មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់

ព័ត៌មានជាតិ

IMF វាយតម្លៃសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ មានកំណើន ៣% ខណៈរាជរដ្ឋាភិបាលវាយតម្លៃក្នុងរង្វង់ ៤,២%

2026/07/08 09:17:33 pm        287
ក្រុមបេសកកម្ម IMF វាយតម្លៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានសម្រេច​បាន​កំណើន​​ក្នុងរង្វង់ ៣% ខណៈរាជរដ្ឋា- ភិបាល វាយតម្លៃក្នុងរង្វង់ ៤,២% ដោយផ្អែកលើ​វឌ្ឍនភាព​នៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០២៦ ពិសេស ការនាំចេញ​វិស័យកម្មន្តសាល​មិនមែនកាត់ដេរ មានកំណើនល្អប្រសើរជាងរំពឹងទុក ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, បានដឹកនាំកិច្ចប្រជុំបូកសរុប លើលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៦ ជាមួយក្រុម ការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម និងមានការអញ្ជើញចូលរួមដោយ លោក Jochen M.Schmittmann តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅកម្ពុជា ឡាវ និងវៀតណាម។           ផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេច បានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់ ៣% ។ កំណើននេះបានឆ្លុះបញ្ចាំអំពីភាពមិនប្រកដប្រជា និងបរិការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ពីពហុវិបត្តិផ្ទួនៗរួមមាន៖ សង្គ្រាមនៅមជ្ឈិមបូព៌ា បង្កឱ្យមានការឡើងថ្លៃប្រេងឥន្ធនៈ, បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ យ៉ាងណាមិញ, លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម ក៏បានគូសរំលេចផងដែរថា អំពីវិធានការអន្តរាគមន៍ ដែលរាជរដ្ឋាបាលកម្ពុជាបានដាក់អនុវត្តបន្ទាន់ដូចជា ការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅ គាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន ពីវិបត្តិដែលកម្ពុជាកំពុងរងផលប៉ះពាល់ និង អាចរុញច្រានកំណើនសេដ្ឋកិច្ច ។ លោក Kenichiro Kashiwase ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ, ការពង្រឹងអភិបាលកិច្ច, ការធ្វើពិពិធកម្មទីផ្សារនាំចេញ, ការពង្រឹងសន្តិសុខថាមពល, និងការពង្រឹងការរក្សានិងចែករំលែកទិន្នន័យជាដើម ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ, សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៦ គួបផ្សំនឹងការពិគ្រោះយោបល់ ជាមួយក្រសួង-ស្ថាប័នវិស័យឯកជន ក្នុងនោះវិស័យបម្រើការនាំចេញ ពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានកំណើនល្អប្រសើរ ជាងរំពឹងទុក ។ សកម្មភាពចាយវាយ ក្នុងស្រុកក៏នៅបន្តរក្សាបាននូវនិន្នាការវិជ្ជមាន ដែលឆ្លុះបញ្ចាំងតាមរយៈ និន្នាការវិជ្ជមាននៃអាករ លើតម្លៃបន្ថែមក្នុងស្រុក និងការនាំចូលទំនិញប្រើប្រាស់ ។ យ៉ាងណាមិញ, វិស័យទេសចរណ៍ត្រូវបានវាយតម្លៃឡើងវិញថា នឹងធ្លាក់ចុះ ជាងការរំពឹងទុក ដែលឆ្លុះបញ្ចាំង តាមរយៈធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ បើទោះបីអាចប៉ះប៉ូវមួយផ្នែកដោយភ្ញៀវទេសចរជាតិ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់បន្ថែមអំពីការចូលរួមដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែល រួមមាន ការរក្សាស្ថិរភាពថ្លៃអគ្គិសនី, ការពង្រីកបណ្តាញតភ្ជាប់អគ្គិសនី, ការពង្រឹងសន្តិសុខថាមពល, និងជាពិសេសការអភិវឌ្ឍ ថាមពលបៃតងផងដែរ។ ចំណែក ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងអំពីការដាក់ ចេញវិធានការរបស់រាជរដ្ឋាភិបាលកន្លងមក ក្នុងការស្វែងរកការងារ និងបណ្ដុះបណ្តាលជំនាញ ព្រមទាំងការពង្រឹងគុណភាពនៃការគ្រប់ គ្រងទិន្នន័យពលករទេសន្តរប្រវេសន៍ និងចំណាកស្រុកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួត​ពិនិត្យ​ផ្សព្វផ្សាយ​ពី​សារ​ធាតុ​គីមី​ហាម​ឃាត់​ដែល​ច្បាប់​មិន​អនុញ្ញាត​បន្ថែម​ទៅ​លើ​ម្ហូប​អាហារ​នៅផ្សារពាណិជ្ជកម្ម

2026/07/08 08:56:25 pm        213
ដោយមានការយកចិត្តទុកដាក់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ច​ប្រកួត​ប្រជែង ​និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ប៉ិច អនុប្រធានសាខា បានដឹកនាំមន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ ចុះត្រួតពិនិត្យ និងស្រង់តម្លៃទំនិញម្ហូបអាហារ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ពី​សារធាតុគីមីហាមឃាត់នៅផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ។ សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ បាន​ឱ្យ​ដឹង​ថា ​សកម្មភាពត្រួតពិនិត្យនេះ គឺដើម្បីតាម​ដាន​តម្លៃ​ទំនិញ​នៅ​លើទីផ្សារ​លើ​ការ​ដាក់​តាំង​លក់​ឱ្យ​មាន​អនាម័យ និងតាមប្រភេទទំនិញម្ហូបអាហារដាច់ដោយឡែកពីទំនិញប្រើប្រាស់ផ្សេងៗ ដោយ​អប់រំ​ផ្សព្វ​ផ្សាយអំពីសារធាតុគីមីហាមឃាត់មួយចំនួន ដែលច្បាប់​មិន​អនុញ្ញាត​បន្ថែ​ម​ទៅ​លើ​ម្ហូប​អាហារ ​និងយកសំណាកគំរូម្ហូបអាហារជាច្រើនប្រភេទ ដើម្បីធ្វើការ​តេស្ត​បឋម​នៅលើ​រថយន្ត​ពិសោធន៍​ចល័ត រួមមាន គ្រឿងសមុទ្រ បង្គារ ម៉ឹក ត្រីសមុទ្រ ត្រីងៀត បង្គារក្រៀម តៅហ៊ូ សណ្តែក​បណ្តុះ ប្រហិតសាច់គោ សាច់បាតេ ឈាមជ្រូក ខ្ញីហាន់ សាច់ក្រក បន្លែ ផ្លែឈើ។ ជា​លទ្ធ​ផល​ពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ ឬ សំណល់ថ្នាំ​កសិកម្ម​នៅ​ក្នុង​ម្ហូប​អាហារ​ទាំង​អ​ស់​នោះ​ឡើយ​។ ក្រៅពីនោះក្រុមការងារសាខា ក.ប.ប. ខេត្តព្រះសីហនុ និងមន្ត្រីនៃមន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​បាន​ធ្វើ​ការ​ត្រួតពិ​និត្យម្ហូបអាហារស្រស់ ពិនិត្យទំនិញគ្រឿងកំប៉ុង កញ្ចប់ និងទំនិញម្ហូប​អាហារ​វេច​ខ្ចប់​ស្រាប់​នៅ​តាមតូប ស្តង់លក់គ្រឿងទេសក្នុងផ្សារផងដែរ ដើម្បីស្វែងសារធាតុហាមឃាត់។ មន្ត្រី សាខា ក.ប.ប ខេត្តព្រះសីហនុបានកោរសរសើដល់បងប្អូនអាជីវករ ដែល​មាន​មនសិការ​ខ្ពស់​ចូល​រួម​ពហិការមិនបន្តលក់ទំនិញថៃ ដោយបានប្រគល់ជូនមន្ត្រី ក.ប.ប យក​ទៅ​កម្ទេច​ចោល​រួម​មាន ​M-150 ចំនួន 36 កេស ស្មើនឹង 504 kg OISHI 25 កេស ស្មើនឹង 325 kg សរុប 61 កេស ស្មើនឹង 829 kg ។មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ បានសំណូមពរអាជីវករលក់ដូរនៅទូទាំងខេត្តព្រះសីហនុ ជា​ពិសេស​អាជីវករលក់គ្រឿងសមុទ្រទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមី ដែលនាំឱ្យ​ប៉ះ​ពាល់​សុខ​ភាព​អ្នក​បរិភោគ ត្រូវចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរ និងមន្ត្រីជំនាញសាខា ក.ប.ប ខេត្ត​ព្រះសីហនុ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខភាព ម្ហូបអាហារជូនភ្ញៀវជាតិ-អន្តរជាតិ ដែល​បាន​មក​លេងកំសាន្តនៅខេត្តព្រះសីហនុ៕ អត្ថបទ៖ តារាវុទ្ធី

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខក្រុម AOT ប្រចាំការនៅខេត្តបន្ទាយមានជ័យ

2026/07/08 08:54:14 pm        412
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ តាន់ស្រ៊ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ខេត្តបន្ទាយមានជ័យ និងបានជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT ) ដែលប្រចាំការនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃសង្គ្រាមឈ្លានពាន​របស់ថៃទៅដល់ខេត្តបន្ទាយមានជ័យផងដែរ។ សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ វត្តមានរបស់លោកនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ម៉ាឡេស៊ី ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសបញ្ហាព្រំដែនរវាងប្រទេសជាសមាជិកអាស៊ាន។ ការចុះពិនិត្យផ្ទាល់នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធា និងការទូត ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរួមចំណែករកដំណោះស្រាយដោយសន្តិវិធី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលការធ្វើបទបង្ហាញជូនអង្គទូតនានា អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ។ នេះបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសជាមិត្តក្នុងតំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាព្រំដែននេះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន។ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មិនត្រឹមតែជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាល្អរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាណមួយដែលបញ្ជាក់ ពីការគាំទ្ររបស់ម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។វត្តមានរបស់លោកនៅតំបន់ជម្លោះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ានទាំងមូល។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងរួមចំណែកដល់សន្តិសុខរួមក្នុងតំបន់៕ 

កម្ពុជារៀបចំទិវាជនមានពិការភាពភ្នែក និងគថ្លង់ជាលើកដំបូង ក្រោមប្រធានបទ «រួមគ្នា​ទទួល​ស្គាល់ជនមានពិការភាពភ្នែកនិងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូល​រួម​ពេញ​លេញ​ក្នុងសង្គម»

2026/07/08 08:37:11 pm        313
ក្រសួងសង្គមកិច្ច អតីតយយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានរៀបចំទិវាជនមានពិការភាពភ្នែក និងគថ្លង់ ជាលើកដំបូង។ ការរៀបចំជាលើកដំបូងនេះ ធ្វើឡើងក្រោមប្រធានបទ “ រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែកនិងគថ្លង់ ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម”។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការប្រារព្ធទិវាជនមានពិការភាពភ្នែក និងគថ្លង់នេះឡើង គឺដើម្បីបំផុសការយល់ដឹងជាសាធារណៈ លុបបំបាត់រាល់ទម្រង់នៃការរើសអើង កាត់បន្ថយគំនិតអវិជ្ជមាន ទទួលស្គាល់ សក្តានុពល និងគុណតម្លៃរបស់ជនមានពិការភាព។ ទិវានេះក៏ជាការអំពាវនាវ និងលើក ទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមកែសម្រួល និងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កម្មវិធីអប់រំពិសេស និងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយបរិយាបន្ន ដូចជាការ ប្រើប្រាស់អក្សរប្រៃយ៍ខ្មែរ ភាសាសញ្ញា ការបំពាក់សម្លេង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការទំនាក់ ទំនង និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាពភ្នែក និងគថ្លង់ ព្រមទាំងបង្កើនកាលានុវត្តភាព សេដ្ឋកិច្ច តាមរយៈការផ្តល់ឱកាសការងារដល់ជនពិការភាពភ្នែក និងគថ្លង់។ ការប្រារព្ធទិវានេះក៏ជាការឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់តម្លៃ និងការទទួលស្គាល់សិទ្ធិ ក៏ដូចជាសក្តានុពលរបស់បងប្អូនជនមានពិការភាពភ្នែក និងគថ្លង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ការចូលរួមកម្មវិធីនៅថ្ងៃនេះដែរ ជនមានពិការភាពភ្នែក លើកឡើងថា ទោះពួកគេមានពិការភាពភ្នែក មើលមិនឃើញពិតមែនក្ដី តែពួកគេមិនមែនពិការសមត្ថភាពនោះទេ។ នេះជាការលើកឡើងរបស់ ជនមានពិការភាពភ្នែក ដែលម្នាក់ជាមន្ត្រីនៃក្រសួងសង្គមកិច្ច និងម្នាក់ទៀតជាអ្នកប្រកបរបរចាប់សសៃ។ ពួកគេក៏លើកទឹកចិត្តឱ្យជនមានពិការភាពដទៃទៀត ត្រូវតែប្រឹងប្រែងសិក្សាឱ្យមានចំណេះជំនាញជាចាំបាច់។ សម្រាប់ប្រទេសកម្ពុជា ពុំទាន់មានចំនួនជាក់លាក់ នូវចំនួនជនមានពិការភាព នៅក្នុងឆ្នាំ ២០២៦នេះនោះទេ។ បើផ្អែកលើ ជំរឿនទូទៅនៃប្រជាជននៅឆ្នាំ២០១៩ របស់ក្រសួងផែនការបានបង្ហាញថាអត្រាជនមានពិការភាពដែលមានអាយុ៥ឆ្នាំឡើងសរុប ចំនួន ៤.៩% ស្មើនឹង ៦៨៩,៥៣២នាក់ នៃប្រជាជន សរុប១៥,៥៥២,២១១នាក់ ក្នុងនោះ ជនមានពិការភាពភ្នែក មានអត្រា៣.៦% ស្មើនឹង ៥០៧,៧០០នាក់ និង ជនមានពិការ ភាពគថ្លង់ មានអត្រា ២.៩% ស្មើនឹង ៤០៨,០០០នាក់៕ អត្ថបទ៖ គឹម ហុក  

ប្រមុខការទូតកម្ពុជា កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួម​ចំណែក​ដ៏​មាន​តម្លៃ​របស់​លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនចប់អាណត្តិនៅកម្ពុជា

2026/07/08 08:29:36 pm        230
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកជំទាវ ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលាក្នុងឱកាស ដែលលោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដោយជោគជ័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកដ៏មានតម្លៃរបស់លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងហ្វីលីពីនលើវិស័យនានា ជាពិសេសការសម្របសម្រួល និងជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ហ្វីលីពីន និងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Ferdinand R. Marcos, Jr., ប្រធានាធិបតីហ្វីលីពីន មកកម្ពុជា នៅក្នុងឆ្នាំ២០២៥ កន្លងមក។ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការីទាំងអស់នៅក្រសួងការបរទេសដែល បានផ្តល់ការគាំទ្រនិងកិច្ចសហការយ៉ាងសកម្មភាពក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗ នៃស្ថានភាព​ព្រំដែនកម្ពុជា-ថៃ ផងដែរ៕

កម្ពុជាបន្តឆ្ពោះទៅការដឹកជញ្ជូនបៃតង ខណៈរថយន្តអគ្គិសនីចុះបញ្ជីកើនដល់ជាង ១៤,០០០គ្រឿង

2026/07/08 08:17:19 pm        244
ចំនួនរថយន្តអគ្គិសនី (EV) ដែលបានចុះបញ្ជីនៅកម្ពុជាបានបន្តកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២៦ មានចំនួនលើសពី ១៤,០០០គ្រឿង កើនឡើងពីប្រមាណ ៩,០០០គ្រឿង កាលពីឆ្នាំ២០២៥។ កំណើននេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការទទួលយកមធ្យោបាយដឹកជញ្ជូនប្រើប្រាស់ថាមពលស្អាត ស្របតាមនិន្នាការអភិវឌ្ឍបៃតង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកាត់បន្ថយការបញ្ចេញឧស្ម័ន និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ យានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសារធាណការ និងដឹកជញ្ជូនសរុបបានចំនួន ១៩,០២៩ គ្រឿង ក្នុងនោះ ទោចក្រយានយន្តចំនួន ៤ ២៣២ គ្រឿង, ត្រីចក្រយានយន្តចំនួន ៧៤១គ្រឿង, និង រថយន្តអគ្គិសនីចំនួន១៤, ០៥៦ គ្រឿង។ នេះបើតាមរបាយការណ៍របស់​ក្រសួងសារធាណការ និងដឹកជញ្ជូន។ ជាកត់សម្គាល់ ការប្រើប្រាស់យានយន្តអគ្គិសនី ផ្តល់អត្ថប្រយោជន៍ច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗ ស្របនឹងនិន្នាការតំបន់ និងសកលលោក ព្រមទាំង ស្រប​ទៅនឹង​គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលជាត្រីវិស័យ ​ក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ZO Motors (Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយដំឡើងរថយន្តអគ្គិសនី (EV) ប្រភេទដឹកជញ្ជូននៅកម្ពុជា ប្រាប់ BTV ថា ការផ្តល់អត្ថប្រយោជន៍ផ្នែកពន្ធ និងគោលនយោបាយជំរុញការប្រើប្រាស់យានយន្តអគ្គិនសី បានធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា​ ដោយគ្រាន់តែរយៈពេល ២ ឆ្នាំ ក្រុមហ៊ុនបាន​លក់រថយន្តអគ្គិសនីកើនឡើងយ៉ាងគំហុករហូតដល់ប្រមាណ ៥០០គ្រឿង ខណៈ​ការអភិវឌ្ឍន៍​ស្ថានីយសាកថ្មរបស់ក្រុមហ៊ុន​ ត្រូវបានពង្រីកជាបន្តបន្ទាប់នៅរាជធានី និងតាមបណ្តាខេត្ត ដែលជួយកាត់បន្ថយការព្រួយបារម្ភរបស់អ្នកប្រើប្រាស់។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលមានផែនការ​ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដែលបានកំណត់ការប្រើប្រាស់ ទោចក្រយានយន្តអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន៤០% នៅត្រឹមឆ្នាំ២០៥០ ក្នុងគោលដៅសម្រេចបានអព្យាក្រឹតកាបូន។នេះបើតាម​គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០របស់ រាជរដ្ឋាភិបាលកម្ពុជា ដែល​បានដាក់ចេញ កាលពីឆ្នាំ២០២៤ កន្លងទៅ៕ អត្ថបទ៖ ធូ វិរៈ 

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

2026/07/08 08:03:28 pm        580
នាយឧត្តមសេនីយ៍ តាន់ស្រ៊ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជា នឹងបន្តអញ្ជើញទៅខេត្តបន្ទាយមានជ័យ និងបានជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT ) ដែលប្រចាំការនៅទីនោះ។សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ វត្តមានរបស់លោកនៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ម៉ាឡេស៊ី ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជាពិសេសបញ្ហាព្រំដែនរវាងប្រទេសជាសមាជិកអាស៊ាន។ ការចុះពិនិត្យផ្ទាល់នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធា និងការទូត ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរួមចំណែករកដំណោះស្រាយដោយសន្តិវិធី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលការធ្វើបទបង្ហាញជូនអង្គទូតនានា អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ។ នេះបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសជាមិត្តក្នុងតំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាព្រំដែននេះដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន។ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មិនត្រឹមតែជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាល្អរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាណមួយដែលបញ្ជាក់ ពីការគាំទ្ររបស់ម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។វត្តមានរបស់លោកនៅតំបន់ជម្លោះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ានទាំងមូល។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងរួមចំណែកដល់សន្តិសុខរួមក្នុងតំបន់៕អត្ថបទ៖ វង្ស សុភាព 

វិស័យឯកជនគាំទ្ររដ្ឋ ក្នុងការ​បង្កើត​គម្រោង​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់

2026/07/08 07:58:26 pm        280
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុង​រៀប​ចំ​គម្រោង​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​​កំណត់សម្រាប់អនាគតខាងមុខ។ វិស័យឯកជនក្នុងវិស័យដឹកជញ្ជូន បាន​លើក​ឡើង​ដោយ​គាំទ្រ និងអំពាវនាវឱ្យចូលរួមគោរពច្បាប់និងអនុវត្តឱ្យបានគ្រប់ៗគ្នា ដើម្បី​ថែ​រក្សា​ផ្លូវ​ថ្នល់​ឱ្យ​មានគុណភាព និងប្រើប្រាស់យូរអង្វែង។លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅល្ងាចថ្ងៃទី៧ខែកក្កដា​ថា គម្រោងបង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​លើ​ស​ទម្ងន់​កម្រិតកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ ​ពិតជាល្អណាស់ ពីព្រោះថា ក្រៅពីការទាញសេដ្ឋកិច្ច និងផលចំណេញ​អំពី​ការ​ដឹក​ជញ្ជូន​ក៏ត្រូវថែទាំផ្លូវថ្នល់ផងដែរ។លោកបានលើកឡើងបន្តដោយគាំទ្រទៀតថា លោកក៏មិនគាំ​ទ្រ​ឱ្យ​មាន​ការ​ដឹក​លើស​ទម្ងន់​ដែរ​របស់​ក្រុម​ហ៊ុនដឹកជញ្ជូននានា គ្រាដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង និងយកចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ប្រកបដោយគុណភាព និ​ង​ដើម្បី​ប្រើ​ប្រាស់​ជា​គុណប្រយោជន៍សម្រាប់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋានជាដើម។ក្នុងកម្មវិធីម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុង/ខេត្តកំពង់ចាម ក្រោមអធិបតីភាពេដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងបាននឹងកំពុងរៀបចគម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាប្រព័ន្ធស្វ័យប្រវត្តិកម្មមានប្រសិទ្ធភាព និងមានភាពវៃឆ្លាត តាមរយៈការបំពាក់ប្រព័ន្ធអ៊ីនធឺណេត ប្រព័ន្ធកាមេរ៉ា CCTV ប្រព័ន្ធកាមេរ៉ា AI និងការលើកកម្រិតប្រព័ន្ធជញ្ជីងបច្ចុប្បន្នទៅជាប្រព័ន្ធជញ្ជីងស្វ័យប្រវត្តិថ្លឹងក្នុងល្បឿនយឺត (Slow Speed Weigh In Motion) ក្នុងគោលបំណងដើម្បីរួមចំណែកថែរក្សាការពារសមិទ្ធផលជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងប្រទេស ក្នុងនាមទទួលបន្ទុកអនុវត្តក្រសួង បាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅតាមស្ថានីយជញ្ជីងអចល័ត និងការជំរុញយន្តការក្រុមចល័ត និងក្រុមពិសេសធ្វើការចុះធ្មក់នៅតាមគោលដៅនៅទូទាំងប្រទេស ដើម្បីធានាកាត់បន្ថយឱ្យបានជាអតិបរមានូវសកម្មផាពដឹកជញ្ជូនល្មើស​នឹងច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី  

មន្រ្ដីជំនាញ៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាទោះប្រើផែនទី១/២០០ ០០០ ឬផែនទីឯកតោភាគីថៃ

2026/07/08 06:34:19 pm        232
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ច្បាស់ៗថា «ប្រាសាទតាមាន់ធំ» គឺស្ថិតក្នុងទឹកដីកម្ពុជាទោះបីយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ ឬយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគីក៏ដោយ។នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបង្ហាញរូបភាព ផែនទីថតដោយផ្កាយរណប ដែលបង្ហាញនូវខ្សែបន្ទាត់ព្រំដែន ២ ដែលគូសវាសដោយផ្អែក ផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និង ផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយខ្លួនឯង។ នៅក្នុងរូបថតផែនទីថតដោយផ្កាយរណបនោះ ឯកឧត្តម អ៊ិត សុត្ថា បានបង្ហាញនូវទីតាំងរបស់ ប្រាសាទតាមាន់ធំ គឺស្ថិតក្នុងដីកម្ពុជារបស់កម្ពុជា។ ក្រៅពីការពន្យល់បង្ហាញអំពីលក្ខណៈបច្ចេកទេស ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា៖«កុំថាឡើយផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃបានគូសនូវខ្សែព្រំដែនជាឯកតោភាគីនោះ ហើយបាន និងប្រើប្រាស់កន្លងមកដោយខុសច្បាប់ ក្នុងនោះក៏បង្ហាញថា ប្រាសាទតាមាន់ធំ ក៏ស្ថិតនៅក្នុងទឹកដីខ្មែរ។ ទោះបីឥឡូវនេះ ថៃកំពុងតែប៉ុនប៉ង គូសវាសនូវខ្សែព្រំដែនថ្មី ដើម្បីដាក់បញ្ចូលនូវតំបន់ឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ទៅក្នុងទឹកដីថៃ ក៏ផែនទីទាំងនោះ មិនអាចចាត់ទុកថាជាផែនទីដែលមានតម្លៃ និងមានអានុភាពតាមផ្លូវច្បាប់ឡើយ»៕ 

សម្តេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៩ ការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុង UNESCO

2026/07/08 06:29:34 pm        184
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៦)។នោះសម្ដេចតេជោ និងសម្ដេចធិបតី បានថ្លែងថា ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ប្រទេសជាសមាជិក និង ២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។ នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា) នាទីក្រុង Cracovie ប្រទេសប៉ូឡូញ។ សូមជម្រាបថាការដាក់សម្រេចបាននូវការដាក់បញ្ចូលប្រាសាទដ៏ចំណាស់របស់កម្ពុជាមួយនេះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២។ ឯកសារស្នើសុំនោះ បានផ្ញើជូនទៅអង្គការយូណេស្កូ ដែលមានស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង នាដើមឆ្នាំ២០១៦។ រយៈពេល៩ខែ បន្ទាប់ពីបញ្ជូនឯកសាររួច អ្នកឯកទេសរបស់អង្គការ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានសំបូរព្រៃគុក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យឯកសារស្នើមានទិន្នន័យគ្រប់គ្រាន់ ស្របតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក។ ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យមួយធំធេង សម្រាប់បេសកកម្មការពារប្រាសាទបុរាណ និងជាការលើកតម្កើងសម្បត្តិវប្បធម៌របស់ខ្មែរ ដែលបន្សល់ទុកដោយបុព្វបុរស។ ដើម្បីអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្រនៃសមិទ្ធផល ក្នុងកិច្ចគាំពារសម្បត្តិវប្បធម៌ខ្មែរ ក្នុងយុគ្គសម័យនៃសុខសន្តិភាពនេះ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាជាតិនៃការចងចាំថ្ងៃដាក់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀតផង។សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីគូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែន។ តំបន់ប្រាសាទសំបូរព្រៃគុក មានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ រមណីយដ្ឋានសំបូរព្រៃគុកចែកជាតំបន់ធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM
មនុស្សជាង៣០ម៉ឺននាក់ ជម្លៀសខ្លួន ពីហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង និងអេស្ប៉ាញ
07/26/2026 12:07 PM