ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង

ព័ត៌មានជាតិ

ប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកស្ទោង អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ

2026/07/19 07:29:09 pm        208
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកស្ទោង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ក្នុងឱកាសនោះ ឯកឧត្តម អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ ព័ត៌មានក្លែងក្លាយ និងរួមគ្នារក្សាសុខសន្តិភាព ដើម្បីវិបុលភាពគ្រួសារ និងសង្គម។ឯកឧត្តមបន្តថា អំពើឆបោកតាមអនឡាញ (Online Scam) នាពេលបច្ចុប្បន្ននេះ ក្រុមជនខិលខូចបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កើតល្បិចបោកប្រាស់ជាច្រើនទម្រង់ ដូចជាការផ្ញើសារឈ្នះរង្វាន់ ការបោកប្រាស់ឱ្យវិនិយោគខុសច្បាប់ ឬការលួចទិន្នន័យគណនីធនាគារ។ល។ សូមកុំជឿលើការសន្យាណាដែលទទួលបានផលចំណេញហួសពីការពិត ហើយកុំចុចលើតំណភ្ជាប់ (Link) ប្លែកៗ ដែលមិនមានប្រភពច្បាស់លាស់ឱ្យសោះ ដើម្បីចៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន។ ជាមួយគ្នានេះត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ (Fake News) បងប្អូនប្រជាពលរដ្ឋត្រូវចេះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ពីប្រភពផ្លូវការ ឬស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈ មុននឹងជឿ ឬចែករំលែក (Share) បន្តដើម្បីការពារកុំឱ្យមានការយល់ច្រឡំ និងការបង្កភាពវឹកវរក្នុងសហគមន៍។លើសពីនេះ ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យបានរឹងមាំ ឯកឧត្តម ថោ ជេដ្ឋា បានដាស់តឿនឱ្យប្រជាពលរដ្ឋមានការគ្រប់គ្រង និងរៀបចំហិរញ្ញវត្ថុគ្រួសារឱ្យបានល្អប្រសើរ បងប្អូនត្រូវចេះសន្សំសំចៃ និងធ្វើការចំណាយទៅលើតែអ្វីដែលជាតម្រូវការចាំបាច់បំផុតនៅក្នុងជីវភាពប្រចាំថ្ងៃ ចៀសវាងការចំណាយខ្ជះខ្ជាយលើសម្ភារនិយម ឬការបង្កើតបំណុលដែលមិនចាំបាច់ ដែលអាចនាំឱ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចគ្រួសារថែមទៀត។ជាចុងក្រោយ ឯកឧត្តមបានរំលឹកថា រាល់ការអភិវឌ្ឍ និងការរស់នៅដោយមានភាពសុខដុមរមនា និងវិបុលភាពទៅបាន គឺអាស្រ័យដោយសារប្រទេសជាតិមាន «សុខសន្តិភាព» ពេញលេញ។ ដូចនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាកសាងអំពើល្អក្នុងមូលដ្ឋាន ស្រឡាញ់ និងការពារសន្តិភាព ទើបយើងមានឱកាសពេញលេញក្នុងការប្រកបរបរចិញ្ចឹមជីវិត និងអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ ។

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត

2026/07/19 07:10:27 pm        333
ច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តចំនួន២០ម៉ែត្រកំពុងទទួលបានការជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ ស្របទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា។លោកស្រី នង បូរ៉ាវី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាដំណាក់កាលទី៩ហើយ នៃគម្រោងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត ខណៈដែលគម្រោងនេះបានចាប់ផ្តើម ពីឆ្នាំ២០១៣មក។ ជាប្រចាំឆ្នាំ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកគម្រោងជួសជុលជាដំណាក់កាលៗ ដែលក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។ មកដល់ឆ្នាំ២០២៦នេះ គម្រោងជួសជុលសរុបមានចំនួន ១៨៣ម៉ែត្រហើយ។សម្រាប់គម្រោងជួសជុលដំណាក់កាលទី៩នេះ បានចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៦ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ លោកស្រី នង បូរ៉ាវី បានពន្យល់ថា ស្ថានភាពការខូចខាតនៅច្រាំងកសិន្ធុនេះបណ្តាលមកពីអាយុកាល ប្រទេសមានសង្រ្គាមនាំឱ្យខ្វះការថែទាំបណ្តាលឱ្យគ្រឹះខាងក្រោមខូចខាត ធ្វើឱ្យថ្មនៅប៉ែកខាងលើរលុះស្រុតបាត់បង់រចនាសម្ព័ន្ធដើម។ កត្តារុក្ខជាតិ និងដើមឈើធំៗដុះតាមបណ្តោយច្រាំងពីដើម ក៏ជាកត្តាបង្កហានិភ័យរុញ និងញែកថ្មឱ្យខូចទម្រង់ដើមផងដែរ។ចំពោះការងារជួសជុលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើថ្ម ជួសជុលថ្ម ធ្វើទំនប់ បុកបង្ហាប់ដី និងរៀបចំថ្មទៅតាមទម្រង់ដើមវិញ។ ច្រាំងកសិន្ធុនេះមានកាំថ្មបាយក្រៀមខាងក្រោម៧កាំ និងថ្មភក់ចំនួន ៣កាំ។ លោកស្រី នង បូរ៉ាវី មានសុទិដ្ឋិនិយមថា ក្រោយពេលជួសជុលរួចរាល់នឹងជួយលើកតម្លៃច្រាំងកសិន្ធុអង្គរវត្តឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរចូលទៅអង្គុយទស្សនា ផ្តិតរូបភាពកាន់តែច្រើនបន្ថែមទៀត៕ 

បន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុកទទួលបានការគាំទ្រខ្លាំងក្នុងពិព័រណ៍ផ្លែឈើខេត្តបាត់ដំបង

2026/07/19 06:59:18 pm        98
អាជីវករ និងកសិករដែលបាននាំយកបន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុកមកតាំងបង្ហាញ និងលក់ដូរក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ២០២៦ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលផលិតផលក្នុងស្រុកគ្រប់ប្រភេទទទួលបានការគាំទ្រខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។អាជីវករ និងកសិករ ថ្លែងអំណរគុណដល់ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងដែលបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនេះឡើងដើម្បីផ្ដល់ឱកាសឱ្យពួកគាត់បាននាំយកផលិតផលមកតាំងបង្ហាញ និងលក់ជូនភ្ញៀវទេសចរ។អាជីវករ និងកសិករ មើលឃើញថា ព្រឹត្តិការណ៍នេះបាននិងកំពុងដំណើរការប្រកបដោយភាពអធិកអធម មានអ្នកចូលរួមយ៉ាងច្រើនកុះករក្រោមបរិយាកាសសប្បាយរីករាយ ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព។អាជីវករ និងកសិករ ចង់ឱ្យមានការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក។សូមជម្រាបថា ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបង បង្កើនទីផ្សារសម្រាប់កសិករ និងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងវប្បធម៌ក្នុងខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្ត។ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្ហាញសក្តានុពលវិស័យកសិកម្ម និងវិស័យទេសចរណ៍របស់ខេត្តបាត់ដំបង តាមរយៈការតាំងបង្ហាញ និងលក់ផលិតផលផ្លែឈើព្រមទាំងផលិតផលកសិកម្ម និងសិប្បកម្មក្នុងស្រុកជាច្រើនប្រភេទសំដៅរួមចំណែកលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក បង្កើនឱកាសទីផ្សារសម្រាប់ប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងវិស័យទេសចរណ៍របស់ខេត្តឱ្យកាន់តែមានភាពរីកចម្រើន៕

រដ្ឋមន្ត្រីការងារ៖ ការរៀនជំនាញ TVET បានឆ្លើយតបតម្រូវការទីផ្សារការងារពេលបច្ចុប្បន្ន និងទៅអនាគត

2026/07/19 06:50:46 pm        175
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាល TVET មានគុណតម្លៃស្មើនឹងការសិក្សាជំនាញផ្សេងៗ ហើយជួយឆ្លើយតបតម្រូវការទីផ្សារការងារ កសាងអនាគតរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តឱ្យយុវជនជ្រើសរើសការសិក្សាជំនាញ TVET ដើម្បីមានជំនាញច្បាស់លាស់ និងបង្កើនឱកាសការងារ។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្សនិស្សិតជ័យលាភីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ដែលមានអ្នកចូលរួមជាង ១ ៨០០នាក់ នាសាលសន្និសីទបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការចាប់យកការសិក្សាជំនាញ TVET គឺជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានមានអត្រាទទួលបានការងារធ្វើប្រមាណ ៩០ភាគរយ ដែលបង្ហាញពីគុណភាពនៃការបណ្តុះបណ្តាល និងការឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ឯកឧត្តមក៏បានជំរុញឱ្យសិស្ស-និស្សិតបន្តរៀនសូត្រពេញមួយជីវិត ពង្រឹងជំនាញទន់ បង្កើនជំនាញ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមទាំងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឱកាសរីកចម្រើនក្នុងអាជីពការងារ។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកយកប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកបញ្ជាក់ថា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬមានតម្លៃទាបជាងការអប់រំទូទៅនោះទេ ប៉ុន្តែជាជំនាញដែលមានគុណតម្លៃស្មើនឹងមុខជំនាញផ្សេងៗ និងមានតួនាទីសំខាន់ក្នុងការកសាងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រទេស។ឯកឧត្តម ហេង សួរ បានណែនាំដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ បន្តពង្រឹងគុណភាពបណ្តុះបណ្តាល ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារការងារ ដើម្បីសម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និង «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ខណៈខេត្តកំពតកំពុងមានសក្តានុពលទាក់ទាញការវិនិយោគ និងត្រូវការកម្លាំងពលកម្មជំនាញកាន់តែច្រើន។សូមបញ្ជាក់ថា ពិធីប្រគល់សញ្ញាបត្រនេះបានប្រគល់ជូនសិស្ស-និស្សិតជ័យលាភីចំនួន ៥១៤អង្គ/នាក់ (ស្រី ៣០០នាក់) ក្នុងចំណោមសិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យសរុប ២ ២០៨នាក់ ដែលរួមមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១, ២, ៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស៕

ស.ស.យ.ក បន្តចុះអប់រំសិស្សតាមសាលាដោយផ្សារភ្ជាប់ជាមួយទ្រឹស្ដី ឱវាទព្រះពុទ្ធសាសនា

2026/07/19 06:34:13 pm        148
ក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តចុះទៅតាមសាលារៀន ទាំងសាកលវិទ្យាល័យ ក៏ដូចជាវិទ្យាល័យ ដើម្បីផ្ដល់ជាការអប់រំដល់សិស្សនិស្សិត ឱ្យទៅជាពលរដ្ឋល្អ ពលរដ្ឋជាធនធានមានចំណេះដឹង ដោយផ្សារភ្ជាប់ជាមួយទ្រឹស្ដី ឱវាទព្រះពុទ្ធសាសនា។ក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ បានបន្តចុះទៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីជួបជាមួយសិស្ស។ ជួបនេះ គឺដើម្បី ផ្ដល់ជាការអប់រំដល់សិស្សដោយផ្សារភ្ជាប់ជាមួយទ្រឹស្ដី និងឱវាទព្រះពុទ្ធសាសនា ទៅនឹងការរស់នៅប្រចាំថ្ងៃ រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរស់នៅជាពលរដ្ឋល្អ ពលរដ្ឋមានចំណេះដឹង ជាធនធានសម្រាប់សង្គមជាតិ។ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋាន ជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា នេះជាកម្មវិធីដែលរៀបចំឡើងដើម្បីផ្សព្វផ្សាយដល់សិស្សនិស្សិតឱ្យបានយល់ដឹងបន្ថែមពីវិធីសាស្ត្រក្នុងការ បំប្លែងទ្រឹះស្ដីក្នុងព្រះពុទ្ធសាសនា សម្រាប់ជាយាន្ត និងឱកាសក្នុងការកសាងដំណើរជីវិតប្រកបដោយនវានុវត្តន៍ វឌ្ឍនភាព និងគុណភាពស្របតាមដំណើររីកចំរើននៃសង្គមនិងបច្ចេកវិទ្យា។ឯកឧត្តមលើកឡើងដែរថា ការរួមគ្នាបង្កើតឱ្យមានកម្មវិធីនេះឡើង ជាការបង្ហាញឱ្យឃើញពីការទទួលខុសត្រូវ ក្នុងនាមជាម្ចាស់នៃប្រទេស និងធានាដល់ការចូលរួមកសាងធនធានមនុស្ស លើកកម្ពស់វិស័យវប្បធម៌ សាសនា និងសីលធម៌សង្គមតាមរយៈការផ្ដល់ចំណេះដឹងដល់យុវជន ផ្នែកផ្លូវចិត្ត និងស្មារតី ដោយយកខ្លឹមសាររបស់ព្រះពុទ្ធធ្វើជាយន្តការ បន្ថែមពីលើការសិក្សារៀនសូត្រ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបផងដែរ ឯកឧត្តមមើលឃើញពីការរស់នៅចុះសម្រុងគ្នា រវាងមនុស្សដែលមានជំនឿសាសនាផ្សេងគ្នាក៏ដោយ។ ពិសេសការជួយគ្នាទៅវិញទៅមក ក្នុងគ្រាមានបញ្ហា ដោយបានបង្ហាញច្បាស់ក្នុងឆ្នាំ ២០២៥កន្លងទៅ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បានសាមគ្គីភាពគ្នាយ៉ាងរឹងមាំ ជួយគាំទ្រដល់ជួរមុខ ដោយមិនប្រកាន់ថាមានជំនឿសាសនាណាមួយនោះទេ។ ឯកឧត្តម បញ្ជាក់ថា នេះជាតម្លៃស្នូលនៃប្រជាពលរដ្ឋខ្មែរ។ក្នុងពិធីដដែលនេះដែរ ក៏មានការធ្វើបទអន្ដរាគមន៍ចំនួន ៣ ដោយបទអន្តរាគមន៍ទី ១ ធ្វើឡើងក្រោម ប្រធានបទ ស្ដីពី "គុណតម្លៃព្រះត្រៃបិដក នៅក្នុងសង្គមខ្មែរ"  និងបទអន្តរាគមន៍ទី​២ ធ្វើឡើងក្រោមប្រធានបទ "ការអភិវឌ្ឍមូលធនមនុស្ស ដើម្បីក្លាយជាពលរដ្ឋសាកលតាមសាសនមាគ៌ា" និងបទអន្តរាគមន៍ទី ៣ធ្វើឡើងក្រោមប្រធានបទ" ការលើកកម្ពស់សុខភាពផ្លូវចិត្តតាមពុទ្ធមាគ៌ា"។អត្ថបទ៖គឹមហុក

សម្ដេចតេជោ ស្នើបណ្ឌិតអ្នកវិភាគគួរជៀសវាងវិភាគលើបញ្ហាយោធា សន្ដិសុខជាតិ ចេញទៅក្រៅ

2026/07/19 05:39:57 pm        259
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានស្នើទៅអ្នកវិភាគទាំងឡាយគួរជៀសវាងវិភាគដាក់ក្បាលមេក្រូលើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយចេញទៅក្រៅ ខណៈរឿងទាំងនេះគឺជាការសម្ងាត់របស់ជាតិ។ សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចភ្ជាប់ជាមួយវីដេអូមួយ ជារូបភាពវីដេអូនេះចេញពី AI ដែលលោក ប៉ែន ប៊ុនរត្ឋ័ ផ្ញើមកសម្ដេច តែសម្ដេចយល់ថា មានប្រយោជន៍ក្នុងពេលដែលបណ្ឌិតមួយចំនួនតូចកំពុងពុលទឹកមាត់លើការវិភាគ។ សម្ដេចតេជោថ្លែងថា ប៉ុន្មានឆ្នាំមុនសម្បូរគ្រូជោគជ័យក្រោយមកសម្បូរព្រហ្ម ឥសី គ្រូបារមី គ្រូទាយ។ល។ ពេលនេះប្រទេសយើងចាប់ផ្តើមសម្បូរអ្នកវិភាគគ្រប់គ្រឿង និងគ្រប់រឿងរហូតដល់វិភាគមិនស្របជាមួយគ្នាទៀតផង។សម្ដេចតេជោសង្គត់ធ្ងន់ថា ការមិនស្របគ្នាវាជាដំណើរធម្មតានៃការយល់ដឹងរបស់មនុស្ស និងជាផ្នែកមួយនៃការតស៊ូមតិនៃដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។ អ្វីដែលសម្ដេចបានរំលឹកសូមកុំទុកឲ្យការខុសគ្នានូវមតិនេះបំផ្លាញនូវអង្គឯកភាពនៃស្ថាប័នជាតិដែលបំពេញការងារជាប្រចាំជូនជាតិ និងប្រជាជន។សម្ដេចតេជោបញ្ជាក់ថា ការខុសគ្នាជាមួយពួកប្រឆាំងទោះប្រើពេលរាប់សិបរហូតរាប់រយឆ្នាំទៀតក៏គ្មានឥទ្ធិពលលើការងារនោះទេ។សម្ដេចតេជោបានបញ្ជាក់ថា បញ្ញាវ័ន្តក្នុងស្ថាប័នជាតិកន្លងមក និងពេលនេះពួកគាត់មួយចំនួនមិនសូវបញ្ចេញយោបល់ជាពាក្យសំដីទេតែបញ្ចេញសកម្មភាពបម្រើប្រជាជនជាក់ស្តែងតែម្តងដែលសម្ដេចក៏ធ្លាប់និយាយថា «ទោះមាន់មិនរងាវក៏ព្រះអាទិត្យនៅតែរះដែរ»។សម្ដេចតេជោថ្លែងបញ្ជាក់ថា៖«អ្វីដែលសម្ដេចគួរសុំបណ្តាអ្នកវិភាគគួរជៀសវាងវិភាគដាក់ក្បាលមេក្រូលើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយចេញក្រៅព្រោះជារឿងសម្ងាត់របស់ជាតិ។ ប្រសិនមានអនុសាសន៍ជូនស្ថាប័នជាតិ គួរប្រជុំបិទទ្វារ និងបញ្ជូនមកស្ថាប័នជាតិដែលយើងចង់ជួយ»៕

ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រកួតពាន SOCCER LEAGUE ជាវេទិការឹតចំណងមិត្តភាព ឆ្ពោះទៅរកកម្លាំងសាមគ្គីដ៏រឹងមាំ

2026/07/19 05:02:21 pm        369
នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុង កម្មវិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡាដ្ឋានពហុកីឡាដ្ឋានជាតិអូឡាំពិក។ ឯកឧត្តម បានលើកឡើងក្នុងពិធីបិទការប្រកួតនេះថា ការប្រកួតពាន SOCCER LEAGUE លើសពីការប្រកួតប្រជែង នេះជាការវេទិកាពង្រឹងស្មារតីសាមគ្គីភាព។ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦នេះ អាចបញ្ចប់ទៅដោយរលូន និងមានភាពជោគជ័យខ្ពស់បាន គឺកើតចេញពីបទពិសោធ កិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានរំលេចផងដែរថា ការរៀបចំការប្រកួតពានរង្វាន់ SOCCER LEAGUE ក្រោមប្រធានបទ «សាមគ្គីភាព ជាតិរឹងមាំ» មិនមែនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់មួយ ដែលបង្កើតឱ្យមានការជួបជុំ និងការប្រាស្រ័យទាក់ទងគ្នារវាងយុវជន ព្រមទាំងរួមចំណែកពង្រឹងស្មារតីរួបរួមជាតិ និងប្រមូលផ្តុំយុវជនពីគ្រប់ទិសទី ដើម្បីកសាងកម្លាំងមហាសាមគ្គីខ្មែរដ៏រឹងមាំ ព្រោះថាមិត្តភាព សាមគ្គីភាព ការឯកភាព សុខដុមនីយ៍កម្ម ភាពរឹងមាំនៃសង្គមកម្ពុជារបស់យើង ត្រូវតែវិនិយោគ ហ៊ាន លះបង់ចូលរួមចំណែក ហើយកសាងបន្តិចម្ដងៗ ហើយជាប្រចាំ ដើម្បីធានាថាជាតិយើងមានភាពរឹងមាំក្នុងគ្រប់ការលៈទេសៈទាំងអស់។ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ បានឡើងធ្វើការរបាយការណ៍សង្ខេបស្ដីពីការប្រកួតពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ដោយទទួលបានការដាក់ពាក្យចូលរួមប្រកួត មានចំនួន ៦៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទាត់បុរសចំនួន ៥៦ក្រុម និងក្រុមបាត់ទាត់នារីចំនួន ៨ក្រុម។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាងមួយខែកន្លងមក ក្រុមកីឡាករនីមួយៗបានបង្ហាញពីការអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ ព្រមទាំងបានគោរពតាមគោលការណ៍ បទបញ្ជា និងលក្ខន្តិកៈនៃការប្រកួត ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង

2026/07/19 03:17:19 pm        244
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។សម្ដេចថ្លែងថា សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។ សម្ដេចបាបបន្តថា ជាការពិតណាស់ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើនដែលយើងសម្រេចបាននាពេលកន្លងមក យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយដើម្បីពង្រឹងវិស័យ SME ឱ្យកាន់តែរឹងមាំ។ សម្ដេចធិបតីបញ្ជាក់ថស នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនដើម្បីជំនួសឱ្យការនាំចូល តួនាទីរបស់ SME គឺកាន់តែមានសារៈសំខាន់។ ក្នុងគោលដៅនេះ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME) ។ ក្នុងការរៀបចំនិងដាក់ចេញនូវគោលនយោបាយក៏ដូចជាវិធានការនីមួយៗនាពេលកន្លងមក រាជរដ្ឋាភិបាលតែងតែធ្វើការសិក្សាលំអិត ក៏ដូចជាពិភាក្សាជាមួយតំណាង SME វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលយកធ្វើជាមូលដ្ឋាន។ ក្នុងន័យនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា, ខ្ញុំសូមស្វាគមន៍មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរក្នុងវិស័យ SME ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាក្នុងការដោះស្រាយចំពោះបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចឬមធ្យមកំពុងជួបប្រទះ។ មតិយោបល់ទាំងនេះ គឺជាធាតុចូលបន្ថែមយ៉ាងសំខាន់ សម្រាប់រាជរដ្ឋាភិបាលធ្វើជាមូលដ្ឋានសម្រាប់ការដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយបញ្ហាសម្រាប់ SME ឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។

CWEA សម្ភោធការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ដើម្បីបង្កើតភាពអង់អាចក្នុងធុរកិច្ច

2026/07/18 11:31:06 pm        149
សមាគមសហគ្រិនស្ត្រីកម្ពុជា សម្ភោធការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមលើកទី៣ ប្រចាំឆ្នាំ២០២៦ ក្នុងគោលបំណងលើក កម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្ត្រីលើវិសយ័ធុរកិច្ច ដោយបានដើរស្របទៅតាមបេសកម្មរបស់សមាគម សហគ្រិនស្ត្រីកម្ពុជា។លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីពិធីសម្ភោធ ការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព” នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៦នេះថា ជុំវិញការរៀបចំការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម នៅក្នុងអាណត្តិទី៥នេះ បានរៀបចំឡើងមាន ចំនួនពីរលើករួចមកហើយ ក្នុងនោះការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំ គឺលើកយកនូវនវានុវត្តន៍ថ្មីៗ ដើម្បីជំរុញភាពអស្ចារ្យនៃស្នាដៃ សហគ្រិនជាស្រ្តី ដែលមានអាជីវកម្មដឹកនាំដោយស្រ្តី និងមានស្ត្រីជាម្ចាស់អាជីវកម្ម តាមរយៈការបង្កើនចំនួនសហគ្រិនស្ត្រីជោគជ័យ កាន់តែច្រើន ដោយនឹងផ្តល់នូវផលជាវិជ្ជមានដល់ការពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដែលមានសហគ្រិនស្ត្រីជាឆ្អឹងខ្នងនៃ សេដ្ឋកិច្ចជាតិ។លោកជំទាវ បន្តថា ទាក់ទិនការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមនេះ សមាគមបានរៀបចំឡើងក្នុងគោលបំណងជួយជំរុញ លើកកម្ពស់សមត្ថភាព បង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្ត្រីលើវិស័យធុរកិច្ច ដើរស្របទៅតាមបេសកម្មរបស់សមាគម សហគ្រិនស្ត្រីកម្ពុជា និងចក្ខុវិស័យរបស់សមាគម និងលើកទឹកចិត្តដល់សមាជិកាសមាគមសហគ្រិនស្ត្រីកម្ពុជាទាំងអស់ឱ្យចូលរួមចុះ ឈ្មោះ ដើម្បីប្រកួតទៅតាមជំនាញអាជីវកម្មរៀងៗខ្លួន។លោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង ទីប្រឹក្សាកិត្តិយសនៃសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) អាណត្តិទី៥ លើកឡើង ថា កម្មវិធីប្រកួតប្រជែងនេះគឺជាការចូលរួមលើកកម្ពស់សហគ្រិនជាស្រ្តីពិតៗ និងជាកម្លាំងចលករឱ្យតម្លៃដល់ស្រ្តីខ្មែរយើងជាខ្លាំងនៅ ក្នុងអាជីវកម្ម បញ្ហានេះលោកជំទាវនៅតែបន្តលើកទឹកចិត្ត ជួយទំនុកបម្រុងដល់ស្រ្តីដែលកំពុងមានតម្រូវការ ជាពិសេសសហគ្រិនជា ស្រ្តី ដើម្បីជំរុញឱ្យស្រ្តីខ្មែរខ្លាំង។កញ្ញា ស៊ុន ស៊ីហនិតនោវី អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លើកឡើងឱ្យដឹងថា បន្ទាប់ពីការបើកសម្ភោធនេះ សម្រាប់ ជំហានទី២ នឹងចាប់ផ្តើមទទួលពាក្យចូលរួមប្រកួត ចាប់ផ្តើមពីទី១៨ កក្កដា រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ក្នុងនោះបេក្ខនារី ដែលដាក់ពាក្យចូលរួមប្រកួតត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួនដូចជា៖ សហគ្រិនជាស្ត្រី, ជាម្ចាស់ផ្ទាល់ឬមានភាគហ៊ុនចាប់ពី ៣០%, អាជីវកម្មមានបញ្ជីការស្របច្បាប់, និងអាជីវកម្មមានអាយុកាលយ៉ាងតិច២ឆ្នាំ។សូមបញ្ជាក់ថា ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ មានចំណោម៨ប្រភេទរួមមាន៖ ២. ពានរង្វាន់សហគ្រិននវានុវត្តន៍ ឌីជីថល, ២. ពានរង្វាន់អ្នកដឹកនាំអាជីវកម្មបៃតង ប្រកបដោយចីរភាព, ៣. ពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេង (អាយុក្រោម៣៥ឆ្នាំ), ៤. ពានរង្វាន់ឧត្តមភាពនវានុវត្តន៍, ៥. ពានរង្វាន់ អ្នកនាំចេញ និងពង្រីកទីផ្សារអន្តរជាតិ, ៦. ពានរង្វាន់សហគ្រិនមានឥទ្ធិពលនៅតំបន់ ជនបទ, ៧. ពានរង្វាន់សហគ្រិនឧស្សាហកម្មច្នៃប្រឌិត, និង៨. ពានរង្វាន់សហគ្រាសមានចក្ខុវិស័យបៃតងប្រចាំឆ្នាំ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា

2026/07/18 09:07:26 pm        134
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គ្រីស្ទាន ឌីស្លឺ (Christian Disler) អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស (ASTI) ដំណាក់កាលទី១ និងពិភាក្សាបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងដំណាក់កាលទី ២ ខណៈដំណាក់កាលទី ១ នឹងបញ្ចប់នៅចុងឆ្នាំនេះ។នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គ្រីស្ទាន ឌីស្លឺ តំណាងអង្គការ GIZ និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃគម្រោង ASTI ដំណាក់កាលទី១។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វ៊ីស ទីភ្នាក់ងារ SDC អង្គការ GIZ និងដៃគូទាំងអស់ ដែលបានគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា ស្វ៊ីសជាដៃគូអភិវឌ្ឍន៍ដ៏គួរឱ្យទុកចិត្ត ហើយជំនាញបច្ចេកទេស និងការប្តេជ្ញាចិត្តរបស់ស្វ៊ីសបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាសម្រាប់បំពេញតម្រូវការទីផ្សារដែលកំពុងវិវត្ត។ឯកឧត្ដមបានសរសើរចំពោះជោគជ័យនៃគម្រោង ASTI ដំណាក់កាលទី១ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែទម្រង់ប្រព័ន្ធ TVET នៅកម្ពុជា តាមរយៈការរៀបចំគោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីការសិក្សាផ្អែកលើការងារ ការរៀបចំកញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តង់ដា ការពង្រឹងការបណ្តុះបណ្តាល និងការវាយតម្លៃផ្អែកលើសមត្ថភាព ព្រមទាំង ការកសាងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាល វិស័យឧស្សាហកម្ម និងគ្រឹះស្ថាន TVET។ ជាលទ្ធផល សិក្ខាកាមចំនួន ៤២៧នាក់បានបញ្ចប់កម្មវិធី ការសិក្សាផ្អែកលើការងារ (WBL) ហើយពួកគាត់ទទួលបានការងារធ្វើ ១០០% ក្រោយបញ្ចប់ការសិក្សា ដែលក្នុងនោះ៨០% ជាស្ត្រី ដែលបង្ហាញពីការអភិវឌ្ឍជំនាញប្រកបដោយបរិយាបន្ន និងសមធម៌។ សមិទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា WBL នៅតែជាយុទ្ធសាស្ត្រអាទិភាព ដើម្បីជួយពង្រឹងកិច្ចសហការរវាងគ្រឹះស្ថាន TVET និងសហគ្រាស ព្រមទាំងបង្កើនលទ្ធភាពការងាររបស់យុវជន និងផលិតភាពសហគ្រាស។ឯកឧត្តម ហេង សួរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាស្នូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយក្រសួងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ដើម្បីបណ្តុះបណ្តាលធនធានមនុស្សទៅតាមតម្រូវការទីផ្សារការងារ។ ក្រសួងបន្តប្តេជ្ញាចិត្តក្នុងការអនុវត្តការដាក់បញ្ចូល WBL ជាផ្នែកសំខាន់នៃប្រព័ន្ធ TVET ជាតិ ពង្រីកភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការអភិវឌ្ឍជំនាញ និងពង្រឹងស្តង់ដាសមត្ថភាព កម្មវិធីសិក្សា និងការធានាគុណភាព។ ទន្ទឹមនេះ ឯកឧត្តមក៏បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្ត MoU ក្នុងការអនុវត្តគម្រោង ASTI ផងដែរ។ដើម្បីធានាចីរភាពរយៈពេលវែងនៃគម្រោង ក្រសួងគាំទ្រការបង្កើតយន្តការហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ WBL ពង្រឹងកិច្ចសហការជាមួយមូលនិធិអភិវឌ្ឍជំនាញ និងស្វែងរកយន្តការរួមហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាល សហគ្រាស និងដៃគូអភិវឌ្ឍន៍ជាដើម។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសទាំងពីរបញ្ចប់កិច្ចពិភាក្សាឱ្យបានទាន់ពេលវេលា ដើម្បីធានាការផ្លាស់ប្តូរពីដំណាក់កាលទី១ ទៅដំណាក់កាលទី ២ដោយរលូន។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា គម្រោងដំណាក់ទី ២នឹងទទួលបានជោគជ័យដូចដំណាក់កាលទី ១ផងដែរ ដើម្បីធានាថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ដល់យុវជន កម្មករនិយោជិត និងសហគ្រាសក្នុងការបង្កើនផលិតភាពបន្ថែមទៀត។ជាការឆ្លើយតបលោក គ្រីស្ទាន ឌីស្លឺ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាក៏ដូចជាបានបង្ហាញការប្តេជ្ញាចិត្ត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងក្នុងការបន្ត MoU។ លោកបានលើកឡើងថា លទ្ធផលដំណាក់កាលទី ១ ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ជាក់ស្តែង សិក្ខាកាមចំនួន ៤២៧ នាក់ បានបញ្ចប់ការបណ្តុះបណ្តាលនៅកន្លែងការងារ និងទទួលបានវិញ្ញាបនបត្រ ដែលជាមូលដ្ឋានដ៏សំខាន់ និងជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ការពង្រីកគម្រោងបន្តទៀត។ សម្រាប់ដំណាក់កាលបន្ទាប់ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ជាពិសេសការស្វែងរកយន្តការហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ការបណ្តុះបណ្តាលក្រៅកន្លែងការងារ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារទាំងអស់ដែលបានគាំទ្រ និងសហការយ៉ាងល្អនាពេលកន្លងមក ហើយលោកពិតជារីករាយដែលបានឃើញលទ្ធផល និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM