គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

ទីផ្សារអាមេរិកកំពុងស្រូបយកទំនិញសក្តានុពលថ្មីៗបន្ថែមគាំទ្រដល់កំណើនការនាំចេញរបស់កម្ពុជា

2026/07/14 08:26:44 pm        333
ធុរកិច្ចអាមេរិកបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក នឹងរំពឹងថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងមានកំណើនហក់ឡើងកាន់តែខ្ពស់បន្ថែមទៀត ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ខណៈទីផ្សារអាមេរិកបានកំពុងស្រូបយក ទំនិញដែលមានសក្តានុពលថ្មីៗបន្ថែមពីកម្ពុជា។ លោក ខេស៊ី បាណេត ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នេះថា កម្ពុជានិងសហរដ្ឋអាមេរិក មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងរឹងមាំ ក្នុងនោះសម្រាប់ការធ្វើពាណិជ្កម្ម, កម្ពុជាបានទទួលប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីសហរដ្ឋ អាមេរិកនៅឆ្នាំ១៩៩៧ (ដោយទទួលការអនុគ្រោះមិនយកពន្ធ ០% លើទំនិញខ្លះ) តែបានផុតកំណត់សុពលភាពនៅដំណាច់ឆ្នាំ ២០២០។ តែទោះបីយ៉ាងណា, ទីផ្សារសហរដ្ឋអាមេរិក នៅតែបន្តគាំទ្រដល់ការនាំចេញ និងបច្ចុប្បន្នបានក្លាយជាទីផ្សារនាំចេញដ៏ធំ បំផុតរបស់កម្ពុជាផងដែរ។ លោក បន្តថា ជុំវិញការការធ្វើពាណិជ្ជកម្មទ្វេភាគីនេះឃើញថា ការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកចូលមកទីផ្សារកម្ពុជា, ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ មកដល់បច្ចុប្បន្នបាននិងកំពុងបន្តកើនឡើង ខណៈការនាំចេញរបស់កម្ពុជាទៅអាមេរិក ក៏បានកើន ឡើងគួរកត់សម្គាល់ផងដែរ ជាក់ស្តែងការនំាចេញទំនិញរបស់កម្ពុជា ក្នុងនោះក្រៅពីទំនិញដែលមានស្រាប់ដូចជា ការនាំចេញសម្លៀក បំពាក់ កាបូប ស្បែកជើង និងសម្ភារៈធ្វើដំណើរ បច្ចុប្បន្នទីផ្សារអាមេរិកក៏បាននិងកំពុងស្រូបយកទំនិញដែលមានសក្តានុពលថ្មីៗបន្ថែម ទៀតពីកម្ពុជាដូចជា សំបកកង់ឡាន ទោចក្រយាន គ្រឿងអេឡិចត្រូនិច ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង និងបន្ទះសូឡាជាដើម ដែល ប្រភេទទំនិញបានកំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក។    សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុប ជាង ៧,៤៨០ លានដុល្លារអាមេរិក កើនឡើងជាង ៣០ ភាគរយ, ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជាង ៧,១៧២ លានដុល្លារ អាមេរិក កើនឡើងជិត ៣០ ភាគរយ ខណៈការនាំចូលពីអាមេរិកមកកម្ពុជាមានទឹកប្រាក់ ៣០៧ លានដុល្លារអាមេរិក កើន ៨៦ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរចំពោះសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ដែលទទួលបានជ័យលាភី «អង្គភាពផ្តល់សេវាសាធារណៈគំរូ» ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥

2026/07/14 08:15:44 pm        166
ឯកឧត្តមថ្លែងថា សមិទ្ធផលនេះ គឺជាកិត្តិយសរបស់អង្គភាពនីមួយៗ និងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងប្រជាពលរដ្ឋ។ ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះអង្គជ័យលាភីទាំងអស់ និងសម្រាប់អង្គភាពដែលមិនទាន់ទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងឱកាសនេះ សូមបន្តខិតខំប្រឹងប្រែងបន្ថែមទៀត។ ឯកឧត្តមបន្តថា៖សូមរួមគ្នាបន្តរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ និងបន្តជាគំរូក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្តជូនប្រជាពលរដ្ឋ។ សូមឱ្យស្មារតីអង្គភាពគំរូ ក្លាយជាវប្បធម៌រួមរបស់រដ្ឋបាលសាធារណៈទាំងមូល ក្នុងការប្តេជ្ញាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងមនសិការវិជ្ជាជីវៈខ្ពស់។ 

ជាង៦ខែឆ្នាំ២០២៦នេះ ជនបរទេសជាង ៤៥០០០នាក់ ត្រូវបានចេញពីកម្ពុជាពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ

2026/07/14 08:06:40 pm        191
ភ្នំពេញ៖ ក្នុងរយៈពេលពេលជាង ៦ខែ អគ្គនាយកដ្ឋានអន្តោប្រវេសបានបណ្តេញជនបរទេសជាង ៤៥០០០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ជួញដូរ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ធ្វើការងារខុសច្បាប់។ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថា ៖ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជាមានចំនួនជាង ៤៥០០០នាក់ ក្នុងមានស្ត្រីចំនួនជាង ៥៣០០នាក់។ ហើយក្នុងចំណោម៤៥០០០នាក់ មានចំនួនជនបរទេស ១៧០០០នាក់ (ស្រី២០០០នាក់) មាន៣៤សញ្ជាតិ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព 

សម្តេចតេជោ អរគុណជប៉ុនបានជួយកម្ពុជាចាប់តាំងពីការចាប់ផ្ដើមស្វែងរកសន្ដិភាពរហូតដល់បច្ចុប្បន្ន

2026/07/14 07:55:33 pm        164
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែជួយកម្ពុជាចាប់តាំងពីការចាប់ផ្ដើមស្វែងរកសន្ដិភាព រហូតដល់ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្ដាច់ពីតួនាទីរបស់មិត្តជប៉ុនបានឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តជប៉ុនបែបនេះ អនុញ្ញាតជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ដែលនឹងចប់អាណត្តិការទូតប្រចាំកម្ពុជា ចូលសម្ដែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងឱកាសនោះសម្ដេចតេជោ បានម្ដេងនូវក្ដីរីករាយដែលបានជួបឯកឧត្តមឯកអគ្គរាជទូតជាថ្មី ជាពិសេសបានជួបជជែកគ្នាមុនពេលឯកឧត្តមចាកចេញពីប្រទេសកម្ពុជាក្រោយពេលចប់អាណត្តិ។ សម្ដេចតេជោ សង្ឃឹមថា ទោះបីជាពេលនេះ ឯកឧត្តមបានផុតអាណត្តិជាឯកអគ្គរាជទូតនៅកម្ពុជា ឯកឧត្តមក៏នឹងនឹកឃើញនូវអនុស្សាវរីយ៍ដែលឯកឧត្តមបានខិតខំប្រឹងប្រែងក្នុងការកសាងពូនជ្រំនៅទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន ហើយមកទល់ពេលនេះប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយជាមួយគ្នា។ នៅក្នុងឱកាសនោះ ឯកឧត្តម UENO Atsushi បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងជប៉ុនគឺជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយជាមួយគ្នាដែលទំនាក់ទំនងប្រទេសទាំងពីរបានរីកចម្រើនស្ទើគ្រប់វិស័យជាពិសេសទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងក្នុងវិស័យសន្ដិសុខ ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនគឺមានភាពផុសផុល និងរីកចម្រើនជាលំដាប់ដែលបង្ហាញអំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនកាន់តែរឹងមាំបន្តទៀត។ ក្នុងឱកាសនោះឯកឧត្តមបានបង្ហាញនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា, ឯកឧត្តមលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា មិនមែនកើតឡើងត្រឹមពេលឯកឧត្តមធ្វើជាឯកអគ្គរដ្ឋទូតប៉ុណ្ណោះទេ ប៉ុន្ដែឯកឧត្តមបានមកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះហើយបានឃើញអំពីការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដោយឯកឧត្តមមិននឹងស្មានថា ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះកម្ពុជាអាចដើរមកដល់ពេលនេះ បានទេ។ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះឯកឧត្តម Atsushi ដែលបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន។ សម្ដេចតេជោ បានអរគុណជាអនេកប្បការចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលក្នុងអាណត្តិរបស់ឯកឧត្តមបានលើកស្ទួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចតេជោ ក៏បានអរគុណចំពោះប្រទេសជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជានាពេលកន្លងមក ទាំងការចូលរួមដោះស្រាយនូវបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលជាផ្នែកមួយនៃការស្វែងរកសន្ដិភាពរបស់កម្ពុជា, ការចូលរួមចំណែកក្នុងការដោះមីនចេញពីផ្ទៃដីកម្ពុជា ហើយជាពិសេសគឺការគាំទ្ររបស់ជប៉ុនដល់កម្ពុជាលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្លូវ ស្ពាន និងកំពង់ផែ នៅកម្ពុជា គឺមិនអាចកាត់ផ្ដាច់នូវតួនាទីរបស់ជប៉ុនបាននោះទេ ដោយជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់កម្ពុជា៕ 

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់

2026/07/14 07:51:03 pm        727
ភ្នំពេញ៖ កម្ពុជា ឡាវ និងវៀតណាម បានដាក់ចេញកញ្ចប់ទស្សនិច្ចរួម «ប្រទេសបី គោល​ដៅ​តែ​មួយ» ដើម្បីជំរុញការធ្វើដំណើរក្នុងតំបន់។ សម្រាប់កម្ពុជា ការដាក់ចេញកញ្ចប់ទស្សន«ប្រទេសបី គោល​ដៅតែមួយ» គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា (Cambodia Head of NTO) បានដឹកនាំមន្ត្រីជំនាញក្រសួងទេសចរណ៍ ជួបប្រជុំត្រីភាគីជាមួយគណៈប្រតិភូឡាវ ដឹកនាំដោយ លោកជំទាវ Phonemaly Inthaphome អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោកជំទាវ Thi Hoa Nguyen អនុប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម (VNAT) ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងការដាក់ចេញផែនការអាទិភាពដើម្បីជំរុញ​យុទ្ធនាការ “ប្រទេសបី គោលដៅមួយ (Three Countries, One Destination)”។កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ស្របពេលដែលគណៈប្រតិភូទាំង ៣ប្រទេស បានចូលរួមជាមួយគណៈប្រតិភូប្រទេសអាស៊ានផ្សេងទៀតក្នុងកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៦៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី។ភាគីទាំងបី បានកត់សម្គាល់នូវវឌ្ឍនភាពក្នុងការជម្រុញយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី។ ក្នុងន័យនេះ ដើម្បីជម្រុញយុទ្ធនាការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លៃផ្កាបន្ថែមទៀត ឧត្តមមន្រ្តីនៃប្រទេសទាំងបីបានឯកភាពដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា ដោយរួមមាន៣ថ្ងៃនៅប្រទេសវៀតណាម ៣ថ្ងៃនៅប្រទេសកម្ពុជា និង៣ថ្ងៃនៅប្រទេស ដោយធ្វើការដាក់បញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនីមួយៗទៅក្នុងកញ្ចប់ទស្សនកិច្ចរួមនេះ ដើម្បីជម្រុញលំហូរភ្ញៀវទេសចររវាងប្រទេសប្រទេសទាំងបី និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទី៣។ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពដាក់ចេញនូវផែនការសកម្មភាពរួម ដោយឈរលើភាពប្រាកដនិយម និងជាក់ស្តែងនិយម រួមមាន ការរៀបចំការផ្សព្វផ្សាយរួមគ្នាតាមរយៈការរៀបចំវីដេអូផ្សព្វផ្សាយរួមកម្ពុជា-ឡាវ-វៀតណាម ការរៀបចំព្រឹត្តិការណ៍រួមគ្នា (ទេសចរណ៍ វប្បធម៌ កីឡា...) ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន (Business Matching and Business Meet) និងការរៀបចំ FAM Trip ឱ្យបានទៀងទាត់ និងជាប្រចាំ និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរប្រទេសទាំងបី និងពីប្រទេសទី៣។ ជាមួយគ្នានេះ មន្រ្តីជំនាញទាំងបី នឹងបន្តជួបគ្នាដើម្បីលើកឡើងនូវសកម្មភាពដែលអាចអនុវត្តបានឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ និងលេចចេញជាលទ្ធផលភ្លាមៗ (Low-hanging fruits) ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរួម។លទ្ធផលនៃការអនុវត្តសកម្មភាព និងយុទ្ធនាការទាំងអស់នេះ នឹងត្រូវរាយការណ៍ជូនរដ្ឋមន្រ្តីទេសចរណ៍ទាំងបីនាអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១ ដែលនឹងប្រព្រឹត្តទៅនាអំឡុង ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី២០ ចាប់ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីវាយតំលៃ និងដាក់ចេញនូវផែនការអនុវត្តបន្ត៕ អត្ថបទ៖ ធូ វិរៈ

សាធារណរដ្ឋកូរ៉េ សម្រេចបន្ធូរបន្ថយ​កម្រិត​បម្រាម​ធ្វើ​ដំណើរ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​មក​លើ​ទឹក​ដី​កម្ពុជា​​ក្រោ​មហេតុផលស្ថានភាព​សន្តិសុខល្អប្រសើរ​

2026/07/14 07:44:23 pm        263
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ​ការបន្ថយកម្រិតបម្រាម​ធ្វើដំ​ណើរ​របស់​សាធារណ​រដ្ឋ​កូរ៉េនាពេលនេះ គឺជារឿងត្រឹមត្រូវ​ និង​ផ្តល់ភាព​យុត្តិធម៌ឱ្យកម្ពុជា​ ខណៈ​រាជ​រដ្ឋាភិបាល​មានឆន្ទៈពិតប្រាកដក្នុងការ​បង្រ្កាបក្រុមឧក្រិដ្ឋជន​ប្រព្រឹត្តិបទល្មើសឆបោក​តាមប្រព័ន្ធ​បច្ចេក​វិទ្យា​​​នៅលើទឹកដីកម្ពុជា។ ការលើកឡើងនេះ​ ធ្វើឡើងបន្ទាប់ពី សាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងការបរទេស កាលពីថ្ងៃសុក្រសប្តាហ៍មុន​បានបន្ធូរបន្ថយកម្រិតបម្រាមធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួន នៅទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជាពីកម្រិតលេខ ៤ មកកម្រិតលេខ៣ ក្រោមហេតុផលថា ស្ថានភាពសន្តិសុខល្អប្រសើរ​។​ ឯកឧត្តម ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ការបន្ថយកម្រិតបម្រាម​របស់សាធារ​ណរដ្ឋកូរ៉េ នាពេលនេះ គឺជា ការយល់ត្រូវ​ និងជាការផ្តល់យុត្តិធម៌ដល់កម្ពុជា​ ហើយ​ ក៏នឹង​​អាចធ្វើឱ្យភ្ញៀវទេសចរ និងវិនិយោគិនបរទេសទាំងអស់ ជាពិសេស ភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េ​ នឹងលែងមានបន្ទិលសង្ស័យអំពីការផ្សព្វផ្សាយ​អវិជ្ជាមានក្នុងចរិកមូលបង្កាច់អចេតនា​តាមរូបភាពផ្សេងៗ​មកលើប្រទេស​កម្ពុជាទាំងមូល​។​ ឯកឧត្តម បន្ថែមថា ក្រសួងមហាផ្ទៃក្នុងនាម​ជាសេនាធិការ​រាជរដ្ឋាភិបាល​ ដែលដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺការ​គ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់​ សុវត្ថិភាពសង្គម​បាន ហើយ​កម្ពុជា​ពុំមែនជា​ជម្រក ឬក៏ជាឋានសួគ៌របស់ឧក្រិដ្ឋជននោះទេ ដូចដែល​ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា ដែលសម្តេចបានគូសបញ្ជាក់ជាបន្តបន្ទាប់រួចមកហើយ​។ ឯកឧត្តម បានបញ្ជាក់ថា ទាំងភ្ញៀវជាតិ និងអន្តរជាតិដែលស្នាក់នៅក្នុងប្រទេសកម្ពុជា​ សូមរស់នៅដោយភាពកក់ក្តៅ ទំនុកចិត្ត​ និងជឿជាក់ លើសមត្ថកិច្ចចម្រុះ​របស់កម្ពុជា ជាពិសេស ជឿជាក់មកលើរាជរដ្ឋាភិបាលនូវការការក្សាបានសន្តិសុខសុវត្ថិភាពសង្គម​ ដោយ ឯកឧត្តម បានអំពាវនាវ​ដល់វិនិយោគិនបរទរស និងភ្ញៀវទេសចរអន្តរជាតិមកលេងប្រទេសកម្ពុជា​ដោយទំនុកចិត្ត ពោលគឺមិនដូចជាការផ្សព្វផ្សាយមូលបង្កាច់ និងបំភ្លៃការពិត​របស់ក្រុមណាមួយនោះឡើយ​។ បើតាម អ្នកនាំពាក្យរងរូបនេះ​ កម្ពុជា-សាធារណកូរ៉េ ក៏ដូចជា ជាមួយបណ្តាប្រទេសទាំងអស់ នៅតែបន្ត​កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតប្រកបដោយភាពស្មោះត្រង់ជាមួយគ្នា​ ដើម្បីឈានទៅវាយកម្ទេចនូវក្រុមតូចដែលកំពុងភៀសខ្លួន និងបង្កើតឧបាយកលថ្មីៗ ក្នុងការប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយ ឯកឧត្តម​សង្ឃឹមថា សាធារណរដ្ឋកូរ៉េ នឹងបន្ត​ទម្លាក់កម្រិតបម្រាមធ្វើដំណើរទាំងស្រុក ផងដែរ៕ អត្ថបទ៖ ធូ វិរៈ

សម្ដេចតេជោ ហ៊ុន សែន អរគុណអាល្លឺម៉ង ដែលបានជួយកម្ពុជាលើការអភិវឌ្ឍលើវិស័យជាច្រើនហើយសង្ឃឹមវិនិយោគិនបន្តមកបណ្ដាក់ទុនបន្ថែម

2026/07/14 07:07:15 pm        179
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ងដែលកម្លងមកនេះ បានជួយកម្ពុជាក្នុងការអភិវឌ្ឍលើវិស័យជាច្រើនជាពិសេសវិស័យអភិឌ្ឍជនបទ និងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ជាមួយគ្នានេះសម្ដេចតេជោសង្ឃឹមថាអ្នកវិនិយោគិនរបស់អាល្លឺម៉ងនឹងបន្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង ដែលនឹងចប់អាណត្តិការទូតប្រចាំកម្ពុជា ចូលសម្ដែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយដែលបានជួប ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង សារជាថ្មីមុននឹងឯកឧត្តមចាកចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចប់អាណត្តិរបស់ឯកឧត្តមជាឯកអងគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តម ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាកន្លងមក បានញ៉ាំង និងសម្របសម្រួលឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង កាន់តែមានភាពរីកចម្រើន។ នៅក្នុងឱកាសនោះឯកឧត្តម ឯកឧត្តម Stefan បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបជម្រាបលានាឱកាសនេះ។ ឯឧត្តមបានលើកឡើងថា រយៈពេល៤ឆ្នាំនៃការបំពេញការងាររបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតនៅកម្ពុជា គឺបានប្រព្រឹត្តទៅលឿនខ្លាំងណាស់ ហើយរយៈពេល៤ឆ្នាំមកនេះ ឯកឧត្តមបានធ្វើការងារជាមួយភាគីកម្ពុជា ដោយបានសម្រេចនូវសមិទ្ធផលជាច្រើនសម្រាប់ពូនជ្រំនូវទំនាក់ទំនងរវាងអាល្លឺម៉ង និងកម្ពុជា។ ឯកឧត្តម បានអរគុណចំពោះភាគីកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងឯកឧត្តម និងក្រុមការងារ ក្នុងទិសដៅនៃការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានរំលេចនូវស្នាដៃសំខាន់ៗ ក្នុងបេសកកម្មរបស់ឯកឧត្តមរយៈពេល៤ឆ្នាំមកនេះ ក្នុងនោះមានការសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្មឺម៉ងមកកាន់ប្រទេសកម្ពុជា, ការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌ និងវិស័យទេសចរណ៍រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រទេសកម្ពុជាដែលបានកើនឡើង ហើយប្រជាជនអាល្លឺម៉ងបានចាប់អារម្មណ៍ នៅក្នុងការមកទស្សនាប្រទេសកម្ពុជា ដែលកម្ពុជាក៏បានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ងដែលជាគោលដៅទេសចរ ជាពិសេសអ្នកចូលនិវត្តន៍របស់ប្រទេសអាល្លឺម៉ងបានសម្លឹងឃើញកម្ពុជាគឺជាទីកន្លែងដ៏មនោរម្យសម្រាប់ពួកគេមកទស្សនាកម្សាន្ត។ នៅក្នុងឱកាសនោះសម្ដេចតេជោ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម Stefan ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង ហើយសម្ដេចតេជោ បានយល់ស្របទាំងស្រុងចពោះការលើកឡើងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ។ សម្ដេចតេជោលើកឡើងថា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះ គឺជាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ សង្ឃឹមថា អ្នកវិនិយោគរបស់អាល្លឺម៉ងនឹងកាន់តែមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចតេជោ ក៏បានអរគុណចំពោះអាងល្លឺម៉ងដែលបានជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមក ជាពិសេសការជួយលើការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងការជួយលើការអភិវឌ្ឍជនបទដែលអាល្លឺម៉ងបានចូលរួមចំណែកជួយដល់កម្ពុជា៕

រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាពបន្ថែម រាជរដ្ឋាភិបាលមួយរូប និងបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ដែលមានសារៈសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាក្នុងតំបន់និងសកលលោក

2026/07/14 06:46:22 pm        314
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈចំនួន៥ ក្នុងនោះ មានការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ០១រូប និងការពិភាក្សា អនុម័ត សេចក្តីព្រាងច្បាប់ចំនួន៤ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការងារច្បាប់ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅក្នុងតំបន់និងសកលលោក ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិល យានយន្ត និងសំណង់។ជាលទ្ធផល សម័យប្រជុំរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយសំឡេងគាំទ្រចំនួន ១០៨ សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។ ចំណែកសេចក្តីព្រាងច្បាប់ទាំងបួនដែលរដ្ឋសភាបានអនុម័តរួមមាន៖ ១) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។ សេចក្តីព្រាងច្បាប់នេះ មានចំនួន ២មាត្រា មានសារសំខាន់ក្នុងការលើកកម្ពស់វិស័យអាកាសចរណ៍ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រទាំងផ្លូវច្បាប់ និងសេដ្ឋកិច្ច។ ខាងសេដ្ឋកិច្ចមានដូចជា ចូលរួមកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានពីក្រៅប្រទេស ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ចូលរួមជួយដល់ការពង្រីកបន្ថែមអាកាសយានថ្មីដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។ សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកគ្រប់គ្រងគណៈកម្មការ និងក្រុមការងារអាស៊ានទាំងអស់ប្រើប្រាស់ជាមូលដ្ឋានក្នុងការរក្សាគោលជំហររបស់ខ្លួន ក្នុងការរៀបចំកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកផលិតផល ឬសេវាកម្ម ដែលនឹងត្រូវធ្វើពាណិជ្ជកម្មក្នុងទីផ្សារអាស៊ាននិងផ្តល់ជាមូលដ្ឋាន និងជាបន្ទាត់ដល់គ្រប់ផលិតកម្ម អាជីវកម្ម ធ្វើការកែលម្អប្រព័ន្ធផលិតកម្មរបស់ខ្លួនសម្រាប់ធ្វើឱ្យមានរំហូរដោយសេរីនូវផលិតផលជាមូលដ្ឋានរបស់កម្ពុជាក្នុងទីផ្សារអាស៊ាន។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។៣) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និងសំណង់។ សេចក្តីព្រាងច្បាប់នេះ មាន ២មាត្រា នឹងផ្តល់នូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចដល់កម្ពុជា ដូចជា ជាមូលដ្ឋានសម្រាប់ពង្រឹង និងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងការធ្វើឱ្យមានរំហូរដោយសេរីនូវផលិតផលផ្នែកសម្ភារៈអគារសំណង់នៅក្នុងទីផ្សារអាស៊ាន។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។៤) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។ សេចក្តីព្រាងច្បាប់នេះ មានចំនួន ២មាត្រា មានអត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានសម្រាប់ពង្រឹង និងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមានលំហូរដោយសេរីនូវផលិតផលយានយន្តរបស់កម្ពុជានៅក្នុងទីផ្សារអាស៊ាន។ អង្គរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះចំនួន ១១០សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ៕

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែង លើ​ជំនាញ​១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ

2026/07/14 06:11:57 pm        297
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់​អាហា​រូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខា​កាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M)។ការផ្តល់ឱកាសសិក្សាដ៏ធំនេះ បានក្លាយជាស្ពានដ៏សំខាន់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យអាចទទួលបានជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ដោយ​មិន​ចាំ​បាច់​បារម្ភ​ពីថ្លៃសិក្សា ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលជួយ​សម្រាល​បន្ទុក​ជីវភាព​គ្រួសារទៀតផង ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតបង់ថ្លៃផងដែរ។ ជំនាញទាំង ១៤ ដែលវិទ្យាស្ថានបានបើកបណ្តុះបណ្តាល គឺជាជំនាញ​ដែល​ទីផ្សារ​ការងា​រ​កំពុង​ត្រូវ​ការខ្ពស់ និងមានសក្តានុពលបង្កើតប្រាក់ចំណូលសមរម្យ រួមមានជំនាញអគ្គិសនី បំពង់ទឹក ម៉ាស៊ីនត្រជាក់ ផ្សារដែក ជួសជុលរថយន្ត ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម សំណង់ កសិកម្ម ដេរ​សម្លៀកបំពាក់ បដិសណ្ឋារកិច្ច និងសេវាកម្មកុំព្យូទ័រ។ ជំនាញ​ទាំង​នេះ​កំពុង​ដើរ​តួនាទី​យ៉ាង​សំខា​ន់​ក្នុង​ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដល់វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្មនៅកម្ពុជា។ការផ្តល់អាហារូបករណ៍ជាង ១ពាន់កន្លែងរបស់ PPI នាពេលនេះ គឺជាភស្តុតាង​បង្ហាញ​ពី​ការ​រីក​ចម្រើន និងភាពជោគជ័យនៃការអនុវត្តកម្មវិធី TVET 1.5M ដែលកំពុងនាំយកជំនាញ ការងារ និង​ក្តី​សង្ឃឹមថ្មីទៅកាន់យុវជនកម្ពុជា ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ឱ្យមាន​លទ្ធភាព​កសាង​អនាគត​រឹងមាំសម្រាប់ខ្លួនឯង និងគ្រួសារ។គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ត្រូវបានផ្ដួច​ផ្ដើម​ឡើង​ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដាក់ឱ្យ​អនុវត្ត​ដោយ​សម្ដេច​មហា​បវរ​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថា យុវជន​កម្ពុជា​គ្រប់​រូប​មាន​ឱកាសទទួលបានជំនាញពិត ការងារពិត និងប្រាក់ចំណូលសមរម្យ ស្របតាម​តម្រូ​វ​ការ​ទីផ្សារ​ការងារនាពេលបច្ចុប្បន្ន និងអនាគត៕

រដ្ឋបាលរាជធានីភ្នំពេញ នឹងកែលម្អសួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃល្វា ទំហំជាង៣ហិកតា ដើម្បីប្រែក្លាយជាសួនធម្មជាតិមួយ ក្រោយទទួលបានពីជប៉ុនផ្ដល់ឱ្យ

2026/07/14 05:15:18 pm        130
ភ្នំពេញ ៖ សួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីជនជាតិជប៉ុន គ្រោងនឹងកែលម្អឡើងវិញ សម្រាប់ឱ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។ដើម្បីឱ្យគម្រោងនេះលេញចេញជារូបរាងឆាប់ៗ នារសៀលថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ សង្កាត់ចុះពិនិត្យផ្ទាល់ និងបានណែនាំឱ្យកែលម្អ ទាំងការដាំដើមឈើបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ទីតាំងនេះត្រូវរៀបចំឱ្យបានស្អាត ដោយដើមឈើខ្លះ ត្រូវជ្រើសរើសដាំបន្ថែម ព្រមទាំងកែលម្អបន្ទប់ទឹកឡើងវិញ។ ចំពោះប្រឡាយទឹកដែលមានស្រាប់ត្រូវលែងត្រីគល់រាំង ត្រីរាជ និងត្រីមួយចំនួនទៀត។ បន្ថែមពីនេះ ផ្លូវចូលដែលអមដោយដើមឈើធំៗស្រាប់ ត្រូវចាក់ជាផ្លូវបេតុងទទឹង ៨ម៉ែត្រ។ គម្រោងនេះអាចនឹងរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ហើយក្រោយកែលម្អឡើងវិញរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹង សម្ពោធដាក់ជូនប្រជាពលរដ្ឋបានចូលទៅដើរលេងកម្សាន្ត និងហាត់ប្រាណដើម្បីសុខភាព។ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ថា ទីតាំងនេះមានផ្ទៃដីជាង៣ហិកតា ដែលត្រូវរៀបចំឱ្យមានធុងសំរាម និងមានបង់អង្គុយលេងផងដែរ។គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើនេះពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ជូនដោយលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និងរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) គាត់ស្រឡាញ់ប្រទេសកម្ពុជា ហើយក៏ស្រឡាញធម្មជាតិដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM