គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សាងសងស្ថានីយបូមទឹក បឹងសាឡាងថ្មីមួយទៀត ដើម្បីបង្កើនការរំដោះបញ្ជៀសការជន់លិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

2026/07/15 11:21:35 pm        59
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានកសាងស្ថានីយបូមទឹក បឹងសាឡាងថ្មីមួយទៀត ដែលមានសមត្ថភាពបូមរំដោះទឹកបានលឿន ដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។សូមបញ្ចាក់ថា ស្ថានីយបូមទឹក បឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចាប់ផ្តើមការសាងសង់ កាលពីដើមឆ្នាំ២០២៥ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ដែលមានទំហំ អគារ១០ម៉ែត្រគុណនិង២០ម៉ែត្រ ហើយបានបញ្ចប់ការសាងសង់កាលពីអំឡុងខែមេសាឆ្នាំ ២០២៦កន្លងមកនេះ។លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនាសម្រេចបាន ១០០%ហើយ ដោយមានបំពាក់ម៉ូទ័រចំនួន ២គ្រឿង មានមុខកាត់ ១៥០០មីលីម៉ែត្រ និងមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគុប ក្នុង១វិនាទី។លោក ហែន កន ចៅសង្កាត់បឹងសាឡាង បានបញ្ចាក់នាព្រឹកថ្ងៃទី១៥ កក្កដានេះបានឱ្យដឹងថា ក្រោយស្ថានីយបូមទឹកបឹងសាឡាង ស្ថាបនារួចរាល់ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ផ្លូវម៉ៅសេទុង រហូតសង្កាត់ទឹកល្អក់ទី១ និងសង្កាត់ទឹកល្អក់ទី២ និងមួយផ្នែកខ្លះនៃខណ្ឌ៧មករា គឺមិនទទួលរងការលិចលង់ឡើយ។ លោក ចៅសង្កាត់បឹងសាឡាង បានបន្តលើកឡើងថាក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ថានីយបូមទឹកមួយនេះឡើង ដែលបានធ្វើឱ្យប្រជាពលរដ្ឋ លែងភ័យព្រួយពីការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត។លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថាដើម្បីរំដោះជំនន់ទឹកភ្លៀងចេញពី សង្កាត់ទាំង៨ នៃខណ្ឌទួលគោក សង្កាត់មួយចំនួនទៀតរបស់ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ដោយមានការ យកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានកសាងស្ថានីយបូមទឹក បឹងសាឡាងថ្មីមួយទៀត ។ លោកអភិបាលបានបន្តថាពីមុននៅស្តុបកោសដូងជិតម៉ុងរីយ៉ាល់ពេលភ្លៀងម្ដងៗទឹកលិច១ថ្ងៃទៅ២ថ្ងៃ បន្ទាប់មកនៅសល់ត្រឹមតែរយៈពេល១ម៉ោងទៅ២ម៉ោង ប៉ុន្តែក្រោយទៀតបានកាត់បន្ថយការលិចលង់បន្តិចម្ដងៗ រហូតមកដល់ពេលដែលឯកឧត្ដមអភិបាលរាជធានីសាងសង់ស្ថានីយបូមទឹកបឹងសាឡាងថ្មីខាងលើរួច និងបាន ដាក់លូខ្នាតធំ១ខ្សែថ្មីទៀតចេញផ្លូវ២៣០ និងពីផ្លូវលេ៤៥ ចាប់ពីស្តុបកោសដូង ទៅប្រឡាយបឹងសាឡាងហើយ ស្ថានីយនេះបូមទម្លាក់ទៅប្រឡាយស្ទឹងមានជ័យ។ ឥឡូវស្ថានភាពទឹកលិចមានរយះពេលខ្លីបំផុតតែចន្លោះពី១០ទៅ ២០នាទី ទឹកស្រកអាចស្រក់អស់ពីផ្លូវហើយ។ជាចុងក្រោយរដ្ឋបាលខណ្ឌទួលគោកនឹងបន្តសហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះស្តារប្រព័ន្ធលូជាច្រើនខ្សែទៀតក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ លោក ជា ពិសី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ដែលរស់នៅជាប់ប្រឡាយ សូមចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច និងសូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ បើមានការចូលរួមពីប្រជាពលរដ្ឋ នោះការងារអ្វីក៏ទទួលបានជោគជ័យដែរ៕អត្ថបទ៖ កុម្ភៈ

ក្រុមលេខា RBC យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង

2026/07/15 11:15:49 pm        197
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ភាគីកម្ពុជាបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងក្រុមលេខាធិកាដ្ឋានទាំងពីរ ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយបញ្ហានានាជាមួយគ្នាដោយសន្តិវិធី និងបានទាន់ពេលវេលា សំដៅបញ្ចៀសការយល់ច្រឡំដោយមិនចាំបាច់ ព្រមទាំងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន។នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខ័ណ្ឌសីមា នៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះហេតុការណ៍ការបាញ់ និងការបង្កផ្ទុះ ភាគីកម្ពុជាស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុក្ខដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការ ក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជា ការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។ បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី។ជាថ្មីម្តងទៀត ភាគីកម្ពុជាក៏បានគូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ ខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយ ដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងប្រទេសទាំងពីរ។

សម្ដេចធិបតី ចាប់ផ្ដើមជួបជាមួយតំណាងក្រុមហ៊ុនឯកជនក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅចិន

2026/07/15 11:09:58 pm        246
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានជួបជាមួយ លោក Wang Shilei ប្រធានក្រុមហ៊ុនក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ទស្សនកិច្ចការងារនេះ គូសបញ្ជាក់ពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះ ក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបន្តថា សម្ដេចធិបតី នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា សម្តេចធិបតីនឹងជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។ បន្ថែមពីកម្មវិធីខាងលេី, សម្ដេចធិបតីក៏នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ។ទន្ទឹមនឹងនេះ, ឯកឧត្តម មាស សុភ័ណ្ឌ ក៏បានរំលេចផងដែរថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរសម្ដេចធិបតី នាឱកាសនោះ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។ជាទីបញ្ចប់, ឯកឧត្តម មាស សុភ័ណ្ឌបានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕

ឯកឧត្តម គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តកំពង់ស្ពឺ

2026/07/15 10:07:44 pm        206
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កសាងដោយ ឯកឧត្តម នូ ស៊ីថា។ ពិធីនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូ គណៈកម្មាធិការកណ្តាល អ.ន.ក., ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ។បន្ទាប់ពីពិធីបញ្ចុះបឋមសិលា ឯកឧត្តម គន់ គីម បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ប្រមាណចំនួន ១០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម, មី ២កេស, ត្រីខ ១យួរ, ទឹកត្រី-ស៊ីអ៉ីវ ១យួរ និងថវិកា ៥០.០០០រៀល៕

គណៈកម្មការធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្តយុទ្ធនាការជំរឿនមន្រ្តីរាជការនៅ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»

2026/07/15 09:44:57 pm        102
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី២ នៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។សម្រាប់ការធ្វើជំរឿនមន្រ្តីជាក់ស្តែង ក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅនៅពីរទីតាំង គឺនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ខណៈនេះ ក្រុមការងារគណៈកម្មការជំរឿនមន្រ្តី កំពុងបន្តពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីរាជការ ចាប់ពីថ្នាក់ដឹកនាំ មន្ត្រី មន្ត្រីជាប់កិច្ចសន្យាគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធអង្គភាពនានាចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសហការអនុវត្ត និងបានប្រតិបត្តិបង្ហាញខ្លួនធ្វើជំរឿន ដោយភ្ជាប់មកនូវជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា(ច្បាប់ដើម) យ៉ាងច្រើនកុះករ តាមការកំណត់របស់គណៈកម្មការជំរឿន។ សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាក្រសួងទី១៥ ដែលគណៈកម្មការបានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ការធ្វើជំរឿនមន្ត្រីរាជការនេះ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី និងដើម្បីដឹងច្បាស់ពីទិន្នន័យរបស់មន្ត្រី ដែលកំពុងបម្រើការងារពិតប្រាកដ។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង រៀបចំឡើងក្នុងគោលបំណង ដើម្បី “ទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា”៕

ប្រមុខការទូតកម្ពុជា៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនាខែវិច្ឆិកាខាងមុខនៅកម្ពុជា គឺជាប្រវត្តិសាស្ត្រនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង

2026/07/15 09:35:58 pm        143
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ឆ្នាំ២០២៦ នេះ​ គឺជាឆ្នាំដ៏មានអត្ថន័យដ៏ពិសេសបំផុតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង។ កម្ពុជា មានកិត្តិយសនិងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នាខែវិច្ឆិកាខាងមុខនេះ ដែលនេះ ជាដំណើរទស្សនកិច្ច ៦០ឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ ឆាល ដឺហ្គោល និងជាង ៣០ ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ហ្វ្រង់ស្វ័រ មីតេរ៉ង់។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង និងផ្តល់សន្ទុះដ៏សំខាន់ដល់មហិច្ឆតារួមរបស់ប្រទេសទាំងពីរ​ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសទិវាបុណ្យជាតិបារាំង កាលពីថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២៦។រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបន្តថា មិត្តភាពរវាងកម្ពុជានិងបារាំង បានចាក់ឬសយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទំនុកចិត្តទៅវិញទៅមក និងឆន្ទៈដ៏មុតមាំរួមមួយ ក្នុងការកសាងអនាគតជាមួយគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋាននៃកិច្ចសន្ទនានយោបាយប្រកបដោយគុណតម្លៃខ្ពស់ និងកិច្ចសហប្រតិបត្តិការដែលបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេសព្រះរាជដំណើរទស្សនកិច្ចទៅប្រទេសបារាំងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដំណើរទស្សកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដំណើរទស្សនកិច្ចថ្មីៗនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ ក្នុងឱកាសកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) បានឆ្លុះបញ្ចាំងពីថាមវ័ន្ដនៃទំនាក់ទំនង និងបានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា សព្វថ្ងៃនេះ ភាពជាដៃគូរវាងប្រទេសទាំងពីរ បានគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រជាច្រើន រួមមានវិស័យកសិកម្ម ពាណិជ្ជកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការពារជាតិ អប់រំ វប្បធម៌ឬការអភិរក្សបេតិកភណ្ឌ។ ប្រទេសបារាំងនៅតែជាដៃគូនាំមុខ ដែលគាំទ្រជាបន្ដបន្ទាប់ដល់កិច្ចខិត​​ខំប្រឹងប្រែង​ក្នុងការអភិវឌ្ឍប្រទេស​កម្ពុជា។ កម្ពុជានិងបារាំង ក៏រក្សាបាននូវការផ្លាស់ប្តូរទស្សនៈយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗផងដែរ។ ក្នុងបរិបទសកលដែលកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស ភាពមិនប្រាកដប្រជាកាន់តែកើនឡើង និងភាពតានតឹងដែលនៅតែបន្ត យើងមានការជឿជាក់ដូចគ្នាថា កិច្ចសន្ទនា ពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋានដ៏ប្រសើរបំផុតសម្រាប់ធានាបាននូវសន្តិភាពប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពរួម។ ឯកឧត្តមបានលើកឡើងថា ឆ្នាំនេះ ក៏នឹងត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតផងដែរ គឺ កម្ពុជាមានកិត្តិយសនឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏មានសារៈសំខាន់សម្រាប់សហគមន៍ហ្វ្រង់កូហ្វូនីដែលមានប្រទេសសមាជិកចំនួន ៩០ ប្រទេស ដោយផ្សារភ្ជាប់គ្នាតាមរយៈការប្រើប្រាស់ភាសាបារាំង ព្រមទាំងតាមរយៈគុណតម្លៃរួមនៃសាមគ្គីភាព ការបើកទូលាយ កិច្ចសន្ទនា ភាពចម្រុះនៃវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន​។កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីក្រោមប្រធានបទ «ប្ដេជ្ញាបន្ដថែរក្សាសន្តិភាព ដើម្បីវិបុលភាពរួម» បានឆ្លុះបញ្ចាំងពីមហិច្ឆតារួមក្នុងការធ្វើឱ្យអង្គការហ្វ្រង់កូហ្វូនីក្លាយជាតួអង្គប្រកបការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ។ ការត្រៀមរៀបចំកិច្ចប្រជុំកំពូលដែលបានចាប់ផ្តើមអស់រយៈពេលជាងមួយឆ្នាំមកហើយនេះ កំពុងដំណើរការទៅមុខយ៉ាងរលូន និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត។ លើសពីកិច្ចជំនួបនយោបាយ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏នឹងត្រូវអមដោយសកម្មភាពនានាជាច្រើន រួមមានសកម្មភាពផ្នែកសេដ្ឋកិច្ច វប្បធម៌ និងសិល្បៈ ដែលនឹងធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពរស់រវើក ព្រមទាំងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា។ សម្រាប់កម្ពុជា ប្រទេសបារាំង នៅតែជាប្រភពនៃការបំផុសគំនិតតាមរយៈឧត្តមគតិសកលដ៏ឧត្តុង្គឧត្តម ហើយជាដៃគូដ៏ស្មោះត្រង់មួយ ជាមួយនឹងចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ព្រមទាំងការធ្វើដំណើរឆ្ពោះទៅអនាគត។ សូមឱ្យមិត្តភាពនេះបន្តរីកចម្រើនកាន់តែរឹងមាំ និងនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ វង្ស សុភាព

ក្រសួងបរិស្ថាន៖ ស្ថានភាពទឹកបានស្រកចុះច្រើន ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ពី​ភូមិ​តាំង​បំព​ង់​ទៅ​ដល់​ជើង​ភ្នំខ្នងផ្សារ

2026/07/15 09:10:38 pm        252
បន្ទាប់ពីមានការធ្លាក់ភ្លៀងរាយប៉ាយ និងការជម្លៀស​ភ្ញៀវ​ទេសចរ​ទៅកាន់ទីតាំងមានសុវត្ថិភាព មន្រ្តី​ឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និង គណៈ​កម្មការ​សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង បានសម្របសម្រួលការធ្វើដំណើរ ដឹក​ជញ្ជូន​ឆ្លង​កាត់ពី​តំបន់ជើងភ្នំឆ្ពោះទៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោង​តាមមន្រ្តីប្រចាំការនៅមូលដ្ឋាន គិតត្រឹមម៉ោង១១ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថាន​ភាព​ទឹក​ភ្លៀងនៅតំបន់ភ្នំខ្នងផ្សារ បានថមថយ និងអាចបង្ក​លក្ខណៈ​ជូន​ដល់​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត ​ដែលជាប់គាំងនៅក្នុងរយៈពេលកន្លងមកចំនួន១គ្រឿង អាចឆ្លង​មក​កាន់​តំបន់​លំនៅ​ដ្ឋាន​នៅ​ភូមិ​តាំង​បំពង់​បាន និងអ្នកភូមិអាចធ្វើដំណើរឆ្លងកាត់ផ្លូវដោយម៉ូតូបានដោយកន្លែងផងដែរ។ សូម​បញ្ជាក់រហូតមកទល់ពេលនេះ អ្នកទេសចរណ៍ចំនួន៥៥១ នាក់​បាន​ជម្លៀស​ និង​បាន​នាំ​មក​ទី​ទួល​សុវត្ថិភាព និងបានត្រឡប់ទៅកាន់មូលដ្ឋានវិញ។ នៅមានរថយន្តចំនួន៣គ្រឿង កំពុង​ស្ថិត​នៅ​ដំណាក់​ដំរី​​ទីតាំងជើងភ្នំខ្នងផ្សារនៅឡើយ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តរំលឹក និងណែនាំ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​មន្ត្រី​ឧទ្យានុ​រក្ស និងមន្ត្រីជំនាញឱ្យបន្តចុះល្បាត សម្របសម្រួល និងតាម​ដាន​ស្ថាន​ភាព​ទឹក​ភ្លៀង ​យ៉ាងយកចិត្តទុកដាក់បំផុត នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ដើម្បីធានាសុវត្ថិភាព ទាំង​ស្រុង​ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

សម្ដេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​អញ្ជើញដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង​ដោយទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអនុរដ្ឋមន្ត្រីការបរទេសចិន

2026/07/15 08:53:41 pm        303
ចិន៖ នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ​ទៅ​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិប៉េកាំង ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រីការបរទេសចិន។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា តប​តាម​ការ​អញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ទស្សនកិច្ចការងារនេះ គូសបញ្ជាក់ពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះ ក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបន្តថា សម្ដេចធិបតី នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា សម្តេចធិបតីនឹងជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។ បន្ថែមពីកម្មវិធីខាងលេី, សម្ដេចធិបតីក៏នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ។ទន្ទឹមនឹងនេះ, ឯកឧត្តម មាស សុភ័ណ្ឌ ក៏បានរំលេចផងដែរថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរសម្ដេចធិបតី នាឱកាសនោះ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។ជាទីបញ្ចប់, ឯកឧត្តម មាស សុភ័ណ្ឌបានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕

និស្សិតឆ្នើមកម្ពុជា ត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតប្រជែង នវានុវត្តន៍យុវជន ឡានឆាង-មេគង្គ លើកទី១០

2026/07/15 08:40:11 pm        166
ភ្នំពេញ៖ ក្រុមនិស្សិតឆ្នើមតំណាងឱ្យប្រទេសកម្ពុជា ដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួនបួនផ្សេងទៀត នឹងបង្ហាញវត្តមានលើឆាកអន្តរជាតិ ក្នុងវគ្គផ្តាច់ព្រ័ត្រ​​នៃការប្រកួតប្រជែងនវានុវត្តន៍យុវជន ស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍតំបន់ឡានឆាង-មេគង្គ លើកទី​​​​១​​០(YICMG) ស្ថិតនៅប្រទេសចិន នាថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២៦ ដោយមានការផ្សាយបន្តផ្ទាល់តាមរយៈ​​​​ប៉ុស្តិ៍អន្តរជាតិ CCTV-4 និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលពាក់ព័ន្ធនានា។ការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យអ៊ូហាន (Wuhan University) ដោយមានការចូលរួមពីក្រុមនិស្សិតឆ្នើមចំនួន ៣៤ ក្រុមមកពី ៦ ប្រទេស។ ក្រោយពីទទួលបា​​ន​​ជ័យលាភីពីការប្រកួតជម្រុះថ្នាក់ជាតិ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា (NICC) នៃ​​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីខែមេសាកន្លងទៅ យុវជនកម្ពុជាបានឈានទៅប្រកួតប្រជែង​​ស​​​មត្ថ​​​ភាពជាមួយយុវជនមកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។សមាសភាពក្រុមតំណាងកម្ពុជារួមមាន និស្សិតឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RU​​PP)​​ សា​​​ក​​ល​​វិទ្យាល័យក្រចេះ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ស្របតាមប្រធានបទឆ្នាំនេះ ដែលផ្តោតលើ "ហេដ្ឋារចនាសម្ព័ន្ធធន់ ការធ្វើឧស្សាហូបនីយកម្មប្រកបដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យា" និស្សិតទាំងនេះ កំពុងសហការគ្នាជាក្រុមចម្រុះជាតិសាសន៍ (Cross-border teams)។ គោលបំណងសំខាន់ គឺដើម្បីបង្កើតឧបករណ៍ប្រើប្រាស់ជាក់ស្តែង កម្មវិធីទូរស័ព្ទឆ្លាតវៃ និងដំណោះស្រាយឌីជីថលនានា ដើម្បីដោះស្រាយបញ្ហាប្រឈមពិតប្រាកដនៅក្នុងសហគមន៍នៃតំបន់ទ​​ន្លេ​​​​មេគង្គ។កម្មវិធីនេះ នឹងបង្ហាញពីសមិទ្ធផលរបស់យុវជន ភាពយន្តឯកសារខ្លីៗអំពីការសហការឆ្លងវប្បធម៌ និងការឡើងធ្វើបទបង្ហាញផ្ទាល់របស់ក្រុមនីមួយៗ ដែលសបញ្ជាក់ពីសក្តានុពលរបស់យុវជនកម្ពុជាក្នុ​​​ង​​តំបន់។អត្ថបទ៖ទូច សោភ័ណ

កម្ពុជា​គោរព និង​ផ្តល់តម្លៃខ្ពស់​ដល់ក្រុម AOT ក្នុងការ​សង្កេតការណ៍ និងផ្ទៀងផ្ទាត់ការគោរពបទឈប់បាញ់

2026/07/15 08:26:20 pm        315
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា កម្ពុជា​គោរព និង​ផ្តល់តម្លៃខ្ពស់​ដល់ក្រុម AOT ក្នុងការ​សង្កេតការណ៍ និងផ្ទៀងផ្ទាត់ការគោរពបទឈប់បាញ់រវាង​កម្ពុជា និងថៃ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ជាក់ស្ដែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ។ បន្ទាប់មក បន្តចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅវត្តឧត្តមគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ៣៩៥គ្រួសារ ខណៈរហូតមកទល់ពេលនេះ ជនភៀសសឹកទាំងអស់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ក្នុងស្មារតីគោរពកិច្ចព្រមព្រៀងនេះ គណៈកម្មការ JBC ភាគីកម្ពុជា​បានផ្ញើកំណត់ទូត​៩លើកហើយ​ទៅកាន់ភាគីថៃ គិតចាប់តាំងពីបទឈប់បាញ់លើកទី២ចូលជាធរមាន ​ដើម្បីស្នើបើកកិច្ចប្រជុំពិសេសនៃគណៈកម្មការចម្រុះJBC កម្ពុជា-ថៃ​ និងស្នើចាត់បញ្ជូនក្រុមការងារ​វាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែង ប៉ុន្តែ ភាគីថៃនៅមិនទាន់បានធ្វើតាមសំណើរនេះនៅឡើយទេ៕ ឯកឧត្តម ប៉ែន បូណា ថ្លែង​ថា៖«រាជរដ្ឋាភិបាលកម្ពុជា​គោរព និង​ផ្តល់តម្លៃខ្ពស់​ដល់អាណត្តិនិងតួនាទី​របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានស្របតាមខ្លឹមសារនៃ​សេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងការ​សង្កេតការណ៍ និងផ្ទៀងផ្ទាត់ការគោរពបទឈប់បាញ់ ក៏ដូចជាអនុវត្តន៍​ខ្លឹមសារទាំងស្រុងនៃសេចក្តី​ប្រកាសរួម ព្រមទាំងកិច្ចព្រមព្រៀង​ផ្សេងទៀតដែលមានស្រាប់»។ឯកឧត្តមបន្តថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM