គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

2026/07/14 11:12:48 pm        90
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ហានស៍ លេអូ ជេ ខាដាក (Hans Leo J. Cacdac) រដ្ឋមន្ត្រីក្រសួងជនទេសន្តរប្រវេសន៍នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦ និងការត្រៀមរៀបចំវេទិកាអាស៊ានលើកទី១៩ ស្តីពីជនទេសន្តរប្រវេសន៍ (AFML) នាខែតុលាខាងមុខ។ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហ្វីលីពីន និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការងារ កិច្ចគាំពារជនទេសន្តរប្រវេសន៍ និងសន្តិសុខសង្គម។ ឯកឧត្តមក៏បានអបអរសាទរ ហ្វីលីពីន ក្នុងឱកាសធ្វើជាប្រធានអាស៊ានឆ្នាំ២០២៦ និងបញ្ជាក់ការគាំទ្រចំពោះការជំរុញការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការជ្រើសរើសជនទេសន្តរប្រវេសន៍ប្រកបដោយយុត្តិធម៌ ការទទួលបានការគាំពារសង្គម និងយន្តការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពសម្រាប់ជនទេសន្តរប្រវេសន៍។ឯកឧត្តម ហេង សួរ ក៏បានលើកទឹកចិត្តឱ្យហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន បន្តតាមដានការវិវត្តនៃស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់ផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចសង្គមចំពោះជនទេសន្តរប្រវេសន៍កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ជនទេសន្តរប្រវេសន៍គួរទទួលបានការការពារពីការរើសអើង ការកេងប្រវ័ញ្ច ការរំខានដល់ការងារ និងធានាសិទ្ធិទទួលបានប្រាក់ឈ្នួល ឯកសារស្របច្បាប់ ការគាំពារសង្គម និងសេវាមូលដ្ឋាន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះប្រធានាធិបតីហ្វីលីពីន ដែលបានចូលរួមសម្របសម្រួលបន្ធូរបន្ថយភាពតានតឹងផងដែរ។ជាការឆ្លើយតប ឯកឧត្តម ហានស៍ លេអូ ជេ ខាដាក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីចំពោះកិច្ចពិភាក្សាដ៏សំខាន់ប្រកបដោយផលិតភាពនេះ ក៏ដូចជាបានបង្ហាញពីផែនការយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការចែករំលែកបទពិសោធលើកិច្ចគាំពារជនទេសន្តរប្រវេសន៍។ ឯកឧត្តមបញ្ជាក់ថា ជំនួបនេះនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខណៈដែលហ្វីលីពីននៅតែបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា។ សូមបញ្ជាក់ថា វេទិកាអាស៊ានស្តីពីជនទេសន្តរប្រវេសន៍ (AFML) ជាវេទិកាប្រចាំឆ្នាំដែលមានការចូលរួមពីត្រីភាគី ក្រោមការរៀបចំរបស់គណៈកម្មាធិការអាស៊ានស្តីពីការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនទេសន្តរប្រវេសន៍ (ACMW) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារនៅក្នុងតំបន់៕

ទេសចរ និងពលរដ្ឋ ចុងក្រោយដែលបានជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំក្នុងភូមិពលរដ្ឋដោយសុវត្ថិភាពទាំងអស់ហើយ

2026/07/14 10:40:23 pm        281
ទេសចរ និងពលរដ្ឋ ចំនួន៣នាក់ចុងក្រោយ ដែលបានជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំ ដល់ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយសុវត្ថិភាពទាំងអស់ហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ និងជួយសង្គ្រោះយ៉ាងសកម្មពីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។ គិតត្រឹមម៉ោង២និង៥នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ទឹកជំន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនៅតំបន់ភ្នំខ្នងផ្សារ បានស្រកអស់ច្រើន។ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន និងឆ្លងម៉ូតូបានជាធម្មតា ដោយសាររយៈពេលនេះ ពុំមានភ្លៀងទៀតទេក្នុងតំបន់នោះ។ អ្នកទេសចរចំនួន៣នាក់ ចុងក្រោយ ដែលបានជាប់គាំងលើភ្នំរយៈពេល២ថ្ងៃកន្លងមកនេះ ត្រូវបានមន្រ្តីឧទ្យានុរក្សនិងប្រជាសហគមន៍ បានសម្រួលចុះមកក្រោមវិញប្រកបដោយសុវត្ថិភាព។ ដោយឡែកមធ្យោបាយធ្វើដំណើរ មានរថយន្តចំនួន ៤ គ្រឿង ដែលស្ថិតក្នុងជើងភ្នំ មិនអាចបញ្ជូនមកដល់ភូមិនៅឡើយ។ សូមបញ្ជាថាជំនន់ទឹកភ្លៀងបានកើតឡើងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ និងបានប៉ះពាល់ទេសចរចំនួន ៥៥១នាក់ បានជាប់គាំងមិនអាចចុះពីលើភ្នំបាន ដោយសារទឹកហូរធ្លាក់ខ្លាំង។ប៉ុន្តែជាបន្តបន្ទាប់ចាប់ពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ពេកនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ត្រីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ចុះអន្តរាគមន៍នាំយកទេសចរទាំងអស់ មកកាន់ទីតាំងសុវត្ថិភាព និងផ្តល់ការស្នាក់នៅបណ្ដោះអាសន្ននៅ «តំបន់លំហែបៃតងដំណាក់ដំរី» ដោយរៀបចំស្បៀងអាហារ និងកន្លែងស្នាក់នៅជូន រហូតដល់ស្ថានភាពអំណោយផល ទើបបន្តមកកាន់ភូមិតាំងបំពង់។រហូតមកទល់ពេលនេះទេសចរ និងប្រជាពលរដ្ឋនៃសហគមន៍មូលដ្ឋាន ត្រូវបានជួយសង្គោះនិងសម្រួលចុះពីលើភ្នំខ្នងផ្សារ និងមកដល់ទីទួលសុវត្ថិភាពអស់់ហើយ។ ក្រសួងបរិស្ថានបន្តតាមដាននិងរចូលរួមសហការ ជាមួយអ្នកពាក់ព័ន្ធ ជាពិសេសភ្ញៀវទេសចរទាំងអស់ ដើម្បីធានាសុវត្តិភាពសម្រាប់ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ព្រៃភ្នំក្នុងរដូវវស្សានេះ៕

ក្រុម AOT ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ពលរដ្ឋដែល​បានផ្លាស់​ទីលំនៅ​ជា​បណ្តោះអាសន្ន​នៅវត្តឧត្តមគិរីទួលអណ្ដែត ចំនួន ៣៩៥គ្រួសារ

2026/07/14 10:30:46 pm        162
នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១:០៦នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅវត្តឧត្តមគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ៣៩៥គ្រួសារ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា រហូតមកទល់ពេលនេះ ជនភៀសសឹកទាំងអស់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ បើតាម អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ៖ ការ​ផ្តល់សច្ចាប័ននៃអនុសញ្ញា និងពិធីសារអាកាសយាន​នាំមកនូវ​អត្ថប្រយោជន៍​សំខាន់ៗចំនួន​ពីរ

2026/07/14 10:18:25 pm        372
ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ​នឹង​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន​បន្ថែម​ទៀត​នៅ​ពេល​ប្រទេស​កម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពី ប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពី ប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។ ការ​ផ្តល់សច្ចាប័ននេះ នឹង​ផ្តលអត្ថប្រយោជន៍​សំខាន់ៗចំនួនពីរ ដល់កម្ពុជា​។​ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃ «អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន» ត្រូវបានសមាជិករដ្ឋសភា អនុម័តជាឯកច្ឆន្ទ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែង​ក្នុង​អង្គ​ប្រជុំ​រដ្ឋសភាថា អត្ថប្រយោជន៍សំខាន់ៗ​ទាំង២នេះ រួមមាន ទី១. អត្ថប្រយោជន៍ផ្នែកច្បាប់៖ ដោយ​អនុសញ្ញានិងពិធីសារអាកាសយាន នឹងជួយឱ្យកាន់តែប្រសើរឡើងថែមទៀតដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល, ការលក់មានលក្ខខណ្ឌក្រោមកិច្ចព្រមព្រៀងរក្សាសិទ្ធិកម្មសិទ្ធ និងកិច្ចព្រមព្រៀងជួល​ចំពោះឧបករណ៍អាកាសយាន ក្រោមរបៀបរបបអន្តរជាតិថ្មីមួយនិងតែមួយ​ក្នុងការគ្រប់​គ្រងឧបករណ៍​ចល័តដែលមានតម្លៃខ្ពស់ ដូចជា តួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រ ជាដើម ដែលហៅថាប្រាតិភោគជាអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ពីគ្រប់បណ្តា​រដ្ឋភាគីផ្សេងៗទៀត តាមរយៈការបង្កើតប្រព័ន្ធចុះបញ្ជីអន្តរជាតិជាប្រព័ន្ធអេឡិចត្រូនិច។ ការចូលជារដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារហិរញ្ញវត្ថុ និងអាកាសចរណ៍អន្តរជាតិថា កម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ចំណែក​ទី​២ គឺ​អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច៖ ដោយ​អនុសញ្ញានិងពិធីសារអាកាសយាន នឹងផ្តល់ជំនឿទុកចិត្តដល់បណ្តាអ្នកវិនិយោគ និងអ្នកឱ្យខ្ចីប្រាក់ ក្នុងការផ្តល់ហិរញ្ញប្បទានកាន់តែច្រើនឡើងថែមទៀត ដើម្បីទិញ ឬ​ជួលឧបករណ៍ចល័តដែលមានតម្លៃខ្ពស់ ដោយសារតែមានប្រាតិភោគជាអន្តរជាតិលើ​គោលការណ៍អនុវត្តនៃសិទ្ធិកាន់កាប់ឡើងវិញ, ការលុបការចុះបញ្ជី និងការនាំចេញអាកាសយាន ព្រមទាំងការទូទាត់សំណង។ ឯកឧត្តម ហាវណ្ណាល់ បាន​លើក​ឡើង​ទៀត​ថា ​ចំពោះ​ផលជះពីការចូលជារដ្ឋភាគីនៃអនុសញ្ញានិងពិធីសារអាកាសយាន គឺ​កម្ពុជាទទួលបានមកវិញ​មានចូលរួមជួយកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានពីក្រៅប្រទេសដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ចូលរួមជួយដល់ការពង្រីកបន្ថែមអាកាសយានថ្មីៗ ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា។ ព្រមទាំង ជួយបង្កើនភាពទាក់ទាញដល់ក្រុមហ៊ុនជួលអាកាសយាននិងអ្នកផ្តល់ហិរញ្ញប្បទានអន្តរជាតិ មកកាន់កម្ពុជា, និង ជួយគាំទ្រដល់ការរីកចម្រើនប្រកបដោយភាពធន់ នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ អាកាសទាំងមូល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌អន្តរជាតិ។ បន្ថែមលើសពីនេះ អនុសញ្ញានិងពិធីសារអាកាសយាន ក៏​នឹងជួយដល់​ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដូចជា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុង​ការចរចាទិញអាកាសយានថ្មីៗពីក្រុមហ៊ុនផលិតយន្តហោះ ដូចជា ក្រុមហ៊ុន Boei​ng របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន កូម៉ាក់ (COMAC) របស់ប្រទេសចិន លើ​លក្ខ​ខណ្ឌ​អនុគ្រោះផ្នែកហិរញ្ញវត្ថុ ក៏ដូចជា បានកសាងទំនុកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់​អាកាសយាន ដែលបាន ឬ មានបំណងជួលអាកាសយានឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ផងដែរ៕ អត្ថបទ៖ ធូ វិរៈ 

អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មានរាជធានី-ខេត្តត្រូវក្តាប់សភាពការណ៍ជាតិ-អន្តរជាតិ​ឱ្យបានច្បាស់លាស់ និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា

2026/07/14 10:07:50 pm        239
កោះកុង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បាន​ណែនាំ​ដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យតាមដាន និងក្តាប់ព័ត៌មាន ឬព្រឹត្តិការណ៍ជាតិ និង​អន្តរជាតិ​ឱ្យ​បានច្បាស់លាស់ ដើម្បីរៀបចំយុទ្ធសាស្រ្ត​ផ្សព្វផ្សាយ​ជូន​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ជ្រាប​ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជៀសវាងការទទួលបានព័ត៌មានមិនពិត ឬការបក​ស្រាយ​ខុស​ពី​ប្រភពផ្សេងៗ។ ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និង​តម្រង់​ទិស​ការងារ​គ្រប់​គ្រង​ព័ត៌មាន និងសាធារណៈមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុងនៅថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០២៦។ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងទៀតថា នៅក្នុងបរិបទដែលបច្ចេក​វិទ្យាវិវត្តន៍​យ៉ាង​ឆាប់​រហ័ស លំហូរព័ត៌មានក្លែងក្លាយក៏កើតមានឡើងយ៉ាងច្រើន ដែលទាមទារ​ឱ្យ​មន្ត្រី​ព័ត៌​មាន​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់ និងមានវិធានការគ្រប់គ្រងព័ត៌មាននិងឆ្លើយតបឱ្យបានម៉ឺងម៉ាត់។ ឯកឧត្តមបានគូសបញ្ជាក់ថា វិធីសាស្ត្រប្រឆាំងដ៏មានប្រសិទ្ធភាព គឺការយកព័ត៌មានពិតទៅបំផ្លាញព័ត៌មានក្លែងក្លាយឱ្យអស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅពេលដែលមន្ត្រីសាធារណមតិមានធាតុចូល និងព័ត៌មានគ្រប់គ្រាន់ក្នុងដៃ យើងអាចផ្សព្វផ្សាយឆ្លើតបបានភ្លាមៗ និងមានមូលដ្ឋានគ្រឹះត្រឹមត្រូវ ការឆ្លើយតបបានលឿន និងច្បាស់លាស់ ជួយកាត់បន្ថយការភាន់ច្រឡំរបស់សាធារណជន ហើយការពារមិនឱ្យមតិអវិជ្ជមានពីបរទេស ឬក្រុមមជ្ឈដ្ឋានមិនល្អ បំភ្លៃការពិតអំពីស្ថានភាពប្រទេសកម្ពុជា ជាពិសេសក្នុងមូលដ្ឋាន។ ឯកឧត្តមគួសបញ្ជាក់ថា មន្ទីរព័ត៌មានដើរតួនាទីជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ តាមរយៈការងារសាធារណមតិ ដែលជាសេនាធិការមិនអាចខ្វះបានទាំងនៅថ្នាក់រដ្ឋបាលរាជធានី-ខេត្ត និងថ្នាក់ជាតិ។ ឯកឧត្តម ទេព អស្នារិទ្ធ មានប្រសាសន៍បញ្ជាក់ថា យន្តការការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីររាជធានីខេត្ត កំពុងដើរតួនាទីដ៏សំខាន់ជា «ខ្សែប្រយុទ្ធ»ក្នុងសមរភូមិព័ត៌មានសម្រាប់មូលដ្ឋានរាជធានីខេត្តរៀងៗខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវកម្លាំងសរុប និងប្រសិទ្ធភាពការងារ ក្រុមការងារទាំងអស់ត្រូវតែមានការគាំទ្រ និងសហការគ្នាជាធ្លុងមួយដើម្បីធានាសាមគ្គីភាពរឹងមាំផ្ទៃក្នុង ព្រមទាំងបន្តពង្រឹងកិច្ចសហការល្អជាមួយមន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងទម្រង់ជាបណ្តាញការងារព័ត៌មាន និងសាធារណមតិរឹងមាំក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ ក៏បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ផលិត និងផ្សព្វផ្សាយព័ត៌មានសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍមូលដ្ឋាន និងព្រឹត្តិការណ៍នានាក្នុងខេត្ត តាមរយៈគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់មន្ទីរឱ្យបានផុលផុសផងដែរ។ លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានប្តេជ្ញាពង្រឹងសមត្ថភាពក្រុមការងារ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការផលិតមាតិកាព័ត៌មានស្តីពីសកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលអភិវឌ្ឍន៍មូលដ្ឋានឱ្យបានកាន់តែសកម្ម និងទាន់ពេលវេលា។ ជាមួយគ្នានេះ មន្ទីរនឹងពង្រឹងប្រសិទ្ធភាពបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដើម្បីក្លាយជាប្រភពព័ត៌មានដ៏មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងទាំងមូល៕

ក្រសួងកសិកម្ម​ ធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦

2026/07/14 09:59:37 pm        320
ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២៦​ ដោយកម្មវិធីនេះ​រៀបចំឡេីងដោយក្រុមការងារនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ សហការជាមួយក្រុមការងារ​ចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ។ យុទ្ធនាការជំរឿនពេលនេះ មានគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។សូមជម្រាបជូនថា​ យោងតាមសារាចររបស់រាជរដ្ឋាភិបាលលេខ១១ សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ការធ្វើបច្ចុប្បន្នភាព និងជំរឿននាពេលនេះមានគោលបំណងសំខាន់ៗចំនួន៤ គឺ៖ (១)កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទរបស់ក្រសួងស្ថាប័ន (២)កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន (៣)ធ្វើបច្ចុប្បន្នភាពនិងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន និង(៤)កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកបៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែង៕

អង្គភាពចំនួន៣០ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ទទួលជ័យលាភីក្នុងការផ្តល់សេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៥

2026/07/14 09:28:44 pm        84
នៅព្រឹកនេះ អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យចំនួន១០ សាលាបឋមសិក្សាចំនួន១០ និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាពចំនួន១០ សរុបចំនួន៣០អង្គភាព ត្រូវបានប្រកាសផ្តល់ជ័យលាភីក្នុងការផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥ ប្រកបដោយវិជ្ជាជីវៈខ្ពស់ សុចរិតភាព និងយុត្តិធម៌។កម្មវីធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបចំនួនប្រមាណជាង ២ពាន់នាក់។នៅក្នុងកម្មវិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងដោយគូសបញ្ជាក់ថា អង្គភាពគំរូមិនមែនជាចំណុចសំខាន់នៃការប្រឡងប្រណាំងប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការទទួលខុសត្រូវកាន់តែធំ ជ័យលាភីថ្ងៃនេះត្រូវបន្តរក្សាស្តង់ដារ បន្តកែលម្អរ បន្តចែករំលែកបទពិសោធន៍ និងបន្តប្រើតួនាទីជាប្រភពនៃការរៀនសូត្រសម្រាប់អង្គភាពផ្សេងៗទៀត។ ចំណែកអង្គភាពមិនទាន់ទទួលបានជ័យលាភី ឯកឧត្តម បានលើកទឹកចិត្តថា គួរចាត់ទុកថាជាការចូលរួមក្នុងការដំណើរការវាយតម្លៃ ជាឱកាសសម្រាប់សិក្សា វាស់វែងគុណភាពខ្លួនឯង ស្វែងរកចំណុចត្រូវកែលម្អរ និងបន្តដំណើរឆ្ពោះទៅរកភាពជាគំរូ។ក្រុមជ័យលាភីឆ្នាំ២០២៥ បានលើកឡើងថា ការទទួលបានជ័យលាភីនេះ ពិតជាមានតម្លៃខ្លាំងណាស់ចំពោះអង្គភាពផ្តល់សេវា និងជួយពង្រឹងគុណភភាពវិស័យរបស់ខ្លួនកាន់តែល្អប្រសើរថែមទៀត។ លើសនេះទៀត គឺការលើកកម្ពស់ និងពង្រឹងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព។សូមបញ្ជាក់ថា ការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ក្នុងឆ្នាំ២០២៥ គឺជាការអនុវត្តក្នុងជំហានទី២ បន្ទាប់ពីត្រូវបានដាក់ឱ្យអនុវត្តនៅជំហានទី១ ក្នុងឆ្នាំ២០២៣៕អត្ថបទ៖ ឈិត បូរ៉ាវី    

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសួរសុខទុក្ខ និង​ពិនិត្យ​ស្ថាន​ភាព​រស់​នៅ​របស់​ពលរដ្ឋ​ដែល​បាន​ផ្លាស់​ទី​លំ​នៅ​ជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ខេត្តព្រះវិហារ

2026/07/14 09:09:06 pm        154
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសួរសុខទុក្ខ និងពិនិត្យ​ស្ថាន​ភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​ផ្លាស់ទី​លំ​នៅ​ជា​បណ្តោះអា​សន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំ​ឈាន​មុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ។ នេះបើយោងតាម​សេចក្តី​ប្រកាសព័ត៌មានរបស់​អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលា​ម៉ោង​១០:​២០​នាទី​ព្រឹក ​ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្រប​សម្រួល​ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពី​សាធារណ​រដ្ឋ​ហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថាន​ភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​ផ្លាស់​ទីលំនៅ​ជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុ​ក​ត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ។សូមជម្រាបជូនថា រហូតមកទល់ពេលនេះ ជនភៀសសឹកទាំងអស់នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំ​នៅដ្ឋា​នរបស់ពួកគាត់វិញបាននៅឡើយទេ ដោយសារការ​ចូល​កាន់​កាប់​ទឹក​ដី​កម្ពុ​ជា​ដោយ​ខុស​ច្បាប់​ពី​សំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួម​ទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​ចុះ​សួរ​សុខ​ទុក្ខ​ដល់​ជនភៀសសឹ​កដែ​ល​មិន​ទាន់​អាច​វិល​ត្រលប់​ទៅ​ផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់​ពីភាព​ចាំ​បាច់​ជា​ដាច់​ខាត​ក្នុង​ការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមា​ដោយ​គណៈ​កម្មការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​ដូច​មាន​ចែង​នៅ​ក្នុង​ចំនុច​ទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ស៊ីវិល​ស្លូត​ត្រង់​របស់​កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយ​សុវត្ថិភាព ​និងកិត្តិយស។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោល​ការណ៍​ខ្សែ​ព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក។ កម្ពុជាមិន​ទទួល​ស្គាល់​ជាដាច់​ខាត​នូវ​ការកែប្រែ​ខ្សែព្រំ​ដែន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការប្រើប្រាស់កម្លាំងនោះឡើយ៕ 

អគ្គិសនីកម្ពុជា នឹងដំឡើងភ្លើងបំភ្លឺនៅតាមតំបន់និងផ្លូវសំខាន់ៗក្នុងខេត្តមួយចំនួនឱ្យរួចរាល់ក្នុងរយៈពេលពីរឆ្នាំទៀត

2026/07/14 08:36:49 pm        320
ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) នឹងបំពាក់ប្រព័ន្ធអំពូលបំភ្លឺដោយថាមពលព្រះអាទិត្យ (សូឡា) នៅតាមបណ្ដាផ្លូវ និងតំបន់សំខាន់ៗ ក្នុងខេត្តចំនួន ១៣បន្ថែមទៀត ឲ្យបានរួចរាល់ យ៉ាងយូរបំផុតត្រឹមរយៈពេល ២ឆ្នាំទៀត ដើម្បីបង្កើតនូវភាពងាយស្រួល ដល់ការធ្វើដំណើរនាពេលត្រី មានសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពផ្លូវសាធារណៈ ។ ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នាស្តីពី ការឧបត្ថម្ភប្រព័ន្ធអំពូលបំភ្លឺដោយថាមពលព្រះអាទិត្យ សម្រាប់ដំឡើងបន្ថែមលើផ្លូវជាតិមួយចំនួន រវាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីបានការគាំទ្រ និងសាទរពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន អំពីការសាកល្បងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលព្រះអាទិត្យ នៅផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ក៏មាននូវសំណូមពរជាច្រើន ឲ្យបន្តពង្រីកបន្ថែមលើផ្លូវជាតិលេខ៥ទាំងមូល ។ ឯកឧត្តមបន្តថា ក្រោយពិនិត្យលទ្ធភាពរួចរាល់ អគ្គិសនីកម្ពុជាក៏បានសម្រេចពង្រីកការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលព្រះអាទិត្យបន្ថែម នៅតាមផ្លូវជាតិលេខ៥ លេខ៦ តំបន់ទេសចរណ៍ នៅភាគខាងត្បូងប្រទេស សរុបជាង ១ពាន់គីឡូម៉ែត្រ ដោយត្រូវប្រើប្រាស់ថវិកាមូលនិធិសង្គមរបស់អគ្គិសនីកម្ពុជា ប្រមាណជា ៥លានដុល្លារ ដែលកំណត់ដោយរាជរដ្ឋាភិបាល និងមានការត្រួតពិនិត្យដោយសវនកម្មត្រឹមត្រូវ ហើយការតំឡើងនេះ គ្រោងធ្វើឲ្យរួចរាល់ត្រឹមរយៈពេល ១ឆ្នាំកន្លះ ទៅ២ឆ្នាំ ។ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការចុះកិច្ចព្រមព្រៀង ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា គម្រោងការដាក់ប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលព្រះអាទិត្យនេះ គឺមិនមែនបញ្ចប់ត្រឹមខេត្តទាំង១៣នេះទេ ដោយរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំស្វែងរកថវិកាដើម្បីពង្រីកការដំឡើងឲ្យបានទូទាំងប្រទេស ។ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍ថា ការដំណើងនូវប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលព្រះអាទិត្យនេះ គឺពិតជាបានរួចចំណំណែកយ៉ាងសំខាន់ ក្នុងការជួយលើកម្ពស់សុវត្ថិភាពចរាចរណ៍ ថាមពល និងបរិស្ថានជាដើម ។ គួរបញ្ជាក់ថា ការដំឡើងពីកំណាត់ផ្លូវជាតិលេខ៥ ចន្លោះព្រំប្រទល់រាជធានីភ្នំពេញ ដល់ខេត្តបន្ទាយមានជ័យ ត្រូវដំឡើងលើមេឌីដ្យានទ្រូងផ្លូវ, កំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សៀមរាប និងបន្ទាយមានជ័យ ចាប់ពីស្រុកជើងព្រៃ (ស្គន់) ដល់ព្រំប្រទល់ខេត្តកំពង់ធំ និងចាប់ពីស្រុកជីក្រែង ដល់ក្រុងសិរីសោភ័ណ ដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ, កំណាត់ផ្លូវជាតិលេខ៧ ពីស្រុកជើងព្រៃ ដល់ទីក្រុងកំពង់ចាម ត្រូវដំឡើងលើមេឌីដ្យានទ្រូងផ្លូវ, ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់ព្រំដែនប្រទេសវៀតណាម ដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ, ផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ និងលើមេឌីដ្យានទ្រូងផ្លូវ និងផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍នៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ ព្រះសីហនុ កោះកុង កំពត និងខេត្តកែប ៕ អត្ថបទ បាន សុខរិទ្ធិ  

អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប អប់រំ​ណែនាំ​ដល់​អាជីវក​រ​ជួល​ឈុតបុរាណនៅមុខប្រាសាទអង្គរវត្ត

2026/07/14 08:36:40 pm        239
មន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរ​ដែនដី រួមទាំងប៉ូលិសការពារបេតិកភណ្ឌ បានជួបសំណេះសំណាលជាមួយក្រុមអាជីវករ ដែល​បម្រើ​សេវា​កម្មជួលសម្លៀកបំពាក់បែបខ្មែរបុរាណឱ្យភ្ញៀវទេសចរ ដែលបាន​ទៅទស្សនា​ប្រាសាទ​ក្នុង​តំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការជួប​សំណេះសំណាលនេះ ក្នុងគោលបំណងចង់ឱ្យក្រុមអាជីវករទាំងអស់ ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរចូលទស្សនាអង្គរ បានយល់ដឹងយ៉ាងត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងយល់ដឹងថា អ្វីដែលមិនមែនជាប្រពៃណីខ្មែរ ហើយបម្រើឱ្យវប្បធម៌បរទេស។ មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជំនាញលើសិល្បៈបុរាណខ្មែរ និងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំ លោក ចាន់ សោភ័ន ឱ្យដឹងថា ពេលបច្ចុប្បន្ននេះ គឺមានអាជីវករមួយចំនួន នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត បានជួលឈុតបុរាណ ដែលបានស្លៀកពាក់ខុសពីទម្រង់ដើម មាន៧០ភាគរយ។ ពិសេស ការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ។ សកម្មភាពនេះ គឺប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរទាំងស្រុង ដូចជា ការបម្រើឱ្យវប្បធម៌បរទេស។ លោក ពន្យល់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើកំណាត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ហើយក៏មិនត្រូវកែច្នៃឈុតណាមួយឱ្យខុសពីក្បួនខ្នាតខ្មែរដែរ។ ការប្រើគ្រឿងអលង្ការ និងកំណាត់ទៀតសោត ក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណដែរ។ ការស្លៀកពាក់ និងការតុបតែងខ្លួនរបស់ខ្មែរបុរាណទៀតសោត មានទម្រង់ច្បាស់លាស់ទៅតាមឋានយសសក្ដិ រាប់ចាប់ពីព្រះមហាក្សត្រដល់រាស្រ្តសាមញ្ញ។ ឧទាហរណ៍ ដូចជាសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រ សម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី កំណាត់ល្បើក និងលើ្បកជ័រជើង សម្រាប់ឋានៈសេដ្ឋី គហបតី និងកំណាត់ដែលត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញទូទៅជាដើម។ លោក ចាន់ សោភ័ន លើកទឹកចិត្តឱ្យអាជីវករទាំងអស់ ត្រូវតែកែប្រែបន្តិចម្តងៗ មកប្រើហូល សូត្រ ឬល្បើកពេជ្រ ល្បើករងជើង និងអលង្កការខ្មែរ ដែលជាការលើកតម្លៃអ្នកតម្បាញ និងជាងទងខ្មែរ ហើយវប្បធម៌ខ្មែរនៅគង់វង្សមិនបាត់បង់។ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ថ្លែងថា ការជួលសម្លៀកបំពាក់ ឬឈុតបុរាណមួយចំនួននៅក្នុងតំបន់អង្គរ មិនត្រឹមត្រូវតាមទម្រង់ដើម មានការរិះគន់ជាបន្តបន្ទាប់ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ។ អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប សំណូមពរឱ្យក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណ កាត់បន្ថយរហូតឈានដល់ការបញ្ឈប់ការប្រើប្រាស់កំណាត់បរទេស ដូចជា កំណាត់ដែលមានតម្លៃថោកៗ ដែលនាំចូលពីប្រទេសថៃ ទាំងស្រុង។ អាជ្ញាធរជាតិអប្សរា បានដាក់កំហិតថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ ចំពោះសម្លៀកបំពាក់បុរាណ ដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាអង្គរទៀតឡើយ។ ចំណែកសម្លៀកបំពាក់ ដែលប្រើប្រាស់កំណាត់មកពីថៃ គឺត្រូវបញ្ចប់ជាស្ថាពរ នៅត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM