សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
ក្រសួងបរិស្ថានផ្សព្វផ្សាយសក្តានុពលភ្នំខ្នងផ្សារជាមួយអ្នកសារព័ត៌មានក្នុងស្រុក
កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត

ព័ត៌មានជាតិ

រយៈពេល៦ខែឆ្នាំនេះ មានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួនចំនួន ១.៨៩៧នាក់

2026/07/09 05:58:10 pm        124
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ មានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួន ចំនួន១.៨៩៧នាក់ ក្នុងនោះមានស្ត្រីចំនួន ១៦៧នាក់។ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ពួកគេត្រូវបានវាយតម្លៃថាមានការកែប្រែខ្លួនល្អ ប្រព្រឹត្តល្អ ហើយមួយចំនួនត្រូវបានរៀបចំលើកបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។ជាមួយគ្នានេះដែរ មានទណ្ឌិតចំនួន ១.៧១២នាក់ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីលើជំនាញចម្រុះ រៀបចំដោយអង្គភាពផ្ទាល់ និងក្រោមការគាំទ្រពីមជ្ឈមណ្ឌលជាតិ ព្រមទាំងអង្គការដៃគូនានា។ ដោយឡែក អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងគ្រប់គ្រងចំពោះជំងឺឆ្លង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើអ្នកមានជំងឺដែលងាយប្រឈមគ្រោះថ្នាក់ដូចជាជំងឺបេះដូង វិបល្លាសស្មារតី និងជនជាប់ឃុំដែលគ្មានសាច់ញាតិជាទីពឹងពាក់។ របាយការណ៍បង្ហាញថា តាមរយៈការពង្រឹងសេវាប៉ុស្តិ៍សុខភាពពន្ធនាគារ និងការកែប្រែគុណភាពម្ហូបអាហារឱ្យកាន់តែប្រសើរឡើង ក្នុងឆមាសទី១នេះ ករណីសង្គ្រោះបន្ទាន់ ឬការបញ្ជូនជនជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ព្រមទាំងអត្រានៃការស្លាប់ ជារួមបានមានការថយចុះគួរឱ្យកត់សម្គាល់។ គិតមកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំសរុបចំនួន ៦៧.៦៧៧នាក់ ក្នុងនោះមានស្ត្រីចំនួន ៤.៥៣០នាក់ រួមមាន ជនត្រូវចោទមានចំនួន ២២% ជនជាប់ចោទមានចំនួន ១០% ពិរុទ្ធជនមានចំនួន ៣៧% និងទណ្ឌិតមានចំនួន ៣១%៕ 

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង

2026/07/09 03:00:44 pm        255
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះមកមូលដ្ឋានមកដល់ខេត្តស្ទឹងត្រែង ដើម្បីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ពង្រឹងការបំពេញការងារក្នុងដែនភារកិច្ចរបស់ខ្លួន បម្រើប្រជាពលរដ្ឋអោយបានល្អប្រសើរ ។ ពិធីជួបសំណេះសំណាលនេះមានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សា និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រមាណជាង៦០០នាក់ នៅទីរួមខេត្តស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេស មានព្រំប្រទល់ខាងជើងជាប់ខេត្តពីរនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពី ដែលមានបណ្តោយព្រំដែនប្រមាណ ២៥៥ គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ០២៩ ដល់បង្គោលព្រំដែនលេខ០៩៧ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្ត មណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ សណ្ឋានដីជា តំបន់ខ្ពង់រាប មានវាលទំនាប និងភ្នំខ្ពស់ៗនៅជ្រុងទិសឦសាន។ ខេត្តមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆាជាតិ និងប្រព័ន្ធជីវៈចម្រុះ។ ខេត្ត មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០% ចែកជា៦ក្រុងស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប១៩១.០៧១នាក់ ស្មើនឹង៤៦.០៨៣គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥% ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។ ប្រជាជនមានមុខរបរកសិកម្ម ជាង៧៦% ពាណិជ្ជកម្ម៥% សិប្បកម្ម៤% ចិញ្ចឹមសត្វ៣% និងនេសាទ១%។ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៨%។ ខេត្តមានផ្លូវជាតិឆ្លងកាត់៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧៨ និងមានផ្លូវ តាមបណ្តោយ ព្រំដែនប្រមាណ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និងស្ពានកោះទន្សាយសែនជ័យ ប្រវែង២៤០ម៉ែត្រ។ ទំនប់វារីអគ្គិសនីសេសានក្រោម២ មានអនុភាព៤០០មេហ្គាវ៉ាត់ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនា ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ និងច្រកទ្វារ អន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនិងឯកឧត្តម ថងលូន ស៊ីស៊ូលីត។ យោងតាមរបាយការណ៍របស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ខេត្តស្ទឹងត្រែងបានសម្រេចនូវលទ្ធផលការងារសំខាន់ៗជាច្រើន ក្នុងសម្រាប់វិស័យកសិកម្ម ខេត្តបានជំរុញផលិតកម្មកសិកម្ម ជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់ដំឡូងមីស្រស់នាំចេញក្រៅខេត្ត បាន២២៩ពាន់តោន ដំឡូងមីស្ងួត៧៦ពាន់តោន គ្រាប់ស្វាយចន្ទី៥២ពាន់តោន និងស្វាយកែវរមៀត៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំក្នុងខេត្តសរុបជាង៥ពាន់តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផលនេសាទជាលក្ខណៈគ្រួសារទទួលបាន១.២៦៦តោន។ ចំពោះការជំរុញបន្ថែមលើការវិនិយោគ ខេត្តស្ទឹងត្រែងបានលើកកម្ពស់ការទាក់ទាញគម្រោងវិនិយោគផ្នែកឯកជនក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួលបានគោលការណ៍ ៩គម្រោង ក្នុងវិស័យកសិឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹមសត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះ អនុស្សរណៈនៃការយោគយល់ គ្នាជាមួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។ ចុះបញ្ជីគម្រោង វិនិយោគ មាន ទុនវិនិយោគជាង៤លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះបញ្ជីចំនួន ៥គម្រោងវិនិយោគទៀត។ ការគ្រប់គ្រងនិងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយ ក្នុងដែនសមត្ថកិច្ចខេត្ត ត្រូវបានថែរក្សាការពារកាន់តែមានភាពរឹងមាំ គួបផ្សំនឹងការជំរុញអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងគ្រោះថ្នាក់ សង្គម មានការថយចុះ ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ យកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តវិធានការបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបង្កើន ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ និងចុះជាប់មូលដ្ឋាននៅកៀកជាមួយប្រជាជន។ខេត្តស្ទឹងត្រែង បានពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តទាំងពីរនៃប្រទេសឡាវដែលមានព្រំដែនជាប់គ្នា និងខេត្តសម្ព័ន្ធមេត្រីភាពចំនួន៤ នៃប្រទេសវៀតណាម ព្រមទាំងកំពុងរៀបចំឯកសារបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងពីនចូវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្មីៗនេះ ខេត្តស្ទឹងត្រែង និងខេត្តហ្សាឡាយ ក៏បាន សហការរៀបចំវេទិកាជំរុញការវិនិយោគ លើកទី១ ឆ្នាំ២០២៦ ដោយខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ។ ក្នុងខែកក្កដានេះ ខេត្ត ស្ទឹងត្រែង និងខេត្តចំប៉ាសាក់ បានឯកភាពរួមគ្នាដើម្បីធ្វើការជួសជុលកែលម្អឡើងវិញកំណាត់ផ្លូវ រងការខូចខាត ក្បែរច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ។ ខេត្តស្ទឹងត្រែង បានកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ នៅទីប្រជុំជននិងមូលដ្ឋានជនបទ តំបន់ក្បែរព្រំដែន តំបន់សក្តានុពលទេសចរណ៍ និងការស្ថាបនាសមិទ្ធផលថ្មីៗ ជាអត្តសញ្ញាណខេត្ត រួមមាន លំហរសាធារណៈ សម្រាប់កុមារនិងមនុស្សពេញវ័យ ទីលានតេជោ-ធិបតីនិងវេទិកានាគជ័យ ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត សួនសុវណ្ណភូមិ សួនបវរធិបតីនិងគ្រួសារផ្សោត រង្វង់មូលព្រះភុម្មជ័យមង្គល-អូរពងមាន់ ទីសក្ការៈបូជនីយដ្ឋានភ្នំធាតុ សួនតេជោសន្តិភាព សួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ផ្លូវថ្មើរជើងជុំវិញអតីតព្រះរាជដំណាក់ អគារបរិច្ចាគឈាមមណ្ឌលនៃក្តីស្រឡាញ់ ផ្លូវថ្មើរជើងមាត់ទន្លេសេកុង រថយន្តបណ្ណាល័យចល័ត អគាររដ្ឋបាល សាលាស្រុកបុរីអូរស្វាយសែនជ័យ ផ្ទះមុខងារខេត្តស្ទឹងត្រែង រូបសំណាកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត កែលម្អកំពង់ចម្លងក្រុងស្ទឹងត្រែង រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនក្នុងមូលដ្ឋាន អគារសម្ភព- បន្ទប់រង់ចាំនៅតាមមណ្ឌលសុខភាពអគារសិក្សាថ្មី បង្គោលភ្លើងបំភ្លឺសាធារណៈក្នុងទីប្រជុំជនរង្វង់មូលព្រះនរាយណ៍ ស្ថាបនាកំពង់ចម្លង-ផ្សារសហគមន៍ទេសចរណ៍ ស្ពានដែក និងផ្លូវបេតុងជាច្រើនខ្សែក្នុងទីរួមខេត្ត និងមូលដ្ឋាន។ សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះគឺ ដើម្បីពង្រឹងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមមូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។ មកដល់ខេត្តស្ទឹងត្រែងនេះ ជាជំនួបទី១៩ និងជាខេត្តទី២២ហើយ ដែលសម្តេចតេជោចុះជួបសំណេះសំណាល៕ 

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ

2026/07/08 11:38:05 pm        119
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ ចំនួនប្រមាណ ៥០០ខ្នងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញស្ថិតក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ចំពោះការសាងសង់ផ្ទះបណ្តោះអាសន្ននេះ ធ្វើឡើងនៅបរិវេណជិតនឹងផ្ទះបណ្តោះអាសន្នចំនួន ២៥០ខ្នង ដែលមានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាល បានស្ថាបនា និងរៀបចំរួចរាល់ ដូចជា ផ្លូវ ការតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត ការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គិសនី និងសាលារៀនបណ្តោះអាសន្នជាដើម។ សូមជម្រាបថា ការសាងសង់ផ្ទះបណ្តោះអាសន្ន គឺជាយុទ្ធសាស្រ្តនៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមិនទុកបងប្អូនប្រជាពលរដ្ឋភៀសសឹករងការខូចខាតលំនៅឋានជួបការលំបាកឡើយ ពោលបូករួមជាមួយការគិតគូរឧបត្ថម្ភគាំទ្រដល់ជីវភាពរស់នៅ និងដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាពបំផុត៕

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខក្រុម AOT ប្រចាំការនៅខេត្តបន្ទាយមានជ័យ

2026/07/08 11:31:38 pm        304
នាយឧត្តមសេនីយ៍ តាន់ស្រ៊ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ខេត្តបន្ទាយមានជ័យ និងបានជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT ) ដែលប្រចាំការនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ថៃទៅដល់ខេត្តបន្ទាយមានជ័យផងដែរ។ សូមបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១១ ខែកក្កដា ឆ្នាំ២០២៦។ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ វត្តមានរបស់លោកនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ម៉ាឡេស៊ី ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសបញ្ហាព្រំដែនរវាងប្រទេសជាសមាជិកអាស៊ាន។ ការចុះពិនិត្យផ្ទាល់នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធា និងការទូត ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរួមចំណែករកដំណោះស្រាយដោយសន្តិវិធី។ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មិនត្រឹមតែជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាល្អរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាណមួយដែលបញ្ជាក់ ពីការគាំទ្ររបស់ម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។វត្តមានរបស់អគ្គមេបញ្ជាការម៉ាឡេស៊ីនៅតំបន់ជម្លោះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ានទាំងមូល។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងរួមចំណែកដល់សន្តិសុខរួមក្នុងតំបន់៕ អត្ថបទ៖ វង្ស សុភាព

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល

2026/07/08 11:27:49 pm        199
នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១,៩០០អង្គ/នាក់។ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានរំលឹកឡើងវិញអំពីបេសកកម្មចម្បងរបស់សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន៖ ទី១-រៀបចំផែនការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ និងផ្តល់ការបណ្តុះបណ្តាលដំបូងដល់មន្ត្រី ដែលទើបត្រូវបានជ្រើសរើសថ្មី ដើម្បីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ, ទី២-រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត និងកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងវិស័យសាធារណៈ និង ទី៣-សិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងវិស័យសាធារណៈ។បន្ថែមលើបេសកកម្មចម្បងដែលត្រូវបំពេញ សាលា​ភូមិន្ទ​រដ្ឋបាល​តែង​បាន​ផ្តោត​សំខាន់​លើ​ការអនុវត្តនិងផ្សព្វ​ផ្សាយ​ការងារ​សង្គម ដោយ​​បាន​ជំរុញការលើក​ទឹក​ចិត្ត​ដល់​ថ្នាក់​ដឹកនាំ និង​មន្ត្រីនៃសាលា​ភូមិន្ទ​រដ្ឋបាល រួម​ជាមួយ​​កម្មសិក្សា​ការី សិក្ខាកាម និង​សិស្ស​មន្ត្រី ​ឱ្យចូល​រួម​​ក្នុង​ការងារ​សង្គម និង​ការ​ផ្សព្វផ្សាយ​នានា។ ជា​លទ្ធផល​ សកម្ម​ភាព​សង្គម​របស់​សាលា​ភូមិន្ទ​រដ្ឋបាល​ ត្រូវបានអនុវត្តជាបន្តបន្ទាប់រៀងរាល់ឆ្នាំ និងបានចូលរួមក្នុង​វិស័យ​អប់រំ សុខាភិបាល បរិស្ថាន សាសនា វប្បធម៌ សង្គម​កិច្ច ទេសចរណ៍ មនុស្សធម៌ជាដើម។ទន្ទឹមនេះ ឯកឧត្តមនាយកសាលា បានលើកឡើងថា ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាល នឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាលឱ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមនុស្ស ឈរលើបាវចនា៖ វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍។បន្ថែមពីនេះ ឯកឧត្តមនាយកសាលា បានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល បានកំណត់ចក្ខុវិស័យរបស់ខ្លួនយ៉ាងច្បាស់លាស់ និងមុតមាំ តាមរយៈផែនការយុទ្ធសាស្ត្រ (២០២៦-២០៣០) ដើម្បីអភិវឌ្ឍខ្លួនជាស្ថាប័នឈានមុខលើគុណភាព និងនវានុវត្តន៍ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ (១)ការអភិវឌ្ឍ និងការលើកកម្ពស់សមិទ្ធកម្មនៃកម្មវិធីបណ្តុះបណ្តាល, (២)ការពង្រឹង និងពង្រីកភាពជាដៃគូក្នុងការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ, (៣)ការជំរុញការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ, (៤)ការជំរុញការរៀបចំវេទិកាចែករំលែកចំណេះដឹង និងការអនុវត្តសកម្មភាពសង្គម និង (៥)ការលើកកម្ពស់សមត្ថភាពឌីជីថលគាំទ្រការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ៕

ក្រសួងទេសចរណ៍ប្រកាសទទួលមតិរិះគន់ និងកែសម្រួលការប្រើប្រាស់អភិក្រម «នាំកង្កែបចេញពីអណ្តូង» ចំពោះការផ្សព្វផ្សាយសត្តានុពលទេសចរណ៍កម្ពុជា

2026/07/08 11:14:26 pm        83
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ទទួលមតិរិះគន់ និងកែសម្រួលការប្រើប្រាស់អភិក្រម «នាំកង្កែបចេញពីអណ្តូង» ចំពោះការផ្សព្វផ្សាយសត្តានុពលទេសចរណ៍កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការចូលរួមទាំងអស់គ្នាដើម្បីវិស័យទេសចរណ៍កម្ពុជារបស់ក្រសួង។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងគោលបំណងជំរុញ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យបានកាន់តែ ទូលំទូលាយ កន្លងមក ក្រសួងបានដាក់ចេញនូវអភិក្រមមួយ ដោយប្រើប្រាស់ឃ្លាធៀប ការនាំកង្កែបចេញពី អណ្តូង។ ការប្រើប្រាស់ឃ្លានេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ប៉ុន្តែក៏មានការបកស្រាយ និងយល់ន័យផ្សេងៗគ្នាពីគោលបំណងដើមពិតប្រាកដផងដែរ។ ក្រសួងបញ្ជាក់ទៀតថា ដោយឈរលើស្មារតីបើកចំហ តម្លាភាព និងការស្តាប់មតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណ និងសូមទទួលយកនូវរាល់មតិយោបល់ស្ថាបនាទាំងនោះ ដើម្បីកែសម្រួលការប្រើប្រាស់ អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន។ ការកែលម្អនេះ នឹងឆ្លុះបញ្ចាំង អំពីស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើក កម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិមកកម្ពុជាឱ្យ បានកាន់តែច្រើនឡើងថែមទៀត។ ទន្ទឹមនេះ ក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងលើកកម្ពស់វិស័យ ទេសចរណ៍កម្ពុជា។ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ មានជំនឿយ៉ាងមុតមាំថា ការបន្តរួបរួមសាមគ្គីជាធ្លុងមួយរបស់បងប្អូនជនរួមជាតិទាំងអស់ នឹងក្លាយជាកម្លាំងចលកររុញច្រានវិស័យទេសចរណ៍កម្ពុជាឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បី ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់រូប៕

មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសជប៉ុនខិតខំក្រេបជញ្ជក់ចំណេះដឹង និងត្រឡប់មកជួយកម្ពុជាវិញ

2026/07/08 11:09:30 pm        115
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ចំនួន២៤ រូប សម្រាប់ឆ្នាំសិក្សា២០២៦។ និស្សិតជ័យលាភីទាំងនេះ នឹងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យឈានមុខនានារបស់ប្រទេសជប៉ុន លើមុខជំនាញរួមមាន៖ ទំនាក់ទំនងអន្តរជាតិ រដ្ឋបាលសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍវិស័យឯកជន សេដ្ឋកិច្ច ការតភ្ជាប់ កសិកម្ម និងការអបរំ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ខិតខំក្រេបជញ្ជក់ចំណេះដឹង និងត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីយកចំណេះដឹងមកបម្រើជាតិមាតុភូមិ។ ឯកឧត្តម ក៏បានជំរុញឱ្យនិស្សិតជ័យលាភីដើរតួនាទីជាឯកអគ្គរាជទូតសុឆន្ទៈ ដើម្បីលើកកម្ពស់វប្បធម៌ គុណតម្លៃ និងរូបភាពវិជ្ជមានរបស់កម្ពុជា ព្រមទាំងពង្រឹងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន តាមរយៈការលើកកម្ពស់ការប្រាស័្រយទាក់ទងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរនិស្សិតជ័យលាភីទាំងអស់ធ្វើដំណើរទៅកាន់ប្រទេសជប៉ុនប្រកប ដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការសិក្សា៕

អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ប្រគល់ថវិកាជាង ២៧៦លានរៀល ជូនមូល​និធិគន្ធបុប្ផា​កម្ពុជា

2026/07/08 11:00:05 pm        246
តំណាងឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកថវិកាចំនួន ២៧៥,៩៨៥,០០០រៀល ដែលបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ចំណុះអគ្គបញ្ជាការដ្ឋាន ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកគាំទ្រដល់បេសកកម្មសង្គ្រោះ និងព្យាបាលកុមារកម្ពុជា។ ពិធីប្រគល់ថវិកានេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទទួលថវិកាឧបត្ថម្ភនេះ។ ក្នុងឱកាសនោះ លោកជំទាវ ប៉ែន សុបភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានទាំងអស់ ដែលបានយកចិត្តទុកដាក់បរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យមាននិរន្តរភាពក្នុងការជួយសង្គ្រោះ និងព្យាបាលជីវិតកុមារកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា បានបញ្ជាក់ថា ការចូលរួមឧបត្ថម្ភថវិការបស់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវបានអនុវត្តជាប្រចាំរៀងរាល់ត្រីមាស។ ទោះបីថវិកាដែលប្រមូលបានមិនមានចំនួនច្រើនក៏ដោយ ប៉ុន្តែនេះជាការបង្ហាញពីទឹកចិត្ត ការចែករំលែកជួយកុមារដែលជាទំពាំងស្នងឬស្សី ក្នុងស្មារតីទទួលខុសត្រូវចំពោះសង្គម ហើយអគ្គបញ្ជាការដ្ឋាននឹងបន្តគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជានៅពេលខាងមុខបន្តទៀត៕

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

2026/07/08 10:53:23 pm        175
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បាន​រៀប​ចំ​ក្រុម​គ្រូ​ពេទ្យ​ចក្ខុសាស្រ្ត ចុះពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិត​នៅ​ក្នុង​មណ្ឌលសុខភាពស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ, រៀបចំដោយ​កម្ម​វិធី​សុខ​ភាព​ភ្នែក​រាជ​ធានី​ភ្នំពេញ ឧបត្ថម្ភគាំទ្រដោយមូលនិធិ ហ្រ្វេដហូឡូ កម្ពុជា។ លោកស្រី ស្រ៊ុន ម៉ារី ប្រធានផ្នែកគ្រប់គ្រងសុខភាពបរិស្ថាន និងគ្រោះមហន្តរាយ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ថ្ងៃនេះក្រុមគ្រូពេទ្យផ្នែកចក្ខុសាស្រ្ត ក៏ដូចជាក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពស្ទឹងមានជ័យផ្ទាល់ បានធ្វើការពិនិត្យ ព្យាបាលជំងឺភ្នែក ផ្តល់ថ្នាំ និងវ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ។ ហើយសកម្មភាពនាថ្ងៃនេះ បានធ្វើឲ្យក្រុមការងារគ្រូពេទ្យទាំងអស់ ពិតជាមានសេចកី្តសប្បាយរីករាយ និងជាចំណែកមួយក្នុងការលើកកម្ពស់សុខភាពភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដោយមានការឧបត្ថម្ភគាំទ្រពីមូលនិធិ ហ្រ្វេដហូឡូ កម្ពុជា ផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមណ្ឌលសុខភាព ស្ទឹងមានជ័យ លោកស្រី ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ជួយគាំទ្រ ផ្តល់ការណែនាំផ្នែកបច្ចេកទេស និងសម្របសម្រួលរាល់ការលំបាកនានា ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនៅមណ្ឌលសុខភាពរបស់យើង និងមូលនិធិ ហ្រ្វេដហូឡូ កម្ពុជា បានចូលរួមកម្មវិធីសប្បុរសធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពពិការភ្នែក និងគំហើញចុះខ្សោយ ព្រមទាំងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាថ្មីជូនដល់ប្រជាពលរដ្ឋ។ជាចុងក្រោយលោកស្រី ស្រ៊ុន ម៉ារី បានអំពាវនាវដល់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងសហគមន៍ សូមចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពទាំងអស់គ្នា ព្រោះថាការចូលរួមរបស់បងប្អូនទាំងអស់ គឺមានពង្រឹងនូវសុខភាពភ្នែក មានន័យថា ស្រលាញ់សុខភាពភ្នែក ដូចជាស្រលាញ់ខ្លួនឯង។ ដូច្នេះត្រូវចូលរួមពិនិត្យសុខភាពភ្នែក ឲ្យបាន២ដង ក្នុង១ឆ្នាំ ការស្រឡាញ់និងថែរក្សាសុខភាពភ្នែក គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប គ្រប់វ័យ មិនថាចាស់ ក្មេង ប្រុស ឬស្រីនោះទេ៕ អត្ថបទ រដ្ឋា

កម្ពុជានាំចេញអង្ករជាង ៦៣ម៉ឺន​តោន ទទួលបានចំណូល​ជាង ៣៦៧លានដុល្លារ ​ក្នុងរយៈពេល៦ខែ ឆ្នាំ​២០២៦

2026/07/08 10:27:02 pm        141
ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣០ ៣១៩ តោនទៅកាន់ទីផ្សារអន្តរជាតិ ក្នុង​ឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ៦២.៨៤% ​ ខណៈប្រាក់ចំណូលទទួលបានពីការនាំចេញអង្ករសម្រេចបានជាង ៣៦៧ លានដុល្លារអាមេរិក​ កើនឡើង​ ២៩.៥២% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៦០ បាននាំចេញអងង្ករទៅកាន់គោលដៅចំនួន ៦៤ ជុំវិញពិភពលោក​។ សហភាព​អឺរ៉ុបគឺជាផ្សារចម្បងជាងសម្រាប់អង្ករកម្ពុជា ដោយ បណ្តា​ប្រទេស​តំបន់អឺរ៉ុបចំនួន ​៣២ ​បាននាំចូលអង្ករពីកម្ពុជា​ក្នុង​បរិមាណអង្ករចំនួន ១៧៩ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣​ លានដុល្លារ​សហរដ្ឋអាមេរិក។ប្រទេសទេសចិនគឺជាសំខាន់មួយសម្រាប់កម្ពុជា ដែលបាននាំចេញទៅចិន ​ហុងកុង និងម៉ាកាវ ចំនួន ១៧០ ៤៨៣ តោន ដែល​មានទឹកប្រាក់ចំនួន ៩៩.៦៧ លានដុល្លារសហរដ្ឋអាមេរិក ខណៈកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៥ ប្រទេស ក្នុង​បរិមាណចំនួន ២២៨ ៧៨០ តោន​ ក្នុងទំហំទឹកប្រាក់ចំនួន ៩៨.៩០ លានដុល្លារសហរដ្ឋអាមេរិក ព្រមទាំង ទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨០​ លានដុល្លារសហរដ្ឋអាមេរិក។សេចក្តីប្រកាសព័ត៌មាន បន្តថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.៨១% ,ប្រភេទអង្ករសគ្រាប់វែង ២២.៥៨% , អង្ករចំហុយ ១.៨២%, អង្ករសរីរាង្គចំនួន ១.២៤%, អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥%, និងអង្ករផ្សេងៗចំនួន ០.២%។ ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើម​ចំនួន ៣.១៧៦. ៥៦១ តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណចំនួន ៧១៣.៤២ លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ ធូ វិរៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM
មនុស្សជាង៣០ម៉ឺននាក់ ជម្លៀសខ្លួន ពីហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង និងអេស្ប៉ាញ
07/26/2026 12:07 PM
UN អំពាវនាវឲ្យក្រុមឧទ្ទាមហ៊ូធីបញ្ចប់ការវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតនៅសមុទ្រក្រហម
07/26/2026 12:07 PM
លោក Trump៖ អាមេរិក និងអ៊ីរ៉ង់កំពុងជជែកគ្នា ប៉ុន្តែទីក្រុងតេអេរ៉ង់ពុំទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀង
07/26/2026 12:07 PM
ក្រសួងបរិស្ថានផ្សព្វផ្សាយសក្តានុពលភ្នំខ្នងផ្សារជាមួយអ្នកសារព័ត៌មានក្នុងស្រុក
07/26/2026 12:07 PM
កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
07/26/2026 11:07 AM