កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិ​​ស្ស​​​​​​​​​​​​​​​​​​​​ឆ្នាំ​​​​២០២៦
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី​ TVET ១,៥ លាន​នាក់របស់រាជរដ្ឋាភិបាល
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេចំនួន១ខ្សែ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ និងសេដ្ឋកិច្ច ក្នុងជំនួបជម្រាបលារបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

2026/07/09 07:35:14 pm        106
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកឧត្តម UENO ATSUSHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងដំណើរការកសាងសន្តិភាព ការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសហបង្កើតកញ្ចប់សេដ្ឋកិច្ចកម្ពុជា-ជប៉ុន (Cambodia–Japan Economic Co-Creation Package)។ ឯកឧត្តមក៏បានសម្តែងការកោតសរសើរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបំពេញបេសកកម្មការទូតប្រកបដោយការប្តេជ្ញាចិត្ត និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម។ជាការឆ្លើយតប ឯកឧត្តម UENO ATSUSHI បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការដែនសមុទ្រ ភាពជាដៃគូអាស៊ាន-ជប៉ុន និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ឯកឧត្តម ក៏បានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងបន្តរីកចម្រើនបន្ថែមទៀតនាពេលអនាគតដ៏ខ្លី។ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ឱ្យកាន់តែស៊ីជម្រៅ សម្រាប់ផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ៕ 

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និង​ប្រធាន​គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង

2026/07/09 07:28:48 pm        259
នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បាន​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាព​សហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​កណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ៧០០ រូប ។ជាកិច្ចចាប់ផ្តើមកម្មវិធី លោក សាន់ យូ អនុប្រធានប្រចាំការស.ស.យ.ក. ខេត្តកំពង់ឆ្នាំង បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ។ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសមាជិក សមាជិកា ខេត្តកំពង់ឆ្នាំង ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្ត ការងារមនុស្សធម៌ផ្សេងៗ ស្របតាមបេសសកម្ម ស្របតាមផែនទីបង្ហាញផ្លូវ និងបុព្វហេតុរបស់ស.ស.យ.ក.។បន្ទាប់ពីបានស្តាប់របាយការណ៏ពីសកម្មភាពការងារកន្លងមក ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្តៃយ៏ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ ឯកឧត្តម ហេង ពិទូ ជាប្រធានកិត្តិយស និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការ ស.ស.យ.ក. ថ្មីប្រចាំខេត្តកំពង់ឆ្នាំង។បន្ទាប់ពីទទួលបានការតែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ស្របតាមផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ៕

គ្រូផ្អែកលើកិច្ចព្រមព្រៀង ប្រាប់ពីបទពិសោធន៍ប្រឡងស្របពេលដែលមានការជ្រើសរើសគ្រូជាង ៥០០០កន្លែងនៅឆ្នាំនេះ

2026/07/09 07:19:22 pm        209
គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាគ្រូបង្រៀនថ្មីក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និង​កីឡា ដែលទើបបានចេញបង្រៀន នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ។ គ្រូបង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀងការងារ បានចែករំលែកជាបទពិសោធន៍ ពីការត្រៀមខ្លួនប្រឡង ប្រាប់ពីវិញ្ញាសា​ដែល​ធ្លាប់​បាន​ចេញ ស្របពេលដែលនៅឆ្នាំ ២០២៦នេះ នឹងមានការជ្រើសរើសគ្រូបង្រៀនជាង ៥ ០០០កន្លែង​បន្ថែមទៀត ដើម្បីបំពេញទៅ​តាម​សាលា​រៀន​គោល​ដៅ​ដែល​ជួប​បញ្ហា​ខ្វះ​គ្រូ​បង្រៀន​។ នៅឆ្នាំ ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុង​ការ​ជ្រើស​រើស​គ្រូបង្រៀនថ្មីបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការជាក់ស្ដែង។ ការជ្រើស​រើស​គ្រូ​បង្រៀន​នេះ ​គឺមានចំនួនរហូតដល់ជាង ៥ ០០០កន្លែង នេះបើតាមប្រសាសន៍ របស់ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាក្រសួង​ដែល​ទទួល​ខុស​ត្រូវ​ការ​ប្រឡង​ជ្រើស​រើសមន្ត្រីរាជការស៊ីវិល។ ឯកឧត្តមបញ្ជាក់ថា ការប្រឡងជ្រើសរើសគ្រូបង្រៀននេះ នឹង​រៀប​ចំឡើងនៅក្នុងឆ្នាំ ២០២៦ផ្ទាល់តែម្ដង ហើយក៏មាន​ការ​ប្រឡង​ជ្រើស​រើស​មន្ត្រី​រាជ​ការ​ស៊ីវិល​ ក្របខណ្ឌក្រសួង-ស្ថាប័នដទៃដែរ។ ការលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។ ស្របពេលដែលនឹងមានការជ្រើសរើសគ្រូបង្រៀនបន្ថែមនេះ លោកគ្រូ ម៉ន ពេជ្រ និងអ្នកគ្រូ ខេន ណាវី ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារជំនាន់ទី ១ ដែល​បច្ចុប្បន្ន​កំពុង​បង្រៀន​សិស្ស​នៅ​សាលា​បឋមសិក្សាត្រពាំងក្រូច នៅស្រុកបាទី ខេត្តតាកែវ បានចែករំលែកជា​បទ​ពិសោធន៍​ពី​ការ​ត្រៀម​ខ្លួន សម្រាប់ការប្រឡងឱ្យបានជោគជ័យ។ លោកគ្រូ អ្នកគ្រូ បានបញ្ជាក់​ពី​វិញ្ញាសា​ដែល​ធ្លាប់​បាន​ចេញ​ប្រឡង សៀវភៅដែលត្រូវមើល ទាំងវិញ្ញាសាជាភាសាខ្មែរ គណិតវិទ្យា ក៏ដូ​ច​ជា​វិញ្ញាសា​ភាសា​អង់គ្លេស។ ការជ្រើសរើសគ្រូបង្រៀននៅក្នុងឆ្នាំនេះ ពុំទាន់មានការបញ្ជាក់លម្អិត ថាជ្រើស​រើស​សម្រាប់​សាលា​រៀន ​នៅកម្រិតបឋម អនុវិទ្យាល័យ ឬកម្រិតវិទ្យាល័យនោះទេ ហើយក៏ពុំទាន់មានការបញ្ជាក់ថា ជ្រើស​រើស​សម្រាប់រាជធានី-ខេត្តគោលដៅណាមួយនោះដែរ។ យ៉ាងណាម៉ិញ កាលពីចុងឆ្នាំ ២០២៥កន្លងទៅ ការប្រឡងជ្រើសរើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ការ​ត្រូវបានរៀបចំជាលើកដំបូង ដោយជ្រើសរើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ការ​ងារ​ជាង​ ៣០០០កន្លែង សម្រាប់កម្រិតបឋមសិក្សា នៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្ត​ព្រៃវែង​ បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម និងខេត្តតាកែវ៕ អត្ថបទ៖គឹមហុក  

កម្ពុជា​កំពុងឆ្ពោះទៅរកការផ្គត់ផ្គង់សាច់បានគ្រប់គ្រាន់ដោយខ្លួនឯង ជំនួសឱ្យការនាំចូល

2026/07/09 07:18:22 pm        233
ភ្នំពេញ៖ អ្នកនៅក្នុងឧស្សាហកម្មកែច្នៃម្ហូបអាហារ បានអះអាងថា ដោយមានសន្ទុះគាំទ្រខ្លាំងក្លា​ពីប្រជាពលរដ្ឋ ស្របពេលរាជរដ្ឋាភិបាលធ្វើការរឹតបណ្តឹងការនាំចូលសាច់បង្កកខុសច្បាប់គឺឱកាសល្អសម្រាប់ការពង្រឹកខ្លួន ដើម្បីឈានទៅរកនិរន្តរភាពនៃការផ្គត់ផ្គង់ដោយខ្លួនឯង ជំនួសឱ្យការពឹងផ្អែកពីខាងក្រៅ។លោក ហ៊ឹង កែវចិត្រា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន អេសវី.ស៊ីវ៉ាយ ខេមបូឌា ដែលជា សត្តឃាតដ្ឋាន និងកែច្នែសាច់មាន់ទៅជាប្រហិត និងហតដក បាន​ឱ្យដឹងថា សហគ្រាសរបស់លោកផលិតកែច្នៃ និង​​ផ្គត់ផ្គង់ចែកចាយនៅតាមផ្សារទំនើបនានានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយ។លោកបន្តថា សហគ្រាស​របស់លោកបានចុះកិច្ចសន្យាទិញ-លក់ ជាមួយប្រជាកសិករចិញ្ចឹមមាន់ ដោយធានាការផ្គង់ផ្គង់គ្រប់គ្រាន់តាមតម្រូវការអតិថិជន។ បច្ចុប្បន្ន សត្តឃាតដ្ឋាន របស់លោកមានសមត្ថភាពកាប់មាន់បាន​ចំនួន ៣០តោនក្នុងមួយថ្ងៃ និងសមត្ថភាពកែច្នៃប្រហិត និង​ហតដក បានចំនួន ២តោនក្នុងមួយថ្ងៃ ហើយរំពឹងថាចំនួននេះ នឹងមានកំណើនបន្ថែមទៀតនាពេលនាគត់។លោកបញ្ជាក់ថា ស្របពេលមានសន្ទុះកើនឡើងនៃការប្រើប្រាស់ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋ និងវិធានការរឹតបណ្តឹងលើការនាំចូលសាច់បង្កកខុសច្បាប់ពីប្រទេសជិតខាងគឺជាឱកាសល្អសម្រាប់ឧស្សាហកម្មកែច្នែចំណីហាហារ ក្នុងការ​ពង្រឹងខ្លួនលើការផលិត និងកែច្នៃ ដើម្បីឈានទៅរកនិរន្តរភាពនៃការផ្គង់ផ្គង់អាហារដោយខ្លួនឯង ជំនួសឱ្យការនាំចូលដែលមិនមានស្ថិរភាព និងសុវត្ថិភាព​។ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ BTV ថា នាពេលនេះ កម្ពុជា​មានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្គតផ្គង់នូវតម្រូវការផលិតផលសាច់នៅក្នុងស្រុក​។ ទោះបីយ៉ាងណា កម្ពុជានៅតែមានការនាំចូលប្រភេទសាច់ពិសេស មួយចំនួន ដែលកម្ពុជាមិនទាន់អាចផលិតបាន​ដោយខ្លួនឯង ដើម្បីនូវតម្រូវការពិសេស​ និងដាច់ដោយមួយចំនួន ដូចជា តម្រូវការតាមភោជនីយដ្ឋាន សណ្ឋាគារ ផ្កាយ ៥ ដែលមានតម្រូវការសាច់គោអូស្ត្រាលី ជាដើម។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតកម្ម​សត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣៣១,៥ពាន់តោន ស្មើនឹង ៩៨% នៃតម្រូវការសរុប ហើយក្រៅពីនោះ បរិមាណ​សាច់​ដែល​ខ្វះ​ខាត​ត្រូវ​បាននាំចូលពីបរទេសបមកបំពេញតម្រូវការបន្ថែមសម្រាប់ម្ហូបអាហារ និងធ្វើ​ជា​វត្ថុ​ធាតុ​ដើម​ផលិត​ចំណីសត្វ លម្អ ដែលបាននាំចូលសាច់សរុបចំនួ​ន ២៩ពាន់តោនប៉ុណ្ណោះ​៕អត្ថបទ៖ ធូ វិរៈ  

សម្ដេចតេជោ និងសម្ដេចធិបតី ផ្ញើសារអបអរសាទរ រុក្ខទិវា ៩ កក្កដា និងជំរុញពលរដ្ឋចូលរួមដាំដុះកូនឈើ និងការពារធនធានធម្មជាតិ

2026/07/09 06:45:16 pm        147
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦។ក្នុងឱកាសអបអរសាទរពិធីបុណ្យ «រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតបំផុសចលនាជាតិ និងក្រើនរំលឹកដល់ជនរួមជាតិគ្រប់រូបឱ្យចូលរួមដាំដុះ ថែរក្សា ការពារព្រៃឈើ និងបង្កើនគម្របបៃតងនៅទូទាំងប្រទេស ដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ។ សម្តេចធិបតីបានរំឭកថា «រុក្ខទិវា ៩ កក្កដា» គឺជាមរតកដ៏ឧត្តុង្គឧត្តម ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើ និងការពារធម្មជាតិ។ ដើម្បីអបអរសាទរ នៅថ្ងៃ «រុក្ខទិវា ៩ កក្កដា» ក្រសួងបរិស្ថាន បានត្រៀមរៀបចំពិព័រណ៍ និងផ្សព្វផ្សាយ យុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ ដោយចែកជូនកូនឈើចម្រុះ រួមទាំងកូនឈើព្រៃ កូនឈើហូបផ្លែ និងកូនត្នោត ដោយឥតគិតថ្លៃដល់សាធារណជន ដើម្បីពង្រីកគម្របបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នែការរស់នៅប្រកដោយចីរភាព នៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងបរិស្ថានបានដឹកកូនឈើចម្រុះជាង១លានដើម ក្រសួងបានដឹកមកដល់ជាបន្តបន្ទាប់ហើយនៅឯក្រសួងបរិស្ថានរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំចូលរួមក្នុងពិព័រណ៍ និងចែកជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦។ តាមផែនការដែលបានគ្រោងទុក ក្រសួងបរិស្ថានគ្រោងចែកកូនឈើចំនួន ៥លានដើម រួមមានកូនត្នោត ១,៥លានដើម ឈើប្រណីត ឈើហូបផ្លែ និងឈើលម្អ នៅឆ្នាំ២០២៦នេះ។ ក្រសួងបរិស្ថានបានបញ្ជាក់ថា តាមយុទ្ធសាស្ត្រគម្របបៃតង៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តរុញច្រានការអនុវត្តគោលនយោបាយអភិវឌ្ឍន៍បៃតង និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងគោលដៅបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ តាមរយៈយុទ្ធនាការដាំកូនឈើឡើងវិញ និងការចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ (ដូចជាពិព័រណ៍ «ពន្លកបៃតង»)។ ក្រសួងបរិស្ថាន បានអំពាវនាវដល់ជនរួមជាតិគ្រប់រូប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត និងវិស័យឯកជនឱ្យចូលរួមដាំដើមឈើឱ្យបានច្រើនតាមលទ្ធភាព នៅតាមគ្រប់ទីកន្លែង រាប់ចាប់ពីទីធ្លាផ្ទះ សាលារៀន វត្តអារាម រហូតដល់ដីសហគមន៍ និងព្រៃរហោស្ថាន។ និងការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ ដោយត្រូវរួមគ្នាការពារ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការទន្ទ្រានដីព្រៃ និងការបរបាញ់សត្វព្រៃ៕

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៦នាក់ និងដកហូតទូរស័ព្ទជាង២០០គ្រឿងសង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើស ONLINE SCAMS

2026/07/09 06:10:09 pm        147
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ និងដកហូតទូរស័ព្ទប្រមាណជាង ២០០គ្រឿង សង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើសបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) រួមទាំងរថយន្ត ១គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា 1.6789.I ។កម្លាំងសមត្ថកិច្ចអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ រួមទាំងទូរស័ព្ទប្រមាណជាង ២០០គ្រឿង សង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើសបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS)។ កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលតាមអនុក្រឹតលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ដីពី «ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ចំនួន ២ទីតាំង ដូចខាងក្រោម ៖ -ទីតាំងទី១ : ផ្ទះលំហែ១កន្លែង ស្ថិតនៅភូមិ-សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត រកពុំឃើញជន បរទេសស្នាក់នៅ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ - ទីតាំងទី២ : ក្នុងបុរីសានកូតំបន់ពាណិជ្ជកម្ម ឈួ វិចិត្រ ស្ថិតនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ និងរកពុំឃើញសម្ភារៈពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ ប៉ុន្តែមានរថយន្ត ១គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ស្លាកលេខ កម្ពុជា 1.6789.I ដែលចតចោលនៅទីតាំងខាងលើ។ ក្រោយពីកម្លាំងសមត្ថកិច្ចចាកចេញ ក៏មានជនជាតិចិន ៦នាក់ ចូលមកយករថយន្តបើកចេញ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ និងដកហូតវត្ថុតាងក្នុងរថយន្ត រួមមាន ទូរស័ព្ទ ១៩៣ គ្រឿង ដុំសាកទូរស័ព្ទ ២គ្រឿង សង្ស័យជាសម្ភារវត្ថុតាងបម្រើបទល្មើសបច្ចេកវិទ្យាអនឡាញ និងទូរស័ព្ទផ្ទាល់ខ្លួចំនួន ៨គ្រឿង។បច្ចុប្បន្ន ជនជាតិចិន និងវត្ថុតាងទាំងអស់ ត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី៕ 

ក្រសួងបរិស្ថាន ត្រៀមកូនឈើចម្រុះជាច្រើនប្រភេទចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន

2026/07/09 06:01:28 pm        204
ភ្នំពេញ៖ កូនឈើចម្រុះជាច្រើនប្រភេទ ដែលដឹកជញ្ជូនមកពីបណ្តាខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បានមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការ​បញ្ជាក់របស់ក្រសួងបរិស្ថាន។  ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបានត្រៀមរៀបចំពិព័រណ៍និងផ្សព្វផ្សាយ ក្រោមមូលបទ «ពន្លកបៃតង» ឆ្នាំ២០២៦ ដោយចែកជូនកូនឈើចម្រុះ (រួមទាំងកូនឈ់ព្រៃ កូនឈើហូបផ្លែ និងកូនត្នោត) ដោយឥតគិតថ្លៃដល់សាធារណជន ដើម្បីពង្រីកគម្របបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នែការរស់នៅប្រកដោយចីរភាពរបស់កូនចៅយើងជំនាន់ក្រោយ។ក្រសួងបរិស្ថាននៅក្នុងឆ្នាំ​២០២៦ បានបណ្តុះកូនឈើបានជាង៥,៣លានដើម នៅតាមថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានរាជធានី-ខេត្ត ទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ រួមមាននៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរីនិងកោះកុង។ បើតាមក្រសួងបរិស្ថាន បច្ចុប្បន្ននេះ កូនឈើចម្រុះជាង១លានដើម បានដឹកមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំចូលរួមក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦។ តាមផែនការដែលបានគ្រោងទុក ក្រសួងបរិស្ថានគ្រោងចែកកូនឈើចំនួន ៥លានដើម (រួមមានកូនត្នោត ១,៥លានដើម ឈើប្រណីត ឈើហូបផ្លែ និងឈើលម្អ)នៅឆ្នាំ២០២៦៕

រយៈពេល៦ខែឆ្នាំនេះ មានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួនចំនួន ១.៨៩៧នាក់

2026/07/09 05:58:10 pm        124
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ មានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួន ចំនួន១.៨៩៧នាក់ ក្នុងនោះមានស្ត្រីចំនួន ១៦៧នាក់។ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ពួកគេត្រូវបានវាយតម្លៃថាមានការកែប្រែខ្លួនល្អ ប្រព្រឹត្តល្អ ហើយមួយចំនួនត្រូវបានរៀបចំលើកបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។ជាមួយគ្នានេះដែរ មានទណ្ឌិតចំនួន ១.៧១២នាក់ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីលើជំនាញចម្រុះ រៀបចំដោយអង្គភាពផ្ទាល់ និងក្រោមការគាំទ្រពីមជ្ឈមណ្ឌលជាតិ ព្រមទាំងអង្គការដៃគូនានា។ ដោយឡែក អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងគ្រប់គ្រងចំពោះជំងឺឆ្លង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើអ្នកមានជំងឺដែលងាយប្រឈមគ្រោះថ្នាក់ដូចជាជំងឺបេះដូង វិបល្លាសស្មារតី និងជនជាប់ឃុំដែលគ្មានសាច់ញាតិជាទីពឹងពាក់។ របាយការណ៍បង្ហាញថា តាមរយៈការពង្រឹងសេវាប៉ុស្តិ៍សុខភាពពន្ធនាគារ និងការកែប្រែគុណភាពម្ហូបអាហារឱ្យកាន់តែប្រសើរឡើង ក្នុងឆមាសទី១នេះ ករណីសង្គ្រោះបន្ទាន់ ឬការបញ្ជូនជនជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ព្រមទាំងអត្រានៃការស្លាប់ ជារួមបានមានការថយចុះគួរឱ្យកត់សម្គាល់។ គិតមកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំសរុបចំនួន ៦៧.៦៧៧នាក់ ក្នុងនោះមានស្ត្រីចំនួន ៤.៥៣០នាក់ រួមមាន ជនត្រូវចោទមានចំនួន ២២% ជនជាប់ចោទមានចំនួន ១០% ពិរុទ្ធជនមានចំនួន ៣៧% និងទណ្ឌិតមានចំនួន ៣១%៕ 

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង

2026/07/09 03:00:44 pm        255
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះមកមូលដ្ឋានមកដល់ខេត្តស្ទឹងត្រែង ដើម្បីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ពង្រឹងការបំពេញការងារក្នុងដែនភារកិច្ចរបស់ខ្លួន បម្រើប្រជាពលរដ្ឋអោយបានល្អប្រសើរ ។ ពិធីជួបសំណេះសំណាលនេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សា និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រមាណជាង៦០០នាក់ នៅទីរួមខេត្តស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេស មានព្រំប្រទល់ខាងជើងជាប់ខេត្តពីរនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពី ដែលមានបណ្តោយព្រំដែនប្រមាណ ២៥៥ គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ០២៩ ដល់បង្គោលព្រំដែនលេខ០៩៧ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្ត មណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ សណ្ឋានដីជា តំបន់ខ្ពង់រាប មានវាលទំនាប និងភ្នំខ្ពស់ៗនៅជ្រុងទិសឦសាន។ ខេត្តមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆាជាតិ និងប្រព័ន្ធជីវៈចម្រុះ។ ខេត្ត មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០% ចែកជា៦ក្រុងស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប១៩១.០៧១នាក់ ស្មើនឹង៤៦.០៨៣គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥% ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។ ប្រជាជនមានមុខរបរកសិកម្ម ជាង៧៦% ពាណិជ្ជកម្ម៥% សិប្បកម្ម៤% ចិញ្ចឹមសត្វ៣% និងនេសាទ១%។ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៨%។ ខេត្តមានផ្លូវជាតិឆ្លងកាត់៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧៨ និងមានផ្លូវ តាមបណ្តោយ ព្រំដែនប្រមាណ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និងស្ពានកោះទន្សាយសែនជ័យ ប្រវែង២៤០ម៉ែត្រ។ ទំនប់វារីអគ្គិសនីសេសានក្រោម២ មានអនុភាព៤០០មេហ្គាវ៉ាត់ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនា ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ និងច្រកទ្វារ អន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនិងឯកឧត្តម ថងលូន ស៊ីស៊ូលីត។ យោងតាមរបាយការណ៍របស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ខេត្តស្ទឹងត្រែងបានសម្រេចនូវលទ្ធផលការងារសំខាន់ៗជាច្រើន ក្នុងសម្រាប់វិស័យកសិកម្ម ខេត្តបានជំរុញផលិតកម្មកសិកម្ម ជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់ដំឡូងមីស្រស់នាំចេញក្រៅខេត្ត បាន២២៩ពាន់តោន ដំឡូងមីស្ងួត៧៦ពាន់តោន គ្រាប់ស្វាយចន្ទី៥២ពាន់តោន និងស្វាយកែវរមៀត៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំក្នុងខេត្តសរុបជាង៥ពាន់តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផលនេសាទជាលក្ខណៈគ្រួសារទទួលបាន១.២៦៦តោន។ ចំពោះការជំរុញបន្ថែមលើការវិនិយោគ ខេត្តស្ទឹងត្រែងបានលើកកម្ពស់ការទាក់ទាញគម្រោងវិនិយោគផ្នែកឯកជនក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួលបានគោលការណ៍ ៩គម្រោង ក្នុងវិស័យកសិឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹមសត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះ អនុស្សរណៈនៃការយោគយល់ គ្នាជាមួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។ ចុះបញ្ជីគម្រោង វិនិយោគ មាន ទុនវិនិយោគជាង៤លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះបញ្ជីចំនួន ៥គម្រោងវិនិយោគទៀត។ ការគ្រប់គ្រងនិងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយ ក្នុងដែនសមត្ថកិច្ចខេត្ត ត្រូវបានថែរក្សាការពារកាន់តែមានភាពរឹងមាំ គួបផ្សំនឹងការជំរុញអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងគ្រោះថ្នាក់ សង្គម មានការថយចុះ ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ យកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តវិធានការបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបង្កើន ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ និងចុះជាប់មូលដ្ឋាននៅកៀកជាមួយប្រជាជន។ខេត្តស្ទឹងត្រែង បានពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តទាំងពីរនៃប្រទេសឡាវដែលមានព្រំដែនជាប់គ្នា និងខេត្តសម្ព័ន្ធមេត្រីភាពចំនួន៤ នៃប្រទេសវៀតណាម ព្រមទាំងកំពុងរៀបចំឯកសារបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងពីនចូវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្មីៗនេះ ខេត្តស្ទឹងត្រែង និងខេត្តហ្សាឡាយ ក៏បាន សហការរៀបចំវេទិកាជំរុញការវិនិយោគ លើកទី១ ឆ្នាំ២០២៦ ដោយខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ។ ក្នុងខែកក្កដានេះ ខេត្ត ស្ទឹងត្រែង និងខេត្តចំប៉ាសាក់ បានឯកភាពរួមគ្នាដើម្បីធ្វើការជួសជុលកែលម្អឡើងវិញកំណាត់ផ្លូវ រងការខូចខាត ក្បែរច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ។ ខេត្តស្ទឹងត្រែង បានកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ នៅទីប្រជុំជននិងមូលដ្ឋានជនបទ តំបន់ក្បែរព្រំដែន តំបន់សក្តានុពលទេសចរណ៍ និងការស្ថាបនាសមិទ្ធផលថ្មីៗ ជាអត្តសញ្ញាណខេត្ត រួមមាន លំហរសាធារណៈ សម្រាប់កុមារនិងមនុស្សពេញវ័យ ទីលានតេជោ-ធិបតីនិងវេទិកានាគជ័យ ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត សួនសុវណ្ណភូមិ សួនបវរធិបតីនិងគ្រួសារផ្សោត រង្វង់មូលព្រះភុម្មជ័យមង្គល-អូរពងមាន់ ទីសក្ការៈបូជនីយដ្ឋានភ្នំធាតុ សួនតេជោសន្តិភាព សួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ផ្លូវថ្មើរជើងជុំវិញអតីតព្រះរាជដំណាក់ អគារបរិច្ចាគឈាមមណ្ឌលនៃក្តីស្រឡាញ់ ផ្លូវថ្មើរជើងមាត់ទន្លេសេកុង រថយន្តបណ្ណាល័យចល័ត អគាររដ្ឋបាល សាលាស្រុកបុរីអូរស្វាយសែនជ័យ ផ្ទះមុខងារខេត្តស្ទឹងត្រែង រូបសំណាកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត កែលម្អកំពង់ចម្លងក្រុងស្ទឹងត្រែង រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនក្នុងមូលដ្ឋាន អគារសម្ភព- បន្ទប់រង់ចាំនៅតាមមណ្ឌលសុខភាពអគារសិក្សាថ្មី បង្គោលភ្លើងបំភ្លឺសាធារណៈក្នុងទីប្រជុំជនរង្វង់មូលព្រះនរាយណ៍ ស្ថាបនាកំពង់ចម្លង-ផ្សារសហគមន៍ទេសចរណ៍ ស្ពានដែក និងផ្លូវបេតុងជាច្រើនខ្សែក្នុងទីរួមខេត្ត និងមូលដ្ឋាន។ សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។ មកដល់ខេត្តស្ទឹងត្រែងនេះ ជាជំនួបទី១៩ និងជាខេត្តទី២២ហើយ ដែលសម្តេចតេជោចុះជួបសំណេះសំណាល៕ 

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ

2026/07/08 11:38:05 pm        119
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ ចំនួនប្រមាណ ៥០០ខ្នងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញស្ថិតក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ចំពោះការសាងសង់ផ្ទះបណ្តោះអាសន្ននេះ ធ្វើឡើងនៅបរិវេណជិតនឹងផ្ទះបណ្តោះអាសន្នចំនួន ២៥០ខ្នង ដែលមានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាល បានស្ថាបនា និងរៀបចំរួចរាល់ ដូចជា ផ្លូវ ការតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត ការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គិសនី និងសាលារៀនបណ្តោះអាសន្នជាដើម។ សូមជម្រាបថា ការសាងសង់ផ្ទះបណ្តោះអាសន្ន គឺជាយុទ្ធសាស្រ្តនៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមិនទុកបងប្អូនប្រជាពលរដ្ឋភៀសសឹករងការខូចខាតលំនៅឋានជួបការលំបាកឡើយ ពោលបូករួមជាមួយការគិតគូរឧបត្ថម្ភគាំទ្រដល់ជីវភាពរស់នៅ និងដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាពបំផុត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
07/26/2026 11:07 AM
ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិ​​ស្ស​​​​​​​​​​​​​​​​​​​​ឆ្នាំ​​​​២០២៦
07/26/2026 11:07 AM
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី​ TVET ១,៥ លាន​នាក់របស់រាជរដ្ឋាភិបាល
07/26/2026 11:07 AM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេចំនួន១ខ្សែ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
07/26/2026 10:07 AM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង
07/26/2026 10:07 AM
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM