លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

ព័ត៌មានអន្តរជាតិ

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am        98
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើតទំនាក់ទំនងវិជ្ជមានជាមួយទីក្រុងប៉េកាំង មិនមានន័យថាពួកគេត្រូវបានបោះបង់ចោលនោះទេ ខណៈក្រុមអ្នកការទូតជាន់ខ្ពស់បានចូលរួមការជួបជុំវេទិកាសន្តិសុខក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍២៣ កក្កដាសប្ដាហ៍នេះ ស្របពេលមានជម្លោះនៅមជ្ឈិមបូព៌ាកាន់តែកើនឡើង។ ថ្លែងមួយថ្ងៃបន្ទាប់ពីជួបជាមួយសមភាគីចិន លោក Wang Yi ជាកន្លែងដែលលោកទាំងពីរបានពិភាក្សាគ្នាអំពីការងាររៀបចំសម្រាប់ដំណើរទស្សនកិច្ចនៅខែកញ្ញាទៅកាន់សហរដ្ឋអាមេរិកដោយប្រធានាធិបតីលោក Xi Jinping លោក Rubio បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននឹងមិនធ្វើឱ្យប៉ះពាល់ដល់ដៃគូអាស៊ីជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ។ លោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកលោកមានវត្តមានរួចហើយ។ពួកលោកមានតួនាទី ហើយពួកលោកនឹងមិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួនទេ។សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនោះ។ ទាំងនេះគឺជាប្រទេសមានសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុត យោធាធំបំផុត និងជាមហាអំណាចនុយក្លេអ៊ែរពីរនៅលើពិភពលោក ។ពួកលោកត្រូវតែមានទំនាក់ទំនងជាមួយប្រទេសចិន។ ពួកលោកចង់ឱ្យវាមានភាពវិជ្ជមានតាមដែលអាចធ្វើទៅបាន ប៉ុន្តែវានឹងមិនធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិនៅក្នុងតំបន់ ឬវត្តមានរបស់ពួកលោកនៅទីនេះដែរ។ មុននោះ លោក Rubio បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅទីក្រុងម៉ានីល និងវេទិកាតំបន់អាស៊ានដែលផ្តោតលើសន្តិសុខ ជាកន្លែងដែលបណ្ដារដ្ឋមន្ត្រីការបរទេសបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការចូលរួមកាន់តែជិតស្និទ្ធ ស្របពេលមានការគំរាមកំហែងជាសកល និងអរិភាពដែលកំពុងបន្ត និងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា៕ 

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am        98
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ២៣កក្កដាថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅទីក្រុង Chongqing ភាគនិរតីប្រទេសចិនកាលពីសប្តាហ៍មុនបានកើនឡើងដល់ ១១ នាក់ ដោយមនុស្ស ៥០ នាក់នៅតែបាត់ខ្លួន និង ១០ នាក់រងរបួស ។ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃទី ១៧ ខែកក្កដា ផ្នែកមួយនៃតំបន់ជើងភ្នំបានបាក់រលំនៅក្នុងស្រុក Pengshui តំបន់ដែលល្បីល្បាញដោយសារធម្មជាតិដ៏ស្រស់ស្អាត មានចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រ ពីទីក្រុង Chongqing។ ថ្ម និងកំទេចកំទីបានធ្លាក់លើអគារលំនៅឋាន និងអាជីវកម្មនៅតាមមាត់ទន្លេជាច្រើនកន្លែង ដែលបណ្តាលឱ្យអគារទាំងនោះដួលរលំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីការរកឃើញ និងស្វែងរកអ្នកនៅរស់រានមានជីវិតជាច្រើនជុំ គ្មានសញ្ញានៃការនៅរស់រានមានជីវិតទៀតទេ។ ទីភ្នាក់ងារនេះបាននិយាយថា ប្រតិបត្តិការនៅនឹងកន្លែងបានចូលដល់ដំណាក់កាលជួយសង្គ្រោះកាន់តែខ្លាំង។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បាននិយាយថា ក្រុមជំនាញនៅតែកំពុងធ្វើការដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ។ ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់ពីបំណាកដីនៅចង្កេះភ្នំកាលពីថ្ងៃទី ១៧ ខែកក្កដា ដំបូងឡើយមានចំនួន ៨ នាក់ ដោយមាន ៣៤ នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន៕ 

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am        106
អតីតរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ុយក្រែន ដែលការបណ្តេញចេញរបស់លោកបង្កឱ្យមានការតវ៉ាមួយសប្តាហ៍ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ថា លោកកំពុងច្រានចោលសំណើរបស់ប្រធានាធិបតីលោក Volodymyr Zelenskyy សម្រាប់តួនាទីថ្មី។ អ្នកកែទម្រង់ដ៏មានប្រជាប្រិយភាព លោក Mykhailo Fedorov បាននិយាយថា លោកនឹងទទួលយកតែការវិលត្រឡប់ទៅកាន់តួនាទីចាស់របស់លោក ដែលលោកអាចប្រយុទ្ធប្រឆាំង«អំពើពុករលួយ» "លុបបំបាត់វប្បធម៌នៃការនិយាយកុហក» និង «បំពេញការផ្លាស់ប្តូរកងទ័ព»។ អ្នករៀបចំ បានជំរុញឱ្យមានការតវ៉ាថ្មីៗអំពាវនាវឱ្យ លោក Fedorov ចូលកាន់តំណែងវិញបន្ទាប់ពី លោក Zelenskyy បានដកលោកចេញពីតំណែងដោយមិននឹកស្មានដល់បន្ទាប់ពីកាន់តំណែងបានត្រឹមតែប្រាំមួយខែប៉ុណ្ណោះ។ លោក Fedorov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានថា «ខ្ញុំនឹងមិនទទួលយកតំណែងណាមួយឡើយ ក្រៅពីរដ្ឋមន្ត្រីការពារជាតិ»។ លោកបាននិយាយបន្ថែមថា «គ្មានតួនាទីផ្សេងទៀតមានអំណាចពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ បំពេញការផ្លាស់ប្តូរកងទ័ព រៀបចំផែនការ និងអនុវត្តប្រតិបត្តិការដែលមិនចុះសម្រុងគ្នាប្រឆាំងសត្រូវ លុបបំបាត់វប្បធម៌នៃការនិយាយកុហក និងភាពមិនទទួលខុសត្រូវនៅក្នុងប្រព័ន្ធនោះ»។ ការបណ្តេញលោក Fedorov របស់លោក Zelenskyy កាលពីសប្តាហ៍មុន បានធ្វើឱ្យទីក្រុងគីវធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយជ្រៅបំផុតរបស់ខ្លួន ចាប់តាំងពីរុស្ស៊ីបានឈ្លានពាននៅឆ្នាំ២០២២។ យុវជនរាប់ពាន់នាក់បានចេញតវ៉ានៅទូទាំងប្រទេសប្រឆាំងការសម្រេចចិត្តនេះ។ លោក Fedorov អាយុ៣៥ឆ្នាំ ត្រូវបានតែងតាំងកាលពីខែមករា ដោយមានអាណត្តិធ្វើទំនើបកម្ម និងឌីជីថលសម្រាប់យោធាអ៊ុយក្រែន។ 

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am        120
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ថា ការទទួលស្គាល់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតចំពោះអ៊ីស្រាអែល នឹងក្លាយជាជំហានដ៏សំខាន់ឈានឆ្ពោះទៅរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសកិច្ចព្រមព្រៀងដ៏សំខាន់មួយកាលពីថ្ងៃមុន ដើម្បីបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិលនៅក្នុងព្រះរាជាណាចក្រមួយនេះដែលប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា នឹងអាស្រ័យលើទីក្រុងរីយ៉ាដ លើការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងឡើងវិញជាមួយអ៊ីស្រាអែល។ ការិយាល័យរបស់លោក Netanyahu បាននិយាយបន្ទាប់ពីការប្រកាសរបស់លោក Trump ថា «ការចូលរួមរបស់អារ៉ាប៊ីសាអ៊ូឌីតនៃកិច្ចព្រមព្រៀង Abraham នឹងក្លាយជាការផ្លាស់ប្តូរយ៉ាងលឿនជាប្រវត្តិសាស្ត្រ សម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា»។ «សកម្មភាពយោធារួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលប្រឆាំងរបបប្រល័យពូជសាសន៍នៅទីក្រុងតេអេរ៉ង់ និងការកម្ទេចរបស់អ៊ីស្រាអែលនូវសម្ព័ន្ធភេរវកម្មរបស់អ៊ីរ៉ង់ បានបង្កើតលទ្ធភាពដើម្បីពង្រីកជុំនៃសន្តិភាព»។ កិច្ចព្រមព្រៀង Abraham គឺជាកិច្ចព្រមព្រៀងធ្វើឱ្យមានប្រក្រតីភាពសម្របសម្រួលដោយសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខាកាលពីអាណត្តិដំបូងរបស់លោក Trump ដែលស្ថិតក្រោមកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែល បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសអារ៉ាប់រួម និងប្រទេសបារ៉ែនជាលើកដំបូង បន្ទាប់មកគឺប្រទេសម៉ារ៉ុក។ កិច្ចព្រមព្រៀង ត្រូវបានរៀបចំឡើងយ៉ាងទូលំទូលាយនូវការសម្របសម្រួលក្នុងតំបន់ជុំវិញការព្រួយបារម្ភរួមគ្នាអំពីប្រទេសអ៊ីរ៉ង់ ជាជាងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ 

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am        103
លោកស្រី Theresa Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣កក្កដាសប្ដាហ៍នេះថាកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ក្នុងសប្តាហ៍នេះនៅទីក្រុងម៉ានីលបង្ហាញពីអំណាចកោះប្រជុំដ៏យូរអង្វែងរបស់ប្លុក និងសមត្ថភាពខ្លួនក្នុងការជំរុញការសន្ទនា ពង្រឹងភាពជាដៃគូ និងកសាងឯកភាពគ្នានៅពេលមានភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។លោកស្រីថា ទីក្រុងម៉ានីលបានក្លាយជាវេទិកាសម្រាប់មហាអំណាចជួបគ្នា និងនិយាយគ្នា ក្នុងរយៈពេលបួនថ្ងៃកន្លងមកនេះ។ យោងតាមការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីន រដ្ឋមន្ត្រីការបរទេសដែលចូលរួម រួមមានរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏ដូចជារដ្ឋមន្ត្រីមកពីរដ្ឋសមាជិកទាំង ១១ របស់អាស៊ាន និងប្រទេសដទៃទៀត បានរៀបចំកិច្ចប្រជុំទ្វេភាគីប្រហែល ១២០ លើក។កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៩ រយៈពេលបួនថ្ងៃ និងកិច្ចប្រជុំពាក់ព័ន្ធបានផ្តោតលើសន្តិភាព និងសន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកសាងសហគមន៍អាស៊ាន។ក្រុមរដ្ឋមន្ត្រីបានអនុម័តសេចក្តីថ្លែងការណ៍រួម និងគោលការណ៍ណែនាំសម្រាប់ការចូលរួមជាមួយភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ។ ពួកគេក៏បានចេញសេចក្តីថ្លែងការណ៍មួយដែលជំរុញឱ្យមានការអត់ធ្មត់ផងដែរស្របពេលភាពតានតឹងនៅមជ្ឈិមបូព៌ា។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្លុកនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ខណៈសម្តែងការព្រួយបារម្ភអំពីហានិភ័យនុយក្លេអ៊ែរកើនឡើង ការចុះខ្សោយនៃក្របខ័ណ្ឌរំសាយអាវុធ និងមិនរីកសាយអាវុធ ផលប៉ះពាល់ដែលអាចកើតមាននៃប្រព័ន្ធអាវុធស្វយ័តលើស្ថិរភាពសកល និងតំបន់ និងការកើនឡើងនៃបញ្ហាសន្តិសុខមិនមែនប្រពៃណី រួមទាំងបញ្ហាប្រឈមឆ្លងដែន។អាស៊ានក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្ថាបត្យកម្មតំបន់បើកចំហ និងផ្អែកលើច្បាប់ដែលមានប្លុកនេះជាចំណុចកណ្តាល ខណៈអំពាវនាវឱ្យមានការអត់ធ្មត់ និងការសន្ទនាក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងសង្គ្រាមអ៊ុយក្រែន។បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់ជាថ្មីថាការឯកភាពប្រាំចំណុច នៅតែជាក្របខ័ណ្ឌចម្បងរបស់ប្លុកនេះសម្រាប់ដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារ៕

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am        111
ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថា នឹងដាក់ទណ្ឌកម្មយោធាដ៏ខ្លាំងក្លាចំពោះអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្រុមហ៊ូទីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍២៣កក្កដាសប្ដាហ៍នេះ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរបស់ប្រទេសយេម៉ែន បានវាយប្រហារនាវាដឹកប្រេងពីរគ្រឿងរបស់អារ៉ាប៊ីសាអ៊ូឌីតនៅសមុទ្រក្រហម ដែលពង្រីកសង្គ្រាមមជ្ឈិមបូព៌ាដល់ផ្លូវដឹកជញ្ជូនដ៏សំខាន់ទីពីរ។ មានក្ដីបារម្ភដែលថាការរំខាននេះ អាចពង្រីកបន្ថែមទៀតដល់ការរារាំងផ្លូវសមុទ្រមួយផ្សេងទៀត បានធ្វើឱ្យតម្លៃប្រេងសកលកើនឡើងខ្លាំងបំផុតក្នុងចំណោមការហក់ឡើងខ្ពស់បំផុតជាច្រើននៃសង្គ្រាម។ ប្រេងឆៅ Brent បានកើនឡើងជាង ៦% ឡើងដល់លើសពី១០០ ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីខែឧសភា។ ពីរសប្តាហ៍ចាប់តាំងពីការដួលរលំនៃបទឈប់បាញ់បណ្តោះអាសន្ន យោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ពេញមួយយប់រហូតដល់ថ្ងៃព្រហស្បតិ៍ ដែលជំរុញឱ្យអ៊ីរ៉ង់បាញ់ទៅលើប្រទេសអារ៉ាប់ជិតខាងដែលជាម្ចាស់ផ្ទះនៃមូលដ្ឋានទ័ពអាមេរិក។ យោធាអាមេរិកបានបាញ់មីស៊ីលមួយជុំទៀតទៅលើអ៊ីរ៉ង់កាលពីយប់ជ្រៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងព្រឹកព្រលឹមថ្ងៃសុក្រនេះ ក្នុងយប់ទី១៣ ជាប់ៗគ្នានៃការវាយប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយនៅយប់ទាំងពីរថា មីស៊ីលបានវាយប្រហារកោះ Qeshm នៅលើច្រកសមុទ្រ Hormuz ជាផ្លូវទឹកស្ទើរតែបិទទាំងស្រុង ដែលបានក្លាយជាចំណុចកណ្តាលនៃសង្គ្រាម ឈានដល់ខែទីប្រាំរបស់ខ្លួន ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់រួចហើយ និងបង្កើនការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ ការវាយប្រហារនៅសមុទ្រក្រហមបានបន្ថែមការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងនៅពេលដែលការដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ អារ៉ាប៊ីសាអ៊ូឌីតបានប្រើប្រាស់សមុទ្រក្រហមដើម្បីនាំចេញប្រេងរាប់លានបារ៉ែល ដែលជាធម្មតាហូរកាត់ច្រកសមុទ្រ Hormuz ដូច្នេះការបិទផ្លូវដឹកជញ្ជូននោះនឹងដកប្រេងបន្ថែមទៀតចេញពីទីផ្សារ៕ 

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am        116
តម្លៃប្រេងបានកើនឡើងលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍២៣ កក្កដា ខណៈក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់បានកំណត់គោលដៅការដឹកជញ្ជូននៅសមុទ្រក្រហម ទន្ទឹមនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ថានឹងវាយប្រហារពួកគេជាការសងសឹកចំពោះការធ្វើឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ។ តម្លៃគោលប្រេងអន្តរជាតិ Brent North Sea បានកើនឡើងប្រាំពីរភាគរយដល់កម្រិតនិមិត្តរូប ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈការវាយប្រហារទាំងនេះអាចបើកសមរភូមិថ្មីមួយនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ហើយលោកTrump បានគំរាមដាក់ទណ្ឌកម្មយោធាដ៏ខ្លាំងក្លាលើក្រុមហ៊ូទី៕

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am        105
សហរដ្ឋអាមេរិកនឹងប្រមូលពន្ធចន្លោះពី ១០ ភាគរយទៅ ១២,៥ ភាគរយលើការនាំចូលពីដៃគូពាណិជ្ជកម្មសំខាន់ៗភាគច្រើន ជាវិធានការដ៏ធំបំផុតរបស់ខ្លួនក្នុងការកសាងជញ្ជាំងពន្ធឡើងវិញរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលត្រូវបានទម្លុះដោយតុលាការកំពូលអាមេរិក។ ការយកពន្ធថ្មីទាំងនេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតលើការបរាជ័យក្នុងសេដ្ឋកិច្ចរបស់ប្រទេសប្រហែល ៦០ ក្នុងការទប់ស្កាត់កម្លាំងពលកម្មដោយបង្ខំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេដែលបង្កគ្រោះថ្នាក់ដល់កម្មករអាមេរិក។ទំនិញពីដៃគូពាណិជ្ជកម្មប្រហែល១០ ដែលត្រូវបានចាត់ទុកថាបានអនុម័តការរឹតបន្តឹងកម្លាំងពលកម្មដោយបង្ខំនឹងត្រូវទទួលរងពន្ធ១០ ភាគរយ រួមទាំងម៉ិកស៊ិក ចក្រភពអង់គ្លេស កាណាដា និងឥណ្ឌា។ យោងតាមការជូនដំណឹងរបស់ US Federal Register ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ កក្កដា សប្ដាហ៍នេះ ពន្ធលើទំនិញពីសហភាពអឺរ៉ុប និងតំបន់តៃវ៉ាន់ នឹងមានយ៉ាងហោចណាស់១០ ភាគរយ ហើយផលិតផលពីប្រទេសជប៉ុន ស្វីស និងកូរ៉េខាងត្បូង នឹងត្រូវយកពន្ធយ៉ាងហោចណាស់ ១២,៥ ភាគរយតាមរបៀបអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលពួកគេសម្រេចបានជាមួយសហរដ្ឋអាមេរិក។ ផលិតផលពីប្រទេសរាប់សិបផ្សេងទៀតនឹងប្រឈមការគិតពន្ធ១២,៥ ភាគរយ។ យោងតាមការជូនដំណឹងខាងលើ ពន្ធថ្មីនឹងចូលជាធរមាននៅថ្ងៃសុក្រ វេលាម៉ោង ១២ និង១នាទី ព្រឹក ម៉ោងនៅទីក្រុងញូវយ៉ក។ ការយកពន្ធ នឹងមិនអនុវត្តចំពោះទំនិញមួយចំនួនដែលបានផ្ទុកនៅលើនាវារួចហើយមុនពេលចូលជាធរមាននោះទេ។ពន្ធលើកម្លាំងពលកម្មដោយបង្ខំគឺជាចំណាត់ការទូលំទូលាយបំផុតរបស់លោក Trump ឆ្ពោះទៅរកការស្តារឡើងវិញនូវរបបពន្ធគាំពារនិយមរបស់លោកចាប់តាំងពីការយកពន្ធពីដំបូងរបស់លោកត្រូវបានលុបចោលដោយតុលាការជាន់ខ្ពស់។ បន្ទាប់ពីការបរាជ័យនោះ លោកបានដាក់ពន្ធនាំចូលសកល ១០ ភាគរយ ដែលផុតកំណត់នៅថ្ងៃសុក្រនេះដែរ។ ពេលវេលានៃការគិតថ្លៃពន្ធថ្មី ធានាថានឹងមិនមានគម្លាតរវាងតុលាការនឹងលោកTrump នោះទេ៕ 

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm        268
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅ​ថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បាន​លើកឡើង​ថា ការចូលរួមរបស់ថ្នាក់​ដឹកនាំមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) គឺ «ស្ថិត​នៅលើ​ផ្លូវ​វែង​ឆ្ងាយណាស់»។ក្រោយ​កិច្ចប្រជុំអាស៊ាន លោកស្រី Maria Theresa Lazaro បានប្រាប់សន្និសីទសារព័ត៌មានថា សហភាព​មីយ៉ាន់ម៉ា ដែលរួបរឹត​ដោយសង្គ្រាមស៊ីវិល ប្រហែលមិនទាន់អាចត្រឡប់មកវិញបានទេ​​​ ដោយសារតែការ​អនុលោមរបស់ប្រទេសនេះ ជាមួយនឹងគំនិតផ្តួចផ្តើមសន្តិភាពរបស់អាស៊ាន ដែលគេស្គាល់ថា ជា «កុងសង់ស៊ីស ៥ចំណុច» (Five-Point Consensus) កំពុងត្រូវបានវាយតម្លៃនៅឡើយ។លោកស្រី Lazaro ដែលមាន​តួនាទី​ផង​ដែរ​ជា​បេសកជនពិសេសរបស់អាស៊ាន ទទួល​បន្ទុក​កិច្ចការ​សហភាព​មីយ៉ាន់ម៉ា បាននិយាយថា៖ «វាគឺ​នៅវែង​ឆ្ងាយណាស់។ មានសំណួរជាច្រើន អំពីការអនុលោមតាមរបស់ពួកគេ»។ លោកស្រី Lazaro ដែលនឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ទីនោះនៅចុងឆ្នាំនេះ បានឱ្យដឹង​ទៀត​​ថា វាមិនទាន់ប្រាកដប្រជានៅឡើយទេថា តើលោកស្រី នឹងត្រូវបានអនុញ្ញាតដែរ ឬយ៉ាងណា ដើម្បី​បានចូលជួបម្ចាស់ពានរង្វាន់ណូបែលសន្តិភាព គឺ​លោកស្រី Aung San Suu Kyi ដែលត្រូវបានទម្លាក់ចេញពីអំណាច នៅក្នុងរដ្ឋប្រហារយោធាឆ្នាំ២០២១។ហើយ​លោកស្រីបានបន្ថែមថា ប្លុក​នឹងកំណត់នូវគោលការណ៍វាស់វែង ដើម្បីវាយតម្លៃវឌ្ឍនភាពលើផែនទីបង្ហាញ​ផ្លូវសន្តិភាព ហើយប្រសិនបើបរាជ័យក្នុងការសម្រេចឱ្យបាននូវគោលដៅទាំងនោះ នឹងត្រូវចាត់ទុកថា ជាការមិនគោរព ឬមិនអនុវត្តតាម៕

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm        258
នគរបាល​អាល់បានី បានប្រើកាណុងបាញ់​ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ដើម្បីបំបែកក្រុមបាតុករដែលបានគប់ស៊ុត និងដប​ទៅ​លើ​មន្ត្រី ជាការផ្ទុះឡើងនូវ​បាតុកម្មចុងក្រោយដែលបង្កឡើងដោយផែនការរបស់លោក Jared Kushner ក្នុងការសាងសង់រមណីយដ្ឋានដែលមានតម្លៃរាប់ពាន់លានដុល្លារ។ភាពចលាចលនៅខាងក្រៅរដ្ឋ​សភានេះ គឺជាការប៉ះទង្គិចដ៏កម្រមួយ នៅក្នុងការតវ៉ាដោយសន្តិវិធី ដែលត្រូវបានធ្វើឡើងអស់រយៈពេលជិត ២ខែ នៅទីក្រុង Tirana ប្រឆាំងនឹងអ្វីដែលសកម្មជនលើក​ឡើង​ថា ជាអំពើពុករលួយ និងការគំរាមកំហែងដល់សត្វព្រៃពីគម្រោងអភិវឌ្ឍន៍នៅឆ្នេរសមុទ្រ Adriatic។ក្រុម​បាតុករបានហៅចលនារបស់ពួកគេថា «Flamingo Revolution» (បដិវត្តន៍សត្វហ្វ្លាមីនហ្គូ) តាមឈ្មោះសត្វស្លាបស្រដៀងសត្វក្រៀល​ប្រមូលផ្តុំគ្នានៅតំបន់ដីសើមដែល​ត្រូវបាន​ការពារ​ ជា​ទី​ដែលលោក​ Jared Kushner កូនប្រសារបស់ប្រធានាធិបតីអាមេរិក លោក​ Donald Trump ចង់សាងសង់សណ្ឋាគារប្រណីត​។នគរបាល​ស្លៀកពាក់ឈុតប្រឆាំងកុបកម្ម និងកាន់ខែល បានប្រើកាណុងបាញ់​ទឹកទៅលើ​ក្រុមបាតុកររាប់រយនាក់ ដែលបានអង្រួន​របងហ៊ុមព័ទ្ធអគាររដ្ឋ​សភា។ ក្រុមបាតុករបានស្រែកថា «អរគុណលោក Trump ដែល​ធ្វើ​ឱ្យ​ពួក​យើងរួម​គ្នា​»។រមណីយដ្ឋានរបស់លោក​ Kushner និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀត ត្រូវបានគាំទ្រយ៉ាងខ្លាំងដោយនាយករដ្ឋមន្ត្រី លោក​ Edi Rama ដែលនិយាយថា ការតវ៉ាទាំងនេះ គឺជាសិប្បនិម្មិត ហើយត្រូវបានបង្កើតឡើងដោយគូប្រជែងនយោបាយរបស់លោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
07/25/2026 11:07 AM
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
07/25/2026 11:07 AM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
07/25/2026 10:07 AM
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
07/25/2026 10:07 AM
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM