អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ

ក្រុមសមាជិកសភាអាមេរិកស្វែងរកថវិកា៧៥០ លានដុល្លារសម្រាប់អ៊ុយក្រែន និងប្តូរឈ្មោះមន្ទីរបញ្ចកោណជាក្រសួងសង្គ្រាម

2026/06/12 11:25:15 am        41
គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី ១១ ខែមិថុនា បាននិយាយថា ខ្លួនបានបោះឆ្នោតបន្តផ្ដល់ជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន និងបង្កើនមូលនិធិដែលមានការអនុញ្ញាតដល់ ៧៥០ លានដុល្លារអាមេរិក ដែលជាការជំរុញចុងក្រោយបំផុតពីក្រុមសភាប្រឆាំងនឹងការដកជំនួយរបស់រដ្ឋបាលលោក Trump សម្រាប់ទីក្រុងគីវ ខណៈខ្លួនប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។ បុគ្គលពីររូបដែលបានដឹងសេចក្តីព្រាងច្បាប់នេះបានប្រាប់សារព័ត៌មាន Reuters ថា ច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភា ក៏បានផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាមផងដែរ។ គណៈកម្មាធិការសំឡេងភាគច្រើននៃគណបក្សសាធារណរដ្ឋ បាននិយាយថា ខ្លួនបានបញ្ចប់កំណែ ច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភា របស់ខ្លួន ដែលជាគោលនយោបាយកំណត់សេចក្តីព្រាងច្បាប់ប្រចាំឆ្នាំសម្រាប់មន្ទីរបញ្ចកោណ ដែលរួមមាន ៧៥០ លានដុល្លារអាមេរិកសម្រាប់គំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលបង់ប្រាក់ឱ្យក្រុមហ៊ុនអាមេរិកសម្រាប់អាវុធឲ្យទៅយោធាអ៊ុយក្រែន។ សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាដ៏ធំ ដែលគាំទ្រថវិកាសរុបចំនួន ១,១៥ សែនកោដិដុល្លារអាមេរិកសម្រាប់ការពារជាតិ កំណត់អ្វីៗគ្រប់យ៉ាងចាប់ពីចំនួននាវា យន្តហោះ និងប្រព័ន្ធមីស៊ីលដែលត្រូវបានទិញ ដើម្បីដំឡើងប្រាក់ខែសម្រាប់កងទ័ព និងរបៀបដោះស្រាយការគំរាមកំហែងភូមិសាស្ត្រនយោបាយ៕

អ៊ុយក្រែន វាយប្រហារដោយយានដ្រូនលើទីក្រុងមូស្គូជាថ្មីទៀត ខណៈក្រុងគីវអះអាងពីការដាក់គោលដៅលើរោងចក្រចម្រាញ់ប្រេង

2026/06/12 11:15:34 am        41
យោងតាមអភិបាលក្រុងមូស្គូ លោក Sergey Sobyanin យានដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារទីក្រុងមូស្គូម្តងទៀតនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍១១មិថុនាសប្ដាហ៍នេះ ជាថ្ងៃទីបួនជាប់ៗគ្នានៃការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនលើរដ្ឋធានីរុស្ស៊ី។លោក Sobyanin បាននិយាយនៅក្នុងសារបង្ហោះលើTelegram ថា យានដ្រូនរបស់អ៊ុយក្រែនយ៉ាងហោចណាស់ ១៥ គ្រឿងត្រូវបានស្ទាក់ចាប់នៅតាមផ្លូវទៅកាន់រដ្ឋធានីពេញមួយយប់ ដោយគ្មានការខូចខាត ឬអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះទេ។ លោក Sobyanin បាននិយាយថា ក្រុមអ្នកឆ្លើយតបបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងដែលដ្រូនទាំងនោះបានធ្លាក់ ឬកម្ទេចកម្ទីបានធ្លាក់។ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់រុស្ស៊ី Rosaviatsiya បានប្រកាសនៅលើ Telegram ថា ការរឹតបន្តឹងជើងហោះហើរបណ្តោះអាសន្នត្រូវបានណែនាំនៅអាកាសយានដ្ឋានអន្តរជាតិពីរក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិទាំងបួនរបស់រដ្ឋធានី គឺ អាកាសយានដ្ឋាន Vnukovo នៅភាគនិរតីនៃទីក្រុងមូស្គូ និងអាកាសយានដ្ឋាន Zhukovsky នៅភាគអាគ្នេយ៍នៃទីក្រុងនេះ។យានដ្រូនដែលបានដាក់គោលដៅលើទីក្រុងមូស្គូគឺស្ថិតក្នុងចំណោមដ្រូនអ៊ុយក្រែនយ៉ាងហោចណាស់៣៣០ គ្រឿងដែលត្រូវបានរាយការណ៍ថាត្រូវបានបាញ់ទម្លាក់ដោយក្រសួងការពារជាតិរុស្ស៊ីកាលពីយប់ថ្ងៃពុធ និងរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ៕

ក្តីសង្ឃឹមកើនឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ថា សង្គ្រាមដ៏មហន្តរាយអាចនឹងឈានដល់ទីបញ្ចប់

2026/06/12 10:46:08 am        30
ប្រព័ន្ធផ្សព្វផ្សាយនិយាយថា យើងបានមើលឃើញពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់ភៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់ និងទីក្រុងដទៃទៀតក្នុងអំឡុងសង្គ្រាមរយៈពេល ៤០ ថ្ងៃ ខណៈក៏មានទុក្ខលំបាកនៅក្នុងតំបន់ជាច្រើនរបស់ប្រទេស។ អ្នកវិភាគនិយាយថា យើងបានឃើញកុមារត្រូវបានសម្លាប់ ហើយប្រជាជនបាត់បង់លំនៅឋាន ការងារ និងជីវភាពរស់នៅរបស់ពួកគេ។ អ៊ីរ៉ង់ បានរងទុក្ខលំបាកផ្នែកសេដ្ឋកិច្ច សូម្បីតែនៅមុនពេលចាប់ផ្តើមសង្គ្រាមនេះក៏ដោយ ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែធ្លាក់យ៉ាប់យ៉ឺន ហើយប្រជាជនកំពុងប្រឈមនឹងភាពអត់ការងារធ្វើ។ ដូច្នេះ ត្រូវតែមានភាពធូរស្បើយ ដែលសង្គ្រាមនេះអាចនឹងឈានដល់ទីបញ្ចប់ បន្ទាប់ពីការរងទុក្ខរយៈពេលជាច្រើនឆ្នាំ។ អាជ្ញាធរអ៊ីរ៉ង់ កំពុងកំណត់រឿងនេះថាជាជ័យជម្នះដ៏ធំធេងសម្រាប់អ៊ីរ៉ង់។ អ៊ីរ៉ង់បានស្ថិតនៅក្រោមទណ្ឌកម្ម ស្ថិតនៅក្រោមការរឹតត្បិតជាច្រើនទាំងសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួន និងអ្វីៗផ្សេងទៀត នៅមុនពេលសង្គ្រាម ខណៈទ្រព្យសកម្មរបស់ប្រទេស ត្រូវបានបង្កក។ ក្រុមមេដឹកនាំកំពុងប្រាប់ប្រជាជនថា ភាពអត់ធ្មត់នឹងជាលទ្ធផលដ៏ជោគជ័យ ហើយអ្វីដែលបានកើតឡើង និងទុក្ខលំបាកទាំងអស់ដែលអ៊ីរ៉ង់បានឆ្លងកាត់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នឹងមានលទ្ធផលវិជ្ជមាន ព្រោះអ៊ីរ៉ង់នឹងងើបចេញពីជម្លោះ ក្នុងស្ថានភាពប្រសើរជាងមុន។

ក្រុមហេសបូឡា អះអាងការវាយប្រហារ ២៤ លើក លើកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់

2026/06/12 10:43:48 am        45
ក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់ បានប្រកាសថាខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូន មីស៊ីល និងរ៉ូកែត ដោយកំណត់គោលដៅលើបុគ្គលិកយោធាអ៊ីស្រាអែល រថពាសដែក និងទីតាំងនានា នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ និងតំបន់ជ្រលងភ្នំ Bekaa ។ ក្រុមហេសបូឡា អះអាងការវាយប្រហារ ២៤ លើក លើកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ យោងតាមសេចក្តីថ្លែងការណ៍ ដែលរៀបរាប់លម្អិតអំពីប្រតិបត្តិការចាប់ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហេសបូឡា បាននិយាយថាខ្លួនបានកំណត់គោលដៅដដែលលើការប្រមូលផ្តុំទាហានអ៊ីស្រាអែល និងរថពាសដែក ជាពិសេសផ្តោតសំខាន់លើតំបន់ al-Rajman ដែលត្រូវបានវាយប្រហារចំនួនបួនលើដាច់ដោយឡែកពីគ្នា។ ក្រុមនេះ បាននិយាយថា ការប្រមូលផ្តុំកងទ័ពអ៊ីស្រាអែល និងយានយន្ត ក៏ត្រូវបានកំណត់គោលដៅនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសលីបង់ ផងដែរ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លាលែងពីតំណែង ដោយស្តីបន្ទោសយ៉ាងខ្លាំងលើនាយករដ្ឋមន្ត្រី លោក Starmer

2026/06/12 10:42:05 am        32
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានលាលែងពីតំណែងគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ដោយបានចោទប្រកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងក្រសួងហិរញ្ញវត្ថុដែលបានរងការរិះគន់ថា មិនបានប្តេជ្ញាចំពោះការចំណាយប្រាក់គ្រប់គ្រាន់ដើម្បីការពារប្រទេស។ ការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកធ្វើឱ្យអំណាចរបស់លោក Starmer ចុះខ្សោយបន្ថែមទៀតនៅពេលវេលាដែលមិនប្រាកដប្រជាសម្រាប់មេដឹកនាំគណបក្សការងារដែលកំពុងជួបបញ្ហា។ ក្នុងការរិះគន់ លោក Healey បានព្រមានថា ផែនការវិនិយោគវិស័យការពារជាតិ ដែលរង់ចាំជាយូរមកហើយរបស់លោក Starmer សម្រាប់ការផ្តល់មូលនិធិក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខដែលលោកនាយករដ្ឋមន្ត្រីមិនទាន់បានផ្សព្វផ្សាយ ប្រឈមនឹងការធ្វើឱ្យចក្រភពអង់គ្លេស«លែងសូវមានសុវត្ថិភាព»។ លោក Healey បានសរសេរនៅក្នុងលិខិតលាលែងពីតំណែងទៅកាន់លោក Starmer ដែលបានបង្ហោះនៅលើគណនីបណ្តាញសង្គម X របស់លោកថា «អ្នកមិនអាចធ្វើ ហើយក្រសួងរតនាគារ ក៏ពុំមានឆន្ទះប្តេជ្ញាចំពោះធនធានដែលប្រទេសជាតិត្រូវការដើម្បីការពារប្រទេសនៅពេលមានការគំរាមកំហែងកើនឡើង» នោះដែរ។ «បន្ទាប់ពីពន្យល់ ខ្ញុំមិនអាចទទួលយកការដោះស្រាយផែនការវិនិយោគវិស័យការពារជាតិ ដែលមិនផ្តល់ឱ្យកងកម្លាំងរបស់យើងនូវធនធានដែលពួកគេត្រូវការ ពេលនេះខ្ញុំគ្មានជម្រើសអ្វីក្រៅពីដាក់ពាក្យសុំលាលែងពីតំណែងនោះទេ»។ ការលាលែងចេញភ្លាមៗរបស់លោក Healey ធ្វើឡើងបន្ទាប់ពីការពន្យារពេលជាច្រើនខែចំពោះផែនការការពារជាតិ ដែលលោក Starmer បានទទូចថា លោកនឹងផ្សព្វផ្សាយនៅមុនកិច្ចប្រជុំកំពូល NATO នៅប្រទេសទួរគី ដែលចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា។

[UPDATE] ភ្លៀង និងរលករញ្ជួយ រំខានដល់ការសង្គ្រោះ ខណៈអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅហ្វីលីពីនឡើងដល់ជាង៥០នាក់

2026/06/12 10:22:58 am        32
ក្រុមអ្នកជួយសង្គ្រោះកំពុងតតាំងនឹងភ្លៀងធ្លាក់ និងរលករញ្ជួយជាច្រើន ដើម្បីសម្អាតផ្លូវ និងស្វែងរកអ្នកបាត់ខ្លួនក្នុងប្រទេសហ្វីលីពីនភាគខាងត្បូងនៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។ ក្រុមអាជ្ញាធរបាននិយាយនៅព្រឹកថ្ងៃសុក្រ ១២មិថុនា សប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដែលបានរាយការណ៍ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រដែលបានវាយប្រហារភាគខាងត្បូងកោះមីនដាណាវ (Mindanao) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានកើនឡើងដល់ ៥៥ នាក់ ខណៈមនុស្សជាង ១.១០០ នាក់ត្រូវបានរាយការណ៍ថារងរបួស។ គ្រោះរញ្ជួយដីនេះ បានបណ្ដាលឲ្យអគារជាច្រើនដួលរលំ និងមានបំណាក់ដី ខណៈចេញការព្រមានរលកយក្សស៊ូណាមិទូទាំងតំបន់។ យោងតាមរបាយការណ៍ចុងក្រោយបំផុតពីក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) មនុស្សសរុបចំនួន ១.១២០ នាក់បានរងរបួស ខណៈមនុស្ស ៣១ នាក់នៅតែបាត់ខ្លួន។ ប្រតិបត្តិការស្វែងរក ជួយសង្គ្រោះ និងរុករកនៅតែបន្តនៅក្នុងសហគមន៍នានាដែលរងគ្រោះខ្លាំងបំផុត។ មូលនិធិ Inquirer កំពុងអំពាវនាវឱ្យមានការគាំទ្រសម្រាប់សហគមន៍ត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រថ្មីៗនេះដែលបានវាយប្រហារកោះមីនដាណាវ។ ក្នុងភាពជាដៃគូជាមួយកាកបាទក្រហមហ្វីលីពីន មូលនិធិនេះ កំពុងពង្រីកការអំពាវនាវរកអាហារ ទឹកស្អាត និងជំនួយសំខាន់ៗផ្សេងទៀតសម្រាប់គ្រួសារដែលរងផលប៉ះពាល់។ ក្រុមអ្នកបរិច្ចាគអាចផ្ញើវិភាគទានដោយផ្ទាល់ទៅកាកបាទក្រហមហ្វីលីពីន PRC តាមរយៈបណ្តាញផ្ទេរផ្លូវការរបស់ខ្លួន ដោយបញ្ជីពេញលេញអាចរកបាននៅលើទំព័រហ្វេសប៊ុករបស់ PRC៕

លោក Trump ថា លោកបានលុបចោលការវាយប្រហារលើអ៊ីរ៉ង់ និងពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន

2026/06/12 09:48:36 am        67
ប៉ុន្មានម៉ោងបន្ទាប់ពីគំរាមកំហែងវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំងក្លា» ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលុបចោលការវាយប្រហារដែលបានគ្រោងទុករបស់លោក ដោយបង្ហាញសញ្ញាថា ការទម្លាយភាពទាល់ច្រកក្នុងការចរចាត្រូវបានសម្រេច។ ការបង្ហោះកាលពីថ្ងៃព្រហស្បតិ៍នៅលើបណ្ដាញសង្គម Truth Social បានកើតឡើងប្រហែលប្រាំម៉ោងបន្ទាប់ពីលោកបានព្រមានថា យោធាសហរដ្ឋអាមេរិកនឹង «ដណ្តើមយកកោះ Kharg» និង «ចំណុចហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់» ផ្សេងទៀតនាពេលដ៏ខ្លីខាងមុខនេះ។ លោក Trump បានសរសេរថា ដោយផ្អែកលើការពិតដែលថា ការពិភាក្សាជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបាននាំយកទៅដល់កម្រិតខ្ពស់បំផុតនៃថ្នាក់ដឹកនាំអ៊ីរ៉ង់ និងត្រូវបានអនុម័ត ក្នុងនាមរូបលោកជាប្រធានាធិបតីសហរដ្ឋអាមេរិក បានលុបចោលការវាយប្រហារតាមផែនការ និងការទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់នៅល្ងាចនេះ។ ការពិភាក្សា និងចំណុចចុងក្រោយត្រូវបានអនុម័តទាំងគំនិត និងព័ត៌មានលម្អិតដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហរដ្ឋអាមេរិក អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម កាតា ទួរគី ប៉ាគីស្ថាន បារ៉ែន កូវ៉ែត ហ្ស៊កដានី អេហ្ស៊ីប និងប្រទេសដទៃទៀត។ លោក Trump បានបន្ថែមថា ការបិទផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិកលើកំពង់ផែអ៊ីរ៉ង់ នឹងនៅតែបន្ត និងជាធរមានពេញលេញរហូតដល់ប្រតិបត្តិការនេះត្រូវបានបញ្ចប់ ពេលវេលា និងទីកន្លែងនៃការចុះហត្ថលេខានឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ៕

[UPDATE] ក្រុមមន្ត្រីព្រះបរមរាជវាំងថៃ៖ព្រះនាង ផាត់ចារគិទិយាផា បានសោយព្រះពិរាល័យ ក្រោយសន្លប់រយៈពេលជាងបីឆ្នាំ

2026/06/12 09:46:05 am        68
ព្រះបរមរាជវាំងថៃបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ១២មិថុនា ២០២៦ នេះ ថា ព្រះនាង ផាត់ចារគិទិយាផា (Bajrakitiyabha ) របស់ប្រទេសថៃ ដែលបានសន្លប់អស់រយៈពេលជាងបីឆ្នាំ បានសោយព្រះពិរាល័យឬ នៅម៉ោង៧ និង៤៨នាទីយប់ថ្ងៃព្រហស្បតិ៍១១មិថុនា នៅមន្ទីរពេទ្យ Chulalongkorn ក្នុងព្រះជន្ម ៤៧ព្រះវស្សា។ ព្រះនាងបានដួលសន្លប់កាលពីខែធ្នូ ឆ្នាំ២០២២ ខណៈកំពុងបណ្ដើរសុនខរបស់ទ្រង់។ គ្រូពេទ្យរបស់ព្រះនាងបានសន្មតថាវាបណ្តាលមកពីចង្វាក់បេះដូងមិនទៀងទាត់ធ្ងន់ធ្ងរ ដំណើរឈាមមិនប្រក្រតី សម្ពាធឈាមទាប រលាកពោះវៀនធំ និងមានជំងឺរលាកសួតដែលបណ្តាលមកពីការឆ្លងមេរោគ mycoplasma នៅក្នុងបេះដូងរបស់ព្រះនាង។ ចំពោះការសោយព្រះពិរាល័យរបស់ព្រះនាង គ្រួសាររាជវង្សថៃបានបាត់បង់សមាជិកដែលមានសមត្ថភាពខ្ពស់បំផុត និងជាមនុស្សម្នាក់ដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការស្នងរាជ្យដែលមិនទាន់ច្បាស់លាស់នៅឡើយ។ ព្រះនាងគឺជាបុត្រីច្បងក្នុងចំណោមបុត្រ ៧ អង្គ របស់ព្រះបាទ វ៉ាជីរ៉ាឡុងកន (Vajiralongkorn ។ព្រះនាងប្រសូតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៧៨ ពី មហេសីដំបូង និងជាបងប្អូនជីដូនមួយរបស់ព្រះអង្គ គឺព្រះនាង សូមសាវ៉ាលី ( Soamsawali)។ ព្រះនាងត្រូវបានបណ្តុះបណ្តាលជាមេធាវី ដោយទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ពីរពីសាកលវិទ្យាល័យ Cornell នៅសហរដ្ឋអាមេរិក។ ព្រះនាងបានធ្វើការមួយរយៈខ្លីនៅបេសកកម្មថៃប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មុនពេលត្រឡប់ទៅប្រទេសថៃវិញ ដើម្បីធ្វើការនៅការិយាល័យអគ្គព្រះរាជអាជ្ញានៅទីក្រុងបាងកក និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសនេះ។ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ ព្រះនាងគឺជាឯកអគ្គរាជទូតថៃប្រចាំប្រទេសអូទ្រីស ជាកន្លែងដែលទ្រង់បានបង្កើតទំនាក់ទំនងជាមួយការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)៕ 

តម្លៃប្រេងធ្លាក់ចុះ ដោយបន្តខាតបង់ពីរដូវកាលមុន ខណៈលោក Trump លុបចោលផែនការវាយប្រហារលើអ៊ីរ៉ង់

2026/06/12 09:18:30 am        81
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ដោយបន្តការខាតបង់ពីរដូវកាលជួញដូរមុនៗបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានលុបចោលផែនការវាយប្រហារលើអ៊ីរ៉ង់ ដែលបានកាត់បន្ថយការព្រួយបារម្ភពីការកើនឡើងអរិភាព បន្ទាប់ពីការវាយប្រហារសងសឹក កាលពីដើមសប្តាហ៍នេះ។ ប្រេងឆៅ Brent បានធ្លាក់ចុះ ១,២១ដុល្លារ ឬ ១,៣ភាគរយ មកនៅត្រឹម៨៩,១៧ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក ធ្លាក់ចុះ១,២៣ដុល្លារ ឬ ១,៤ភាគរយ ធ្លាក់មកនៅត្រឹមតម្លៃ៨៦,៤៨ ដុល្លារ ក្នុងមួយបារ៉ែល។ លោក Trump ដែលបានគំរាមវាយប្រហារអ៊ីរ៉ង់ខ្លាំងក្លា បានលុបចោលផែនការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ការពិភាក្សាជាមួយអ៊ីរ៉ង់មានភាពរីកចម្រើន។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Fars បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ ពុំបានអនុម័តឯកសារនៃកិច្ចព្រមព្រៀងណាមួយឡើយ។ កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ីរ៉ង់បានប្រកាសពីការបិទច្រកសមុទ្រ Hormuz ទាំងស្រុង ដោយនិយាយថា នាវាណាមួយដែលព្យាយាមឆ្លងកាត់នឹងរងការវាយប្រហារ។ ការបិទច្រកសមុទ្ររយៈពេលជាច្រើនខែរបស់ទីក្រុងតេអេរ៉ង់ ដែលជាធម្មតាដឹកជញ្ជូនប្រេងនិងឧស្ម័នធម្មជាតិរាវមួយភាគប្រាំនៃការដឹកជញ្ជូនប្រេងសកល បានធ្វើឱ្យតម្លៃប្រេងកើនឡើង។

អ៊ីរ៉ង់៖ គ្មានការសម្រេចចុងក្រោយណាមួយធ្វើឡើងលើកិច្ចព្រមព្រៀងដែលលោក Trump សង្ឃឹមថាអាចចុះហត្ថលេខាឆាប់ៗនេះទេ

2026/06/12 08:43:43 am        74
លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ១១ មិថុនាសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅចុងសប្តាហ៍នេះ ដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញ ប៉ុន្តែអ៊ីរ៉ង់បានឆ្លើយតបថា ខ្លួនពុំទាន់ឈានដល់ការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងនោះទេ។ កិច្ចព្រមព្រៀងនេះ ប្រសិនបើត្រូវបានបញ្ជាក់ នឹងក្លាយជាការទម្លាយភាពទាល់ច្រកផ្នែកការទូតដ៏សំខាន់បំផុត ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យតម្លៃថាមពលសកលកើនឡើងយ៉ាងខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បាននិយាយថា ផ្នែកធំៗនៃអត្ថបទដែលកំពុងចរចាត្រូវបានបញ្ចប់ ប៉ុន្តែអ៊ីរ៉ង់នឹងមិនសម្របសម្រួលលើបន្ទាត់ក្រហមរបស់ខ្លួនឡើយ។ លោកថា ពួកលោកមិនទាន់ឈានដល់ការសន្និដ្ឋានចុងក្រោយលើបញ្ហានេះនៅឡើយទេ។ នេះគឺជាបញ្ហាដ៏សំខាន់មួយ ដែលកំពុងត្រូវបានពិនិត្យឡើងវិញដោយស្ថាប័នធ្វើការសម្រេចចិត្តពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា ពួកលោកទើបតែបានដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់បានយ៉ាងល្អ។ នៅពេលសួរថាតើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានអនុម័តកិច្ចព្រមព្រៀងនោះឬនៅ លោក Trump ឆ្លើយថា រូបលោកយល់ថា ចំម្លើយ គឺ ពិតមែនហើយ លោក ជឿថា បានអនុម័តហើយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM