សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
ក្រសួងបរិស្ថានផ្សព្វផ្សាយសក្តានុពលភ្នំខ្នងផ្សារជាមួយអ្នកសារព័ត៌មានក្នុងស្រុក
កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត

ព័ត៌មានជាតិ

អនុប្រធានទី១ អាជ្ញាធរមីន​៖​ ការគាំទ្ររបស់ប្រទេសចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន​

2026/07/08 10:16:36 pm        126
ខេត្តស្វាយរៀង៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីន» នៅស្រុករមាសហែក ខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម សែម រតនា អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលរក្សាសន្តិភាព។ ថ្លែងក្នុងពិធី ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយសកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏សំខាន់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រែក្លាយដីដែលរងផលប៉ះពាល់ដោយសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងការអភិវឌ្ឍ។ ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកសាង និងថែរក្សាសន្តិភាព សន្តិសុខ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដោយប្តេជ្ញាធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងរស់នៅដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ឯកឧត្តមបានបន្តថា គម្រោងនេះបានបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ជាង ៣លានម៉ែត្រការ៉េ ប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព បង្កបង្កេីនផល និងការ​អភិវឌ្ឍ​ ព្រមទាំងរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ ​លើកកម្ពស់ការយល់ដឹងអំពីហានិភ័យគ្រាប់មីន និងកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍។ ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌។ ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិន មិនត្រឹមតែជាសក្ខីភាពនៃចំណងមិត្តភាព​ដែកថែប​ និង​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។

ក្រសួងការងារ និងអង្គការ ILO បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី២ លើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ»

2026/07/08 10:09:08 pm        104
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើកទី២ លើសេចក្តីព្រាងច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ» (OSH) នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sokha Phnom Penh ដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ-អន្តរជាតិ និយោជក និងកម្មករនិយោជិត សំដៅធានាឱ្យច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទកម្ពុជា និងបទដ្ឋានស្តង់ដាអង្គការ ILO គាំទ្រការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ និងការអភិវឌ្ឍទីផ្សារការងារប្រកបដោយចីរភាព។ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ២០០រូប ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា តាមរយៈការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ក្រសួងបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ព្រមទាំងអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាពនិងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដើម្បីកសាងវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ «គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារត្រឹមត្រូវ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ»។ឯកឧត្តមគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះកើតចេញពីការចងក្រងសេចក្តីប្រកាស និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាង ២០ដែលមានស្រាប់ ហើយការបង្កើតច្បាប់នេះគឺជាការឆ្លើយតបដោយផ្ទាល់ និងទាន់ពេលវេលាទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវផលិតភាពការងារខ្ពស់ ការប្រកួតប្រជែងសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ច្បាប់នេះក៏បង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនខុសពីបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ ដែលបានអនុម័តដាក់ឱ្យប្រើច្បាប់នេះរួចហើយ។ សម្រាប់កម្ពុជា ការអនុម័តដាក់ឱ្យប្រើច្បាប់នេះនាពេលខាងមុខ គឺជាការបង្ហាញឆន្ទៈក្នុងការធានាអនុលោមភាពផ្នែកសុវត្ថិភាព និងសុខភាពការងារ ស្របតាមនិន្នាការសកល និងបទដ្ឋានអន្តរជាតិខាងការងារ ជាពិសេសក្នុងការជំរុញការត្រួតពិនិត្យការអនុវត្តច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនិងបរិស្ថាន (HREDD)។នាឱកាសនោះ ឯកឧត្តមលើកឡើងថា ក្រសួងតែងតែប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ហើយច្បាប់ដែលល្អនិងគ្រប់ជ្រុងជ្រោយគឺកើតចេញពីកិច្ចសន្ទនាត្រីភាគី ដែលមានការចូលរួមស្មើភាព បើកចំហនិងស្មោះត្រង់។ ការពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២នេះ ជាការបោះជំហានទៅមុខដ៏ធំមួយទៀតក្នុងការផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចសំខាន់ៗដែលបានកែសម្រួល និងឯកភាពរួមគ្នា ថាតើបទប្បញ្ញត្តិដែលបានកែប្រែមានភាពស៊ីចង្វាក់គ្នានឹងការប្រែប្រួលសេដ្ឋកិច្ច មានតុល្យភាពរវាងការការពារកម្មករនិយោជិត និងការសម្រួលដល់បន្ទុកធុរកិច្ចនៃនិយោជកដែរឬទេ និងថាតើចំណុចដែលបានកែប្រែ និងដាក់បញ្ចូលក្នុងច្បាប់នេះស្របតាមស្តង់ដាអន្តរជាតិដែលកំណត់ដោយ ILO ដែរឬទេ ជាពិសេសអនុសញ្ញាអន្តរជាតិខាងការងារលេខ ១៥៥ និងលេខ ១៨៧។ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់អង្គសិក្ខាសាលា សូមបើកចិត្តឱ្យទូលាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា និងជជែកគ្នាដោយផ្អែកលើទិន្នន័យ ភស្តុតាង និងបច្ចេកទេសដើម្បីស្វែងរកចំណុចរួមដែលគ្រប់ភាគីអាចទទួលយកបាន។ ដើម្បីឱ្យការពិភាក្សានេះសម្រេចបានតាមគោលបំណងយុទ្ធសាស្ត្រដែលបានគ្រោងទុក ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យអង្គសិក្ខាសាលាពិនិត្យខ្លឹមសារមាត្រាជាក់លាក់ និងភាសាច្បាប់, បែងចែកសមត្ថកិច្ចអន្តរក្រសួង និងផ្ទេរបទប្បញ្ញត្តិលម្អិតទៅក្នុងលិខិតបទដ្ឋានក្រោមច្បាប់ ដោយគួរតែកំណត់ត្រឹមតែគោលការណ៍គ្រឹះ កាតព្វកិច្ចចម្បង និងក្របខ័ណ្ឌទូទៅនៅក្នុងច្បាប់នេះ។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ស្មារតីសហការ និងបទពិសោធដ៏សម្បូរបែបពីអង្គសិក្ខាសាលានឹងសម្រេចបាននូវលទ្ធផលជាប្រវត្តិសាស្ត្រ ហើយច្បាប់នេះនឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការធានាថា រាល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមិនត្រូវដើរទន្ទឹមគ្នានឹងការលះបង់សុខភាពរបស់កម្មករនិយោជិតនោះឡើយ។ ទន្ទឹមនេះ លោក ទុន សុភ័ណ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO ប្រចាំកម្ពុជា លោកឧកញ៉ា ស គីណាល់ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករ និងជាអនុប្រធានអនុគណៈកម្មាធិការជាតិ OSH បានគាំទ្រ និងអរគុណចំពោះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារដែលបានរៀបចំឱ្យមានសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះឡើង និងបើកឱកាសឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ ដែលបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀតលើសុវត្ថិភាពនិងសុខភាពការងារដល់កម្មករនិយោជិត ឆ្លុះបញ្ចាំងពីគុណតម្លៃនៃអង្គការ ILO ជួយជំរុញការប្រកួតប្រជែងលើឆាកអន្តរជាតិ ព្រមទាំងចូលរួមជំរុញចលនា «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ផងដែរ៕

ស្ត្រីអាស៊ាន និងឥណ្ឌា តម្រង់ទិសភាពជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ និងនវានុវត្តន៍សម្រាប់តំបន់

2026/07/08 10:01:36 pm        125
អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងនវានុវត្តន៍ករស្ត្រីមកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសជាសមាជិកអាស៊ាន កំពុងតម្រង់ទិស និងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការដោះស្រាយឧបសគ្គសំខាន់ៗ នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកឡើង នៅក្នុងពិធីបើក “សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌាលើកទី២” នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងផ្លាស់ប្តូរពិភពលោកយ៉ាងឆាប់រហ័ស ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យនេះជាសសរស្តម្ភគន្លឹះ នៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ច ផ្អែកលើចំណេះ ដឹង ក្រោមយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០៣០ ដែល រួមមាន គោលដៅសម្រេចឱ្យបាននិស្សិតដែលបញ្ចប់ការសិក្សាផ្នែក STEM ជាស្ត្រីយ៉ាងហោចណាស់ ៥០%។ឯកឧត្តម Souksavath Sihapanya អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងជាប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្វេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASEAN COSTI) បានសង្កត់ធ្ងន់ថា សន្និសីទនេះ គាំទ្រដល់ការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣០ ដោយ លើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងប្រព័ន្ធនវានុវត្តន៍តំបន់។ ឯកឧត្តមបន្តថា តាមរយៈសន្និសីទនេះដែរ ក៏ជាការផ្តល់ឱកាសពិសេស សម្រាប់បង្កើនសំឡេងរបស់អ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករស្ត្រី។ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា នៅក្នុងក្រប ខណ្ឌអាស៊ានគឺមានសកម្មភាពជាច្រើន ក្នុងនោះក៏មានផ្នែកមួយចំនួនត្រូវបានអនុវត្តជាមួយដៃគូសន្ទនា ជាក់ស្តែងអាស៊ាន-ឥណ្ឌា គឺ ជាដៃគូជិតស្និទ្ធ ដោយបានផ្តល់មូលនិធិមួយចំនួន ដូចជាការរៀបចំសន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌានេះជាដើម ដែលជាការ ឆ្លើយតបទៅនិងបរិបទកម្ពុជា ក៏ដូចពិភពលោកផងដែរ ដោយគាំទ្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតលើការលើកកម្ពស់ភាព ជាអ្នកដឹកនាំរបស់ស្ត្រី។ឯកឧត្តមសាស្ត្រាចារ្យ Umesh Waghmare លេខាធិការនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋឥណ្ឌា បានលើកឡើងថា កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងឥណ្ឌានិងអាស៊ាន មានប្រវត្តិដ៏យូរអង្វែង និងបាន គូសរំលេចពីសារសំខាន់នៃការកសាងប្រព័ន្ធនវានុវត្តន៍ ប្រកបដោយបរិយាបន្នសម្រាប់តំបន់ ក្នុងនោះអ្នកវិទ្យាសាស្ត្រ នវានុវត្តន៍ករ និងសហគ្រិនស្ត្រី កំពុងរួមចំណែកយ៉ាសំខាន់ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។សូមបញ្ជាក់ថា សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌាលើកទី២ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែកក្កដា ដោយ ក្នុងនោះមានកម្មវិធីអមជាច្រើន ដូចជាកិច្ចពិភាក្សាតុមូលពហុភាគីចំនួន១០ និងកម្មវិធីប្រកួតប្រជែងគំនិតនវានុវត្តន៍ ដែលអ្នកស្រាវជ្រាវ ជាស្ត្រី នឹងធ្វើបទបង្ហាញអំពីដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ពួកគេ។ ព្រឹត្តិការណ៍ទាំងនេះមានគោលបំណងរួមចំណែក ពន្លឿនការប្រែក្លាយលទ្ធផលស្រាវជ្រាវ ទៅជាផលិតផលដែលអាចធ្វើពាណិជ្ជកម្មបាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ រវាង សាកលវិទ្យាល័យ វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម៕អត្ថបទ៖ សុន រ៉ាឌី

គណៈកម្មការជំនាញនៃរដ្ឋសភា ពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពី ការចូលជារដ្ឋភាគីអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងឧបករណ៍អាកាសយាន

2026/07/08 09:50:24 pm        146
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការជំនាញនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។ក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ មិនមែនជាវេទិកាសម្រាប់ការសួរដេញដោលនោះទេ ប៉ុន្តែជាកិច្ចប្រជុំរួមគ្នា ដើម្បីសិក្សា និងពិនិត្យសេចក្តីព្រាងច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានាថា នៅពេលច្បាប់នេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្ត នឹងទទួលបានប្រសិទ្ធភាពខ្ពស់ និងបម្រើផលប្រយោជន៍ដល់វិស័យអាកាសចរណ៍ស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ដោយឡែក ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានធ្វើបទបង្ហាញអំពីគោលបំណង និងអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់នេះ ដោយបញ្ជាក់ថា ការរៀបចំច្បាប់នេះមានគោលបំណងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិដែលមានការធានាលើឧបករណ៍អាកាសយានមានតម្លៃខ្ពស់ ដូចជា តួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រ។ ដោយសារឧបករណ៍ទាំងនេះមានលក្ខណៈចល័ត និងមិនស្ថិតនៅទីតាំងថេរ ការអនុវត្តសិទ្ធិ និងការការពារកម្មសិទ្ធិតែងតែអាស្រ័យលើប្រព័ន្ធច្បាប់ផ្សេងៗគ្នា ដែលអាចបង្កឱ្យអ្នកផ្តល់ហិរញ្ញប្បទានមានការស្ទាក់ស្ទើរ និងបង្កើនថ្លៃដើមនៃការផ្តល់ឥណទានសម្រាប់ការទិញ ឬជួលអាកាសយាន។ឯកឧត្តមបណ្ឌិត បានបន្តថា ការផ្តល់សច្ចាប័នលើអនុសញ្ញា និងពិធីសារពាក់ព័ន្ធនឹងឧបករណ៍អាកាសយាន នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ព្រះរាជាណាចក្រកម្ពុជា។ វានឹងជួយពង្រឹងប្រព័ន្ធគតិយុត្តិក្នុងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល កិច្ចព្រមព្រៀងលក់មានលក្ខខណ្ឌរក្សាសិទ្ធិកម្មសិទ្ធិ និងកិច្ចព្រមព្រៀងជួលឧបករណ៍អាកាសយាន ក្រោមរបបអន្តរជាតិឯកភាពមួយ ដែលគ្រប់គ្រងឧបករណ៍ចល័តមានតម្លៃខ្ពស់ តាមរយៈប្រព័ន្ធចុះបញ្ជីអន្តរជាតិជាប្រព័ន្ធអេឡិចត្រូនិក។ការចូលជារដ្ឋភាគីនៃអនុសញ្ញា និងពិធីសារនេះ ក៏នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារហិរញ្ញវត្ថុ និងវិស័យអាកាសចរណ៍អន្តរជាតិថា កម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ជាពិសេស វានឹងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញ ឬជួលឧបករណ៍អាកាសយាន ដោយមានយន្តការអន្តរជាតិច្បាស់លាស់ ស្តីពីសិទ្ធិកាន់កាប់ឡើងវិញ ការលុបការចុះបញ្ជី ការនាំចេញអាកាសយាន និងការទូទាត់សំណង។ក្នុងអំឡុងពេលពិភាក្សាលម្អិត សមាជិកគណៈកម្មការជំនាញ និងតំណាងរាជរដ្ឋាភិបាល បានផ្លាស់ប្តូរយោបល់ សួរសំណួរ និងធ្វើការបកស្រាយលើបញ្ហាមួយចំនួន ដើម្បីធានាថា សេចក្តីព្រាងច្បាប់មានភាពច្បាស់លាស់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។នៅចុងបញ្ចប់ ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងមន្ត្រីពាក់ព័ន្ធ ដែលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ និងជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជា ស្របតាមគោលនយោបាយបើកចំហជើងមេឃ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិ ឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើន ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ជាលទ្ធផល គណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា បានសម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់ខាងលើ ហើយនឹងរៀបចំសេចក្តីរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីស្នើដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះទៅក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ៕ 

ជប៉ុន​បន្តផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ២.៨លានដុល្លារ សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សដល់កម្ពុជា​

2026/07/08 09:27:17 pm        311
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ៤១៦លានយ៉េន (ប្រមាណ២.៨លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។គម្រោងនេះ នឹងផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា ក្នុងការបន្តការសិក្សាថ្នាក់ក្រោយ ឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យល្បីល្បាញនានានៅក្នុងប្រទេសជប៉ុន។ហិរញ្ញប្បទានឥតសំណងនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំង លើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕ 

រាជរដ្ឋាភិបាលគ្រោងចំណាយថវិកា ១ ២៤៤ លានដុល្លារ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ

2026/07/08 09:22:18 pm        230
រាជរដ្ឋាភិបាលត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើត មុខរបរ និងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ ដោយគ្រោងចំណាយសរុបក្នុងរង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងកិច្ច ប្រជុំបូកសរុប លើលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ ជាមួយក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងបរិការណ៍ដែលកម្ពុជាទទួលរងនូវកម្មវិបាកផ្ទួនៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និង ជនងាយរងគ្រោះ ដែលរួមមានយន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍ អគ្គិសនី មួយចំនួន សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្តនូវ «កម្មវិធី អន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ» ដោយប្រកាន់យកអភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor) និងរៀបចំជា៣កញ្ចប់អន្តរាគមន៍​រួមបញ្ចូលវិធានការដែលមានកម្មវិបាកភ្លាមៗ និងវិធានការដែលមានកម្មវិបាក ក្នុងរយៈ ពេលខ្លី និងមធ្យម​ ។ កញ្ចប់វិធានការ ទី១- ផ្តោត​លើការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, កញ្ចប់វិធានការ ទី២- ផ្តោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និងកញ្ចប់អន្តរាគមន៍ ទី៣- ផ្តោតលើការគ្រប់គ្រង, ការធ្វើអន្តរកម្មនិងការបំប្លែងថាមពល។ កម្មវិធីអន្តរាគមន៍នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក ដែលប្រភពធនធាននឹងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន ៤ គឺថវិការដ្ឋ, ធនធានរបស់ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍។​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមទៅវែង, រាជរដ្ឋាភិបាលបាន ព្យាយាមខិតខំដោះស្រាយបញ្ហាជារចនាសម្ព័ន្ធដែលរួមមាន៖ ការដាក់ចេញឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើន ពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា» និង «កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាឆ្នាំ២០២៥-២០២៨» ដែលជា ចលនការស្នូល ក្នុងដំណើរការកែទម្រង់ជារចនាសម្ព័ន្ធ​ សំដៅការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្ម សេវាសាធារណៈ, ការបង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិន, ការបង្កើនភាពធន់ និងពង្រឹងខែលការពារសេដ្ឋកិច្ចឱ្យរឹងមាំ ដែលអាចបន្ត ទប់ទល់នឹងពហុវិបត្តិពីខាងក្រៅបាន៕អត្ថបទ៖ សុន រ៉ាឌី  

IMF វាយតម្លៃសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ មានកំណើន ៣% ខណៈរាជរដ្ឋាភិបាលវាយតម្លៃក្នុងរង្វង់ ៤,២%

2026/07/08 09:17:33 pm        287
ក្រុមបេសកកម្ម IMF វាយតម្លៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានសម្រេច​បាន​កំណើន​​ក្នុងរង្វង់ ៣% ខណៈរាជរដ្ឋា- ភិបាល វាយតម្លៃក្នុងរង្វង់ ៤,២% ដោយផ្អែកលើ​វឌ្ឍនភាព​នៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០២៦ ពិសេស ការនាំចេញ​វិស័យកម្មន្តសាល​មិនមែនកាត់ដេរ មានកំណើនល្អប្រសើរជាងរំពឹងទុក ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, បានដឹកនាំកិច្ចប្រជុំបូកសរុប លើលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៦ ជាមួយក្រុម ការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម និងមានការអញ្ជើញចូលរួមដោយ លោក Jochen M.Schmittmann តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅកម្ពុជា ឡាវ និងវៀតណាម។           ផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេច បានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់ ៣% ។ កំណើននេះបានឆ្លុះបញ្ចាំអំពីភាពមិនប្រកដប្រជា និងបរិការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ពីពហុវិបត្តិផ្ទួនៗរួមមាន៖ សង្គ្រាមនៅមជ្ឈិមបូព៌ា បង្កឱ្យមានការឡើងថ្លៃប្រេងឥន្ធនៈ, បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ យ៉ាងណាមិញ, លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម ក៏បានគូសរំលេចផងដែរថា អំពីវិធានការអន្តរាគមន៍ ដែលរាជរដ្ឋាបាលកម្ពុជាបានដាក់អនុវត្តបន្ទាន់ដូចជា ការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅ គាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន ពីវិបត្តិដែលកម្ពុជាកំពុងរងផលប៉ះពាល់ និង អាចរុញច្រានកំណើនសេដ្ឋកិច្ច ។ លោក Kenichiro Kashiwase ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ, ការពង្រឹងអភិបាលកិច្ច, ការធ្វើពិពិធកម្មទីផ្សារនាំចេញ, ការពង្រឹងសន្តិសុខថាមពល, និងការពង្រឹងការរក្សានិងចែករំលែកទិន្នន័យជាដើម ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ, សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៦ គួបផ្សំនឹងការពិគ្រោះយោបល់ ជាមួយក្រសួង-ស្ថាប័នវិស័យឯកជន ក្នុងនោះវិស័យបម្រើការនាំចេញ ពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានកំណើនល្អប្រសើរ ជាងរំពឹងទុក ។ សកម្មភាពចាយវាយ ក្នុងស្រុកក៏នៅបន្តរក្សាបាននូវនិន្នាការវិជ្ជមាន ដែលឆ្លុះបញ្ចាំងតាមរយៈ និន្នាការវិជ្ជមាននៃអាករ លើតម្លៃបន្ថែមក្នុងស្រុក និងការនាំចូលទំនិញប្រើប្រាស់ ។ យ៉ាងណាមិញ, វិស័យទេសចរណ៍ត្រូវបានវាយតម្លៃឡើងវិញថា នឹងធ្លាក់ចុះ ជាងការរំពឹងទុក ដែលឆ្លុះបញ្ចាំង តាមរយៈធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ បើទោះបីអាចប៉ះប៉ូវមួយផ្នែកដោយភ្ញៀវទេសចរជាតិ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់បន្ថែមអំពីការចូលរួមដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែល រួមមាន ការរក្សាស្ថិរភាពថ្លៃអគ្គិសនី, ការពង្រីកបណ្តាញតភ្ជាប់អគ្គិសនី, ការពង្រឹងសន្តិសុខថាមពល, និងជាពិសេសការអភិវឌ្ឍ ថាមពលបៃតងផងដែរ។ ចំណែក ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងអំពីការដាក់ ចេញវិធានការរបស់រាជរដ្ឋាភិបាលកន្លងមក ក្នុងការស្វែងរកការងារ និងបណ្ដុះបណ្តាលជំនាញ ព្រមទាំងការពង្រឹងគុណភាពនៃការគ្រប់ គ្រងទិន្នន័យពលករទេសន្តរប្រវេសន៍ និងចំណាកស្រុកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួត​ពិនិត្យ​ផ្សព្វផ្សាយ​ពី​សារ​ធាតុ​គីមី​ហាម​ឃាត់​ដែល​ច្បាប់​មិន​អនុញ្ញាត​បន្ថែម​ទៅ​លើ​ម្ហូប​អាហារ​នៅផ្សារពាណិជ្ជកម្ម

2026/07/08 08:56:25 pm        213
ដោយមានការយកចិត្តទុកដាក់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ច​ប្រកួត​ប្រជែង ​និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ប៉ិច អនុប្រធានសាខា បានដឹកនាំមន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ ចុះត្រួតពិនិត្យ និងស្រង់តម្លៃទំនិញម្ហូបអាហារ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ពី​សារធាតុគីមីហាមឃាត់នៅផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ។ សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ បាន​ឱ្យ​ដឹង​ថា ​សកម្មភាពត្រួតពិនិត្យនេះ គឺដើម្បីតាម​ដាន​តម្លៃ​ទំនិញ​នៅ​លើទីផ្សារ​លើ​ការ​ដាក់​តាំង​លក់​ឱ្យ​មាន​អនាម័យ និងតាមប្រភេទទំនិញម្ហូបអាហារដាច់ដោយឡែកពីទំនិញប្រើប្រាស់ផ្សេងៗ ដោយ​អប់រំ​ផ្សព្វ​ផ្សាយអំពីសារធាតុគីមីហាមឃាត់មួយចំនួន ដែលច្បាប់​មិន​អនុញ្ញាត​បន្ថែ​ម​ទៅ​លើ​ម្ហូប​អាហារ ​និងយកសំណាកគំរូម្ហូបអាហារជាច្រើនប្រភេទ ដើម្បីធ្វើការ​តេស្ត​បឋម​នៅលើ​រថយន្ត​ពិសោធន៍​ចល័ត រួមមាន គ្រឿងសមុទ្រ បង្គារ ម៉ឹក ត្រីសមុទ្រ ត្រីងៀត បង្គារក្រៀម តៅហ៊ូ សណ្តែក​បណ្តុះ ប្រហិតសាច់គោ សាច់បាតេ ឈាមជ្រូក ខ្ញីហាន់ សាច់ក្រក បន្លែ ផ្លែឈើ។ ជា​លទ្ធ​ផល​ពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ ឬ សំណល់ថ្នាំ​កសិកម្ម​នៅ​ក្នុង​ម្ហូប​អាហារ​ទាំង​អ​ស់​នោះ​ឡើយ​។ ក្រៅពីនោះក្រុមការងារសាខា ក.ប.ប. ខេត្តព្រះសីហនុ និងមន្ត្រីនៃមន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​បាន​ធ្វើ​ការ​ត្រួតពិ​និត្យម្ហូបអាហារស្រស់ ពិនិត្យទំនិញគ្រឿងកំប៉ុង កញ្ចប់ និងទំនិញម្ហូប​អាហារ​វេច​ខ្ចប់​ស្រាប់​នៅ​តាមតូប ស្តង់លក់គ្រឿងទេសក្នុងផ្សារផងដែរ ដើម្បីស្វែងសារធាតុហាមឃាត់។ មន្ត្រី សាខា ក.ប.ប ខេត្តព្រះសីហនុបានកោរសរសើដល់បងប្អូនអាជីវករ ដែល​មាន​មនសិការ​ខ្ពស់​ចូល​រួម​ពហិការមិនបន្តលក់ទំនិញថៃ ដោយបានប្រគល់ជូនមន្ត្រី ក.ប.ប យក​ទៅ​កម្ទេច​ចោល​រួម​មាន ​M-150 ចំនួន 36 កេស ស្មើនឹង 504 kg OISHI 25 កេស ស្មើនឹង 325 kg សរុប 61 កេស ស្មើនឹង 829 kg ។មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ បានសំណូមពរអាជីវករលក់ដូរនៅទូទាំងខេត្តព្រះសីហនុ ជា​ពិសេស​អាជីវករលក់គ្រឿងសមុទ្រទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមី ដែលនាំឱ្យ​ប៉ះ​ពាល់​សុខ​ភាព​អ្នក​បរិភោគ ត្រូវចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរ និងមន្ត្រីជំនាញសាខា ក.ប.ប ខេត្ត​ព្រះសីហនុ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខភាព ម្ហូបអាហារជូនភ្ញៀវជាតិ-អន្តរជាតិ ដែល​បាន​មក​លេងកំសាន្តនៅខេត្តព្រះសីហនុ៕ អត្ថបទ៖ តារាវុទ្ធី

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខក្រុម AOT ប្រចាំការនៅខេត្តបន្ទាយមានជ័យ

2026/07/08 08:54:14 pm        412
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ តាន់ស្រ៊ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ខេត្តបន្ទាយមានជ័យ និងបានជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT ) ដែលប្រចាំការនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃសង្គ្រាមឈ្លានពាន​របស់ថៃទៅដល់ខេត្តបន្ទាយមានជ័យផងដែរ។ សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ វត្តមានរបស់លោកនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ម៉ាឡេស៊ី ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសបញ្ហាព្រំដែនរវាងប្រទេសជាសមាជិកអាស៊ាន។ ការចុះពិនិត្យផ្ទាល់នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធា និងការទូត ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរួមចំណែករកដំណោះស្រាយដោយសន្តិវិធី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលការធ្វើបទបង្ហាញជូនអង្គទូតនានា អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ។ នេះបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសជាមិត្តក្នុងតំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាព្រំដែននេះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន។ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មិនត្រឹមតែជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាល្អរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាណមួយដែលបញ្ជាក់ ពីការគាំទ្ររបស់ម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។វត្តមានរបស់លោកនៅតំបន់ជម្លោះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ានទាំងមូល។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងរួមចំណែកដល់សន្តិសុខរួមក្នុងតំបន់៕ 

កម្ពុជារៀបចំទិវាជនមានពិការភាពភ្នែក និងគថ្លង់ជាលើកដំបូង ក្រោមប្រធានបទ «រួមគ្នា​ទទួល​ស្គាល់ជនមានពិការភាពភ្នែកនិងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូល​រួម​ពេញ​លេញ​ក្នុងសង្គម»

2026/07/08 08:37:11 pm        313
ក្រសួងសង្គមកិច្ច អតីតយយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានរៀបចំទិវាជនមានពិការភាពភ្នែក និងគថ្លង់ ជាលើកដំបូង។ ការរៀបចំជាលើកដំបូងនេះ ធ្វើឡើងក្រោមប្រធានបទ “ រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែកនិងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម”។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការប្រារព្ធទិវាជនមានពិការភាពភ្នែក និងគថ្លង់នេះឡើង គឺដើម្បីបំផុសការយល់ដឹងជាសាធារណៈ លុបបំបាត់រាល់ទម្រង់នៃការរើសអើង កាត់បន្ថយគំនិតអវិជ្ជមាន ទទួលស្គាល់ សក្តានុពល និងគុណតម្លៃរបស់ជនមានពិការភាព។ ទិវានេះក៏ជាការអំពាវនាវ និងលើក ទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមកែសម្រួល និងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កម្មវិធីអប់រំពិសេស និងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយបរិយាបន្ន ដូចជាការ ប្រើប្រាស់អក្សរប្រៃយ៍ខ្មែរ ភាសាសញ្ញា ការបំពាក់សម្លេង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការទំនាក់ ទំនង និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាពភ្នែក និងគថ្លង់ ព្រមទាំងបង្កើនកាលានុវត្តភាព សេដ្ឋកិច្ច តាមរយៈការផ្តល់ឱកាសការងារដល់ជនពិការភាពភ្នែក និងគថ្លង់។ ការប្រារព្ធទិវានេះក៏ជាការឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់តម្លៃ និងការទទួលស្គាល់សិទ្ធិ ក៏ដូចជាសក្តានុពលរបស់បងប្អូនជនមានពិការភាពភ្នែក និងគថ្លង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ការចូលរួមកម្មវិធីនៅថ្ងៃនេះដែរ ជនមានពិការភាពភ្នែក លើកឡើងថា ទោះពួកគេមានពិការភាពភ្នែក មើលមិនឃើញពិតមែនក្ដី តែពួកគេមិនមែនពិការសមត្ថភាពនោះទេ។ នេះជាការលើកឡើងរបស់ ជនមានពិការភាពភ្នែក ដែលម្នាក់ជាមន្ត្រីនៃក្រសួងសង្គមកិច្ច និងម្នាក់ទៀតជាអ្នកប្រកបរបរចាប់សសៃ។ ពួកគេក៏លើកទឹកចិត្តឱ្យជនមានពិការភាពដទៃទៀត ត្រូវតែប្រឹងប្រែងសិក្សាឱ្យមានចំណេះជំនាញជាចាំបាច់។ សម្រាប់ប្រទេសកម្ពុជា ពុំទាន់មានចំនួនជាក់លាក់ នូវចំនួនជនមានពិការភាព នៅក្នុងឆ្នាំ ២០២៦នេះនោះទេ។ បើផ្អែកលើ ជំរឿនទូទៅនៃប្រជាជននៅឆ្នាំ២០១៩ របស់ក្រសួងផែនការបានបង្ហាញថាអត្រាជនមានពិការភាពដែលមានអាយុ៥ឆ្នាំឡើងសរុប ចំនួន ៤.៩% ស្មើនឹង ៦៨៩,៥៣២នាក់ នៃប្រជាជន សរុប១៥,៥៥២,២១១នាក់ ក្នុងនោះ ជនមានពិការភាពភ្នែក មានអត្រា៣.៦% ស្មើនឹង ៥០៧,៧០០នាក់ និង ជនមានពិការ ភាពគថ្លង់ មានអត្រា ២.៩% ស្មើនឹង ៤០៨,០០០នាក់៕ អត្ថបទ៖ គឹម ហុក  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM
មនុស្សជាង៣០ម៉ឺននាក់ ជម្លៀសខ្លួន ពីហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង និងអេស្ប៉ាញ
07/26/2026 12:07 PM
UN អំពាវនាវឲ្យក្រុមឧទ្ទាមហ៊ូធីបញ្ចប់ការវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតនៅសមុទ្រក្រហម
07/26/2026 12:07 PM
លោក Trump៖ អាមេរិក និងអ៊ីរ៉ង់កំពុងជជែកគ្នា ប៉ុន្តែទីក្រុងតេអេរ៉ង់ពុំទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀង
07/26/2026 12:07 PM
ក្រសួងបរិស្ថានផ្សព្វផ្សាយសក្តានុពលភ្នំខ្នងផ្សារជាមួយអ្នកសារព័ត៌មានក្នុងស្រុក
07/26/2026 12:07 PM
កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
07/26/2026 11:07 AM