កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិ​​ស្ស​​​​​​​​​​​​​​​​​​​​ឆ្នាំ​​​​២០២៦
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី​ TVET ១,៥ លាន​នាក់របស់រាជរដ្ឋាភិបាល
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេចំនួន១ខ្សែ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ

ឯកឧត្តម អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី អញ្ជើញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ

2026/07/09 10:41:21 pm        233
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ នៅថ្ងៃទី៩ ខែកកក្កដា ឆ្នាំ២០២៦។ នៅក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម អគ្គមេបញ្ជាការ និងគណៈប្រតិភូ បានថតរូបអនុស្សាវរីយ៍ និងបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាពិសេសគឺដំណើរការស្វែងរកសន្តិភាព និងការឯកភាពជាតិពេញលេញ និងការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ តាមរយៈ «នយោបាយឈ្នះ ឈ្នះ» ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន។ យោធិនអង្គភាពសេនាតេជោ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូ ព្រមទាំងបានធ្វើបទបង្ហាញដោយសង្ខេបអំពីប្រវត្តិ និងខ្លឹមសារបុព្វហេតុនៃកសាងវិមានឈ្នះ ឈ្នះ និមិត្តរូបនៃស្ថាបត្យកម្ម និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានានៃយុទ្ធសាស្ត្រនាំមកនូវសន្តិភាព ដែលបានធ្វើឱ្យកម្ពុជាមានការឯកភាពជាតិ និងទឹកដីទាំងស្រុង៕

អតីតយុទ្ធជន និងនិវត្តជន ៩៤គ្រួសារនៅខេត្តស្ទឹងត្រែង​ទទួលបាន​អំណោយ​ផ្ទះថ្មី​ពី​សម្តេចតេជោ ហ៊ុន សែន

2026/07/09 10:36:04 pm        312
សូមអបអរសាទរ អតីតយុទ្ធជន និងនិវត្តជន ចំនួន ៩៤គ្រួសារ នៅខេត្តស្ទឹងត្រែង ទទួលបានផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានាជុំវិញខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។អតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងខេត្តស្ទឹងត្រែង គ្មានដី គ្មានផ្ទះ ចំនួន ៩៤ គ្រួសារ ដែលទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចតេជោ ហ៊ុន សែន ក្នុងការជួយសាងសង់ផ្ទះជូន ក្នុងឱកាសរដែលសម្ដេចអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការក្នុងខេត្តស្ទឹងត្រែង។អំណោយក្នុងការសាងសង់ផ្ទះនេះ គឺជាថវិកាឧបត្ថម្ភរបស់សប្បុរសជនដែលផ្ដល់ជូនសម្ដេចតេជោ ប្រធានសមាគម ក្នុងឱកាសដែលសម្ដេចបានប្រកាសចលនារ៉ៃអង្គាសថវិកាដើម្បីជួយគាំទ្រការសាងសង់ផ្ទះ ក្នុងនោះរួមមាន៖ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ អ្នកឧកញ៉ា ទៀង ផល្លា ប្រកាសឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ៥០ ខ្នង និងឯកឧត្តម អ្នកឧកញ៉ា អ៊ឹង លីហេង និងលោកជំទាវ អ្នកឧកញ៉ា តាំង ហ្គិចលៀង ចូលរួមឧបត្ថម្ភថវិកាសាងសង់ ៤៤ ខ្នងផ្ទះ។ ជុំវិញស្ថានភាពនៃការគ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន នៅក្នុងខេត្តស្ទឹងត្រែង បើយោងតាមរបាយការណ៍ពី អ.ន.ក. ខេត្ត គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ ខេត្តស្ទឹងត្រែង មានអតីតយុទ្ធជននិងនិវត្តជន សរុប ១៩៤៣ នាក់។ ចំណែកអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាតមានចំនួន ១៥៤ គ្រួសារ ក្នុងនោះមានគ្រួសារដែលគ្មានដី គ្មានផ្ទះចំនួន ៩៤ គ្រួសារ។ កន្លងមក ចំពោះការងារសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជន ដែលជាសមាជិក អ.ន.ក.ខេត្ត ចាប់ពីឆ្នាំ២០១៦ ដល់ ២០២៦ បានសរុប ៥០ខ្នងផ្ទះ ស្ថិតនៅលើដីសម្បទានសង្គមកិច្ច ទំហំប្រមាណ ១,៩១៥.៥០ហិតា ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។នៅក្នុងពិធីសំណេះសំណាលនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បន្តផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៅមូដ្ឋានខេត្តស្ទឹងត្រែងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ទាំងថវិកា និងសម្ភារ ចំពោះអតីតយុទ្ធជន និងនិវត្តជន ណាដែលមានជីវភាពខ្វះខាត ព្រមទាំងឧស្សាហ៍ចុះសួរសុខទុក្ខផ្ដល់ភាពក្ដៅដល់ពួកគាត់ដែលចូលនិវត្ត។ សម្ដេចបានបញ្ជាក់ថា «ការឧបត្ថម្ភថវិកា ឬសម្ភារៈ គឺជារឿងសំខាន់មួយហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺ ស្មារតីនៃការគោរព និងដឹងគុណ រវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ដោយយើងមិនត្រូវភ្លេចពួកគាត់ឡើយ ព្រោះពួកគាត់ជាអ្នកត្រួសត្រាយផ្លូវឱ្យយើងដើរនាពេលបច្ចុប្បន្ន» ។ ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានណែនាំដល់មន្រ្តីមូលដ្ឋានក្នុង ខេត្តស្ទឹងត្រែង ទាំងអស់ត្រូវចូលរួមបញ្ជ្រាបយន្តការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលត្រូវធ្វើឡើងដោយមធ្យោបាយសន្តិវិធី និងមិនប្រើយន្តការដោះស្រាយដោយប្រើប្រាស់មធ្យោបាយយោធាឡើយ។ ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងប្រជាជននៅខាងក្រោយត្រូងធ្វើជាខ្នងបង្អែកសម្រាប់យុទ្ធជននៅសមរភូមិមុខ និងជាពិសេសត្រូវបង្កើតការយកចិត្តទុកដាក់ គិតគូរ ចំពោះគ្រួសារយុទ្ធជនដែលជាប់ភារកិច្ចនៅព្រំដេន និងយុទ្ធជនពលី ពិការ ដោយត្រូវពិនិត្យមើលពីជីវភាព រស់នៅ ប្រចាំថ្ងៃ ជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈ ផ្តល់កម្លាំងចិត្ត ជួយដោះស្រាយបញ្ហាប្រឈមនានាឱ្យទាន់ពេលវេលា។ ជាពិសេសត្រូវជួយផ្ដល់ការអប់រំដល់កូនចៅយុទ្ធជនទាំងអស់ឱ្យទទួលបានការសិក្សាសមរម្យ និងជំរុញឱ្យក្លាយជាបញ្ញវន្តសម្រាប់សង្គមជាតិ។ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ក្នុងខេត្តស្ទឹងត្រែងទទួលបានប័ណ្ណ ប.ស.ស. មានចំនួន ១,១២៧ នាក់ និងប័ណ្ណសមធម៌មានចំនួន ៧០គ្រួសារ។ ការជ្រើសរើស កូនចៅ និងបងប្អូនបង្កើតឱ្យចូលបម្រើក្នុងជួយកងទ័ពមានចំនួន ៣៧ នាក់។ ចំពោះការផ្តល់ថវិកាបេឡាមរណសង្គ្រោះជូនសមាជិក អ.ន.ក. ក្នុងឆមាសទី១ ឆ្នាំ ២០២៦ មានសរុប ២០នាក់ ចំនួន ៨០,០០០,000 រៀល ក្នុងនោះថវិកាបំពេញបន្ថែមរបស់សម្តេចតេជោ ៤០,000,000 រៀល ព្រមទាំងបានសហការជាមួយមូលនិធិជាតិ ជំនួយសង្គម (ម.ជ.ជ.) ក្នុងការបើកប្រាក់ធានរ៉ាប់រង, ប្រាក់ឧបត្ថម្ភ១លើកដំបូង និងប្រាក់បូជាសពបានចំនួន ១៩នាក់៕

ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

2026/07/09 10:20:08 pm        1138
ភ្នំពេញ៖ នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ អគ្គិភ័យ​បាន​ឆាប​ឆេះ​អគារខុនដូ Wealth Mansion នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។សមត្ថកិច្ចឱ្យដឹងថា ភ្លាមៗកម្លាំង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ​បាន​ចេញ​រថយន្ត​ជួយ​អន្តរាគមន៍​បាញ់ទឹក​ពន្លត់​អណ្តាត​ភ្លើង​រលត់​ទៅ​វិញ ដោយ​មិន​ឆេះរាលដាលទ្រង់ទ្រាយធំនោះទេ។ ករណីនេះក៏មិន​បណ្ដាល​ឱ្យ​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់ដែរ។ចំពោះមូលហេតុ និងការខូចខាតសមត្ថកិច្ចកំពុងស្រាវជ្រាវ។ តាមការ​បញ្ជាក់​ពី​សមត្ថកិច្ច​ទីតាំង​ដែល​ឆេះ ​គឺនៅជាន់ទី៤៣ នៃអគារខុនដូ Wealth Mansion៕ អត្ថបទ ៖ តារាវុទ្ធី

ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣១% ក្នុងឆមាសទី១

2026/07/09 09:46:11 pm        304
កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ក្នុងឆមាសទី១ ឆ្នាំ២០២៦ មាន​ប្រមាណ​ជិត​ ៣៤ម៉ឺន ធីអ៊ីយូ(TEU) កើនឡើងជាង ៣១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈ​ចំនួនអ្នកដំណើរឆ្លងកាត់មានប្រមាណជាង ២ម៉ឺននាក់។ សេចក្តីប្រកាសព័ត៌មានរបស់ ក. ស. ភ. ដែលជាអង្គភាពចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បាន​ឱ្យ​ដឹងថា ចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ​បាន​ទទួល​នាវាដឹក​ទំនិញ​ឆ្លង​កាត់​ចំនួន ១ ៨៩១ គ្រឿង កើនឡើង ៦,៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ សម្រាប់​កុងតឺន័រឆ្លងកាត់មានចំនួន ៣៣៩ ៦០៦ ធីអ៊ីយូ កើន ៣១,៥៦%, និងបរិមាណទំនិញ-ប្រេង​ឥន្ទនៈ ឆ្លងកាត់ ២ ៨៩៧ ០០០ តោន កើន ១០,០១%។ រីឯនាវាដឹកអ្នកដំណើរ មានចំនួន ២០៩ គ្រឿង កើន ៨,២៩% និងអ្នកដំណើរ ឆ្លងកាត់ ២១ ៤២៦ នាក់ កើនឡើង ៦,៦៧%។ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២៦ នាវាចូលចតមានចំនួន ៣០៩ គ្រឿង កើន ៤,៧៥% បើ​ធៀបខែមិថុនា ឆ្នាំ២០២៥, កុងតឺន័រ ៦៣ ៤៥៥ ធីអ៊ីយូ កើន ២១,៨៣%, ទំនិញ​ប្រេង​ឥន្ទនៈ​ឆ្លង​កាត់ ៤៨៩ ៤១៣ តោន កើន ៦,៧២%, នាវាដឹកអ្នកដំណើរ ៩ គ្រឿង រក្សាចំនួននៅដដែល និង​អ្នកដំណើរមានចំនួន ៥០១ នាក់ កើន ២៨,១៣%។កាលពីឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ បានទទួលនាវាដឹកទំនិញឆ្លងកាត់ ៣ ៧៤៦ គ្រឿង កើន​ឡើង ១,៣៥% បើធៀបនឹងឆ្នាំ២០២៤ ដោយឡែក បរិមាណកុងតឺន័រឆ្លងកាត់ ៦០០ ០២៣ ធីអ៊ីយូ កើន ២៤,៩៥% និងបរិមាណទំនិញ-ប្រេងឥន្ទនៈឆ្លងកាត់ ៥ ៦០៦ ៤៩៥ តោន កើន ១៥,៥៩%។ សម្រាប់នាវាដឹកអ្នកដំណើរមានចំនួន ៤១៣ គ្រឿង កើន ៥,៩% និង​អ្នក​ដំណើរ​ឆ្លង​កាត់ ៣៩ ៨០៤ នាក់ កើនឡើង ១០,១១%%៕ អត្ថបទ៖ ធូ វិរៈ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ

2026/07/09 09:38:44 pm        216
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អំឡុងអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរដល់ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះ និងខិតខំដាំដុះដំណាំប្រកបដោយសោភ័ណភាព រួមជាមួយការរៀបចំមុខរបរលក់ដូរតាមខ្នងផ្ទះ។ បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានត្រួតពិនិត្យដំណើរការបន្តសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែមសម្រាប់ប្រជាពលរដ្ឋភៀសសឹកនៅភូមិខាងលើផងដែរ។ទន្ទឹមនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលទៅលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានស្ថាបនារួចរាល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋភៀសសឹក មិនថា ផ្លូវ ទឹក អគ្គិសនី មណ្ឌលសុខភាព សាលារៀនបណ្តោះអាសន្ន និងផ្សារបណ្តោះអាសន្ន។ ឯកឧត្តម គន់ គីម សង្កេតឃើញ មានមហាជន និង សប្បុរសជនគ្រប់ទិសទី បានបន្តរួមចំណែកចូលរួមជួយជាអំណោយផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និង សមរភូមិក្រោយ។លើសពីនេះ ឯកឧត្តម គន់ គីម បានសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹក បន្តជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តដោះស្រាយការលំបាកទាំងឡាយជូនប្រជាពលរដ្ឋ និងបន្តទាមទារការបាត់បង់ និងការខូចខាតទាំងអស់ ក្នុងជម្លោះព្រំដែន៕

កម្ពុជាស្វាគមន៍ចំពោះប្រទេសវៀតណាម ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនពីររូប មកចូលរួម​ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំ​ដោយ​ប្រទេសហ្វីលីពីន

2026/07/09 09:30:02 pm        333
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយទាហាននៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសវៀតណាម ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីរ (២) រូប (វរសេនីយ៍ឯកបម្រុង ភុង ថាញ់គ័ង PHUNG THANH QUANG និង វរសេនីយ៍ឯកបម្រុង លី ថាញ់តឹម LY THANH TAM ) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្ថែមថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់

2026/07/09 09:09:51 pm        233
ក្នុងជំនួបទ្វេភាគី នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ាន។ ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដោយចាត់ទុកថា ជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ ស្របពេលឆ្នាំ២០២៦ ជាខួបលើកទី៦៩ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ាឡេស៊ី។ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោមបេសកកម្មអ៊ុនតាក់ និងតួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។ក្នុងជំនួបនេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីម៉ាឡេស៊ី បន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្តុះបណ្តាល ការធ្វើលំហាត់ហ្វឹកហ្វឺនរួម ការចែករំលែកព័ត៌មាន និងសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ជាការឆ្លើយតប ឯកឧត្តម តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ បានអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា និងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ បើទោះស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។ភាគីម៉ាឡេស៊ី បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការ GBC ឬ JBC និងឈរលើគោលការណ៍មជ្ឈភាពអាស៊ាន ដោយអះអាងថា ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។ជាមួយគ្នានេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានប្រកាសគាំទ្រសំណើររបស់ភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានទាំងមូល៕

ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើររដ្ឋបាលរាជធានីដែលបំពេញការងារនិងផ្ដល់សេវាជូនពលរដ្ឋបានល្អ

2026/07/09 09:04:51 pm        90
ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយ និងការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយរាជធានីភ្នំពេញ ក្នុងមួយខែកន្លងមកនេះ។ការកោតសរសើរនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីតំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ជួប ខុន បានលើកឡើថា រដ្ឋបាលរាជធានីភ្នំពេញក្នុងខែមិថុនាកន្លងមកនេះបានអនុវត្តការងារបានយ៉ាងល្អ ដូចជាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយ និងពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ។ នេះពិតជាបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលរាជធានីភ្នំពេញ។លោក ឆាយ វីរៈ បានលើកឡើងថា ការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ គឺការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយ និងការអភិវឌ្ឍរីកចំរើនមួយកម្រិតបន្ថែមទៀត។ លោក ឆាយ វីរៈ បន្តថា ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយអភិបាលរងមួយរូប បានចុះពិនិត្យទីតាំងសង្ស័យ មិនថាពេលយប់ឬថ្ងៃឡើយ គឺដើម្បីឈានទៅលុបបំបាត់បទល្មើសទាំងនេះឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ។ ចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តល់សេវាឱ្យបានលឿន និងទាន់ពេល។លោក ឆាយ វីរៈ បន្តទៀតថា ចំពោះការងារគ្រប់គ្រងសំណល់រឹង គឺបានដឹកសំរាមទៅទីលានចាក់សំរាមនៅខណ្ឌដង្កោប្រមាណ ៤០០០តោនក្នុង១ថ្ងៃ ហើយចាប់ពីឆ្នាំ២០២៧តទៅ នឹងបង្វែលការចាក់សំរាមទៅនៅទួលព្រិច ខេត្តកណ្តាលវិញ។ ដោយឡែកចំពោះការស្តារលូ ប្រឡាយវិញ ឯកឧត្តម ឃួង ស្រេង ជារៀងរាល់ឆ្នាំនៅមុនរដូវវស្សាមកដល់ គឺបានបញ្ជាឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ស្តារលូ និងប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនក្នុង៥ខណ្ឌកណ្តាលក្រុង ស្តារលូ និង៩ខណ្ឌទៀតស្តារប្រឡាយ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ៕

អាជ្ញាធរ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបន្តបាញ់ថ្នាំសម្លាប់មូសខ្លាទប់ស្កាត់ជំងឺគ្រុនឈាម

2026/07/09 08:23:50 pm        101
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្តចុះបាញ់ថ្នាំមូសជាប់ជាប្រចាំ សំដៅលុបបំបាត់ និងកំចាត់មូសខ្លានៅរដូវវស្សាធ្វើយ៉ាងណាលើកកម្ពស់សុខមាភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសទប់ស្កាត់ជំងឺគ្រុនឈាម។ ក្រោមកិច្ចសហការរបស់អាជ្ញាធរខណ្ឌជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តបាញ់ថ្នាំសម្លាប់មូសខ្លានៅតាមមូលដ្ឋានខណ្ឌនានានៅរាជធានីភ្នំពេញ ដែលការអនុវត្តការងារនេះធ្វើឡើងតាមការចង្អុលបង្ហាញ និងការគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ សកម្មភាពរបស់អាជ្ញារាជធានីភ្នំពេញក្នុងការទប់ស្កាប់ និងកំចាត់មូលខ្លានេះធ្វើឡើងស្របគ្នាទៅនឹងសេចក្តីណែនាំក្រើនរំលឹកស្តីពីការបង្ការជំងឺគ្រុនឈាមក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលារបស់ក្រសួងសុខាភិបាលនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងសុខាភិបាលបានក្រើនរំលឹកថា ក្នុងអំឡុងពេលរដូវវស្សា ជាទូទៅធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹកដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ អាចធ្វើឱ្យមានការកើនឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះ អាចធ្វើឱ្យមានការកើនឡើងចំនួនមូសខ្លា និងជំងឺគ្រុនឈាម ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍។ តាមការសិក្សាស្រាវជ្រាវសត្វមូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់ នៅក្នុងវត្ថុដក់ទឹកដូចជា សំបកកង់ឡាន កង់ម៉ូតូទុកចោលពាសវាលពាសកាល ត្រឡោកដូង កែវ ចានជ័រ/ស្ងោរ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។ សត្វមូសខ្លាចូលចិត្តសំងំលាក់ខ្លួននៅក្នុងទីកន្លែងងងឹតៗ ឬមិនសូវមានពន្លឺថ្ងៃចូលដល់។ ហេតុនេះក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្រប នឹងពាក្យស្លោក “ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក” ព្រមទាំងអនុវត្តនូវវិធានការអន្តរាគមន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។ ពាក់ព័ន្ធនឹងពាក្យស្លោក ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញចូលរួមលុបបំបាត់ជម្រកមូសខ្លា កាប់ឆ្កាព្រៃជិតផ្ទះ ទឹកដក់ថ្លាជាជម្រកមូសខ្លា យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម៕ 

ក្នុងនាមប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម​ជិត៣ទសវត្សរ៍ កម្ពុជាប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយថៃ​​ដោយ​សន្ដិវិធី

2026/07/09 07:38:54 pm        264
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមត ប៉ែន បូណា បាន​ថ្លែង​បញ្ជាក់ជាថ្មី​តាមរយៈ​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងនាមជាប្រទេសដែលធ្លាប់ហែលឆ្លងកាត់​វិនាសកម្ម​នៃភ្លើងសង្គ្រាម​ជិត៣ទសវត្សរ៍ ទម្រាំស្វែងរកបានយ៉ាងលំបាកនូវសន្តិភាព​តាមរយៈ​នយោបាយ​ឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែនជាមួយ​ប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់​ដោយសន្តិវិធី និងបញ្ចៀស​ការ​ប្រើ​ប្រាស់​អាវុធ តាមរយៈការចរចាការទូត ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ​។ ឯកឧត្តមបានថ្លែងថា ជាក់ស្តែង គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន៩ លើក​ហើយទៅកាន់ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារ​ដែលភាគីទាំងពីរ​បានអនុវត្ត​កាលពីពេលកន្លងទៅ។ ឯកឧត្តមបានបញ្ជាក់ថា សំណើរនេះធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាស​​រួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការ​បន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីអនុញ្ញាត​ឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការ​រារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ បើតាមឯកឧត្តម ប៉ែន បូណា ការដាក់សំណើរជាបន្តបន្ទាប់​ទៅកាន់ភាគីថៃដើម្បីរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងនេះ​បាន​ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីសុឆន្ទៈស្រឡាញ់សន្តិភាព​របស់កម្ពុជា និងគោលបំណង​ចង់ដោះស្រាយ​បញ្ហាដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការទ្វេភាគី​ និងផ្អែកលើគោលការណ៍ច្បាប់​អន្តរជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកឡើងវិញនូវខ្លឹមសារចំណុចទី៣​​នៃសេចក្តីប្រកាសរួម​ថ្ងៃទី២៧ ធ្នូ ២០២៥ ដែលចែងថា៖«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័ស​បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារ​វាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។ យោងលើកិច្ចព្រមព្រៀងនេះ កម្ពុជានៅតែបន្តជំរុញភាគីថៃឱ្យ​បង្ហាញសុឆន្ទៈ​តាមរយៈការរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងតាមសំណើររបស់កម្ពុជា​ដោយគ្មានការពន្យារពេលទៀតឡើយ។ ទន្ទឹមនឹងនេះ កម្ពុជាស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាព​នានានៅលើទឹកដីកម្ពុជាដែលខ្លួនកាន់កាប់ដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង(fait accompli) តទៅទៀត។ មាន​តែក្រុមការងារបច្ចេកទេសចម្រុះនៃយន្តការ JBC ទេទើបមានសមត្ថកិច្ចពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែន ប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បញ្ជាក់ឡើងវិញថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ​តាមរយៈ​ការប្រើកម្លាំងនោះឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
07/26/2026 11:07 AM
ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិ​​ស្ស​​​​​​​​​​​​​​​​​​​​ឆ្នាំ​​​​២០២៦
07/26/2026 11:07 AM
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី​ TVET ១,៥ លាន​នាក់របស់រាជរដ្ឋាភិបាល
07/26/2026 11:07 AM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេចំនួន១ខ្សែ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
07/26/2026 10:07 AM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង
07/26/2026 10:07 AM
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM