មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ

ព័ត៌មានអន្តរជាតិ

មេដឹកនាំហ្វាំងឡង់ច្រានចោលការចោទប្រកាន់ដែលថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហាររដ្ឋបាល់ទិក

2026/06/08 03:35:03 pm        52
ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានបដិសេធការចោទប្រកាន់របស់សេវាពិសេសលោកខាងលិចអំពីរុស្ស៊ីដែលកំពុងបង្កការគំរាមកំហែងដល់បណ្តារដ្ឋបាល់ទិក។ក្រុមរដ្ឋបាល់ទិកនិយាយថា មេដឹកនាំហ្វាំងឡង់រូបនេះ បានឆ្លើយអវិជ្ជមានចំពោះសំណួរមួយថាតើលោកគិតថា រុស្ស៊ីនឹងវាយប្រហារប្រទេសណាតូមួយចំនួន បន្ទាប់ពីប្រតិបត្តិការយោធាពិសេស ឬឥឡូវនេះ ដូចដែលរបាយការណ៍ពីសេវាស៊ើបការណ៍សម្ងាត់លោកខាងលិច បានបង្ហាញ។ លោក Stubb បានសង្កត់ធ្ងន់ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Neue Zuercher Zeitung ថា លោកបានអានរបាយការណ៍ទាំងអស់ពីសេវាពិសេសនេះ ហើយធ្វើដូច្នេះ«ដោយប្រុងប្រយ័ត្នបំផុត»។នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំប្រព័ន្ធផ្សព្វផ្សាយសកលដែលរៀបចំដោយសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការចោទប្រកាន់ថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារអឺរ៉ុប មិនមែនគ្រាន់តែជាការមិនសមហេតុផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កហេតុដោយចេតនា ដើម្បីបំភិតបំភ័យប្រជាជននៅអឺរ៉ុប៕

អគ្គសេនាធិការកងទ័ព៖ យោធាអ៊ីស្រាអែល កំពុងត្រៀមខ្លួន និងរង់ចាំបញ្ជាដើម្បីវាយប្រហារអ៊ីរ៉ង់

2026/06/08 03:32:56 pm        46
លោកឧត្តមសេនីយ៍ទោ Eyal Zamir នាយអគ្គសេនាធិការនៃកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា យោធាអ៊ីស្រាអែលត្រៀមខ្លួនវាយប្រហារ «សត្រូវ» បន្ទាប់ពីការវាយប្រហារដោយរ៉ូកែតពីអ៊ីរ៉ង់ ប៉ុន្តែមិនទាន់ទទួលបានបញ្ជា នៅឡើយទេ។ យោងតាមសេវាសារព័ត៌មានរបស់កងទ័ព នាយអគ្គសេនាធិការ IDF បច្ចុប្បន្នកំពុងធ្វើការវាយតម្លៃស្ថានភាពជាមួយក្រុមប្រឹក្សាមន្ត្រីជាន់ខ្ពស់។យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញតេឡេក្រាម IDF បានឲ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល នឹងវាយប្រហារសត្រូវដោយការតាំងចិត្តភ្លាមៗ នៅពេលដែលទទួលបានបញ្ជា។នៅល្ងាចថ្ងៃទី ០៧ ខែមិថុនា ភាគខាងជើងអ៊ីស្រាអែល ត្រូវបានទទួលរងការវាយប្រហារដោយរ៉ូកែតពីអ៊ីរ៉ង់។ យោធាអ៊ីស្រាអែលបាននិយាយថា មីស៊ីលដែលចូលមកទាំងអស់ ត្រូវបានស្ទាក់ចាប់។ ការកើនឡើងភាពតានតឹងនេះ បានកើតឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើគោលដៅរបស់ក្រុមហេសបូឡា នៅជាយក្រុងបេរូត កាលពីព្រឹកថ្ងៃអាទិត្យ។ អាជ្ញាធរអ៊ីរ៉ង់ធ្លាប់បានព្រមានថា ពួកគេនឹងសងសឹកប្រឆាំងនឹងអ៊ីស្រាអែល ក្នុងករណីមានការវាយប្រហារលើរដ្ឋធានីលីបង់នេះ៕

ក្រុមមេដឹកនាំអឺរ៉ុបត្រៀមខ្លួនគាំទ្រការចរចាបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី

2026/06/08 03:20:41 pm        86
មេដឹកនាំនៃប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេគាំទ្រសំណើសម្រាប់ការចរចារវាងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដើម្បីព្យាយាមធានាបាននូវបទឈប់បាញ់ ហើយអឺរ៉ុបនឹងដើរតួនាទីមួយ។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាន «សរសើរ»ចំពោះការអំពាវនាវរបស់លោក ហ្សេឡិនស្គី ឲ្យបញ្ចប់សង្គ្រាម និងសំណើសម្រាប់ការសន្ទនាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដោយមានការចូលរួមយ៉ាងសកម្មពីសហរដ្ឋអាមេរិក និង អឺរ៉ុប។ មេដឹកនាំ ដែលមានសម្ព័ន្ធភាពសន្តិសុខក្រៅផ្លូវការមួយហៅថា E3 ដែលជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់មួយរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ត្រូវបានចូលរួមដោយលោក ហ្សេឡិនស្គី នៅសភាអង់គ្លេស រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំអ៊ុយក្រែន បានប្រកាសលិខិតចំហមួយដែលផ្ញើជូនលោក ពូទីន។លោកបានស្នើឲ្យមានកិច្ចចរចាផ្ទាល់ជាមួយលោក ពូទីន អំពីការបញ្ចប់សង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៥ របស់ខ្លួន ប៉ុន្តែលោកត្រូវបានប្រធានាធិបតីរុស្ស៊ីបដិសេធ៕

ក្រុមហ៊ុនដែលបានចុះបញ្ជីនៅ GCC រាយការណ៍ពីប្រាក់ចំណេញក្នុងត្រីមាសទី១ ចំនួន ៦៧,៩ ពាន់លានដុល្លារ

2026/06/08 03:17:59 pm        49
ក្រុមហ៊ុនដែលបានចុះបញ្ជីនៅទូទាំងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានបង្ហាញប្រាក់ចំណេញសុទ្ធចំនួន ៦៧, ៩ ពាន់លានដុល្លារ ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៦ ដែលកើនឡើង ១៥,៥ភាគរយធៀបនឹងឆ្នាំមុន ដែលជំរុញដោយប្រាក់ចំណូលវិស័យថាមពល និងធនាគារកាន់តែរឹងមាំ។កំណើននេះ ត្រូវបានដឹកនាំដោយប្រាក់ចំណេញខ្ពស់នៅក្នុងវិស័យថាមពល ជាពិសេសក្រុមហ៊ុនផលិតប្រេង Saudi Aramco រួមជាមួយនឹងការកើនឡើងនៃវិស័យធនាគារ អាហារ និងភេសជ្ជៈ និងទំនិញមូលធន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនវិនិយោគ Kamco Invest។ក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅប្រទេសកូវ៉ែត បាននិយាយថា ប្រាក់ចំណេញសរុប បានឈានដល់កម្រិតខ្ពស់ថ្មីប្រចាំត្រីមាស ក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំនេះ ខណៈដែលប្រាក់ចំណូលនៅទូទាំងក្រុមហ៊ុនដែលបានចុះបញ្ជីនៅ GCC បានកើនឡើង ៧,៧ភាគរយ ធៀបនឹងឆ្នាំមុនដល់ ៣៥៣,៣ ពាន់លានដុល្លារ។ តួលេខរឹងមាំទាំងនេះ បង្ហាញពីភាពធន់របស់សាជីវកម្មនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ទោះបីជាជម្លោះក្នុងតំបន់ នៅតែបន្តធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍វិនិយោគិន នៅក្នុងតំបន់ក៏ ដោយ៕

ក្រុមហ៊ួទីគាំទ្រចំពោះប្រតិបត្តិការរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល និងព្រមានទប់ទល់ការកើនឡើងភាពតានតឹង

2026/06/08 03:11:34 pm        48
ក្រុមហ៊ួទីនៅប្រទេសយេម៉ែនបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនគាំទ្រប្រតិបត្តិការយោធាដែលធ្វើឡើងដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ដោយបន្ថែមថា «អ័ក្សនៃការតស៊ូ» នៅតែស្ថិតក្នុងការសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីប្រឈមនឹងការវិវត្តណាមួយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទី ក្រុមនេះបាននិយាយថា ប្រតិបត្តិការរបស់អ៊ីរ៉ង់ ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីព្រឹកថ្ងៃអាទិត្យ បានពង្រឹង «ភាពស្មើគ្នានៃសម្ព័ន្ធភាពបង្រួបបង្រួម» និងប្រឆាំងនឹង«និទណ្ឌភាព»របស់អ៊ីស្រាអែល។សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«អ័ក្សនៃការតស៊ូ» នៅតែស្ថិតក្នុងការសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីដោះស្រាយការវិវត្តក្នុងតំបន់ ដោយព្រមានអ៊ីស្រាអែលចំពោះការកើនឡើងភាពតានតឹងណាមួយ។ការអត្ថាធិប្បាយរបស់ក្រុមហ៊ួទីបានកើតឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅកាន់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃអាទិត្យ។ ស៊ីរ៉ែនវាយប្រហារតាមអាកាស បានរោទិ៍ឡើង នៅទូទាំងតំបន់ នៅភាគខាងជើងអ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលទាំងនេះ៕

[UPDATE] ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅហ្វីលីពីន កើនឡើងដល់យ៉ាង​ហោច​ណាស់​ ១៥នាក់

2026/06/08 01:35:14 pm        64
មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ១៥នាក់ហើយ​ ដោយមានអ្នក​របួស​ជាង ១០០នាក់។ រញ្ជួយដីនេះបានកើត​ឡើង​នៅម្ដុំ​ភាគខាងត្បូងនៃ​កោះ Mindanao នៅ​ថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាល​ឲ្យ​អគារបាក់​រលំ និងបង្កឲ្យ​មានការព្រមានអំពីរលកយក្សស៊ូណាមិ នៅទូទាំងតំបន់​៕

ឥណ្ឌូនេស៊ី​ និង​ម៉ាឡេ​ស៊ី​ លុបចោលការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមាន​រញ្ជួយដី នៅហ្វីលីពីន

2026/06/08 01:12:47 pm        53
ប្រទេស​ឥណ្ឌូនេស៊ី បានលុបចោលការព្រមាន អំពីរលកយក្សស៊ូណាមិ នៅ​នថ្ងៃចន្ទ (ទី៨ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ពោល​គឺ​ប៉ុន្មានម៉ោងបន្ទាប់ពីបានបញ្ជាឲ្យ​ជម្លៀសប្រជាជននៅតំបន់ភាគខាងជើងដែលរងការគំរាមកំហែងដោយរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីន។ យោងតាមគេហទំព័ររបស់ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បាន​ឲ្យ​ដឹង​ថា ការព្រមានអំពីរលកយក្សស៊ូណាមិ «បានបញ្ចប់ហើយ​« បន្ទាប់ពីត្រូវបានចេញ ៤ម៉ោងកន្លះ។ ទីភ្នាក់ងារនេះបានកត់ត្រារលកយក្សស៊ូណាមិតូចៗ នៅក្នុងទីតាំងយ៉ាងហោចណាស់ ៩កន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយ​ខ្ពស់បំផុតត្រូវបានកត់ត្រានៅកម្ដស់​ ០,៧៥ម៉ែត្រ នៅកោះ Sangihe។ រីឯទីភ្នាក់ងារ​ឧតុនិយមម៉ាឡេស៊ី (MetMalaysia) នៅថ្ងៃនេះ ក៏​បានលុបចោលការជូនដំណឹងអំពីរលកយក្សស៊ូណាមិដូច​គ្នា​ដែរ ដែលត្រូវ​បាន​ចេញ​បន្ទាប់ពីមាន​ការរញ្ជួយដីដ៏ខ្លាំងក្លានៅ​ហ្វីលីពីននេះ​ ដោយបញ្ចប់ការតាម​ដាន​ពិនិត្យ​ជាច្រើនម៉ោង ក្រោយអាជ្ញាធរបានកំណត់ថា មិនមានការគំរាមកំហែងដល់ប្រទេសម៉ាឡេស៊ីទៀត​ឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃ​ត្រង់​ តាម​ពេល​វេលា​ម៉ោង​​ក្នុង​ស្រុក​ ស្ថាប័ន​ឧតុនិយមមួយ​នេះ​​បានបញ្ជាក់​ថា ការជូនដំណឹង ដែលត្រូវបានចេញនៅម៉ោង ៨:៣៦នាទី​ព្រឹក ត្រូវបានបញ្ចប់ហើយ​។ ស្ថាប័ន​ MetMalaysia ក៏បានបន្ថែម​​ផងដែរថា ការជូនដំណឹងនេះនឹងក្លាយជាការធ្វើ​បច្ចុប្បន្ន​ភាព​ចុងក្រោយរបស់ខ្លួន ជុំវិញ​ហេតុការណ៍នេះ ប្រសិន​បើ​មិន​មានការវិវត្ត​អ្វី​ថ្មី​បន្ថែមទៀតទេ​នោះ​។ គួរ​បញ្ជាក់​ថា ការ​ព្រមាន​នេះត្រូវបានចេញបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានកើត​ឡើង​នៅជិតកោះ Mindanao នៅ​ភាគខាងត្បូងនៃ​ប្រទេសហ្វីលីពីន នា​ព្រឹកព្រលឹមថ្ងៃ​នេះ ដែលជំរុញឲ្យ​មានការព្រមានអំពីរលកយក្សស៊ូណាមិ ហើយ​មនុស្សមួយចំនួនស្លាប់​ និងរបួស ​ក៏​ដូច​ជា​ការជូនដំណឹងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក៕

យោធានីហ្សេរីយ៉ា ជួយសង្គ្រោះចំណាប់ខ្មាំងចំនួន ៣៦០ នាក់នៅក្នុងរដ្ឋ Borno

2026/06/08 12:29:18 pm        53
យោធាបាននិយាយកាលពីថ្ងៃអាទិត្យ ទី៧ មិថុនាថា កងកម្លាំងសន្តិសុខប្រទេសនីហ្សេរីយ៉ា បានរំដោះបុរស ស្ត្រី និងកុមារចំនួន ៣៦០ នាក់ពីទីតាំងលាក់ខ្លួននៅតំបន់ភ្នំមួយកន្លែងដែលពួកគេត្រូវបានឃុំខ្លួនដោយអ្នកចាប់ពង្រត់នៅក្នុងរដ្ឋ Borno នៅភាគឦសាន បន្ទាប់ពីប្រតិបត្តិការដឹកនាំដោយចារកម្ម។ រដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងលិចមួយនេះ បានតតាំងជាច្រើនឆ្នាំមកហើយដើម្បីដោះស្រាយភាពអសន្តិសុខ មានចាប់ពីជម្លោះរវាងកសិករចិញ្ចឹមសត្វនៅទូទាំងភាគកណ្តាលរបស់ខ្លួន រហូតដល់ក្រុមជនអន្ធពាលចាប់ជំរិត ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម និងកងជីវពលការពារសហគមន៍ដែលធ្វើប្រតិបត្តិការនៅទូទាំងរដ្ឋភាគខាងជើង។ អ្នកដែលត្រូវបានចាប់ពង្រត់ទាំងនោះ ត្រូវបានឃុំខ្លួនដោយក្រុមមួយមានឈ្មោះកាត់ថា JAS ចូលជ្រៅនៅក្នុងភ្នំ Mandara នៅភាគខាងត្បូងនៃរដ្ឋ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធា។ ក្រុម JAS គឺជាឈ្មោះផ្លូវការជាភាសាអារ៉ាប់របស់ក្រុម Boko Haram។ ពួកគេត្រូវបានចាប់ខ្លួនពីសហគមន៍ផ្សេងៗគ្នានៅក្នុងតំបន់ ហើយប្រតិបត្តិការជួយសង្គ្រោះត្រូវបានអនុវត្តដោយក្រុមការងាររួមគ្នា រួមមានទាំងកងកម្លាំងពិសេសដែលបានបង្ខំឱ្យក្រុមអ្នកប្រយុទ្ធ JAS បោះបង់ចោលទីតាំងរបស់ពួកគេ។

សេចក្តីព្រាងសេចក្តីសម្រេចរបស់អាមេរិកនៅ IAEA ដាក់សម្ពាធលើអ៊ីរ៉ង់ស្តីពីទីតាំង និងអ៊ុយរ៉ានីញ៉ូម

2026/06/08 12:26:57 pm        51
សហរដ្ឋអាមេរិកកំពុងបញ្ចុះបញ្ចូលប្រទេសដទៃទៀតនៅក្រុមប្រឹក្សាអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចដែលបញ្ជាឱ្យអ៊ីរ៉ង់ផ្តល់ព័ត៌មានដល់ទីភ្នាក់ងារនេះអំពីជោគវាសនានៃទីតាំងនុយក្លេអ៊ែរដែលត្រូវបានទម្លាក់គ្រាប់បែក និងសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួចត្រូវបានរក្សាទុកនៅទីនោះ។ ឯកសារនៃសេចក្តីព្រាងសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ដែលបានមើលឃើញដោយសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា និងបានចែករំលែកនៅមុនកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមប្រឹក្សា៣៥ប្រទេសនៅសប្តាហ៍នេះ មានហានិភ័យនៃការធ្វើឱ្យស្មុគស្មាញបន្ថែមទៀតដល់ការចរចាបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់មានកំហឹងចំពោះសេចក្តីសម្រេចប្រឆាំងខ្លួននៅទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)។ ខណៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាទីភ្នាក់ងារ IAEA កាលពីពេលមុនប្រឆាំងនឹងអ៊ីរ៉ង់ បានអនុម័តដោយគម្លាតហើយឯកសារនេះអាចមានការតតាំងកាន់តែខ្លាំង ព្រោះវាជាសហរដ្ឋអាមេរិកដែលរួមជាមួយអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមិថុនា ចាប់តាំងពីពេលនោះមក ទីភ្នាក់ងារ IAEA មិនអាចត្រឡប់ទៅទីតាំងនុយក្លេអ៊ែរទាំងនោះវិញបាន។ ឯកសារបាននិយាយថា អ៊ីរ៉ង់ត្រូវតែ «ផ្តល់ឱ្យទីភ្នាក់ងារ IAEA នូវព័ត៌មានច្បាស់លាស់អំពីគណនេយ្យភាពសម្ភារៈនុយក្លេអ៊ែរ និងទីតាំងផលិតនុយក្លេអ៊ែរដែលត្រូវបានការពារនៅក្នុងប្រទេសអ៊ីរ៉ង់» និង «ផ្តល់ដំណើរការចូលទាំងអស់ដែលទីភ្នាក់ងារត្រូវការដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន» ដោយនិយាយថា ត្រូវតែធ្វើឡើង «ដោយមិនពន្យាពេល» ហើយ «ចាំបាច់ និងបន្ទាន់»។

អ៊ីរ៉ង់ ទទូចឱ្យមានបទឈប់បាញ់ មុនពេលចរចានុយក្លេអ៊ែរ ខណៈសង្គ្រាមឈានដល់ថ្ងៃទី១០០

2026/06/08 12:11:14 pm        114
យោងតាមការវិភាគព័ត៌មានពីទូរទស្សន៍កណ្តាលរដ្ឋចិន(CCTV) បានឲ្យដឹងថា អ៊ីរ៉ង់បានទទូចឱ្យមានបទឈប់បាញ់នៅមុនពេលចរចានុយក្លេអ៊ែរណាមួយ ខណៈសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី១០០ កាលពីថ្ងៃអាទិត្យ។ ការវិភាគ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បាននិយាយថា ជំហរដែលអ៊ីរ៉ង់កំពុងរក្សានៅពេលនេះគឺថា សហរដ្ឋអាមេរិកត្រូវតែចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីបទឈប់បាញ់ជាមួយអ៊ីរ៉ង់ជាមុនសិន មុនពេលចូលរួមក្នុងការចរចានុយក្លេអ៊ែរណាមួយ។ ភាគីអ៊ីរ៉ង់បានអះអាងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមការវាយប្រហារយោធាភ្លាមៗចំនួនពីរលើកក្នុងអំឡុងពេលនៃការចរចានុយក្លេអ៊ែរ ដែលបានបង្កើតឱ្យមានមន្ទិលសង្ស័យនៅក្នុងប្រទេសអ៊ីរ៉ង់ អំពីភាពស្មោះត្រង់ និងបំណងពិតរបស់សហរដ្ឋអាមេរិក។ ពីទស្សនៈរបស់អ៊ីរ៉ង់ ការទទួលបានការធានាយ៉ាងរឹងមាំ និងការសម្រេចបាននូវបទឈប់បាញ់ពិតប្រាកដ និងការបញ្ឈប់អរិភាពគឺជាអាទិភាពចម្បង។ មានតែបន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីបទឈប់បាញ់ក្នុងបំណងបញ្ចប់សង្គ្រាមនៅគ្រប់ទីកន្លែងនៅក្នុងតំបន់ប៉ុណ្ណោះ ទើបអ៊ីរ៉ង់ព្រមព្រៀងបន្តការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ អ្នកវិភាគអ៊ីរ៉ង់បាននិយាយថា ភាពផ្ទុយគ្នារវាងសេចក្តីថ្លែងការណ៍ និងសកម្មភាពរបស់សហរដ្ឋអាមេរិក រួមជាមួយការទាមទារកំពុងកើនឡើងឥតឈប់ឈរ ដោយបានរារាំងភាគីទាំងពីរពីការឈានដល់ការយោគយល់បែបនេះ។ អ៊ីរ៉ង់និយាយថា ការចរចាកំពុងត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក ដើម្បីធានានៅតុចរចានូវអ្វីដែលខ្លួនបរាជ័យក្នុងការសម្រេចបាន ដោយបានបន្ថែមលក្ខខណ្ឌថ្មីៗដែលអ៊ីរ៉ង់នឹងមិនទទួលយក ប្រសិនបើវាធ្វើឱ្យអន្តរាយដល់ផលប្រយោជន៍របស់ប្រទេស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM