គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

កម្ពុជាអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ ក្នុង​ទំហំទុនវិនិយោគ ១ពាន់លាន​ដុល្លារអាមេរិក

2026/07/15 06:31:30 pm        268
 ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើថាមពលកកើតឡើងវិញចំនួន ៥ ដែលរួមមាន​ គម្រោងអភិវឌ្ឍន៍​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, គម្រោងអភិវឌ្ឍន៍អគ្គិសនីដើរដោយថាមពលខ្យល់, និងគម្រោងអភិវឌ្ឍន៍​អគ្គិសនីដើរដោយថាមពលជីវម៉ាស ដែលមាន​ដើមទុនចុះបញ្ជីសរុប​ចំនួនប្រមាណ ១ពាន់លានដុល្លារអាមេរិក​ និងបង្កើតការងារជូនពលរដ្ឋមូលដ្ឋានចំនួនជាង ២ ០០០កន្លែង។​CDC បានបញ្ជាក់ថា គម្រោងទាំង ៥នោះ រួមមាន គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួនពីរ គឺមួយ មានអនុភាព ៣៥០មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគចំនួន ២២៦លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងអាចបង្កើតការងារបានចំនួន​ ៨៨កន្លែង និងគម្រោងវិនិយោគ​ថាមពលពន្លឺព្រះអាទិត្យ​មួយទៀត មានអនុភាព ២០០មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តស្ទឹងត្រែង មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក​ និងបង្កើតការងារបានចំនួន ២ ០៦០កន្លែង។CDC ក៏បានអនុម័ត គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ចំនួនពីរ​ មាន​អនុភាព ១៥០មេហ្គាវ៉ាត់ ដូចគ្នា ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ដែល​មានទុនវិនិយោគសរុប​ចំនួន ៣៨៦លាន​ដុល្លារអាមេរិក និងបង្កើតការងារ​ជូនពលរដ្ឋមូលដ្ឋានចំនួន ៨១ កន្លែង។ចំណែក គម្រោងអភិវឌ្ឍន៍​ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលជីវម៉ាស អនុភាព ៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ​ អនុភាព ៤០មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគ ១៣១លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួន ៥៣៥កន្លែង។​ គម្រោងនេះ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់​។​ សូមបញ្ជាក់ថា ថាមពលស្អាតរបស់ប្រទេសកម្ពុជាបានកើនឡើងពី ៥៧% ក្នុងឆ្នាំ ២០២៣ ដល់ជាង ៦៣% ក្នុងឆ្នាំ ២០២៥ ក្នុងនោះ ថាមពលអគ្គិសនីមានប្រភពពីវ៉ារីអគ្គិសនីចំនួន ៣៤,២៥%, ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ២៨,០៥% និងថាមពលអគ្គិសនីដើរដោយជីវម៉ាសចំនួន ០,៩២%។ កំណើននេះ ធ្វើឱ្យប្រទេសកម្ពុជា​មានអត្រាថាមពលស្អាតខ្ពស់បំផុតឈរនៅលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន ដែលរាជរដ្ឋាភិបាលមានផែនការបង្កើនការផលិតថាមពលអគ្គិសនីកកើតឡើងវិញឱ្យដល់ ៧០% នៅត្រឹមឆ្នាំ ២០៣០។ នេះ​បើ​តាម​របាយការណ៍​របស់ក្រសួងរ៉ែ និងថាមពល៕អត្ថបទ៖ ធូ វិរៈ 

កម្ពុជាគូសបញ្ជាក់ពីអាទិភាពយុទ្ធសាស្ត្រ ៥ចំណុច សម្រាប់តម្លៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងអន្តរកាលថាមពលប្រកបដោយតុល្យភាព

2026/07/15 05:27:29 pm        113
ទីក្រុងញូវយ៉ក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ - ថ្លែងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីធនធានរ៉ែសំខាន់សម្រាប់អន្តរកាលឆ្ពោះទៅថាមពលស្អាត នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (អ.ស.ប.) ឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត/តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.ស.ប. បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំមូលដ្ឋានគ្រឹះបច្ចេកទេស និងគោលនយោបាយដែលចាំបាច់ដើម្បីគ្រប់គ្រងធនធានរ៉ែសំខាន់ឱ្យស្របទៅតាមបរិបទអភិវឌ្ឍន៍។ តំណាងអចិន្ត្រៃយ៍រង ​បានលើកឡើងនូវអាទិភាពយុទ្ធសាស្ត្រចំនួន ៥ របស់កម្ពុជា សម្រាប់ការប្រែក្លាយសក្តានុពលនៃធនធានរ៉ែសំខាន់ឱ្យក្លាយជាតម្លៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដែលរួមមាន (១) ការពង្រឹងទិន្នន័យ និងចំណេះដឹងផ្នែកភូមិសាស្ត្រ (២) ការអភិវឌ្ឍក្របខណ្ឌជាតិស្តីពីរ៉ែសំខាន់ (៣) ការលើកកម្ពស់ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការគាំពារបរិស្ថាន (៤) ការជំរុញការបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ និង (៥) ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី។ ដោយសង្កត់ធ្ងន់ថា អន្តរកាលថាមពលសកលត្រូវតែប្រព្រឹត្តទៅឱ្យបានលឿនរហ័ស តែត្រូវយុត្តិធម៌ តំណាងអចិន្ត្រៃយ៍រង ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ការគាំទ្រលើការកសាងសមត្ថភាព ផ្ទេរបច្ចេកវិទ្យា និងជំនួយបច្ចេកទេស ដើម្បីជួយឱ្យបណ្តាប្រទេសសេដ្ឋកិច្ចដែលកំពុងលូតលាស់ អាចសម្រេចបាន​លើសពីការទាញយកធនធានរ៉ែជាវត្ថុធាតុដើម ហើយចូលរួមចំណែកក្នុងអន្តរកាលថាមពលប្រកបដោយតុល្យភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមការងារចុះសួរសុខទុក្ខនាំយកអំណោយ និងថវិកាប្រគល់ជូនភរិយារបស់វីរកងទ័ពឈរជើងការពារបូរណភាពទឹកដីទើបសម្រាលកូនប្រុសនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

2026/07/15 05:11:17 pm        122
«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាប្រគល់ជូនភរិយារបស់វីរកងទ័ពឈរជើងការពារបូរណភាពទឹកដី ដែលទើបសម្រាលកូនប្រុស ចំនួន ០១នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។ជាការចូលរួមអបអរសាទរចំពោះការស្វាគមន៍សមាជិកថ្មី ក្រុមការងារបានពាំនាំប្រសាសន៍សួរសុខទុក្ខដោយក្តីនឹករលឹករបស់ «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ជូនដល់ភរិយាដែលទើបសម្រាលបុត្រ វីរកងទ័ព រួមទាំងក្រុមគ្រួសាររបស់វីរកងទ័ព។ ថ្នាក់ដឹកនាំទាំងទ្វេរក៏បានអរគុណដល់សមាជិកក្រុមគ្រួសារវីរកងទ័ពដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយទ្រទ្រង់គ្រួសារ និងធ្លាប់បានផ្តល់កម្លាំងចិត្តដល់វីរកងទ័ពឱ្យចូលរួមប្រយុទ្ធការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហាន។ជាការតបស្នង វីរកងទ័ព និងភរិយា រួមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ដែលតែងយកចិត្តទុកដាក់អំពីជីវភាព សុខទុក្ខរបស់វីរកងទ័ព រួមទាំងក្រុមគ្រួសារយ៉ាងដិតដល់ និងប្រកបដោយភាពកក់ក្តៅ ហើយសូមប្តេជ្ញាចិត្តស្មោះស្ម័គ្របម្រើជាតិមាតុភូមិ ការពារឱ្យបានដាច់ខាតនូវដែនដីសុវណ្ណភូមិនៃយើង។គួររំលឹកផងដែរថា «សម្តេចធិបតី» ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់វីរកងទ័ពដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ​​ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរកងទ័ពក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរកងទ័ពទៀតផង៕

ខេត្តចំនួនពីរនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគធំៗចំនួន ៤ មានទុនសរុប ២៥ លានដុល្លារ

2026/07/15 04:44:23 pm        203
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគចំនួន៤ នៅខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ លើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វចម្រុះ គម្រោងដាំដំណាំឈើហូបផ្លែ និងរោ​​ង​ច​ក្រ​កែច្នៃ និងគម្រោងកសិ-ឧស្សាហកម្ម ដែលមានទុនវិនិយោគសរុបប្រមាណ ២៥ លានដុល្លារអាមេរិក។ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញ ការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានសម្របសម្រួលដឹកនាំក្រុមការងារ ក.វ.ឦសាន ប្រជុំពិនិត្យ ពិភាក្សា និងចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគនៅខេត្តស្ទឹងត្រែងចំនួន ២ និងខេត្តក្រចេះ ២ គម្រោងផងដែរ ព្រមទាំងបានបើកកិច្ចពិភាក្សាលើលក្ខខណ្ឌបច្ចេកទេស និងនីតិវិធី ជូនក្រុមហ៊ុនដែលបានស្នើការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធី។ គម្រោងដែលវិនិយោគនៅខេត្តស្ទឹងត្រែងរួមមាន៖ ទី១- គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វចម្រុះ របស់ក្រុមហ៊ុនព្រះវិស្ណុ អ៊ីមផិច មានទីតាំងស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណជាង ៤ លានដុល្លារ អាម៉េរិក និងបង្កើតការងារប្រមាណ ៥០ កន្លែង។ ទី២- គម្រោងដាំដំណាំឈើហូបផ្លែ និងរោ​​ង​ច​ក្រ​កែច្នៃ របស់ក្រុមហ៊ុនផលិត​ម្សៅដំឡូងមីចំកាត់ មានទីតាំងស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វា​យ​សែនជ័យ ខេត្តស្ទឹងត្រែង មានទុនវិនិយោគ ប្រមាណ ៧ លា​ន​ដុ​ល្លារអាម៉េរិក និងបង្កើតការងារសរុបប្រមាណ ៥០០ កន្លែង ។ចំណែកនៅខេត្តក្រចេះ ទី១- គម្រោងបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់ក្រុមហ៊ុន សប្លេនឌីធហ្វ័រ ឈួនហ្វូដ ប្រដាក់ មានទីតាំងស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៤ លានដុល្លារ អាម៉េរិក និងបង្កើតការងារប្រមាណ ៥០០ កន្លែង។ ទី២- គម្រោងកសិ-ឧស្សាហកម្មដាំដុះចេកអំបូងលឿង កែច្នៃវេចខ្ចប់ (កែច្នៃគ្រាប់ ស្វាយចន្ទី ស្វាយ ម្នាស់ ទុរេន ចេក ខ្នុរ) របស់ក្រុមហ៊ុនខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័​​ល ឯ.ក មានទីតាំងស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានទុនវិនិយោគប្រមា​ណ ១០ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥៥៣ កន្លែង។ជារួម, ក្រុមការងារបានចុះដល់ទីតាំងគម្រោងវិនិយោគផ្ទាល់ និងបានឈ្វែងយល់ពីសក្កានុពល, ផែនការវិនិយោគ, ការប្រើ ប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្ម និងកិច្ចដំណើរការរបស់ក្រុមហ៊ុន ក្នុងនោះតំណាងក្រុមហ៊ុន ក៏បានស្នើសុំការ លើកទឹកចិត្ត ការអនុគ្រោះ និងការសម្របសម្រួលនីតិវិធី ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រោមកម្ម វិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨៕អត្ថបទ៖ សុន រ៉ាឌី  

សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចការងារនៅប្រទេសចិន

2026/07/15 03:49:42 pm        209
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦នេះតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងធុរជនកម្ពុជា។ក្នុងឱកាសស្នាក់នៅប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្រៅពីអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភព លោកឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាង់ធុរជនចិនសំខាន់ៗជាច្រើនផងដែរ។ទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕ 

ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ

2026/07/15 02:19:47 am        143
នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១:៤៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ។សូមជម្រាបជូនថា រហូតមកទល់ពេលនេះ ជនភៀសសឹកទាំងអស់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 

សម្ដេចធិបតី ៖ ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជា​មន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី

2026/07/15 01:22:09 am        55
ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នា។ 

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិ៖ កម្ពុជាគឺជាគោលដៅទេសចរណ៍​ ដ៏មានសុវត្ថិភាពមួយ

2026/07/15 01:09:38 am        158
នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតចប់អាណត្តិ​ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះភាពរីកចម្រើនជាលំដាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី អាល្លឺម៉ង់-កម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការគាំទ្រដ៏កក់ក្តៅ ចំពោះរូបឯកឧត្តម ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យជាច្រេីន ជាពិសេសទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច​ នៃគណៈប្រតិភូនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ​, ឯកឧត្តម​បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ និងកម្ពុជា គឺជាដៃគូពិភាក្សាដ៏បើកចំហ និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និង​បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនេះ នឹងនៅតែបន្តពូនជ្រំឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម, វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម,​​និងជាពិសេស វិស័យទេសចរណ៍ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ។ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះតួនាទី និងសកម្មភាពការទូតយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការរួមចំណែកពង្រឹង និងពង្រីកចំណងមិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរ។ សម្តេចធិបតី ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ​ លើវិស័យជាច្រើន​ ជាពិសេសលើវិស័យអប់រំ និង​បណ្តុះបណ្តាល, និងមានជំនឿថា កិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះនឹងបន្តរីកចម្រេីន​ និង​ កាន់តែស្អិតរមួតបន្ថែមទៀត។ សម្តេចធិបតី ក៏បានឯកភាពថា កម្ពុជា និងអាល្លឺម៉ង់ នៅមានកាលានុវត្តភាពជាច្រើនក្នុងការជំរុញទំហំពាណិជ្ជកម្ម និងកិច្ចហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច តាមរយៈការបន្តលើកកម្ពស់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន​ នៃប្រទេស​ទាំងពីរ​។ ពាក់ព័ន្ធ​នឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, សម្តេចធិបតីបាន​គូសបញ្ជាក់ថា​ កម្ពុជា​-អាល្លឺម៉ង់​ នៅមានសក្តានុពលជាច្រេីន ​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សម្តេច​ធិបតី​បានជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ អំពីគោលនយោបាយ និងវិធានការគន្លឹះៗរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការរីកចម្រើនលើវិស័យនេះ ជាពិសេសការជំរុញការកែច្នៃផលិតផលកសិកម្មយុទ្ធសាស្ត្រ រួមមានគ្រាប់ស្វាយចន្ទី និងស្រូវ​ អង្ករ​ របស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដែលមានស្រាប់។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយអនុលោមទៅតាមច្បាប់អន្តរជាតិ៕

ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលទឹកកូរ៉េ-មេគង្គ នៃសាជីវកម្មធនធានទឹកកូរ៉េ

2026/07/15 12:22:00 am        128
នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Park Sang-Young នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលទឹកកូរ៉េ-មេគង្គ (Korea-Mekong Water Center) នៃសាជីវកម្មធនធានទឹកកូរ៉េ (K-Water) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ។លោក Park បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីគម្រោងមួយចំនួនដែល K-water បានអនុវត្តកន្លងមកក្នុងប្រទេសកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ODA របស់កូរ៉េ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងទឹកប្រើប្រាស់ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោក Park ក៏បានអញ្ជើញឯកឧត្តមឯកអគ្គរាជទូតចូលរួមកម្មវិធី «វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៤ - 4th Mekong-Korea International Water Forum» នៅចុងឆ្នាំ ២០២៦នេះ ផងដែរ។ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់ K-Water ដែលបានផ្តល់កិច្ចសហការ និងបន្តគាំទ្រលើគម្រោងអភិវឌ្ឍផ្នែកធនធានទឹករបស់ប្រទេសកម្ពុជា ដែលសុទ្ធសឹងតែជាគម្រោងមានសារៈសំខាន់សម្រាប់គាំទ្រដល់វិស័យសំខាន់ៗ របស់ប្រទេសកម្ពុជា និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ ឯកឧត្តមក៏បានបន្តថា ស្ថានទូតរីករាយនឹងបន្តកិច្ចសហការ និងគាំទ្រដល់សកម្មភាពរបស់ K-water សម្រាប់គម្រោងនានាក្នុងប្រទេសកម្ពុជា នៅថ្ងៃខាងមុខ ៕ អត្ថបទ​បាន​សុខរិទ្ធិ

ក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១

2026/07/14 11:18:19 pm        104
ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី៣៣១ ស្មើនឹង ១១១៨មាតិកាព្រះធម៌ នៅទីស្តីក្រសួង នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ។លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម, ២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍, ៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង ពីការជួញដូរមនុស្ស, ៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម, ៥-បង្ការគ្រោះថ្នាក់ចរាចរណ៍, ៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ, ៧-រួមចំណែករក្សា ភូមិ-ឃុំ-មានសុវត្ថិភាព, ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត, ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន និង១០-ជួយផ្សព្វផ្សាយពីហានិភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ឯកឧត្តម ហាក់ ប៊ុនធឿន បានថ្លែងថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់​ខ្ពស់របស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានបន្តអនុវត្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន បានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន ចំនួន២៣ស្ថានីយ៍ បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។ សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី៣៣១ ស្មើនឹង១១១៨ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព, ព្រះឥន្ទមុនី សុំ សុខា, ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ តាជី យាយជី សីលវ័ន សីលវត្តី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕ អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM