hormuz និងសមុទ្រក្រហម បង្ក​ជាហានិភ័យ​ទាញតំបន់​មជ្ឈិមបូព៌ាឱ្យ​ធ្លាក់​ចូលទៅក្នុង «រង្វង់នៃការប្រឈមមុខដាក់គ្នាកាន់តែធំឡើងៗ» ខណៈដែលលោកបានអំពាវនាវឱ្យមានការស្តារឡើងវិញនូវសិទ្ធិធ្វើ​នាវាចរណ៍អន្តរជាតិ នៅក្នុងផ្លូវទឹកទាំង ២ នេះ​។ អំឡុង​ពេល​ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី លោក Guterres បាននិយាយថា ការជឿទុកចិត្តរវាងភាគីនានា កំពុង​បាត់បង់​ទៅៗ​ ហើយវាកាន់តែពិបាកក្នុងការឈានដល់ និងបន្ត​» ដំណោះ​ស្រាយ​តាម​រយៈការ​ចរចា។ លោកបានបន្ថែមថា៖ «ស្ថានភាពកំពុងទៅ​ហួស​ពី​ការ​គ្រប់គ្រង​បាន​។ វាកំពុងទៅ​ឈរ​លើ​​គែមនៃភាពមិនអាចនឹកស្មានដល់»។ ជាមួយ​គ្នា​នេះ លោក Guterres ក៏បានព្រមានផង​ដែរ​ថា វិបត្តិមួយកំពុងភ្ញោច​ឱ្យកើតមានវិបត្តិមួយទៀត ហើយការកើនឡើងនូវ​ភាព​តានតឹង​មួយ កំពុងទៅ​បង្កើតជម្លោះមួយទៀត ដោយ​គោលដៅនយោបាយ ត្រូវបានបាំងបិទកាន់តែខ្លាំងឡើងៗ ដោយសារតែការប្រឈមមុខដាក់គ្នានោះឯង។ ប្រមុខ​ UN រូប​នេះ បានលើក​ឡើងទៀត​ថា «ដល់ពេលត្រូវដក​ថយ​មា្នក់​មួយ​ជំហាន​​ហើយ» ដោយសង្កត់ធ្ងន់ថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺមិនអាចទទួលយកបានឡើយ​ ហើយជម្លោះមិនអាច​ត្រូវបាន​ដោះ​​ស្រាយដោយ​កម្លាំង​យោធានោះទេ​​។ លោកបានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា «គ្រប់ទីកន្លែងក្នុងតំបន់» ហើយបានបញ្ជាក់​ថា សិទ្ធិ និងសេរីភាពធ្វើ​នាវាចរណ៍អន្តរជាតិ ទាំង​នៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz និងច្រកសមុទ្រ Bab Al-Mandab ត្រូវតែស្ដារឡើងវិញយ៉ាងពេញលេញ​៕ 

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm        151
យោងតាមវីដេអូដែលបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋគុយបាកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ថា កងទ័ពគុយបាបានបញ្ចប់សមយុទ្ធយោធារយៈពេលប្រាំមួយខែនៅប្រទេសគុយបាភាគកណ្តាល ខណៈសហរដ្ឋអាមេរិកបន្តដាក់សម្ពាធលើប្រទេសកោះមួយនេះដោយការដាក់ទណ្ឌកម្មថ្មីៗ។ សេចក្តីរាយការណ៍តាមទូរទស្សន៍បានបញ្ជាក់ថា មន្ត្រីប្រហែល៣០០នាក់បានចូលរួមក្នុងសមយុទ្ធនៅក្នុងតំបន់យោធា Matanzas ហើយ «បានមើលឃើញចំពោះប្រសិទ្ធភាពរបស់ពួកគេក្នុងការបាញ់ប្រហារ ដោយភាពរហ័សរហួនក្នុងសមយុទ្ធ និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំង»។ នៅពេលបញ្ចប់លំហាត់សមយុទ្ធ មន្ត្រីឆ្នើមៗត្រូវបានផ្តល់កិត្តិយសដោយមេដាយ និងពានរង្វាន់មានឈ្មោះថា «១០០ឆ្នាំជាមួយលោក Fidel» ដែលសំដៅទៅលើខួបមួយរយឆ្នាំនៃកំណើតរបស់មេដឹកនាំគុយបា លោក Fidel Castro (១៩២៦-២០១៦) ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី១៣ ខែសីហា។ តំបន់យោធាផ្សេងៗរបស់ប្រទេស បានធ្វើសមយុទ្ធស្រដៀងគ្នានេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងថ្នាក់ដឹកនាំរដ្ឋាភិបាល ដោយលើកឡើងពីអ្វីដែលពួកគេពិពណ៌នាថាជាការគំរាមកំហែងជាបន្តបន្ទាប់នៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងប្រទេសកោះនេះ។ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានចេញទណ្ឌកម្មថ្មីទាក់ទងនឹងប្រទេសគុយបា ដោយកំណត់គោលដៅលើអង្គភាពចំនួនប្រាំបួន និងបុគ្គលពីររូបដែលសកម្មភាពជាច្រើនរបស់ពួកគេបានបន្តការគ្រប់គ្រងរបស់រដ្ឋាភិបាលគុយបាលើវិស័យថាមពល ហិរញ្ញវត្ថុ និងការងារវេជ្ជសាស្ត្រនៅក្រៅប្រទេស។ 

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm        135
នាយករដ្ឋមន្ត្រី លោក Mark Carney បានថ្លែងទៅកាន់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីប្រចាំខេត្តនានា កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសការដំឡើងពន្ធថ្មី។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃចន្ទ សប្តាហ៍នេះថា ការដំឡើងពន្ធថ្មី៥០% លើផលិតផលរបស់ប្រទេសកាណាដាជាច្រើនមុខនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែសីហា។ លោក Carney បានប្រាប់កិច្ចប្រជុំថា «យើងកំពុងជំរុញការចរចាពាណិជ្ជកម្មរបស់យើងជាមួយសហរដ្ឋអាមេរិក ហើយនឹងមិនស្ទាក់ស្ទើរក្នុងការការពារផលប្រយោជន៍របស់ខ្លួននោះទេ» ដោយចាត់ទុកវិធានការថ្មីរបស់សហរដ្ឋអាមេរិកថា មិនសមហេតុផល។ លោកបាននិយាយអំពីវិធានការប្រឆាំងតបតដែលអាចកើតមាន ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតទេ។ លោក Trump និងលោក Carney បានព្រមព្រៀងគ្នានៅសប្តាហ៍នេះដើម្បីជំរុញការចរចាពាណិជ្ជកម្មទ្វេភាគី។ រឿងនេះកំពុងកើតឡើងប្រឆាំងនឹងផ្ទៃខាងក្រោយនៃការសម្រេចចិត្តរបស់លោក Trump កាលពីថ្ងៃទី១ ខែកក្កដា ដែលមិនបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា រយៈពេល ១៦ឆ្នាំទៀត។ សហរដ្ឋអាមេរិកកំពុងចរចាជាមួយប្រទេសកាណាដា និងម៉ិកស៊ិក តាមវិធីដាច់ដោយឡែកពីគ្នា ហើយទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនកំពុងមានវឌ្ឍនភាពកាន់តែច្រើនជាមួយប្រទេសម៉ិកស៊ិក។

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm        137
សមាជិកសភាគណបក្សសាធារណរដ្ឋបួនរូបនៅក្នុងសភាសហរដ្ឋអាមេរិក បានចូលរួមជាថ្មីជាមួយគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតដើម្បីរឹតត្បិតអំណាចរបស់ប្រធានាធិបតី លោក Donald Trump ក្នុងការធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ សេចក្តីសម្រេច ត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ រយៈពេលជិតមួយសប្តាហ៍បន្ទាប់ពីបុគ្គលិកយោធាអាមេរិកបីនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានមួយកន្លែងនៅប្រទេសហ្ស៊កដានី ដោយមានសំឡេងគាំទ្រ២១៤ទល់២០៨។ ភ្លាមៗក្រោយមក សេចក្តីសម្រេចមួយផ្សេងទៀតនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបរាជ័យក្នុងការអនុម័តក្នុងសំឡេងគាំទ្រ៤៧ទល់នឹង៤៩ ដោយសមាជិកសភាបក្សសាធារណរដ្ឋពីររូបដែលធ្លាប់គាំទ្រកំណែមុនៗបានបដិសេធមិនបោះឆ្នោត។ ទាំងសភានិងព្រឹទ្ធសភា បានអនុម័តសេចក្តីសម្រេចមួយកាលពីខែមិថុនា ដែលបានអំពាវនាវឱ្យលោក Trump ស្វែងរកការយល់ព្រមពីសភាមុនពេលចាប់ផ្តើមការវាយប្រហារបន្ថែមទៀត។ ទោះជាយ៉ាងណា ដោយសារតែសេចក្តីសម្រេចនេះត្រូវបានអនុម័ត ខណៈត្រូវបានគេហៅថា «សេចក្តីសម្រេចរួម» វាមិនត្រូវបានបញ្ជូនទៅតុរបស់លោក Trump ទេ។ ទោះបីជាវិធានការនេះត្រូវបានអនុម័តជាសេចក្តីសម្រេចរួម ដែលតម្រូវឱ្យបញ្ជូនទៅលោក Trump ដើម្បីសុំការអនុម័តក៏ដោយ លោកប្រធានាធិបតីអាចប្រើសិទ្ធិវេតូវាបាន។ ទោះជាយ៉ាងណា សមាជិកសភាក្រុមប្រជាធិបតេយ្យបាននិយាយថា សេចក្តីសម្រេចចុងក្រោយនេះផ្ញើសារដ៏សំខាន់មួយដែលសមាជិកសភាពប្រឆាំងនឹងវិធីសាស្រ្តរបស់លោក Trump ចំពោះសង្គ្រាម ដែលបានផ្ទុះឡើងជាថ្មីបន្ទាប់ពីបទឈប់បាញ់បានបរាជ័យកាលពីដើមខែកក្កដា។

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm        130
លោក Mark Cancian អតីតមន្ត្រីមន្ទីរបញ្ចកោណ បានប្រាប់សារព័ត៌មាន Al Jazeera ថា សហរដ្ឋអាមេរិក បានប្រើប្រាស់អាវុធច្រើនខ្លាំងនៅក្នុងសង្គ្រាមអ៊ីរ៉ង់ ដែលវាអាចនឹងធ្វើឱ្យអាមេរិកខ្លួនឯង ងាយរងគ្រោះនៅកន្លែងផ្សេងទៀត។ លោកបាននិយាយថា «យើងបានពិនិត្យមើលគ្រាប់រំសេវដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនប្រឆាំងអ៊ីរ៉ង់ និងត្រូវបានប្រើប្រាស់នៅក្នុងសង្គ្រាមនៅប៉ាស៊ីហ្វិកខាងលិច ហើយសហរដ្ឋអាមេរិក បានប្រើប្រាស់ចន្លោះពីមួយភាគបីទៅពាក់កណ្តាលនៃគ្រាប់រំសេវទាំងនោះ»។ លោក Cancian ដែលធ្វើការលើយុទ្ធសាស្ត្រថវិការបស់ក្រសួងការពារជាតិ និងមូលនិធិសង្គ្រាមខណៈនៅមន្ទីរបញ្ចកោណ បាននិយាយថាវាអាចចំណាយពេលពីពីរទៅប្រាំឆ្នាំសម្រាប់ស្តុកអាវុធរបស់សហរដ្ឋអាមេរិក ដើម្បីឈានដល់កម្រិតនៅមុនសង្គ្រាមអ៊ីរ៉ង់។ នោះបន្សល់ទុកនូវ «ហានិភ័យនៃភាពងាយរងគ្រោះ» ក្នុងករណីដែលជម្លោះមួយផ្សេងទៀតចាប់ផ្តើមនៅកន្លែងផ្សេង ឧទាហរណ៍ដូចជានៅកោះតៃវ៉ាន់។ លោកក៏បាននិយាយផងដែរថា ប្រភេទអាវុធដែលសហរដ្ឋអាមេរិកប្រើប្រាស់កំពុងផ្លាស់ប្តូរ។ សង្គ្រាម បានធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ទឹកប្រាក់ចំនួន ៣៧,៥ ពាន់លានដុល្លាររួចហើយ ហើយនៅសប្តាហ៍នេះ លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បាននិយាយថា លោកត្រូវការប្រាក់បន្ថែមចំនួន ៧០ ពាន់លានដុល្លារទៀត ដើម្បីចំណាយសម្រាប់សង្គ្រាមអ៊ីរ៉ង់ និងការត្រៀមខ្លួនផ្នែកយោធាកាន់តែទូលំទូលាយ។ មានមីស៊ីលបាលីស្ទីក មីស៊ីលស៊ីបគោលដៅកម្រិតខ្ពស់ ហើយនៅមានយានដ្រូនតម្លៃទាប ដែលវាជាការរួមបញ្ចូលគ្នា ហើយពួកវាបំពេញបន្ថែមឲ្យគ្នា»។ ឃ្លាំងអាវុធយានដ្រូនរួមមានយានដ្រូនសមុទ្រ ទូកបញ្ជាពីចម្ងាយបំពាក់គ្រឿងផ្ទុះជាច្រើនគ្រឿង តាមនសេចក្តីរាយការណ៍ថាត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារគោលដៅឆ្នេរសមុទ្រនៅក្នុងប្រទេសអ៊ីរ៉ង់។ 

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm        127
សារព័ត៌មាននិយាយថា យើងបានទទួលសេចក្តីថ្លែងការណ៍មកពីរដ្ឋក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បូករួមទាំងប្រទេសហ្ស៊កដានី។ វាពិតជាសំខាន់ខ្លាំងក្នុងការពិនិត្យមើលវោហាសាស្ត្រដែលពួកគេកំពុងប្រើ ដោយរដ្ឋឈូងសមុទ្រកំពុងប្រើប្រាស់ភាសានៃការការពារខ្លួន។ សេចក្តីថ្លែងការណ៍ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសបារ៉ែន កូវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងហ្ស៊កដានី ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប្រទេសហត្ថលេ មានសិទ្ធិចាត់វិធានការផ្លូវច្បាប់ទាំងអស់ដែលចាំបាច់ដើម្បីការពារអធិបតេយ្យភាព ទឹកដី ពលរដ្ឋ ការដឹកជញ្ជូនពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ពួកគេ។ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋទាំងនោះមានសិទ្ធិគ្រប់យ៉ាងក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ ប្រទេសហត្ថលេខីនៃសេចក្តីថ្លែងការណ៍ បានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស។ ទាំងនេះគឺជាប្រព័ន្ធពហុស្រទាប់ ពហុមុខងារដែលស្ទាក់ចាប់មីស៊ីលនិងយានដ្រូនជាច្រើនគ្រឿងមកពីប្រទេសអ៊ីរ៉ង់បានដោយជោគជ័យ ។ សេចក្តីថ្លែងការណ៍ មិនបាននិយាយទៅដល់កម្រិតដែលថាប្រទេសហត្ថលេខីទាំងនេះ នឹងសងសឹកប្រឆាំងអ៊ីរ៉ង់វិញនោះទេ។ ស្តីពីវោហាសាស្ត្រ នេះមិនបានផ្លាស់ប្តូររយៈពេលពីរបីខែមកហើយ។ ប្រទេសហត្ថលេខីបាននិយាយថា មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយវិបត្តិនេះគឺត្រូវត្រឡប់ទៅរកតុចរចាឡើងវិញ។ ពួកគេបានងាកទៅរកភាសាផ្នែកការទូត និងការការពារខ្លួនជាជាងការសម្លឹងទៅរកការវាយប្រហារសងសឹក។

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm        127
លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា មានផលវិបាកមនុស្សធម៌ជុំវិញការរីកធំជម្លោះចុងក្រោយនៅតំបន់មជ្ឈិមបូព៌ា រួមទាំងការបិទច្រកសមុទ្រ Hormuz និងច្រក Bab al-Mandeb កំពុងបន្តកើនឡើង។ លោក Dujarric បានប្រាប់អ្នកសារព័ត៌មានថា ការកើនឡើងនេះគំរាមកំហែងដល់ការរំខានបន្ថែមទៀតដល់ពាណិជ្ជកម្មតាមសមុទ្រ ជើងហោះហើរ ការឆ្លងកាត់ព្រំដែន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ ដែលមនុស្សរាប់លាននាក់ពឹងផ្អែកលើ។ លោកបាននិយាយថា «ការរំខានបន្ថែមទៀតអាចជំរុញតម្រូវការមនុស្សធម៌និងការចំណាយកើនឡើងនៅពេលដែលប្រតិបត្តិការជំនួយបានខ្វះមូលនិធិ»។ លោកបាននិយាយបន្ថែមថា «យើងសូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យគោរពច្បាប់មនុស្សធម៌អន្តរជាតិ ការពារជនស៊ីវិល ការដាក់គោលដៅលើជនស៊ីវិល និងបញ្ចៀសការរំខានដល់សេវាសំខាន់ៗដែលជនស៊ីវិលពឹងផ្អែកលើ»។

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am        123
សារព័ត៌មានអ៊ុយក្រែន Suspilne បានរាយការណ៍នៅថ្ងៃទី២៤ ខែកក្កដា នេះ ដោយដកស្រង់ប្រភពការទូតថា លោកប្រធានាធិបតី Volodymyr Zelenskyy នឹងជួបលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham ។ ពិធីបុណ្យសពរបស់លោក Graham គ្រោងនឹងធ្វើឡើងនៅវិហារជាតិវ៉ាស៊ីនតោន នៅថ្ងៃទី២៨ ខែកក្កដា។ លោក Graham ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទាំងអ៊ុយក្រែន និងប្រធានាធិបតី Trump បានទទួលមរណភាពភ្លាមៗនៅថ្ងៃទី ១១ ខែកក្កដា បន្ទាប់ពីត្រឡប់មកពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ ក្រោយបានប្រកាសថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយសេតវិមានលើសេចក្តីព្រាងច្បាប់ទណ្ឌកម្មរុស្ស៊ីដែលត្រូវបានពន្យារពេលជាយូរមកហើយ។ ពេលវេលានៃកិច្ចប្រជុំរវាងលោក Trump និងលោក Zelenskyy មិនទាន់ច្បាស់លាស់ភ្លាមៗនោះទេ។ សារព័ត៌មាន Suspilne ធ្លាប់បានរាយការណ៍ថា ការិយាល័យប្រធានាធិបតីកំពុងសម្រេចលើព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចដែលអាចកើតមាន។ ការិយាល័យប្រធានាធិបតីមិនទាន់បានបញ្ជាក់ពីកិច្ចប្រជុំនេះនៅឡើយទេ។ ដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់សហរដ្ឋអាមេរិកបានកើតឡើងក្នុងអំឡុងពេលមានការជាប់គាំងរយៈពេលប្រាំមួយខែក្នុងការចរចាសន្តិភាពរវាងទីក្រុងគីវ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគីវ ហាក់ដូចជាបានងើបឡើងវិញនៅថ្ងៃទី ២២ ខែកក្កដា ស្របពេលមានដំណើរទស្សនកិច្ចពីលោក Matt Whitaker បេសកជនសហរដ្ឋអាមេរិករបស់លោក Trump ប្រចាំអង្គការណាតូ ទៅកាន់ទីក្រុងគីវ ដើម្បីពិភាក្សាអំពីការដឹកជញ្ជូនមីស៊ីល ប៉ាទ្រីយ៉ូត(Patriot) និងកិច្ចព្រមព្រៀងយានដ្រូនរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន៕ 

ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am        126
មនុស្សរាប់ម៉ឺននាក់ត្រូវបានជំរុញឱ្យជម្លៀសចេញពីលំនៅឋានកាលពីថ្ងៃព្រហស្បតិ៍ ២៣កក្កដា សប្ដាហ៍នេះ ខណៈភ្លើងឆេះព្រៃនៅតែបន្តឆេះរាលដាលពាសពេញប្រទេសអេស្ប៉ាញ បារាំង និងអ៊ីតាលី។ ភ្លើងឆេះព្រៃចុងក្រោយនេះកើតឡើង ខណៈទ្វីបអឺរ៉ុប កំពុងត្រៀមខ្លួនទប់ទល់រលកកម្ដៅមួយផ្សេងទៀត ដែលព្យាករណ៍ថានឹងមានសីតុណ្ហភាពក្ដៅរហូតដល់ ៤០ អង្សាសេ នៅក្នុងតំបន់មួយចំនួន។ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ ២០២៦ ចំហេះព្រៃបានឆេះរាលដាលលើផ្ទៃដីនៅអឺរ៉ុប ច្រើនជាងមធ្យមភាគប្រចាំឆ្នាំក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។ ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជារលកកម្ដៅ និងភ្លើងឆេះព្រៃដែលកើតឡើងកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន។ ដើម្បីដោះស្រាយភ្លើងឆេះព្រៃជាច្រើនដែលមិនអាចគ្រប់គ្រងបាន ប្រទេសអេស្ប៉ាញបានប្រកាសអាសន្នជាតិនៅក្នុងតំបន់ម៉ាឌ្រីដ និងនៅក្នុងខេត្ត អាវីឡា ជិតរដ្ឋធានី កាលពីយប់ថ្ងៃព្រហស្បតិ៍។ វិធានការនេះមានគោលបំណងពន្លឿនការដាក់ពង្រាយធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលបានបង្ខំឱ្យមនុស្សប្រហែល ១០.០០០ នាក់នៅក្នុងតំបន់ជម្លៀសចេញពីផ្ទះសម្បែង។ អ្នកពន្លត់អគ្គិភ័យ ឆ្មាំព្រៃឈើ និងមន្ត្រីការពារស៊ីវិល ប្រហែល ៦.០០០ នាក់ត្រូវបានដាក់ពង្រាយនៅទូទាំង កោះស៊ីស៊ីលី ប្រទេសអ៊ីតាលី បន្ទាប់ពីភ្លើងឆេះព្រៃបានឆាបឆេះអស់រយៈពេលជាច្រើនថ្ងៃ៕ 

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am        98
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតទំនាក់ទំនងវិជ្ជមានជាមួយទីក្រុងប៉េកាំង មិនមានន័យថាពួកគេត្រូវបានបោះបង់ចោលនោះទេ ខណៈក្រុមអ្នកការទូតជាន់ខ្ពស់បានចូលរួមការជួបជុំវេទិកាសន្តិសុខក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍២៣ កក្កដាសប្ដាហ៍នេះ ស្របពេលមានជម្លោះនៅមជ្ឈិមបូព៌ាកាន់តែកើនឡើង។ ថ្លែងមួយថ្ងៃបន្ទាប់ពីជួបជាមួយសមភាគីចិន លោក Wang Yi ជាកន្លែងដែលលោកទាំងពីរបានពិភាក្សាគ្នាអំពីការងាររៀបចំសម្រាប់ដំណើរទស្សនកិច្ចនៅខែកញ្ញាទៅកាន់សហរដ្ឋអាមេរិកដោយប្រធានាធិបតីលោក Xi Jinping លោក Rubio បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននឹងមិនធ្វើឱ្យប៉ះពាល់ដល់ដៃគូអាស៊ីជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ។ លោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកលោកមានវត្តមានរួចហើយ។ពួកលោកមានតួនាទី ហើយពួកលោកនឹងមិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួនទេ។សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនោះ។ ទាំងនេះគឺជាប្រទេសមានសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុត យោធាធំបំផុត និងជាមហាអំណាចនុយក្លេអ៊ែរពីរនៅលើពិភពលោក ។ពួកលោកត្រូវតែមានទំនាក់ទំនងជាមួយប្រទេសចិន។ ពួកលោកចង់ឱ្យវាមានភាពវិជ្ជមានតាមដែលអាចធ្វើទៅបាន ប៉ុន្តែវានឹងមិនធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិនៅក្នុងតំបន់ ឬវត្តមានរបស់ពួកលោកនៅទីនេះដែរ។ មុននោះ លោក Rubio បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅទីក្រុងម៉ានីល និងវេទិកាតំបន់អាស៊ានដែលផ្តោតលើសន្តិសុខ ជាកន្លែងដែលបណ្ដារដ្ឋមន្ត្រីការបរទេសបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការចូលរួមកាន់តែជិតស្និទ្ធ ស្របពេលមានការគំរាមកំហែងជាសកល និងអរិភាពដែលកំពុងបន្ត និងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
07/25/2026 10:07 AM
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
07/25/2026 10:07 AM
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
07/25/2026 09:07 AM
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
07/25/2026 08:07 AM