លោក Trump៖ មូលនិធិអ៊ីរ៉ង់ដែលត្រូវ​បានបញ្ចេញ នឹង​ប្រើប្រាស់ទិញទំនិញរបស់សហរដ្ឋ​អាមេរិក
គណបក្សកាន់អំណាចរបស់ជប៉ុន អនុម័តសេចក្តីព្រាងច្បាប់ ដើម្បីបង្កើតរដ្ឋ​ធានី​ទី២
មេដឹកនាំកូរ៉េខាងជើង លោក​ គីម រិះគន់ជប៉ុនថា កំពុងប្រែក្លាយទៅជា «រដ្ឋសង្គ្រាម»
អ៊ុយក្រែន៖ ការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្ស ៣នាក់ នៅស្រុកកំណើតរបស់លោក Zelenskyy

ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រកាសពីការដោះដូរអ្នកទោសសង្គ្រាមជាមួយអ៊ុយក្រែន ដោយភាគីម្ខាងៗចំនួន​ ១៨៥នាក់

2026/06/05 07:31:33 pm        35
ប្រទេស​រុស្ស៊ី បានប្រកាសថា ការដោះដូរអ្នកទោសជុំមួយទៀត ជាមួយអ៊ុយក្រែន បានកើតឡើងនៅព្រឹក​ថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយមានទាហានចំនួន ១៨៥នាក់ បានវិលត្រឡប់មកវិញ សម្រាប់​ភាគីម្ខាងៗ​។ក្រសួងការពារជាតិបានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេស​អេមីរ៉ាតអារ៉ាប់រួម បានសម្របសម្រួលឲ្យ​មាន​ការដោះដូរអ្នកទោសសង្គ្រាម ឬឈ្លើយ​សឹក​នេះ​។ ក្រសួងបានបន្ថែមថា ទាហានរុស្ស៊ីបច្ចុប្បន្ន កំពុងស្ថិតនៅប្រទេសបេឡារុស ហើយស្នងការសិទ្ធិមនុស្សរុស្ស៊ី លោកស្រី Yana Lantratova កំពុងធ្វើការជាមួយពួកគេ។ក្រសួងបានបញ្ជាក់​ទៀត​ថា៖ «ទាហានដែលត្រូវបានដោះលែង កំពុងស្ថិតនៅប្រទេសបេឡារុស ជាកន្លែងដែលពួកគេកំពុងទទួលបានជំនួយផ្នែក​ផ្លូវចិត្ត និងវេជ្ជសាស្ត្រ។ បន្ទាប់មក ពួកគេនឹងត្រូវបញ្ជូនទៅប្រទេសរុស្ស៊ី ដើម្បី​ទទួល​ការព្យាបាល និងការស្តារនីតិសម្បទា»។អ៊ុយក្រែនមិនបានធ្វើការ​អត្ថាធិប្បាយអ្វី​ភ្លាមៗឡើយ ជុំវិញ​ការដោះដូរនេះ​ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនជាច្រើននាក់ បានឲ្យ​ដឹង​ថា ការរៀបចំសម្រាប់ការដោះដូរ បានចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

មេដឹកនាំកំពូលអ៊ីរ៉ង់ អនុម័តការលើកលែងទោសដល់អ្នកទោសជាង ២.០០០នាក់

2026/06/05 07:29:49 pm        50
មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Mojtaba Khamenei នៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) បានអនុម័តសំណើពីប្រមុខតុលាការ ដើម្បីឲ្យ​លើកលែងទោស កាត់បន្ថយ ឬបន្ធូរបន្ថយទោសដល់អ្នកទោសជាង ២.០០០នាក់។ការលើកលែងទោសនេះបានកើតឡើងនៅ​មុនពិធីបុណ្យ Eid al-Ghadir ជាថ្ងៃឈប់សម្រាកសាសនាដ៏សំខាន់បំផុតមួយ ដែលប្រារព្ធឡើងដោយអ្នកកាន់សាសនាឥស្លាមនិកាយ​ Shia។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់មេដឹកនាំកំពូល។នៅ​​មុននេះ ប្រមុខ​តុលាការ លោក​ Gholamhossein Mohseni Ejei បានស្វែងរកការលើកលែងទោសសម្រាប់អ្នកទោសនៅក្នុង​ប្រទេស​នេះ​។គួរបញ្ជាក់​ថា បើ​យោងតាមសារ​ព័ត៌មាន​ពាក់កណ្តាលផ្លូវការ ​​ISNA បាន​ឲ្យ​ដឹង​ថា អ្នកទោសដែលត្រូវបានផ្ដន្ទាទោស​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ទាក់ទងនឹងសន្តិសុខ ចារកម្ម សកម្មភាពប្រឆាំងនឹងសន្តិសុខផ្ទៃក្នុង ឬខាងក្រៅរបស់អ៊ីរ៉ង់ និងបទ​ល្មើស​ព្រហ្ម​ទណ្ឌដែលគំរាមកំហែងដល់សន្តិសុខសាធារណៈ មិនមានសិទ្ធិទទួលបានការលើកលែងទោសនោះទេ៕

ប្រធានសភាលីបង់គាំទ្រការដកទ័ពរបស់ហេសបូឡា ដំណាល​គ្នានឹងការដកទ័ពរបស់អ៊ីស្រាអែល

2026/06/05 07:29:22 pm        40
ប្រធានសភាលីបង់ និងជាសម្ព័ន្ធមិត្តរបស់ក្រុម​ហេសបូឡា គឺលោក Nabih Berri បាននិយាយនៅ​ថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា លោកនឹងយល់ព្រម ចំពោះ​ការ​ដកទ័ពរបស់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយ​នេះ ចេញពីភាគខាងត្បូងលីបង់ ប្រសិនបើកងទ័ពអ៊ីស្រាអែលចាកចេញពីដែន​ដីដែលពួកគេកាន់កាប់នៅក្នុងប្រទេសនេះ​ក្នុងពេលដំណាលគ្នាដែរ​។នៅក្នុងការ​អត្ថាធិប្បាយ​ជាលាយលក្ខណ៍អក្សរដែលចែកចាយដោយការិយាល័យរបស់លោក លោក Berri បានរិះគន់ក្របខ័ណ្ឌបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និង​ដែលបានប្រកាសនៅសប្តាហ៍នេះថា មិនយុត្តិធម៌ទេ ដោយបាន​បញ្ជាក់​ថា វាគួរតែរួមបញ្ចូល «បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ទាំង​តាមផ្លូវគោក ទឹក និង​អាកាស»។លោកបានបន្ថែមថា លោក «យល់ស្រប​ ចំពោះ​ការដកទ័ពរបស់ក្រុម​ហេសបូឡា ចេញពីភាគខាងត្បូងនៃទន្លេ Litani ដំណាល​គ្នានឹងការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ដែលខ្លួនកាន់កាប់»។គួរបញ្ជាក់ថា សង្គ្រាម នៅប្រទេស​លីបង់ ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែល បានដណ្តើមកាន់​កាប់​យ៉ាង​ធំ​នៅ​តំបន់ភាគខាងត្បូង ចាប់តាំងពីថ្ងៃទី២ ខែមីនា គំរាមកំហែងដល់កិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ។ អ៊ីរ៉ង់បានទាមទារថា បទឈប់បាញ់យូរអង្វែង​ណាមួយ ត្រូវ​តែ​រួម​បញ្ជូល​ទាំង​ប្រទេសលីបង់។ តែ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចង់បន្តការវាយលុករបស់អ៊ីស្រាអែល រហូតដល់ក្រុមហេសបូឡាលែងបង្កការគំរាមកំហែងទៀត៕

លោក Macron គាំទ្រការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព

2026/06/05 06:57:58 pm        67
ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅ​ថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះ​ បានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការចាប់ផ្ដើម​ការសន្ទនាឡើង​វិញ រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីសម្រេចបាននូវបទឈប់បាញ់ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាព។នៅពេលធ្វើ​ដំណើរ​ទៅ ដើម្បី​ចូល​រយម​កិច្ចប្រជុំកំពូលតំបន់​បាល់កង់ខាងលិច ក្នុងប្រទេសម៉ុងតេណេហ្គ្រោ លោក Macron បានប្រាប់អ្នកសារ​ព័ត៌មានថា៖ «យើងតែងតែគាំទ្រការចរចាដោយផ្ទាល់ រវាងអ៊ុយក្រែន និងវិមានក្រឹមឡាំង«។ លោកបានសង្កត់ធ្ងន់​ថា៖ «ខ្ញុំនឹងនិយាយត្រង់ៗ​ជាមួយអ្នកទាំង​អស់គ្នា។ ខ្ញុំជឿថា ពេល​នេះ គឺ​អ៊ុយក្រែន និងរុស្ស៊ី ដែលអាចបង្កើត​បាន​ទាំងបទឈប់បាញ់ និងផែនការសន្តិភាព»។ដោយគូសបញ្ជាក់ថា អឺរ៉ុបគឺជាអ្នករួមចំណែកដ៏ធំបំផុតមួយ ចំពោះកិច្ចខិតខំប្រឹងប្រែងបញ្ចប់​សង្គ្រាម នៅ​អ៊ុយក្រែន លោកបាននិយាយថា ទ្វីបនេះអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការសន្តិភាព។ជាមួយ​គ្នានេះ អម​ដោយការ​អះអាង​ថា លោកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅ​ប៉ុន្មានថ្ងៃខាងមុខ លោក Macron បានឲ្យ​ដឹង​ទៀត​ថា អ្នករួមចំណែកទាំងអស់ ចំពោះសម្ព័ន្ធឆន្ទៈរួម ក៏ត្រូវបានអញ្ជើញទៅកាន់ទីក្រុងប៉ារីស សម្រាប់ការចរចា នៅថ្ងៃទី ១៣-១៤ ខែកក្កដាផងដែរ​។គួរបញ្ជាក់ថា ការកត់សម្គាល់របស់មេដឹកនាំ​បារាំង បានកើតឡើង ខណៈដែលទាំងទីក្រុងគីវ និងមូស្គូបានបង្ហាញការ​ចាប់​អារម្មណ៍ការចរចាឡើងវិញ។ ក្នុងលិខិតចំហមួយដែលត្រូវ​បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Zelenskyy បានអំពាវនាវឲ្យ​មានកិច្ចចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយបាននិយាយថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគោរពតាមបទឈប់បាញ់ ក្នុង​អំឡុង​រយៈ​ពេលនៃការចរចា៕

UN អំពាវនាវរកជំនួយទ្វេដងដល់ជិត ៦៤០លានដុល្លារ សម្រាប់​លីបង់ អំឡុងសង្គ្រាមអ៊ីស្រាអែល

2026/06/05 06:55:59 pm        50
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះ បានអំពាវនាវរកជំនួយទ្វេដង សម្រាប់​លីបង់ ខណៈដែលប្រទេសនេះកំពុងរងផលប៉ះពាល់ពីសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ដោយបញ្ជាក់​ថា ត្រូវការជិត ៦៤០លានដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែ។នៅក្នុងការអំពាវនាវដែលត្រូវបានកែសម្រួល សម្រាប់ប្រទេសនេះ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់ទីភ្នាក់ងារមនុស្សធម៌ UN បានឲ្យ​ដឹងថា៖ «វិបត្តិមនុស្សធម៌ នៅក្នុងប្រទេសលីបង់ គឺធ្ងន់ធ្ងរ និងកាន់តែអាក្រក់ទៅៗ​»។ទីភ្នាក់ងារ​នេះ បានឲ្យ​ដឹង​ថា «ការបង្ខំ​ផ្លាស់​ទី​លំនៅ​​​​​ម្តងហើយម្តងទៀត ចំនួនទី​ជម្រកបណ្ដោះអាសន្ន​មិនគ្រប់គ្រាន់ និងលទ្ធភាព​មានកម្រិត ក្នុង​ការវិលត្រឡប់ទៅ​វិញ​ដោយសុវត្ថិភាព កំពុងធ្វើឲ្យ​មាន​ភាពងាយរងគ្រោះកាន់តែធ្ងន់ធ្ងរឡើងៗ» ដោយព្រមានថា «ប្រជាជនដែលរងផលប៉ះពាល់ កំពុងអស់​យ៉ាងឆាប់រហ័សនូវ​ធនធាន​ ហើយ​សេវាកម្មសំខាន់ៗកំពុងស្ថិតនៅក្រោមការលំបាកកាន់តែខ្លាំងឡើងៗ»។ UN បានអំពាវនាវរកជំនួយចំនួន ៣០៨លានដុល្លារអាមេរិក ក្នុងខែមីនា ដើម្បីគាំទ្រដល់ការឆ្លើយតបបន្ទាន់ដ៏ធំមួយដែលដឹកនាំដោយរដ្ឋាភិបាលលីបង់ រហូតដល់ចុងខែឧសភា។ នៅថ្ងៃទី៥ ខែមិថុនា សា្ថប័ន​នេះ​បានបញ្ជាកើ​ថា ត្រូវការជំនួយ ៣៣១លានដុល្លារអាមេរិកបន្ថែមទៀត រហូតដល់ចុងខែសីហា។OCHA បាន​ឲ្យ​ដឹង​ទៀត​ថា រហូតមកដល់ពេលនេះ មានតែ ១៨៥លានដុល្លារអាមេរិកប៉ុណ្ណោះដែលទទួលបានពីការអំពាវនាវដំបូង ដោយបន្ថែមថា ចំនួនទឹកប្រាក់នោះបានជួយផ្តល់ជំនួយដល់មនុស្សប្រហែល ៦៨០.០០០នាក់ ចន្លោះពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា។អង្គការនេះបានសង្កត់ធ្ងន់​ថា គោលបំណងឥឡូវនេះ គឺបង្កើនចំនួននោះទ្វេដង ដើម្បីបាន​ជួយ​ដល់ប្រជាជនទាំងអស់ ១,៤លាននាក់ នៅលីបង់ ពោល​គឺប្រហែល ១ភាគ៤ នៃចំនួនប្រជាជន ដែលត្រូវបានប៉ាន់ប្រមាណថា ត្រូវការជំនួយមនុស្សធម៌នៅក្នុងប្រទេសនេះ​៕

កងទ័ពអ៊ីស្រាអែលព្រមានពីការវាយប្រហារជិតកើត​មាន​ លើ​ក្រុមហេសបូឡា នៅទីក្រុង​ Sarafand របស់​លីបង់

2026/06/05 06:53:44 pm        45
យោធាអ៊ីស្រាអែលបានព្រមានអ្នក​ស្រុក​នៅទីក្រុង​ Sarafand នៅ​ភាគខាងត្បូងនៃ​ប្រទេសលីបង់ ដែលជាទីក្រុងមួយនៅលើផ្លូវឆ្នេរសមុទ្រ រវាងទីក្រុងតំបន់​ Tyre និង Sidon ឲ្យជម្លៀសចេញជាបន្ទាន់ នៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) មុនការវាយប្រហារដែលអាច​កើតមាន​ ប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។តាម​រយៈ​ការ​បង្ហោះនៅលើបណ្ដាញ​សង្គម X ដោយរាយបញ្ជីឈ្មោះ​ទីក្រុង និងភូមិចំនួន ៦ ក្នុង​នោះ​រួមមាន​ទាំង Sarafand និង Saksakiyeh ដែលក៏ស្ថិតនៅលើផ្លូវឆ្នេរសមុទ្រផងដែរ អ្នកនាំពាក្យយោធាជា​ភាសាអារ៉ាប់ លោក​ Avichay Adraee បានបញ្ជាក់ពី​ការ​ឲ្យជម្លៀស​ចេញ​នេះ​។លោក Adraee បាន​សរសេរថា៖ «ដោយសារតែក្រុមភេរវករហេសបូឡា បានរំលោភលើកិច្ចព្រមព្រៀងបទ​ឈប់បាញ់ និងការកំណត់គោលដៅរបស់ក្រុម​នេះ​ទៅលើតំបន់​ជនស៊ីវិលរបស់ប្រទេស​អ៊ីស្រាអែល កងកម្លាំងការពារជាតិ​អ៊ីស្រាអែល (IDF) ត្រូវបានបង្ខំចាត់វិធានការ​យ៉ាង​ខ្លាំងក្លា ប្រឆាំងនឹងក្រុម​នេះ​ ជាពិសេសនៅក្នុងតំបន់របស់អ្នក»។លោកបានបន្ថែមថា៖ «ដោយសារការព្រួយបារម្ភ អំពីសុវត្ថិភាពរបស់អ្នក អ្នកត្រូវតែជម្លៀសចេញ​ពី​ផ្ទះសម្បែង​របស់អ្នកជាបន្ទាន់ ហើយផ្លាស់ទៅភាគខាងជើងនៃទន្លេ Zahrani ដែលលាត​សន្ធឹង​​ប្រហែល ៤០​គីឡូម៉ែត្រ នៅ​ភាគខាងជើងព្រំដែន៕

លោក Rubio បញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់អាមេរិក ចំពោះរដ្ឋាភិបាលរបស់ប្រទេសបូលីវី

2026/06/05 06:51:53 pm        69
យោងតាមក្រសួងការបរទេស បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) បានជជែក​ជាមួយប្រធានាធិបតីបូលីវី លោក Rodrigo Paz ដោយបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះរដ្ឋាភិបាលថ្មីរបស់ប្រទេសបូលីវី។ក្នុងអំឡុងពេលនៃការសន្ទនា​តាម​ទូរស័ព្ទ លោក Rubio បានបញ្ជាក់ជាថ្មី អំពី «ការប្តេជ្ញាចិត្តឥត​ងាក​រេរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់បូលីវី និងរដ្ឋបាលរបស់​លោក​ Paz ខណៈដែលខ្លួនកំពុងកសាងប្រទេសឡើងវិញ ក្រោយ​រយៈ​ពេល​ ២០ឆ្នាំនៃ​ការ​បរាជ័យ​គោលនយោបាយសង្គមនិយម។ នេះបើយោងតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេស។សេចក្តីថ្លែងការណ៍នេះបានឲ្យ​ដឹង​ថា៖ «មេដឹកនាំទាំង២ បានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសបូលីវី និងចែករំលែកអាទិភាព សម្រាប់ការជំរុញសន្តិសុខ និងស្ថិរភាពនៅទូទាំងតំបន់របស់យើង»។ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយ​គ្នា​នេះ លោក Rubio ក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកកំពុងបង្កើនជំនួយសង្គ្រោះបន្ទាន់ និងការគាំទ្រផ្នែកភស្តុភារ ដើម្បីជួយដោះស្រាយកង្វះខាតស្បៀងអាហារ និងឱសថស្រួចស្រាវ ដែលទីក្រុងវ៉ាស៊ីនតោន បានសន្មតថា ជា «ការបិទផ្លូវដោយ​ខុសច្បាប់» ដែលមានគោលបំណងធ្វើឲ្យ​ប្រទេសមានអស្ថិរភាព។តាម​រយៈសេចក្ដី​ថ្លែង​ការណ៍​នោះ ក្រសួង​បានបន្ថែមថា៖ «លោក​រដ្ឋមន្ត្រី Rubio បានបញ្ជាក់ជាថ្មីថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នឹងបន្តឈរជាមួយប្រទេសបូលីវី ខណៈពេលដែលប្រទេស​នេះ​ធ្វើការឆ្ពោះទៅរកការ​មាន​ស្ថិរភាព សន្តិសុខ និងអនាគតកាន់តែប្រសើរ សម្រាប់ប្រជាជនបូលីវីទាំងអស់​»។គួរ​បញ្ជាក់ថា មាន​ការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍ ដោយអំពាវនាវឲ្យ​លោក Paz លាលែងពីតំណែង។ កម្មករ កសិករ អ្នករុករករ៉ែ ប្រតិបត្តិករដឹកជញ្ជូន និងគ្រូបង្រៀន កំពុងអំពាវនាវឲ្យ​មានវិធានការ​​បន្ទាន់ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់​ធ្ងរបំផុតជាលើក​ដំបូង​​របស់ប្រទេស ក្នុងរយៈពេល ៤០​ឆ្នាំ៕

អាស៊ែរបៃហ្សង់និយាយថាពលរដ្ឋរបស់ខ្លួនចំនួន ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើនាវានៅក្នុងសមុទ្រ Azov

2026/06/05 06:49:32 pm        44
ក្រសួងការបរទេសអាស៊ែរបៃហ្សង់ បាននិយាយនៅថ្ងៃសុក្រនេះថា ពលរដ្ឋអាស៊ែរបៃហ្សង់ចំនួន ៥នាក់ ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារលើនាវាដឹកទំនិញពីរគ្រឿង នៅក្នុងសមុទ្រ Azov។ ដោយឆ្លើយតបទៅនឹងសំណួរអំពីនាវាដែលត្រូវបានវាយប្រហារនៅឈូងសមុទ្រ Taganrog ក្រសួងបាននិយាយថា ក្រុមនាវិករួមមានពលរដ្ឋអាស៊ែរបៃហ្សង់សរុបចំនួន ២៥នាក់ ប៉ុន្តែនាវាទាំងនោះ មិនមែនជារបស់អាស៊ែបៃហ្សង់ទេ។នាព្រឹកថ្ងៃសុក្រនេះ អ៊ុយក្រែនបាននិយាយថា យានដ្រូនរបស់ខ្លួន បានវាយប្រហារនាវាចំនួន ៥គ្រឿងនៅក្នុងកំពង់ផែ Mariupol និង Berdyansk ក៏ដូចជានៅក្នុងដែនទឹកឆ្នេរសមុទ្រនៃទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។លោក Robert Brovdi មេបញ្ជាការកងកម្លាំងយានដ្រូនអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យានដ្រូនរបស់ខ្លួន បានវាយប្រហារនាវាដឹកទំនិញស្ងួត និងនាវាដឹកប្រេងមួយគ្រឿង ដែលពាក់ព័ន្ធនឹងការលួចគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងដឹកទំនិញយោធា និងប្រេងឥន្ធនៈ ដោយឈ្មោះនាវា ត្រូវបានលាបពណ៌ពីលើ និងរ៉ាដារបស់ពួកគេ ត្រូវបានបិទ៕

នគរបាល​បង្ក្រាប​កុប​កម្ម​ បង្ខំ​ឲ្យ​​បាតុករ​ចាក​ចេញ​ ក្រោយតវ៉ាបញ្ហា​កង្វះ​សន្លឺក​ឆ្នោត​​

2026/06/05 05:32:01 pm        55
នគរបាល​ប្រឆាំងកុបកម្មរបស់​ប្រទេស​កូរ៉េខាងត្បូង បាន​បង្ខំ​ឲ្យ​ក្រុមបាតុករចេញពីបរិវេណ​ខាងក្រៅមណ្ឌល​បោះឆ្នោតមួយ ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពី​បាន​តវ៉ា​ដោយ​ការ​បិទទី​នោះ​រយៈពេល ៣៥ម៉ោង ជា​អ្វី​ដែលបង្កឡើងដោយការខ្វះខាតសន្លឹកឆ្នោត។យោងតាមសារព័ត៌មាន​ ​​Yonhap បានឲ្យដឹងថា បាតុករជាង ១.០០០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌល​បោះឆ្នោតមួយកន្លែង ក្នុងសង្កាត់ Jamsil 7-dong នៅ​ទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) ដោយអ្នកខ្លះកាន់បដាដែលសរសេរថា «បញ្ឈប់ការរាប់សន្លឹកឆ្នោត!» និង «ប្រកាសលទ្ធផល​នៃ​ការបោះឆ្នោតជា​មោឃភាព!» ខណៈពេលដែលពួកគេបានព្យាយាមរារាំងមិន​ឲ្យ​យក​ធុង​សន្លឹកឆ្នោតយ៉ាងហោចណាស់ចំនួន​ ២ ចេញពីទី​​នោះ​។ យោងតាមទូរទស្សន៍រដ្ឋ KBS បាន​ឲ្យ​ដឹង​ថា បុគ្គលិកបោះឆ្នោត ក៏ត្រូវបានបង្ខំឲ្យ​ស្នាក់នៅក្នុងមណ្ឌល​បោះឆ្នោត រហូតដល់ព្រឹកថ្ងៃទី៥ ខែមិថុនានេះ​ផង​ដែរ​។ ក្នុងវីដេអូផ្សាយផ្ទាល់នៅថ្ងៃទី​៥ ខែមិថុនានេះ​ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នគរបាល​អាចត្រូវបានគេមើលឃើញបង្ខំឲ្យ​អ្នក​តវ៉ាចេញ​ពី​ទីនោះ​ ខណៈ​ដែលពួក​គេកំពុង​​​បិទច្រកចូលទៅកាន់មណ្ឌល​បោះឆ្នោតនោះ​ ហើយ​​ស្រែក និង​​ព្យាយាមទប់ទល់នឹងការចាប់ខ្លួន​។បុរសម្នាក់អាចត្រូវ​បាន​គេ​ឮសំឡេង ដែល​និយាយថា៖ «តើនេះពិតជាប្រទេសគ្រប់គ្រងដោយនីតិរដ្ឋមែនទេ?» ខណៈដែលមន្ត្រីបានបញ្ជាឲ្យ​បាតុករបើកផ្លូវ​។ អាជ្ញាធរបានប្រាប់សារព័ត៌មាន​ AFP ថា ប្រអប់ទាំងនោះ ដែលមានសន្លឹកឆ្នោតប្រហែល ២.០០០សន្លឹក ឥឡូវនេះត្រូវបានធានាសុវត្ថិភាព និងដឹកជញ្ជូនទៅកាន់មណ្ឌលរាប់សន្លឹកឆ្នោត។គណៈកម្មការជាតិរៀបចំការបោះឆ្នោត (NEC) ត្រូវបានជំរុញ​ឲ្យ​ចេញការសូម​អភ័យ​ទោស បន្ទាប់ពីការិយាល័យបោះឆ្នោតចំនួន ១៤ នៅទីក្រុងសេអ៊ូល បានអស់សន្លឹកឆ្នោតនៅថ្ងៃទី៣ ខែមិថុនា ជា​កំហុសឆ្គង​មិនធ្លាប់មានពីមុន​ ដែលត្រូវបានស្តីបន្ទោសថា ជា​ការ​ធ្វេស​ប្រហែស​របស់ស្ថាប័ន ក្នុងការព្យាករចំនួនអ្នកបោះឆ្នោត។ ការិយាល័យមួយចំនួន នៅតែបើករហូតដល់ម៉ោង ១០​យប់ ដើម្បីអនុញ្ញាតឲ្យ​អ្នកបោះឆ្នោត អំឡុង​ការ​បោះឆ្នោតមូលដ្ឋាន​ដែល​គណបក្សកំពុងកាន់អំណាចរបស់លោក Lee Jae Myung បានឈ្នះក្នុង​សំឡេង​ដ៏លើសលប់​ តែ​បរាជ័យក្នុង​តំណែង​​អភិបាលក្រុងសេអ៊ូល៕

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ង់ ត្រូវតែវិលត្រឡប់ទៅរកការសន្ទនាវិញជាមិនខាន

2026/06/05 05:29:42 pm        45
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន RT Arabic ថា អ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួមនឹងត្រូវវិលត្រឡប់ទៅរកការសន្ទនាវិញនៅចំណុចណាមួយ ខណៈដែលប្រទេសអារ៉ាប់ផ្សេងទៀត បានបង្ហាញរួចហើយថា ពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាជាមួយទីក្រុងតេអេរ៉ង់។ លោកបានរំលឹកថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS កាលពីពាក់កណ្តាលខែឧសភា មាន «ជម្លោះដ៏ធ្ងន់ធ្ងរមួយ» រវាងអ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ទាំងប្រទេសជាប្រធាន ឥណ្ឌា និងប្រទេស BRICS ផ្សេងទៀតដែលចូលរួមក្នុងកិច្ចប្រជុំ បានព្យាយាមស្វែងរកមធ្យោបាយ ដើម្បីចាប់ផ្តើមការសន្ទនារវាងអេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ង់។ប្រមុខការទូតរុស្ស៊ីរូបនេះ បានកត់សម្គាល់ថា៖«ការសន្ទនាត្រូវតែកើតឡើង នៅពេលណាមួយ»។ «យើងឃើញការត្រៀមខ្លួនសម្រាប់ការសន្ទនាបែបនេះពីប្រទេសអារ៉ាប់មួយចំនួនទៀត រួមទាំងអារ៉ាប៊ីសាអ៊ូឌីតផងដែរ ហើយជាការពិតណាស់ អ្នកដែលបានបង្កើតភាពចម្រោងចម្រាសនេះ ដែលបានចាប់ផ្តើមគំនិតផ្តួចផ្តើម ពួកគេពិតជាមិនចង់ឲ្យមានការផ្សះផ្សាគ្នារវាងអារ៉ាប់ជាមួយអ៊ីរ៉ង់ទេ សូម្បីតែការផ្សះផ្សាគ្នាក៏ដោយ ពោលគឺពួកគេមិនចង់ឲ្យមានប្រក្រតីភាពទំនាក់ទំនងឡើងវិញទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump៖ មូលនិធិអ៊ីរ៉ង់ដែលត្រូវ​បានបញ្ចេញ នឹង​ប្រើប្រាស់ទិញទំនិញរបស់សហរដ្ឋ​អាមេរិក
06/23/2026 07:06 PM
គណបក្សកាន់អំណាចរបស់ជប៉ុន អនុម័តសេចក្តីព្រាងច្បាប់ ដើម្បីបង្កើតរដ្ឋ​ធានី​ទី២
06/23/2026 07:06 PM
មេដឹកនាំកូរ៉េខាងជើង លោក​ គីម រិះគន់ជប៉ុនថា កំពុងប្រែក្លាយទៅជា «រដ្ឋសង្គ្រាម»
06/23/2026 06:06 PM
អ៊ុយក្រែន៖ ការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្ស ៣នាក់ នៅស្រុកកំណើតរបស់លោក Zelenskyy
06/23/2026 06:06 PM
រុស្ស៊ី បញ្ជាក់ថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់គ្រប់​វិធានការការពារប្រទេសបេឡារុស
06/23/2026 06:06 PM
ប៉ាគីស្ថាន៖ អាមេរិក និងអ៊ីរ៉ង់នឹងពិភាក្សាកម្មវិធីមីស៊ីលបាលីស្ទិក​ និងបញ្ហានុយក្លេអ៊ែរ រយៈពេល ៦០​ថ្ងៃខាងមុខ
06/23/2026 06:06 PM
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
06/23/2026 06:06 PM
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
06/23/2026 05:06 PM
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា
06/23/2026 05:06 PM
រុស្ស៊ីស្វាគមន៍បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ ប៉ុន្តែបញ្ជាក់​ថា សន្តិភាពយូរអង្វែងនឹងត្រូវការពេលវេលា
06/23/2026 05:06 PM