តម្លៃផ្សារហ៊ុនសកលរង្គោះរង្គើ បន្ទាប់ពីការលក់ចេញភាគច្រើននាំមុខដោយក្រុមហ៊ុនបច្ចេកវិទ្យានិងបញ្ហាអាមេរិក-អ៊ីរ៉ង់
នគរបាលដាក់បណ្ដឹងចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងជនបាញ់ប្រហារវ័យ១៥ ឆ្នាំនៅសាលាTacloban របស់ហ្វីលីពីន
ទួរគី ឃុំខ្លួនមនុស្ស២០៩នាក់ ក្នុងការឆ្មក់បង្ក្រាបប្រឆាំងភេរវកម្ម ខណៈសន្តិសុខត្រូវបានរឹតបន្តឹងមុនកិច្ចប្រជុំណាតូ
ប្រធានាធិបតីនិយាយថា អ៊ីរ៉ង់នឹងមិនចរចាអំពីសមត្ថភាពការពារជាតិរបស់ខ្លួនឡើយ

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបូលីវី អនុម័តច្បាប់គ្រប់គ្រងរដ្ឋក្នុងគ្រាអាសន្ន ខណៈការតវ៉ាកើនឡើង

2026/06/09 03:56:30 pm        44
ប្រធានាធិបតីបូលីវី កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា បានចុះហត្ថលេខាឲ្យចូលជាច្បាប់នូវសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋក្នុងគ្រាអាសន្ន ជាវិធានការមួយដែលលោកបានគាំទ្របន្ទាប់ពីការតវ៉ារយៈពេលជាងមួយខែ ខណៈក្រុមបាតុករបានទាមទារឱ្យលោកលាលែងពីតំណែង ក្នុងពេលប្រទេសកំពុងប្រឈមនឹងវិបត្តិនយោបាយ និងសង្គមធ្ងន់ធ្ងរ។ច្បាប់នេះ ផ្តល់ឱ្យរដ្ឋាភិបាលនូវក្របខ័ណ្ឌច្បាប់ដើម្បីដាក់វិធានការវិសាមញ្ញក្នុងអំឡុងពេលជម្លោះផ្ទៃក្នុង គ្រោះមហន្តរាយធម្មជាតិ ឬការគំរាមកំហែងដល់សន្តិសុខរដ្ឋ ទោះបីជាវាមិនបង្កឱ្យមានស្ថានភាពរដ្ឋក្នុងគ្រាអាសន្នភ្លាមៗក៏ដោយ។ សេចក្តីស្នើច្បាប់ ត្រូវបានអនុម័តកាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ដោយសភាជាន់ទាបបន្ទាប់ពីការអនុម័តរបស់ព្រឹទ្ធសភា។ទិដ្ឋភាពសំខាន់បំផុតមួយនៃច្បាប់នេះគឺ វាគ្រប់គ្រងការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធក្នុងស្ថានភាពវឹកវរផ្ទៃក្នុង ដែលអនុញ្ញាតឱ្យពួកគេជួយដល់នគរបាលបូលីវីនៅពេលដែលមានសម្ពាធ ព្រមទាំងការពារហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ធានាចំពោះច្រករបៀងមនុស្សធម៌ និងការពារការផ្គត់ផ្គង់ទំនិញជាមូលដ្ឋាន។ប្រទេសបូលីវី បានប្រឈមទៅនឹងការបិទផ្លូវ និងការតវ៉ារយៈពេលជាច្រើនសប្តាហ៍ ជំរុញដោយសហជីព និងអ្នកគាំទ្រអតីតប្រធានាធិបតីឆ្វេងនិយម លោក Evo Morales ដែលកំពុងទាមទារឱ្យលោក Paz លាលែងពីតំណែង និងការកែប្រែវិធានការរឹតត្បិតថវិកា។ ភាពវឹកវរនេះ បានបណ្តាលឱ្យមានការខ្វះស្បៀងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈវេជ្ជសាស្ត្រនៅក្នុងទីក្រុង La Paz និងទីក្រុង El Alto ជាកន្លែងដែលមនុស្សប្រហែល២លាននាក់រស់នៅ។

អ៊ីរ៉ង់គំរាមប្រែក្លាយការហ៊ុម​ព័ទ្ធ​ផ្លូវ​ទឹកឲ្យ​ទៅជា «ការបរាជ័យមួយទៀត» សម្រាប់សហរដ្ឋអាមេរិក

2026/06/09 03:52:51 pm        49
ប្រធានអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយកាលពីថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) ថា ប្រទេស​អ៊ីរ៉ង់នឹងយកឈ្នះលើការ​ហ៊ុម​ព័ទ្ធ​ផ្លូវទឹករបស់សហរដ្ឋអាមេរិក ចំពោះ​កំពង់ផែរបស់ខ្លួន ខណៈពេលដែលចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់ការរឹតបន្តឹងផ្លូវសមុទ្រជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយប្រឆាំងនឹងក្រុងតេអេរ៉ង់ និងភ្ជាប់វិធានការ​ទាំង​នេះ​ទៅនឹងការកើន​ឡើង​​ភាព​តាន​តឹង​ចុងក្រោយបំផុត​ នៅក្នុងតំបន់។ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានដកស្រង់សម្តីរបស់លោក Ghalibaf ដែលបាននិយាយថា៖ «យើងនឹងប្រែក្លាយការបិទខ្ទប់​ផ្លូវទឹកនេះ​ ដែលជាឧក្រិដ្ឋកម្មសង្គ្រាម និងជាផ្នែកមួយនៃការឃុបឃិតរបស់សត្រូវ ឲ្យ​ទៅជាការបរាជ័យមួយទៀត សម្រាប់ពួកគេ តាមរយៈការរៀបចំផែនការគ្រប់​ជ្រុង​ជ្រោយ​»។ការកត់សម្គាល់របស់លោកបែប​នេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយព្រឹក​ថ្ងៃ​នោះ​ថា ការដាក់​ផ្លូវទឹក​ឲ្យ​ស្ថិត​នៅក្នុង​ការ​ហ៊ុម​ព័ទ្ធ​នេះ​ ដែលត្រូវបានចេញ​កាល​ពី​ខែមេសា នឹងនៅតែមានសុពលភាព រហូតដល់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ ត្រូវបានឈានដល់ រវាងភាគីទាំង​២។លោក Trump ថ្មីៗនេះបានអះអាងថា ការរឹតបន្តឹងនេះ បានផ្តល់ឲ្យ​ទីក្រុងវ៉ាស៊ីនតោននូវការ​មាន​ប្រៀប​កាន់តែខ្លាំង​ឡើង លើអ៊ីរ៉ង់ ជាងការចាត់​វិធាន​ការ​យោធា។ តែ​យ៉ាង​ណា​ក្ដី​ លោក Ghalibaf បានពិពណ៌នាអំពីការបិទខ្ទប់​នេះថា ជាការរំលោភលើបទឈប់បាញ់បណ្តោះអាសន្ន និងបានបង្ហាញពីកង្វះទំនុកចិត្ត លើភាគីអាមេរិក​។លោក Ghalibaf បានសង្កត់ធ្ងន់​ថា អ៊ីរ៉ង់ត្រូវតែបន្តទាំងប្រតិបត្តិការយោធា និងការទូត ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន៕

លោក Trump ព្រមានលោក Netanyahu ថា​ ត្រូវប្រយ័ត្នកុំ​បង្កើន​ភាព​តាន​តឹងបន្ថែម​​ទៀត​​​

2026/06/09 03:49:42 pm        53
កាលពីថ្ងៃចន្ទ (ទី​៨ ខែមិថុនា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ​ថា លោកបានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កុំ​ឲ្យ​បង្កើន​ភាពតានតឹងកាន់តែខ្លាំងឡើងបន្ថែម​ទៀត​ជាមួយប្រទេស​អ៊ីរ៉ង់។លោក Trump ត្រូវបានដកស្រង់សម្តីដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយថា៖ «ខ្ញុំបាននិយាយថា Bibi (លោក Netanyahu) អ្នកគួរតែប្រយ័ត្នប្រយែងបន្តិច​ បើមិនដូច្នោះទេ អ្នកនឹងត្រូវ​ទទួល​ខុស​ត្រូវ​រាល់​ផល​វិបាក​តែម្នាក់​ឯង​ឆាប់​ៗជា​​មិន​ខាន​»។លោក Trump ដែលមានការខឹងសម្បាកាន់តែខ្លាំងឡើងជាមួយលោក Netanyahu នៅ​មុននេះ​បានជំរុញឲ្យ​ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែលបញ្ឈប់ «ការវាយ​ប្រហារគ្នា​» ហើយបាននិយាយថា «ការចរចាចុងក្រោយ» ឆ្ពោះទៅរកសន្តិភាព នឹងបន្តដំណើរការ​ «ប្រសិប​បើ​មិន​មាន​ទង្វើ​មិន​ចេះ​គិត​ពិចារណា ឬល្ងង់ខ្លៅ ដែលនឹង​កា្លយ​ជាឧបសគ្គ​រារាំងទេនោះ​»។ តែ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា លោកបានប្រាប់លោក Trump ថា «អ៊ីស្រាអែលមានសិទ្ធិពេញលេញក្នុងការការពារខ្លួន ហើយយើងកំពុងអនុវត្តវាតាមអ្វី​ដែល​ត្រូវ​ការ​ចាំបាច់​»”។គួរ​បញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Trump ត្រូវបានគេសួរថា តើលោកបានហៅមេដឹកនាំអ៊ីស្រាអែលរូបនេះថា «បាត់​បង់​សតិ​» ហើយបានចោទប្រកាន់រូប​គាត់​ថា មិនដឹងគុណដែរ​ ឬទេ​។ លោក Trump បានប្រាប់កម្មវិធី​ផតខាស «Pod Force One» ថា៖ «ខ្ញុំបាននិយាយ​។ ខ្ញុំមិនបាន​និយាយដោយសារ​កំហឹង​នោះទេ។ ខ្ញុំគ្រាន់តែ​អត់សប្បាយ​ចិត្ត​​ ចំពោះការប្រយុទ្ធឥតឈប់ឈររបស់គាត់​ជាមួយលីបង់ប៉ុណ្ណោះ​»។យ៉ាង​ណាក្ដី អ៊ីរ៉ង់ និងអ៊ីស្រាអែល បាន​ឲ្យ​ដឹង​ថា ភាគីទាំង២ បានផ្អាកការវាយប្រហារ​​គ្នា ក្រោយ​មាន​ការអំពាវនាវពីមេដឹកនាំ​អាមេរិក​ តែ​ក្រុងតេអេរ៉ង់ បានព្រមានថា ខ្លួននឹងបន្តអរិភាព ប្រសិនបើអ៊ីស្រាអែលបន្តវាយប្រហារក្រុមហេសបូឡានៅលីបង់​៕

ការស៊ើបអង្កេត៖ អ៊ីស្រាអែលបានប្រើប្រាស់ផូស្វ័រពណ៌សលើតំបន់ដែលមានប្រជាជនរស់នៅច្រើន នៅលីបង់

2026/06/09 03:47:10 pm        42
យោងតាមការស៊ើបអង្កេតរបស់កាសែត New York Times (NYT) ដែលបានដកស្រង់ភស្តុតាងដែលមើលឃើញ អ្នកជំនាញគ្រាប់រំសេវ អង្គការជំនួយ និងរូបភាពវីដេអូដែលបានផ្ទៀងផ្ទាត់ យោធាអ៊ីស្រាអែលបានដាក់ពង្រាយគ្រាប់រំសេវផូស្វ័រពណ៌សលើតំបន់ដែលមានប្រជាជនរស់នៅច្រើន នៅក្នុងប្រទេសលីបង់ អំឡុងពេលជម្លោះជាមួយក្រុមហេសបូឡា។ ស្នាមផ្សែងដែលស្របគ្នានឹងផូស្វ័រពណ៌ស ត្រូវបានគេសង្កេតឃើញថ្មីៗនេះ នៅថ្ងៃទី ៣០ ខែឧសភា លើទីក្រុង Nabatieh ភាគខាងត្បូងនៃប្រទេសលីបង់ ដែលមានប្រជាជនប្រហែល ៤០.000 នាក់។ វីដេអូនេះ ដែលត្រូវបានផ្ទៀងផ្ទាត់ដោយកាសែត NYT ត្រូវបានថតក្នុងអំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែលនៅជុំវិញប្រាសាទប្រវត្តិសាស្ត្រ Beaufort។រូបភាពវីដេអូដែលបានផ្ទៀងផ្ទាត់បន្ថែមដែលត្រូវបានពិនិត្យដោយកាសែតនេះ បានបង្ហាញថា ផូស្វ័រពណ៌ស កំពុងត្រូវបានប្រើប្រាស់ នៅជិតទីក្រុងឆ្នេរសមុទ្រ Tyre និងជុំវិញទីក្រុង Qlayaa, Khiam និង Yohmor ចាប់តាំងពីការប្រយុទ្ធគ្នា បានបន្តនៅក្នុងខែមីនា។ ជុំចុងក្រោយនៃអរិភាព បានចាប់ផ្តើម បន្ទាប់ពីក្រុមហេសបូឡា បានបាញ់រ៉ូកែតចូលទៅក្នុងភាគខាងជើងនៃប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររួមគ្នា របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ផូស្វ័រពណ៌ស បានឆេះ នៅពេលប៉ះនឹងខ្យល់ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយយោធាដើម្បីបង្កើតរបាំងផ្សែង និងលាក់បាំងចលនាកងទ័ព។ ខណៈពេលដែលសារធាតុនេះ មិនត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិ ការប្រើប្រាស់របស់វាប្រឆាំងនឹងជនស៊ីវិល ឬនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅជាជនស៊ីវិល អាចរំលោភលើបទដ្ឋាននៃជម្លោះប្រដាប់អាវុធ៕

រុស្ស៊ី៖ ក្រុងមូស្គូ និងក្រុងមីនស្ក៍ ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារ រដ្ឋសហភាព

2026/06/09 03:44:36 pm        43
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បាននិយាយថា ប្រទេសនេះ និងបេឡារុស បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់មធ្យោបាយទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារ រដ្ឋសហភាព។ អ្នកការទូតរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Izvestiaថា៖«មធ្យោបាយនៃសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងបេឡារុស ក៏ដូចជារវាងភ្នាក់ងារសន្តិសុខរបស់ រុស្ស៊ី និងបេឡារុស កំពុងត្រូវបានកែលម្អជាប្រចាំ។ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់មធ្យោបាយទាំងអស់ រួមទាំងមធ្យោបាយនុយក្លេអ៊ែរ ដើម្បីធានាសន្តិសុខរបស់រដ្ឋសហភាព»។ លោកក៏បានកត់សម្គាល់ពីការកសាងកងកម្លាំងប្រដាប់អាវុធរបស់អង្គការណាតូ នៅក្នុងតំបន់ជិតព្រំដែននៃរដ្ឋសហភាពផងដែរ៕

របាយការណ៍៖ ក្រុមនាវិកអាមេរិក ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់នៅជិតច្រកសមុទ្រ ហ័រមូស

2026/06/09 03:31:55 pm        22
ដោយដកស្រង់សម្តីមនុស្សពីរនាក់ដែលបានដឹងអំពីឧប្បត្តិហេតុនេះ កាសែត The New York Times (NYT) បានរាយការណ៍កាលពីថ្ងៃចន្ទថា ឧទ្ធម្ភាគចក្រApacheមួយគ្រឿងរបស់កងទ័ពសហរដ្ឋអាមេរិក បានធ្លាក់ នៅជិតច្រកសមុទ្រហ័រមូស ហើយសមាជិកនាវិកពីរនាក់របស់ខ្លួន ត្រូវបានជួយសង្គ្រោះដោយ សុវត្ថិភាព។ របាយការណ៍នេះបានឲ្យដឹងថា ភ្លាមៗនោះ ពុំច្បាស់ថាតើឧទ្ធម្ភាគចក្រ Apache ត្រូវបានបាញ់ទម្លាក់ដោយអ៊ីរ៉ង់ មានបញ្ហាមេកានិច ឬជួបប្រទះបញ្ហាផ្សេងទៀតឬអត់នោះទេ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពីឡុតរបស់ឧទ្ធម្ភាគចក្រនេះ មាន «សុវត្ថិភាព» បន្ទាប់ពីវាបានធ្លាក់នៅជិតច្រកសមុទ្រហ័រមូស។ក្រសួងការបរទេសអាមេរិក និងបញ្ជាការកណ្តាលអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទេ៕

អេហ្ស៊ីបជំរុញឲ្យមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ជាបន្ទាន់ និងបង្កើនការទូតដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់

2026/06/09 03:28:26 pm        56
កាលពីថ្ងៃចន្ទ ប្រទេសអេហ្ស៊ីបបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចព្រមព្រៀងជាបន្ទាន់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីជួយជៀសវាងហានិភ័យនៃការកើនឡើងភាពតានតឹងបន្ថែមទៀត។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា កិច្ចព្រមព្រៀងមួយ គួរតែដោះស្រាយកង្វល់របស់គ្រប់ភាគីទាំងអស់ ជាពិសេសប្រទេសក្នុងតំបន់ និងរួមចំណែកដល់ការស្តារស្ថិរភាពឡើងវិញដោយដោះស្រាយបញ្ហាដែលនៅសេសសល់ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសេរីភាពនៃការធ្វើនាវាចរណ៍តាមរយៈច្រកសមុទ្រហ័រមូស។ទីក្រុងគែរបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជៀសវាងការប្រើប្រាស់កម្លាំង និងផ្តល់អាទិភាពដល់ដំណោះស្រាយនយោបាយ និងការទូត។អេហ្ស៊ីបបាននិយាយថា ការកាត់បន្ថយភាពតានតឹង អាចជួយបង្កើតលក្ខខណ្ឌសម្រាប់ដោះស្រាយវិបត្តិក្នុងតំបន់កាន់តែទូលំទូលាយ រួមទាំងបញ្ហាប៉ាឡេស្ទីន ដែលខ្លួនបានពិពណ៌នាថា ជាជម្លោះស្នូលនៅក្នុងតំបន់៕

ប្រមុខការទូតទួរគីព្រមានថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែន អាចរីករាលដាលដល់តំបន់ផ្សេងទៀត

2026/06/09 02:58:10 pm        92
រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែន កំពុងចាប់ ផ្តើមរីករាលដាល។ លោកបានចង្អុលបង្ហាញបន្ទាប់ពីកិច្ចប្រជុំត្រីភាគីលើកទី ១០ របស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទួរគី អាស៊ែរបៃហ្សង់ និងហ្ស៊កហ្ស៊ី ដែលបានធ្វើឡើង នៅទីក្រុងអ៊ីស្តង់ប៊ុលថា៖«យើងអាចមើលឃើញអាវុធ និងគ្រាប់រំសេវដែលប្រើប្រាស់ដោយភាគីសង្គ្រាមកំពុងលេចឡើង នៅក្នុងបណ្តាប្រទេសបាល់ទិក។ យើងអាចមើលឃើញអ្វីដែលកំពុងកើតឡើង នៅក្នុងប្រទេសរូម៉ានី។ យើងអាចមើលឃើញមីន និងយានយន្តស្វ័យប្រវត្តិទៅដល់ច្រកសមុទ្រទួរគី។ ទាំងអស់នេះ បង្ហាញយ៉ាងច្បាស់ថា នៅពេលដែលសង្គ្រាម នៅតែបន្ត វាកំពុងរីករាលដាលទៅតាមភូមិសាស្ត្រ»។ ដោយសំដៅទៅលើអរិភាពនៅក្នុងប្រទេសអ៊ុយក្រែន លោក Fidan បានបន្ថែមថា ភាគីនានាឥឡូវនេះកំពុងស្វែងរកការវាយប្រហារលើគោលដៅផ្សេងៗគ្នាកាន់តែច្រើនឡើងៗ ដើម្បីផ្លាស់ប្តូរតុល្យភាពយោធាបច្ចុប្បន្ន»។ លោកបានកត់សម្គាល់ថា៖«តាមពិតទៅ ពុំមានការរឹតបន្តឹងបន្ថែមទៀតទាក់ទងនឹងគោលដៅ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបង្ហាញយ៉ាងច្បាស់ពីផលប៉ះពាល់ដ៏បំផ្លិចបំផ្លាញនៃសង្គ្រាមនេះ៕

រដ្ឋមន្ត្រីការពារជាតិព័រទុយហ្គាល់៖ ការការពារជាតិអឺរ៉ុប អាចនឹងបាត់បង់ប្រសិទ្ធភាព ប្រសិនបើគ្មានអាមេ រិកចូលរួម

2026/06/09 02:56:20 pm        38
រដ្ឋមន្ត្រីក្រសួងការពារជាតិព័រទុយហ្គាល់ លោក Nuno Melo បាននិយាយថា ការពារជាតិអឺរ៉ុប នឹងមិន មានប្រសិទ្ធភាពទេ ប្រសិនបើគ្មានការចូលរួមពីសហរដ្ឋអាមេរិកទេ។ ទីភ្នាក់ងារសារព័ត៌មាន EFE បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«មិនធ្លាប់មានពីមុនមកទេ ដែលទ្វីបអឺរ៉ុបទាំងមូល ហើយខ្ញុំកំពុងមិនរាប់បញ្ចូលសង្គ្រាមនៅអ៊ុយក្រែន ទទួលបានសន្តិភាពយូរអង្វែងបែបនេះ យ៉ាងហោចណាស់ក្នុងរយៈពេលដែលយើងវាស់វែង ចាប់ពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ដោយសារមានការចូលរួមចំណែករបស់អង្គការណាតូ»។ «ហើយអង្គការណាតូ ក្នុងនាមជាអង្គការទប់ស្កាត់ និងការពារជាតិ បានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អ។ ការការពារជាតិអឺរ៉ុប មិនមានប្រសិទ្ធភាពស្មើគ្នា ប្រសិនគ្មានការចូលរួមពីសហរដ្ឋអាមេរិកទេនោះ»។នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិកចំពោះការបដិសេធមិនចូលរួមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ ប្រទេសសហភាពអឺរ៉ុបទាំងអស់ បានបដិសេធមិនចូលរួមក្នុងប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិកប្រឆាំងនឹងសាធារណរដ្ឋឥ ស្លាម។ ជាការឆ្លើយតប លោកប្រធានាធិបតីអាមេរិកបានហៅសម្ព័ន្ធមិត្តអឺរ៉ុបថា ជាមនុស្សកំសាក ហើយបានសន្យាថា នឹងចងចាំរឿងនេះ។ លោកក៏បានរិះគន់អង្គការណាតូផងដែរ ដោយហៅសម្ព័ន្ធយោធានេះថា ជា «ខ្លាក្រដាស»៕

ប្រធាន IAEA អះអាងថា លោកចូលរួមកិច្ចចរចាស្តីពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅប្រទេសបាល់ទិក និងប៉ូឡូញទេ

2026/06/09 02:54:12 pm        36
ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi អះអាងថា ទីភ្នាក់ងារអន្តរជាតិនេះ មិនដែលពាក់ព័ន្ធនឹងការចរចាដែលអាចធ្វើទៅបានលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសបាល់ទិកជាច្រើន និងប្រទេសប៉ូឡូញទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ IAEA ដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ លោក Grossi បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវីយែនថា៖«យើងមិនពាក់ព័ន្ធទេ យើងមិនមែនជាអង្គការអាវុធនុយក្លេអ៊ែរទេ»។ «បញ្ហាទាំងនេះ គឺស្ថិតនៅក្នុងវិស័យគោលនយោបាយការពារជាតិរបស់ប្រទេសទាំងនេះ»។ លោក Maxim Pukhov អភិបាលក្រុង បានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា ជនស៊ីវិលបីនាក់ បានរងរបួស ខណៈដែលទីក្រុង Energodar ដែលជាទីក្រុងរណបនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP) បានរងការវាយប្រហារយ៉ាងខ្លាំងពីអ៊ុយក្រែន។ យោងតាមលោក ការិយាល័យធនាគារពីរ និងអគារលំនៅឋានមួយ ត្រូវបានខូចខាត ដោយអាផាតមិនមួយត្រូវបានអគ្គិភ័យឆេះ។ លោក Alexey Likhachev នាយកប្រតិបត្តិក្រុមហ៊ុន Rosatom បានប្រាប់អ្នកយកព័ត៌មាន Vesti លោក Pavel Zarubin ក្នុងការអត្ថាធិប្បាយមួយកាលពីសប្តាហ៍មុនថា៖ «ដោយការវាយប្រហាររោងចក្រនុយក្លេអ៊ែរ Zaporozhye ទីក្រុងគីវហាក់ដូចជាកំពុងបន្តភារកិច្ច ដើម្បីបំភ័យបុគ្គលិករបស់រោងចក្រនេះ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យុវជនបង្ហាញការដឹងគុណរាជរដ្ឋាភិបាលដែលផ្តល់ការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃដល់ពួកគេ
06/24/2026 12:06 PM
កូឡុំប៊ីយកឈ្នះកុងហ្គោ ១-០ ធានាកៅអីឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
06/24/2026 12:06 PM
ក្រូអាស៊ីស្រោចស្រង់ក្តីសង្ឃឹមឡើងវគ្គ ៣២ ក្រុមក្រោយយកឈ្នះប៉ាណាម៉ា ១-០
06/24/2026 12:06 PM
តម្លៃផ្សារហ៊ុនសកលរង្គោះរង្គើ បន្ទាប់ពីការលក់ចេញភាគច្រើននាំមុខដោយក្រុមហ៊ុនបច្ចេកវិទ្យានិងបញ្ហាអាមេរិក-អ៊ីរ៉ង់
06/24/2026 12:06 PM
អង់គ្លេសធ្វើអ្វីហ្គាណាមិនចេញ ខណៈកៅអីវគ្គ ៣២ ក្រុមចុងក្រោយត្រូវរង់ចាំដល់ប្រកួតទីបី
06/24/2026 12:06 PM
នគរបាលដាក់បណ្ដឹងចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងជនបាញ់ប្រហារវ័យ១៥ ឆ្នាំនៅសាលាTacloban របស់ហ្វីលីពីន
06/24/2026 12:06 PM
ប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមប្រគល់​ពានរង្វាន់បាល់ទាត់​ពិភពលោក​នៅវគ្គផ្តាច់ព្រ័ត្រ
06/24/2026 12:06 PM
ទួរគី ឃុំខ្លួនមនុស្ស២០៩នាក់ ក្នុងការឆ្មក់បង្ក្រាបប្រឆាំងភេរវកម្ម ខណៈសន្តិសុខត្រូវបានរឹតបន្តឹងមុនកិច្ចប្រជុំណាតូ
06/24/2026 12:06 PM
គួច សុកុម្ភៈ ត្រូវបានដាក់ឲ្យខ្ចីជើងសម្រាប់រដូវកាលថ្មី ក្រោយបន្ដកិច្ចសន្យាជាមួយណាហ្គាវើលដ៏
06/24/2026 12:06 PM
ប្រធានាធិបតីនិយាយថា អ៊ីរ៉ង់នឹងមិនចរចាអំពីសមត្ថភាពការពារជាតិរបស់ខ្លួនឡើយ
06/24/2026 12:06 PM