សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ

ព័ត៌មានជាតិ

អគ្គនាយករងអង្គការយូណេស្កូបញ្ជាក់ជំហរគាំទ្រ និងតាមដានដោយយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហាររងការខូចខាតដោយថៃឈ្លានពាន

2026/07/21 11:33:08 pm        194
ភ្នំពេញ៖ឯកឧត្តម Nayef Al-Fayez អគ្គនាយករងអង្គការយូណេស្កូ បញ្ជាក់ជំហរគាំទ្រ និងតាមដានដោយយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារដែលរងការខូចខាតដោយសារ​ថៃឈ្លានពាន ហើយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃតាមរយៈវប្បធម៌។ឯកឧត្តម Nayef Al-Fayez អគ្គនាយករង អង្គការយូណេស្កូ បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២នេះ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានជ្រើសរើសនិងផ្តល់សេចក្តីទុកចិត្តឱ្យបំពេញការងារយ៉ាងសំខាន់ជា អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ និងថ្លែងអំណរគុណដល់ ឯកឧត្តម ដែលបានបញ្ជូនរបាយការណ៍នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា។ លោកជំទាវ រដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។ លោកជំទាវ រដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តម អគ្គនាយករង អំពីបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ។ឯកឧត្តម អគ្គនាយករង បានសន្យានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ហើយក៏បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់ ឯកឧត្តម ផ្ទាល់ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌៕

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

2026/07/21 11:29:13 pm        130
នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានរួមគ្នារៀបចំ «វេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន កម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម» សំដៅជំរុញទំហំពាណិជ្ជកម្មកសិកម្ម បំពេញតម្រូវការទីផ្សារ និងធានានិរន្តរភាពសន្តិសុខស្បៀងជូនប្រជាជាតិនៃប្រទេសទាំង២។ ក្នុងវេទិកានេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៣៣ ក្រុមហ៊ុន ដេីម្បីចូលរួមពិភាក្សា ពីលទ្ធភាពនាំអង្ករបន្ថែមពីកម្ពុជាទៅកាន់ហ្វីលីពីនព្រមទាំងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតរបស់កម្ពុជារួមមាន៖ គ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន ព្រមទាំងការសហការគ្នាលើការផ្គត់ផ្គង់ជីកសិកម្មដើម្បីធានានិរន្តរភាពធាតុចូលកសិកម្មនៃប្រទេសទាំងពីរផងដែរ។នេះជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតរវាងកម្ពុជា និងហ្វីលីពីន លើការបើកទីផ្សារអង្ករកម្ពុជា និងកសិផលសក្តានុពល ដែលនឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាកសិករកម្ពុជា៕

កម្ពុជាកំពុងជំរុញអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យឧស្សហកម្ម ដើម្បីឱ្យវិស័យនេះមាននិរន្តរភាព

2026/07/21 10:55:42 pm        389
កម្ពុជាបាននិងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឧស្សហកម្ម ដោយមានគោលដៅពន្លឿនកិច្ចដំណើរការនៃការអភិវឌ្ឍ ឧស្សាហកម្មនៅកម្ពុជាឱ្យប្រកបដោយនិរន្តរភាព បង្កើនដល់បរិមាណនៃការផលិត និងការឆ្លើយតបទៅនិងតម្រូវការទីផ្សារនាំចេញ។ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មកម្ពុជាថា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មមានការរីកចម្រើនគួរកត់សម្គាល់ ក្នុងនោះការប្រើប្រាស់បច្ចេក វិទ្យានេះត្រូវបានកំពុងជំរុញថែមទៀត ព្រោះការយកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងឧស្សាហកម្ម បានជួយកាត់បន្ថយថ្លៃដើម បង្កើន ល្បឿនផលិត កាត់បន្ថយការខូចខាត និងត្រួតពិនិត្យគុណភាពឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបាន ការវិនិយោគលើអេឡិចត្រូនិច, ឧស្សាហកម្មផ្គុំ និងដំឡើងយានយន្ត, រោងចក្រផលិតសំបក់កង់ឡាន, និងរំពឹងថា ទៅពេលអនាគត ឧស្សាហកម្មធុនធំនឹងហូរមកកម្ពុជាកាន់តែច្រើន។ ឯកឧត្តម បន្តឱ្យដឹងថា ពាក់ព័ន្ធវិស័យឧស្សាហកម្មនេះ ពីមុនឧស្សាហកម្មកម្ពុជាភាគច្រើនគឺប្រើដោយកម្លាំងមនុស្ស បច្ចុប្បន្ន ឧស្សាហកម្មកម្ពុជាកំពុងប្រើប្រាស់ប្រាស់ប្រព័ន្ធឌីជីថលរួចហើយ តែកម្ពុជានៅត្រូវការបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនដល់ខ្សែ ច្រវាក់ផលិតកម្ម។ ព្រោះថាការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់នេះ គឺមានគោលបំណងអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជាឱ្យមាន និរន្តរភាព ខណៈដែលពិភពលោកបាននិងកំពុងអភិវឌ្ឍន៍ឧស្សាហកម្ម​ឱ្យទៅជាអេកូ-ឧស្សាហកម្ម (ជាគោលគំនិតមួយដែលសិក្សា និងយកតម្រាប់តាមប្រព័ន្ធធម្មជាតិ ដោយបំប្លែងដំណើរការឧស្សាហកម្មប្រពៃណី ឱ្យទៅជាប្រព័ន្ធរង្វិលជុំ)។ជុំវិញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោង ចក្រ ទុនវិនិយោគតម្លៃផលិតកម្ម និងចំនួនការងារ ជាក់ស្តែងគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុង ដំណើរការ ដែលចុះបញ្ជីនៅក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣១៩ រោងចក្រ, កម្លាំងពលកម្មមានចំនួនជាង ១,៣ លាននាក់ ក្នុងនោះស្រីមានជាង ៩៤ ម៉ឺននាក់ ។ ចំណែកទុនវិនិយោគសរុបមានប្រមាណជិត ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៥ ប៊ីលានដុល្លារអាមេរិក ស្មើជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,២ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប៕ អត្ថបទ៖ សុន រ៉ាឌី 

ប្រមុខការទូតកម្ពុជា អំពាវនាវឲ្យសហការីអាស៊ានធ្វើយ៉ាងណាគាំទ្រឲ្យជនភៀសសឹកកម្ពុជាបានវិលត្រឡប់ទៅផ្ទះសម្បែងពួកគាត់វិញដោយគ្មានការរារាំងពីពួកទាហានថៃ

2026/07/21 10:50:21 pm        317
នៅក្នុងកិច្ចជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដែលបានធ្វើ ឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២៦នេះ ប្រមុខការទូតកម្ពុជាបានអំពាវនាវ ឲ្យសហការីអាស៊ានទាំងអស់គាំទ្រការអំពាវនាវឲ្យជនភៀសសឹកកម្ពុជា បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញដោយសុវត្ថិភាព និងគ្មានការរារាំងពីសំណាក់យោធាថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបជាមួយបណ្តារដ្ឋមន្រ្តីការ បរទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈ កម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រ សួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងអំពីផលវិបាកនៃស្ថានភាពសិទ្ធិមនុស្ស របស់ជនស៊ីវិលកម្ពុជា ដែលបានកំពុងប្រឈម ដោយសារការឈ្លានពានរបស់យោធាថៃ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់អីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិល កម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន។ នៅចំពោះមុខរដ្ឋមន្រ្តីបណ្តាប្រទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា មានជនស៊ីវិលកម្ពុជាច្រើនជាងពីរម៉ឺននាក់បន្តរស់នៅក្នុង ជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរានិងជនងាយរង គ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយនោះ។ ក្នុងន័យនេះប្រមុខការទូតកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការអំពាវនាវឲ្យពួកគាត់ វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរជាដើមផងដែរ៕

សហគមន៍កសិកម្មទំនើបនឹងកើនឡើងដល់៦០ នៅចុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានចំនួន៣៨

2026/07/21 10:31:14 pm        353
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ក្តីរំពឹងទុកថា នៅចុងឆ្នាំ២០២៦នេះ ចំនួនសហគមន៍កសិកម្មទំនើប អាចនឹងរត់ទៅដល់ចំនួនប្រហែល៦០ ដោយសារអនាគតនឹងមានគម្រោងថ្មីមួយទៀត ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ និងខណៈបច្ចុប្បន្នសហគមន៍កសិកម្មទំនើបមានចំនួន៣៨រួចហើយ។ នៅក្នុងកិច្ចសម្ភាសន៍កម្មវិធី “ពីកម្ពុជា” ជាមួយ ប៊ីធីវី កាលពីកន្លងទៅថ្មីៗនេះ ឯកត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា គិតក្នុងរយៈពេលជាង២ឆ្នាំ នៃការបង្កើតគម្រោងសហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម កំពុងបន្តពន្លឿនការរៀបចំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកសិករ និងកែប្រែទម្រង់កសិកម្មពីបែបប្រពៃណី ទៅជាសហគ្រាសកសិកម្មដ៏រឹងមាំ។ ហើយគិតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបមានចំនួន៣៨ ក្នុងខេត្តចំនួន១៤ ដោយគ្របដណ្តប់លើដំណាំ និងកសិផលសំខាន់ៗចំនួន ៦ ប្រភេទ រួមមាន៖ ស្រូវ ស្វាយចន្ទី បន្លែ ម្រេច មាន់ស្រែ និងមៀនប៉ៃលិន។ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ជាថ្មីទៀតថា ការបង្កើតសហគមន៍កសិកម្មទំនើបនេះឡើង ក្នុងគោលដៅសំខាន់ៗ គឺដើម្បីជួយដល់ប្រជាកសិករតូចៗដែលមិនមានលទ្ធភាពធ្វើកសិកម្មប្រកបដោយប្រសិទ្ធិភាពសេដ្ឋកិច្ច អាចថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ខ្វះការគាំទ្រ ថ្លៃផលិតខ្ពស់ជាដើម ជាពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធក្នុងវិស័យកសិកម្ម និងជំរុញសេដ្ឋកិច្ចជាតិ។ ដើម្បីបង្កើនការគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធជាច្រើនជាមួយវិស័យឯកជននានា ដើម្បីធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទិញកសិផលពីសហគមន៍កសិកម្មទំនើបនៅកម្ពុជាផងដែរ។ លើសពីនេះ ក្រសួងក៏បានកៀរគរធនធានពីប្រភពផ្សេងៗជួយដល់សហគមន៍កសិកម្មទំនើប ដោយបានសម្រប សម្រួលស្វែងរកដៃគូពាក់ព័ន្ធ និងគម្រោងជាច្រើនផងដែរ។ សូមជំរាបជូនទៀតថា ក្រៅពីសហគមន៍កសិកម្មទំនើបនេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលជាយន្តការថ្មីមួយទៀត ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ។ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី  

តម្រូវការត្រីកែច្នៃក្នុងស្រុកកើនឡើង ជំរុញការផលិតឈានទៅរកស្តង់ដារ និងគុណភាពខ្ពស់

2026/07/21 10:26:59 pm        179
ភ្នំពេញ៖ តម្រូវការផលិតផលត្រីកែច្នៃនៅលើទីផ្សារកម្ពុជាកំពុងបន្តកើនឡើង ដោយសារអ្នកប្រើប្រាស់មានការគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន និងផ្តល់ទំនុកចិត្តលើគុណភាព។ កត្តានេះបានជំរុញឱ្យសិប្បកម្មផលិតត្រីកែច្នៃជាច្រើន បន្តអភិវឌ្ឍខ្លួនពីការផលិតបែបប្រពៃណី និងមិនផ្លូវការ ទៅជាការផលិតតាមស្តង់ដារ ដែលផ្តោតលើគុណភាព សុវត្ថិភាពម្ហូបអាហារ និងការពង្រីកឱកាសប្រកួតប្រជែងនៅលើទីផ្សារ។កញ្ញា ផល ចរិយា នាយកប្រតិបត្តិ (CEO) សិប្បកម្មស្នាដៃម៉ែ (Sna Dai Me) ដែលជាសិប្បកម្មកែច្នៃប្រភេទអាហារក្រៀម ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨​។ សិប្បកម្មបានប្រើប្រាស់​វត្ថុធាតុដើមទាំងស្រុង ដែលបានទិញត្រីធម្មជាតិ​ពីអ្នកនេសាទមកពីខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប និងមួយចំនួនទៀតផ្គត់ផ្គង់ពីអ្នកចិញ្ចឹមត្រីក្នុងស្រុក ដើម្បីយកមកកែច្នៃចែកទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។​ សិប្បកម្មនេះ មានសមត្ថភាពផលិតបានចំនួន ៥០០គីឡូក្រាម​ ក្នុងមួយថ្ងៃ។កញ្ញា បន្តថា ក្នុងអំឡុងពេលបិទព្រំដែនគោកកម្ពុជា-ថៃ គឺផលិតរបស់សិប្បកម្មស្នាដៃម៉ែសន្ទុះកើនឡើងខ្លាំងដែលនាំឱ្យប្រាក់ចំណូលកើនឡើងចន្លោះពី ៨ ទៅ ១៥% ក្នុងមួយខែៗ។​ ផលិតផលរបស់​សិប្បកម្មស្នាដៃម៉ែ មានលក់នៅតាម​ផ្សារទំនើបធំៗ ​ដូចជា ផ្សារទំនើបអ៊ីអន, ផ្សារទំនើប ឡាក់ គី, និ​ងផ្សារទំនើប ជីប ម៉ុង​ ជាដើម។ ក្រៅពីផ្គត់ផ្គង់ក្នុងស្រុក ផលិតផលរបស់សិប្បកម្មនេះ ក៏បាននាំចេញមួយចំនួន​ទៅកាន់សាធារណៈរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក​ ផងដែរ។ កញ្ញា បញ្ជាក់ទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល សិប្បកម្មនេះ ទទួលបានវិញ្ញាបនបត្រស្តង់ដារអនាម័យ CQS ដែល​ជានិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្តល់វគ្គបណ្តុះបណ្តុះ បច្ចេកទេស និងជួយសម្រួលដល់​បំពេញបែបបទឯកសារ ដើម្បីចុះបញ្ជីនានា​ ជាពិសេស ការផ្តល់ភាពអនុគ្រោះផ្នែកពន្ធដល់សហគ្រាសធុនតូច និងមធ្យម​ ថែមទៀតផង។របាយការណ៍របស់ក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កម្ពុជាអាច ផលិត ផលជលផល សម្រេចបានចំនួន ៩៦៥ ៧៥៨តោន កើនឡើងចំនួន ៣៨ ៨២៤តោន ស្មើនឹង​ ៤,១៩% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះផលនេសាទទឹកសាបទទួលបានចំនួន ៥១៤ ៨៣០តោន, ផលនេសាទសមុទ្រទទួលបានចំនួន ១៤០ ១៦៣តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣១០ ៧៦៥តោន។ ជាមួយគ្នានេះ ផលិតផល ជលផល មានតម្លៃសរុបចំនួន ២ ១២៣ លានដុលារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងការនាំចេញ ផលិតផលជលផលបាន​ចំនួន ១ ៥៦៦ តោន គិតជាប្រាក់ស្មើនឹង ៣,១៥លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ធូ វិរៈ 

ធនាគារជាតិនៃកម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីបង្កើនការយល់​ដឹងដល់អ្នកពាក់ព័ន្ធ

2026/07/21 10:19:35 pm        119
ធនាគារជាតិនៃកម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីបង្កើនការយល់ដឹងដល់អ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ទទួលបានទស្សនៈ និងការវិភាគអំពីការវិវត្តសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយផ្ទាល់ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុឈានមុខ លើ ទីផ្សារហិរញ្ញវត្ថុសកល។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦, បានចូលរួមជាគណៈ ធិបតី បើកវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដែលបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ក្រោមប្រធានបទ "ដំណើរឆ្លងកាត់ភាព ចលាចលនៃទីផ្សារ៖ ការវាយតម្លៃហានិភ័យឡើងវិញ និងកាលានុវត្តភាពវិនិយោគ" វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មកពីវិស័យសាធារណៈ និងឯកជនឈានមុខ រួមទាំងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុផងដែរ។គោលបំណងនៃវេទិកានេះ គឺបង្កើតឡើងសម្រាប់អ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា អាចទទួលបានទស្សនៈ និងការ វិភាគអំពីការវិវត្តសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិដោយផ្ទាល់ ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុឈានមុខលើទីផ្សារហិរញ្ញវត្ថុសកល ខណៈដែលស្ថានភាព និងការវិវត្តនៅលើសកលលោក មានឥទ្ធិពលលើស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ។ ការតាមដាន និងយល់ ដឹងអំពីការវិវត្តទាំងនេះ នឹងជួយឱ្យអ្នកចូលរួមទទួលបានការវិភាគស៊ីជម្រៅ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័ន ឱ្យកាន់ តែមានប្រសិទ្ធភាព។សូមបញ្ជាក់ថា វេទិកានេះបានរៀបចំឡើងជាលើកទី២ និងមានការធ្វើបទឧទេ្ទសនាម និងកិច្ចពិភាក្សាដោយវាគ្មិនរបស់ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឈានមុខរួមមាន៖ BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments៕ អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជា-អាមេរិក នឹងបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងលំហូរទុនវិនិយោគពីអាមេរិកមកកម្ពុជា

2026/07/21 10:04:21 pm        640
កម្ពុជា-អាមេរិកពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី, ការលើកកម្ពស់លំហូរទុនវិនិយោគពីអាមេរិក មកកម្ពុជា, បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ លោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ម្សិលមិញនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេស កម្ពុជានិងសហរដ្ឋអាម៉េរិក ពិសេសលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដែលកម្ពុជាគឺជាប្រទេសទី១ ក្នុងតំបន់ ដែលបានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ក្នុងគោលដៅលើកកម្ពស់ភាពប្រាកដប្រជានៃបរិយាកាស ធុរកិច្ច និងការបើកចំហទីផ្សារសេរីរវាងប្រជាជាតិទាំងពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការចុះកិច្ចសន្យាហោះហើរតាមផ្លូវអាកាសជាប្រវត្តិសាស្ត្រ ដែលភាគីទាំងពីរ ទើបតែបានសម្រេចការចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលជាកិច្ចព្រមព្រៀង បើកចំហជើងហោះហើរទ្វេភាគីលើកដំបូងបំផុត សំដៅធ្វើទំនើបកម្មវិស័យអាកាសចរណ៍ស៊ីវិល បង្កើតបណ្តាញតភ្ជាប់ជើងហោះហើរ ត្រង់ និងលើកកម្ពស់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។លោកស្រីភារធារី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញនូវក្តីរំភើបរីករាយ ដែលបានវិលត្រឡប់មក បំពេញបេសកកម្មការទូតនៅកម្ពុជាជាថ្មីម្តងទៀត ដោយលោកស្រីបានរំឮកអំពីប្រវត្តិនៃការបំពេញការងារ ជាប្រធានផ្នែកនយោបាយ សេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាម៉េរិកនាពេលកន្លងទៅ។ ផ្អែកលើមូលដ្ឋាននេះ លោកស្រីបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន លើ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើន និងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេល ដែលលោកស្រីបានបំពេញការងារកាលពីអាណត្តិមុន។ លោកស្រីភារធារី បានសម្តែងនូវការស្ញើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋ កិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជា ស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។សូមបបញ្ជាក់ថា ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈមួយចំនួនរួមមាន៖ (១) ការជំរុញទំហំពាណិជ្ជកម្មទ្វេ ភាគី, (២) ការលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា, (៣) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹក ចម្រុះហ្វូណនតេជោ, (៤) ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា, និង (៥) គោលជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយ នឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។ ជាមួយគ្នានេះ លោកស្រីភារធារី បានបញ្ជាក់ ជាថ្មី ពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែល មានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី 

ឆមាសទីមួយឆ្នាំនេះ គយប្រមូលចំណូលជូនជាតិបានចំនួនជាង ៦ពាន់ប៊ីលានរៀល មានការកើនឡើង ៤,៥ភាគរយ

2026/07/21 09:30:17 pm        339
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតក្នុងឆមាសទី១ ឆ្នាំ២០២៦ បានសម្រេចចំណូលចំនួនជាង ៦ពាន់ប៊ីលានរៀល (៦ ២៧៨,២ ប៊ីលានរៀល) កើនឡើងប្រមាណ ៤,៥% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៥ ដែលលើសផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានរាយការណ៍ឱ្យដឹងថា សមាសភាគចំណូលពីទំនិញចម្រុះមានប្រមាណ៣៩%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៥%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ១៨,៥%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៥% នៃចំណូលសរុប។ ឯកឧត្តម បានគូសរំលេច​នូវ​ការ​ប្រែប្រួលរចនាសម្ព័ន្ធចំណូលប្រមូលដោយគយ ជាពិសេស គឺការថយចុះចំណូលពីប្រេងឥន្ធនៈនិងឧស្ម័ន បណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ដែលបានអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២៦កន្លងមក និងការកើនឡើងនៃចំណូលពីក្រុមទំនិញចម្រុះ ដែលជាលទ្ធផល​នៃការ​អនុវត្តវិធានការមុតស្រួចស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្រៅពីការងារប្រមូលចំណូល ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា ក៏សម្រេច​បាននូវលទ្ធផលល្អប្រសើរលើការងារផ្សេងទៀត ជាពិសេសពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្ម មាន​ដូចជា ការបន្តពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការធ្វើសាមញ្ញកម្មនីតិវិធីគយដើម្បីសម្រួលដល់​វិស័យបញ្ញើឆាប់រហ័ស និង SMEs, ការបង្កើនចំនួនប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត, ការបង្កើនកិច្ចសហការជាមួយរដ្ឋបាលគយនៃបណ្តាប្រទេសជាដៃគូ និងកិច្ចសហការជាមួយវិស័យឯកជន ព្រមទាំងការកាត់បន្ថយចំណាយក្នុងការបំពេញបែបបទគយ ជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៃក្រុមការងារបច្ចេកទេសអាស៊ាន ផងដែរ។ ក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានសម្រេចបាន ជាពិសេសក្នុងកាលៈទេសៈ នៃបញ្ហាប្រឈមធំៗមួយចំនួនដែលប៉ះពាល់ដល់ការប្រមូលចំណូលគយ។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងការងារគយ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាប​អំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អប្រសើរទាំងលើការងារប្រមូល​ចំណូល ក៏ដូចជាការងារគាំទ្រផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់​តែ​ប្រសើរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចធិបតី៖ ក្នុងគ្រាលំបាកនេះ ក្នុងមួយខែ រដ្ឋបានចំណាយ៥០-៦០លានដុល្លារដើម្បីសម្រាលបន្ទុកពលរដ្ឋ

2026/07/21 08:48:49 pm        496
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហា បង្កផលប៉ះពាល់ដល់កម្ពុជាដែរនោះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងមួយខែៗប្រមាណ៥០-៦០លានដុល្លារ ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ សៅស៍អ៊ឺសថ៍ អេយសៀ នាព្រឹកថ្ងៃទី២១ ខែកក្កដា នេះ នៅសៀមរាប បានបញ្ជាក់ថា ក្នុងដំណាក់កាលដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចពិភពលោកនេះ រាជរដ្ឋាភិបាលបានបញ្ចេញលុយជាច្រើនសម្រាប់ទប់អតិផរណា តាមរយៈការបន្ថយពន្ធប្រេង បន្ថយពន្ធលើសម្ភារៈ អគ្គិសនី ដែលប្រើថាមពលអគ្គិសនី ជាដើម។សម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់អះអាងថា ទោះជាប្រឈមនឹងបញ្ហាពិភពលោកដ៏ស្មុគស្មាញនាពេលនេះក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែដើរទៅមុខដោយស្វាហាប់ និងភាពធន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM