គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

ក្រសួងព័ត៌មានណែនាំមន្ទីរទាំង ២៥ រាជធានី-ខេត្ត ឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

2026/07/16 08:07:51 pm        164
កំពង់ស្ពឺ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវបង្កើនសកម្មភាព និងលើកកម្ពស់ប្រសិទ្ធភាពគេហទំព័រព័ត៌មានរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការព័ត៌មាន និងសាធារណមតិនៅតាមមូលដ្ឋាន។ ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ ប្រធានក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រមានសុវត្ថិភាពខ្ពស់ និងអាចរក្សាទុកទិន្នន័យបានយូរអង្វែង។ ខុសប្លែកពីបណ្តាញសង្គមដែលពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង ដែលបង្កហានិភ័យខ្ពស់ដល់ការបាត់បង់ទិន្នន័យ ហើយម្យ៉ាងវិញទៀត បណ្តាញសង្គមមានដូចជាFacebok និងTiktok គឺមិនមែនជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការឡើយ។ ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានគ្រប់រាជធានី-ខេត្ត ជាពិសេសមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើគេហទំព័រឱ្យបានជាប្រចាំ។ ខ្លឹមសារផ្សព្វផ្សាយគួរផ្តោតលើរូបភាពសមិទ្ធផលអភិវឌ្ឍន៍ សកម្មភាពថ្នាក់ដឹកនាំ និងសេចក្តីជូនដំណឹងសំខាន់ៗរបស់ក្រសួង-ស្ថាប័ន និងសេវាសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលជូនអ្នកអានឱ្យទទួលបានព័ត៌មានទាន់ហេតុការណ៍។ ឯកឧត្តមបានបង្ហាញថា គេហទំព័រនេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីសម្រួលដល់ការផ្សព្វផ្សាយមាតិកាចម្រុះ រួមមានអត្ថបទ រូបភាព វីដេអូ និងសំឡេង ជាមួយនឹងចំណុចប្រទាក់ក្រឡាគ្នា ដែលងាយស្រួលប្រើប្រាស់ ជាពិសេសងាយស្រួលរកឯកសារចាស់ៗដែលបានផ្សព្វផ្សាយរួចហើយថែមទៀត។ ទន្ទឹមនឹងនេះ ដើម្បីឱ្យមហាជនស្គាល់គេហទំព័ររបស់យើងកាន់តែទូលំទូលាយ យើងអាចប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, TikTok និង Telegram ដោយគ្រាន់តែភ្ជាប់ដំណភ្ជាប់ (Link) នៅខាងក្រោម ដើម្បីឱ្យអ្នកអានចុចចូលទៅកាន់គេហទំព័រដោយផ្ទាល់។ មុនពេលដាក់ឱ្យប្រើប្រាស់គេហទំព័ររាជធានី-ខេត្តនាពេលថ្មីៗនេះ ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសគ្រប់គ្រង និងការពារចំនួន ២ លើករួចមកហើយ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើត «ក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» ដែលឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានជាប្រធាន។ ការបង្កើតក្រុមការងារនេះ មានគោលបំណងលើកកម្ពស់គុណភាព និងស្តង់ដានៃការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល ឱ្យក្លាយជាច្រកព័ត៌មានផ្លូវការក្នុងការឆ្លុះបញ្ចាំងពីសមិទ្ធផលនិងសកម្មភាពអភិវឌ្ឍន៍នានានៅតាមមូលដ្ឋាន ក៏ដូចជារួមចំណែកផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិផងដែរ។ ក្រុមការងារនេះមានភារកិច្ចរៀបចំផែនការ និងទិសដៅអភិវឌ្ឍគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំងអស់ឱ្យមានសណ្តាប់ធ្នាប់ សង្គតិភាព ស្របតាមនិយាម និងបទដ្ឋានដាក់ចុះសម្រាប់ការគ្រប់គ្រងព័ត៌មាន៕

ក្រុមហ៊ុន Haier Group ចិន ចាប់ដៃគូជាមួយនៅកម្ពុជាបង្កើតរោងចក្រដំឡើងឧបករណ៍ Tablet ដំបូងនៅកម្ពុជា

2026/07/16 07:55:48 pm        223
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុននាំមុខមួយក្នុងពិភពលោកក្នុងការផលិត និងផ្តល់ឧបករណ៍ និងសម្ភារៈសម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល។ បច្ចុប្បន្ននេះ, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងជាង ៦០ ប្រទេស និងមានអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនប្រមាណ ៤៤ លាននាក់ នៅជុំវិញពិភពលោក។ បន្ថែមពីនេះ, លោកអនុប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ក្នុងគោលបំណងផ្តល់នូវឧបករណ៍អេឡិចត្រូនិកថេប្លេត (Tablet) ដែលមានតម្លៃសមរម្យ ទៅដល់សិស្ស-និស្សិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យកាន់តែទូលំទូលាយនូវការប្រើប្រាស់សម្ភារៈឌីជីថល និងការសិក្សាពីចម្ងាយផងដែរ។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្ដល់ការគាំទ្រ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីគាំទ្រដល់ភាពជោគជ័យនៃបណ្តាក្រុមហ៊ុនវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ និងសម្តែងការស្វាគមន៍ចំពោះគម្រោងផលិតថេប្លេតតម្លៃសមរម្យ ដែលការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាស និងអត្ថប្រយោជន៍ពីគោលនយោបាយលើកទឹកចិត្តទាំងនោះ ក្នុងការជំរុញ និងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា៕ 

ប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាមានស្ថិរភាពនយោបាយ អភិវឌ្ឍឆាប់រហ័ស និងផ្ដល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិន

2026/07/16 07:39:27 pm        142
ក្នុងឱកាសជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគ។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលបានផ្ដល់កិច្ចសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន នាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកត្តានេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឱ្យក្រុមហ៊ុនមានភាពកក់ក្ដៅ និងទំនុកចិត្តខ្ពស់ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែលបានចាប់ផ្ដើមបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ ដោយផ្ដោតសំខាន់លើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក ក្នុងការសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិរាវ (LNG) នៅខេត្តកោះកុង។ លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវភាពរីករាយ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដើម្បីធានាបាននូវសន្តិសុខ និងឯករាជ្យភាពផ្នែកថាមពលរបស់កម្ពុជា នាពេលអនាគត។ បន្ថែមលើនេះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីបំណងក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យថាមពល និងវិស័យកសិកម្ម។ លោកប្រធានក្រុមហ៊ុនក៏បានបញ្ជាក់ថាក្រុមហ៊ុនកំពុងផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិន ដើម្បីកៀរគរក្រុមហ៊ុនទាំងនោះមកស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសនានា ក៏ដូចជាភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហការរវាងក្រុមហ៊ុន ជាមួយដៃគូក្នុងស្រុក ក្នុងការវិនិយោគលើវិស័យថាមពល LNG នេះ។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា វិស័យថាមពល ជាវិស័យគន្លឹះដ៏មានសារៈសំខាន់ ហើយការធានាឱ្យបាននូវសន្តិសុខថាមពល ជាកិច្ចការចាំបាច់ដែលមិនអាចខ្វះបាន។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការវិនិយោគលើវិស័យថាមពលនៅកម្ពុជា មិនត្រឹមតែសម្រាប់ឆ្លើយតបនឹងតម្រូវការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឈានទៅដល់ការផ្គត់ផ្គង់ទៅកាន់បណ្ដាប្រទេសសមាជិកអាស៊ានផងដែរ តាមរយៈគោលនយោបាយបណ្ដាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។ មុននឹងបញ្ចប់, សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា នាពេលខាងមុខ៕  

ក្រុមហ៊ុន China Energy International ចង់ពង្រីកការវិនិយោគបន្ថែមលើវិស័យស៊ីម៉ងត៍ និងទឹកស្អាតនៅកម្ពុជា

2026/07/16 07:28:40 pm        130
ក្នុងឱកាសជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ យលោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International Group Co., Ltd. បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ, ក្រុមហ៊ុនពិតជារីករាយដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលតែងតែផ្ដល់កិច្ចសហការដ៏ល្អ និងការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា កាលពីដំបូងឡើយ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាបានផ្ដោតលើការអនុវត្តវិស្វកម្ម, លទ្ធកម្ម និងការសាងសង់ (Engineering, Procurement, and Construction – EPC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។ ដោយឡែក, នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ, ក្រុមហ៊ុនពិតជារីករាយដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានផ្ដល់ទំនុកចិត្ត និងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគលើវិស័យសក្ដានុពលបន្ថែមទៀតនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលស្អាត គឺជាអាទិភាពចម្បងមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ បច្ចុប្បន្ននេះ, កម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២% រួចទៅហើយ និងកំពុងជំរុញឱ្យសម្រេចបានរហូតដល់ ៧០% ត្រឹមឆ្នាំ២០៣០។ ជាមួយគ្នានេះ, កម្ពុជាមានចំណាប់អារម្មណ៍ក្នុងការនាំចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាពប្រភពថាមពលអគ្គិសនីដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ជាទីបញ្ចប់, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការគាំទ្រជានិច្ច ដើម្បីធានាឱ្យបណ្ដាក្រុមហ៊ុនវិនិយោគទទួលបានជោគជ័យ និងរីកចម្រើនទៅមុខ។ ជាមួយគ្នានោះ, សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការវិនិយោគរបស់ខ្លួននៅកម្ពុជា៕  

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្ដីចិន

2026/07/16 07:21:53 pm        173
ក្នុងឱកាសដំណើរទស្សនកិច្ចការងារថ្ងៃទីពីរនៅប្រទេសចិន ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់សម្ដេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថាដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិនរបស់សម្ដេចធិបតី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺបានគូសបញ្ជាក់ពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិនក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាពេលនេះ ក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ បើតាមឯកឧត្តមប្រធានក្រុមអ្នកនាំពាក្យរបស់សម្ដេចធិបតី បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចការងារនេះ សម្ដេចធិបតី នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ផងដែរ៕

ក្រុមហ៊ុន CRCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប និងថាមពលកកើតឡើងវិញ

2026/07/16 07:14:57 pm        204
ក្នុងឱកាសជំនួបជាមួយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន, លោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន China Railway Construction Corporation (CRCC) បានបង្ហាញនូវបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យគន្លឹះ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថាមពលកកើតឡើងវិញ ក៏ដូចជាសមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការ (Integrated Investment, Construction, and Operation) ផងដែរ។ ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនវិស្វកម្ម និងសាងសង់ឈានមុខគេមួយក្នុងពិភពលោក ដោយផ្ដោតសំខាន់លើកិច្ចការម៉ៅការសាងសង់, ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ, ការផលិតបរិក្ខារបច្ចេកវិទ្យាជាន់ខ្ពស់ និងជាអ្នកអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗជាយុទ្ធសាស្ត្រ ដែលមានប្រតិបត្តិការអាជីវកម្មគ្របដណ្តប់លើ ១៥០ប្រទេស។ លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា ក្រុមហ៊ុន CRCC បានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ហើយបានសម្រេចនូវគម្រោងសំខាន់ៗជាច្រើន រួមមាន៖ គម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបាត់ដំបង, ភូមិកីឡាកម្ពុជា, អគារទីស្តីការក្រសួងការពារជាតិ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាដើម។ ជាមួយគ្នានេះ, ក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដែលតែងតែផ្តល់កិច្ចសហការ និងការគាំទ្រយ៉ាងល្អប្រសើរ ដែលជាកត្តាជំរុញឱ្យអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានជោគជ័យជាបន្តបន្ទាប់នៅកម្ពុជា។ លើសពីនេះទៅទៀត, លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យគន្លឹះ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថាមពលកកើតឡើងវិញ ក៏ដូចជាសមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការ (Integrated Investment, Construction, and Operation) ផងដែរ។ ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងការអបអរសាទរចំពោះជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅលើឆាកអន្តរជាតិ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការកសាងគម្រោងធំៗនៅកម្ពុជា ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពពង្រីកការវិនិយោគ។ បន្ថែមលើនេះ, សម្តេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាវិស័យអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។ ជាក់ស្តែង, ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើន ទាំងផ្លូវគោក និងផ្លូវទឹក ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលក៏កំពុងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍ និងពង្រឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកផងដែរ។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីក្តាប់យកឱកាស និងប្រែក្លាយគម្រោងពង្រីកការវិនិយោគទាំងនោះឱ្យលេចចេញជារូបរាងជាក់ស្តែងនាពេលអនាគត៕ 

កម្ពុជាបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង ​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ និង​សមត្ថភាព​ឆ្លើយ​តបនឹងការគំរាមកំហែង

2026/07/16 07:13:59 pm        212
ខេត្តសៀមរាប៖ កាលពី​ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សា​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ (ក.ប.ទ.) បាន​អញ្ជើញ​ជា​អធិបតី​បើក​វេទិកា​សន្តិសុខ​សាយប័រ​ថ្នាក់​តំបន់​មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Forum) នៅសណ្ឋាគារជេសេវិន ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។វេទិកា​នេះឧបត្ថម្ភដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុង​គោ​ល​បំណង​​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបនឹងការគំរាមកំហែងសាយប័រ។ថ្លែងក្នុងពិធីនេះ ឯកឧត្តម អ៊ឹង សុខឧត្តម បានបញ្ជាក់ថា បញ្ហា​សន្តិ​សុខ​សាយប័រ​ទាម​ទារ​ការ​សហការ ​និងការជឿទុកចិត្តគ្នាក្នុងតំបន់ ខណៈកម្ពុជាប្តេជ្ញាពង្រឹងក្របខណ្ឌច្បាប់ ធនធានមនុស្ស និង​បច្ចេកទេស ដើម្បីបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព។វេទិការយៈពេលបីថ្ងៃនេះ (១៥-១៧ កក្កដា) មានអ្នកចូលរួមប្រមាណ ៣០រូប មកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងវាគ្មិនជំនាញមកពីក្នុងតំបន់។ ប្រធានប​ទ​ពិភាក្សា​សំខាន់​ៗ​រួមមាន គោលនយោបាយសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន សន្តិសុខ​ទិន្នន័យ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ តាមរយៈវេទិកានេះ ក.ប.ទ. រំពឹងថា​នឹង​ជំរុញ​សន្តិសុខ​សាយប័​រតំ​បន់ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព៕

ក្រុមហ៊ុន CHINALCO បង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងធនធានរ៉ែ

2026/07/16 07:09:11 pm        158
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាសហគ្រាសឈានមុខមួយនៅក្នុងប្រទេសចិន ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក ជាដើម។ ជាមួយគ្នានោះដែរ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនបានសិក្សាសមិទ្ធិលទ្ធភាពលើវិស័យផលិតដែក និងវិស័យធនធានរ៉ែ។ ផ្អែកលើមូលដ្ឋាននេះ, ក្រុមហ៊ុន CHINALCO បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមលើវិស័យទាំងនេះ នៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្ដេចធិបតីបានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលនានានៅកម្ពុជា ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, ការសាងសង់ផ្លូវដែក និងធនធានរ៉ែ ។ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ និងត្រៀមខ្លួនផ្ដល់ការគាំទ្រជានិច្ចដល់គ្រប់ក្រុមហ៊ុនវិនិយោគ ដើម្បីធានាបាននូវភាពជោគជ័យនៅកម្ពុជា។ មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគជាក់ស្ដែងឱ្យលេចចេញជាផ្លែផ្កានៅពេលអនាគត៕ 

សម្ដេចតេជោ បញ្ជាក់ជាថ្មីថា«កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាថៃដោយសន្ដិវិធីផ្អែកលើច្បាប់»

2026/07/16 06:51:12 pm        215
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺកម្ពុជាឈរលើការដោះស្រាយដោយសន្ដិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អនុញ្ញាតឱ្យ លោកជំទាវ ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងពេលដែលលោកជំទាវធ្វើជាឯកអគ្គរដ្ឋទូតរបស់ហ្វីលីពីនប្រចាំនៅកម្ពុជា, សម្ដេចបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែស៊ីជម្រៅ។ នៅក្នុងឱកាសនោះលោកជំទាវ ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានចូលជួប និងជម្រាបលានៅក្នុងឱកាសនេះ។ លោកជំទាវបានលើកឡើងថា ក្នុងអាណត្តិរបស់លោកជំទាវកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ រួមមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ហើយកម្រិតនៃការផ្លាស់ប្ដូរទស្សនកិច្ចនេះ បានកើនឡើងជាញឹកញាប់ដែលបានបញ្ជាក់ថាប្រទេសទាំងពីរមានភាពរឹងមាំលើទំនាក់ទំនងជាមួយគ្នា។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីទំនាក់ទំនងនៅក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលកម្ពុជា និងហ្វីលីពីនកំពុងតែបោះជំហានទៅមុខជាមួយគ្នាក្នុងការពង្រីកនូវវិស័យពាណិជ្ជកម្មជាមួយគ្នា និងការពង្រីកនូវទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពសកម្ម។ លោកជំទាវបានលើកឡើងថា ហ្វីលីពីន ចាប់អាម្មណ៍ទៅលើផលិតផលកសិកម្មរបស់កម្ពុជា ហើយសង្ឃឹមថាទំហំនៃការនាំចេញពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកាន់តែកើនឡើងជាបន្តបន្ទាប់ទៅទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនបានជម្រាបសម្ដេចតេជោថា៖«ប្រទេសកម្ពុជា គឺជាគោលដៅដ៏ចាប់អារម្មណ៍មួយសម្រាប់ប្រជាជនហ្វីលីពីនមកទស្សនានៅក្នុងប្រទេសកម្ពុជា»។ សម្ដេចតេជោ បានសម្ដែងនូវការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអរគុណចំពោះលោកជំទាវដែលបានខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ហ្វីលីពីន ឱ្យកាន់តែរឹងមាំ។ សម្ដេចតេជោ ក៏បង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតចំពោះទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងទំនាក់ទំនងដ៏ល្អលើផ្នែកនយោបាយរវាងប្រទេសទាំងពីរផងដែរ។ សម្ដេចតេជោបានចាត់ទុកថា ពាណិជ្ជកម្ម សេដ្ឋកិច្ច ជាស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន។ បន្ថែមលើនេះ សម្ដេចតេជោ សង្ឃឹមថា ផលិតផលកសិកម្ម និងការនាំចេញ ឬការនាំចេញរបស់កម្ពុជា ជាពិសេសគឺអង្ករនឹងនាំទៅកាន់ប្រទេសហ្វីលីពីនកាន់តែមានការកើនឡើង។ សម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀតឱ្យមានការពង្រីកនូវជើងហោះហើររវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង ក្នុងទិសដៅឱ្យប្រជាជន និងប្រជាជនប្រទេសទាំងពីរមានភាពសកម្មក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនតាមរយៈវិស័យទេសចរណ៍ទស្សនាប្រទេសទាំងពីរទៅវិញទៅមក។ នៅក្នុងជំនួបនេះសម្ដេចតេជោ ក៏បានលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ពន្យល់ទៅកាន់លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនផងដែរ ដោយសម្ដេចបានបញ្ជាក់នូវជំហរជាថ្មីជូនចំពោះលោកជំទាវថា កម្ពុជាគឺប្រកាន់យកនូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយនឹងថៃ ដោយសន្ដិវិធីឈរលើច្បាប់អន្តរជាតិ និងផ្អែកទៅលើយន្តការដែលមានស្រាប់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក។ ក្នុងឱកាសនោះលោកជំទាវឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា ក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាននឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃឱ្យបានលទ្ធផលជាផ្លែផ្កាក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ាន៕ 

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងជើងហោះរបស់កម្ពុជា កើនឡើងគួរឱ្យគត់សម្គាល់ក្នុងឆមាសទី១ឆ្នាំនេះ

2026/07/16 06:01:23 pm        104
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៦​ បានបង្ហាញពីកំណើជាវិជ្ជមានរហូតដល់​ ២៩% ហើយចំនួនជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិទាំងបីគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI), អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI), និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) បានកើនឡើង ៤% ខណៈដែល ចំនួនអ្នកដំណើរតាមផ្លូវអាកាសធ្លាក់ចុះ ៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ តាមរយៈទិន្នន័យនេះគឺទាមទាឱ្យមានគ្រប់ភាគីទាំងអស់​គោលនយោបាយទាក់ទាញអ្នកដំណើរតាមផ្លូវអាកាសពីប្រភពទីផ្សារថ្មីៗបន្ថែមទៀត។​ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំនេះ​ បរិមាណទំនិញតាមផ្លូវអាកាសកម្ពុជា​ មានសរុបចំនួន​ ៤៧​ ៦២៧ តោន កើនឡើង ២៩% ​ខណៈជើងហោះហើរមានចំនួន ៤៤ ៩៩១ជើង កើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ទោះបីយ៉ាងណា ចំនួន​អ្នកដំណើរធ្វើដំណើរតាមផ្លូវអាកាសទ្វេទិសបានថយចុះ ៧ % ដែល​មានចំនួនជាង ៣លាន ២សែនាក់ (៣ ២៦៩ ២៩៦នាក់)​។ឯកឧត្តម បញ្ជាក់ទៀតថា ៖ «និន្នាការនេះទាមទារឱ្យមានការកែលម្អការរៀបចំកម្មវិធីលើកទឹកចិត្តរួមគ្នារវាងតួរអង្គពាក់ព័ន្ធ (អាកាសចរណ៍ស៊ីវិល ទេសចរណ៍ និងប្រតិបត្តិករអាកាសយានដ្ឋាន) ជាក់លាក់ឡើងវិញ ដើម្បីទាក់ទាញប្រភពទីផ្សារអ្នកដំណើរថ្មីៗត្រឡប់មកវិញ»។ បើតាម អ្នកនាំពាក្យរូបនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានក្លាយជាមជ្ឈមណ្ឌលស្នូលដ៏សំខាន់ ដោយគ្រប់គ្រងចំណែកទីផ្សារ ៧០,៣% នៃជើងហោះហើរសរុបក្នុងបណ្តាញអាកាសចរណ៍ជាតិ។ ចំណែក តំបន់ទេសចរណ៍វប្បធម៌សៀមរាបអង្គរ ទទួលបានចំណែកទីផ្សារ​ ២៤% និងតំបន់ឆ្នេរព្រះសីហនុ ទទួលបានត្រឹមតែ ៥,៣% ប៉ុណ្ណោះ។ ការណ៍នេះបង្ហាញថា យុទ្ធសាស្ត្រជំរុញការតភ្ជាប់ផ្លូវអាកាសខ្នាតអន្តរជាតិដោយផ្ទាល់ ទៅកាន់ទីក្រុងរណបនានា នៅតែជាកិច្ចការអាទិភាព ដើម្បីកាត់បន្ថយហានិភ័យ នៃការធ្លាក់ចុះភ្ញៀវទេសចរ នារដូវប្រាំង ខាងមុខនេះ​។ សូមបញ្ជាក់ បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្រុមហ៊ុនកំពុងប្រតិបត្តិការ​នៅកម្ពុជា​ ក្នុងនោះ ក្រុមហ៊ុនជាតិចំនួន ០៤ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២៩​៕អត្ថបទ៖ ធូ វិរៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM